គម្រោង​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ​បង្កើត​ព្រែក​ជីក​ជំនួស Suez

សហរដ្ឋ​អាម៉េរិក​ធ្លា​ប់រៀប​ផែនការ​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ​ដើម្បី​បង្កើត​ព្រែក​ជីក​ប្រវែង 257 គីឡូម៉ែត្រ ដែល​ឆ្លងកាត់​ប្រទេស​អ៊ីស្រាអែល ដើម្បី​ជំនួស​ព្រែកជីក Suez ​នៅក្បែរនោះ។

រដ្ឋាភិបាល​អាម៉េរិក កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1960 ធ្លាប់បាន​ពិចារណា​អំពី​សំណើ​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ 520 គ្រាប់ ដើម្បី​បង្កើត​ព្រែក​ជីក​​មួយ​ជំនួស​ព្រែកជីក Suez ដែល​​ឆ្លងកាត់​ប្រទេស​អ៊ីស្រាអែល។ គម្រោង​នេះ​មិនអាច​ក្លាយជា​ការពិត ប៉ុន្តែ​បើសិន​មាន​ផ្លូវទឹក​ជំនួស ឬ​បន្ថែម​លើ Suez នោះ​គឺ​អាច​មាន​ប្រយោជន៍​ច្រើន​នៅក្នុង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ហើយ​អាច​ចៀសវាង​ការកកស្ទះ​ចរាចរណ៍​ដូច​ករណី​មួយ​កាលពី​ខែមីនា 2021។ នេះ​បើតាម Business Insider។

យោងតាម​អនុស្សារណៈ​ឆ្នាំ 1963 របស់​ក្រសួងការពារជាតិ​អាម៉េរិក ដែល​ត្រូវបាន​បង្ហើប​ឱ្យដឹង​កាលពី​ឆ្នាំ 1996 គម្រោង​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រអាម៉េរិក​ ​គឺ​ការប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ​ដើម្បី​បង្កើត​ព្រែកជីក​សមុទ្រ​ងាប់ (Dead Sea) ដែល​នឹង​អនុញ្ញាតឱ្យ​ទឹក​ហូរ​ឆ្លងកាត់​សមុទ្រ​ខ្សាច់ Negev។ ព្រែកជីក​ថ្មី​ក្នុង​គម្រោង​នេះ​នឹងមាន​ប្រវែង 257 គីឡូម៉ែត្រ ឆ្លងកាត់​ប្រទេស​អ៊ីស្រាអែល។ មូលហេតុ​ដែល​ធ្វើឱ្យមាន​គម្រោង​នេះ គឺ​ដោយសារ​វិធីសាស្ត្រ​ជីក​បែប​ធម្មតា​ត្រូវការ​ចំណាយ​ប្រាក់​ច្រើន ហើយ​គ្រាប់បែក​នុយ​ក្លេ​អែរ​អាច​ប្រើប្រាស់​បាន​នៅក្នុង​ករណីនេះ។ ព្រែកជីក​មួយបែប​នេះ​អាចរួមចំណែក​យ៉ាង​ធំធេង​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច។

ការកកស្ទះ​ចរាចរណ៍​កាលពី​ខែមីនា 2021 នៅលើ​ព្រែក​ជីក Suez

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ក្រសួងការពារជាតិ​អាម៉េរិក​គណនា​ឃើញថា ត្រូវការ​ឧបករណ៍​ផ្ទុះ​ដែលមាន​កម្លាំង 2 ម៉េ​ហ្គា​តោន​ចំនួន 4 សម្រាប់​ព្រែ​កមួយកំណាត់ៗដែលមាន​ប្រវែង 1.6 គីឡូម៉ែត្រ។ អ្នកជំនាញ​និយាយថា តួលេខ​នេះ​ប្រហាក់ប្រហែល​នឹង​គ្រាប់បែក​នុយ​ក្លេ​អែរ​ចំនួន 520 គ្រាប់ ឬ រំសេវ 1.04 ជី​ហ្គា​តោន (មួយ​ជី​ហ្គា​តោន​ស្មើនឹង​មួយ​ពាន់​លាន​តោន)។ ទីតាំង​ល្អ​ដែល​ត្រូវ​បានស្នើ គឺ​តំបន់​ដែល​ឆ្លងកាត់​សមុទ្រ​ខ្សាច់ Negev នៅ​អ៊ីស្រាអែល ភ្ជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ទៅនឹង​ឈូង​សមុទ្រ Aqaba បើកផ្លូវ​រហូតដល់​ស​មុ​ទ្រ​ក្រហម និង​មហាសមុទ្រ​ឥណ្ឌា។

ការសិក្សា​បឋម​បង្ហាញថា វិធីសាស្ត្រ​ខាងលើ​គឺអាច​ទៅរួច។ ប៉ុន្តែ អនុស្សារណៈ​របស់​អាម៉េរិក​ក៏បាន​បង្ហាញថា អាចមាន​បញ្ហា​ផ្នែក​នយោបាយ ព្រោះថា ក្រុម​ប្រទេស​អារ៉ាប់​ដែល​នៅ​ជុំវិញ​អ៊ីស្រាអែល នឹង​ជំទាស់​យ៉ាងខ្លាំង​ក្លា​ទៅនឹង​គម្រោង​នេះ។

តំបន់​ព្រែក​ជីក Suez និង​គម្រោង​ព្រែក​ជីក​នុយក្លេអែរ

អនុស្សារណៈ​នេះ​ត្រូវបាន​ប្រទះ​ឃើញ​នៅពេល​គណៈកម្មការ​ថាមពល​នុយ​ក្លេ​អែរ​អាម៉េរិក ស៊ើបអង្កេត​លើ​ការប្រើប្រាស់​ជាតិ​ផ្ទុះ​នុយ​ក្លេ​អែរ​សន្តិភាព (PNE) ដើម្បី​ជីក​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ប្រយោជន៍។ គម្រោង​ខាងលើ​បាន​ខកខាន​បន្ទាប់ពី​សហរ​ដ្ឋ​អាម៉េរិក​មើល​ឃើញថា ការធ្វើ​តេស្ត​ជាមួយនឹង PNE ចំនួន 27 លើក គឺ​មាន​ការ​បំ​ភាយ​វិទ្យុសកម្ម​ទៅក្នុង​បរិស្ថាន៕

Advertisement