Tag: មុន

  • ភាព​យន្ត «Fast X» រកចំណូលបាន​ច្រើន​សម្បើមនៅ​​ក្នុង​សប្ដាហ៍​ដំបូង​

    ភាព​យន្ត «Fast X» រកចំណូលបាន​ច្រើន​សម្បើមនៅ​​ក្នុង​សប្ដាហ៍​ដំបូង​

    ភាពយន្ត​រឿង «Fast X» ឬ​ហៅថា «Fast & Furious 10» រក​ចំណូល​ដំបូង​បាន​ជិត​ស្មើនឹង 70 លាន​ដុល្លារ​អាម៉េរិក របស់​ភាពយន្ត​វគ្គ​មុន «F9»។

    ប្រាក់ចំណូល​បាន​ពី​រោងកុន​នៅ​សហរដ្ឋ​អាម៉េរិក ក្នុង​សប្ដាហ៍​ដំបូង​របស់​ភាពយន្ត​រឿង «Fast X» ត្រូវបាន​គេ​យល់ថា «រលូន» ដោយ​រកបាន 67 លាន​ដុល្លារ។ ភាពយន្ត​ដែល​ដឹក​រឿង​ដោយ Louis Leterrier នេះ រកបាន 28 លាន​ដុល្លារ​កាលពី​ថ្ងៃ​សុក្រ​ និង 22.2 លាន​ដុល្លារ​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​កន្លង ជិត​ស្មើនឹង 70 លាន​ដុល្លារ​​អាម៉េរិក​របស់​​វគ្គ​មុន គឺ «F9»។

    ប៉ុន្តែ ជោគជ័យ​ចុងក្រោយ​របស់​ភាពយន្ត​នេះ​គឺ​​អាស្រ័យ​លើ​ទស្សនិកជន​ទូទាំង​សកលលោក។ «Fast X» ​រកបាន​ប្រហែល 319 លាន​ដុល្លារ​អាម៉េរិក​នៅ​ទូទាំង​ពិភពលោក សម្រាប់​សប្ដាហ៍​ដំបូង ដែលនេះ​ធ្វើ​ឱ្យ​វា​​ក្លាយជា​ភាពយន្ត​រក​ប្រាក់ចំណូលបាន​​ខ្ពស់​ជាងគេ​លំដាប់​ទី​បី​សម្រាប់ «Fast & Furious» បន្ទាប់ពី «Fate of the Furious» និង «Furious 7»។

    ភាពយន្ត​រឿង «Fast X» ឬ​ហៅថា «Fast & Furious 10»

    «Fast & Furious» បាន​ក្លាយជា​ខ្សែភាពយន្ត​ដែល​មិន​ពឹងផ្អែក​លើ​រឿង​និពន្ធ​ដែលមាន​ស្រាប់ រកចំណូលបាន​ច្រើនជាងគេ​នៅ Hollywood នាបច្ចុប្បន្ន​ដោយ។ ខ្សែភាពយន្ត​ដែលជា​ប្រភេទ​សកម្មភាព និយាយ​អំពី​ការប្រណាំង​ឡាន និង​អំពើ​ឧក្រិដ្ឋ​នេះ រកប្រាក់​ចំណូល​បាន​ជាង 6 ពាន់​លាន​ដុល្លារ​អាម៉េរិក។ ក៏ប៉ុន្តែ តាម​គម្រោង យីហោ «Fast & Furious» នេះ នឹងត្រូវ​បញ្ចប់​ត្រឹម​វគ្គ 11 នៅ​ឆ្នាំ 2025៕

  • អាចម៍ផ្កាយ​ធ្លាក់ និង​ផ្ទុះ​ឆេះភ្លឺ​ពេញ​ផ្ទៃ​មេឃ​​នៅ​​អូស្ត្រាលី

    អាចម៍ផ្កាយ​ធ្លាក់ និង​ផ្ទុះ​ឆេះភ្លឺ​ពេញ​ផ្ទៃ​មេឃ​​នៅ​​អូស្ត្រាលី

    កាលពី​យប់​ថ្ងៃទី 20 ឧសភា ផ្ទៃមេឃ​នៅពេល​រាត្រី​ក្នុង​រដ្ឋ Queensland ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី បែរជា​ភ្លឺ​ចាំង​ភ្នែក នៅពេល​អាចម៍ផ្កាយ​មួយ​ដុំ​ហោះ​កាត់​បរិយាកាស ធ្លាក់​ទៅលើ​ផែនដី បង្ក​ជា​សំឡេង​ផ្ទុះ​ដ៏​ខ្លាំង។

    រូបភាព​ដែល​ថត​បាន​ដោយ​កាមេរ៉ា​តាំងពី​ទីក្រុង Cairns នៅ​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត រហូតដល់ Normanton នៅ​ឈូង​សមុទ្រ Carpentaria បង្ហាញថា ដុំ​ភ្លើង​មួយ​ដុំ​ធំ ធ្លាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​ចុះមក​កាន់​ផែនដី ហើយ​មាន​ពន្លឺ​មួយ​ខ្សែ​ពណ៌​បៃតង ពណ៌​ខៀវ និង​លឿង​លេចចេញ​តាម​ពីក្រោយ។

    ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង 09:22 យប់ ថ្ងៃទី 20 ឧសភា ឆ្នាំ 2023 (ពេលវេលា​ក្នុងស្រុក)។ ប្រជាជន​នៅ​ទីរួមស្រុក Croydon ដែលមាន​ចម្ងាយ​ពី Cairns ប្រហែល 500 គីឡូម៉ែត្រ​ទៅ​ទិស​ខាងលិច ក៏​បានឮ​សំឡេង​ផ្ទុះ។

    អាចម៍ផ្កាយ​ខាងលើនេះ​ប្រហែល​ជាមាន​ទំហំ​ពី 0.5 ដល់ 1 ម៉ែត្រ តូច​ជាង​អាចម៍ផ្កាយ​ទំហំ​មធ្យម និង​ផ្លាស់​ទី​ក្នុង​ល្បឿន 150,000 គីឡូម៉ែត្រ/ម៉ោង។ នេះ​បើតាម​បណ្ឌិត Brad Tucker មកពី​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​។

    អាចម៍ផ្កាយ​ធ្លាក់ និង​ផ្ទុះ​ឆេះ​នៅ Queensland ប្រទេស​អូស្ត្រាលី

    យោងតាមបណ្ឌិត​ Tucker អាចម៍ផ្កាយ​នេះ​នឹងមិន​បង្កឱ្យមាន​រណ្ដៅ ដោយសារតែ​វា​ត្រូវ​បែក​ជា​បំណែក​មុនពេល​ធ្លាក់​ដល់​ដី ប៉ុន្តែ​វា​ក៏​អាច​នៅសល់​បំណែក​ខ្លះ​ត្រង់​​កន្លែង​ធ្លាក់។

    កាលពី​ឆ្នាំ 2013 អាចម៍ផ្កាយ​មួយ​ដុំ​ទំហំ 20 ម៉ែត្រ បាន​ផ្ទុះ​នៅ​ខាងលើ​ទីក្រុង Chelyabinsk របស់​រុស្ស៊ី។ ការផ្ទុះ​នេះ​មាន​កម្លាំង​ប្រហាក់ប្រហែល​នឹង​ការផ្ទុះ 500 គីឡូតោន (100,000 តោន) របស់​រំសេវ TNT។ ការផ្ទុះ​នេះ​បានធ្វើឱ្យ​មនុស្ស​ជាច្រើន​ត្រូវ​ប៉ើង និង​បំបែក​បង្អួច​កញ្ចក់​រប​ស់​អគារ​រាប់ពាន់ខ្នង​ ខណៈដែល​​រោងចក្រ​មួយ​ក៏ត្រូវ​បាក់​រលំ។ យោងតាម​ទំព័រ Guardian អាចម៍ផ្កាយ Chelyabinsk ភ្លឺ​ជាង​ព្រះអាទិត្យ 30 ដង ធ្វើឱ្យ​ប្រជាជន​នៅ​ឆ្ងាយ​ពី​ទីនោះ​ជិត 30 គីឡូម៉ែត្រ ក៏​ត្រូវ​រលាក​ស្បែក និង​ភ្នែក៕

  • រូបភាព​វាយតប់​គ្នា​នៅ​ស៊ី​ហ្គេម​មិនទាន់​បាត់​ពី​ភ្នែក​ផង បាល់ទាត់​នៅ​អាស៊ាន​ក៏​បន្ត​កើត​អំពើហិង្សា

    រូបភាព​វាយតប់​គ្នា​នៅ​ស៊ី​ហ្គេម​មិនទាន់​បាត់​ពី​ភ្នែក​ផង បាល់ទាត់​នៅ​អាស៊ាន​ក៏​បន្ត​កើត​អំពើហិង្សា

    វិស័យ​បាល់ទាត់​នៅ​អាស៊ីអាគ្នេយ៍​បន្ត​កើតមាន​ករណី​ប្រើ​អំពើហិង្សា​នៅលើ​ទីលាន​ប្រកួត នាំឱ្យ​កម្លាំង​ប៉ូលិស​ចូលធ្វើ​អន្តរាគមន៍។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី។

    ថ្មីៗនេះ ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​ជាតិ​ម៉ាឡេស៊ី កើតមាន​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​អ្នកគាំទ្រ​ពីរ​ក្រុម​នៅក្នុង​ការប្រកួត​រវាង Perak FC និង Selangor FC។

    ថ្វីបើ​មិនទាន់​រកឃើញ​មូលហេតុ​ពិតប្រាកដ​នៃ​ករណី​វាយតប់​គ្នា​នេះ ប៉ុន្តែ​នៅក្នុង​វីដេអូ 12 វិនាទី​ដែល​ត្រូវបាន​លាតត្រដាង គេ​អាច​ដឹងបាន​ថា ករណីនេះ​កើតឡើង​នៅ​នាទី​ទី 24 នៅពេល​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​ Perak ​មួយក្រុម​ស្រាប់តែ​វាយប្រហារ​ទៅលើ​អ្នកគាំទ្រ​របស់ Selangor នៅលើ​តំបន់​សម្រាប់​​ទស្សនិកជន។

