Tag: រុស្ស៊ី

  • គណៈ​ប្រតិភូ​អ៊ុយ​ក្រែ​ន ធ្វើដំណើរ​ដល់ បេឡា​រូស ដើម្បី​បើក​កិច្ចចរចា​ជាមួយ រុស្ស៊ី

    គណៈ​ប្រតិភូ​អ៊ុយ​ក្រែ​ន ធ្វើដំណើរ​ដល់ បេឡា​រូស ដើម្បី​បើក​កិច្ចចរចា​ជាមួយ រុស្ស៊ី

    គណៈប្រតិភូ​អ៊ុយ​ក្រែ​ន បានធ្វើ​ដំណោះរ​ទៅដល់​តំបន់ Pripyat ដើម្បី​បើក​កិច្ចចរចា​ជាមួយ រុស្ស៊ី បន្ទាប់ពី​បាន​ប្រយុទ្ធ​គ្នា ៤ ថ្ងៃ ក្នុងពេលដែល កងទ័ព​អ៊ុយ​ក្រែ​ន យល់ថា កងទ័ព​រុស្ស៊ី បាន​បន្ថយល្បឿន​នៃ​ការវាយលុក។

    គណៈប្រតិភូ​រុស្ស៊ី និង អ៊ុយ​ក្រែ​ន ថ្ងៃនេះ​នឹង​ជួបចរចា​គ្នា​នៅឯ Pripyat របស់ បេឡា​រូស នៅពេល​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន បាន​ឈាន​ចូលដល់​ថ្ងៃទី ៥។ មុន​នោះ ភាគី​ខាង​ បេឡារូស​ បាន​ឱ្យ​ដឹង​ថា គ្រប់​យ៉ាង​ដែល​រៀប​ចំសម្រាប់​កិច្ច​ចរចា ត្រូវ​បាន​ត្រៀម​រួច​រាល់​ហើយ​។

    ក្រោយ​ការប្រយុទ្ធ​ច្រើន​ថ្ងៃ បច្ចុប្បន្ន រុស្ស៊ី ទំនងជា​បាន​ប្ដូរ​យុទ្ធសាស្ត្រ ព្រោះតែ​ការ​វាយ​សម្រុក​ត្រូវបាន​ឆ្លើយតប​យ៉ាងខ្លាំង​ក្លា​ពី កងទ័ព​អ៊ុយ​ក្រែ​ន។ ពេលនេះ រុស្ស៊ី កំពុង​ឡោមព័ទ្ធ​ទីក្រុងធំៗ និង​ប្រើប្រាស់​កាំភ្លើង​ធំ​ដើម្បី​បន្តក់​គ្រាប់​លើ​គោលដៅ។

    បន្ទប់​ចរចរ​នៅ​ បេឡារូស បាន​ត្រៀម​រួច​រាល់​ហើយ

    ក្នុង​គ្រា​ដែល​លោកខាងលិច ប្រកាស​ផ្ដល់​អាវុធ​ធុន​ធ្ងន់​បន្តទៀត​ដល់ អ៊ុយ​ក្រែ​ន និង​ដាក់ទណ្ឌកម្ម​នានា​លើ រុស្ស៊ី ទាំង​សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ទាំង​សម្ដេច​សង្ឃ ដា​ឡៃ ឡា​ម៉ា ក៏​សុទ្ធតែ​បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី​ឈប់​បាញ់ និង​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​សម្រាប់​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន។

  • ណា​តូ (NATO) បញ្ចេញ​ទ័ព ៤ ម៉ឺន​នាក់ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ទៅកាន់ អឺរ៉ុប​ខាងកើត

    ណា​តូ (NATO) បញ្ចេញ​ទ័ព ៤ ម៉ឺន​នាក់ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ទៅកាន់ អឺរ៉ុប​ខាងកើត

    អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ Jens Stoltenberg ប្រកាស​កាលពី​ថ្ងៃទី ២៥ កុម្ភៈ ថា ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដែល ណា​តូ បាន​បញ្ចេញ​​កម្លាំង​ប្រតិកម្ម​របស់ ណា​តូ (NATO Response Force-NRF) ដែលមាន​ទាហាន ៤០,០០០ នាក់។

