Tag: សីហា

  • ក្រុម​មហាអំណាច​អវកាស និង «អ្នកលេង​ជើងថ្មី» ក្នុង​ដំណើរ​ទៅកាន់​ឋាន​ព្រះ​ចន្ទ

    ក្រុម​មហាអំណាច​អវកាស និង «អ្នកលេង​ជើងថ្មី» ក្នុង​ដំណើរ​ទៅកាន់​ឋាន​ព្រះ​ចន្ទ

    ការបាញ់​បង្ហោះ​យានអវកាស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​រុស្ស៊ី កាលពី​ថ្ងៃទី 11 សីហា គឺជា​ការប្រឹងប្រែង​ថ្មី​ក្នុងការ​ប្រកួតប្រជែង​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ ដែល​នៅទីនេះ​មាន​ទាំង «អ្នកលេង​ជើង​ចាស់» និង «អ្នកលេងជើង​​ថ្មី»។

    ប្រទេស​ចិន

    ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បាន និង​កំពុង​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​ទៅក្នុង​កម្មវិធី​អវកាស ដោយមាន​គោលដៅ​តាម​ឱ្យទាន់​សហរដ្ឋ​អាម៉េរិក និង​រុស្ស៊ី។ ឆ្នាំ 2003 ប្រទេស​ចិន​បាន​ក្លាយជា​ប្រទេស​ទី​បី​ដែល​នាំ​មនុស្ស​ឡើងទៅ​កាន់​គន្លង​តារាវិថី។ ឆ្នាំ 2022 ស្ថានីយ​អវកាស​ធាន​ហ្កុ​ង (Tiangong) ត្រូវបាន​ដំឡើង​ជា​រៀង​អក្សរ T រួចរាល់។

    ចិន​ក៏បាន​នាំយក​បណ្ដា​រ៉ូ​បូត​ស្វ័យប្រវត្ត​ឡើងទៅ​កាន់​ភព​អង្គារ និង​ព្រះ​ចន្ទ​ដោយ​ជោគជ័យ។ ប្រទេស​នេះ​ក៏មាន​គម្រោង​នាំ​មនុស្ស​ឡើងទៅ​ជាន់ដី​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ 2030 និង​សង​សង់​មូលដ្ឋាន​នៅ​ទីនោះ​ផងដែរ។

    សហរដ្ឋ​អាម៉េរិក

    តាម​ផែនការ​ក្នុង​កម្មវិធី Artemis ណា​សា​គ្រោង​នឹង​បំពេញបេសកកម្ម​ជាច្រើន​សម្រាប់​ការ​​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជាថ្មី​នៅ​ឆ្នាំ 2025 ហើយ​រស់នៅ​យូរអង្វែង​នៅ​ទីនោះ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​សម្រាប់​ដំណើរ​ឆ្ពោះទៅកាន់​ភព​អង្គារ។

    ដើម​សប្ដាហ៍​នេះ ណា​សា​ឱ្យដឹងថា Artemis 3 អាច​នឹងមិន​នាំ​មនុស្ស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ ប៉ុន្តែ​ប្រការ​នេះ​គឺ​អាស្រ័យ​លើ​កត្តា​សំខាន់​មួយចំនួន មានដូចជា ​ប្រព័ន្ធ​ចុះចត​របស់ SpaceX ជា​ដើម​។

    ប្រទេស​រុស្ស៊ី

    ការបាញ់​បង្ហោះ Luna-25 របស់​រុស្ស៊ី​កាលពី​ថ្ងៃទី 11 សីហា 2023 គឺជា​លើកដំបូង​ដែល​ប្រទេស​នេះ​ដាក់​គោលដៅ​លើ​ឋាន​ព្រះ​ចន្ទ រាប់​ចាប់ពី​ឆ្នាំ 1976 នៅពេល​បេសកកម្ម Luna-24 ​បាន​នាំយក​សំណាក​ដី​ព្រះ​ចន្ទ​មកកាន់​ផែនដី​ដោយ​ជោគជ័យ។ Luna-25 គឺជា​បេសកកម្ម​ដំបូង​នៃ​ផែនការ​ព្រះ​ចន្ទ​ថ្មី​របស់​ទីក្រុង​មូ​ស្គូ។

    ក្រុម «អ្នកលេង​ជើង​ថ្មី»

    ការរីកចម្រើន​របស់​បច្ចេកវិទ្យា​បាន និង​កំពុង​ជួយ​កាត់បន្ថយ​ការចំណាយ​សម្រាប់​បណ្ដា​បេសកកម្ម​អវកាស ដែល​បើកផ្លូវ​ឱ្យ​ក្រុម​ប្រទេស​ថ្មី​ចូលរួម​ប្រកួតប្រជែង។ យានអវកាស​របស់​ឥណ្ឌា Chandrayaan-3 បាន​ចូលដល់​គន្លង​តារា​វិធី​ព្រះ​ចន្ទ​កាលពីដើម​ខែសីហា​នេះ ដើម្បី​ត្រៀម​សម្រាប់​ការចុះ​ចត​នៅ​ចុងខែ។