    កងកម្លាំង​សន្តិសុខ​ក៏បាន​ចូលធ្វើ​អន្តរាគមន៍ និង​ប្រើ​ផ្សែង​បង្ហូត​ទឹកភ្នែក​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង។ ប៉ូលិស​បាន​ឃាត់ខ្លួន​បុរស​បួន​នាក់​ដែលមាន​អាយុ​ពី 18 ដល់ 26 ឆ្នាំ​នៅក្នុង​ហេតុការណ៍​នេះ។

    ទន្ទឹមនឹងនេះ សមត្ថកិច្ច​ក៏បាន​អំពាវនាវ​ដល់​សាធារណជន ចូល​រួម​​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​គាំទ្រ​ដល់​ការស៊ើបអង្កេត បើសិន​មាន​ព័ត៌មាន​ដែល​ទាក់ទិន​នឹង​អំពើហិង្សា​ខាងលើ។

    នៅក្នុង​ការប្រកួត​នេះ ក្រុម​ម្ចាស់ផ្ទះ Perak FC បាន​ចាញ់​ក្រុម Selangor FC 0-4 ក្នុងនោះ​មាន 2 គ្រាប់​ត្រូវបាន​ទាត់​ចូល​នៅ​ចុង​តង់​ទីមួយ (នាទី​ទី 40 និង 45+1)។

    ចូលដល់​តង់​ទី​ពីរ Selangor FC រកបាន 2 គ្រាប់​ទៀត​នៅ​នាទី​ទី 51 និង 70។ លទ្ធផល​នេះ​ធ្វើឱ្យ Perak FC​ត្រូវ​ឈរ​លំដាប់​លេខ 11 ជា​បណ្ដោះអាសន្ន​ ក្នុងចំណោម 14 ក្រុម​ដែល​បាន​ចូលរួម​ប្រកួត​នៅ Malaysia Super League នា​រដូវ​កាល​ឆ្នាំនេះ។

    មុន​នោះ បាល់ទាត់​នៅ​អាស៊ីអាគ្នេយ៍​ក៏បាន​ឆ្លងកាត់​ករណី​វាយតប់​គ្នា​នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ស៊ី​ហ្គេម​លើក​ទី 32 រវាង U22 ថៃ និង U22 ឥណ្ឌូណេស៊ី។ បច្ចុប្បន្ន សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី បាន​បង្កើត​ក្រុម​ស្រាវជ្រាវ​មួយ​ដើម្បី​ស៊ើបអង្កេត និង​ពិន័យ​ដល់​កីឡាករ​របស់​ក្រុម​ទាំងពីរ៕

  • ទិដ្ឋភាព​អ្នកគាំទ្រ​អបអរសាទរ Man  City ដែល​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​លិ​គ​កំពូល​អង់គ្លេស

    ទិដ្ឋភាព​អ្នកគាំទ្រ​អបអរសាទរ Man  City ដែល​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​លិ​គ​កំពូល​អង់គ្លេស

    (អង់គ្លេស) – អ្នកគាំទ្រ​រាប់ពាន់នាក់​របស់ Man City នាំគ្នា​ចុះ​ទៅកាន់​ទីលាន​បាល់ទាត់ Etihad ដើម្បី​អបអរ បន្ទាប់ពី​ Chelsea ​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​លិ​គ​កំពូល​អង់គ្លេស (English Premier League)។

    ​បរាជ័យ​របស់ Arsenal នៅ​ចំពោះមុខ Nottingham Forest កាលពី​ថ្ងៃទី 20 ឧសភា បាន​ជួយ​ឱ្យ Man City មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​លើក​ពាន​លិ​គ​កំពូល​អង់គ្លេស​រដូវ​កាល​ទី​បី​ជា​បន្តបន្ទាប់។ ដូច្នេះ ការប្រកួត​ជាមួយ Chelsea កាលពី​ថ្ងៃទី 21 ឧសភា គ្រាន់តែ​ជាការ​បំពេញបែបបទ​ផ្នែក​លទ្ធផល​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ នេះ​ក៏​ជា​ឱកាស​សម្រាប់​ក្រុម​អ្នកគាំទ្រ​របស់ Man City ជប់លៀង​សម្រាប់​ក្រុម​របស់​ពួកគេ។

    នៅមុន​ពេល​ចូល​ប្រកួត ក្រុម​កីឡាករ​ម្ចាស់ផ្ទះ​ទទួលបាន​ការអបអរ​ដោយ​ការ​ទះដៃ​ពី​គូប្រកួត។ យោងតាម​ពិធី​ផ្លូវការ ក្រុម​កីឡាករ​របស់ Chelsea ឈរ​ជា​ពីរ​ជួរ​ដើម្បី​ទះដៃ​អបអរសាទរ​ម្ចាស់​ជើងឯក។

    ក្នុងកា​ប្រកួត Man City រកបាន​មួយ​គ្រាប់​​មុន​ Chelsea។ ​គ្រាប់បាល់​នេះ​ក៏​​​កំណត់​ការ​ឈ្នះ​ចាញ់​រវាង Man City និង Chelsea ផងដែរ​។