    លោក Jens Stoltenberg និយាយថា យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន គឺជា «វិបត្តិ​សន្តិសុខ​ធ្ងន់ធ្ងរ​បំផុត​ដែល​យើង​ត្រូវ​ប្រឈម​នៅ អឺរ៉ុប ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​កន្លងទៅនេះ»។ កម្លាំង NRF នឹង​ត្រូវបាន​ពង្រាយ «នៅលើ​ដីគោក លើ​សមុទ្រ និង​លើ​អាកាស» នៅ អឺរ៉ុប​ខាងកើត ក្នុង​បំណង​ការពារ​ជា​លក្ខណៈ​សមូហភាព។

    អគ្គលេខាធិការ​នៃ អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ក៏បាន​បន្ថែមថា ណា​តូ នឹង​ផ្ដល់​អាវុធ និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​បន្ថែ​ម​ទៀត ដល់ អ៊ុយ​ក្រែ​ន ទៅតាម​ការស្នើ​របស់រ​ដ្ឋា​ភិ​បាល​ប្រទេស​នេះ។

    បណ្ដា​ប្រទេស​ក្នុង​សម្ព័ន្ធមិត្ត​នៅ​ភាគ​ខាងកើត​នៃ​តំបន់​ដែល​គ្រប់គ្រង​ដោយ ណា​តូ ពិតជា​មានការ​បារម្ភ​ខ្លាំង នៅពេល​ស្ថិត​នៅក្បែរ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​ក្បែរ​ព្រំដែន​របស់ រុស្ស៊ី។

    «ការវាយប្រហារ​របស់ រុស្ស៊ី ទៅលើ អ៊ុយ​ក្រែ​ន មិន​ត្រឹមតែ​ជាការ​វាយប្រហារ​ទៅលើ​តែ អ៊ុយ​ក្រែ​ន មួយ​មុខ​នោះទេ ប៉ុន្តែ វា​គឺជា​ការវាយប្រហារ​ទៅលើ​សណ្ដាប់ធ្នាប់​សន្តិសុខ​នៅ ទ្វីបអឺរ៉ុប ទាំងមូល» អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ សង្កត់ធ្ងន់​ដូច្នេះ។

    ការដែល ណា​តូ បញ្ចេញ​ទ័ព​ប្រតិកម្ម ៤ ម៉ឺន​នាក់ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​មេដឹកនាំ​របស់​អង្គការ​នេះ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​កាលពី​ថ្ងៃទី ២៥ កុម្ភៈ ដើម្បី​ពិភាក្សា​អំពី​សន្តិសុខ​នៅ អ៊ុយ​ក្រែ​ន។ ក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​វត្តមាន​របស់​មន្ត្រី​មកពី ប្រទេស​ស្វ៊ី​ស និង ហ្វាំ​ង​ឡង់ ដែល​មិនមែនជា​សមាជិក​របស់ ណា​តូ ផងដែរ។

    ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ ក៏បាន​ថ្លែងថា នឹង​បញ្ជូន​ទ័ព ៧,០០០ នាក់ ទៀត​ទៅកាន់ ទ្វីបអឺរ៉ុប ដើម្បី​គាំទ្រ​ដល់ ណា​តូ។

  • ប្រធានាធិបតី​​អ៊ុយ​ក្រែ​ន ​អំពាវ​នាវ​​រក​​ជំនួយ​​ពី​​អង្គ​ការ​ ណា​តូ​ (NATO)

    ប្រធានាធិបតី​​អ៊ុយ​ក្រែ​ន ​អំពាវ​នាវ​​រក​​ជំនួយ​​ពី​​អង្គ​ការ​ ណា​តូ​ (NATO)

    ប្រធានាធិបតី Zelensky របស់ ប្រទេស​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា លោក​បាន​ទូរស័ព្ទ​ពិភាក្សា​ជាមួយ​សមស​ភាគី ប៉ូឡូញ Andrzej Duda នា​ថ្ងៃនេះ ដើម្បី​ស្វែងរក​ជំនួយ​ផ្នែក​ការពារជាតិ​ពី​បណ្ដា​សមាជិក​នានា​របស់ ណា​តូ និង​បង្ខំ​ឱ្យ រុស្ស៊ី ចូល​តុ​ចរចា។

    «យើង​ត្រូវការ​សម្ព័ន្ធមិត្ត​មួយ​ដើម្បី​ប្រឆាំងនឹង​សង្គ្រាម» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Zelensky បាន​សរសេរ​នៅលើ Twitter ដូច្នេះ។

