Tag: អគ្គិសនី

  • ​ទួ​រ​ប៊ី​ន​ខ្យល់​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក ​ចាប់ផ្ដើម​ដំឡើងនៅ​ Fujian

    ​ទួ​រ​ប៊ី​ន​ខ្យល់​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក ​ចាប់ផ្ដើម​ដំឡើងនៅ​ Fujian

    ទួ​រ​ប៊ី​ន​ខ្យល់​សមុទ្រ​កម្លាំង 16 ម៉េ​ហ្កា​វ៉ា​ត់ ដែល​ត្រូវ​បាន​ក្រុម​វិ​ស្វាករ​ចិនចាប់ផ្ដើម​ដំឡើង​នៅ​លំហ​សមុទ្រ​ខេត្ត Fujian អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​គ្រួសារចំនួន 36,000 គ្រួ​ ជា​រៀងរាល់ឆ្នាំ។

    សកម្មភាព​ដំឡើង​ទួ​រ​ប៊ី​ន​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​សមុទ្រ បានចាប់ផ្ដើម​ឡើង​នៅក្នុង​ខេត្ត Fujian ភាគ​អាគ្នេយ៍​ប្រទេស​ចិន។ នេះ​បើតាម CGTN ចុះផ្សាយ​កាលពី​ថ្ងៃទី 25 មិថុនា។

    ទួ​រ​ប៊ី​ន​ដែលមាន​កម្លាំង 16 ម៉េ​ហ្គា​វ៉ា​ត់​នេះ មាន​កម្ពស់ 146 ម៉ែត្រ គិតពី​ផ្ទៃ​ទឹកសមុទ្រ​ដល់​ចំណុចកណ្ដាល​របស់​រ៉ូ​ទ័​រ (rotor)។ កម្ពស់​នេះ​ប្រហាក់ប្រហែល​នឹង​អគារ 50 ជាន់។ ទួ​រ​ប៊ី​ន​ដែល​សហការ​ផលិត​ដោយ​ក្រុមហ៊ុន CTGC និង​ក្រុមហ៊ុន Goldwind ក៏មាន​ស្លាប​កង្ហារ​ដែលមាន​អង្កត់​ផ្ច​ត​ប្រវែង 252 ម៉ែត្រ វែង​ជាងគេ​លើ​ពិភពលោក។

    នៅពេល​មាន​ខ្យល់​ខ្លាំង ទួ​រ​ប៊ី​ន​នេះ​អាច​ផលិត​អគ្គិសនី​បាន 34.2 គីឡូវ៉ាត់ម៉ោង បន្ទាប់ពី​កង្ហារ​វិល​បាន​មួយ​ជុំ និង​​អាច​ផ្គត់ផ្គង់​តម្រូវការ​របស់​គ្រួសារ​ចំនួន 36,000 គ្រួ ហើយ​ជួយ​សំចៃ​ធ្យូងថ្ម​បាន 22,000 តោន ក៏ដូចជា​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​បាន 54,000 តោន/ឆ្នាំ៕

  • នាវាមុជទឹក Titan ដែល​បាត់​ខ្លួន អាច​នៅមាន​​រូបរាង​ដើម ប៉ុន្តែទំនង​ជា​ត្រូវ​ជ្រាប​ទឹក​

    នាវាមុជទឹក Titan ដែល​បាត់​ខ្លួន អាច​នៅមាន​​រូបរាង​ដើម ប៉ុន្តែទំនង​ជា​ត្រូវ​ជ្រាប​ទឹក​

    វិស្វករ Ron Allum បានឱ្យដឹងថា នាវា​ទេសចរណ៍​មុជទឹក​ដែល​កំពុង​បាត់​ខ្លួន មិនអាច​មាន​ករណី​ផ្ទុះ ប៉ុន្តែ​បញ្ហា​ជ្រាប​ទឹក​មួយផ្នែក​ទំនងជា​អាច​កើត​ឡើង​ និង​បណ្ដាលឱ្យ​វា​មិនអាច​ងើបមក​លើ​ផ្ទៃ​ទឹក។

    យោងតាម​វិស្វករ​ជនជាតិ​អូស្ត្រាលី Ron Allum ដែល​ជំនាញ​ក្នុងការ​ស្រាវជ្រាវ​តំបន់​សមុទ្រ​ជ្រៅ និង​ជា​អ្នក​ដែល​បាន​រចនា​នាវាមុជទឹក Deepsea Challenger ដែល​អ្នក​ដឹក​រឿង James Cameron ប្រើប្រាស់​កាលពី​ឆ្នាំ 2012 ដើម្បី​ថត​យក​ទិដ្ឋភាព​នៃ​ទីតាំង​ជ្រៅ​បំផុត​របស់​ផែនដី យល់ថា នាវា Titan មិន​ងាយ​នឹង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​នៅលើ​ជញ្ជាំង​របស់​វា​ឡើយ ព្រោះ​វា​ត្រូវបាន​រចនា​ឡើង​ដើម្បី​ទប់ទល់​នឹង​បញ្ហា​សម្ពាធ។