    ក៏ប៉ុន្តែ ការ​ឡើងទៅ​ជាន់ដី​ឋាន​ព្រះ​ចន្ទ មិនមែនជា​រឿង​ងាយស្រួល​ឡើយ។ អង្គ​ការមិន​ស្វែងរក​កម្រៃ SpaceIL របស់​ប្រទេស​អ៊ីស្រាអែល បាន​បាញ់​បង្ហោះ​យាន​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ Beresheet កាលពី​ឆ្នាំ 2009 ប៉ុន្តែ​បាន​បរាជ័យ។ កាលពី​ខែមេសា​ឆ្នាំ 2023 ក្រុមហ៊ុន​ជប៉ុន ISpace ក៏បាន​បន្ត​ទទួល​បរាជ័យ​ក្នុងការ​ប្រកួតប្រជែង​នាំ​ស្ថានីយ​អវកាស​ទៅ​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។

    ក្រុមហ៊ុន​ពីរ​របស់​អាម៉េរិក គឺ Astrobotic និង Intuitive Machines ក៏​នឹងធ្វើ​ការបាញ់​បង្ហោះ​យាន​ទៅ​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ចុងឆ្នាំនេះ​៕

  • រោងចក្រ​វា​រី​អគ្គិសនី​ផ្ទុក​ថាមពល​កម្លាំង 2.8 ជី​ហ្គា​វ៉ា​ត់ចាប់​ផ្ដើម​ការ​សាងសង់

    រោងចក្រ​វា​រី​អគ្គិសនី​ផ្ទុក​ថាមពល​កម្លាំង 2.8 ជី​ហ្គា​វ៉ា​ត់ចាប់​ផ្ដើម​ការ​សាងសង់

    ប្រទេស​ចិន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​ផលិត​អគ្គិសនីនេះ​​នៅ​សៀង​ហៃ ដែល​អាច​បង្កើន​ផលិតភាព​ខ្ពស់​ជាង​មុន​ នៅ​សមុទ្រ​ខ្សាច់ Gobi និង​ខ្ពង់រាប​ទី​បី។

    គម្រោង​ដែល​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី 06 សីហា 2023 គឺ​ដើម្បី​សាងសង់​រោងចក្រ​វា​រី​អគ្គិសនី​ផ្ទុក​ថាមពល​ធំជាងគេ​នៅ​ខេត្ត​សៀង​ហៃ។ តាម​ផែនការ គម្រោង​នេះ​មាន​សមត្ថភាព​ផលិត​អគ្គិសនី 2.8 ជី​ហ្គា​វ៉ា​ត់ (GW) បន្ទាប់ពី​ដាក់ឱ្យ​ដំណើរការ​ពេញលេញ។

    រោងចក្រ​នេះ​មាន​បឹង​ផ្ទុក​ទឹក​ចំនួន​ពីរ​ដែល​ដើរតួនាទី​ដូច​ទៅនឹង​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី ដោយ​ការ​ទម្លាក់​​ទឹក​ពី​បឹង​ខ្ពស់​ចុះមក​កាន់​បឹង​ទាប​ដើម្បី​ផលិត​អគ្គិសនី​នៅពេល​មាន​តម្រូវការ​ខ្ពស់ និង​បូមទឹក​ពី​បឹង​ទាប​ត្រលប់​ទៅ​កាន់​បឹង​ខ្ពស់​​វិញដោយ​ប្រើប្រាស់​អគ្គិសនី​កកើត​ឡើងវិញ​នៅពេល​មាន​តម្រូវការ​ទាប។

    អគ្គនាយកដ្ឋាន​ថាមពល​ចិន (NEA) ឱ្យដឹងថា ប្រទេស​ចិន​ផ្ដល់​អាទិភាព​ឱ្យ​វិស័យ​វា​រី​អគ្គិសនី​ផ្ទុក​ថាមពលដូច​ខាងលើ​ ​ដើម្បី​ចូលរួមចំណែក​ជួយ​ឱ្យ​ប្រទេស​ចិន​សម្រេច​គោលដៅ​មិន​បំ​ភាយ​ឧស្ម័ននា​ពេល​ខាង​មុខ៕

  • ការប្រកួត​​ក្នុង​ទ្រុង​ដែក​​រវាង Musk និង Zuckerberg នឹង​កើតឡើង​តាម​បែប​​កំប្លែង

    ការប្រកួត​​ក្នុង​ទ្រុង​ដែក​​រវាង Musk និង Zuckerberg នឹង​កើតឡើង​តាម​បែប​​កំប្លែង

    Linda Yaccarino នាយិកា​ប្រតិបត្តិ​របស់​បណ្ដាញ​សង្គម X (Twitter) និយាយថា បើសិនជា​ត្រូវបាន​រៀបចំឡើង​មែន ការប្រកួត​ក្នុង​ទ្រុង​ដែក​រវាង​មហាសេដ្ឋី Elon Musk និង​មហាសេដ្ឋី Mark Zuckerberg នឹង​កើត​ឡើងទៅ​តាមរបៀប​កំប្លែង។

