Tag: ហ្វាំងឡង់

  • អណ្ដូង​រ៉ែ​ជ្រៅ​បំផុត​នៅ​អឺរ៉ុប ក្លាយ​ជា​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី

    អណ្ដូង​រ៉ែ​ជ្រៅ​បំផុត​នៅ​អឺរ៉ុប ក្លាយ​ជា​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី

    តំបន់​អណ្ដូង​រ៉ែ​ជ្រៅ​ជាង​ 1,400 ម៉ែត្រនៅ​ប្រទេស​ហ្វាំងឡង់ នឹង​រក្សា​ទុក​ថាមពល​កកើត​ឡើងវិញ​ ហើយ​ផ្គត់ផ្គង់​អគ្គិសនី​ទៅតាម​តម្រូវ​ការ​នៃ​បណ្ដាញ​អគ្គិសនី​។

    ក្រុម​ហ៊ុន​រក្សា​ទុក​ថាមពល​នៅ​ប្រទេស​អង់គ្លេស ឈ្មោះ Gravitricity នឹង​ចាប់​ផ្ដើម​ប្រែក្លាយ​អណ្ដូង​រ៉ែ​ជ្រៅ​បំផុត​លើ​ពិភពលោក ឱ្យ​ទៅ​ជា​ថ្ម​ផ្ទុក​ថាមពល​បែប​ទំនាញ​ដំបូង​គេ។ នេះបើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពីថ្ងៃទី 05 មករា​។ តំបន់​​អណ្ដូង​រ៉ែ​ Pyhasalmi នេះ​ មាន​ជម្រៅ​ 1,444 ម៉ែត្រ ស្ថិត​នៅ​ Pyhajarvi ​មាន​ចម្ងាយ​ 450 គីឡូម៉ែត្រ​ទៅ​ទិស​ខាង​ជើង ធៀប​នឹង​​រដ្ឋធានីហែលស៊ីនគី​ របស់​ប្រទេស​ហ្វាំងឡង់​។

    ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​ First Quantum Minerals នៅ​ប្រទេស​កាណាដា អណ្ដូង​រ៉ែ​ជ្រៅ​បំផុត​នៅ​អឺរ៉ុប​នេះ​គឺជា​ប្រភព​ផ្គត់​ផ្គង់​ស័ង្កសី និង​ទង់ដែង​។ កាល​ពី​ឆ្នាំ 2022 ការ​ផលិត​នៅ​ក្នុង​តំបន់​អណ្ដូង​រ៉ែ​នេះ​បាន​ឈប់​ដំណើរ​ការ​ ហើយ​ចាប់​ផ្ដើម​ងាក​ទៅ​ទាញ​យក​អត្ថប្រយោជន៍​ផ្សេង​នៅ​នឹង​កន្លែង​។

    ក្រុម​ហ៊ុន​ Gravitricity នៅ​ប្រទេស​អង់គ្លេស អភិវឌ្ឍ​ Gravistore ដែល​ជា​ប្រព័ន្ធ​មួយ​ដែល​យោង​ទៅ​លើ​កម្លាំង​ទំនាញ​ផែនដី​ អាច​ដើរ​តួនាទី​ជា​ថ្ម​ផ្ទុក​ថាមពល​ដែល​សល់​ពីប្រភព​កកើត​ឡើងវិញ​។ ​ក្នុង​ថ្ងៃ​មាន​កម្ដៅ​ ឬ​ខ្យល់​ខ្លាំង គ្រា​ដែល​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់ ឬ​កម្ដៅ​ព្រះ​អាទិត្យ​ផលិត​អក្គិសនី​ច្រើន​ជាង​តម្រូវ​ការ ប្រព័ន្ធ​ខាងលើ​នឹង​លើក​ដុំ​ដែក​ដែល​ដាក់​នៅ​លើ​អណ្ដូង​រ៉ែ​នេះ​ ដើម្បី​រក្សា​ទុក​ថាមពល​។ នៅ​ពេល​តម្រូវ​ការ​អគ្គិសនី​កើន​ឡើង​ ដុំ​ដែក​អាច​ត្រូវ​បាន​ទម្លាក់​ចុះ​​ដើម្បី​ផលិត​ថាមពល​ ក្នុង​នោះ​ ខ្សែ​រ៉ត​នឹង​ដើរ​តួនាទី​ដូច​ទៅ​នឹង​ម៉ាស៊ីន​ផលិត​អគ្គិសនី​។