    លោក Allum បន្ថែមថា «ចំពោះ​ខ្ញុំ ទ្រង់ទ្រាយ​របស់​នាវាមុជទឹក​នេះ​នៅ​រក្សាបាន​សភាព​ដើម ប៉ុន្តែ​វា​បាន​ដាច់​ចរន្តអគ្គិសនី​។ ក្នុងករណីនេះ Titan អាច​កាត់បន្ថយ​ទម្ងន់​ដោយ​ស្វ័យប្រវត្ត​ដើម្បី​ផុស​ឡើង​មកលើ»។

    ​វិស្វករ​ជនជាតិ​អូស្ត្រាលី លោក Ron Allum

    ក៏ប៉ុន្តែ យោងតាម​លោក Allum នៅពេល​នាវា​នេះ​ត្រូវជួប​បញ្ហា​​ជ្រាប​ទឹក វា​នឹង​មិនអាច​ងើបឡើង​មកលើ​ផ្ទៃ​ទឹកបាន​ឡើយ ព្រោះ​ទម្ងន់​របស់​វា​នឹង​ធ្ងន់​ជាង​មុន។ «ប្រការ​នោះ​ក៏​មានន័យថា អ្នក​នៅក្នុង​នាវា​ក៏​កំពុង​អង្គុយ​ក្នុង​ទឹក ហើយ​នេះ​គឺជា​រឿង​អាក្រក់។

    នាវាមុជទឹក Titan បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃទី 18 មិថុនា 2023 នៅពេល​ធ្វើដំណើរ​ចុះទៅ មើល​​សាក​សព​កប៉ាល់ Titanic នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក។ ក្នុង​នាវា​នោះ​មាន​មនុស្ស​ប្រាំ​នាក់ ក្នុងនោះ​មាន​​​មហាសេដ្ឋី​អង់គ្លេស Hamish Harding, អ្នកជំនាញ​បារាំង Paul-Henry Nargeolet, ស្ថាបនិក​របស់ OceanGate Expeditions លោក Stockton Rush, អ្នកជំនួញ​ប៉ា​គី​ស្ថាន Shahzada Dawood និង​កូនប្រុស Suleman៕

  • Great Wall Motor ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ

    Great Wall Motor ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ

    Great Wall Motor (GWM) គ្រោង​នឹង​សាងសង់​រោងចក្រ​ផលិត​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​អគ្គិសនី​នៅ​ប្រទេស​ថៃ ហើយ​អាច​ស្រាវជ្រាវ និង​អភិវឌ្ឍ​សម្រាប់​រថយន្ត​ទ្រុង​អគ្គិសនី​ផងដែរ។

    ប្រទេស​ថៃ​គឺជា​ខឿនសេដ្ឋកិច្ច​សម្រាប់​ការផលិត​រថយន្ត​ធំជាងគេ​លំដាប់​ទី​ដប់​របស់​ពិភពលោក និង​មាន​គោល ដៅ​ប្ដូរ​ទៅរក​ការផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន 30% ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ រាជរដ្ឋាភិបាល​ថៃ​ក៏​កំពុងផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នក​ផលិត​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​នៅក្នុង​ស្រុក។

    GWM បាន​ទិញ​រោងចក្រ​មួយ​របស់ GM កាលពី​ឆ្នាំ 2020 ហើយ​ចាប់ពីពេលនោះ GWM បាន​ផលិត​រថយន្ត hybrid Haval នៅ​ប្រទេស​ថៃ។ ឆ្នាំ 2021 GWM បានបង្ហាញ​រថយន្ត Ora Good Cat នៅ​ប្រទេស​ថៃ ហើយ​បច្ចុប្បន្ន​វា​គឺជា​ម៉ូ​ដែល​រថយន្ត​ដែល​លក់ដាច់​ជាងគេ​នៅ​ប្រទេស​នេះ។ GWM ក៏មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី Ora Good Cat EV នៅ​ប្រទេស​ថៃ នា​ឆ្នាំ 2024 ដែល​អាច​លក់​ក្នុងតម្លៃ 24,475 ដុល្លារ​អាម៉េរិក/គ្រឿង។

    ការសាងសង់​រោងចក្រ​ដំឡើង​ថ្ម​ផ្ទុក​អគ្គិសនី​ថ្មី​នៅ​ប្រទេស​ថៃ នឹងត្រូវ​ចំណាយ​ប្រាក់​ពី 14 ដល់ 28 លាន​ដុល្លារ។ លោក Narong Sritayon ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​របស់ GWM នៅ​ប្រទេស​ថៃ និយាយថា រោងចក្រ​នេះ​អាច​នឹង​ត្រូវបាន​ប្រើប្រាស់​ជា​កន្លែង​ផលិត និង​ផ្គត់ផ្គង់​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​នាពេលខាងមុខ៕