    «យើង​នឹង​ចាំ​មើលថា តើ​ការប្រកួត​ក្នុង​ទ្រុង​ដែក​នោះ​ពិតជា​កើតឡើង ឬ​អត់។ ប៉ុន្តែ ខ្ញុំ​បាន​អង្គុយ​មើល​លោក Elon Musk ហាត់គុន។ បើសិនជា​ត្រូវបាន​ធ្វើឡើង វា​អាចជា​ការប្រកួត​បែប​កំប្លែង​របស់ Zuckerberg និង Musk» អ្នកស្រី Yaccarino និយាយប្រាប់ CNBC កាលពី​ថ្ងៃទី 10 សីហា​ដូច្នេះ។

    ទោះជា​យ៉ាងណាក៏ដោយ Walter Isaacson ដែល​ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​សរសេរ​ប្រវត្តិរូប​សង្ខេប​សម្រាប់​លោក Musk និយាយថា លោក​មិន​គិតថា ការប្រកួត​នេះ​នឹង​កើតឡើង​នោះឡើយ។

    អ្នក​ស្រី Linda Yaccarino នាយិកា​ប្រតិបត្តិ​របស់​បណ្ដាញ​សង្គម X (Twitter)

    ការ​បបួល​ប្រយុទ្ធ​លើស​ង្វៀន​រវាង​ម្ចាស់​បណ្ដាញ​សង្គមធំៗលើ​ពិភពលោក​នេះ ត្រូវបាន​លើកឡើង​កាលពី​ចុងខែ​មិថុនា ឆ្នាំ 2023 នៅពេល​លោក Musk រិះគន់​ចំពោះ​រឿង Meta បង្ហាញ​បណ្ដាញ​សង្គម Threads។ អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​ព្រមាន​ថា មិនគួរ​គំរាមកំហែង Zuckerberg ព្រោះថា គាត់​ចេះ​ក្បាច់គុន។ សំណេរ​នេះ ភ្លាមនោះ​ក៏​ធ្វើឱ្យ​លោក Musk បបួល​ប្រយុទ្ធ​គ្នា ហើយ Zuckerberg ក៏បាន​យល់ព្រម​យ៉ាង​លឿន។

    យោងតាម Dana White ប្រធាន​ស្ថាប័ន​ក្បាច់គុន UFC ដែល​ធ្លាប់បាន​ជជែក​ជាមួយ​លោក Musk និង Zuckerberg និយាយថា មហាសេដ្ឋី​ទាំងពីរ​រូបនេះ​សុទ្ធតែ​បង្ហាញ​ភាពម៉ឺងម៉ាត់។ ការប្រកួត​នេះ​ត្រូវបាន​គេ​រំពឹងថា អាច​រកប្រាក់​ចំណូល​បាន​លើស​ពីមួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក៕

  • យន្តហោះ​អវកាស Virgin Galactic ដឹក​ភ្ញៀវ​ឯកជន​លើកដំបូង

    យន្តហោះ​អវកាស Virgin Galactic ដឹក​ភ្ញៀវ​ឯកជន​លើកដំបូង

    ក្រុមហ៊ុន Virgin Galactic អនុវត្ត​ជើងហោះហើរ​ដែលមាន​ឈ្មោះថា «Galactic 02» កាលពី​ថ្ងៃទី 10 សីហា 2023 នាំ​មនុស្ស 6 នាក់​ឡើងទៅ​កាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី និង​ត្រលប់មក​ផែនដី​ដោយ​សុវត្ថិភាព។

    Virgin Galactic ប្រើប្រាស់​ប្រព័ន្ធ​បាញ់​បង្ហោះ​ដែល​រួមមាន យន្តហោះ​អវកាស VSS Unity 6 កៅអី និង​យន្តហោះ​ដឹកជញ្ជូន​ដែលមាន​ដងខ្លួន​ពីរ VMS Eve។ VMS Eve នាំ VSS Unity ឡើងទៅ​កាន់​កម្ពស់​ប្រហែល 15,000 ម៉ែត្រ រួច​ទម្លាក់​ចុះ​ដើម្បីឱ្យ VSS Unity បញ្ឆេះ​ម៉ាស៊ីន​រ៉ុក្កែត បន្ត​ហោះ​ទៅ​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី​ផែនដី។

    VMS Eve ហោះ​ឡើង​ពី​ព្រលាន​យានអវកាស Spaceport America នៅ New Mexico នា​ម៉ោង 10 និង 30 នាទី ថ្ងៃទី 10 សីហា (ម៉ោង​ក្នុងស្រុក) ប្រហែល​ម៉ោង 21 កន្លះ​នៅ​កម្ពុជា។ បន្ទាប់ពី​ហោះ​ឡើង​បាន​ប្រហែល 45 នាទី យន្តហោះ​នេះ​ក៏​ទម្លាក់ VSS Unity។ VSS Unity ហោះ​ក្នុង​ល្បឿន Mach 3 (3,705 គីឡូម៉ែត្រ/ម៉ោង) និង​ឡើងដល់​កម្ពស់ 88.5 គីឡូម៉ែត្រ មុនពេល​ត្រលប់​មកកាន់​ផែនដី។ VSS Unity ចុះចត​លើ​ព្រលាន Spaceport America នៅ​ម៉ោង 11 កន្លះ ថ្ងៃទី 10 សីហា (ម៉ោង 22 កន្លះ​នៅ​កម្ពុជា)។

