Tag: សមុទ្រខ្សាច់

  • ក្រុម​ប្រដាប់អាវុធ​រដ្ឋ​អ៊ីស្លាម (IS) ​បញ្ជាក់ថា មេបញ្ជាការ​កំពូល​ត្រូវបាន​គេ​សម្លាប់

    ក្រុម​ប្រដាប់អាវុធ​រដ្ឋ​អ៊ីស្លាម (IS) ​បញ្ជាក់ថា មេបញ្ជាការ​កំពូល​ត្រូវបាន​គេ​សម្លាប់

    ក្រុម​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម (IS) បានទទួល​ស្គាល់​ការស្លាប់​របស់​មេដឹកនាំ​កំពូល Abu Hussein al-Husseini al-Qurashi ហើយក៏​ប្រកាសថា បាន​ជ្រើសតាំង​មេដឹកនាំ​ថ្មី​រួចហើយ។

    នៅក្នុង​សារ​ជា​សំឡេង​​មិនមាន​ថ្ងៃខែ​ដែល​ត្រូវបាន​បង្ហោះ​លើ Telegram កាលពី​ថ្ងៃទី 03 សីហា អ្នកនាំពាក្យ​របស់​ក្រុម​ប្រដាប់អាវុធ​ដែល​ហៅ​ខ្លួនឯង​ថា អង្គការ​រដ្ឋ​អ៊ីស្លាម (Islamic State) បាន​និយាយថា Qurashi ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​​គ្នា​ជាមួយនឹង Hayat Tahrir al-Sham (HTS) ដែលជា​ក្រុម​អ៊ីស្លាម​មួយ​ក្រុម​ផ្សេង​ទៀត​ កំពុងកាន់​អំណាច​នៅ​មូលដ្ឋាន​របស់​ក្រុមប្រឆាំង​នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី។

    «មេដឹកនាំ Qurashi ត្រូវបាន​គេ​សម្លាប់​នៅពេល HTS ព្យាយាម​ចាប់ខ្លួន​លោក​ជា​ចំណាប់ខ្មាំង។ លោក​បាន​ប្រយុទ្ធ​តតាំង​នឹង​ពួកវា​រហូតដល់​បាត់បង់​ជីវិត​ដោយសារតែ​របួស» អ្នកនាំពាក្យ​របស់ IS ឱ្យដឹង​ដូច្នេះ និង​បាន​ចោទថា HTS បានបង្ហាញ​ទីតាំង​ប្រាប់​ក្រុម​ស៊ើបការណ៍​សម្ងាត់​តួ​ក​គី។

    Abu al-Hussein al-Husseini al-Qurashi 

    យោងតាម​អ្នកនាំពាក្យ​ខាងលើ Abu Hafs al-Hashimi al-Qurashi ត្រូវបានតែងតាំង​ជំនួស Qurashi ប៉ុន្តែ​មិនបាន​បង្ហើប​ឱ្យដឹង​ព័ត៌មាន​លើសពីនេះ។

    នេះ​ទំនងជា​សេចក្ដីប្រកាស​ផ្លូវការ​ដំបូង​របស់ IS ស្ដីពី​ការស្លាប់​របស់ Qurashi រាប់​ចាប់តាំងពី​តួ​ក​គី​ប្រកាស​កាល​ពី​ខែមេសា​ថា កងកម្លាំង​ស៊ើបការណ៍​សម្ងាត់​របស់​តួ​ក​គី​បានសម្លាប់​មេដឹកនាំ​រូបនេះ​នៅ​ប្រទេស​ស៊ី​រី។

    Abu Hussein al-Husseini al-Qurashi ​បាន​ឡើងកាន់​អំណាច​កាលពី​ខែវិច្ឆិកា 2022 បន្ទាប់ពី​មេដឹកនាំ​មុន​ត្រូវបាន​សម្លាប់​នៅ​ស៊ី​រី។

