Tag: អ៊ុយក្រែន

  • ក្រុម​មហាសេដ្ឋី​នៅ ប្រទេស​អ៊ុយ​ក្រែ​ន បាត់បង់​ទ្រព្យ​ជិត​ពាក់កណ្ដាល ចាប់តាំងពី រុស្ស៊ី បើក​ការឈ្លានពាន

    ក្រុម​មហាសេដ្ឋី​នៅ ប្រទេស​អ៊ុយ​ក្រែ​ន បាត់បង់​ទ្រព្យ​ជិត​ពាក់កណ្ដាល ចាប់តាំងពី រុស្ស៊ី បើក​ការឈ្លានពាន

    វិបត្តិ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​បណ្ដាលឱ្យ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី ៧ រូប នៅ អ៊ុយ​ក្រែ​ន ថយចុះ ៩.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក នេះ​បើតាម​ការ​គណនា​របស់ ទស្សនាវដ្ដី​អាម៉េរិក Forbes។

    តួលេខ​ខាងលើនេះ​ប្រហាក់ប្រហែល​នឹង ៤៥% នៃ​តម្លៃ​ទ្រព្យ​សរុប​នៅមុន​ថ្ងៃទី ២៨ កុម្ភៈ។ Forbes ឱ្យដឹងថា មូ​យ​ក្នុងចំណោម​មូលហេតុ​ដែលនាំឱ្យ​ទ្រព្យ​របស់​ក្រុម​មហាសេដ្ឋី​នៅ អ៊ុយ​ក្រែ​ន មិន​បន្ត​ធ្លាក់ចុះ បើ​ទោះ​សង្គ្រាម​មិនទាន់​បញ្ចប់ គឺ​ដោយសារ​ទ្រព្យ​ភាគច្រើន​ស្ថិតនៅ​បរទេស។

    បច្ចុប្បន្ន អ៊ុយ​ក្រែ​ន មាន​មហាសេដ្ឋី ៧ រូប ដោយមាន​ទ្រព្យ​សរុប ១១.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក។ បើ​ធៀប​ទៅនឹង​បញ្ជី​ដែល​ត្រូវបាន​ប្រកាស​កាលពី​ចុងខែ​មីនា ២០២១ ទ្រព្យសម្បត្តិ​របស់​ពួកគេ​បាន​បាត់​បង់អស់​ជាង ៧ ពាន់​លាន​ដុល្លារ។ ម្នាក់​ក្នុងចំណោម​បុគ្គល​ល្បីឈ្មោះ​បំផុត​នៅ អ៊ុយ​ក្រែ​ន គឺ Petro Poroshenko ដែល​ធ្លាប់ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ចាប់ពី​ឆ្នាំ ២០១៤ ដល់ ២០១៩ ក៏បាន​បាត់ឈ្មោះ​ពី​បញ្ជី​ចំណាត់ថ្នាក់​មហាសេដ្ឋី​រប​ស់ Forbes សម្រាប់​ឆ្នាំ ២០២២។

    ទ្រព្យ​សុទ្ធ​របស់លោក Petro Poroshenko បាន​ថយចុះ​ជាង​ពាក់កណ្ដាល ពោលគឺ​ប្រហែល ៧០០ លាន​ដុល្លារ​អាម៉េរិក ដោយសារតែ​តម្លៃ​មូលធន​ទីផ្សារ​នៃ​ក្រុមហ៊ុន​ផលិត​នំ Roshen របស់លោក បាន​បាត់បង់​ប្រហែល ៧៥% និង​ត្រូវ​បិទទ្វារ​រោងចក្រ​ចំនួន ២ នៅ ទីក្រុង​កៀវ និង បូរី​ស្ពី​ល ព្រោះតែ​សង្គ្រាម។

    ខាងក្រោម​នេះ​គឺជា​ក្រុម​មហាសេដ្ឋី របស់ អ៊ុយ​ក្រែ​ន ដែល​ស្ទើរតែ​ទាំងអស់ បាន​បាត់បង់​ប្រាក់​យ៉ាងច្រើន៖

    ១-Rinat Akhmetov
    -ទ្រព្យ​សុទ្ធ៖ ៤.២ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ ដែក ធ្យូង
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ -៤.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក

    ២-Victor Pinchuk

    -ទ្រព្យ​សុទ្ធ៖ ១.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ បំពង់​ដែកថែប, ពហុ​វិស័យ
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ -៧០០ លាន​ដុល្លារ​អាម៉េរិក

    ៣-Vadim Novinsky

    -ទ្រព្យ​សុទ្ធ៖ ១.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ ដែកថែប
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ -២.២ ពាន់​លាន​ដុល្លារ​អាម៉េរិក

