នាវាមុជទឹក Titan ដែល​បាត់​ខ្លួន អាច​នៅមាន​​រូបរាង​ដើម ប៉ុន្តែទំនង​ជា​ត្រូវ​ជ្រាប​ទឹក​

វិស្វករ Ron Allum បានឱ្យដឹងថា នាវា​ទេសចរណ៍​មុជទឹក​ដែល​កំពុង​បាត់​ខ្លួន មិនអាច​មាន​ករណី​ផ្ទុះ ប៉ុន្តែ​បញ្ហា​ជ្រាប​ទឹក​មួយផ្នែក​ទំនងជា​អាច​កើត​ឡើង​ និង​បណ្ដាលឱ្យ​វា​មិនអាច​ងើបមក​លើ​ផ្ទៃ​ទឹក។

យោងតាម​វិស្វករ​ជនជាតិ​អូស្ត្រាលី Ron Allum ដែល​ជំនាញ​ក្នុងការ​ស្រាវជ្រាវ​តំបន់​សមុទ្រ​ជ្រៅ និង​ជា​អ្នក​ដែល​បាន​រចនា​នាវាមុជទឹក Deepsea Challenger ដែល​អ្នក​ដឹក​រឿង James Cameron ប្រើប្រាស់​កាលពី​ឆ្នាំ 2012 ដើម្បី​ថត​យក​ទិដ្ឋភាព​នៃ​ទីតាំង​ជ្រៅ​បំផុត​របស់​ផែនដី យល់ថា នាវា Titan មិន​ងាយ​នឹង​ជួប​បញ្ហា​ធ្ងន់ធ្ងរ​នៅលើ​ជញ្ជាំង​របស់​វា​ឡើយ ព្រោះ​វា​ត្រូវបាន​រចនា​ឡើង​ដើម្បី​ទប់ទល់​នឹង​បញ្ហា​សម្ពាធ។

លោក Allum បន្ថែមថា «ចំពោះ​ខ្ញុំ ទ្រង់ទ្រាយ​របស់​នាវាមុជទឹក​នេះ​នៅ​រក្សាបាន​សភាព​ដើម ប៉ុន្តែ​វា​បាន​ដាច់​ចរន្តអគ្គិសនី​។ ក្នុងករណីនេះ Titan អាច​កាត់បន្ថយ​ទម្ងន់​ដោយ​ស្វ័យប្រវត្ត​ដើម្បី​ផុស​ឡើង​មកលើ»។

​វិស្វករ​ជនជាតិ​អូស្ត្រាលី លោក Ron Allum

ក៏ប៉ុន្តែ យោងតាម​លោក Allum នៅពេល​នាវា​នេះ​ត្រូវជួប​បញ្ហា​​ជ្រាប​ទឹក វា​នឹង​មិនអាច​ងើបឡើង​មកលើ​ផ្ទៃ​ទឹកបាន​ឡើយ ព្រោះ​ទម្ងន់​របស់​វា​នឹង​ធ្ងន់​ជាង​មុន។ «ប្រការ​នោះ​ក៏​មានន័យថា អ្នក​នៅក្នុង​នាវា​ក៏​កំពុង​អង្គុយ​ក្នុង​ទឹក ហើយ​នេះ​គឺជា​រឿង​អាក្រក់។

នាវាមុជទឹក Titan បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃទី 18 មិថុនា 2023 នៅពេល​ធ្វើដំណើរ​ចុះទៅ មើល​​សាក​សព​កប៉ាល់ Titanic នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក។ ក្នុង​នាវា​នោះ​មាន​មនុស្ស​ប្រាំ​នាក់ ក្នុងនោះ​មាន​​​មហាសេដ្ឋី​អង់គ្លេស Hamish Harding, អ្នកជំនាញ​បារាំង Paul-Henry Nargeolet, ស្ថាបនិក​របស់ OceanGate Expeditions លោក Stockton Rush, អ្នកជំនួញ​ប៉ា​គី​ស្ថាន Shahzada Dawood និង​កូនប្រុស Suleman៕

Advertisement