Tag: ដី

  • តារាង​ចំណាត់​ថ្នាក់​មេដាយនៅ​ស៊ីហ្គេម​ គិតត្រឹម​រសៀលថ្ងៃទី 12 ខែ​ឧសភា

    តារាង​ចំណាត់​ថ្នាក់​មេដាយនៅ​ស៊ីហ្គេម​ គិតត្រឹម​រសៀលថ្ងៃទី 12 ខែ​ឧសភា

    ក្រុម​កីឡា​វៀតណាម កំពុង​នាំ​មុខ​គេ​នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​ស្ដី​ពី​ចំនួន​មេដាយ​ដែល​បណ្ដា​​ក្រុម​កីឡា​ដណ្ដើម​បាន​នៅ​ស៊ីហ្គេម​លើក​ទី 32​ គ្រាដែល​ថៃ​ត្រូវ​ធ្លាក់​មក​នៅ​លេខ​បី​។

    គិតត្រឹមម៉ោង 13:15 នារី​ ​រសៀលថ្ងៃទី 12 ឧសភា ក្រុម​កីឡា​កម្ពុជា ជាប់​ចំណាត់​ថ្នាក់​លេខ​ពីរ​ ​នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​មេដាយនៅ​ស៊ីហ្គេមឆ្នាំ​នេះ ដោយ​ដណ្ដើម​មេដាយ​សរុប​បាន 154 គ្រឿង ក្នុង​នោះ​មាន​មេដាយ​មាស​ 56 គ្រឿង​, មេដាយ​ប្រាក់​ចំនួន 44 គ្រឿង និង​មេដាយ​សំរឹទ្ធ​ចំនួន 54​ គ្រឿង​។

    ចំណែក​វៀតណាមវិញ បាន​ឡើង​ទៅ​កាន់​ចំណាត់​ថ្នាក់​លេខ​មួយ ដោយ​ដណ្ដើម​មេដាយ​សរុប​បាន 187 គ្រឿង ក្នុង​នោះ​មាន​មេដាយ​មាស 58 គ្រឿង ខណៈ​ដែល​ក្រុម​ថៃ​ត្រូវ​ធ្លាក់​ទៅ​លេខ​បី​ ដោយ​ដណ្ដើម​មេដាយ​សរុប​បាន​ 151 គ្រឿង​ ក្នុង​នោះ​មាន​មេដាយ​មាស 54 គ្រឿង​។

  • មហា​សេដ្ឋី​ Elon Musk រកបាន CEO ថ្មី សម្រាប់ Twitter

    មហា​សេដ្ឋី​ Elon Musk រកបាន CEO ថ្មី សម្រាប់ Twitter

    មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បានឱ្យដឹងថា រកបាន​មនុស្ស​សម្រាប់​តំណែង​នាយក​ប្រតិបត្តិ​របស់​ Twitter ហើយ​មនុស្ស​ថ្មី​នេះ​នឹង​ចូលមក​ដឹកនាំ​បណ្ដាញ​សង្គម​នេះ​ នា​ពេល​ឆាប់​ៗ​។

    «រីករាយ​ប្រកាសថា ខ្ញុំ​បានជ្រើសរើស CEO ថ្មី​សម្រាប់ X/Twitter។ គាត់​នឹង​ចាប់ផ្ដើម​ធ្វើការ​ក្រោយ​រយៈពេល​ប្រហែល 6 សប្ដាហ៍​ទៀត។ ខ្ញុំ​នឹង​ងាក​ទៅ​បំពេញ​តួនាទី​ជា​ប្រធាន និង CTO (Chief Technology Officer) ដែល​គ្រប់គ្រង​ផលិតផល សប​វ៉ែ និង​ប្រព័ន្ធ» លោក Elon Musk សរសេរ​លើ Twitter ដូច្នេះ។

    លោក Musk មិនទាន់​បង្ហើប​ឱ្យ​ដឹង​ថា CEO ថ្មី​នេះ​ជា​អ្នកណា ប៉ុន្តែ បើ​យោងតាម​ទំព័រ Wall Street Journal នាយក​ប្រតិបត្តិ​ថ្មី​នេះ​អាចជា Linda Yaccarino ប្រធាន​ផ្នែក​ទំនាក់ទំនង​ភាពជា​ដៃគូ​សហការ និង​ផ្សព្វផ្សាយ​សាកល​របស់ NBCUniversal ដែលជា​ក្រុមហ៊ុន​កំសាន្ត និង​ផ្សព្វផ្សាយ ជា​កម្មសិទ្ធិ​របស់ Comcast មាន​ទីស្នាក់ការ​កណ្ដាល​នៅ New York សហរដ្ឋ​អាម៉េរិក។

    មុន​នោះ Business Insider ដកស្រង់​ប្រភពព័ត៌មាន​ក្នុង​វិស័យប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ឱ្យដឹងថា Yaccarino មានបំណង​ក្លាយជា CEO របស់ Twitter ។ អ្នកស្រី​ក៏ត្រូវ​បាន​គេ​ដឹងថា បាន​និយាយ​រឿងនេះ​ប្រាប់​មិត្តភក្ដិ​មួយចំនួន​ផងដែរ។