    ៤-Kostyantin Zhevago

    -ទ្រព្យ​សុទ្ធ៖ ១.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ រុករក​រ៉ែ
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ -៨០០ លាន​ដុល្លារ​អាម៉េរិក

    ៥-Henadiy Boholyubov

    -ទ្រព្យ​សុទ្ធ៖ ១.១ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ ធនាគារ, វិនិយោគ
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ -៩០០ លាន​ដុល្លារ​អាម៉េរិក

    ៦-Vlad Yatsenko

    -ទ្រព្យ​សុទ្ធ៖ ១.១ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ Fintech
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ មិនមាន

    ៧-Ihor Kolomoyskyy

    -ទ្រព្យ​សុទ្ធ៖ ១ ពាន់​លាន​ដុល្លារ​អាម៉េរិក
    -ប្រភព​ចំណូល៖ ធនាគារ, វិនិយោគ
    -ទ្រព្យ​ដែល​បាន​ប្រែប្រួល៖ -៨០០ លាន​ដុល្លារ​អាម៉េរិក

  • ស្លូ​វ៉ា​គី ជជែក​អំពី​វិធី​ផ្គត់ផ្គង់​​ប្រព័ន្ធ​​ការពារ​​ដែន​អាកាស​ មី​ស៊ី​ល S-៣០០ ដល់ អ៊ុយ​ក្រែ​ន

    ស្លូ​វ៉ា​គី ជជែក​អំពី​វិធី​ផ្គត់ផ្គង់​​ប្រព័ន្ធ​​ការពារ​​ដែន​អាកាស​ មី​ស៊ី​ល S-៣០០ ដល់ អ៊ុយ​ក្រែ​ន

    ប្រទេស​ស្លូ​វ៉ា​គី បាន​ត្រៀម​ជាស្រេច​ក្នុងការ​ផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​ដែនអាកាស​រយៈ​ចម្ងាយ​ឆ្ងាយ S-៣០០ ដល់ អ៊ុយ​ក្រែ​ន បើសិន ណា​តូ បញ្ជូន​ឱ្យ​ខ្លួន​នូវ​អាវុធ​ផ្សេង​ដើម្បី​ជាការ​ដោះដូរ។

    «យើង​បាន​ពិភាក្សា​ជាមួយ អាម៉េរិក អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត អំពី​លទ្ធភាព​ដាក់ពង្រាយ ប្រគល់ ឬ​ផ្គត់ផ្គង់​ប្រព័ន្ធ S-៣០០ ដល់ ទីក្រុង​កៀវ។ យើង​ត្រៀម​ជាស្រេច​ដើម្បី​ធ្វើ​ដូច្នេះ ប៉ុន្តែ ត្រូវតែមាន​ការដោះដូរ​សមស្រប» រដ្ឋមន្ត្រី​ការពារជាតិ​ស្លូ​វ៉ា​គី Jaroslav Nad ថ្លែង​នា​ថ្ងៃនេះ នៅក្នុង​ជំនួប​ជាមួយ​សម​ភាគី​អាម៉េរិក Lloyd Austin។

    ក៏ប៉ុន្តែ រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក Austin បាន​បដិសេធ​ការអធិប្បាយ​អំពី​ប្រការ​ដែលថា អាម៉េរិក នឹង​ជួយ​ដោះដូរ​ទៅតាម​សំណើ​របស់ ស្លូ​វ៉ា​គី ឬ​យ៉ាងណា។ «នេះ​ជា​បញ្ហា​ដែល​ត្រូវ​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​ទាំងមូល។ នេះ​មិនមែនជា​បញ្ហា​​ដោយ​ឡែក​​ជា​មួយ សហរដ្ឋ​អាម៉េរិក ប៉ុន្តែ ជា​បញ្ហា​របស់ ណា​តូ ទាំងមូល»។

    ការលើកឡើង​របស់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ស្លូ​វ៉ា​គី ត្រូវបាន​ប្រកាស​បន្ទាប់​ពី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី កាលពី​ម្សិលមិញ​បាន​ថ្លែង​នៅ​ចំពោះមុខ សភា​អាម៉េរិក ក្នុងនោះ​លោក​ក៏បាន​សង្កត់ធ្ងន់ថា ប្រទេស​របស់លោក​ត្រូវការ​ប្រព័ន្ធ S-៣០០។

    ស្លូ​វ៉ា​គី សមាជិក​មួយ​​របស់ ណា​តូ ដែលមាន​ព្រំដែន​ជាប់​នឹង អ៊ុយ​ក្រែ​ន ប្រវែង ៩៨ គីឡូម៉ែត្រ មាន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស S-៣០០ ដែល​ផលិត​តាំងពី ជំនាន់​សូ​វៀត និង​ត្រូវបាន​ផ្ទេរ​មកឱ្យ​ប្រទេស​នេះ បន្ទាប់ពី ឆេ​កូ​ស្លូ​វ៉ា​គី ដួលរលំ​កាលពី​ឆ្នាំ ១៩៩៣។