  • មូលហេតុ​នាំឱ្យ​នាវាមុជទឹក Titan បាត់​ខ្លួន អាចមកពី​កត្តា​ទាំងនេះ

    មូលហេតុ​នាំឱ្យ​នាវាមុជទឹក Titan បាត់​ខ្លួន អាចមកពី​កត្តា​ទាំងនេះ

    ក្រុម​អ្នកជំនាញ​យល់ថា នាវាមុជទឹក Titan ប្រហែលជា​បាន​ជួប​បញ្ហា​បច្ចេកទេស ឬ​ខូច​សម្បក​ខាងក្រៅ បណ្ដាលឱ្យ​បាត់​ទំនាក់ទំនង​នៅពេល​មុជ​ក្រោម​សមុទ្រ​ទៅមើល​​សាកសព​កប៉ាល់ Titanic។

    កងកម្លាំង​ល្បាត​ឆ្នេរសមុទ្រ​អាម៉េរិក កាលពី​ថ្ងៃទី 19 មិថុនា ប្រកាសថា ពួក​គេ​កំពុង​ស្វែងរក​ដាន​របស់​នាវាមុជទឹក​ទេសចរណ៍ Titan ដែល​បាន​បាត់​ខ្លួន​ក្នុងពេល​មុជ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic នៅបាត​​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក។ នាវា​ជួប​គ្រោះថ្នាក់​​នេះ ​ដឹក​មនុស្ស 5 នាក់ ក្នុងនោះ​ក៏មាន​មហាសេដ្ឋី​អង់គ្លេស បាន​មុជ​ចុះក្រោម​ទឹកសមុទ្រ​នៅ​ព្រឹក​ថ្ងៃទី 18 មិថុនា ហើយ​​រយៈពេល​ជាង​មួយ​ម៉ោង​កន្លះ​ក្រោយ​មក​ វា​ក៏បាន​បាត់​ទំនាក់ទំនង។

    OceanGate Expeditions ដែលជា​អ្នកគ្រប់គ្រង​នាវា​ខាងលើ​ឱ្យដឹងថា ខ្លួន​កំពុង​រក​គ្រប់​វិធី​ដើម្បី​នាំ​ក្រុម​អ្នក​ទេសចរណ៍​នេះ​ឡើងមក​ដោយ​សុវត្ថិភាព។ កងកម្លាំង​របស់​ប្រទេស​កាណាដា​ក៏​ចូលរួម​ការស្វែងរក​នា​វា​នេះដែរ ប៉ុន្តែ​មិនទាន់បាន​រកឃើញតម្រុយ​អ្វី​​នៅឡើយ។

    ក្រុម​អ្នកជំនាញ​បានលើកឡើង​នូវ​មូលហេតុ​ជាច្រើន​ដែល​ពួកគេ​យល់ថា អាចជា​កត្តា​ដែល​បណ្ដាលឱ្យ​នាវា Titan បាត់​ខ្លួន។ ក្នុងនោះ​មានដូចជា បញ្ហា​ដាច់​ប្រភព​អគ្គិសនី បញ្ហា​ទាក់​ជាប់​នឹង​វត្ថុ​អ្វីមួយ​របស់​សាកសព​កប៉ាល់ Titanic និង​​បញ្ហា​ប្រព័ន្ធ​ទំនាក់ទំនង​ជាដើម។

    សាកសព​កប៉ាល់ Titanic ស្ថិតក្នុង​ជម្រៅ​ប្រហែល 3,800 ម៉ែត្រ ខាងក្រោម​​មហា​សមុទ្រ​អា​ត្ល​ង់​ទិ​ក។ នៅ​ជុំវិញ​សាកសព​កប៉ាល់​នេះ ​មាន​បំណែក​ជាច្រើន​ដែល​សេសសល់​ពី​ហេតុការណ៍​លិច​កាលពី​ជាង​មួយ​សតវត្សរ៍​មុន៕

  • នាវាមុជទឹក​ដែល​បាត់​ខ្លួន​ពេល​ដឹក​ភ្ញៀវ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic មាន​លក្ខណៈ​បែបណា?

    នាវាមុជទឹក​ដែល​បាត់​ខ្លួន​ពេល​ដឹក​ភ្ញៀវ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic មាន​លក្ខណៈ​បែបណា?