    ពេល​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត ​ក៏​ជា​ពេលដែល​អ្នកគាំទ្រ​រាប់ពាន់នាក់​របស់ Man City នាំចូល​ចុះទៅ​កាន់​ទីលាន​ប្រកួត Etihad។ ពួកគេ​អបអរសាទរ​ដល់​ក្រុម Man City ខណៈ​កូន​កាំ​ជ្រូច​បញ្ចេញ​ពន្លឺ​ក៏ត្រូវ​បាន​គេ​ដុតដើម្បី​ចូល​រួម​​អបអរ​។

    ក្រោយពី​​ចូលក្នុង​ទីលាន​ប្រកួត​បាន​មួយ​រយៈពេល អ្នកគាំទ្រ​ក៏ត្រូវ​បានស្នើ​ឱ្យ​ត្រលប់​ទៅកាន់​កន្លែង​អង្គុយវិញ​ដើម្បី​ទុក​កន្លែង​សម្រាប់​ការ​រៀបចំ​ពិធី​ប្រគល់​ពានរង្វាន់។ នេះ​គឺជា​តំណែង​ជើងឯក​លិ​គ​កំពូល​អង់គ្លេស​លើក​ទី​ប្រាំ​របស់ Man City នៅក្នុង 6 រដូវ​កាល​ចុងក្រោយបង្អស់។

    ខាងក្រោម​នេះ​គឺជា​ទិដ្ឋភាព​មួយចំនួន​នៅក្នុង​ការលើក​ពាន​រប​ស់ Man City ៖

  • យន្តហោះ​អវកាស​ដ៏​អាថ៌កំបាំង​របស់​ចិន បង្ហោះ​វត្ថុ «សម្ងាត់» ទៅ​ក្នុង​គន្លង​គោចរ

    យន្តហោះ​អវកាស​ដ៏​អាថ៌កំបាំង​របស់​ចិន បង្ហោះ​វត្ថុ «សម្ងាត់» ទៅ​ក្នុង​គន្លង​គោចរ

    យោងតាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ និង​យុទ្ធសាស្ត្រ​នៅ​សហរដ្ឋ​អាម៉េរិក យន្តហោះ​អវកាស​ប្រើប្រាស់​ឡើងវិញ​របស់​ប្រទេស​ចិន បាន​បង្ហោះ​វត្ថុ​មួយ​ចូលទៅក្នុង​គន្លង​គោចរ​កាលពី​ខែតុលា ឆ្នាំ 2022។

    ក្រោយ​រយៈពេល 9 ខែ​នៅលើ​គន្លង​គោចរ យន្តហោះ​អវកាស​ដ៏​អាថ៌កំបាំង​របស់​ប្រទេស​ចិន​ក៏បាន​ចុះចត ជួយ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជាមួយ​ក្នុងចំណោម​ប្រទេស​ដ៏​តិចតួច​ដែល​បាន​បាញ់​បង្ហោះ និង​បញ្ជា​ឱ្យ​ចុះចត​ដោយ​ជោគជ័យ​នូវ​យន្តហោះ​អវកាស​ដែល​អាច​ប្រើប្រាស់​ឡើងវិញ។ យន្តហោះ​អវកាស​នេះ​បាន​ត្រលប់​មកកាន់​ផែនដី​វិញ​កាលពី​ព្រឹក​ថ្ងៃទី 08 ឧសភា 2023 បន្ទាប់ពី​ស្ថិតនៅលើ​គន្លង​គោចរ​អស់​រយៈពេល 276 ថ្ងៃ យូរ​ជាង 100 ដង ធៀប​នឹង​ជើងហោះហើរ​ដំបូង​កាលពី​ជិត 3 ឆ្នាំមុន។

    ក៏ប៉ុន្តែ រដ្ឋាភិបាល​ចិន​មិនបាន​ប្រកាស​ព័ត៌មាន​ច្រើន​ទាក់ទង​នឹង​យន្តហោះ​អវកាស​នេះទេ។ នេះ​បើតាម Live Science ចុះផ្សាយ​កាលពី​ថ្ងៃទី 20 ឧសភា។

    Kevin Pollpeter អ្នកវិទ្យាសាស្ត្រ​ប្រចាំ​មជ្ឈមណ្ឌល​វិភាគ​ផ្នែក​ទ័ពជើងទឹក​របស់​ស​ហរ​ដ្ឋ​អាម៉េរិក ឱ្យដឹងថា យន្តហោះ​អវកាស​របស់​អាម៉េរិក Boeing X-37B ដែល​បាន​បង្ហាញខ្លួន​កាលពី​ឆ្នាំ 2010 អាចជា​កត្តា​ជំ​រុញឱ្យ​រដ្ឋាភិបាល​ចិន​អភិវឌ្ឍ​យន្តហោះ​អវកាស​ផ្ទាល់ខ្លួន។