    S-៣០០ ១ ឈុត រួមមាន​យាន​ដឹក​គ្រាប់ និង​ជា​ទម្រ​សម្រាប់​បាញ់​មី​ស៊ី​ល (TEL) ក្នុងនោះ យាននីមួយៗអាច​បំពាក់​មី​ស៊ី​ល​បាន ៤ គ្រាប់ រួម​នឹង​យាន​ជា​បញ្ជាការដ្ឋាន និង​រ៉ា​ដា​ច្រើន​ប្រភេទ។ មី​ស៊ី​ល​របស់ S-៣០០ អាច​បាញ់​បាន​ចម្ងាយ ១៩៥ គីឡូម៉ែត្រ។ សូ​វៀត បាន​ផ្ដើម​ដាក់ឱ្យ​ប្រើប្រាស់ S-៣០០ ចាប់ពី​ឆ្នាំ ១៩៧៨ ហើយ​បច្ចុប្បន្ន មាន​ប្រទេស​ជិត ២០ ប្រើប្រាស់​ប្រព័ន្ធ​ការពារ​ដែនអាកាស​នេះ។ រុស្ស៊ី មាន​កំណែ​ទាំងអស់​របស់ S-៣០០ ក្នុងនោះ​មាន​ប្រព័ន្ធ​ទម្រ​ប្រហែល ២,០០០ ឈុត។

  • ទ្រព្យសម្បត្តិ​របស់​ម្ចាស់​ក្លឹប Chelsea និង​មហា​សេដ្ឋី​រុស្ស៊ី ច្រើន​នាក់​ទៀត​ ត្រូវបាន​បង្ក​កនៅ អឺរ៉ុប

    ទ្រព្យសម្បត្តិ​របស់​ម្ចាស់​ក្លឹប Chelsea និង​មហា​សេដ្ឋី​រុស្ស៊ី ច្រើន​នាក់​ទៀត​ ត្រូវបាន​បង្ក​កនៅ អឺរ៉ុប

    មហាសេដ្ឋី​រុស្ស៊ី Roman Abramovich ត្រូវបាន​រដ្ឋាភិបាល​នៃ ប្រទេស​អង់គ្លេស ដាក់ទណ្ឌកម្ម ដោយ​ការ​បង្កក​ទ្រព្យ។

    រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Liz Truss នា​ថ្ងៃទី ១០ មីនា​នេះ បានប្រកាស​បទបញ្ជា​ដាក់ទណ្ឌកម្ម បង្កក​ទ្រព្យសម្បត្តិ និង​ហាម​ធ្វើដំណើរ​ចំពោះ​អ្នកមានកំពូលៗចំនួន ៧ រូប​របស់ រុស្ស៊ី។ ក្នុងចំណោម​នោះ​មាន​ប្រធាន​ក្លឹប​បាល់ទាត់​អង់គ្លេស Chelsea លោក Roman Abramovich ផងដែរ។

    បទបញ្ជា​ដាក់ទណ្ឌកម្ម​នេះ​បានលើកឡើង​ច្បាស់​ថា ទ្រព្យសម្បត្តិ​ទាំងអស់​របស់​បុគ្គល​ទាំង ៧ រូបនេះ នៅ អង់គ្លេស នឹងត្រូវ​បាន​បង្កក។ ពួកគេ​ក៏ត្រូវ​ហាម​ធ្វើដំណើរ ចូលមក​ទឹកដី​អង់គ្លេស ព្រមទាំង​មិន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ណាមួយ​របស់ អង់គ្លេស ធ្វើ​ជំនួញ​ជាមួយ​បុគ្គល​ទាំងនេះ។

    កាលពី​សប្ដាហ៍​មុន មហាសេដ្ឋី Abramovich ប្រកាស​លក់​ក្លឹប​បាល់ទាត់ Chelsea ហើយ​ប្រាក់​ដែល​លក់បាន​នឹងត្រូវ​យកទៅជួយ​ដល់​ក្រុម​អ្នករងគ្រោះ​ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    ការសម្រេច​របស់​អាជ្ញា​ធរ​អង់គ្លេស នឹងមាន​សុពលភាព​មុនពេល​ដំណើរ​ការលក់​ក្លឹប Chelsea ដែលមាន​តម្លៃ​ប្រហែល ៣ ពាន់​លាន​ផោន ស្មើនឹង​ជាង ៣.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក ត្រូវបាន​ធ្វើឡើង​ចប់សព្វគ្រប់។

