ក្រុម​មហាអំណាច​អវកាស និង «អ្នកលេង​ជើងថ្មី» ក្នុង​ដំណើរ​ទៅកាន់​ឋាន​ព្រះ​ចន្ទ

ការបាញ់​បង្ហោះ​យានអវកាស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​រុស្ស៊ី កាលពី​ថ្ងៃទី 11 សីហា គឺជា​ការប្រឹងប្រែង​ថ្មី​ក្នុងការ​ប្រកួតប្រជែង​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ ដែល​នៅទីនេះ​មាន​ទាំង «អ្នកលេង​ជើង​ចាស់» និង «អ្នកលេងជើង​​ថ្មី»។

ប្រទេស​ចិន

ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បាន និង​កំពុង​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​ទៅក្នុង​កម្មវិធី​អវកាស ដោយមាន​គោលដៅ​តាម​ឱ្យទាន់​សហរដ្ឋ​អាម៉េរិក និង​រុស្ស៊ី។ ឆ្នាំ 2003 ប្រទេស​ចិន​បាន​ក្លាយជា​ប្រទេស​ទី​បី​ដែល​នាំ​មនុស្ស​ឡើងទៅ​កាន់​គន្លង​តារាវិថី។ ឆ្នាំ 2022 ស្ថានីយ​អវកាស​ធាន​ហ្កុ​ង (Tiangong) ត្រូវបាន​ដំឡើង​ជា​រៀង​អក្សរ T រួចរាល់។

ចិន​ក៏បាន​នាំយក​បណ្ដា​រ៉ូ​បូត​ស្វ័យប្រវត្ត​ឡើងទៅ​កាន់​ភព​អង្គារ និង​ព្រះ​ចន្ទ​ដោយ​ជោគជ័យ។ ប្រទេស​នេះ​ក៏មាន​គម្រោង​នាំ​មនុស្ស​ឡើងទៅ​ជាន់ដី​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ 2030 និង​សង​សង់​មូលដ្ឋាន​នៅ​ទីនោះ​ផងដែរ។

សហរដ្ឋ​អាម៉េរិក

តាម​ផែនការ​ក្នុង​កម្មវិធី Artemis ណា​សា​គ្រោង​នឹង​បំពេញបេសកកម្ម​ជាច្រើន​សម្រាប់​ការ​​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជាថ្មី​នៅ​ឆ្នាំ 2025 ហើយ​រស់នៅ​យូរអង្វែង​នៅ​ទីនោះ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​សម្រាប់​ដំណើរ​ឆ្ពោះទៅកាន់​ភព​អង្គារ។

ដើម​សប្ដាហ៍​នេះ ណា​សា​ឱ្យដឹងថា Artemis 3 អាច​នឹងមិន​នាំ​មនុស្ស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ ប៉ុន្តែ​ប្រការ​នេះ​គឺ​អាស្រ័យ​លើ​កត្តា​សំខាន់​មួយចំនួន មានដូចជា ​ប្រព័ន្ធ​ចុះចត​របស់ SpaceX ជា​ដើម​។

ប្រទេស​រុស្ស៊ី

ការបាញ់​បង្ហោះ Luna-25 របស់​រុស្ស៊ី​កាលពី​ថ្ងៃទី 11 សីហា 2023 គឺជា​លើកដំបូង​ដែល​ប្រទេស​នេះ​ដាក់​គោលដៅ​លើ​ឋាន​ព្រះ​ចន្ទ រាប់​ចាប់ពី​ឆ្នាំ 1976 នៅពេល​បេសកកម្ម Luna-24 ​បាន​នាំយក​សំណាក​ដី​ព្រះ​ចន្ទ​មកកាន់​ផែនដី​ដោយ​ជោគជ័យ។ Luna-25 គឺជា​បេសកកម្ម​ដំបូង​នៃ​ផែនការ​ព្រះ​ចន្ទ​ថ្មី​របស់​ទីក្រុង​មូ​ស្គូ។

ក្រុម «អ្នកលេង​ជើង​ថ្មី»

ការរីកចម្រើន​របស់​បច្ចេកវិទ្យា​បាន និង​កំពុង​ជួយ​កាត់បន្ថយ​ការចំណាយ​សម្រាប់​បណ្ដា​បេសកកម្ម​អវកាស ដែល​បើកផ្លូវ​ឱ្យ​ក្រុម​ប្រទេស​ថ្មី​ចូលរួម​ប្រកួតប្រជែង។ យានអវកាស​របស់​ឥណ្ឌា Chandrayaan-3 បាន​ចូលដល់​គន្លង​តារា​វិធី​ព្រះ​ចន្ទ​កាលពីដើម​ខែសីហា​នេះ ដើម្បី​ត្រៀម​សម្រាប់​ការចុះ​ចត​នៅ​ចុងខែ។

ក៏ប៉ុន្តែ ការ​ឡើងទៅ​ជាន់ដី​ឋាន​ព្រះ​ចន្ទ មិនមែនជា​រឿង​ងាយស្រួល​ឡើយ។ អង្គ​ការមិន​ស្វែងរក​កម្រៃ SpaceIL របស់​ប្រទេស​អ៊ីស្រាអែល បាន​បាញ់​បង្ហោះ​យាន​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ Beresheet កាលពី​ឆ្នាំ 2009 ប៉ុន្តែ​បាន​បរាជ័យ។ កាលពី​ខែមេសា​ឆ្នាំ 2023 ក្រុមហ៊ុន​ជប៉ុន ISpace ក៏បាន​បន្ត​ទទួល​បរាជ័យ​ក្នុងការ​ប្រកួតប្រជែង​នាំ​ស្ថានីយ​អវកាស​ទៅ​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។

ក្រុមហ៊ុន​ពីរ​របស់​អាម៉េរិក គឺ Astrobotic និង Intuitive Machines ក៏​នឹងធ្វើ​ការបាញ់​បង្ហោះ​យាន​ទៅ​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ចុងឆ្នាំនេះ​៕

Advertisement