    នាវាមុជទឹក Titan ដែល​ដឹក​មនុស្ស 5 នាក់ និង​បាន​បាត់​ខ្លួន​នៅពេល​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic អាច​ស្ថិតនៅក្នុង​សមុទ្រ​រយៈពេល 10 ម៉ោង ដោយ​គ្មាន​ការព្រួយបារម្ភ។

    សមត្ថកិច្ច​កំពុង​ស្វែងរក​នាវាមុជទឹក​ឈ្មោះ Titan ដែល​ផលិតឡើង​ដោយ​ប្រើប្រាស់​វត្ថុ​ធាតុ​ទី​តា​ញ៉ូ​ម និង​សរសៃ​កាបូន ប្រវែង 6.7 ម៉ែត្រ បន្ទាប់ពី​នាវា​នេះ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី 18 មិថុនា នៅក្នុង​ដំណើរ​ដឹក​អ្នក​ទេសចរណ៍​ទៅ​មើល​សាកសព​កប៉ាល់ Titanic។ យោងតាម​កងកម្លាំង​ល្បាត​សមុទ្រ បរិមាណ​អុកស៊ីសែន​ក្នុង​នាវា​នេះ អាចឱ្យ​អ្នក​នៅក្នុង​នាវា​ដកដង្ហើម​មិន​ដល់ 70 ម៉ោង​ទៀត​ទេ គិត​មកដល់​ថ្ងៃត្រង់​ទី 26 មិថុនា (នៅ​កម្ពុជា)។

    នាវាមុជទឹក Titan បាន​បាត់​ខ្លួន​នៅក្នុង​សមុទ្រ​អាម៉េរិក​ខាងជើង ដែល​ស្ថិតក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដឹក​មនុស្ស 5 នាក់ ក្នុងនោះ​មាន​អ្នកបើកបរ​ម្នាក់ និង​ទេសចរ 4 នាក់។ នាវា​នេះ​គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ទេសចរណ៍ OceanGate Expeditions។ កងកម្លាំង​ល្បាត​សមុទ្រ Boston របស់​សហរដ្ឋ​អាម៉េរិក និង​កាណាដា កំពុង​ស្វែងរក​នាវា​នេះ។

    ទិន្នន័យ​មួយចំនួន​ស្ដីពី​លក្ខណសម្បត្តិ​របស់​នាវា​មុជទឹក Titan ៖

    នាវា​នេះ​មាន​ទំហំ 670 សម x 280 សម x 250 សម អាច​មុជ​ដល់​ជម្រៅ 4,000 ម៉ែត្រ។ Titan មាន​ទម្ងន់ 10,432 គីឡូក្រាម អាច​ផ្លាស់​ទី​ក្នុង​ល្បឿន 5,556 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើ​កម្លាំង​រុញច្រាន​របស់​ម៉ូ​ទ័​រ​អគ្គិសនី Four Innerspace 1002។ នាវា​នេះ​បំពាក់​កាមេរ៉ា Sub C Imaging 4k Rayfin, ម៉ាស៊ីន​ផ្សាយ​រលកសញ្ញា Teledyne 2D, អំពូល​ភ្លើង​ហ្វា 40,000 lumen និង​ម៉ាស៊ីន​ស្កេ​ន​ឡាស៊ែរ 2G Robotics។

    ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច និង​កាប៊ីន​បញ្ជា​ម៉ូ​ទ័​រ​រុញច្រាន​សុទ្ធតែ​នៅ​ខាងក្រៅ​សម្បក​ការពារ​សម្ពាធ ដើម្បី​បង្កើន​លំហ​សម្រាប់​អ្នក​នៅ​ខាងក្នុង។ នាវា​នេះ​ក៏មាន​បន្ទប់ទឹក​នៅក្បែរ​បង្អួច។

    Titan អាច​មុជ​ក្រោម​ទឹក​រយៈពេល 10 ម៉ោង​ក្នុង​មួយ​លើក​ដោយ​សុវត្ថិភាព​បំផុត ហើយ​អ្នកចូលរួម​ដំណើរ​ទេសចរណ៍​ក្រោម​សមុទ្រ​នឹង​ស្ថិតនៅលើ​កប៉ាល់​មួយ​នៅលើ​សមុទ្រ​រយៈពេល 10 ថ្ងៃ៕

  • ចិន​​ដំឡើង​ទួ​រ​ប៊ី​ន​ខ្យល់​ផលិត​អគ្គិសនី​ធំជាងគេ​បង្អស់​លើ​ពិភពលោក

    ចិន​​ដំឡើង​ទួ​រ​ប៊ី​ន​ខ្យល់​ផលិត​អគ្គិសនី​ធំជាងគេ​បង្អស់​លើ​ពិភពលោក

    ទួ​រ​ប៊ី​ន​ខ្យល់​ (Wind Turbine) សម្រាប់​ដំឡើង​លើ​សមុទ្រ​កម្លាំង 16 មេ​ហ្គា​វ៉ា​ត់ មានស្លាប់​ដែល​មាន​​អង្កត់ផ្ចិត​ប្រវែង 252 ម៉ែត្រ និងវិល​ក្នុង​​ផ្ទៃក្រឡា​​ 50,000 ម៉ែត្រការ៉េ អាច​ផ្ដល់​អគ្គិសនី​សម្រាប់​តម្រូវការរបស់​​គ្រួសារ​ប្រមាណ 36,000 គ្រួ។