    មកដល់ពេលនេះ អង់គ្លេស បានដាក់​ទណ្ឌកម្ម​ចំពោះ​បុគ្គល និង​ក្រុមហ៊ុន​រុស្ស៊ី ចំនួន​ជាង ២០០ បុគ្គល និង​ស្ថាប័ន។ ក្រៅពី​លោក Abramovich បុគ្គល​ដែល​ស្ថិតក្នុង​បញ្ជី​ទណ្ឌកម្ម​ថ្មី​របស់ អង់គ្លេស ក៏មាន មហាសេដ្ឋី Oleg Deripaska ដែលមាន​ភាគហ៊ុន​ច្រើន​នៅ En+ Group, Igor Sechin នាយក​ប្រតិបត្តិ​របស់ Rosneft, Andrey Kostin ប្រធាន​ធនាគារ VTB, Alexei Miller នាយក​ប្រតិបត្តិ​របស់ Gazprom, Nikolai Tokarev ប្រធាន​ក្រុមហ៊ុន Transneft និង Dmitri Lebedev ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ Rossiya ផងដែរ៕

  • ៨ ប្រទេស​ក្នុង​សហភាព​អឺរ៉ុប ស្នើឱ្យ​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​សមាជិក​ដល់ អ៊ុយ​ក្រែ​ន

    ៨ ប្រទេស​ក្នុង​សហភាព​អឺរ៉ុប ស្នើឱ្យ​ផ្ដល់​ឋានៈ​ជា​បេក្ខភាព​សមាជិក​ដល់ អ៊ុយ​ក្រែ​ន

    ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​ចំនួន ៨ នៃ សហភាព​អឺរ៉ុប (EU) ក្នុងនោះ​ក៏មាន សាធារណរដ្ឋ​ឆែក ផងដែរ កាលពី​ម្សិលមិញ បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​របស់ EU ផ្ដល់​ឋានៈ​ជា​បេក្ខភាព​សមាជិក​ដល់ ប្រទេស​អ៊ុយ​ក្រែ​ន ជាបន្ទាន់ និង​ចាប់ផ្ដើម​កិច្ចចរចា​ជំហាន​បន្ទាន់។

    នៅក្នុង​លិខិត​រួមមួយ មេដឹកនាំ​របស់​ប្រទេស​ចំនួន ៨ រួមមាន ប៊ុលហ្គារី ឆែក អេ​ស្តូ​នី លេ​ទុយ​អា​នី ប៉ូឡូញ ស្លូ​វ៉ា​គី និង ស្លូ​វេ​នី បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ សហភាព​អឺរ៉ុប បង្ហាញ​ការគាំទ្រ​ផ្នែក​នយោបាយ​ចំពោះ អ៊ុយ​ក្រែ​ន និង​អនុញ្ញាតឱ្យ​ប្រទេស​ជា​សមាជិក អនុវត្ត​ជំហាន​បន្ទាប់​ដើម្បី​ប្រគល់​ឋានៈ​ជា​បេក្ខភាព​ដល់ អ៊ុយ​ក្រែ​ន ជាបន្ទាន់ ហើយ​ចាប់ផ្ដើម​ដំណាក់កាល​ចរចា​នៅក្នុង​ការដាក់បញ្ចូល អ៊ុយ​ក្រែ​ន ទៅក្នុង​សម្ព័ន្ធភាព​នេះ។

    មុន​នោះ ក្នុង​ថ្ងៃ​ដដែល ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី បានស្នើ​ឱ្យ EU ធ្វើការ​ទទួលយក អ៊ុយ​ក្រែ​ន ជាបន្ទាន់ តាមរយៈ​លិខិតស្នើ​សុំចូល​ជា​សមាជិក​របស់ EU។ លោក ហ្សេ​ឡែ​ន​ស្គី យល់ថា «អ៊ុយ​ក្រែ​ន ស័ក្ដិសម ហើយ​ប្រការ​នោះ​ពិតជា​អាច​កើតឡើង»។

    នាយករដ្ឋមន្ត្រី​របស់ ប្រទេស​ឆែក Petr Fiala បាន​គាំទ្រ​ការស្នើសុំ​របស់ អ៊ុយ​ក្រែ​ន ប៉ុន្តែ នោះ​គ្រាន់តែ​ជា​ម្ចាស់ឆ្នោត​មួយ​ប៉ុណ្ណោះ​នៅក្នុង សហភាព​អឺរ៉ុប។ ក្រុម​អ្នកជំនាញ​យល់ថា អ៊ុយ​ក្រែ​ន មិនទាន់មាន​លក្ខណៈ​គ្រប់គ្រាន់​ដែល​អាចឆ្លើយតប​នឹង​លក្ខខណ្ឌ​របស់ EU ក្នុងនោះ​មាន​ទាំង​អំពើពុករលួយ​ជាដើម។