    Gravitricity នឹង​ប្រើប្រាស់​ស្នូល​ដែល​ស្ថិត​ក្នុង​ជម្រៅ​ 530 ម៉ែត្រ ដើម្បី​សាងសង់​ប្រព័ន្ធ​គំរូ​មួយ​ដែល​មាន​អានុភាព​ 2 MW ដើម្បី​បញ្ជាក់​អំពី​បច្ចេកវិទ្យា​នេះ​។

  • អឺរ៉ុប​ខាង​ជើង​រង​អាកាសធាតុ​ត្រជាក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រង្វង់​ច្រើន​ទសវត្សរ៍​មក​នេះ​

    អឺរ៉ុប​ខាង​ជើង​រង​អាកាសធាតុ​ត្រជាក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រង្វង់​ច្រើន​ទសវត្សរ៍​មក​នេះ​

    បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាង​ជើង កំពុង​ស្ថិត​ក្នុង​អាកាសធាតុ​ត្រជាក់​ជាង​រដូវ​រងា​មុន​ៗ ដោយសីតុណ្ហ​ភាព​ធ្លាក់​​ចុះ​រហូត​ដល់​រាប់​សិប​អង្សាសេ​ក្រោម​សូន្យ​ ធ្វើ​ឱ្យ​ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់ ប៉ះពាល់​ដល់​ចរាចរណ៍​ និង​ការ​រស់នៅ​។

    ប្រទេស​ស៊ុយអែត កាល​ពី​ថ្ងៃទី 03 មករា 2024 បាន​ឆ្លង​កាត់​រាត្រី​ត្រជាក់​បំផុត​រាប់​ចាប់​តាំង​ពី​ឆ្នាំ 1999 ស្រប​​ពេល​ស្ថានីយ​ឧតុនិយម​នៅ​តំបន់​ខាង​ជើង​របស់​ប្រទេស​ វាស់​ឃើញ​ -43.6 អង្សាសេ​។

    «​នេះ​ក៏​ជា​កម្រិត​ទាប​បំផុត​ដែល​កើត​មាន​នៅ​ក្នុង​ទីតាំង​ជាក់​ស្ដែង​នេះ​ រាប់​ពី​ពេល​ចាប់​ផ្ដើម​វាស់​ស្ទង់​កាល​ពី​ឆ្នាំ 1888» អ្នក​ជំនាញ​ផ្នែក​ឧតុនិយម​របស់​ប្រទេស​ស៊ុយអែត (SMHI) ឱ្យ​ដឹង​ដូច្នេះ​។ ស្ថានីយ​ឧតុនិយម​​ដទៃ​ទៀត​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​នេះ​ក៏​វាស់​ឃើញ -40 អង្សាសេ​។

    អាកាសធាតុ​ត្រជាក់​ខ្លាំង​បែប​នេះ​ធ្វើ​ឱ្យ​ដំណើរ​ការ​របស់​រថភ្លើង​អគ្គិសនី​មាន​ការ​រអាក់​រអួល​ ខណៈ​រថយន្ត​ក្រុង​ក្នុង​តំបន់​ក៏​ត្រូវ​ផ្អាក​ដំណើរ​ការ​ច្រើន​ថ្ងៃ​។

    កាលពី​ថ្ងៃទី 03-04 មករា 2024 រថយន្ត​រាប់​រយ​គ្រឿង​បាន​ជាប់​គាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​ល្បឿន​លឿន​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ស៊ុយអែត និង​ដាណឺម៉ាក ដោយ​សារ​តែ​ព្រឹល​។ កងទ័ព​ស៊ុយអែត​ត្រូវ​បាន​បញ្ជូន​ទៅ​ជួយ​ដល់​ពលរដ្ឋ​នៅ​តាម​ទីរួម​ស្រុក​នានា​ដែល​ស្ថិត​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​។

