វរ​នា​វី​ឯក​ទ័ពជើងទឹក​អាម៉េរិក​ថា អ្នក​ជាប់​ក្នុង​នាវា Titan ប្រហែល​កំពុង​រង​ភាព​ត្រជាក់​ខ្លាំង

នាវាមុជទឹក​ Titan

វរ​នា​វី​ឯកនៃ​ទ័ពជើងទឹក​អាម៉េរិក​ដែល​ចូលនិវត្តន៍ យល់ថា មនុស្ស​ទាំង​ប្រាំ​នាក់​នៅក្នុង​នាវាមុជទឹក Titan ដែល​កំពុង​បាត់​ខ្លួន ប្រហែល​កំពុង​រង​ភាព​ត្រជាក់​ខ្លាំង ហើយ​ប្រឈម​នឹង​ហានិភ័យ​ទាក់ទង​នឹង​បញ្ហា​អុកស៊ីសែន។

វរ​នា​វី​ឯក David Marquet អតីត​មេបញ្ជាការ​នាវាមុជទឹក​នៃ​ទ័ពជើងទឹក​អាម៉េរិក កាលពី​ថ្ងៃទី 21 មិថុនា បាន​និយាយថា យោងតាម​ការវាយតម្លៃ​ផ្ទាល់ខ្លួន​របស់គាត់ មនុស្ស​ដែល​កំពុង​ជាប់​ក្នុង​នាវា Titan នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក កំពុង​ស្រេកឃ្លាន​ក្រោយ​រយៈពេល​បី​ថ្ងៃ ប៉ុន្តែ​បញ្ហា​នេះ​ប្រហែលជា​មិន​ធ្វើឱ្យ​ពួកគេ​ស្លាប់។ បើសិនជា​នៅមាន​ជីវិត ពួកគេ​អាច​នឹង​ពិបាក​ទ្រាំ​នៅក្នុង​ទី​ដ៏​តូចចង្អៀត​របស់​នាវា។

«ពួកគេ​កំពុងតែ​រង​ភាព​ត្រជាក់​ខ្លាំង ព្រោះថា តំបន់​ទឹក​នៅ​ជុំវិញ​នាវា​សុទ្ធ​តែមាន​សីតុណ្ហភាព 0 អង្សា​សេ ឬ​ទាប​ជាង​នេះ។ ពួកគេ​ត្រូវ​ចូលមក​ក្បែរ​គ្នា​ដើម្បី​ទទួល​កម្ដៅ​ពី​រាងកាយ» លោក Marquet អះអាង​ដូច្នេះ។

នៅពេល​ពួកគេ​ដកដង្ហើម​ចេញ ចំហាយ​ទឹកនឹង​ប្រមូល​ផ្ដុំគ្នា បង្កើតបានជា​ស្រទាប់​អ័ព្ទ​ត្រជាក់​ខាងក្នុង​នាវា ប៉ុន្តែ​ប្រការ​សំខាន់​គឺ​អុកស៊ីសែន​កំពុង​ថយចុះ​ជា​លំដាប់ ខណៈដែល​ពួកគេ​បន្ត​បញ្ចេញ​កាបូន។

នាវា Titan ប្រហែលជា​កាត់បន្ថយ​ការ​ស្រូបយក​ឧស្ម័ន​កាបូន។ បើសិន​កំហាប់​កាបូន​ក្នុង​នាវា​នេះ​មាន​កម្រិត​ខ្ពស់ វា​នឹងធ្វើ​ឱ្យមាន​អា​ការៈឈឺ​ក្បាល ក្អួតចង្អោរ និង​បាត់បង់​ស្មារតី។

មន្ត្រី​អាម៉េរិក​កាល​ពី​ម្សិល​មិញ​ឱ្យដឹងថា ក្រុម​សង្គ្រោះ​បានឮ​សំឡេង​ខ្លាំង​នៅក្រោម​សមុទ្រ ប៉ុន្តែ​មិនអាច​កំណត់​បាន​ថា​ជា​សំឡេង​អ្វី។ ទំហំ​នៃ​ការស្វែងរក​ត្រូវបាន​ពង្រីក​ទ្វេដង បើ​​ធៀប​នឹង​ផ្ទៃ​ដី​របស់​​រដ្ឋ Connecticut (ជាង 13,000 គីឡូម៉ែត្រ​ក្រឡា)។

សមត្ថកិច្ច​អាម៉េរិក កាលពី​ថ្ងៃទី 18 មិថុនា បានទទួល​ដំណឹង​ថា Titan ដែលជា​នាវាមុជទឹក​មួ​យ​គ្រឿងក្នុង​ចំណោម​បី​គ្រឿង​របស់​ក្រុមហ៊ុន OceanGate Expeditions បាន​បាត់​ខ្លួន​នៅក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក នៅ​​ថ្ងៃទី 18 មិថុនា ពេល​កំពុងធ្វើដំណើរ​ទេស​ចរណ៍​នៅឯ​តំបន់បាត​សមុទ្រ​ដែល​មាន​​សាកសព​កប៉ាល់ Titanic។

ភ្លាមៗបន្ទាប់ពី​ហេតុការណ៍​ដាច់​ទំនាក់ទំនង​ជាមួយ​នាវា Titan បានកើត​ឡើង សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ​ក៏ត្រូវ​បាន​បញ្ជូនទៅ​ជួយ​ស្វែងរក។ ក្រុមមនុស្ស​ក្នុង​នាវាមុជទឹក Titan ដែល​កំពុង​បាត់​ខ្លួន ត្រូវបាន​គេ​ជឿថា រួមមាន មហាសេដ្ឋី​អង់គ្លេស Hamish Harding, អ្នកជំនាញ​បារាំង Paul-Henry Nargeolet, ស្ថាបនិក​របស់ OceanGate Expeditions លោក Stockton Rush, អ្នកជំនួញ​ប៉ា​គី​ស្ថាន Shahzada Dawood និង​កូនប្រុស Suleman៕

Advertisement