អង្គការសហប្រជាជាតិ ស្រែកប្រាប់​ឱ្យ រុស្ស៊ី បញ្ឈប់​សកម្មភាព​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន

អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ លោក Antonio Guterres

ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជា​ឱ្យ​លើកទ័ព​ចូលលុកលុយ អ៊ុយ​ក្រែ​ន ក្នុង​គ្រា​ដែល ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ កំពុងបើក​កិច្ចប្រជុំ​បន្ទាន់ នៅ ទីក្រុង​នី​វ​យ៉​ក សហរដ្ឋ​អាម៉េរិក ស្ដីពី​ស្ថានការណ៍​នៅ អ៊ុយ​ក្រែ​ន។

«ប្រធានាធិបតី ពូ​ទីន ចូរ​ទប់ស្កាត់​កងទ័ព កុំឱ្យ​វាយប្រហារ​លើ អ៊ុយ​ក្រែ​ន ចូរ​បង្កើត​ឱកាស​សម្រាប់​សន្តិភាព មាន​មនុស្ស​ជាច្រើន​បាន​បាត់​បង់ជីវិត​រួចទៅហើយ» អគ្គលេខាធិការ​នៃ អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​ថ្លែង​ដូច្នេះ។

ការ​ថ្លែង​របស់ លោក Antonio Guterres នេះ ត្រូវបាន​ធ្វើឡើងភ្លាមៗ បន្ទាប់ពី ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជា​ឱ្យ​លើកទ័ព​ចូលលុកលុយ អ៊ុយ​ក្រែ​ន ក្រោមលេស​ថា មានការ​ស្នើឱ្យ​ជួយ​ពី​ក្រុម​មេដឹកនាំ​តំបន់​ផ្ដាច់ខ្លួន​នៅ Donbass និង​ដើម្បី​រក្សា​សន្តិភាព។

តំណាង​របស់​ សហរដ្ឋ​អាម៉េរិក នៅ អង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield ព្រមាន​ថា បើសិន រុស្ស៊ី ធ្វើ​សកម្មភាព​យោធា នោះ​មនុស្ស ៥ លាន​នាក់ អាច​នឹងត្រូវ​ភៀសខ្លួន និង​បង្ក​ជា​វិបត្តិ​ជនភៀសខ្លួន​ថ្មី​នៅ អឺរ៉ុប។

ប្រធានាធិបតី​​សហរដ្ឋ​អាម៉េរិក ​លោក​ ចូ បៃ​ដិ​ន ក៏បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់ រុស្ស៊ី ថា ជា «ការវាយប្រហារ​ដោយ​គ្មាន​មូលដ្ឋាន និង​មិន​សម​ហេតុផល» សំដៅលើ អ៊ុយ​ក្រែ​ន។ លោក​ថា នឹង «បង្ក​ទុក្ខសោក​ធ្ងន់ធ្ងរ ដល់​មនុស្ស និង​ទ្រព្យសម្បត្តិ»។ «ពិភពលោក នឹង​ចាប់បង្ខំ​ឱ្យ រុស្ស៊ី ទទួលខុសត្រូវ» លោក បៃ​ដិ​ន បញ្ជាក់ និង​បន្ថែមថា លោក​នឹងធ្វើ​សេចក្ដីថ្លែងការណ៍​ស្ដីពី «ផលវិបាក» ចំពោះ ប្រទេស​រុស្ស៊ី នៅពេល​ប​ន្តិ​ចិ​ទៀត​នេះ។

Advertisement