    ផ្នែកនីមួយៗរបស់​ទួ​រ​ប៊ី​ន​កម្លាំង 16 មេ​ហ្គា​វ៉ា​ត់​នេះ​សុទ្ធតែជា​ប្រភេទ​ធំជាងគេ​បង្អស់​លើ​ពិភពលោក និង​ត្រូវបាន​លើកដាក់​លើ​ប៉ាល់​នៅ​ខេត្ត Fujian ប្រទេស​ចិន កាលពី​ថ្ងៃទី 17 មិថុនា។ ទួរប៊ីន​ខ្យល់​នេះ​​ស្ថិតក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ប្ដូរ​ទៅរក​ថាមពល​ស្អាត​របស់​ប្រទេស​ចិន។

    ដោយ​ស្លាប​កង្ហារ​មាន​អង្កត់ផ្ចិត​ប្រវែង 252 ម៉ែត្រ ទួ​រ​ប៊ី​ន​នេះ​បក់​ខ្យល់​ក្នុង​ផ្ទៃក្រឡា 50,000 ម៉ែត្រការ៉េ ប្រហាក់ប្រហែល​នឹង​ទីលាន​បាល់ទាត់​ស្ដង់ដា​ចំនួន 7។ ក្នុងស្ថានភាព​មាន​ខ្យល់​ខ្លាំង ទួ​រ​ប៊ី​ន​នេះ​អាច​ផលិត​អគ្គិសនី​បាន 34.2 គីឡូវ៉ាត់ម៉ោង​បន្ទាប់ពី​ស្លាប​កង្ហារ​​វិល​បាន​មួយ​ជុំ។ ជា​មធ្យម​ក្នុង​មួយឆ្នាំ ទួ​រ​ប៊ី​ន​នេះ​អាច​ផលិត​អគ្គិសនី​បាន​ជាង 66 លាន​គីឡូវ៉ាត់ម៉ោង អាច​ផ្គត់ផ្គង់​ដល់​តម្រូវការ​របស់​គ្រួសារ​ចំនួន 36,000 គ្រួ ជួយ​សន្សំសំច័យ​ធ្យូងថ្ម​បាន 22,000 តោន និង​កាត់បន្ថយ​ឧស្ម័ន​កាបូន​ឌី​អុក​ស៊ីដ​​ចំនួន 54,000 តោន។

    ការ​ត្រៀម​សម្រាប់​ដឹក​ និង​ដំឡើង​ទួរប៊ីន​ខ្យល់​របស់​ក្រុម​ហ៊ុន Three Gorges Fujian

    Sheng Lei អគ្គនាយករង​របស់​ក្រុមហ៊ុន​គ្រប់គ្រង​តំបន់ឧស្សាហកម្ម​អន្តរជាតិ​ផលិត​អគ្គិសនី​ពី​ខ្យល់​លើ​សមុទ្រ Three Gorges Fujian (Fujian Three Gorges Offshore Wind Power International Industrial Park Operations) ឱ្យដឹងថា ក្រុមហ៊ុន​នេះ​បាន​រៀប​គម្រោង​ដឹកជញ្ជូន និង​គម្រោង​បន្ទាន់ពេល​មាន​បញ្ហា​អាកាសធាតុ​រួចរាល់​ហើយ មុននឹង​ដឹក​គ្រឿង​ទួ​រ​ប៊ី​ន​ទៅកាន់​គោលដៅ។

    ក្រោយពី​ត្រូវបាន​ដំឡើង និង​ដំណើរការ​នៅលើ​សមុទ្រ នេះ​នឹង​ជា​ទួ​រ​ប៊ី​ន​ខ្យល់​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក។ គ្រឿង​បង្គុំ​របស់​ទួ​រ​ប៊ី​ន​នេះ​សុទ្ធតែ​ត្រូវបាន​អភិវឌ្ឍ​ក្នុងស្រុក។ វា​ក៏​បំពាក់​មុខងារ​ឆ្លាត​វៃ​ជាច្រើន​ដើម្បី​ដំណើរការ​ឱ្យបាន​សមស្រប​បំផុត។

    គិត​ត្រឹម​ចុងខែ​មេសា 2023 ប្រទេស​ចិន​បាន​ដំឡើង​បណ្ដាញ​ទួ​រ​ប៊ី​ន​ខ្យល់​ដែលមាន​កម្លាំង​ផលិត​អគ្គិសនី​សរុប 380 លាន​គីឡូវ៉ាត់៕

  • សេវាកម្ម​កែច្នៃ​រថយន្ត​សាំង​ទៅជា​រថយន្ត​អគ្គិសនី​កំពុង «ផ្ទុះ​ការនិយម» នៅ​សហរដ្ឋ​អាម៉េរិក