    រថភ្លើង​ជា​ច្រើន​ខ្សែ​ក៏​ត្រូវ​អាក់​ខាន​ដំណើរ​ការ​នៅ​ហ្វាំងឡង់​ ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ស៊ុយអែត​។ វេលា​ទៀបភ្លឺ​នៃ​ថ្ងៃទី 05 មករា សីតុណ្ហភាព​នៅ​តំបន់​ពាយព្យ​ Enontekio គឺ​ -42.1 អង្សាសេ​ ដែល​ជា​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រដូវ​រងា​នេះ​។ អាជ្ញាធរ​ហ្វាំងឡង់​ឱ្យ​ដឹង​ថា ប្រទេស​នេះ​មាន​អាកាសធាតុ​ -42 អង្សាសេ​តែ​បី​ដង​គត់​នៅ​ក្នុង​សតវត្សរ៍​នេះ​។

  • បញ្ហា​ស៊ុយអែត​​សូម​ចូល​ជា​សមាជិក​ណាតូ គឺជា​កូន​អុក​របស់​តួកគី

    បញ្ហា​ស៊ុយអែត​​សូម​ចូល​ជា​សមាជិក​ណាតូ គឺជា​កូន​អុក​របស់​តួកគី

    ការ​រារាំង​ស៊ុយអែត​ចូល​ជា​សមាជិក​ណាតូ (NATO) ក្នុង​រយៈ​ពេល​ច្រើន​ខែ​ ហើយ​ចុង​ក្រោយ​ក៏​យល់​ព្រម​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​ណាតូ គឺ​សុទ្ធ​តែ​ស្ថិត​ក្នុង​ផែនការ​របស់​លោក Erdogan។

    ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan កាល​ពី​ថ្ងៃទី 10 កក្កដា 2023 បាន​ឯកភាព​អនុញ្ញាត​ឱ្យ​​ប្រទេស​ស៊ុយអែត​ចូល​ជា​សមាជិក​របស់​ណាតូ ក្រោយ​ពី​បាន​រារាំង​ពេញ​មួយ​ឆ្នាំ​។

    កិច្ច​ព្រមព្រៀង​ដែល​សម្រេច​បាន​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅ​មុន​កិច្ច​ប្រជុំ​កំពូល​ណាតូនៅ​ប្រទេស​លីទុយអានី​នេះ​ នឹង​ពង្រីក​ទឹក​ដី​របស់​សម្ព័ន្ធ​យោធា​បាន​ជាង 500,000 គីឡូម៉ែត្រ​ការ៉េ​ទៀត​ នៅ​​តំបន់​​សមុទ្រ​បាល់ទិក និង​ផ្លាស់​ប្ដូរ​តុល្យភាព​អំណាច​នៅ​អឺរ៉ុប​ខាង​ជើង​។ វា​ក៏​ជួយ​ឱ្យ​ណាតូ​ដោះ​ស្រាយ​បញ្ហាមិន​ចុះ​សម្រុង​គ្នា​ធំ​មួយ​ គ្រា​ដែល​សម្ព័ន្ធ​យោធា​នេះ​កំពុង​ត្រូវ​ការ​បង្ហាញ​សាមគ្គី​ភាព​ដើម្បី​ប្រឈម​នឹង​រុស្ស៊ី​។

    បន្ទាប់​ពី​មាន​ការ​យល់​ព្រម​ពី​តួកគី ហើយ​ប្រទេស​ហុងគ្រី​ក៏​ធ្លាប់​បាន​និយាយ​ថា ពួក​គេ​នឹង​ដើរ​តាម​គន្លង​របស់​ទីក្រុង​អង់ការ៉ា អគ្គលេខាធិការ​នៃ​អង្គ​ការ​ណាតូ លោក Stoltenberg បាន​វាយ​តម្លៃ​ថា ការសូម​ចូល​ជា​សមាជិក​ណាតូ​ពី​សំណាក់​ស៊ុយអែត​ «នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ឆាប់ៗ»។