    ដូច​ទៅនឹង Boeing X-37B យន្តហោះ​អវកាស​របស់​ចិន​ទំនងជា​មិនមាន​មនុស្ស​បើកបរ និង​តូច។ វា​ប្រហែលជា​បាន​ហោះហើរ​លើកដំបូង​កាលពី​ខែកញ្ញា 2020 និង​ចុះចត​វិញ​ក្រោយ​ការហោះហើរ​បាន 2 ថ្ងៃ។ បេសកកម្ម​ថ្មី​បំផុត​របស់​យន្តហោះ​អវកាស​ចិន ចាប់ផ្ដើម​ពី​ខែសីហា 2022 ដែល​ហោះ​ឡើង​ដោយសារ​រ៉ុក្កែត Long March 2F។ នេះ​បើតាម​របាយការណ៍​រប​ស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ និង​យុទ្ធសាស្ត្រ (CSIS) នៅ​សហរដ្ឋ​អាម៉េរិក។ គោលដៅ​ពិតប្រាកដ​របស់​បេសកកម្ម​នេះ​នៅតែ​ជា​រឿង​អាថ៌កំបាំង។

    CSIS បានឱ្យដឹងថា យន្តហោះ​អវកាស​ចិន បាន​ទម្លាក់​វត្ថុ​មួយ​ទៅក្នុង​គន្លង​គោចរ​កាលពី​ខែតុលា 2022។ វត្ថុ​នេះ​ទំនងជា​បាន​បាត់​ខ្លួន​កាលពី​ខែមករា 2023 ហើយ​ក្រោយមក​ក៏បាន​បង្ហាញខ្លួន​ជាថ្មី​នៅលើ​រ៉ា​ដា​កាលពី​ខែមីនា 2023។ ក្រុម​អ្នកជំនាញ​យល់ថា ប្រការនេះ​អាច​បង្ហាញថា យន្តហោះ​អវកាស​ចិន​មាន​សមត្ថភាព​បំ​ផ្លាស់​ទី​វត្ថុ​ដោយ​ដៃ​យន្តរបស់​វា​៕

  • ណា​សា​ (NASA) រកឃើញ​សញ្ញា​ទឹកសមុទ្រ​ឡើងក​ម្ដៅ​ខុស​ប្រក្រតី​ El Nino ពី​អវកាស

    ណា​សា​ (NASA) រកឃើញ​សញ្ញា​ទឹកសមុទ្រ​ឡើងក​ម្ដៅ​ខុស​ប្រក្រតី​ El Nino ពី​អវកាស

    ផ្កាយរណប Sentinel-6 Michael Freilich បាន​កត់ត្រា​រលក Kelvin ផ្លាស់​ទី​ទៅកាន់​ភាគ​ខាងកើត ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ បាតុភូត​នេះ​តែង​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា​ជា​សញ្ញា​របស់បាតុភូត​ El Nino។

    ណា​សា​​កំណត់​បាន​សញ្ញា​ដំបូង​របស់ El Nino ពី​អវកាស បន្ទាប់​ពីមួយ​ក្នុងចំណោម​ផ្កាយរណប​របស់​ស្ថាប័ន​នេះ ​ប្រទះឃើញ​តំបន់​ទឹក​ក្ដៅ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ផ្លាស់​ទី​ទៅ​ទិសខាងកើត ទៅដល់​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​របស់​តំបន់​អាម៉េរិក​ខាងត្បូង នៅ​ក្នុង​ខែមីនា និង​មេសា។ ទិន្នន័យ​ពី​ផ្កាយរណប Sentinel-6 Michael Freilich បង្ហាញថា រលក Kelvin ផ្លាស់​ទី​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ប្រភេទ​រលក​នេះ​មាន​កម្ពស់​តែ​ពី 5-10 សង់ទីម៉ែត្រ ប៉ុន្តែ​លាត​សន្ធឹង​ទំហំ​រាប់រយ​គីឡូម៉ែត្រ។ ពួកវា​ត្រូវបាន​ចាត់ទុក​ដូច​ជាស​ញ្ញា​ដំបូង​របស់ El Nino នៅពេល​កើតឡើង​នៅ​តំបន់​អេក្វាទ័រ និង​បញ្ជូន​​​ទឹក​ក្ដៅ​​នៅ​ស្រទាប់​ខាងលើ​​របស់​សមុទ្រ ទៅកាន់​ភាគ​ខាងលិច​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះ​បើតាម Live Science ចុះផ្សាយ​កាលពី​ថ្ងៃទី 16 ឧសភា​។

    El Nino គឺជា​បាតុភូត​ឡើង​កម្ដៅ​ខុស​ប្រក្រតី​នៃ​ស្រទាប់​លើ​របស់​ទឹកសមុទ្រ​នៅ​តំបន់​អេក្វាទ័រ និង​ភាគ​ខាងកើត​​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ក៏​​​ជា​ផ្នែក​មួយ​នៅក្នុង​វដ្ដ​នៃ​អាកាសធាតុ ENSO (ENSO គឺជា​អាកាសធាតុ​ដែលមាន​បាតុភូត El Nino និង​បាតុភូត​ទឹកសមុទ្រ​ចុះ​ត្រជាក់​ខុស​ប្រក្រតី La Nina​។​