    ភ្ញៀវ​លើ VSS Unity បាន​ឆ្លងកាត់​បទពិសោធន៍​គ្មាន​ទំនាញផែនដី និង​ទស្សនា​ភាព​កោង​របស់​ផែនដី​នៅ​កណ្ដាល​ផ្ទៃមេឃ​ងងឹត ក្នុង​រយៈពេល​ច្រើន​នាទី។

    Galactic 2 គឺជា​ជើងហោះហើរ​ទៅកាន់​ទី​អវកាស​លើក​ទី 7 របស់ Virgin Galactic និង VSS Unity ក្នុងនោះ 5 ជើង​ដំបូង​គឺជា​ការហោះហើរ​សាកល្បង។ ថ្លៃ​សំបុត្រ​សម្រាប់​ហោះហើរ​ជាមួយ VSS Unity បច្ចុប្បន្ន​គឺ 450,000 ដុល្លារ។

  • ​Ronaldo ជួយ​ឱ្យ Al Nassr ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Arab Champions Cup

    ​Ronaldo ជួយ​ឱ្យ Al Nassr ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Arab Champions Cup

    (អា​រ៉ា​ប៊ី​សា​អូឌីត) – កំពូល​តារាបាល់ទាត់​វ័យ 38 ឆ្នាំ លោក Cristiano Ronaldo រកបាន​មួយ​គ្រាប់​ពី​ការទា​ត់បាល់​ពិន័យ នៅក្នុង​ការប្រកួត​ដែល Al Nassr ឈ្នះ Al Shorta ដោយ​លទ្ធផល 1-0 ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ Arab Club Champions Cup។

    ក្រោយ​សំឡេង​កញ្ចែ​បញ្ចប់​ការប្រកួត ក្រុម​កីឡាករ​របស់ Al Nassr រត់​មក​ឱប​គ្នា ហើយ​ពួកគេ​បានសម្ដែង​ការ​​ត្រេកអរ​ខ្លាំង​ចំពោះ​អ្នកចាំទី Alaqidi ដែល​​ជួយសង្គ្រោះ​បាន​មួយ​គ្រាប់​នៅ​ចុងការ​ប្រកួត។

    ក្រោយ​ការប្រកួត​នេះ Al Nassr មាន​សិទ្ធិ​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​នៅ​ទីនោះ ពួកគេ​នឹង​ត្រូវ​​ប៉ះ Al Hilal ឬ Al Shabab ក្នុង​ថ្ងៃទី 12 សីហា​ខាងមុខ។

    https://www.youtube.com/watch?v=Gj2kE-a85iU

    Ronaldo សុទ្ធតែ​រក​បាន​គ្រាប់​បាល់​ឈ្នះ​​ក្នុង​បួន​ប្រកួត​បន្តបន្ទាប់ នាំឱ្យ​គាត់​ហក់​ឡើងទៅ​កំពូល​តារាង​ចំណាត់ថ្នាក់ «ស្ដេច​កម្ទេច​ទី» ដែល​នៅ​ពីលើ Karim Benzema។

    Arab Club Champions Cup គឺជា​ពានរង្វាន់​ប្រចាំឆ្នាំ​សម្រាប់​បណ្ដា​ក្លឹប​នៅ​ក្នុង​សហគមន៍​​អារ៉ាប់​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង។ ពានរង្វាន់​នេះ​ធ្វើឡើង​ពីថ្ងៃ​ទី 27 កក្កដា ដល់ 12 សីហា ឆ្នាំ 2023 នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​មាន​ក្រុមបាល់ទាត់​ចំនួន 16 ចូលរួម៕

  • បេក្ខភាព​ប្រធានាធិបតី​អេក្វាទ័រ​ ត្រូវគេ​លួច​ធ្វើឃាត

    បេក្ខភាព​ប្រធានាធិបតី​អេក្វាទ័រ​ ត្រូវគេ​លួច​ធ្វើឃាត

    បេក្ខភាព​សម្រាប់​តំណែង​ប្រធានាធិបតី​របស់​ប្រទេស​អេក្វាទ័រ លោក Fernando Villavicencio អាយុ 59 ឆ្នាំ ត្រូវបាន​គេ​លួច​បាញ់សម្លាប់ ​បន្ទាប់ពី​ព្រឹត្តិការណ៍​ឃោសនា​រក​សំឡេងឆ្នោត​នៅ​រដ្ឋធានី​គី​តូ។