    យោង​តាម​ក្រុម​អ្នក​ជំនាញ​ ប្រកាស​កាល​ពី​ថ្ងៃទី 10 កក្កដា 2023 គឺជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​តែង​តែ​កើត​ឡើង​ចំពោះ​មេដឹក​នាំ​តួកគី។ យុទ្ធសាស្ត្រ​នេះ​បាន​ជួយ​ឱ្យ​លោក Erdogan លើក​កម្ពស់​ឥទ្ធិពល របស់​តួកគី និង​សម្រេច​បាន​ផល​ប្រយោជន៍​ច្រើន​។

    ក្រោយ​ពី​រុស្ស៊ី​បាន​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន​ ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត កាល​ពី​ខែ​ឧសភា 2022 ក៏​បាន​បោះ​បង់​គោលនយោបាយ​មិន​ចូល​បក្ខសម្ព័ន្ធ​យោធា​ដែល​ពួក​គេ​​បា​ន​អនុវត្ត​អស់​ជា​ច្រើន​ទសវត្សរ៍កន្លង​​ ដើម្បី​ស្វែង​រក​ឋានៈ​ជា​សមាជិកភាព​របស់​ណាតូ​។

    គិត​មក​ដល់​បច្ចុប្បន្ន ណាតូ​មាន​សមាជិក​សរុប​ចំនួន 31 ប្រទេស​ (ពណ៌ខៀវចាស់)

    ដំបូង​ឡើយ លោក Erdogan ជំទាស់​ទៅ​នឹង​ការ​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​ពីរ​ខាង​លើ​ចូល​ជា​សមាជិក​ណាតូ ប៉ុន្តែ​បន្ទាប់​ពី​ការ​ចរចា​អស់​ជា​ច្រើន​ខែ​ ហើយ​តួកគី​ទទួល​បាន​ផល​ប្រយោជន៍​​ច្រើនពី​ស៊ុយអែត​ ក៏​ដូច​ជា​ពី​សហរដ្ឋ​អាម៉េរិក និង​ណាតូ​ លោក Erdogan ក៏​ចាប់​ផ្ដើម​បើក​ភ្លើង​ខៀវ​។ ការ​ទាម​ទារ​ដែល​តួកគី​សម្រេច​បាន​ រួមមាន បញ្ហា​ជនជាតិ​ឃើដ (Kurd) និង​បញ្ហា​តួកគី​បញ្ជា​ទិញ​យន្ត​ហោះ​ចម្បាំង​របស់​សហរដ្ឋ​អាម៉េរិក​ជា​ដើម​។

    Sinan Ulgen ដែល​ជា​សមាជិក​ជាន់​ខ្ពស់​របស់​​អង្គការ Carnegie Europe នៅ​ប្រទេស​បែលហ្ស៊ិក អះអាង​ថា ការ​រារាំង​របស់​លោក Erdogan ចំពោះ​ស៊ុយអែត​ គឺជា​កូន​អុក​ដែល​អង់ការ៉ា​ប្រើ​ប្រាស់​ដើម្បី​សម្រេច​បាន​ផល​ប្រយោជន៍​ជូន​ប្រទេស​ជាតិ​របស់​លោក​។ ចំណែក​ លោក​ស្រី Anna Wieslander នាយិកា​ទទួល​បន្ទុក​តំបន់​អឺរ៉ុប​ខាង​ជើង​របស់​ក្រុម​ប្រឹក្សា​មហា​សមុទ្រ​អាត្លង់ទិក​នៅ​សហរដ្ឋ​អាម៉េរិក​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ក៏​បាន​ព្យាករ​ថា លោក Erdogan នឹង​ផ្លាស់​ប្ដូរ​ជំហរ​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​របស់​ណាតូ​ ដោយ​យល់​ថា «លោក Erdogan មាន​ចេតនា​ធ្វើ​បែប​នោះ​គឺ​ដើម្បី​បង្ហាញ​ថា លោក​ជា​មនុស្ស​ល្អ ជា​អ្នក​ដែល​បាន​ជួយ​ស្រោច​ស្រង់​កិច្ច​ប្រជុំ​កំពូល​ ដោយ​ការ​បើក​ភ្លើង​ខៀវ»។