    El Nino តែង​កើតឡើង​ពី 3-5 ឆ្នាំ/ម្ដង ប៉ុន្តែ​ក៏​អាច​កើតឡើង​ញឹកញាប់​ជាង​មុន។ បាតុភូត El Nino ចុងក្រោយ​បានកើត​ឡើង​កាលពី​ឆ្នាំ 2019។ មន្ត្រី​តំណាង​ស្ថាប័ន​ឧតុនិយម​អាម៉េរិក (NOAA) បានឱ្យដឹងថា លទ្ធភាព​ដែល El Nino អាច​នឹង​កើតឡើង​នៅក្នុង​ឆ្នាំនេះ​គឺមាន​រហូតដល់ 90% ហើយ​អូសបន្លាយ​ដល់​រដូវរងា​នៅ​អឌ្ឍគោល​ខាងជើង ដែល​អាចធ្វើឱ្យ​ទឹកសមុទ្រ​ឡើង​កម្ដៅ​​បន្ថែម​ចាប់ពី 1 ដល់ 1.5 អង្សា​សេ៕

  • រដ្ឋ​មួយ​នៅ​ប្រទេស​​ឥណ្ឌា គំរាម​បញ្ឈប់​ការងារ​នគរបាល​ដែល​មិន​សម្រក​ជ​ម្ង​ន់

    រដ្ឋ​មួយ​នៅ​ប្រទេស​​ឥណ្ឌា គំរាម​បញ្ឈប់​ការងារ​នគរបាល​ដែល​មិន​សម្រក​ជ​ម្ង​ន់

    មេ​ប៉ូលិស​នៅ​រដ្ឋ Assam បាន​តម្រូវឱ្យ​មន្ត្រីនគរបាល​ដែល​ធាត់​ជ្រុល សម្រក​ជ​ម្ង​ន់​ក្នុង​រង្វង់​បី​ខែ បើ​មិន​ដូច្នេះ​ទេ​នឹងត្រូវ​បណ្ដេញ​ចេញពី​ការងារ។

    GP Singh ស្នងការ​នគរបាលរ​ដ្ឋ Assam ភាគ​ឦសាន​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី 15 ឧសភា បាន​ប្រាប់​ដល់​មន្ត្រីនគរបាល​ដែល​លើស​ទម្ងន់​ថា រង្វាស់​សុខភាព BMI របស់​ពួកគេ​នឹង​ត្រូវបាន​កត់ត្រា​ប្រកបដោយ​ជំនាញ​ចាប់ពី​ពាក់កណ្ដាល​ខែសីហា។ ក្រុម «លើស​ទម្ងន់» ត្រូវតែ​កាត់បន្ថយ​តួលេខ BMI ឱ្យបាន​មុន​ខែវិច្ឆិកា ឆ្នាំ 2023 បើ​មិន​ដូច្នេះ​ទេ នឹងត្រូវ​បណ្ដេញ​ចេញពី​ការងារ។

    «យើង​គ្រោង​នឹង​ទុកពេល​បី​ខែ​ឱ្យ​ប៉ូលិស​នៅ Assam មុនពេល​ចាប់ផ្ដើម​ពិនិត្យ។ គ្រប់គ្នា​ដែល​ស្ថិតក្នុង​ក្រុម​ធាត់​ជ្រុល ដែលមាន BMI 30+ នឹងមាន​ពេល​បី​ខែ​ទៀត​ដើម្បី​សម្រក​ទម្ងន់» លោក GP Singh ឱ្យដឹង​ដូច្នេះ។

    BMI ត្រូវបាន​គណនា​តាម​រូបមន្ត៖ BMI = (ទម្ងន់​រាងកាយ) / (កម្ពស់ x កម្ពស់) ក្នុងនោះ ទម្ងន់​គិត​ជា​គីឡូក្រាម និង​កម្ពស់​គិត​ជា​ម៉ែត្រ។ រង្វាស់​សុខភាព BMI បញ្ជាក់ថា ទម្ងន់ និង​កម្ពស់​របស់​មនុស្ស​ម្នាក់ មាន​រាងកាយ​សមសួន និង​សុខ​ភាពល្អ ឬ​អត់។

  • ក្រុមហ៊ុន​វៀតណាម​នាំចេញ​រថយន្ត​អគ្គិសនី VinFast VF8 ជើង​ដំបូង​ទៅកាន់​កាណាដា

    ក្រុមហ៊ុន​វៀតណាម​នាំចេញ​រថយន្ត​អគ្គិសនី VinFast VF8 ជើង​ដំបូង​ទៅកាន់​កាណាដា

    កាលពី​ថ្ងៃទី 18 ឧសភា (17 ឧសភា​នៅ​កាណាដា) ក្រុមហ៊ុន VinFast Canada បានប្រកាស​ថា កប៉ាល់​ដឹក​រថយន្ត​អគ្គិសនី VinFast VF8 ចំនួន 781 គ្រឿង បាន​ចូល​ចត​នៅ​កំពង់ផែ Nanaimo ក្នុង​តំបន់ British Columbia។