    លោក Villavicencio ដែលជា​អតីត​តំណាងរាស្ត្រ និង​ជា​អ្នកសារព័ត៌មាន​មួយរូប ត្រូវបាន​ខ្មាន់​កាំភ្លើង​លួច​ធ្វើ​​ឃាត​ដោយ​ការ​បាញ់ប្រហារ​បី​គ្រាប់​ នៅពេល​លោក​​កំពុង​ត្រូវបាន​ក្រុម​អង្គរក្ស​អម​ការពារ​ចេញ​មក​កាន់​​​រថយន្ត​ ក្រោយពី​ការឃោសនា​រក​សំឡេងឆ្នោត​នៅ​គី​តូ​ កាលពី​ថ្ងៃទី 09 សីហា 2023។ គ្រាប់បែកដៃ​មួយគ្រា​ប់​ក៏ត្រូវ​បាន​រកឃើញ​នៅ​កន្លែងកើតហេតុ ប៉ុន្តែ​មិនទាន់បាន​​ដក​គន្លឹះ។

    ទិដ្ឋភាព​ក្នុង​វីដេអូ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​បង្ហាញថា គ្រប់គ្នា​ស្រែក​ និង​រ​ត់រក​កន្លែង​ពួន ​នៅពេល​មាន​សំឡេង​គ្រាប់កាំភ្លើង។ វីដេអូ​ដទៃ​បង្ហាញថា ជនសង្ស័យ​ពាក់អាវ​​ពណ៌​ស ​ត្រូវបាន​មនុស្សម្នា​គ្រប់គ្រង​នៅ​កន្លែងកើតហេតុ។

    លោក Fernando Villavicencio
  • អាជ្ញាធរ​ថៃ​ស្នើឱ្យ ថាក់ស៊ីន ចូល​ស្រុក​ក្នុង​ថ្ងៃ​ធ្វើការ ដើម្បី​ស្រួល​ចាប់ខ្លួន

    អាជ្ញាធរ​ថៃ​ស្នើឱ្យ ថាក់ស៊ីន ចូល​ស្រុក​ក្នុង​ថ្ងៃ​ធ្វើការ ដើម្បី​ស្រួល​ចាប់ខ្លួន

    ឧបនាយករដ្ឋមន្ត្រី​ថៃ Wissanu បានស្នើ​ឱ្យ​លោក ថាក់ស៊ីន កុំ​ត្រលប់​ចូល​ប្រទេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ និង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ ព្រោះ​នឹង​បង្ក​ការលំបាក​នៅពេល​អនុវត្ត​បទបញ្ជា​ចាប់ខ្លួន។

    ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu Krea-ngam កាលពី​ថ្ងៃទី 08 សីហា ឱ្យដឹងថា អាជ្ញាធរ​ប្រទេស​នេះ​បាន​ត្រៀម​ផែនការ​រួចរាល់​ហើយ​សម្រាប់​ថ្ងៃ​ដែល​លោក ថាក់ស៊ីន ត្រលប់​ចូល​ប្រទេស។ យោងតាម​លោក Wissanu តុលាការ និង​អគ្គនាយកដ្ឋាន​ពន្ធនាគារ សុទ្ធតែ​បាន​ត្រៀមខ្លួន​រួចរាល់ ប៉ុន្តែ​ថា លោក ថាក់ស៊ីន មិនគួរ​ត្រលប់​ចូល​ប្រទេស​ក្នុង​ថ្ងៃ​ចុង​សប្ដាហ៍ ឬ​ថ្ងៃ​ឈប់សម្រាក។

    «ក្នុង​ថ្ងៃនោះ តុលាការ ដែលជា​ស្ថាប័ន​ត្រូវ​ធ្វើ​ការ​កំណត់​យកពន្ធ​នាគារ​សម្រាប់​ការ​ឃុំខ្លួន​លោក ថាក់ស៊ីន មិន​ធ្វើការ។ ប្រការនេះ​នឹង​បង្ក​ការលំបាក ព្រោះ​យើង​ត្រូវ​រក​ទីតាំង​ដើម្បី​ឃុំខ្លួន​លោក ថាក់ស៊ីន ជា​បណ្ដោះអាសន្ន ក្នុងពេល​រង់ចាំ​ការសម្រេច​ពី​តុលាការ» ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu និយាយ​ដូច្នេះ។

    លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ថ្មីៗនេះ​បានប្រកាសថា នឹង​វិល​ចូល​ប្រទេស​ថៃ​វិញ​នៅ​ថ្ងៃទី 10 សីហា ក្រោយ​ការ​រស់​នៅ​ដោយ​និរទេស​ខ្លួន​អស់​មួយ​រយៈពេល​យូរ។ ក៏ប៉ុន្តែ ក្រោយមក អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ បានប្រកាស​ពន្យារពេល​នៃ​ការវិល​ចូល​ស្រុក ព្រោះ​បញ្ហា​សុខភាព។