    គិត​មក​ដល់​បច្ចុប្បន្ន ណាតូ​មាន​សមាជិក​សរុប​ចំនួន 31 ប្រទេស​ ហើយ​អាច​កើន​ដល់ 32 ប្រទេស​ បើ​សិន​ស៊ុយអែត​ត្រូវ​បាន​ទទួល​យក​ជា​សមាជិក​៕

  • តម្លៃ​អគ្គិសនី​ «​ចុះ​ថោក​ស្មើ​សូន្យ​​រៀល» នៅ​ប្រទេស​ហ្វាំងឡង់

    តម្លៃ​អគ្គិសនី​ «​ចុះ​ថោក​ស្មើ​សូន្យ​​រៀល» នៅ​ប្រទេស​ហ្វាំងឡង់

    ប្រទេស​ហ្វាំងឡង់​កំពុង​ប្រឈម​នឹង​ស្ថានភាព​កម្រ​ជួប​ នៅ​ពេល​បរិមាណ​អគ្គិសនី​ស្អាត​សម្បូរ​ហូរហៀរ​ ដល់​ថ្នាក់​ធ្វើ​ឱ្យ​តម្លៃ​អគ្គិសនី​ថោក​ដល់​កម្រិត​សូន្យ​។

    ក្នុង​ពេល​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​កំពុង​មាន​ការ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​ថាមពល​ តម្លៃ​អគ្គិសនី​នៅ​ហ្វាំងឡង់​បែរ​ជា​ធ្លាក់​ចុះ​ដល់​កម្រិត​អវិជ្ជមាន​នៅ​ដើម​សប្ដាហ៍​នេះ​។​ តម្លៃ​អគ្គិសនី​កម្រិត​អវិជ្ជមាន​ មាន​ន័យ​ថា ប្រភព​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​លើ​ទីផ្សារ​ខ្ពស់​ជាង​តម្រូវ​ការ​​នៃ​ការ​ប្រើ​ប្រាស់​។ បើ​ទោះ​​ហាក់​មិន​ធម្មតា ប៉ុន្តែតម្លៃ​អគ្គិសនី​អវិជ្ជមាន​អាច​នាំ​មក​ទាំង​ផល​ល្អ​ ទាំងផល​អាក្រក់​។

    អំពី​ផល​ល្អ​ ស្ថានភាព​ខាងលើ​មាន​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​ នៅ​ពេល​ការ​ចំណាយ​លើ​ថ្លៃ​ភ្លើង​​ត្រូវ​ថយ​ចុះ​ខ្លាំង ឬ​ស្មើ​សូន្យ​។ ប៉ុន្តែ តម្លៃ​នេះ​ក៏​ជះ​ឥទ្ធិពល​អាក្រក់​ដល់​​ប្រាក់​ចំណូល​របស់​អ្នក​ផលិត​អគ្គិសនី​ និង​បង្ក​ផលវិបាក​ដល់​ការ​វិនិយោគ​លើ​គម្រោង​ថាមពល​នា​ពេល​អនាគត​។

    តម្លៃ​អគ្គិសនី​ធម្យម​ទាប​ជាង​សូន្យ​ កើត​ឡើង​ពី​មូលហេតុ​ធំៗ​ចំនួន​ពីរ​៖ ថាមពល​កកើត​ឡើងវិញ​សល់​ច្រើន​មិន​ធ្លាប់​បាន​ជួប​ និង​ការ​ប្រើប្រាស់​អគ្គិសនី​របស់​ប្រជាជន​ហ្វាំង​ឡង់​ថយ​ចុះ​ដោយ​សារ​តែ​ឥទ្ធិពល​នៃ​សង្គ្រាម​រវៀង​រុស្ស៊ី និង​អ៊ុយក្រែន​។ ប្រការ​នេះ​បាន​ដើរ​បញ្ច្រាស​ស្ថានការណ៍​ បើ​ធៀប​នឹង​រដូវ​រងា​ឆ្នាំ​មុន​ ដែល​រដ្ឋាភិបាល​ហ្វាំង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ថាមពល​ និង​តែង​តែ​អំពាវនាវ​ឱ្យ​មាន​ការ​សន្សំ​សំចៃ​អគ្គិសនី​។