    សេវាកម្ម​កែច្នៃ​រថយន្ត​សាំង​ទៅជា​រថយន្ត​អគ្គិសនី​កំពុង «ផ្ទុះ​ការនិយម» នៅ​សហរដ្ឋ​អាម៉េរិក

    ការកែច្នៃ​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង​ទៅជា​រថយន្ត​អគ្គិសនី​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​នៅ​សហរដ្ឋ​អាម៉េរិក ខណៈ​យានដ្ឋាន​នានា​​នាំគ្នា​ផ្ដល់​សេវា​កម្មនេះ​កាន់តែច្រើន។

    ចំណាប់អារម្មណ៍​របស់​អ្នកប្រើប្រាស់​ចំពោះ​រថយន្ត​អគ្គិសនី​កំពុងតែ​ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត នៅពេល​ចំនួន​រថយន្ត​អគ្គិសនី​ថ្មី​ត្រូវបាន​លក់​ចេញ កើន 55% នៅ​ឆ្នាំ 2022 ធៀប​នឹង​ឆ្នាំ 2021។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​អង្គការ​ថាមពល​អន្តរ​ជាតិ (IEA)។ ប៉ុន្តែ រថយន្ត​សាំង​ក៏​នៅតែ​គ្រប់គ្រង​ទីផ្សារ​រថយន្ត​ទាំងមូល ហើយ​ប្រការនេះ​អាច​នៅតែ​កើតឡើង​ក្នុង​អនាគត​ខ្លី​ខាងមុខ។

    ក្នុង​កាលៈទេសៈ​នេះ វិស័យ​ឧស្សាហកម្ម​ថ្មី​មួយ​កំពុង​ត្រូវបាន​បង្កើតឡើង និង​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សាធារណជន។ មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​កែច្នៃ​រថយន្ត​សាំង​ទៅជា​រថយន្ត​អគ្គិសនី​កំពុងតែ​រីក​មាឌ។

    Michael Bream ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​យានដ្ឋានរ​ថ​យន្ត​អគ្គិសនី EV West នៅ California សហរដ្ឋ​អាម៉េរិក គឺជា​មួយ​ក្នុងចំណោម​យានដ្ឋាន​នាំមុខគេ​នៅក្នុង​ការផ្ដល់​សេវាកម្ម​កែច្នៃ​រថយន្ត​សាំង​ទៅជា​រថយន្ត​អគ្គិសនី។ យានដ្ឋាន​នេះ​កំពុងតែ​មមាញឹក​ខ្លាំង ហើយ​អតិថិជន​ខ្លះ​​ត្រូវ​រង់ចាំ​រហូតដល់​ទៅ 4 ឬ 5 ឆ្នាំ ​ទើប​ដល់​វេន​ទទួល​សេវា​កម្មនេះ។

    EV West ផ្ដល់​សេវាកម្ម​ប្ដូរ​ម៉ាស៊ីន​ចំហេះ​ក្នុង​ទៅជា​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង​រហូតដល់ 550 សេះ។ EV West ប្រើ​ប្រាស់​ម៉ូទ័រ​អគ្គិសនី​​របស់ Tesla។ យោងតាម​អ្នកជំនាញ ការចំណាយ​ជា​មធ្យម​លើ​ការប្ដូរ​ម៉ាស៊ីន​នេះ​គឺ​ប្រហែល​ពី 7,000 ទៅ 9,000 ដុល្លារ​អាម៉េរិក/រថយន្ត​មួយ​គ្រឿង។ យានដ្ឋាន​របស់ Bream ទទួល​ប្ដូរ​ម៉ាស៊ីនរថយន្តថ្លៃៗ និងកម្រៗ ដូច្នេះ តម្លៃ​ក៏​ខ្ពស់ ពោលគឺ​ពី 18,000 ដល់ 30,000 ដុល្លារ​អាម៉េរិក។

    នៅ​សហរដ្ឋ​អាម៉េរិក ក្រៅពី​បណ្ដា​យានដ្ឋាន​ជំនាញ គេ​ក៏​ឃើញ​មាន​យានដ្ឋានតូចៗ និង​ក្រុម​ជាង​ច្នៃប្រឌិត​ជាច្រើន នាំគ្នា​ចូលរួម​រកស៊ី​ក្នុង​វិស័យ​ឧស្សាហកម្ម​ថ្មី​នេះ​ផងដែរ៕

  • ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម ច្របាច់​បញ្ចូលគ្នា​នឹង​​ក្រុមហ៊ុន​អាម៉េរិក​

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម ច្របាច់​បញ្ចូលគ្នា​នឹង​​ក្រុមហ៊ុន​អាម៉េរិក​

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម VinFast បានដាក់​ឯកសារ​ទៅកាន់​ស្ថាប័ន​គ្រប់គ្រង​មូល​ប​ត្រ​នៅ​សហរដ្ឋ​អាម៉េរិក ប្រកាសថា នឹង​សម្រេចបាន​ការច្របាច់បញ្ចូល​គ្នា​ជាមួយ Black Spade Acquisition ក្នុង​ឆ្នាំ 2023។