    ប្រភពព័ត៌មាន​ខ្លះ​ថា លោក ថាក់ស៊ីន នឹង​ចូល​ស្រុក​វិញ នៅពេល​បក្ស Pheu Thai របស់​កូនស្រី​លោក ឡើងកាន់​អំណាច។ បក្ស Pheu Thai កាលពី​ថ្ងៃទី 07 សីហា បានប្រកាស​បង្ហាញ​សម្ព័ន្ធភាព​​ថ្មី​ដើម្បី​ឡើងកាន់​អំណាច​។ ប្រធានសភា​ថៃ កាលពី​សប្ដាហ៍​កន្លង​ឱ្យដឹងថា ការបោះឆ្នោត​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ថ្មី​នឹង​ធ្វើឡើង​នៅក្រោយ​ថ្ងៃទី 16 សីហា 2023។

    អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ត្រូវបាន​បណ្ដេញចេញ​​ពី​អំណាច​ដោយ​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ 2006។ ក្នុងអំឡុងពេល​អវត្តមាន លោក ថាក់ស៊ីន ក៏ត្រូវ​តុលាការ​ថៃ​ផ្ដន្ទា​​ទោស​ឱ្យ​ជាប់ពន្ធនាគារ 12 ឆ្នាំ។

    ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu បានប្រកាសថា អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន នឹងត្រូវ​ជាប់ពន្ធនាគា​រភ្លាមៗនៅពេល​លោក​ត្រ​លាប់​ចូល​ប្រទេស ហើយ​អាចដាក់​លិខិត​​​សូម​ការលើកលែងទោស​ពី​ព្រះ​មហា​ក្សត្រ។ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ថៃ ឱ្យដឹងថា បើសិន​លោក ថាក់ស៊ីន វិល​ត្រលប់មក​ទទួលទោស ពួកគេ​គ្រោង​នឹង​ឃុំខ្លួន​លោក​តែម្នាក់ឯង ដើម្បី​ការពារ​សុវត្ថិភាព៕

  • ដុំ​ភ្លើង​ដែលឆាប​ឆេះ​​ផ្ទុះ​កក្រើក​មេឃ​នៅ​អូស្ត្រាលី អាចជា​រ៉ុក្កែត​របស់​រុស្ស៊ី

    ដុំ​ភ្លើង​ដែលឆាប​ឆេះ​​ផ្ទុះ​កក្រើក​មេឃ​នៅ​អូស្ត្រាលី អាចជា​រ៉ុក្កែត​របស់​រុស្ស៊ី

    ដុំ​ភ្លើង​យ៉ាង​ភ្លឺ និង​សំឡេង​ផ្ទុះ​លាន់​កក្រើក​មេឃ​របស់រ​ដ្ឋ Victoria នៅ​អូស្ត្រាលី​កាលពី​ពេល​ថ្មី​ៗ​នេះ អាច​គ្រាន់តែ​ជា​បំណែក​​នៃ​​រ៉ុក្កែត​របស់​ប្រទេស​រុស្ស៊ី នៅក្នុង​ការបាញ់​បង្ហោះ​ផ្កាយរណប​ក្នុង​ថ្ងៃ​ជាមួយគ្នា​ នៅវា​កំពុង​ធ្លាក់​។​

    7 News Australia កាលពី​ថ្ងៃទី 08 សីហា បាន​ផ្សាយ​ថា ដុំ​ភ្លើង​បានបង្ហាញ​ខ្លួន​កាលពី​ថ្ងៃទី 07 សីហា ធ្វើឱ្យ​ប្រជាជន​នៅ Melbourne ដែលជា​ទីក្រុង​រដ្ឋបាល​របស់​រដ្ឋ Victoria និង​តំបន់​មួយចំនួន​ផ្សេងទៀត​របស់​រដ្ឋ​នេះ បាន​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ។

    ព័ត៌មានដំបូងៗនិយាយថា ដុំ​ភ្លើង​នេះ​អាចជា​អាចម៍ផ្កាយ​កំពុង​ធ្លាក់។ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថា នោះ​គឺជា​បំណែក​មួយ​នៃ​សំរាម​អវកាស។ នេះ​បើតាម​ទំព័រ Space។

    អ្នក​តារាសាស្ត្រ​នៅ​សហរដ្ឋ​អាម៉េរិក និយាយថា ដុំ​ភ្លើង​នោះ​គឺជា​កំណាត់​ទី​បី​របស់​រ៉ុក្កែត Soyuz 2 ដែល​ត្រូវបាន​រុស្ស៊ី​បាញ់​បង្ហោះ​​ពី​ព្រលាន​យានអវកាស Plesetsk នៅ​ភាគ​ពាយព្យ​ប្រទេស​រុស្ស៊ី មុន​នោះ​ច្រើន​ម៉ោងប៉ុណ្ណោះ​។

    រ៉ុក្កែត​នេះ​មាន​ភារកិច្ច​នាំយក​ផ្កាយរណប GLONASS-K2 របស់ប្រទេស​​រុស្ស៊ី ឡើងទៅ​កាន់​ទី​អវកាស។