    បញ្ហា​ខ្វះ​ថាមពល​បាន​ប្ដូរ​ផ្លាស់​ច្រើន​នៅ​ពេល​ហ្វាំងឡើង​ដំណើរ​ការ​​រោង​ចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអែរ​ កាល​ពី​ខែ​មេសា​ឆ្នាំ​នេះ​។ ទន្ទឹម​នឹង​នេះ ហ្វាំងឡង់​ក៏​នៅ​តែ​ប្រឹង​ប្រែង​តាម​ចាប់​គោលដៅ «​​ប្រែ​ក្លាយ​​ថាមពល​ស្អាត​​ឱ្យ​ទៅ​ជា​ប្រភព​ថាមពល​ចម្បង​នៅ​ឆ្នាំ 2027​។

    ក្រៅ​ពី​នេះ​ក៏នៅ​មាន​កត្តា​ជា​ច្រើន​ដែល​រួម​ចំណែក​ធ្វើ​ឱ្យ​តម្លៃ​អគ្គិសនី​នៅ​ហ្វាំងឡង់​ត្រូវ​ធ្លាក់​ចុះ។ ក្នុង​នោះ​មាន​ដូច​ជា រោង​ចក្រ​វារី​អគ្គិសនី​នានា​ត្រូវ​ធ្វើ​ការ​លើស​កម្លាំង​ដោយ​សារ​តែ​ទឹក​ជំនន់​នា​ពេល​ថ្មី​ៗ​នេះ​​ នាំ​ឱ្យ​បរិមាណ​អគ្គិសនី​ត្រូវ​សល់​ច្រើន​។ល។

    យោង​តាម​ The Tech Times ក្នុង​ស្ថានការណ៍​បែប​នេះ ក្រុម​អ្នក​ផលិត​អគ្គិសនី​នៅ​ហ្វាំងឡង់ ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើ​ដំណោះ​ស្រាយសម្រាប់​ការ​​បែង​ចែក​ផលិត​ផល​ដើម្បី​ចៀស​វាង​ការ​ខាត​បង់​៕

  • ហ្វាំងឡង់​ មិន​ត្រឹមតែ​មាន​ប្រព័ន្ធ​អប់រំ​ល្អ​ទេ​ តែ​ថែម​ទាំង​ជា​ប្រទេស​មាន​សុភ​មង្គល​បំផុត​លើ​លោក​

    ហ្វាំងឡង់​ មិន​ត្រឹមតែ​មាន​ប្រព័ន្ធ​អប់រំ​ល្អ​ទេ​ តែ​ថែម​ទាំង​ជា​ប្រទេស​មាន​សុភ​មង្គល​បំផុត​លើ​លោក​

    កាលពី​ឆ្នាំមុន​ ហ្វាំងឡង់​បាន​ក្លាយ​ជា​ប្រទេស​ដ៏​ល្បីល្បាញ​មួយ​ផ្នែក​អប់រំ​ ដែល​ពិភពលោក​ស្ងើចសរសើរ​ព្រោះ​ប្រទេស​នេះ​បាន​ទទួល​ចំណាត់ថ្នាក់​លេខ1​ ផ្នែក​អប់រំ​។ នៅ​ឆ្នាំ​ 2019​ នេះ​ប្រទេស​ហ្វាំងឡង់​បាន​បង្កើត​កំណត់ត្រា​ល្អ​បំផុត​ថ្មី​មួយទៀត​របស់​ខ្លួន​ គឺ​បាន​ក្លាយជា​ប្រទេស​ដែល​ប្រជាជន​មាន​សេចក្តី​សុខ​បំផុត​លើ​ពិភពលោក​។នេះ​បើ​យោង​តាម​របាយការណ៍​សុភមង្គល​ពិភពលោក​ប្រចាំឆ្នាំ2019​ (WorldHappiness​ Report​ 2019​)។