    អ្នក​ស្រី Linda Yaccarino

    ទាក់ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ស្ដីពី​អ្នកស្រី Yaccarino ភាគី​ខាង Twitter ក៏ដូចជា​លោក Musk មិនទាន់មាន​ការអធិប្បាយ​អ្វី​នៅឡើយ។

    ក្រៅពីអ្នកស្រី Yaccarino តំណែង CEO របស់ Twitter នេះ​ក៏​អាច​ធ្លាក់​ទៅលើ​ដៃ Ella Irwin ដែល​បច្ចុប្បន្នកំពុង​​ដឹកនាំ​ផ្នែក​គ្រប់គ្រង​ទំនុកចិត្ត និង​សុវត្ថិភាព​របស់ Twitter។ ក៏ប៉ុន្តែ ចំណាប់អារម្មណ៍​របស់​សាធារណជន កំពុង​ផ្ដោត​ខ្លាំង​ទៅលើ អ្នកស្រី Yaccarino៕

  • រ៉ុក្កែត SpaceX នឹង​នាំយក​ស្ថានីយ​អវកាស​ឯកជន​ឡើងទៅ​កាន់​គន្លង​​តារាវិថី

    រ៉ុក្កែត SpaceX នឹង​នាំយក​ស្ថានីយ​អវកាស​ឯកជន​ឡើងទៅ​កាន់​គន្លង​​តារាវិថី

    (សហរដ្ឋ​អាម៉េរិក) – ស្ថានីយ​អវកាស​ឯកជន​ដែលមាន​បណ្ដោយ​ប្រហែល 100 ម៉ែត្រ រួមមាន​ម៉ូឌុល​ជាច្រើន និង​ទំនាញផែនដី​សិប្បនិម្មិត នឹងធ្វើ​សកម្មភាព​នៅលើ​គន្លង​គោចរ​ផែនដី នៅ​ពីរ​ឆ្នាំ​ខាងមុខ។

    ក្រុមហ៊ុន Vast Space នៅ California កាលពី​ថ្ងៃទី 10 ឧសភា បានប្រកាស​អំពី​គម្រោង​បាញ់​បង្ហោះ​ស្ថានីយ​អវកាស Haven-1 តាមរយៈ​រ៉ុក្កែត Falcon 9 របស់​ក្រុមហ៊ុន SpaceX យ៉ាងយូរ​ត្រឹម​ខែសីហា 2025។ បន្ទាប់មក បេសកកម្ម Vast-1 នឹង​ដឹក​អ្នក​អវកាស​ឡើងទៅ​ស្ថានីយ Haven-1 និង​នៅ​ទីនោះ​រយៈពេល 30 ថ្ងៃ។ បេសកកម្ម Vast-1 ក៏​នឹង​ត្រូវបាន​បាញ់​បង្ហោះ​នៅលើ​រ៉ុក្កែត Falcon 9 ហើយ​ក្រុម​អវកាស​ចរ​នឹង​ជិះ​ក្នុង​យាន Dragon របស់ SpaceX។

    «ការសហការ​ជាមួយ SpaceX គឺជា​ជំហាន​ដំបូង​នៅក្នុង​គោលដៅ​យូរអង្វែង សំដៅ​រក​ការបាញ់​បង្ហោះ​ស្ថានីយ​អវកាស​បំពាក់​ទំនាញផែនដី​សិប្បនិម្មិត​ធំ​ជាង​មុន​ ទៅ​កាន់​​គន្លង​គោចរ​របស់​ផែនដី និង​ឆ្ងាយ​ជាង​នេះ» Jed McCaleb អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Vast Space បញ្ជាក់​ដូច្នេះ។

    Vast គឺជា​ក្រុមហ៊ុន​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ពីរ​ឆ្នាំមុន។ ក្រុមហ៊ុន​នេះ​មាន​គោលដៅ​គ្រប់គ្រង​ស្ថានីយ​អវកាស​បំពាក់​ទំនាញផែនដី​សិប្បនិម្មិត​ដែលមាន​ម៉ូឌុល​ច្រើន និង​ប្រវែង 100 ម៉ែត្រ ហើយ​បាញ់​បង្ហោះ​ដោយ​រ៉ុក្កែត​របស់ SpaceX។

    បើសិនជា​គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន Haven-1 នឹង​ក្លាយជា​ស្ថានីយ​អវកាស​ឯកជន​មួយ​​ក្នុង​ចំណោម​គម្រោង​នានា​ដែល​កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ។ កន្លងមក មាន​ក្រុមហ៊ុន​ជាច្រើន​ក៏បាន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ប្រហាក់ប្រហែល​នឹង Haven-1 ក្នុងនោះ​ក៏មាន Axiom Space, Blue Origin, Nanoracks និង Northrop Grumman ផងដែរ៕

  • អ្នកវិទ្យាសាស្ត្រ​អាស៊ីអាគ្នេយ៍ បង្កើតបាន​ពូជ​ពោត​ផ្អែម​ខ្លាំង និង​ហូប​បានភ្លាមៗ​ដូច​ផ្លែ​ឈើ​​ទុំ

    អ្នកវិទ្យាសាស្ត្រ​អាស៊ីអាគ្នេយ៍ បង្កើតបាន​ពូជ​ពោត​ផ្អែម​ខ្លាំង និង​ហូប​បានភ្លាមៗ​ដូច​ផ្លែ​ឈើ​​ទុំ