    រថយន្ត​អគ្គិសនី​ម៉ូ​ដែល VF8 របស់ VinFast ត្រូវបាន EPA ទទួលស្គាល់ថា អាច​រត់​បាន​ចម្ងាយ 425 គីឡូម៉ែត្រ​សម្រាប់​កំណែ Eco, 391 គីឡូម៉ែត្រ​សម្រាប់​កំណែ Plus 300 kW និង 354 គីឡូម៉ែត្រ​សម្រាប់​កំណែ Plus 260 kW បន្ទាប់ពី​បញ្ចូល​ថាមពល​អគ្គិសនី​​មួយ​ពេញ។

    នៅ​កាណាដា កំណែ VF8 Eco មានតម្លៃ​ចាប់ពី 39,680 ដុល្លារ​អាម៉េរិក គ្រា​ដែល​កំណែ VF8 Plus 260 kW មានតម្លៃ​ចាប់ពី 43,820 ដុល្លារ​អាម៉េរិក។

    រថយន្ត​អគ្គិសនី 781 គ្រឿង​ខាងលើនេះ​គឺជា​ការនាំចេញ​លើក​ទី​ពីរ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​របស់​ក្រុមហ៊ុន VinFast ដែល​បានចេញ​ដំណើរ​ពី​វៀតណាម​កាលពី​ថ្ងៃទី 16 មេសា ឆ្នាំ 2023។ មុន​នោះ VinFast VF8 ចំនួន 1,098 គ្រឿង​ក៏បាន​ទៅដល់​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃទី 12 ឧសភា។

    VinFast VF8 ត្រូវបាន​បំពាក់​មុខងារ​បច្ចេកវិទ្យាទំនើបៗ ក្នុងនោះ​មាន​ទាំង​ប្រព័ន្ធ​ជំនួយការ​បើកបរ​ (ADAS) ព្រមទាំង​ត្រូវបាន​ធានា 10 ឆ្នាំ ឬ 200,000 គីឡូម៉ែត្រ​សម្រាប់​រថយន្ត និង 10 ឆ្នាំ ឬ​មិន​កំណត់​ចំនួន​គីឡូម៉ែត្រ​សម្រាប់​ថ្ម​ផ្ទុក​ថាមពល។ សេវា​ជួសជុល​ចល័ត និង​សង្គ្រោះ 24/7 ក៏​ស្ថិត​នៅក្នុង​ការធានា​នេះ៕

  • កូ​ឡុំ​ប៊ីដក​សេចក្ដីប្រកាស​ស្ដីពី​ការរកឃើញ​កុមារ​បួន​នាក់​​នៅមាន​ជីវិត​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន ក្រោយ​គ្រោះ​ថ្នាក់​យន្ត​ហោះ​

    កូ​ឡុំ​ប៊ីដក​សេចក្ដីប្រកាស​ស្ដីពី​ការរកឃើញ​កុមារ​បួន​នាក់​​នៅមាន​ជីវិត​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន ក្រោយ​គ្រោះ​ថ្នាក់​យន្ត​ហោះ​

    ប្រធានាធិបតី​កូ​ឡុំ​ប៊ី បាន​ដក​សេចក្ដីប្រកាស​ស្ដីពី​ការរកឃើញ​កុមារ​បួន​នាក់​​នៅមាន​ជីវិត​ក្រោយពី​បាន​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន កាលពី 17 ថ្ងៃមុន​នោះ ហើយ​ថា លោក​សោកស្ដាយ​ចំពោះ​ការភាន់ច្រឡំ​​នេះ។

    «ខ្ញុំ​សូម​អភ័យទោស​នូវ​អ្វីដែល​បានកើត​ឡើង។ កងទ័ព និង​សហគមន៍​ជនជាតិដើម​នឹង​បន្ត​ស្វែងរក​មិន​ឈប់ឈរ ដើម្បី​នាំយក​ព័ត៌មាន​ដែល​ប្រទេសជាតិ​ទាំងមូល​កំពុង​ទន្ទឹងរ​ង់​ចាំ» ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក Gustavo Petro បង្ហោះ​សារ​នៅលើ Twitter កាលពី​ថ្ងៃទី 18 ឧសភា​ដូច្នេះ។

    លោក Petro ក៏បាន​លុប​អត្ថបទ​ដែល​បាន​បង្ហោះ​កាល​ពី​​មួយថ្ងៃ​មុន​នោះ ដែល​និយាយថា កងទ័ព​បាន​រកឃើញ​កុមារ​បីនាក់​ដែលមាន​អាយុ 4, 9, 13 ឆ្នាំ និង​ទារក​ម្នាក់​អាយុ 11 ខែ ដែល​បាត់​ខ្លួន​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ។ យោងតាម​ប្រធានាធិបតី Petro ព័ត៌មាន​ភាន់​ច្រ​ឡំ​​នេះ​ត្រូវបាន​រាយការណ៍​ដោយ​វិទ្យាស្ថាន​សុខុមាលភាព​គ្រួសារ​របស់​រដ្ឋាភិបាល។

    កាលពី​ថ្ងៃទី 01 ឧសភា យន្តហោះ Cessna 206 មួយគ្រឿង ដឹក​មនុស្ស 7 នាក់ បាន​ជួប​គ្រោះថ្នាក់​នៅពេល​ធ្វើដំណើរ​ពី Araracuara ទៅកាន់ San Jose del Guaviare ជាទី​ក្រុង​មួយ​ស្ថិតក្នុង​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី។ សាកសព​មនុស្ស​បីនាក់ ក្នុងនោះ​ក៏មាន​ពី​ឡុ​ត ត្រូវបាន​រកឃើញ​នៅ​កន្លែងកើតហេតុ។

    ព្រៃ​អាម៉ាហ្សូន​ក្នុង​តំបន់​មួយ​របស់​កូឡុំប៊ី

    ការស្រាវជ្រាវ​បានបង្ហាញ​ថា កុមារ​បួន​នាក់​ដែលមាន​អាយុ 4, 9, 13 ឆ្នាំ និង​ទារក​អាយុ 11 ខែ​ម្នាក់ ស្ថិតក្នុង​សហគមន៍​ជនជាតិដើម Huitolo នៅមាន​ជីវិត នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ខាងលើ និង​បាន​ចូលទៅ​ក្នុងព្រៃ​ដើម្បី​ស្វែងរក​អាហារ និង​ជំនួយ។ អាជ្ញាធរ​ក្នុង​តំបន់​ក៏បាន​បើក «យុទ្ធនាការ​នៃ​ក្ដីសង្ឃឹម» ដោយ​បញ្ជូន​កម្លាំង​ទាហាន​ជាង 100 នាក់ និង​ឧទ្ធម្ភាគចក្រ​បី​គ្រឿង រួម​នឹង​សុនក​ពិសេស ចូលទៅ​ព្រៃ​ស្វែ​ករក​ជនរងគ្រោះ។

    តំបន់​ដែល​ក្មេង​ទាំង​បួន​នាក់​បាន​វង្វេង មិនមាន​ផ្លូវ​ល្បឿន​លឿន ហើយក៏​ពិបាក​ទៅដល់​តាមរយៈ​ផ្លូវ​ទឹក។ ដើមឈើធំៗ កម្ពស់​រហូតដល់ 40 ម៉ែត្រ រួម​នឹង​សត្វព្រៃ និង​ភ្លៀង​ធំ​ក៏​ធ្វើឱ្យ​កម្លាំង​សង្គ្រោះ​ជួប​ការលំបាក​ខ្លាំង។

    សកម្មភាព​ស្វែងរក​ត្រូវបាន​បន្ថែម បន្ទាប់ពី​កម្លាំង​សង្គ្រោះ​បានឃើញ​កូនខ្ទម​មួយ ដែល​គេ​ជឿថា គឺជា​ខ្ទម​របស់​ក្មេង​ទាំងនោះ។ មុន​នោះ កម្លាំង​សង្គ្រោះបាន​រកឃើញ​ដប​ទឹកដោះគោ​សម្រាប់​ទារក និង​ផ្លែឈើ​សល់​ពី​ការហូប៕

  • Volkswagen ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន ដើម្បី​ទិញ​សប​វ៉ែ​រ​សម្រាប់​រថយន្ត​អគ្គិសនី

    Volkswagen ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន ដើម្បី​ទិញ​សប​វ៉ែ​រ​សម្រាប់​រថយន្ត​អគ្គិសនី

    Volkswagen បាន​ចរចា​ដើម្បី​ទិញ​សប​វ៉ែ​រ​ផ្នែក​រថយន្ត​អគ្គិសនី​ពី​ក្រុមហ៊ុន Huawei ដោយ​សង្ឃឹមថា នឹង​ដណ្ដើមបាន​ចំណែក​ទីផ្សារ​ធំ​ជាង​មុន ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ចិន។

    យោងតាម​របាយការណ៍​របស់ Financial Times ដែល​បាន​ចុះផ្សាយ​នា​ថ្ងៃនេះ ក្រុមហ៊ុន​អន្តរជាតិ​អាល្លឺម៉ង់ Volkswagen បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន Huawei ដើម្បី​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុម​នេះ​នៅក្នុង​រថយន្ត​របស់ខ្លួន។ ប្រភពព័ត៌មាន​ខ្លះ​ថា VW ក៏បាន និង​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន​ដទៃ ទាក់ទង​នឹង​រឿង​ទិញដូរ​នេះដែរ។

    Volkswagen គឺជា​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​លក់ដាច់​ជាងគេ​នៅ​ប្រទេស​ចិន ប៉ុន្តែ​បែរជា​អន់ថយ​នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី បើ​ធៀប​នឹង​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ចិន ពិសេស​គឺ BYD។ ប៉ុន្តែ បច្ចុប្បន្ន VW ត្រូវបាន​គេ​មើលឃើញ កំពុង​សកម្ម​ខ្លាំង​នៅក្នុង​ការ​ងាក​ទៅរក​ទីផ្សារ​រថយន្ត​អគ្គិសនី៕