    Soyuz 2

    តាម​ការ​គណនា​របស់​ក្រុម​អ្នកជំនាញ ដងខ្លួន​របស់រ៉ុក្កែត​​រុស្ស៊ី​ខាងលើ ត្រូវ​​ធ្លាក់​ត្រលប់​មកកាន់​ផែនដី​នៅ​ភាគ​អាគ្នេយ៍​នៃ​តំបន់ Tasmania លើ​មហាសមុទ្រធំធេង​ បន្ទាប់ពី​បាន​បាញ់​បង្ហោះ។ នៅតាម​ផ្លូវ​ធ្លាក់​ត្រលប់​មក​កាន់​​ផែនដី កំណាត់​ខាង​ក្រោម​របស់​រ៉ុក្កែត​នេះ​បាន​បញ្ចេញ​ពន្លឺ​លើ​ផ្ទៃមេឃ​របស់​អូស្ត្រាលី ដោយសារតែ​ឆេះ នៅពេល​កកិត​នឹង​បរិយាកាស៕

  • សូម​ប្រយ័ត្ន​ពេល​ទិញ​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ផ្ដាសាយ-ក្អក​ឱ្យ​កូន​លេប

    សូម​ប្រយ័ត្ន​ពេល​ទិញ​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ផ្ដាសាយ-ក្អក​ឱ្យ​កូន​លេប

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​អំពី​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ជំងឺ​ផ្ដាសាយ Cold Out ដែល​កំពុង​ត្រូវបាន​​ដាក់លក់​ក្នុង​ទីផ្សារ ពិសេស​គឺ​នៅ​ប្រទេស​អ៊ីរ៉ាក់ ដោយសារ​មាន​ផ្ទុក​ជាតិពុល​ក្នុង​កម្រិត​ខ្ពស់។

    កាលពី​ថ្ងៃទី 07 សីហា WHO បានឱ្យដឹងថា ថ្នាំ​ស៊ី​រ៉ូ​ក្អក​​កំពុង​ដាក់លក់​នៅ​អ៊ីរ៉ាក់ ដែល​បន្ទប់ពិសោធន៍  Fourrts នៅ​ប្រទេស​ឥណ្ឌា ផលិត​ឱ្យ​ក្រុមហ៊ុន Dabilife Pharma មាន​ផ្ទុក​សារធាតុពុល​កម្រិត​ខ្ពស់។ ជាក់ស្ដែង ទំនិញ​នេះ​មាន​ផ្ទុក diethylene glycol 0.25% និង ethylene glycol 2.1% ខណៈ​បរិមាណ​សុវត្ថិភាព​ដែល​ត្រូវបាន​អនុញ្ញាត​​សម្រាប់​សារធាតុ​ទាំងពីរ​នេះ​គឺ 0.1%។ WHO បន្ថែមថា អ្នក​ផលិត និង​អ្នក​ចែកចាយ​មិនអាច​ធានា​អំពី​សុវត្ថិភាព និង​គុណភាព​របស់​ផលិតផល។

    នេះ​គឺជា​សេចក្ដីប្រកាស​ថ្មី​បំផុត​នៅក្នុង​ការព្រមាន​ជាច្រើន​ដែល​ត្រូវបាន​ស្ថាប័ន​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​លើកឡើង​អំពី​ប្រភេទ​ថ្នាំ​គុណភាព​ទាប​ដែល​នាំ​ចេញពី​ប្រទេស​ឥណ្ឌា និង​ត្រូវបាន​ដាក់លក់​លើ​ពិភព​លោក។ មុន​នោះ មាន​ថ្នាំ​ស៊ី​រ៉ូ​យ៉ាងតិច 5 ប្រភេទ ស្ថិតក្នុង​ការស៊ើបអង្កេត​ ដោយ​មាន​ជាប់ទាក់ទង​នឹង​ក្រុមហ៊ុន​ផលិត​នៅ​ឥណ្ឌា។

    Propylene glycol មិន​ពុល ប៉ុន្តែ diethylene glycol (DEG) និង Ethylene glycol (EG) គឺមាន​ពិតជា​គ្រោះ​ថ្នាក់​​ខ្លាំង។ អ្នកស្រាវជ្រាវ​អះអាងថា ពេល​ចូលដល់​ក្នុង​រាងកាយ ពួកវា​នឹងធ្វើ​ឱ្យ​ខ្សោយតម្រងនោម និង​ស្លាប់ បើសិន​មិនបាន​ព្យាបាល​ទាន់ពេល។ បរិមាណ​ដែល​អាច​បង្ក​ឱ្យស្លាប់​គឺ​អាស្រ័យ​លើ​ទម្ងន់​របស់​រាងកាយ។ ក្មេង​តូច​ងាយ​រងគ្រោះ​ជាង​មនុស្ស​ធំ៕