    ហ្វាំងឡង់​ ហាក់ដូចជា​ប្រទេស​អច្ឆ​រិយៈ​មួយ​ដែល​អាច​អភិវឌ្ឍ​ខ្លួន​បាន​ល្អឥតខ្ចោះ​ពី​ប្រទេស​ដែល​មាន​មនុស្ស​ធ្វើ​អត្តឃាត​លំដាប់ថ្នាក់​លេខ2​ លើ​ពិភពលោក​កាលពី​ប្រមាណ​ជាង​ 20ឆ្នាំមុន​ មក​ជា​ប្រទេស​ដែល​ប្រជាជន​មាន​ភាព​រីករាយ​បំផុត​។ ការ​ប្រែក្លាយ​ស្ថានភាព​បែបនេះ​ មិនមែន​ជា​រឿង​ងាយ​នោះ​ទេ​ តែ​វា​បាន​កើតឡើង​ហើយ​សម្រាប់​ប្រទេស​មួយ​នេះ​។

    មូលហេតុ​សំខាន់​ដែល​ធ្វើ​ឱ្យ​មានការ​កែប្រែ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នេះ​ គឺ​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​ការអប់រំ​មនុស្ស​ ទាំង​ការអប់រំ​ចំណេះ​ជំនាញ​ និង​ការអប់រំ​ពី​វិធីសាស្ត្រ​រស់នៅ​ប្រកបដោយ​ភាព​ស្ងប់​សុខ​។ ការអប់រំ​ដោយ​មិន​ដាក់​សម្ពាធ​ ហើយ​ផ្តល់​ឱកាស​ឱ្យ​ក្មេង​ៗស្វែងយល់​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​ជីវិត​ និង​សិក្សា​តាម​ក្តី​ស្រឡាញ់​ត្រូវ​បាន​គេដាក់​ឱ្យ​អនុវត្ត​នៅ​គ្រប់​គ្រឹះស្ថាន​អប់រំ​ទាំងអស់​នៅក្នុង​ប្រទេស​។ លើស​ពីនេះ​ទៅទៀត​ ស្ថាប័ន​អប់រំ​របស់​ប្រទេស​នេះ​ ក៏បាន​បង្រៀន​មនុស្ស​ឱ្យ​ចាប់​ផ្តើម​ចេះ​សហការ​ល្អ​ និង​កាត់បន្ថយ​ការប្រកួត​ប្រជែង​ ដែល​ធ្វើ​ឱ្យ​មនុស្ស​ចាប់ផ្តើម​មានស្មារតី​ចេះ​ជួយ​គ្នា​កាន់តែ​ច្រើនឡើង​ និង​មិន​ចង់​មាន​ចង់បាន​ហួសហេតុ​ រហូតដល់​កេងប្រវ័ញ្ច​គ្នា​ទៀតផង​។

    បន្ទាប់ពី​ការអប់រំ​ ប្រជាជន​នៅ​ប្រទេស​ហ្វាំងឡង់​ ចាប់ផ្តើម​ចេះ​ស្វែងរក​សេចក្តី​សុខ​ជាមួយ​ធម្មជាតិ​ ហើយ​រីករាយ​ជាមួយនឹង​អាកាសធាតុ​ត្រជាក់​ក្នុង​សហគមន៍​របស់​ពួកគេ​។ ប្រជាជន​ចេះ​សម្រប​ខ្លួន​បាន​ល្អ​ ហើយ​ថែរក្សា​ធម្មជាតិ​ ដែល​ធ្វើ​ឱ្យ​បរិស្ថាន​ជុំវិញ​ខ្លួន​ពោរពេញ​ដោយ​ភាព​ស្រស់ស្រាយ​ និង​គ្មាន​ការ​បំផ្លិច​បំផ្លាញ​ធម្មជាតិ​ដើម្បី​អភិវឌ្ឍន៍​ឡើយ​ ព្រោះ​ពួកគេ​យល់ថា​ ការ​អភិវឌ្ឍ​ គឺ​ដើម្បី​សេចក្តី​សុខ​ ហេតុនេះ​ប្រសិនបើ​គេ​ស្រឡាញ់​ធម្មជាតិ​ ការ​ថែរក្សា​ទ្រង់ទ្រាយ​ដើម​នៃ​ធម្មជាតិ​ គឺជា​សេចក្តី​សុខ​ដែល​គ្មានអ្វី​មក​ជំនួស​បាន​ឡើយ​។