  • ប្រាក់​រូ​ប្ល (ruble) របស់ រុស្ស៊ី ធ្លាក់​ថ្លៃ​មិន​ធ្លាប់មាន រដ្ឋាភិបាល​ដំឡើង​ការប្រាក់​ឡើងដល់ ២០%

    ប្រាក់​រូ​ប្ល (ruble) របស់ រុស្ស៊ី ធ្លាក់​ថ្លៃ​មិន​ធ្លាប់មាន រដ្ឋាភិបាល​ដំឡើង​ការប្រាក់​ឡើងដល់ ២០%

    រូបិយវត្ថុ​ក្នុងស្រុក​របស់ រុស្ស៊ី មានពេលខ្លះ​ធ្លាក់​ថ្លៃ ៤០% ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក កាលពី​ព្រឹក​នេះ ក្រោយពី អាម៉េរិក និង អឺរ៉ុប កាត​ផ្ដាច់​ធនាគារធំៗរបស់ រុស្ស៊ី ចេញពី​បណ្ដាញ SWIFT។

    ក្នុងការ​ជួញដូរ​ព្រឹក​មិញ ប្រាក់​រូ​ប្ល​រុស្ស៊ី មានពេលខ្លះ​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ១១៧.៧៥ រូ​ប្ល សម្រាប់​ប្ដូរ​យក ១ ដុល្លារ​អាម៉េរិក ថយចុះ ៤០% ពី ៨៣.៧៥ រូ​ប្ល​រុស្ស៊ី កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន នេះ​បើតាម​ទិន្នន័យ​របស់ Bloomberg។

    មូលហេតុ​នៃ​ការធ្លាក់​ថ្លៃ​នេះ​គឺ​ដោយសារ សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប រួម​នឹង កាណាដា កាលពី​សប្ដាហ៍​កន្លង បាន​យល់​ស្របគ្នា​ក្នុងការ​កាត់​ធនាគារធំៗមួយចំនួន​របស់ រុស្ស៊ី ចេញពី SWIFT (Society of Worldwide Interbank Financial Telecommunication) ដែលជា​បណ្ដាញ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ នៃ​ធនាគារ​ទូទាំង​ពិភពលោក។ ប្រព័ន្ធ SWIFT នេះ​មាន​ស្ដង់ដារ​តែមួយ ដែលមាន​សុវត្ថិភាព​ខ្ពស់បំផុត​នៅក្នុង​ការផ្ទេរ និង​ទទួល​ប្រាក់​ពី​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ជាង ១១,០០០ ក្រុមហ៊ុន នៅក្នុង​ប្រទេស និង​ដែនដី​ជាង ២០០ របស់​ពិភពលោក។

    ដើម្បី​ប៉ះប៉ូវ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការធ្លាក់​ថ្លៃ​របស់ ប្រាក់​រូ​ប្ល​រុស្ស៊ី ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក រួម​នឹង​បញ្ហា​អតិផរណា ធនាគារជាតិ​រុស្ស៊ី បាន​ដំឡើង​ការប្រាក់​មូលដ្ឋាន​ពី ៩.៥% ឡើងដល់ ២០% ក្នុង​គ្រា​តម្លៃ​ប្រា​ក់រូ​ប្ល​រុស្ស៊ី ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ពីមុនមក។

    ចំណែក​តម្លៃ​ប្រេង​បាន​កើនឡើង​កាលពី​ព្រឹក​នេះ ក្នុង​គ្រា​ដែល​អ្នកវិនិយោគ​មានការ​បារម្ភ​អំពី​ប្រភព​ផ្គត់ផ្គង់ ព្រោះតែ​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន។ តម្លៃ​ប្រេង Brent ឡើងដល់ ១០៥ ដុល្លារ​អាម៉េរិក/ធុង​បារ៉ែល នៅពេល​ចាប់ផ្ដើម​ការជួញដូរ ដែល​តួលេខ​នេះ​ខ្ពស់ជាង​ប្រហែល ៧ ដុល្លារ បើ​ធៀប​នឹង​សប្ដាហ៍​កន្លង៕

  • គណៈ​ប្រតិភូ​អ៊ុយ​ក្រែ​ន ធ្វើដំណើរ​ដល់ បេឡា​រូស ដើម្បី​បើក​កិច្ចចរចា​ជាមួយ រុស្ស៊ី

    គណៈ​ប្រតិភូ​អ៊ុយ​ក្រែ​ន ធ្វើដំណើរ​ដល់ បេឡា​រូស ដើម្បី​បើក​កិច្ចចរចា​ជាមួយ រុស្ស៊ី