  • Elon Musk ថា ប្រហែលជា​អាច​ត្រូវ​វ៉ះ​កាត់​មុនប្រយុទ្ធ​ជាមួយ​នឹង​ម្ចាស់ Facebook

    Elon Musk ថា ប្រហែលជា​អាច​ត្រូវ​វ៉ះ​កាត់​មុនប្រយុទ្ធ​ជាមួយ​នឹង​ម្ចាស់ Facebook

    មហាសេដ្ឋី Elon Musk ឱ្យដឹងថា មិនទាន់​ជ្រើស​យក​កាលបរិច្ឆេទ​សម្រាប់​ការប្រកួត​ប្រដាល់​ជាមួយនឹង​ម្ចាស់ Facebook ដោយសារតែ​ត្រូវ​ពិនិត្យ​សុខភាព ហើយ​ប្រហែលជា​ត្រូវ​វះកាត់​ផង​ក៏​មិនដឹង។

    ការឆ្លើយតប​នេះ​ត្រូវបាន​ម្ចាស់​ក្រុមហ៊ុន Tesla លើកឡើង​កាលពី​ថ្ងៃទី 07 សីហា ក្រោយពី​មហាសេដ្ឋី Mark Zuckerberg «រអ៊ូរទាំ» លើ​បណ្ដាញ​សង្គម Threads ស្ដីពី​រឿង​មិនទាន់​ទទួលបាន​ចម្លើយ​ពី​លោក Elon Musk បើ​ទោះ​បាន​ណាត់​ប្រកួត​នៅ​ថ្ងៃទី 26 សីហា។

    «ថ្ងៃ​ផ្លូវការ​អាច​នឹង​ផ្លាស់ប្ដូរ» លោក Musk ឆ្លើយតប​នៅលើ​បណ្ដាញ​សង្គម X (មុន​នោះ​គឺ Twitter) យ៉ាង​ដូច្នេះ។

    មូល​ហេតុដែល​ត្រូវបាន​លោក Musk លើកឡើង គឺថា លោក​ត្រូវ​ទៅ​ថត MRI ត្រ​ង់ក និង​ខ្នង ហើយ​អាច​នឹងត្រូវ​តម្រូវឱ្យធ្វើ​ការវះកាត់ មុនពេល​ការប្រកួត​មកដល់។ លទ្ធផល​នៃ​ការពិនិត្យ​សុខភាព​របស់លោក Musk គ្រោង​នឹង​មាននៅ​សប្ដាហ៍​នេះ។

    នេះ​មិនមែនជា​លើកដំបូង​ទេ ដែល​លោក Musk លើកឡើង​អំពី​បញ្ហា​ឆ្អឹង​របស់គាត់។ កាលពី​ខែមីនា​ឆ្នាំ​កន្លង ក្នុង tweet ដែល​លោក​និយាយ​ជាមួយ​ស្ថាបនិក Binance លោក Changpeng Zhao លោក Musk ក៏​ធ្លាប់បាន​បង្ហោះ​រូបថត និង​ប្រាប់ថា ការប្រកួត​ជាមួយ​អ្នក​កីឡាករ sumo បាន​បណ្ដាលឱ្យ​លោក​ជួប​បញ្ហា​ឈឺ​ខ្នង 8 ឆ្នាំ​កន្លង​។

    ក្រោយពី​លោក Elon Musk បាន​បង្ហោះ​សារ​ទាក់​ទង​នឹង​បញ្ហា​សុខ​ភាព​ខាងលើ ភាគហ៊ុន​របស់ Tesla ក៏បាន​ធ្លាក់​ថ្លៃ​អស់ 2%។

    ការបបួល​ប្រយុទ្ធ​លើស​ង្វៀន​រវាង​ម្ចាស់​បណ្ដាញ​សង្គមធំៗលើ​ពិភពលោក​នេះ ត្រូវបាន​លើកឡើង​កាលពី​ចុងខែ​មិថុនា ឆ្នាំ 2023 នៅពេល​លោក Musk រិះគន់​ចំពោះ​រឿង Meta បង្ហាញបណ្ដាញ​សង្គម​ Threads។ អ្នកលេង​បណ្ដាញ​សង្គម​ម្នាក់​ព្រមាន​ថា មិនគួរ​គំរាមកំហែង Zuckerberg ព្រោះថា គាត់​ចេះ​ក្បាច់គុន។ សំណេរ​នេះ ភ្លាមនោះ​ក៏​ធ្វើឱ្យ​លោក Musk បបួល​ប្រយុទ្ធ​គ្នា ហើយ Zuckerberg ក៏បាន​យល់ព្រម​យ៉ាង​លឿន។

    យោងតាម Dana White ប្រធាន​ស្ថាប័ន​ក្បាច់គុន UFC ដែល​ធ្លាប់បាន​ជជែក​ជាមួយ​លោក Musk និង Zuckerberg និយាយថា មហាសេដ្ឋី​ទាំងពីរ​រូបនេះ​សុទ្ធតែ​បង្ហាញ​ភាពម៉ឺងម៉ាត់។ ការប្រកួត​នេះ​ត្រូវបាន​គេ​រំពឹងថា អាច​រកប្រាក់​ចំណូល​បាន​លើស​ពីមួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក៕