    IS ធ្លាប់​គ្រប់គ្រង​តំបន់​ដ៏​ធំ​នៅ​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ដែលមាន​ប្រជាជន​ប្រហែល 10 លាន ហើយក៏​បានប្រកាស​បង្កើត​ប្រទេស​អ៊ីស្លាម​​ដាច់​ដោយឡែក។ ក៏ប៉ុន្តែ ក្រុម​ជ្រុលនិយម​នេះ​បាន​រង​ការបរាជ័យ​ជា​បន្តបន្ទាប់​នៅ​ចំពោះមុខ​យុទ្ធនាការ​យោធារៀងៗខ្លួន​របស់​សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​អាម៉េរិក និង​កងទ័ព​ស៊ី​រី​ដែល​គាំទ្រ​ដោយ​រុស្ស៊ី។

    ផែនទីប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់

    តាំងពី​បាន​បាត់បង់​មូលដ្ឋាន​ចុងក្រោយ​នៅ​តំបន់​សមុទ្រ​ខ្សាច់​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​កាលពី​ខែមីនា 2019 ខ្មាន់កាំភ្លើង​របស់ IS បាន​ដកថយ​ទៅ​លាក់ខ្លួន​ក្នុង​សមុទ្រ​ខ្សាច់ និង​លប​វាយប្រហារ​ម្ដងម្កាល​លើ​កម្លាំង​របស់​ជនជាតិ​ឃើ​ដ ក៏ដូចជា​អាជ្ញាធរ​ស៊ី​រី។

    ក្រុមមន្ត្រី​អាម៉េរិក​ឱ្យដឹងថា ក្រុម​ជ្រុលនិយម​ដែល​រួមមាន​ខ្មាន់កាំភ្លើង​រាប់ពាន់នាក់​នៅ​ទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ី​កណ្ដាល និង​តំបន់​ជាច្រើន​ផ្សេងទៀត នៅតែ​ជាការ​គំរាមកំហែង​ចំពោះ​​ពិភពលោក៕

  • គម្រោង​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ​បង្កើត​ព្រែក​ជីក​ជំនួស Suez

    គម្រោង​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ​បង្កើត​ព្រែក​ជីក​ជំនួស Suez

    សហរដ្ឋ​អាម៉េរិក​ធ្លា​ប់រៀប​ផែនការ​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ​ដើម្បី​បង្កើត​ព្រែក​ជីក​ប្រវែង 257 គីឡូម៉ែត្រ ដែល​ឆ្លងកាត់​ប្រទេស​អ៊ីស្រាអែល ដើម្បី​ជំនួស​ព្រែកជីក Suez ​នៅក្បែរនោះ។

    រដ្ឋាភិបាល​អាម៉េរិក កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1960 ធ្លាប់បាន​ពិចារណា​អំពី​សំណើ​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ 520 គ្រាប់ ដើម្បី​បង្កើត​ព្រែក​ជីក​​មួយ​ជំនួស​ព្រែកជីក Suez ដែល​​ឆ្លងកាត់​ប្រទេស​អ៊ីស្រាអែល។ គម្រោង​នេះ​មិនអាច​ក្លាយជា​ការពិត ប៉ុន្តែ​បើសិន​មាន​ផ្លូវទឹក​ជំនួស ឬ​បន្ថែម​លើ Suez នោះ​គឺ​អាច​មាន​ប្រយោជន៍​ច្រើន​នៅក្នុង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ហើយ​អាច​ចៀសវាង​ការកកស្ទះ​ចរាចរណ៍​ដូច​ករណី​មួយ​កាលពី​ខែមីនា 2021។ នេះ​បើតាម Business Insider។