    តាមរយៈ​ការ​បង្កាត់​ពូជ​បែប​ធម្មជាតិ អនុបណ្ឌិត ង្វៀន វ៉ាន់ ហា រួម​នឹង​សហការី បង្កើតបាន​ពូជ​ពោត SSW18 ដែល​អាច​ហូប​បានភ្លាមៗបន្ទាប់ពី​បេះ ដោយ​មិនចាំបាច់​ចម្អិន។

    ចំណុច​ពិសេស​របស់​ពូជ​ពោត​នេះ​គឺមាន​ជាតិ​ទឹក​ច្រើន មាន​ម្សៅ​តិច ហើយ​នៅពេល​ហូប​ឆៅ​នឹងមាន​រសជាតិ​ដូច​ទៅនឹង​ផ្លែឈើ​ទុំ។ បើ​ធៀប​ទៅនឹង​ពោត​ធម្មតា​ដែលមាន​កម្រិត​ជាតិ​ផ្អែម​ប្រហែល​ពី 12-15 Brix ពូច​ពោត​ថ្មី​របស់លោក លោក ង្វៀន វ៉ាន់ ហា មាន​ជាតិ​ផ្អែម​ឡើងដល់ 18 Brix ហើយ​ក្នុងករណី​​ការ​ដាំដុះ​មាន​លក្ខខណ្ឌ​អំណោយផល​ល្អ វា​អាច​ឡើងដល់ 20 Brix។

    តាម​ការអះអាងពី​ក្រុម​អ្នក​ស្រាវជ្រាវ ពោត​ SSW18 ត្រូវបាន​បង្កាត់​ពូជ​រវាង​ពូជ​ពោត​ក្នុងស្រុក និង​មិនមាន​ការកែប្រែ​ហ្សែ​ន។ គម្រោង​​បង្កើត​ពូជ​ពោត​ថ្មី​នេះ​ត្រូវបានលោក ង្វៀន វ៉ាន់ ហា អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​ដំណាំ​លើក​គោក នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ដំណាំ របស់​បណ្ឌិត្យសភា​កសិក​ម្ម​វៀតណាម រួម​នឹង​សហការី​​ស្រាវជ្រាវ​តាំងតែ​ពី​ប្រហែល 8 ឆ្នាំមុន​មកម្ល៉េះ។

    បច្ចុប្បន្ន ក្រុម​អ្នកវិទ្យាសាស្ត្រ​នេះ​កំពុង​ពិសោធ​ដាំ​នៅ​តំបន់ផ្សេងៗគ្នា​ដើម្បី​ជ្រើសរើស​ប្រភេទ​ដី​ដែល​ផ្ដល់​ទិន្នផល គុណភាព និងមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​​​ទប់​ទល់នឹង​សត្វល្អិត និង​ជម្ងឺ​ផ្សេង​ៗ​ ហើយ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការសហការ​ជាមួយ​ដៃគូ​នានា​ដើម្បី​នាំយក​ពូជ​ពោត​ថ្មី​នេះ​ទៅក្នុង​ទីផ្សារ៕

  • «យក​ឈ្នះ​កម្ពុជា​មិនមែនជា​រឿង​ងាយ​ឡើយ» នេះ​ជា​សម្ដី​របស់​ប្រធាន​ក្រុមបាល់ទាត់​នារី​​វៀតណាម​

    «យក​ឈ្នះ​កម្ពុជា​មិនមែនជា​រឿង​ងាយ​ឡើយ» នេះ​ជា​សម្ដី​របស់​ប្រធាន​ក្រុមបាល់ទាត់​នារី​​វៀតណាម​

    ខ្សែប្រយុទ្ធ និង​ជា​ប្រធាន​ក្រុមបាល់ទាត់​នារី​វៀតណាម បាន​និយាយ​ថា ទន្ទឹមនឹង​អំណោយផល​ល្អ​ដោយសារ​ជា​ម្ចាស់ផ្ទះ កម្ពុជា​ក៏បាន​រីកចម្រើន​ច្រើន ដូច្នេះ នៅ​ថ្ងៃស្អែក វៀតណាម​នឹងត្រូវ​ប្រុងប្រយ័ត្ន​ពេល​ប៉ះគ្នា​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​នារី​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    កាលពី​ព្រឹក​ថ្ងៃទី 11 ឧសភា នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ភ្នំពេញ ប្រធាន​ក្រុមបាល់ទាត់​នារី​វៀតណាម កញ្ញា ហ្វឹ​ន ញ៉ឺ (Huynh Nhu) បាន​និយាយថា «ក្នុងការ​ប៉ះ​កម្ពុជា​កាលពី​ឆ្នាំ 2019 ក្រុម​នារី​វៀតណាម​បានឈ្នះ​យ៉ាង​គគ្រឹក​គ្រ​គ្រេង​។ ប៉ុន្តែ នោះ​គឺជា​រឿង​របស់​ប្រាំ​ឆ្នាំមុន។ ពេលនេះ កម្ពុជា​រីកចម្រើន​ជាង​មុន​ឆ្ងាយ​ណាស់»។

    ប្រធាន​ក្រុមបាល់ទាត់​នារី​វៀតណាម បាន​រម្លឹក​ដល់​ការប្រកួត​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2019 ដែល​ពេលនោះ នាង និង​មិត្ត​រួម​ក្រុម​បាន​ផ្ដួល​កម្ពុជា 10-0។ ហើយ​ក្រោយមក ក្រុម​នារី​វៀតណាម​ក៏បាន​ឈ្នះ​កម្ពុជា​ពីរ​ប្រកួត​ទៀត​នៅក្នុង​ឆ្នាំ 2022 គឺ​ឈ្នះ 7-0 នៅ​ស៊ី​ហ្គេម​លើក​ទី 31 និង 3-0 នៅ AFF Cup។

    ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​ចិន Gao Fulin បច្ចុប្បន្ន​ ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា បាន​រីកចម្រើន​ខ្លាំង​ដែល​គេ​អាច​មើលឃើញ​នៅក្នុង​ស៊ី​ហ្គេម​លើក​នេះ។ ពួកគេ​បាន​ចាញ់​ថៃ ប៉ុន្តែ​បានឈ្នះ​សិង្ហ​បុរី និង​ឡាវ ហើយក៏​ឈរ​លំដាប់​លេខ​ពីរ​នៅ​ពូ​ល B ដូច្នេះ​ក៏បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ស៊ី​ហ្គេម។

    ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា

    «…កម្ពុជា​ធ្វើបាន​ល្អ​ណាស់​នៅពេល​ប៉ះ​ថៃ និង​គូប្រកួត​នានា​នៅ​ពូ​ល B។ ពេលនេះ ការយក​ឈ្នះ​លើ​កម្ពុជា​គឺជា​រឿង​មិន​ងាយស្រួល។ …វៀតណាម​នឹង​លេង​ដោយ​ការប្ដេជ្ញាចិត្ត​ខ្ពស់បំផុត​ដើម្បី​ដណ្ដើម​ជ័យជម្នះ» ប្រធាន​ក្រុមបាល់ទាត់​នារី​វៀតណាម អះអាង​ដូច្នេះ។

    បច្ចុប្បន្ន ខ្សែ​ប្រយុទ្ធ​វៀតណាម កញ្ញា ហ្វឹ​ន ញ៉ឺ កំពុង​លេង​នៅ​ពានរង្វាន់​ជើងឯក​បាល់ទាត់​ជាតិ​ព័រទុយហ្កាល់ សម្រាប់​ក្លឹប Lank។ ហ្វឹ​ន ញ៉ឺ និង​ក្រុម​នារី​វៀតណាម ថ្វីបើ​បាន​ចាញ់​ហ្វ៊ី​លី​ពី​ន 1-2 នៅក្នុង​ការប្រកួត​ជើង​ចុងក្រោយ ប៉ុន្តែ​នៅតែ​ឈរ​កំពូល​តារាង A ។ វៀតណាម​មាន 6 ពិន្ទុ​ស្មើនឹង​មី​យ៉ាន់​ម៉ា និង​ហ្វ៊ី​លី​ពី​ន ប៉ុន្តែ​មាន​គ្រាប់​បាល់​ចំណេញ​ខ្ពស់ជាង។

    ហ្វឹន ញ៉ឺ (Huynh Nhu) គឺជាកីឡាការិនីខ្សែប្រយុទ្ធ និងជាប្រធានក្រុមបាល់ទាត់នារីវៀតណាម

    ប្រធាន​ក្រុម​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​នារី​វៀតណាម លោក ម៉ៃ ឌឺ​ក ជុង (Mai Duc Chung) ក៏​យល់ឃើញ​ដូចទៅ​នឹង​ប្រធាន​ក្រុមបាល់ទាត់​នារី​វៀតណាម ហ្វឹ​ន ញ៉ឺ ទាក់​ទង​នឹង​សមត្ថភាព​បច្ចុប្បន្ន​របស់​ក្រុម​បាល់​ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា​។

    ចំណែក​ភាគី​កម្ពុជា​វិញ គ្រូបង្វឹក Gao Fulin ថ្លែងថា «យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព។ សង្ឃឹមថា ​កីឡាការិនី​​ទាំង​អស់​របស់​យើង​នឹង​ប្រកួត​បានល្អ»៕

  • គ្រូបង្វឹក Honda ត្រូវ​ចាក​ចេញ​​ពីវិស័យ​​បាល់ទាត់​​នៅ​កម្ពុជា ក្រោយ​ស៊ីហ្គេម​ 2023

    គ្រូបង្វឹក Honda ត្រូវ​ចាក​ចេញ​​ពីវិស័យ​​បាល់ទាត់​​នៅ​កម្ពុជា ក្រោយ​ស៊ីហ្គេម​ 2023

    លោក Keisuke Honda គិត​ចង់​ត្រលប់​ទៅធ្វើជា​កីឡាករ​វិញ បន្ទាប់ពី​ចាកចេញ​ពី​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ព្រោះ​មិនអាច​ជួយ​ឱ្យ U22 កម្ពុជា ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    «ខ្ញុំ និង Honda នឹងមិន​បន្ត​ដឹកនាំ​ក្រុម​កម្ពុជា​ទៀត​ទេ ក្រោយពី​ស៊ី​ហ្គេម​លើក​ទី 32។ ខ្ញុំ​មិនទាន់​ដឹងថា​ត្រូវធ្វើ​អ្វី។ ប៉ុន្តែ Honda វិញ គ្រោង​នឹង​ត្រលប់​ទៅធ្វើជា​កីឡាករ និង​បន្ត​រៀន​យក​សញ្ញាបត្រ​គ្រូបង្វឹក» គ្រូបង្វឹក Ryu Hirose និយាយ​កាលពី​ព្រលប់​ថ្ងៃទី 10 ឧសភា ក្រោយពី U22 កម្ពុជា បាន​ចាញ់ U22 ឥណ្ឌូណេស៊ី 1-2 ដែល​ធ្វើឱ្យ​កម្ពុជា​ត្រូវបាន​ជម្រុះ​ត្រឹម​វគ្គ​ចែក​ពូ​ល​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    លោក Honda កើត​ឆ្នាំ 1986 គឺជា​ខ្សែបម្រើ​ដ៏​លេចធ្លោ​នៃ​វិស័យ​បាល់ទាត់​ជប៉ុន​ក្នុងអំឡុង​ឆ្នាំ 2010-2017 នៅពេល​​ទាត់​ឱ្យ​ក្លឹប CSKA Moscow និង AC Milan។ លោក Honda ចូលមកក្នុង​វិស័យ​បាល់ទាត់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​បច្ចេកទេស​កាលពី​ឆ្នាំ 2018 ពេល​គាត់​នៅ​ជា​កីឡាករ​។ ក្រោយមក លោក Honda ក៏​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ពី​ចម្ងាយ ដោយ​សារ​តែ​គាត់​ត្រូវ​នៅ​ទាត់​ឱ្យ​បណ្ដា​ក្លឹប​របស់​អូស្ត្រាលី ប្រេ​ស៊ី​ល ហូ​ឡង់ អា​ស៊ែ​បៃ​ហ្ស​ង់ និង​លី​ទុយ​អា​នី។

    ក្រោម​ការដឹកនាំ​របស់​លោក Honda បាល់ទាត់​កម្ពុជា​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​លើកដំបូង​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2019 ប៉ុន្តែ ត្រូវ​ចាញ់​វៀតណាម 0-4។ ស៊ី​ហ្គេម​បន្ទាប់​នៅ​ហ្វ៊ី​លី​ពី​ន លោក Honda នៅតែ​ដឹកនាំ​ក្រុម​កម្ពុជា​តាម​អន​ឡាញ ខណៈដែល​អ្នកដឹកនាំ​ផ្ទាល់​គឺ Felix Dalmas ជា​គ្រូបង្វឹក​វ័យក្មេង និង​ជា​ជនជាតិ​អា​ហ្ស​ង់​ទីន។

    លោក Keisuke Honda បង្ហាញ​ទឹក​មុខ​ក្រៀម​ក្រំ នៅ​ពេល​កម្ពុជា​ត្រូវ​ចាញ់​ឥណ្ឌូណេស៊ី​កាល​ពី​ព្រលប់​ថ្ងៃទី 10 ឧសភា 2023

    គ្រូបង្វឹក​ជនជាតិ​ជប៉ុន​របស់​កម្ពុជា បានមក​ដឹកនាំ​ក្រុម​ដោយផ្ទាល់​ចាប់ពី​ឆ្នាំ 2021 បន្ទាប់ពី​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ។ លោក Honda និង​កូនសិស្ស​របស់គាត់​ក៏ត្រូវ​បាន​ជម្រុះ​ត្រឹម​វគ្គ​ចែក​ពូ​ល​នៅ​ស៊ី​ហ្គេម​លើក​ទី 31 ប៉ុន្តែ អ្នកគាំទ្រ​នៅតែ​ពេញចិត្ត​លោក​ដដែល ដោយ​សង្ឃឹមថា នៅ​ស៊ី​ហ្គេម​លើក​ទី 32 លោក Honda នឹង​ជួយ​ឱ្យ​ក្រុម​កម្ពុជា​បង្ក​បានការ​ភ្ញាក់ផ្អើល​នៅលើ​ទីលាន​ម្ចាស់ផ្ទះ។

    ក៏ប៉ុន្តែ ក្ដីសង្ឃឹម​នេះ​មិនបាន​ក្លាយជា​ការពិត​ឡើយ។ បន្ទាប់ពី​ការប្រកួត​បើកឆាក​ដែល​បានឈ្នះ​ទី​ម័​រ​ខាងកើត 4-0 ក្រុម​កម្ពុជា​ក៏ត្រូវ​ទទួលលទ្ធផល 1-1 ពេល​ប៉ះ​ក្រុម​ហ្វ៊ី​លី​ពី​ន មុនពេល​ត្រូវ​ចាញ់​ក្រុម​មី​យ៉ាន់​ម៉ា 0-2 និង​ចាញ់​ឥណ្ឌូណេស៊ី 1-2 ហើយក៏​ត្រូវ​ជម្រុះ​ត្រឹម​វគ្គ​ចែក​ពូ​លកាល​ពី​ថ្ងៃទី 10 ឧសភា 2023។

    ថ្លែង​អំពី​បរាជ័យ​របស់​ក្រុម U22 កម្ពុជា នៅក្នុង​ការប្រកួត​ចុងក្រោយ​កាលពី​ព្រលប់​ម្សិលមិញ គ្រូបង្វឹក Hirose យល់ថា «បញ្ហា​របស់​យើង​គឺ​ការប្រើប្រាស់​ឱកាស​មិន​បានល្អ អាច​ដោយសារ​កម្លាំងកាយ បច្ចេកទេស ប៉ុន្តែ​ក៏​អាចដោយ​សារ​​សំណាង​មិនល្អ»៕

  • តើ​ U22 កម្ពុជា​មាន​សង្ឃឹម​អត់​ ពេល​ប៉ះ U22 ឥណ្ឌូណេស៊ី នៅ​ព្រលប់​ថ្ងៃទី 10 ឧសភា​នេះ?

    តើ​ U22 កម្ពុជា​មាន​សង្ឃឹម​អត់​ ពេល​ប៉ះ U22 ឥណ្ឌូណេស៊ី នៅ​ព្រលប់​ថ្ងៃទី 10 ឧសភា​នេះ?

    នៅ​ព្រលប់​ថ្ងៃទី 10 ឧសភា​នេះ ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U22) របស់​កម្ពុជា នឹងត្រូវ​ប្រកួត​ជាមួយ U22 ឥណ្ឌូណេស៊ី។

    U22 កម្ពុជា បានចាប់ផ្ដើម​យ៉ាង​ល្អ​នៅ​ស៊ី​ហ្គេម​លើក​នេះ ដោយបាន​ផ្ដួល U22 ទីម័រខាងកើត​ 4-0។ ប៉ុន្តែ ការប្រកួត​ដែលមាន​លទ្ធផល​ស្មើ​ជាមួយ​ហ្វ៊ី​លី​ពី​ន និង​ចាញ់​មី​យ៉ាន់​ម៉ា បាន​រុញច្រាន U22 កម្ពុជា​ឱ្យ​ធ្លាក់​ក្នុងស្ថានភាព​លំបាក។

    នៅក្នុង​ជើង​ចុងក្រោយ​របស់​វគ្គ​ចែក​ពូ​ល​នៅ​ក្រុម​ A នា​ព្រលប់​នេះ U22 កម្ពុជា​ត្រូវតែ​ឈ្នះ U22 ឥណ្ឌូណេស៊ី ដើម្បី​បន្ត​ក្ដីសង្ឃឹម​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ បញ្ហា​នៅត្រង់ថា U22 កម្ពុជា​មិនមាន​សិទ្ធិ​សម្រេចនៅ​ទេ​នៅ​ពេល​នេះ​។​ សូម្បីតែ​នៅក្នុង​ករណី​ផ្ដួល​ឥណ្ឌូណេស៊ី​បានសម្រេច ក៏​ U22 កម្ពុជា​ត្រូវ​រង់ចាំ​​មើល​ថា​តើ មី​យ៉ាន់​ម៉ា​បរាជ័យ​នៅក្នុង​ម៉ោង​ដូចគ្នានេះ​ ឬ​អត់​។

    ទោះជា​យ៉ាងណាក៏ដោយ ឱកាស​សម្រាប់ U22 កម្ពុជាយកឈ្នះ​លើ U22 ឥណ្ឌូណេស៊ី​ ក៏​ខ្ពស់​គួរសម ព្រោះថា U22 ឥណ្ឌូណេស៊ី​ទំនងជា​នឹង​ប្រើប្រាស់​ក្រុម​កីឡាករ​បម្រុង​ក្នុងពេល​ប៉ះ​កម្ពុជា ដើម្បី​រក្សា​កម្លាំង​របស់​ក្រុម​ជើង​ខ្លាំង​សម្រាប់​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជាទី​ដែល U22 ឥណ្ឌូណេស៊ី​ត្រូវ​ប៉ះ U22 ថៃ ឬ U22 វៀតណាម។

    តាម​ការគ្រោងទុក​ដំបូង ការប្រកួត​រវាង U22 មី​យ៉ាន់​ម៉ា និង U22 ហ្វ៊ី​លី​ពី​ន នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង 16 ថ្ងៃទី 10 ឧសភា ប៉ុន្តែ គណៈកម្មការ​រៀបចំ​ស៊ី​ហ្គេម​លើក​ទី 32 បាន​ប្ដូរ​កាលវិភាគ​នៃ​ការប្រកួត​នេះ​ពី​ម៉ោង 16 ទៅ​ម៉ោង 19 វិញ។

  • ក្រុម​ហ៊ុន​​អាម៉េរិក​-ចិន បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាតតូច​​ម៉ូដែល​ថ្មី

    ក្រុម​ហ៊ុន​​អាម៉េរិក​-ចិន បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាតតូច​​ម៉ូដែល​ថ្មី

    ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​របស់​អាម៉េរិក​-​ចិន SAIC-GM-Wuling នឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ខ្នាត​តូច​​ម៉ូ​ដែល​ថ្មី​​នៅ​ក្នុង​ខែ​ឧសភា​នេះ​។

    កាលពី​ថ្ងៃទី 09 ឧសភា Baojun ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ SAIC-GM-Wuling បានប្រកាសថា ពួកគេ​នឹង​បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាតតូច​មួយ​ម៉ូ​ដែល​ដែលមាន​ឈ្មោះថា Baojun Yep នៅ​ថ្ងៃទី 25 ឧសភា​ខាងមុខ។

    Baojun បាន​បង្ហើប​ឱ្យដឹង​អំពី​ពាណិជ្ជសញ្ញា​ថ្មី​របស់ខ្លួន​កាលពី​ថ្ងៃទី 09 ឧសភា ហើយ​ថា Yep នឹង​ជា​ម៉ូ​ដែល​រថយន្ត​ដំបូង​ដែល​ប្រើប្រាស់​ពាណិជ្ជសញ្ញា​ថ្មី​នេះ។

    នៅក្នុង​រូបថត​មួយចំនួន​ដែល Baojun បាន​បញ្ចេញ បង្ហាញថា រថយន្ត​អគ្គិសនី Baojun Yep មាន​រូបរាង​ស្រដៀង​នឹង​រថយន្ត Jimny របស់ Suzuki។ Baojun Yep មាន​បណ្ដោយ ទទឹង និង​កម្ពស់​ជា​បន្តបន្ទាប់​គឺ 3,381, 1,685 និង 1,721 មិល្លីម៉ែត្រ ខណៈ​ប្រវែង​បណ្ដោយ​​មូលដ្ឋាន​គឺ 2,110 មិល្លីម៉ែត្រ។

    Baojun Yep នឹង​ត្រូវបាន​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 50 kW និង​កម្លាំង​រមួល​កង់ 140 Nm។ រថយន្ត​នេះ​មាន​ថ្ម​ផ្ទុក​អគ្គិសនី​​កម្លាំង 28.1 kWh និង​អាច​ផ្លាស់​ទី​បាន 303 គីឡូម៉ែត្រ។

    ក្រៅពី​កំណែ​ធម្មតា Baojun ក៏បាន​បង្ហាញ​រូបថត​ស្ដីពី​កំណែ​ភី​ក​អាប់ (រថយន្ត​ទ្រុង) ដែលមាន​ទ្វារ​ពីរ​របស់ Yep ផងដែរ។

    SAIC-GM-Wuling គឺជា​ក្រុមហ៊ុន​បណ្ដាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​រដ្ឋ​ចិន SAIC, ក្រុមហ៊ុន​អាម៉េរិក General Motors និង​ក្រុមហ៊ុន​ចិន Wuling Automobile។ SAIC-GM-Wuling មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង Liuzhou ក្នុង​តំបន់​ស្វយ័ត Guangxi Zhuang ភាគ​និរតី​នៃ​ប្រទេស​ចិន។

    នៅក្នុង​ប្រភេទ​រថយន្ត​អគ្គិសនី​ខ្នាតតូច ក្រៅពី Mini EV ក្រុមហ៊ុន SAIC-GM-Wuling ក៏បាន​បង្ហាញ​វត្តមាន​ Air EV នៅ​ប្រទេស​ចិន​កាលពី​ខែធ្នូ​ឆ្នាំ​កន្លង និង Bingo EV កាលពី​ចុងខែ​មីនា​ឆ្នាំនេះ​ផងដែរ។

    SAIC-GM-Wuling ​លក់​រថយន្ត​អគ្គិសនី​បាន​​ចំនួន 77,701 គ្រឿង​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ ក្នុងនោះ​មាន 69,842 គ្រឿង​គឺជា​រថយន្ត​អគ្គិសនី Mini EV។ នេះ​បើ​តាម សមាគម​រថយន្ត​ដឹក​អ្នក​ដំណើរ​ចិន (CPCA)៕

  • ក្រុមបាល់ទាត់ U-22 មី​យ៉ាន់​ម៉ា នឹង​ប្រកួត​ «​ជូន​ដំណើរ​» U-22 ហ្វ៊ី​លី​ពី​ន នៅ​ព្រលប់​​នេះ​

    ក្រុមបាល់ទាត់ U-22 មី​យ៉ាន់​ម៉ា នឹង​ប្រកួត​ «​ជូន​ដំណើរ​» U-22 ហ្វ៊ី​លី​ពី​ន នៅ​ព្រលប់​​នេះ​

    ការប្រកួត​ជើង​ចុងក្រោយបង្អស់​រប​ស់​ពូ​ល A ដែល​នឹង​ធ្វើឡើង​នៅ​​ព្រលប់​​​ថ្ងៃទី 10 ឧសភា នេះ គឺជា​ការ​ប៉ះគ្នា​របស់ U-22 មី​យ៉ាន់​ម៉ា និង U-22 ហ្វ៊ី​លី​ពី​ន។

    U-22 មី​យ៉ាន់​ម៉ា កំពុងមាន​ឱកាស​ធំ​ក្នុងការ​ដណ្ដើមយក​សំបុត្រ​ឡើងទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ក្រោយពី​បាន​យកឈ្នះ​លើ U-22 កម្ពុជា។ បើសិនជា​បានឈ្នះ U-22 ហ្វ៊ី​លី​ពី​ន​នៅក្នុង​ការប្រកួត​ជើង​ចុងក្រោយបង្អស់​រប​ស់​ពូ​ល A នៅ​ព្រលប់​​​នេះ U-22 មី​យ៉ាន់​ម៉ា នឹងមាន​សិទ្ធិ​សម្រេច​វាសនា​មួយកម្រិត​ទៀត។

    U-22 មី​យ៉ាន់​ម៉ា មានប្រៀប​ជាង​គូប្រកួត ដោយសារ​ថា U-22 ហ្វ៊ី​លី​ពី​ន ត្រូវបាន​ជម្រុះ​រួចហើយ និង​មិន​មានឱកាស​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ក៏ប៉ុន្តែ U-22 មី​យ៉ាន់​ម៉ា ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន បើសិន​មិន​ចង់​បាក់មុខ។

    U-22 ហ្វ៊ី​លី​ពី​ន បើទោះជា​ត្រូវបាន​ជម្រុះ​ហើយ​ក្ដី ប៉ុន្តែ​ពួកគេ​ក៏​ចង់​ដណ្ដើមបាន​ជ័យជម្នះ​លើ U-22 មី​យ៉ាន់​ម៉ា ដើម្បី​ជាការ​លើកទឹកចិត្ត​ខ្លួនឯង ក៏ដូចជា​ធ្វើឱ្យ​អ្នកគាំទ្រ​បាន​រីករាយ​បន្តិច មុននឹង​ត្រលប់​ទៅកាន់​ប្រទេស។

    ស្ថិតិ​ចុងក្រោយ​បាន​បង្ហាញថា U-22 ហ្វ៊ី​លី​ពី​ន រកបាន​តែមួយ​គ្រាប់​គ​ត់ ក្រោយបី​ប្រកួត​ដំបូង​នៅ​ស៊ី​ហ្គេម​លើក​នេះ។ នៅ​ក្នុងការ​ប៉ះគ្នាថ្មីៗ​នេះ U-22 មី​យ៉ាន់​ម៉ា បាន​ផ្ដួល U-22 ហ្វ៊ី​លី​ពី​ន ដោយ​លទ្ធផល 5-1។

    ការប្រកួត​ជើង​ចុងក្រោយបង្អស់​រប​ស់​ពូ​ល A រវាង U-22 មី​យ៉ាន់​ម៉ា និង U-22 ហ្វ៊ី​លី​ពី​ន នឹង​ធ្វើឡើង​នៅវេលា​ម៉ោង 19 ថ្ងៃទី 10 ឧសភា 2023 នៅឯ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ។

    នៅ​ក្នុងការ​ប៉ះគ្នា​នេះ Admin យល់ថា U-22 មី​យ៉ាន់​ម៉ា នឹង​ឈ្នះ U-22 ហ្វ៊ី​លី​ពី​ន ក្នុង​លទ្ធផល 2-1៕

  • អាចម៍ផ្កាយប្រវែង​​ 200 ម៉ែត្រ កំពុង​ហោះ​សំដៅ​មកកាន់​ផែនដី

    អាចម៍ផ្កាយប្រវែង​​ 200 ម៉ែត្រ កំពុង​ហោះ​សំដៅ​មកកាន់​ផែនដី

    ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា) កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​អាចម៍ផ្កាយ​ខ្នាត​ធំ​មួយ​ដែល​នឹង​ហោះ​មក​ជិត​ផែនដី​នៅ​ចុងខែ​ឧសភា​នេះ ក្នុង​ល្បឿន 25,750 គីឡូម៉ែត្រ/ម៉ោង។

    អាចម៍ផ្កាយ​ដែល​កំពុង​ហោះ​មកកាន់​ផែនដី​ និង​មាន​ឈ្មោះថា 2023 CL3 នេះ មាន​ទទឹង​ប្រហែល 200 ម៉ែត្រ។ ណា​សា​បាន​​ដាក់​អាចម៍ផ្កាយ​នេះ​ទៅក្នុង​ក្រុម «ក្បែរ​ផែនដី» ដែល​ត្រូវ​ការតាមដាន​ស្រាវជ្រាវ​បន្ត។

    2023 CL3 មាន​ទំហំ​ធំ​ជាង​ពីរដង​ធៀប​នឹង​រូបសំណាក​សេរីភាព Statue of Liberty (កម្ពស់​សរុប​ប្រហែល 93 ម៉ែត្រ)។ អាចម៍ផ្កាយ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ បើសិន​ធ្លាក់​មកលើ​ផែនដី។

    តាម​ការ​ព្យាករ អាចម៍ផ្កាយ​នេះ​នឹង​ហោះ​កាត់មុខ​ផែនដី​នៅ​ថ្ងៃទី 24 ឧសភា ក្នុង​គម្លាត 7.2 លាន​គីឡូម៉ែត្រ។ គម្លាត​ពី​ផែនដី​ទៅ​ឋានព្រះចន្ទ​គឺ 384,400 គីឡូម៉ែត្រ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា អាចម៍ផ្កាយ​នេះ​នឹង​ហោះ​កាត់មុខ​ផែនដី​ដោយ​សុវត្ថិភាព​ក្នុង​ល្បឿន​ជាង 25,750 គីឡូម៉ែត្រ/ម៉ោង។

    ណា​សាបាន​រកឃើញថា បច្ចុប្បន្ន​មាន​អាចម៍ផ្កាយ​ប្រហែល 1,113,527 ដុំ នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ ពួកវា​គោចរ​ជុំវិញ​ព្រះអាទិត្យ និង​ប្រមូលផ្ដុំ​ត្រង់​តំបន់​ខ្សែក្រវាត់​អាចម៍ផ្កាយ​ដែល​នៅ​ចន្លោះ​ភព​អង្គារ និង​ភព​ព្រហស្បតិ៍៕