    មេដឹកនាំ​របស់ អ៊ុយ​ក្រែ​ន យល់ថា «យូរ ឬ​ឆាប់ រុស្ស៊ី ក៏​នឹងត្រូវ​ចរចា​ជាមួយ​យើងខ្ញុំ។ និយាយ​អំពី​របៀប​នៃ​ការបញ្ចប់​សង្គ្រាម និង​ទប់ស្កាត់​ការឈ្លានពាន​នេះ។ ការចរចា​ចាប់ផ្ដើម​កាន់តែ​ឆាប់ រុស្ស៊ី ក៏​នឹងរង​ការខូចខាត​កាន់តែ​តិច»។

  • អ៊ុយ​ក្រែ​ន ហាម​បុរស​អាយុ​ពី ១៨ ដល់ ៦០ ឆ្នាំ ចាក​ចេញពី​ប្រទេស

    អ៊ុយ​ក្រែ​ន ហាម​បុរស​អាយុ​ពី ១៨ ដល់ ៦០ ឆ្នាំ ចាក​ចេញពី​ប្រទេស

    អ៊ុយ​ក្រែ​ន បានចេញ​បញ្ជា​ឱ្យ​លើកទឹកចិត្ត និង​ស្នើ​បុរស​ដែលមាន​អាយុ​ចាប់ពី ១៨ ដល់ ៦០ ឆ្នាំ មិនត្រូវ​ចាកចេញ​ពី​ប្រទេស ក្នុងពេល រុស្ស៊ី បើក​ការឈ្លានពាន។

    បទបញ្ជា​ខាងលើ​ត្រូវបាន​ប្រធានាធិបតី Volodymyr Zelensky ចុះហត្ថលេខា​កាលពី​ចុង​ថ្ងៃទី ២៤ កុម្ភៈ ដើម្បី «ធានា​កម្លាំង​ការពារជាតិ ជួយ​ដល់​សមត្ថភាព​ក្នុងការ​ត្រៀមប្រយុទ្ធ និង​ការប្រមូល​កម្លាំងប្រដាប់អាវុធ​របស់ អ៊ុយ​ក្រែ​ន ក៏ដូចជា​កងកម្លាំង​យោធា​ផ្សេងទៀត»។

    យោងតាម​បទបញ្ជា​ដែលមាន​សុពលភាព ៩០ ថ្ងៃនេះ ទាហាន​កាតព្វកិច្ច និង​ទាហាន​បម្រុង​នៅ អ៊ុយ​ក្រែ​ន នឹង​ត្រូវបាន​ប្រមូល។

    កម្លាំង​ការពារ​ព្រំដែន​របស់ អ៊ុយ​ក្រែ​ន ឱ្យដឹងថា ពលរដ្ឋ​ដែលមាន​អាយុ​ពី ១៨ ដល់ ៦០ ឆ្នាំ ត្រូវបាន​ហាម​ចាក​ចេញពី​ប្រទេស​ក្នុងអំឡុង ៩០ ថ្ងៃ​ខាងលើ។ ប្រធានាធិបតី Zelensky មុន​នោះ​ក៏បាន​ប្រកាសថា នឹង​ផ្ដល់​អាវុធ​ដល់ ពលរដ្ឋ​អ៊ុយ​ក្រែ​ន ទាំងអស់ ដែល​ត្រូវការ។ លោក​ក៏បាន​ប្រកាស​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ រុស្ស៊ី ផងដែរ។

    ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃទី ២៤ កុម្ភៈ បានប្រកាស​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន ក្រោម​ហេតុផល​ថា «ប្រទេស» នៅ​តំបន់​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន បានស្នើ​សុំ​ជំនួយ​យោធា។

    កងទ័ព​រុស្ស៊ី បាន​សម្រុកចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន ពី​ច្រើន​ទិស ខណៈ​កងកម្លាំង​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ក៏​បើក​ការវាយប្រហារ​សំដៅ​តំបន់​ដែល​កំពុង​គ្រប់គ្រង​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​ដណ្ដើមបាន​ទីរួមស្រុក​ចំនួន ២ នៅ Luhansk។