    ក្រៅពី​នេះ​ អ្វី​ដែល​ប្រទេស​ដ៏​អស្ចារ្យ​នេះ​អាច​ធ្វើ​បាន​ គឺ​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការបម្រើ​សេវា​សាធារណៈ​ ដោយ​ការកាត់បន្ថយ​អំពើពុករលួយ​ជា​អតិបរមា​ ហើយ​ផ្តល់​ជូន​នូវ​សេវា​សាធារណៈ​ល្អឥតខ្ចោះ​ដែល​សូម្បីតែ​សេវា​ឯកជន​នៃ​ប្រទេស​មួយចំនួន​ក៏​មិន​អាច​ធ្វើ​បាន​ល្អ​ដូច​ផង​។ ចាប់ផ្តើម​ពី​ភាព​ប្រសើរ​ឡើង​នៃ​សេវា​សាធារណៈ​ធ្វើ​ឱ្យ​ប្រជាជន​ចាប់ផ្តើម​ជឿ​ទុកចិត្ត​កាន់តែ​ខ្លាំង​លើ​រដ្ឋបាល​តំបន់​របស់​គេ​ ហើយ​រីករាយ​សហការ​ដើម្បី​ផ្តល់​ពន្ធ​ បើ​ទោះបីជា​ពន្ធ​លើ​ផ្នែក​ខ្លះ​មានតម្លៃ​ថ្លៃ​ក៏ដោយ​ ជាពិសេស​ពន្ធ​លើ​ប្រព័ន្ធ​សន្តិសុខ​សង្គម​។

    បន្តិច​ម្តង​ៗ ប្រជាជន​នៃ​ប្រទេស​ហ្វាំងឡង់​ចាប់ផ្តើម​ទម្លាប់​រស់នៅ​ដោយ​ភាព​ស្កប់ស្កល់​ និង​ឈានជំហាន​ជាបន្តបន្ទាប់​ទៅ​ជួយ​អ្នកដទៃ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​។ ប្រជាជន​មិនសូវ​ខ្វល់​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ​ តែ​គេ​មានទម្លាប់​ជួយគ្នា​ និង​ថែរក្សា​សម្បត្តិ​សាធារណៈ​បាន​ល្អ​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ របាយការណ៍​សុភមង្គល​ពិភពលោក​ប្រចាំឆ្នាំ2019​ (World​ Happiness​ Report​2019​) បាន​វាយតម្លៃ​ប្រទេស​នី​មួយ​ៗលើ​ពិភពលោក​ដោយ​ផ្តោត​លើ​ចំណុច​សំខាន់​មួយចំនួន​ដូចជា​ ប្រាក់ចំណូល​របស់​ប្រជាជន​ សេរីភាព​ ការ​ជឿ​ទុកចិត្ត​ សុខភាព​ និង​អាយុ​សង្ឃឹម​រស់​ (life​ expectancy​) ការ​គាំទ្រ​ពីសង្គម​ និង​សមភាព​យេនឌ័រ​ក្នុង​សង្គម​។

    នៅក្នុង​តារាង​ប្រទេស​ដែល​មាន​សុភមង្គល​បំផុត​លើ​ពិភពលោក​នៅ​ឆ្នាំនេះ​ គឺ​ប្រទេស​ហ្វាំងឡង់​ឈរ​នៅ​លំដាប់ថ្នាក់​លេខ1​។ ប្រទេស​ដាណឺម៉ាក​ឈរ​នៅ​លំដាប់ថ្នាក់​លេខ2​ ន័​រវេ​យ៍​ឈរ​នៅ​លំដាប់ថ្នាក់​លេខ3​ អៀ​កឡង់​ឈរ​នៅ​លំដាប់ថ្នាក់​លេខ4​ ប្រទេស​ហូ​ឡង់​ឈរ​នៅ​លំដាប់ថ្នាក់​លេខ5​ ប្រទេស​ស្វ៊ី​សស្ថិ​តនៅ​លំដាប់ថ្នាក់​លេខ6​ និង​ប្រទេស​ស៊ុយអែត​ស្ថិត​នៅ​លំដាប់ថ្នាក់​លេខ7​៕