    គណៈប្រតិភូ​អ៊ុយ​ក្រែ​ន បានធ្វើ​ដំណោះរ​ទៅដល់​តំបន់ Pripyat ដើម្បី​បើក​កិច្ចចរចា​ជាមួយ រុស្ស៊ី បន្ទាប់ពី​បាន​ប្រយុទ្ធ​គ្នា ៤ ថ្ងៃ ក្នុងពេលដែល កងទ័ព​អ៊ុយ​ក្រែ​ន យល់ថា កងទ័ព​រុស្ស៊ី បាន​បន្ថយល្បឿន​នៃ​ការវាយលុក។

    គណៈប្រតិភូ​រុស្ស៊ី និង អ៊ុយ​ក្រែ​ន ថ្ងៃនេះ​នឹង​ជួបចរចា​គ្នា​នៅឯ Pripyat របស់ បេឡា​រូស នៅពេល​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន បាន​ឈាន​ចូលដល់​ថ្ងៃទី ៥។ មុន​នោះ ភាគី​ខាង​ បេឡារូស​ បាន​ឱ្យ​ដឹង​ថា គ្រប់​យ៉ាង​ដែល​រៀប​ចំសម្រាប់​កិច្ច​ចរចា ត្រូវ​បាន​ត្រៀម​រួច​រាល់​ហើយ​។

    ក្រោយ​ការប្រយុទ្ធ​ច្រើន​ថ្ងៃ បច្ចុប្បន្ន រុស្ស៊ី ទំនងជា​បាន​ប្ដូរ​យុទ្ធសាស្ត្រ ព្រោះតែ​ការ​វាយ​សម្រុក​ត្រូវបាន​ឆ្លើយតប​យ៉ាងខ្លាំង​ក្លា​ពី កងទ័ព​អ៊ុយ​ក្រែ​ន។ ពេលនេះ រុស្ស៊ី កំពុង​ឡោមព័ទ្ធ​ទីក្រុងធំៗ និង​ប្រើប្រាស់​កាំភ្លើង​ធំ​ដើម្បី​បន្តក់​គ្រាប់​លើ​គោលដៅ។

    បន្ទប់​ចរចរ​នៅ​ បេឡារូស បាន​ត្រៀម​រួច​រាល់​ហើយ

    ក្នុង​គ្រា​ដែល​លោកខាងលិច ប្រកាស​ផ្ដល់​អាវុធ​ធុន​ធ្ងន់​បន្តទៀត​ដល់ អ៊ុយ​ក្រែ​ន និង​ដាក់ទណ្ឌកម្ម​នានា​លើ រុស្ស៊ី ទាំង​សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ទាំង​សម្ដេច​សង្ឃ ដា​ឡៃ ឡា​ម៉ា ក៏​សុទ្ធតែ​បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី​ឈប់​បាញ់ និង​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​សម្រាប់​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន។

  • ណា​តូ (NATO) បញ្ចេញ​ទ័ព ៤ ម៉ឺន​នាក់ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ទៅកាន់ អឺរ៉ុប​ខាងកើត

    ណា​តូ (NATO) បញ្ចេញ​ទ័ព ៤ ម៉ឺន​នាក់ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ទៅកាន់ អឺរ៉ុប​ខាងកើត

    អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ Jens Stoltenberg ប្រកាស​កាលពី​ថ្ងៃទី ២៥ កុម្ភៈ ថា ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដែល ណា​តូ បាន​បញ្ចេញ​​កម្លាំង​ប្រតិកម្ម​របស់ ណា​តូ (NATO Response Force-NRF) ដែលមាន​ទាហាន ៤០,០០០ នាក់។

    លោក Jens Stoltenberg និយាយថា យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន គឺជា «វិបត្តិ​សន្តិសុខ​ធ្ងន់ធ្ងរ​បំផុត​ដែល​យើង​ត្រូវ​ប្រឈម​នៅ អឺរ៉ុប ក្នុង​រយៈពេល​ច្រើន​ទសវត្សរ៍​កន្លងទៅនេះ»។ កម្លាំង NRF នឹង​ត្រូវបាន​ពង្រាយ «នៅលើ​ដីគោក លើ​សមុទ្រ និង​លើ​អាកាស» នៅ អឺរ៉ុប​ខាងកើត ក្នុង​បំណង​ការពារ​ជា​លក្ខណៈ​សមូហភាព។

    អគ្គលេខាធិការ​នៃ អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ក៏បាន​បន្ថែមថា ណា​តូ នឹង​ផ្ដល់​អាវុធ និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​បន្ថែ​ម​ទៀត ដល់ អ៊ុយ​ក្រែ​ន ទៅតាម​ការស្នើ​របស់រ​ដ្ឋា​ភិ​បាល​ប្រទេស​នេះ។