    យោងតាម​សារព័ត៌មាន Reuters ការច្របាច់បញ្ចូលគ្នារ​វាង​ក្រុមហ៊ុនវៀតណាម VinFast និង​ក្រុមហ៊ុន​អាម៉េរិក Black Spade នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល Black Spade ស្នើ​សូមឱ្យ​អ្នកវិនិយោគ​ពន្យារ​ពេលធ្វើ​សកម្មភាព​ពីថ្ងៃ​ទី 20 កក្កដា 2023 ទៅ​ថ្ងៃទី 20 កក្កដា 2024។

    VinFast មានតម្លៃ​មូលធន​ទីផ្សារ​ប្រហែល 23 ពាន់​លាន​ដុល្លារ​អាម៉េរិក។ តម្លៃ​នេះ​គឺ​យោងទៅតាម​ការសម្រេចរ​បស់​ក្រុមហ៊ុន​អាម៉េរិក Black Spade។

    រថយន្តអគ្គិសនី​របស់ VinFast

    Black Spade Acquisition គឺជា​ក្រុមហ៊ុន SPAC (បង្កើតឡើង​ក្នុង​គោលដៅ​ពិសេស)។ បណ្ដា​ក្រុមហ៊ុន SPAC ប្រមូល​ទុន​តាមរយៈ​ការធ្វើ IPO និង​ប្រើប្រាស់​ខ្ទង់​វិនិយោគ​ដែល​ប្រមូលបាន​ទៅ​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​គោលដៅ​ដទៃ។ ការធ្វើ IPO លើ​ផ្សា​រមូល​ប​ត្រ​តាមរយៈ​ការច្របាច់បញ្ចូល​ជាមួយ SPAC កំពុង​ក្លាយជា​និន្នាការ​ថ្មី ព្រោះតែ​ជួយ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​រំលង​ចោល​ដំណើរការ​តាម​​ទម្លាប់​មុន​ៗ​​របស់ Wall Street។

    VinFast ត្រូវបាន​ដំណើរការ​តាំងពី​ឆ្នាំ 2019 ដោយមាន​រោងចក្រ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​វៀតណាម និង​កំពុង​រៀប​គម្រោង​សាងសង់​រោងចក្រ​ទី​ពីរ​នៅ​សហរដ្ឋ​អាម៉េរិក។ ថ្មីៗនេះ លោក Pham Nhat Vuong ដែលជា​ប្រធាន​ក្រុមហ៊ុន VinGroup (ក្រុមហ៊ុនមេ​របស់ VinFast) និយាយថា VinFast អាច​​​មាន​ប្រាក់ចំណេញ​ចាប់​ពី​​ឆ្នាំ 2025៕

  • ចិន​បង្កើត​ម៉ាស៊ីន​រថភ្លើង​ដំណើរការ​ដោយ​អ៊ីដ្រូសែន «ខ្លាំង​បំផុត​លើ​ពិភពលោក»

    ចិន​បង្កើត​ម៉ាស៊ីន​រថភ្លើង​ដំណើរការ​ដោយ​អ៊ីដ្រូសែន «ខ្លាំង​បំផុត​លើ​ពិភពលោក»

    ក្បាលម៉ាស៊ីន​អ៊ីដ្រូសែន​ដំបូង​របស់​ប្រទេស​ចិន Ningdong ដែល​កែច្នៃ​ពី​ម៉ាស៊ីន​ចំហេះ​ក្នុង បាន​ចាក​ចេញពី​រោងចក្រ Datong ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ CRRC កាលពី​ថ្ងៃទី 15 មិថុនា 2023។

    សារព័ត៌មាន SCMP បាន​រាយការណ៍​ថា Ningdong ត្រូវបាន​បង្ហាញថា​ជា​ក្បាលម៉ាស៊ីន​ដែល​ដំណើរការ​ដោយ​អ៊ីដ្រូសែន​កម្លាំង​ខ្លាំង​បំផុត​លើ​ពិភពលោក ដែលមាន​សក្ដានុពល​ធំធេង​ក្នុង​ការជំនួស​ម៉ាស៊ីន​​រថភ្លើង​ទាំងអស់​ដែល​ដំណើរការ​ដោយ​ប្រេងសាំង​នៅ​ប្រទេស​ចិន​។ វា​អាច​ផ្ទុក​អ៊ីដ្រូសែន​ចំនួន 270 គីឡូក្រាម និង​បើកបរ​បន្តបន្ទាប់​រយៈ​ពេល 190 ម៉ោង។