    អ៊ុយ​ក្រែ​ន​ប្រកាសថា មនុស្ស ១៣៧ នាក់​បាន​ស្លាប់ និង ៣១៦ នាក់ រងរ​បួង បន្ទាប់ពី រុស្ស៊ី បាន​បើក​ការវាយលុក។ ជនភៀសខ្លួន​របស់ អ៊ុយ​ក្រែ​ន កំពុងរ​ត់ទៅ​ប្រទេសជិតខាង ហើយ អាម៉េរិក ក៏បាន​ប្រកាស​ទទួលយក​ជនភៀសខ្លួន​ទាំងនោះ។

     

  • ប្រៀបធៀប​កម្លាំងយោធា​ឆ្នាំ ២០២២ រវាង ប្រទេស​អ៊ុយ​ក្រែ​ន និង រុស្ស៊ី

    ប្រៀបធៀប​កម្លាំងយោធា​ឆ្នាំ ២០២២ រវាង ប្រទេស​អ៊ុយ​ក្រែ​ន និង រុស្ស៊ី

    សម្រាប់​ឆ្នាំនេះ អ៊ុយ​ក្រែ​ន ឈរលើ​ចំណាត់ថ្នាក់​ទី ២២ ក្នុងចំណោម​ប្រទេស​ចំនួន ១៤០ ដែល​ត្រូវបាន​រាប់​ចូលក្នុង​តារាង​ចំណាត់ថ្នាក់​ស្ដីពី​អំណាច​យោធា (Military Strength Ranking) របស់ Globalfirepower។ ចំណែក រុស្ស៊ី វិញ ឈរ​លំដាប់ថ្នាក់​ទី ២ បន្ទាប់ពី សហរដ្ឋ​អាម៉េរិក។

  • អ៊ុយក្រែន​ ប្រកាស​អនុវត្ត​ «ច្បាប់​អាជ្ញាសឹក» ក្រោយ​ពី​រដ្ឋធានី ត្រូវ​រង​ការ​វាយប្រហារ​ពី​រ៉ុក្កែត​

    អ៊ុយក្រែន​ ប្រកាស​អនុវត្ត​ «ច្បាប់​អាជ្ញាសឹក» ក្រោយ​ពី​រដ្ឋធានី ត្រូវ​រង​ការ​វាយប្រហារ​ពី​រ៉ុក្កែត​

    ប្រធានាធិបតី​អ៊ុយក្រែន ប្រកាស​អនុវត្ត​ច្បាប់​អាជ្ញាសឹក នៅ​ទូទាំង​ប្រទេស​ ក្រោយ​ពី​ រុស្ស៊ី បើក​យុទ្ធនាការ​យោធា​នៅ​​តំបន់​ភាគ​ខាង​កើត​របស់ អ៊ុយក្រែន​។

    នៅក្នុង​​សេចក្ដីថ្លែង​ការណ៍​នាថ្ងៃ​នេះ ប្រធានាធិតី​អ៊ុយក្រែន លោក​ Volodymyr Zelensky ប្រកាស​ថា រុស្ស៊ី បាន​វាយ​ប្រហារ​ដោយ​ប្រើ​ក្រាប់​​រ៉ុក្កែត​ សំដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​កងកម្លាំង​ការ​ពារ​ព្រំដែន​របស់​ អ៊ុយក្រែន​។ លោក​បាន​ពិភាក្សា​ជា​មួយ​ ប្រធានាធិបតី​អាម៉េរិក និង​បាន​ស្នើ​ឱ្យ​ប្រជាជន​នៅ​ក្នុង​ផ្ទះ​ រក្សា​ភាព​ស្ងប់​ស្ងាត់​។

    «កងទ័ព​កំពុង​អនុវត្ត​តាម​ភារកិច្ច​។ ខ្ញុំ​នឹង​នៅ​ក្បែរ​គ្រប់​គ្នា​។ រឹងមាំឡើង​។ យើង​នឹង​ឈ្នះ​ ព្រោះ​យើង​ជា​ជនជាតិ​អ៊ុយក្រែន» លោក Zelensky ថ្លែង​ដូច្នេះ​។

    ច្បាប់​អាជ្ញាសឹក​នេះ​អនុញ្ញាត​ឱ្យ​ កងទ័ព​អ៊ុយក្រែន ចេញ​​បម្រាម​គោចរ​ បង្កើត​មូលដ្ឋាន​ត្រួតពិនិត្យ​យោធា និង​កាត់​បន្ថយ​សិទ្ធិ​ក្នុង​ការ​ដើរ​ហើរ​របស់​ពលរដ្ឋ​ ជនបរទេស​ ក៏ដូច​ជា​បណ្ដា​មធ្យោបាយ​ធ្វើ​ដំណើរ​ផងដែរ​។