    បណ្ដា​ប្រទេស​ក្នុង​សម្ព័ន្ធមិត្ត​នៅ​ភាគ​ខាងកើត​នៃ​តំបន់​ដែល​គ្រប់គ្រង​ដោយ ណា​តូ ពិតជា​មានការ​បារម្ភ​ខ្លាំង នៅពេល​ស្ថិត​នៅក្បែរ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​ក្បែរ​ព្រំដែន​របស់ រុស្ស៊ី។

    «ការវាយប្រហារ​របស់ រុស្ស៊ី ទៅលើ អ៊ុយ​ក្រែ​ន មិន​ត្រឹមតែ​ជាការ​វាយប្រហារ​ទៅលើ​តែ អ៊ុយ​ក្រែ​ន មួយ​មុខ​នោះទេ ប៉ុន្តែ វា​គឺជា​ការវាយប្រហារ​ទៅលើ​សណ្ដាប់ធ្នាប់​សន្តិសុខ​នៅ ទ្វីបអឺរ៉ុប ទាំងមូល» អគ្គលេខាធិការ​នៃ អង្គការ​ណា​តូ សង្កត់ធ្ងន់​ដូច្នេះ។

    ការដែល ណា​តូ បញ្ចេញ​ទ័ព​ប្រតិកម្ម ៤ ម៉ឺន​នាក់ ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​មេដឹកនាំ​របស់​អង្គការ​នេះ បាន​បើក​កិច្ចប្រជុំ​បន្ទាន់​កាលពី​ថ្ងៃទី ២៥ កុម្ភៈ ដើម្បី​ពិភាក្សា​អំពី​សន្តិសុខ​នៅ អ៊ុយ​ក្រែ​ន។ ក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​វត្តមាន​របស់​មន្ត្រី​មកពី ប្រទេស​ស្វ៊ី​ស និង ហ្វាំ​ង​ឡង់ ដែល​មិនមែនជា​សមាជិក​របស់ ណា​តូ ផងដែរ។

    ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ ក៏បាន​ថ្លែងថា នឹង​បញ្ជូន​ទ័ព ៧,០០០ នាក់ ទៀត​ទៅកាន់ ទ្វីបអឺរ៉ុប ដើម្បី​គាំទ្រ​ដល់ ណា​តូ។

  • ប្រធានាធិបតី​​អ៊ុយ​ក្រែ​ន ​អំពាវ​នាវ​​រក​​ជំនួយ​​ពី​​អង្គ​ការ​ ណា​តូ​ (NATO)

    ប្រធានាធិបតី​​អ៊ុយ​ក្រែ​ន ​អំពាវ​នាវ​​រក​​ជំនួយ​​ពី​​អង្គ​ការ​ ណា​តូ​ (NATO)

    ប្រធានាធិបតី Zelensky របស់ ប្រទេស​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា លោក​បាន​ទូរស័ព្ទ​ពិភាក្សា​ជាមួយ​សមស​ភាគី ប៉ូឡូញ Andrzej Duda នា​ថ្ងៃនេះ ដើម្បី​ស្វែងរក​ជំនួយ​ផ្នែក​ការពារជាតិ​ពី​បណ្ដា​សមាជិក​នានា​របស់ ណា​តូ និង​បង្ខំ​ឱ្យ រុស្ស៊ី ចូល​តុ​ចរចា។

    «យើង​ត្រូវការ​សម្ព័ន្ធមិត្ត​មួយ​ដើម្បី​ប្រឆាំងនឹង​សង្គ្រាម» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Zelensky បាន​សរសេរ​នៅលើ Twitter ដូច្នេះ។

    មេដឹកនាំ​របស់ អ៊ុយ​ក្រែ​ន យល់ថា «យូរ ឬ​ឆាប់ រុស្ស៊ី ក៏​នឹងត្រូវ​ចរចា​ជាមួយ​យើងខ្ញុំ។ និយាយ​អំពី​របៀប​នៃ​ការបញ្ចប់​សង្គ្រាម និង​ទប់ស្កាត់​ការឈ្លានពាន​នេះ។ ការចរចា​ចាប់ផ្ដើម​កាន់តែ​ឆាប់ រុស្ស៊ី ក៏​នឹងរង​ការខូចខាត​កាន់តែ​តិច»។

  • អ៊ុយ​ក្រែ​ន ហាម​បុរស​អាយុ​ពី ១៨ ដល់ ៦០ ឆ្នាំ ចាក​ចេញពី​ប្រទេស

    អ៊ុយ​ក្រែ​ន ហាម​បុរស​អាយុ​ពី ១៨ ដល់ ៦០ ឆ្នាំ ចាក​ចេញពី​ប្រទេស

    អ៊ុយ​ក្រែ​ន បានចេញ​បញ្ជា​ឱ្យ​លើកទឹកចិត្ត និង​ស្នើ​បុរស​ដែលមាន​អាយុ​ចាប់ពី ១៨ ដល់ ៦០ ឆ្នាំ មិនត្រូវ​ចាកចេញ​ពី​ប្រទេស ក្នុងពេល រុស្ស៊ី បើក​ការឈ្លានពាន។