    «អ៊ីដ្រូសែន​គឺជា​ថាមពល​ស្អាត អាច​កកើត​ឡើងវិញ។ ការចំណាយ​លើ​ការប្រើប្រាស់​ក្បាលម៉ាស៊ីន​រថភ្លើង​ដំណើរការ​ដោយ​អ៊ីដ្រូសែន គឺ​ប្រហាក់ប្រហែល​នឹង ½ នៃ​ការចំណាយ​លើ​ម៉ាស៊ីន​ចំហេះ​ក្នុង» Liang Zhenzhong អគ្គនាយករង​របស់ CRRC Datong បញ្ជាក់​ដូច្នេះ។

    ម៉ាស៊ីន​អ៊ីដ្រូសែន​ដំណើរការ​នៅពេល​ឧស្ម័ន​អ៊ីដ្រូសែន​ប្រតិកម្ម​ជាមួយនឹង​អុកស៊ីសែន​នៅក្នុង​ថ្ម​ផ្ទុក​ថាមពល បង្កើតបានជា​អគ្គិសនី និង​ចំហាយ​ទឹក។ អនុផល​របស់​ប្រតិកម្ម​នេះ​មិន​ប៉ះពាល់​ដល់​បរិស្ថាន ដោយសារ​​បំ​ភាយ​តែ​កម្ដៅ និង​ទឹក។

    រថភ្លើង​អ៊ីដ្រូសែន​ដឹក​អ្នកដំណើរ​ដំបូង​គេ​លើ​ពិភពលោក​បានធ្វើ​សកម្មភាព​ពាណិជ្ជកម្ម​តាំងពី​ឆ្នាំ 2018 និង​ធ្វើដំណើរ​បាន​ជាង 220,000 គីឡូម៉ែត្រ នៅ 8 ប្រទេស​ក្នុង​ដំ​តន់​អឺរ៉ុប គិត​ត្រឹម​ខែមករា 2023។ នេះ​បើ​យោងតាម​ក្រុម​ផលិត​រថភ្លើង​បារាំង Alstom។

  • រថយន្ត Concept Nyobolt EV បញ្ចូល​អគ្គិសនី​មួយ​ពេញ​ក្នុង​រយៈពេល 6 នាទី

    រថយន្ត Concept Nyobolt EV បញ្ចូល​អគ្គិសនី​មួយ​ពេញ​ក្នុង​រយៈពេល 6 នាទី

    ការចំណាយ​ពេល​យូរ​ក្នុងការ​បញ្ចូល​ថាមពល​ថ្ម​គឺជា​រឿង​ដែល​ត្រូវបាន​រិះគន់​បំផុត​របស់​រថយន្ត​អគ្គិសនី មិន​ថា​ជា​ប្រភេទ​ទំនើប ឬ​តម្លៃ​ថ្លៃ ហើយ​វា​មិនអាច​យកឈ្នះ​លើ​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង នាបច្ចុប្បន្ន។ ប៉ុន្តែ ពេលនេះ​មាន​ក្រុមហ៊ុន​មួយ​បានប្រកាស​ព័ត៌មាន​ដ៏​ប្រសើរ​សម្រាប់​រថយន្ត​អគ្គិសនី។

    ក្រុមហ៊ុន Nyobolt ដែលជា​អ្នក​អភិវឌ្ឍ​ថ្ម​ផ្ទុក​អគ្គិសនី មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ចក្រភព​អង់គ្លេស បានប្រកាសថា ពួកគេ​មាន​បច្ចេកវិទ្យា​ថ្មី អនុញ្ញាតឱ្យ​បញ្ចូល​ថាមពល​អគ្គិសនី​បាន​រហ័ស​បំផុត។ ក្រុមហ៊ុន​នេះ​កំពុង​ដាក់តាំង​បង្ហាញ​រថយន្ត​ប្រភេទ​កីឡា​គំរូ​មួយគ្រឿង​ដែល​ដំណើរការ​ដោយ​អគ្គិសនី បំពាក់​ថ្ម​ផ្ទុក​ថាមពល​ដែល​អាច​បញ្ចូល​អគ្គិសនី​មួយ​ពេញ​ក្នុង​រយៈពេល​មិន​ដល់ 6 នាទី។

    រថយន្ត​គំរូ​នេះ​មាន​ថ្ម 35 គីឡូ​វ៉ាត​ម៉ោង ដែល​អាចឱ្យ​រត់​បាន​ចម្ងាយ​ប្រហែល 250 គីឡូម៉ែត្រ ក្រោយពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ នៅពេល​ត្រូវបាន​ដំឡើង​ក្នុង​រថយន្ត coupe កីឡា ដែលមាន​ទម្ងន់​ប្រហែល​ជាង 1,500 គីឡូក្រាម។

    Nyobolt ប្រកាសថា ថ្ម​ផ្ទុក​ថាមពល​ថ្មី​របស់​ពួកគេ​ត្រូវបាន​ធ្វើតេស្ត​ដោយ​ការបញ្ចូល​ថាមពល​អគ្គិសនី​ជាង 2,000 លើក និង​ទទួលបាន​លទ្ធផល​ល្អ។