  • រដ្ឋមន្ត្រី​ការ​បរទេស​របស់ អ៊ុយក្រែន​ ថា រុស្ស៊ី កំពុងបើក​ការ​វាយ​ប្រហារ​ទូទៅ

    រដ្ឋមន្ត្រី​ការ​បរទេស​របស់ អ៊ុយក្រែន​ ថា រុស្ស៊ី កំពុងបើក​ការ​វាយ​ប្រហារ​ទូទៅ

    រដ្ឋមន្ត្រីការបរទេស​របស់ អ៊ុយ​ក្រែ​ន Kuleba បាន​ថ្លែងថា រុស្ស៊ី បានចាប់ផ្ដើម​បញ្ឆេះ​សង្គ្រាម​ទូទៅ សំដៅលើ​ប្រទេស​របស់លោក ប៉ុន្តែ ទីក្រុង​មូ​ស្គូ បញ្ជាក់ថា នេះ​គ្រាន់តែ​ជា​យុទ្ធនាការ​យោធា។

    «ទីក្រុង​ដ៏​សុខសាន្ត​របស់ អ៊ុយ​ក្រែ​ន កំពុង​រង​ការវាយប្រហារ។ នេះ​គឺជា​សង្គ្រាម​ឈ្លានពាន។ អ៊ុយ​ក្រែ​ន នឹង​ការពារ​ខ្លួន និង​ដណ្ដើមយក​ជ័យជំនះ។ ពិភពលោក​ត្រូវតែ​ទប់ស្កាត់ ពូ​ទីន។ នៅពេលនេះ​ភ្លាម! រដ្ឋមន្ត្រីការបរទេស​របស់ អ៊ុយ​ក្រែ​ន Dmytro Kuleba បាន​បង្ហោះ​សារ​លើ Twitter ដូច្នេះ នៅថ្ងៃនេះ។

    ប្រកាស​របស់លោក Kuleba ត្រូវបាន​លើកឡើង​ក្រោយពី ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន បានប្រកាស​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ​តំបន់ Donbass ដែលជា​ទឹកដី​របស់ អ៊ុយ​ក្រែ​ន និង​បាន​ស្នើឱ្យ​ទាហាន​អ៊ុយ​ក្រែ​ន ទម្លាក់អាវុធ។

  • សង្គ្រាមនៅ អ៊ុយក្រែន បានចាប់ផ្ដើមហើយ! រដ្ឋធានី Kiev ត្រូវរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

    សង្គ្រាមនៅ អ៊ុយក្រែន បានចាប់ផ្ដើមហើយ! រដ្ឋធានី Kiev ត្រូវរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

    មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រេ​ន បានឱ្យដឹងថា ​មជ្ឈមណ្ឌលននា​​នៃ​ទីបញ្ជាការ​យោធា​នៅ រដ្ឋធានី Kiev និង Kharkov បាន​រង​ការវាយប្រហារ​ដោយ​រ៉ុក្កែត​បំពាក់​ប្រព័ន្ធ​នាំ​ផ្លូវ និង​កាំជ្រួច​ង​ផ្លោង។

    បច្ចុប្បន្ន ព័ត៌មាន​ទាក់ទង​នឹង​ការវាយប្រហារ​ខាងលើ មិនទាន់​ត្រូវបាន​គេ​ឱ្យដឹង​ច្បាស់​នៅឡើយ អំពី​ការខូចខាត និង​ប្រភេទ​អាវុធ​ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​វាយប្រហារ​នោះ។ នេះ​បើតាម​សារព័ត៌មាន Ukrainska Pravda។

    «សង្គ្រាម​បាន​ចាប់​ផ្ដើម​ហើយ។ នៅ​ពេល​ការ​វាយ​ប្រហារ​ពី​អាកាស​ ពួក​គេ​នឹង​សំដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ គោល​ដៅ​យោធា​។ ខ្ញុំ​បាន​​ឮ​​សំឡេង​ផ្ទុះ​ចំនួន ៣ នៅ​ ទីក្រុង Kiev» Andrey Buzarov អ្នក​ជំនាញ​ផ្នែក​នយោបាយ​ ធ្វើ​ការ​ក្នុង​ស្ថាប័ន​សភា​ និង​ក្រសួង​ការ​បរទេស​អ៊ុយក្រែន ឱ្យ​ដឹង​ដូច្នេះ​។