    យោងតាម​អនុស្សារណៈ​ឆ្នាំ 1963 របស់​ក្រសួងការពារជាតិ​អាម៉េរិក ដែល​ត្រូវបាន​បង្ហើប​ឱ្យដឹង​កាលពី​ឆ្នាំ 1996 គម្រោង​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រអាម៉េរិក​ ​គឺ​ការប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ​ដើម្បី​បង្កើត​ព្រែកជីក​សមុទ្រ​ងាប់ (Dead Sea) ដែល​នឹង​អនុញ្ញាតឱ្យ​ទឹក​ហូរ​ឆ្លងកាត់​សមុទ្រ​ខ្សាច់ Negev។ ព្រែកជីក​ថ្មី​ក្នុង​គម្រោង​នេះ​នឹងមាន​ប្រវែង 257 គីឡូម៉ែត្រ ឆ្លងកាត់​ប្រទេស​អ៊ីស្រាអែល។ មូលហេតុ​ដែល​ធ្វើឱ្យមាន​គម្រោង​នេះ គឺ​ដោយសារ​វិធីសាស្ត្រ​ជីក​បែប​ធម្មតា​ត្រូវការ​ចំណាយ​ប្រាក់​ច្រើន ហើយ​គ្រាប់បែក​នុយ​ក្លេ​អែរ​អាច​ប្រើប្រាស់​បាន​នៅក្នុង​ករណីនេះ។ ព្រែកជីក​មួយបែប​នេះ​អាចរួមចំណែក​យ៉ាង​ធំធេង​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច។

    ការកកស្ទះ​ចរាចរណ៍​កាលពី​ខែមីនា 2021 នៅលើ​ព្រែក​ជីក Suez

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ក្រសួងការពារជាតិ​អាម៉េរិក​គណនា​ឃើញថា ត្រូវការ​ឧបករណ៍​ផ្ទុះ​ដែលមាន​កម្លាំង 2 ម៉េ​ហ្គា​តោន​ចំនួន 4 សម្រាប់​ព្រែ​កមួយកំណាត់ៗដែលមាន​ប្រវែង 1.6 គីឡូម៉ែត្រ។ អ្នកជំនាញ​និយាយថា តួលេខ​នេះ​ប្រហាក់ប្រហែល​នឹង​គ្រាប់បែក​នុយ​ក្លេ​អែរ​ចំនួន 520 គ្រាប់ ឬ រំសេវ 1.04 ជី​ហ្គា​តោន (មួយ​ជី​ហ្គា​តោន​ស្មើនឹង​មួយ​ពាន់​លាន​តោន)។ ទីតាំង​ល្អ​ដែល​ត្រូវ​បានស្នើ គឺ​តំបន់​ដែល​ឆ្លងកាត់​សមុទ្រ​ខ្សាច់ Negev នៅ​អ៊ីស្រាអែល ភ្ជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ទៅនឹង​ឈូង​សមុទ្រ Aqaba បើកផ្លូវ​រហូតដល់​ស​មុ​ទ្រ​ក្រហម និង​មហាសមុទ្រ​ឥណ្ឌា។

    ការសិក្សា​បឋម​បង្ហាញថា វិធីសាស្ត្រ​ខាងលើ​គឺអាច​ទៅរួច។ ប៉ុន្តែ អនុស្សារណៈ​របស់​អាម៉េរិក​ក៏បាន​បង្ហាញថា អាចមាន​បញ្ហា​ផ្នែក​នយោបាយ ព្រោះថា ក្រុម​ប្រទេស​អារ៉ាប់​ដែល​នៅ​ជុំវិញ​អ៊ីស្រាអែល នឹង​ជំទាស់​យ៉ាងខ្លាំង​ក្លា​ទៅនឹង​គម្រោង​នេះ។

    តំបន់​ព្រែក​ជីក Suez និង​គម្រោង​ព្រែក​ជីក​នុយក្លេអែរ

    អនុស្សារណៈ​នេះ​ត្រូវបាន​ប្រទះ​ឃើញ​នៅពេល​គណៈកម្មការ​ថាមពល​នុយ​ក្លេ​អែរ​អាម៉េរិក ស៊ើបអង្កេត​លើ​ការប្រើប្រាស់​ជាតិ​ផ្ទុះ​នុយ​ក្លេ​អែរ​សន្តិភាព (PNE) ដើម្បី​ជីក​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ប្រយោជន៍។ គម្រោង​ខាងលើ​បាន​ខកខាន​បន្ទាប់ពី​សហរ​ដ្ឋ​អាម៉េរិក​មើល​ឃើញថា ការធ្វើ​តេស្ត​ជាមួយនឹង PNE ចំនួន 27 លើក គឺ​មាន​ការ​បំ​ភាយ​វិទ្យុសកម្ម​ទៅក្នុង​បរិស្ថាន៕