    បទបញ្ជា​ខាងលើ​ត្រូវបាន​ប្រធានាធិបតី Volodymyr Zelensky ចុះហត្ថលេខា​កាលពី​ចុង​ថ្ងៃទី ២៤ កុម្ភៈ ដើម្បី «ធានា​កម្លាំង​ការពារជាតិ ជួយ​ដល់​សមត្ថភាព​ក្នុងការ​ត្រៀមប្រយុទ្ធ និង​ការប្រមូល​កម្លាំងប្រដាប់អាវុធ​របស់ អ៊ុយ​ក្រែ​ន ក៏ដូចជា​កងកម្លាំង​យោធា​ផ្សេងទៀត»។

    យោងតាម​បទបញ្ជា​ដែលមាន​សុពលភាព ៩០ ថ្ងៃនេះ ទាហាន​កាតព្វកិច្ច និង​ទាហាន​បម្រុង​នៅ អ៊ុយ​ក្រែ​ន នឹង​ត្រូវបាន​ប្រមូល។

    កម្លាំង​ការពារ​ព្រំដែន​របស់ អ៊ុយ​ក្រែ​ន ឱ្យដឹងថា ពលរដ្ឋ​ដែលមាន​អាយុ​ពី ១៨ ដល់ ៦០ ឆ្នាំ ត្រូវបាន​ហាម​ចាក​ចេញពី​ប្រទេស​ក្នុងអំឡុង ៩០ ថ្ងៃ​ខាងលើ។ ប្រធានាធិបតី Zelensky មុន​នោះ​ក៏បាន​ប្រកាសថា នឹង​ផ្ដល់​អាវុធ​ដល់ ពលរដ្ឋ​អ៊ុយ​ក្រែ​ន ទាំងអស់ ដែល​ត្រូវការ។ លោក​ក៏បាន​ប្រកាស​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ រុស្ស៊ី ផងដែរ។

    ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃទី ២៤ កុម្ភៈ បានប្រកាស​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន ក្រោម​ហេតុផល​ថា «ប្រទេស» នៅ​តំបន់​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន បានស្នើ​សុំ​ជំនួយ​យោធា។

    កងទ័ព​រុស្ស៊ី បាន​សម្រុកចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន ពី​ច្រើន​ទិស ខណៈ​កងកម្លាំង​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ក៏​បើក​ការវាយប្រហារ​សំដៅ​តំបន់​ដែល​កំពុង​គ្រប់គ្រង​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​ដណ្ដើមបាន​ទីរួមស្រុក​ចំនួន ២ នៅ Luhansk។

    អ៊ុយ​ក្រែ​ន​ប្រកាសថា មនុស្ស ១៣៧ នាក់​បាន​ស្លាប់ និង ៣១៦ នាក់ រងរ​បួង បន្ទាប់ពី រុស្ស៊ី បាន​បើក​ការវាយលុក។ ជនភៀសខ្លួន​របស់ អ៊ុយ​ក្រែ​ន កំពុងរ​ត់ទៅ​ប្រទេសជិតខាង ហើយ អាម៉េរិក ក៏បាន​ប្រកាស​ទទួលយក​ជនភៀសខ្លួន​ទាំងនោះ។

     

  • ប្រៀបធៀប​កម្លាំងយោធា​ឆ្នាំ ២០២២ រវាង ប្រទេស​អ៊ុយ​ក្រែ​ន និង រុស្ស៊ី

    ប្រៀបធៀប​កម្លាំងយោធា​ឆ្នាំ ២០២២ រវាង ប្រទេស​អ៊ុយ​ក្រែ​ន និង រុស្ស៊ី

    សម្រាប់​ឆ្នាំនេះ អ៊ុយ​ក្រែ​ន ឈរលើ​ចំណាត់ថ្នាក់​ទី ២២ ក្នុងចំណោម​ប្រទេស​ចំនួន ១៤០ ដែល​ត្រូវបាន​រាប់​ចូលក្នុង​តារាង​ចំណាត់ថ្នាក់​ស្ដីពី​អំណាច​យោធា (Military Strength Ranking) របស់ Globalfirepower។ ចំណែក រុស្ស៊ី វិញ ឈរ​លំដាប់ថ្នាក់​ទី ២ បន្ទាប់ពី សហរដ្ឋ​អាម៉េរិក។