  • អង្គការសហប្រជាជាតិ ស្រែកប្រាប់​ឱ្យ រុស្ស៊ី បញ្ឈប់​សកម្មភាព​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន

    អង្គការសហប្រជាជាតិ ស្រែកប្រាប់​ឱ្យ រុស្ស៊ី បញ្ឈប់​សកម្មភាព​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជា​ឱ្យ​លើកទ័ព​ចូលលុកលុយ អ៊ុយ​ក្រែ​ន ក្នុង​គ្រា​ដែល ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ កំពុងបើក​កិច្ចប្រជុំ​បន្ទាន់ នៅ ទីក្រុង​នី​វ​យ៉​ក សហរដ្ឋ​អាម៉េរិក ស្ដីពី​ស្ថានការណ៍​នៅ អ៊ុយ​ក្រែ​ន។

    «ប្រធានាធិបតី ពូ​ទីន ចូរ​ទប់ស្កាត់​កងទ័ព កុំឱ្យ​វាយប្រហារ​លើ អ៊ុយ​ក្រែ​ន ចូរ​បង្កើត​ឱកាស​សម្រាប់​សន្តិភាព មាន​មនុស្ស​ជាច្រើន​បាន​បាត់​បង់ជីវិត​រួចទៅហើយ» អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​ថ្លែង​ដូច្នេះ។

    ការ​ថ្លែង​របស់ លោក Antonio Guterres នេះ ត្រូវបាន​ធ្វើឡើងភ្លាមៗ បន្ទាប់ពី ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជា​ឱ្យ​លើកទ័ព​ចូលលុកលុយ អ៊ុយ​ក្រែ​ន ក្រោមលេស​ថា មានការ​ស្នើឱ្យ​ជួយ​ពី​ក្រុម​មេដឹកនាំ​តំបន់​ផ្ដាច់ខ្លួន​នៅ Donbass និង​ដើម្បី​រក្សា​សន្តិភាព។

    តំណាង​របស់​ សហរដ្ឋ​អាម៉េរិក នៅ អង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield ព្រមាន​ថា បើសិន រុស្ស៊ី ធ្វើ​សកម្មភាព​យោធា នោះ​មនុស្ស ៥ លាន​នាក់ អាច​នឹងត្រូវ​ភៀសខ្លួន និង​បង្ក​ជា​វិបត្តិ​ជនភៀសខ្លួន​ថ្មី​នៅ អឺរ៉ុប។

    ប្រធានាធិបតី​​សហរដ្ឋ​អាម៉េរិក ​លោក​ ចូ បៃ​ដិ​ន ក៏បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់ រុស្ស៊ី ថា ជា «ការវាយប្រហារ​ដោយ​គ្មាន​មូលដ្ឋាន និង​មិន​សម​ហេតុផល» សំដៅលើ អ៊ុយ​ក្រែ​ន។ លោក​ថា នឹង «បង្ក​ទុក្ខសោក​ធ្ងន់ធ្ងរ ដល់​មនុស្ស និង​ទ្រព្យសម្បត្តិ»។ «ពិភពលោក នឹង​ចាប់បង្ខំ​ឱ្យ រុស្ស៊ី ទទួលខុសត្រូវ» លោក បៃ​ដិ​ន បញ្ជាក់ និង​បន្ថែមថា លោក​នឹងធ្វើ​សេចក្ដីថ្លែងការណ៍​ស្ដីពី «ផលវិបាក» ចំពោះ ប្រទេស​រុស្ស៊ី នៅពេល​ប​ន្តិ​ចិ​ទៀត​នេះ។

  • រុស្ស៊ី ប្រកាស​បើក​យុទ្ធនាការ​យោធា នៅ អ៊ុយ​ក្រែ​ន​ខាងកើត

    រុស្ស៊ី ប្រកាស​បើក​យុទ្ធនាការ​យោធា នៅ អ៊ុយ​ក្រែ​ន​ខាងកើត

    ប្រធានាធិបតី​រុស្ស៊ី បានប្រកាស​បើក​យុទ្ធនាការ​កងទ័ព​ពិសេស​នៅ​តំបន់ Donbass ស្ថិតក្នុង​ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន និង​ស្នើឱ្យ​កងទ័ព​របស់ អ៊ុយ​ក្រែ​ន នៅក្នុង​តំបន់​នេះ ទម្លាក់អាវុធ។