  • រង្វង់​មូល​បៃតងកំពុង​​កែប្រែ​សមុទ្រ​ខ្សាច់​នៅ​ប្រទេស​ចិន​ទៅជា​ដី​មាន​ជីជាតិ

    រង្វង់​មូល​បៃតងកំពុង​​កែប្រែ​សមុទ្រ​ខ្សាច់​នៅ​ប្រទេស​ចិន​ទៅជា​ដី​មាន​ជីជាតិ

    បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ការស្រោចស្រព អនុញ្ញាតឱ្យ​កសិករ​ដាំ​រុក្ខជាតិ​ដែលមាន​តម្លៃ​ខ្ពស់​នៅលើ​សមុទ្រ​ខ្សាច់​ទំហំ​មួយ​លាន​ហិកតា។

    សមុទ្រ​ខ្សាច់ Ulan Buh ដែលមាន​ផ្ទៃក្រឡា​មួយ​លាន​ហិកតា គឺជា​សមុទ្រ​ខ្សាច់​ធំជាងគេ​លំដាប់​ទី 8 នៅ​ប្រទេស​ចិន។ Ulan Buh ធ្លាប់​ល្បី​ឈ្មោះថា​ជា​ប្រភព​នៃ​ព្យុះ​ខ្សាច់​ប្រចាំឆ្នាំ​ដែលតែង​តែ​​វាយលុក​ភាគ​ខាងជើង​ប្រទេស​ចិន។

    បច្ចុប្បន្ន វិធានការ​ជាច្រើន​ត្រូវបាន​អនុញ្ញាត​ដើម្បី​ទប់​ទល់នឹង​បញ្ហា​ខាងលើ ក្នុងនោះ​មានដូចជា ការរារាំង​ខ្យល់ និង​ការកែលំអ​បរិស្ថាន​ធម្មជាតិ​ជាដើម ហើយ​បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​នេះ​គឺជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ខាងលើ ក៏ដូចជា​សកម្មភាព​ស្រោចស្រព​ដំណាំ​របស់​ពលរដ្ឋ​ក្នុង​តំបន់។ ចំពោះ​ការដាំដុះ ការស្រោចស្រព​តាមបែប​បាញ់​ទឹកជា​រង្វង់​មូល​នេះ​គឺជា​វិធី​ដែលមាន​ប្រសិទ្ធភាព​នៅក្នុង​ការរក្សា​ទឹក។

    ដោយ​ការប្រឹងប្រែង​ដើម្បី​កែលំអ​លក្ខខណ្ឌ​ធម្មជាតិ ដី​ជាង 30,000 ហិកតា​នៅ​តំបន់​សមុទ្រ​ខ្សាច់ Ulan Buh នេះ ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដាំ​រុក្ខជាតិ​ដែលមាន​គុណភាព​ខ្ពស់ ដែល​ភាគច្រើន​គឺជា​ស្រូវ​សាលី, ស្មៅ leymus chineensis និង​ស្មៅ alfalfa ជាដើម។ បរិមាណ​នៃ​ដំណាំ​ខាងលើ រកប្រាក់​ចំណូល​ប្រចាំឆ្នាំបាន​​លើសពី 97.7 លាន​ដុល្លារ​អាម៉េរិក។

    បច្ចុប្បន្ន បណ្ដាញ​ឧស្សាហកម្ម​មួយ​ដែល​រួមមាន​ទាំង​ការដាំដុះ ការបណ្ដុះ​ពូជ ការទិញ និង​លក់​ផលិតផល​កសិកម្ម​នៅ​តំបន់​ខាងលើ​ត្រូវបាន​បង្កើតឡើង​ដើម្បី​សម្រេចបាន​គោលដៅ​រួមចំណែក​ក្នុងការ​គ្រប់គ្រង​សមុទ្រ​ខ្សាច់ និង​កសិកម្ម។

    បណ្ដា​រង្វង់​មូល​ពណ៌​បៃតង​​ខាងលើ ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ស្រុក​ Dengkou របស់​ទីក្រុង Bayannur ក្នុង​តំបន់​ស្វយ័តម៉ុងហ្គោលី​ខាង​ក្នុង នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន​៕

  • រ៉ុក្កែត​ប្រើប្រាស់​ឥន្ធនៈ​មេតាន​ដំបូង​គេ​លើ​ពិភពលោក ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ

    រ៉ុក្កែត​ប្រើប្រាស់​ឥន្ធនៈ​មេតាន​ដំបូង​គេ​លើ​ពិភពលោក ត្រូវបាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ

    រ៉ុក្កែត Zhuque-2 របស់​ក្រុមហ៊ុន​ចិន Landspace បាន​ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Jiuquan នៅ​សមុទ្រ​ខ្សាច់ Gobi កាលពី​ព្រឹក​ថ្ងៃទី 12 កក្កដា 2023។

    អង្គភាព​អវកាស​អាម៉េរិក​បានបញ្ជាក់​អំពី​សេចក្ដីប្រកាស​របស់​ចិន ស្ដីពី​ការបាញ់​បង្ហោះ​រ៉ុក្កែត​ឥន្ធនៈ​មេតាន Zhuque-2 ឡើងដល់​គន្លង​គោចរ។ នេះ​គឺជា​ជោគជ័យ​របស់ Zhuque-2 ដោយសារ​កាលពី​ថ្ងៃទី 14 ធ្នូ 2022 រ៉ុក្កែត​នេះ​បានទទួល​បរាជ័យ និង​ធ្វើឱ្យ​បាត់បង់​ផ្កាយរណប 14 គ្រឿង។

    មេតាន​ត្រូវបាន​គេ​សរសើរ​ថា​ជា​ឥន្ធនៈ​ដែល​បំ​ភាយ​ឧស្ម័ន​ពុល​កម្រិត​ទាប បើ​ធៀប​នឹង​ឥន្ធនៈ​ដែល​រ៉ុក្កែតផ្សេងៗកំពុង​ប្រើប្រាស់។

    ក្រុមហ៊ុន​អាម៉េរិក​ជាច្រើន​ក៏​កំពុងតែ​អភិវឌ្ឍ​រ៉ុក្កែត​មេតាន ក្នុងនោះ​ក៏មាន SpaceX, Blue Origin, Rocket Lab, United Launch និង Relativity Space ជាដើម។

    ប្រទេស​ចិន និង​ក្រុមហ៊ុន​អវកាស​ឯកជន​របស់​ប្រទេស​នេះ កំពុង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៅក្នុង​ការបាញ់​បង្ហោះ​នានា និង​បាន​បំពេញបេសកកម្ម​ឡើងទៅ​កាន់​គន្លង​គោចរ​ចំនួន 54 លើក នៅក្នុង​ឆ្នាំ 2022 ហើយ​ឆ្នាំនេះ ពួកគេ​គ្រោង​នឹង​សម្រេច​ឱ្យបាន​ជាង 60 លើក។

    ដោយឡែក ក្រុមហ៊ុន​អាម៉េរិក SpaceX គឺជា​ទីភ្នាក់ងារ​អវកាស​ដែល​មមាញឹក​នឹង​ការងារ​ជាងគេ​របស់​សហរដ្ឋ​អាម៉េរិក ដោយបាន​បាញ់​បង្ហោះ​រ៉ុក្កែត​ទៅកាន់​អវកាស​ចំនួន 61 លើក កាលពី​ឆ្នាំ 2022៕

  • ទិដ្ឋភាព​ដ៏​គួរ​ជាទី​គយគន់​នៃ​ព្រឹល​ដ៏​ស្រស់ស្អាត ដែល​ធ្លាក់​ក្រាល​ពេញ​ផ្ទៃសមុទ្រ​ខ្សាច់ ​តា​ក្លា​ម៉ា​កាន

    ទិដ្ឋភាព​ដ៏​គួរ​ជាទី​គយគន់​នៃ​ព្រឹល​ដ៏​ស្រស់ស្អាត ដែល​ធ្លាក់​ក្រាល​ពេញ​ផ្ទៃសមុទ្រ​ខ្សាច់ ​តា​ក្លា​ម៉ា​កាន

    ព្យុះ​ព្រឹល​មួយ​ដ៏​កម្រ បាន​បង្កើតឱ្យមាន​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល បីដូច​ជា​ផ្ទាំងគំនូរ​របស់​កំពូល​វិចិត្រករ នៅលើ​សមុទ្រ​ខ្សាច់​ធំ​បំផុត​ប្រចាំ​ប្រទេស​ចិន ដែល​ស្ថិតក្នុង តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង។

    ស្ថិតនៅ​កណ្ដាល​អាង​ទន្លេ តា​រី​ម (Tarim) នៅ ស៊ីន​ជាំ​ង តា​ក្លា​ម៉ា​កាន (Taklamakan) គឺជា​សមុទ្រ​ខ្សាច់​ធំ​បំផុត​របស់ ប្រទេស​ចិន និង​ជា​សមុទ្រ​ខ្សាច់​ផ្លាស់​ទី​ធំ​បំផុត​លំដាប់​ទី​ពីរ​របស់​ពិភពលោក។

    សមុទ្រ​ខ្សាច់ តា​ក្លា​ម៉ា​កាន មាន​ទំហំ​រហូតដល់ ៣៣៧,០០០ គីឡូម៉ែត្រ​ក្រឡា ក្នុងនោះ ប្រហែល ៨៥% នៃ​ផ្ទៃដី ត្រូវបាន​បង្កើតឡើង​ដោយ​ទីទួល​ខ្សាច់​ផ្លាស់​ទី ដែលមាន​កម្ពស់​រាប់សិប ដល់​រាប់រយ​ម៉ែត្រ។

    តា​ក្លា​ម៉ា​កាន មាន​អាកាសធាតុ​ក្ដៅ និង​ហួតហែង​ខ្លាំង។ ភ្លៀង និង​ព្រឹល កម្រ​កើតមាន​នៅទីនេះ។ ថ្មីៗនេះ មាន​ព្រឹល​ធ្លាក់​យ៉ាង​ក្រាស​ជា​លើក​ទី​ពីរ​នៅលើ​សមុទ្រ​ខ្សាច់​នេះ រាប់​ចាប់ពី​ឆ្នាំ ២០០។

    ដោយសារតែ​ស្ថិតនៅ​ក្បែរ​តំបន់​អាកាសធាតុ​ត្រជាក់​ដែល​បក​មកពី​តំបន់ ស៊ី​ប៊េ​រី (Siberia) សីតុណ្ហភាព​នៅ តា​ក្លា​ម៉ា​កាន អាច​ចុះ​ដល់ ២០ អង្សា​សេ​ក្រោម​សូន្យ​នៅ​រដូវរងា ខណៈដែល​រដូវក្ដៅ ឡើងដល់​ជាង ៤០ អង្សា​សេ។

    យោងតាម​របាយការណ៍​ពី​តំបន់​នេះ ព្រឹល​បាន​ផ្ដើម​ធ្លាក់​មកលើ​សមុទ្រ​ខ្សាច់ តា​ក្លា​ម៉ា​កាន ចាប់ពី​ចុងខែ​វិច្ឆិកា ២០២១ នៅពេល​ចំហាយ​អាកាសធាតុ​ត្រជាក់​បក់​មកដល់។

    បើទោះជា​មាន​ភ្លៀង​ធ្លាក់​ជា​មធ្យម​ក្រោម ៤០ ម​ម ប៉ុន្តែ សមុទ្រ​ខ្សាច់ តា​ក្លា​ម៉ា​កាន នៅតែមាន​កូន​កោះ​មួយចំនួន​ដែលមាន​បឹង​ទឹក​ដ៏​ស្រស់ស្អាត។ ទឹក​នៅទីនេះ មាន​ប្រភពពី​ភ្នំ​នានា​នៅក្បែរនោះ៕