    «ស្ថានការណ៍​បាន​នាំឱ្យ​យើង​ត្រូវ​សម្រេចចិត្ត​ធ្វើ​សកម្មភាព​ដាច់ខាត និង​ជាបន្ទាន់​នេះ។ សាធារណរដ្ឋ​ប្រជាមានិត Donbass (DPR) បានស្នើ​ឱ្យ រុស្ស៊ី ផ្ដល់ជំនួយ» ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន បានប្រកាស​ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​នៅលើ​កញ្ចក់​ទូរទស្សន៍​កាលបី​វេលា​ម៉ោង ៦ ព្រឹក (ម៉ោង ១០ នៅ ភ្នំពេញ)។

    តំបន់ Donbass ដែល​រួមមាន​ខេត្ត ចំនួន ២ គឺ Donetsk និង Luhansk បាន​ក្លាយជា​ចំណុចក្ដៅ​នៃ​សង្គ្រាម​ដណ្ដើម​ទឹកដី រវាង អ៊ុយ​ក្រែ​ន និង​ក្រុម​ផ្ដាច់ខ្លួន​ដែល​គាំទ្រ​ដោយ រុស្ស៊ី ចាប់តាំងពី​ឆ្នាំ ២០១៤ បណ្ដាលឱ្យ​មនុស្ស​ជាង ១៤ ម៉ឺន​នាក់ បាន​បាត់​បង់ជីវិត។ លោក ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានទទួល​ស្គាល់​ខេត្ត​ទាំងនេះ​ជា​ប្រទេស​ឯករាជ្យ។

    ទន្ទឹមនឹង​ការប្រកាស​ចល័ត​ទ័ព​ទៅកាន់​តំបន់ Donbass លោក ពូ​ទីន ក៏បាន​ស្នើឱ្យ​កងទ័ព​របស់ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន នៅ​តំបន់​នេះ ទម្លាក់អាវុធ​ផងដែរ។

    ប្រកាស​របស់លោក ពូ​ទីន ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី វិមាន​ក្រឹម​ឡាំង បានឱ្យដឹងថា ក្រុម​មេដឹកនាំ​តំបន់​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន បានស្នើ​ឱ្យ រុស្ស៊ី ចូល​ជួយ ដើម្បី​ទប់ទល់​នឹង​កងទ័ពរ​ដ្ឋា​ភិ​បាល​របស់ អ៊ុយ​ក្រែ​ន។

    ជាការ​ឆ្លើយតប ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Vododymyr Zelensky បាន​អំពាវនាវ​ដល់ ជនជាតិ​រុស្ស៊ី កុំឱ្យ​គាំទ្រ «សង្គ្រាម​ធំ​នៅ អឺរ៉ុប»។ លោក Vododymyr Zelensky ថ្លែងការណ៍​ជា ភាសា​រុស្ស៊ី ថា «អ្នកណាខ្លះ​ដែល​អាច​ទប់ស្កាត់​សង្គ្រាម? នោះ​គឺ​មនុស្សលោក។ ខ្ញុំ​ប្រាកដថា មនុស្ស​ទាំងនោះ​ស្ថិតក្នុង​ចំណោម​អស់លោក»។ ប្រធានាធិបតី​រូបនេះ​បន្តថា ប្រជាជន​រុស្ស៊ី កំពុង​ត្រូវបាន​គេ​បោក​បញ្ឆោត​អំពី​បញ្ហា​នៅ អ៊ុយ​ក្រែ​ន។

    លោក Vododymyr Zelensky បញ្ជាក់ថា លោក​បាន​ហៅ​ទូរស័ព្ទ​ទៅ​លោក ពូ​ទីន ប៉ុន្តែ មិនមាន​ការឆ្លើយតប និង​ថា បច្ចុប្បន្ន រុស្ស៊ី កំពុង​ពង្រាយ​ទ័ព​ប្រហែល ២ សែន​នាក់ នៅក្បែរ​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន។