Tag: វិធីសាស្ត្រ

  • ដំណើរ​ក្លាយ​ជាតារា​ Idol នៅ Kpop មិន​មែនជា​រឿង​ធម្មតា​ឡើយ

    ដំណើរ​ក្លាយ​ជាតារា​ Idol នៅ Kpop មិន​មែនជា​រឿង​ធម្មតា​ឡើយ

    ក្មេង​ជាច្រើន​នៅ​កូរ៉េខាងត្បូង ក្លាយជា​អ្នក​ហាត់​ការ​ពេល​មាន​វ័យ​ទើបតែ 10 ឆ្នាំ និង​ចំណាយ​ប្រហែល 10 ឆ្នាំ​ក្នុង​ការហាត់​ច្រៀង រាំ នៅ​មុនពេល​បង្ហាញខ្លួន​ក្នុង​ក្រុម​ចម្រៀង។

    «ដើម្បី​ក្លាយជា idol Kpop ដែល​ជោគជ័យ អ្នក​ត្រូវតែ​ជា​មនុស្ស​ក្លាហាន មាន​ចំណូលចិត្ត​ខ្ពស់ មាន​វិន័យ និង​សំណាង» Patti Sunio ឱ្យដឹង​នៅលើ SCMP ដែល​និយាយ​អំពី​ដំណើរ​ក្លាយជា idol ម្នាក់។

    ជាដំបូង កុមារ​ដែលមាន​ទេពកោសល្យ​ត្រូវតែ​ចុះកិច្ចសន្យា​ធ្វើជា​អ្នក​ហាត់​ការ​របស់​ក្រុមហ៊ុន​មួយ។ យោងតាម Koreaboo ក្មេង​ជាច្រើន​នៅ​កូរ៉េខាងត្បូង​បាន​ជាប់​ក្នុងការ​ជ្រើសរើស​តាំងពី​អាយុ 10 ឆ្នាំ ដោយ​ពួកគេ​ចូលរួម​ការសម្ដែងសាកល្បង​​ជា​មធ្យម 30 លើក មុនពេល​ចុះកិច្ចសន្យា​ហាត់​ការ។ តាម​និន្នាការ​សកល​របស់​វិស័យ​ឧស្សាហកម្ម Kpop បណ្ដា​ក្រុម​អ្នកវិនិយោគ​បាន​ពង្រីក​ដំណើរការ​​ជ្រើសរើស​អ្នក​ហាក់​ការ​នៅក្នុង​ក្របខណ្ឌ​ទូទាំង​សកលលោក ផ្ដល់ឱកាស​ដល់​ក្មេង​នៅ​ប្រទេស​ដទៃ​ក្រៅ​ពី​កូរ៉េខាងត្បូង។

    ក្មេង​ជាច្រើន​នៅ​កូរ៉េខាងត្បូង​បាន​ជាប់​ក្នុងការ​ជ្រើសរើស​តាំងពី​អាយុ 10 ឆ្នាំ

    Lisa របស់​ក្រុម Blackpink គឺជា​ឧទាហរណ៍​មួយ​សម្រាប់​ប្រការ​ខាងលើ។ នាង​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ឆ្លង​ផុត​ការជ្រើសរើស​របស់​ក្រុមហ៊ុន​កម្សាន្ត YG នៅ​ប្រទេស​ថៃ ហើយ​ជា​អ្នក​ហាត់​ការ​ជនជាតិ​បរទេស​ដំបូង​ដែល​បង្ហាញ​វត្ត​មាននៅ YG។ ក្រៅពី​សម្ពាធ​នៃ​ការហ្វឹកហាត់ ក្មេង​បរទេស​ក៏​ត្រូវតែ​ឆ្លងកាត់​រនាំង​ភាសា វប្បធម៌ ដើម្បី​សម្រប​ខ្លួន​។ បណ្ដា​ក្រុមហ៊ុន​គ្រប់គ្រង​នឹង​ទទួលខុសត្រូវ​លើ​ការចំណាយ​ទាំងអស់​របស់​អ្នក​ហាត់​ការ។ ខ្ទង់​ប្រាក់​ចំណាយ​ជា​មធ្យម​សម្រាប់​អ្នក​ហាត់​ការ​ម្នា​ក់នៅ Kpop គឺ​ប្រហែល 50,000 ដុល្លារ/ឆ្នាំ។

    ការធ្វើជា​អ្នក​ហាត់​ការ​គ្រាន់តែ​ជា​ជំហាន​ដំបូង​នៅក្នុង​ការបើកផ្លូវ​សម្រាប់​ដំណើរ​ដ៏​វែងឆ្ងាយ និង​ប្រកបដោយ​ឧបសគ្គ មុននឹង​អាច​ក្លាយជា idol ម្នាក់។ ក្នុងអំឡុង​​​ហាត់​ការ​ដែល​មាន​រយៈ​ពេល​ជា​មធ្យម 7 ឆ្នាំ ក្រុមហ៊ុន​គ្រប់គ្រង​នឹង​វាយតម្លៃ​លើ​ជំនាញ សមត្ថភាព​សម្រប​ខ្លួន​នៅ​ក្នុង​ក្រុម និង​ការ​ស៊ូទ្រាំ​នឹង​សម្ពាធរបស់​អ្នក​ហាក់​ការ​ម្នាក់​ៗ។ ក្រៅពី​សំឡេង​ច្រៀង ក្បាច់​រាំ ពួកគេ​ក៏ត្រូវ​រៀន​ភាសាបរទេស វិធីសាស្ត្រ​គ្រប់គ្រង​រូបភាព ការឆ្លើយ​ក្នុង​កិច្ច​សម្ភាស ទំនាក់ទំនង​ជាមួយ​មិត្ត​រួម​អាជីព និង​ការរក្សា​ទម្ងន់​រាងកាយ​ជាដើម។ ជាង​នេះ ក្រុមហ៊ុន​ជាច្រើន​ក៏​ស្នើឱ្យ​អ្នក​ហាត់​ការសន្យា​ថា​មិន​ប្រើប្រាស់​គ្រឿងញៀន ផឹក​គ្រឿង​ស្រវឹង​នៅពេល​បើកបរ និង​ចៀសវាង​រឿងអាស្រូវ​ស្នេហា​ផងដែរ។ Euny Hong អ្នកយកព័ត៌មាន​អាម៉េរិក​ដើមកំណើត​កូរ៉េខាងត្បូង បាន​សរសេរ​លើ The Paris Review ថា «ការបណ្ដុះបណ្ដាល​តារា Kpop គឺជា​ការអប់រំ​មនុស្ស​ដ៏​ពេញលេញ»។

    កាលជ្រើសរើសបេក្ខភាពសម្រាប់តំណែងអ្នកហាត់ការរបស់ SM Entertainment នៅជប៉ុន កាលពីឆ្នាំ 2019

    កំពូល​តារា Kpop ជាច្រើន បាន​ចំណាយ​ស្ទើរ​ពេញ​មួយ​យុវវ័យ​ដើម្បី​ធ្វើជា​អ្នក​ហាត់​ការ និង​រក​ឱកាស​ដើម្បី​បង្ហាញខ្លួន។ G-Dragon របស់ Bigbang បាន​ឆ្លងកាត់​ការបណ្ដុះបណ្ដាល 11 ឆ្នាំ ក្នុងនោះ 5 ឆ្នាំ​នៅ SM Entertainment និង 6 ឆ្នាំ​នៅ YG។ Idol Kpop ជាច្រើនរូប​ផ្សេងទៀត​ក៏​ធ្លាប់បាន​ឆ្លងកាត់​ប្រហាក់ប្រហែល​នេះ ក្នុងនោះ​មានដូចជា Jihyo (TWICE, 10 ឆ្នាំ), Heo Chan Mi (10 ឆ្នាំ), Jennie (Blackpink, 6 ឆ្នាំ), Suho (EXO, 6 ឆ្នាំ)។

    ពេល​ធ្វើជា​គណៈកម្មការ​នៃ​កម្មវិធី Idol Producer តារាចម្រៀង Lay (EXO) បាន​បង្ហើប​អំពី​ដំណើរការ​ប្រកួតប្រជែង​មុនពេល​បានបង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ថា ក្នុង 120 នាក់ ពួកគេ​រើសយក​តែ 100 នាក់ ហើយ​បន្ត​ជម្រុះរាប់​សិប​នាក់​ទៀត​ ដើម្បី​យក 24 នាក់។ ចាប់ពី 24 នាក់ ពួកគេ​ក៏​ជ្រើសរើស 12 នាក់​ចុងក្រោយ។ រៀងរាល់​សប្ដាហ៍​សុទ្ធ​តែមាន​អ្នក​ហាត់​ការ​ម្នាក់​ត្រូវ​ចាកចេញ»។

    បើទោះជា​បង្ហាញខ្លួន​ក្នុង​រូបភាព​ដ៏​អស្ចារ្យ ប៉ុន្តែ idol ជាច្រើន​នៅ Kpop រកប្រាក់​ចំណូល​មិនបាន​ច្រើន​ដូច​ទស្សនិកជន​គិត​នោះឡើយ។ ទំព័រ Seoulspace បាន​ផ្សាយ​ថា ក្រុមហ៊ុន​ក​ន្សា​ន្ត​ជាច្រើន​យកប្រាក់​ចំណូល​រហូតដល់ 90% ហើយ​ទុក​តែ 10% ប៉ុណ្ណោះ​សម្រាប់​តារា​ម្នាក់​ៗ។ សម្រាប់​ក្រុម​ដែលមាន​សមាជិក 20 នាក់​ដូច NCT ជាដើម នឹង​ទទួលបាន​ប្រាក់ចំណូល​កាន់តែ​ទាប។ នេះ​មិនទាន់​និយាយ​ដល់​រឿង​បង់ពន្ធ​ជូន​រដ្ឋ​នៅឡើយ៕

    Jennie (Blackpink) កាល​នៅ​ជា​អ្នក​ហាត់​ការ

  • គម្រោង​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ​បង្កើត​ព្រែក​ជីក​ជំនួស Suez

    គម្រោង​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ​បង្កើត​ព្រែក​ជីក​ជំនួស Suez

    សហរដ្ឋ​អាម៉េរិក​ធ្លា​ប់រៀប​ផែនការ​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ​ដើម្បី​បង្កើត​ព្រែក​ជីក​ប្រវែង 257 គីឡូម៉ែត្រ ដែល​ឆ្លងកាត់​ប្រទេស​អ៊ីស្រាអែល ដើម្បី​ជំនួស​ព្រែកជីក Suez ​នៅក្បែរនោះ។

    រដ្ឋាភិបាល​អាម៉េរិក កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1960 ធ្លាប់បាន​ពិចារណា​អំពី​សំណើ​ប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ 520 គ្រាប់ ដើម្បី​បង្កើត​ព្រែក​ជីក​​មួយ​ជំនួស​ព្រែកជីក Suez ដែល​​ឆ្លងកាត់​ប្រទេស​អ៊ីស្រាអែល។ គម្រោង​នេះ​មិនអាច​ក្លាយជា​ការពិត ប៉ុន្តែ​បើសិន​មាន​ផ្លូវទឹក​ជំនួស ឬ​បន្ថែម​លើ Suez នោះ​គឺ​អាច​មាន​ប្រយោជន៍​ច្រើន​នៅក្នុង​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ហើយ​អាច​ចៀសវាង​ការកកស្ទះ​ចរាចរណ៍​ដូច​ករណី​មួយ​កាលពី​ខែមីនា 2021។ នេះ​បើតាម Business Insider។

    យោងតាម​អនុស្សារណៈ​ឆ្នាំ 1963 របស់​ក្រសួងការពារជាតិ​អាម៉េរិក ដែល​ត្រូវបាន​បង្ហើប​ឱ្យដឹង​កាលពី​ឆ្នាំ 1996 គម្រោង​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រអាម៉េរិក​ ​គឺ​ការប្រើប្រាស់​គ្រាប់បែក​នុយ​ក្លេ​អែរ​ដើម្បី​បង្កើត​ព្រែកជីក​សមុទ្រ​ងាប់ (Dead Sea) ដែល​នឹង​អនុញ្ញាតឱ្យ​ទឹក​ហូរ​ឆ្លងកាត់​សមុទ្រ​ខ្សាច់ Negev។ ព្រែកជីក​ថ្មី​ក្នុង​គម្រោង​នេះ​នឹងមាន​ប្រវែង 257 គីឡូម៉ែត្រ ឆ្លងកាត់​ប្រទេស​អ៊ីស្រាអែល។ មូលហេតុ​ដែល​ធ្វើឱ្យមាន​គម្រោង​នេះ គឺ​ដោយសារ​វិធីសាស្ត្រ​ជីក​បែប​ធម្មតា​ត្រូវការ​ចំណាយ​ប្រាក់​ច្រើន ហើយ​គ្រាប់បែក​នុយ​ក្លេ​អែរ​អាច​ប្រើប្រាស់​បាន​នៅក្នុង​ករណីនេះ។ ព្រែកជីក​មួយបែប​នេះ​អាចរួមចំណែក​យ៉ាង​ធំធេង​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច។

    ការកកស្ទះ​ចរាចរណ៍​កាលពី​ខែមីនា 2021 នៅលើ​ព្រែក​ជីក Suez

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​ក្រសួងការពារជាតិ​អាម៉េរិក​គណនា​ឃើញថា ត្រូវការ​ឧបករណ៍​ផ្ទុះ​ដែលមាន​កម្លាំង 2 ម៉េ​ហ្គា​តោន​ចំនួន 4 សម្រាប់​ព្រែ​កមួយកំណាត់ៗដែលមាន​ប្រវែង 1.6 គីឡូម៉ែត្រ។ អ្នកជំនាញ​និយាយថា តួលេខ​នេះ​ប្រហាក់ប្រហែល​នឹង​គ្រាប់បែក​នុយ​ក្លេ​អែរ​ចំនួន 520 គ្រាប់ ឬ រំសេវ 1.04 ជី​ហ្គា​តោន (មួយ​ជី​ហ្គា​តោន​ស្មើនឹង​មួយ​ពាន់​លាន​តោន)។ ទីតាំង​ល្អ​ដែល​ត្រូវ​បានស្នើ គឺ​តំបន់​ដែល​ឆ្លងកាត់​សមុទ្រ​ខ្សាច់ Negev នៅ​អ៊ីស្រាអែល ភ្ជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ទៅនឹង​ឈូង​សមុទ្រ Aqaba បើកផ្លូវ​រហូតដល់​ស​មុ​ទ្រ​ក្រហម និង​មហាសមុទ្រ​ឥណ្ឌា។

    ការសិក្សា​បឋម​បង្ហាញថា វិធីសាស្ត្រ​ខាងលើ​គឺអាច​ទៅរួច។ ប៉ុន្តែ អនុស្សារណៈ​របស់​អាម៉េរិក​ក៏បាន​បង្ហាញថា អាចមាន​បញ្ហា​ផ្នែក​នយោបាយ ព្រោះថា ក្រុម​ប្រទេស​អារ៉ាប់​ដែល​នៅ​ជុំវិញ​អ៊ីស្រាអែល នឹង​ជំទាស់​យ៉ាងខ្លាំង​ក្លា​ទៅនឹង​គម្រោង​នេះ។

    តំបន់​ព្រែក​ជីក Suez និង​គម្រោង​ព្រែក​ជីក​នុយក្លេអែរ

    អនុស្សារណៈ​នេះ​ត្រូវបាន​ប្រទះ​ឃើញ​នៅពេល​គណៈកម្មការ​ថាមពល​នុយ​ក្លេ​អែរ​អាម៉េរិក ស៊ើបអង្កេត​លើ​ការប្រើប្រាស់​ជាតិ​ផ្ទុះ​នុយ​ក្លេ​អែរ​សន្តិភាព (PNE) ដើម្បី​ជីក​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ប្រយោជន៍។ គម្រោង​ខាងលើ​បាន​ខកខាន​បន្ទាប់ពី​សហរ​ដ្ឋ​អាម៉េរិក​មើល​ឃើញថា ការធ្វើ​តេស្ត​ជាមួយនឹង PNE ចំនួន 27 លើក គឺ​មាន​ការ​បំ​ភាយ​វិទ្យុសកម្ម​ទៅក្នុង​បរិស្ថាន៕

  • អាយុ​របស់​មនុស្ស​នឹង​កើន​ឡើងដល់ 120 ដោយ​សារ​តែ​បច្ចេកវិទ្យា​ និង​ការ​យល់​ដឹង​

    អាយុ​របស់​មនុស្ស​នឹង​កើន​ឡើងដល់ 120 ដោយ​សារ​តែ​បច្ចេកវិទ្យា​ និង​ការ​យល់​ដឹង​

    (ស៊ុយអែត) – អាយុ​របស់​មនុស្ស​គ្រោង​នឹង​កើន​ឡើងដល់ 120 ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ ដោយ​សារ​តែ​​បច្ចេក​វិទ្យា និង​ចំណេះដឹង​ដែល​បាន​ពី​វិបត្តិ​សុខភាព​កូ​វីដ-19។ល។

    បណ្ឌិត Ignat Kulkov នៅ​សាកលវិទ្យាល័យ Malardalen (MDU) ឱ្យដឹងថា អាយុ​របស់​មនុស្ស​អាច​ឡើងដល់​ពី​ 100 ទៅ 120 នៅក្នុង​អំឡុង​ឆ្នាំ 2070 យ៉ាងហោចណាស់​នៅក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍ។ នេះ​គឺជា​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់លោក Kulkov និង​សហការី​នៅ​ប្រទេស​ហ្វាំ​ង​ឡង់ បារាំង និង​អង់គ្លេស ហើយ​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ Futures កាលពី​ថ្ងៃទី 30 កក្កដា 2023។

    យោងតាម​បណ្ឌិត Kulkov ពីមួយថ្ងៃ​ទៅមួយថ្ងៃ មាន​មនុស្ស​កាន់តែច្រើន​ដែល​ពាក់​ឧបករណ៍​តាមដាន​សុខភាព។ ឧបករណ៍​ទាំងនេះ​តែង​ត្រូវបាន​ភ្ជាប់​ជាមួយនឹង​មន្ទីរពេទ្យ ជួយ​ឱ្យ​វេជ្ជបណ្ឌិត​អាចធ្វើ​រោគវិនិច្ឆ័យ និង​ណែនាំ​ប្រកប​ដោយ​ភាព​សុក្រឹត​សម្រាប់​អ្នកប្រើប្រាស់ និង​អ្នកជំងឺ ដែលនាំឱ្យ​ពួកគេ​កែលំអ​ការរស់នៅ ប្ដូរ​ទម្លាប់​មិនល្អ​សម្រាប់​សុខភាព​តាំងពីក្មេង ដូច្នេះ​ពួកគេ​នឹងមាន​អាយុ​វែង​ជាង​ធម្មតា។

    ក្រៅពីនេះ ការរីកចម្រើន​របស់​វិស័យ​ដទៃ​ក៏​អាចជួយ​ឱ្យ​មនុស្ស​រស់​បានយូរ​ជាង​មុន។ ឧទាហរណ៍​ដូចជា វិបត្តិ​សុខភាព​សកល​កូ​វីដ-19 បាន​ជួយ​ឱ្យ​មនុស្សជាតិ​យល់ដឹង​បន្ថែម​អំពី​ការតាមដាន​វីរុស​ប្រកបដោយ​ប្រសិទ្ធភាព។ បច្ចេក​វិទ្យា រួម​នឹង​វិធីសាស្ត្រ​ព្យាបាល​បែប​ទំនើប​នានា​ក៏​ត្រូវបាន​បង្កើតឡើង​ក្នុងសម័យ​កូ​វីដ​ផងដែរ។

    តាម​ជាក់ស្ដែង អាយុ​របស់​មនុ​ស្សបាន និង​កំពុង​កើនឡើង​នៅក្នុង​រយៈពេល 200 ឆ្នាំ​កន្លង។ កាលពី​ខែវិច្ឆិកា 2022 មូលនិធិ​ប្រជាជន​នៃ​អង្គការសហប្រជាជាតិ បាន​ព្យាករ​ថា អាយុ​ជា​មធ្យម​របស់​មនុស្ស​នៅ​ទូទាំង​សកលលោក​កើត​ដល់ 77.2 ឆ្នាំ​នៅ​ឆ្នាំ 2050 ដោយសារតែ​ការរីកចម្រើន​នៃ​វិស័យ​វេជ្ជសាស្ត្រ ដែល​ក្នុងនោះ​មាន​ទាំង​វ៉ាក់សាំង និង​ថ្នាំ​រម្ងាប់​មេរោគ ខណៈដែល​អនាម័យ ការរស់នៅ ក៏ដូចជា​អាហារ និង​ជីវជាតិ​ក៏ត្រូវ​បាន​កែលំអ៕

  • សកម្មភាព​ប្រចាំថ្ងៃ​របស់​ម្ចាស់ Facebook

    សកម្មភាព​ប្រចាំថ្ងៃ​របស់​ម្ចាស់ Facebook

    ក្រៅពី​ពេលវេលា​សម្រាប់​ធ្វើការ CEO របស់ Meta លោក Mark Zuckerberg មាន​កាលវិភាគ​​សម្រាប់​ការហូបចុក និង​ហាត់ប្រាណ​ប្រកបដោយ​ភាព​តឹងរឹង។

    នៅលើ​បណ្ដាញ​សង្គម​ថ្មី​ដែលមាន​ឈ្មោះថា Threads ម្ចាស់ Facebook បង្ហើប​ឱ្យដឹង​អំពី​វិធីសាស្ត្រ​ដែល​ជួយ​ឱ្យ​លោក​តែងតែ​ពោរពេញ​ដោយ​ថាមពល និង​អារម្មណ៍​ស្រស់ថ្លា ដើម្បី​ដោះស្រាយ​បញ្ហា​ការងារ​យ៉ាងច្រើន។

    «ខ្ញុំ​ក្រោក​ឡើង ហាត់​ក្បាច់គុន MMA ដើម្បី​ជួយ​ឱ្យ​ខួរក្បាល​បាន​ស្រស់ស្រាយ។ បង្កើត​នូវអ្វីៗជាច្រើន​សម្រាប់​មនុស្ស​ប្រើប្រាស់។ ហូប​អាហារ​ច្រើន ភាគច្រើន​គឺ​ប្រូតេអ៊ីន កាត់បន្ថយ​ជាតិ​ស្ករ និង​ផឹកស្រា​តិចតួច​បំផុត។ មួយថ្ងៃ ខ្ញុំ​ដេក​ពី 7 ទៅ 8 ម៉ោង» លោក Zuckerberg សរសេរ​ដូច្នេះ។

    ម្ចាស់ Facebook ឱ្យដឹងថា លោក​តែងតែ​ធ្វើ​កិច្ចការ​ខាងលើ​ជា​រៀងរាល់ថ្ងៃ។ នៅពេល​ត្រូវបាន​អ្នក​គុន​និយម​ជនជាតិ​អាម៉េរិកាំង​ដ៏​ល្បីឈ្មោះ Mike Davis សួរ​អំពី​កាហ្វេ លោក Zuckerberg ឆ្លើយថា «មិន​ផឹក​សូម្បីតែ​បន្តិច!»។

    ដើមឡើយ លោក Zuckerberg តែងតែ​រត់​ហាត់ប្រាណ បន្ទាប់​បាន​ក្រោកពីដំណេក។ ប៉ុន្តែ​ក្រោយមក លោក​ក៏បាន​ងាក​មក​ហាត់​ក្បាច់គុន MMA វិញ ព្រោះថា ពេល​រត់ គាត់​តែងតែ​គិត។ «អ្នក​មិនអាច​គិតដល់​អ្វី​ទាំងអស់​នៅពេល​ហាត់ MMA។ ឱ្យតែ​បាត់បង់​ការផ្ដោត​អារម្មណ៍​បន្តិច អ្នកនឹង​ត្រូវ​បញ្ចប់​ដោយ​ការ​ដេក​ដី» លោក Zuckerberg បញ្ជាក់​ដូច្នេះ។

    ជា​រៀងរាល់ឆ្នាំ CEO របស់ Meta នឹងចូលរួម​បង្ហាញ​កម្លាំង​ក្នុង​ព្រឹត្តិការណ៍ The Murphy Challenge។ នេះ​គឺជា​លំ​ហាត់ប្រាណ​​ប្រើប្រាស់​កម្លាំង​ខ្ពស់​ដែល​បង្កើតឡើង​ដោយ​មន្ត្រី​ក្នុង​អង្គភាព​ពិសេស​របស់​ទ័ពជើងទឹក​អាម៉េរិក។

    ក្រោយពី​ទទួលយក​ការ​បបួល​ប្រកួត​របស់​មហាសេដ្ឋី Elon Musk នាយក​ប្រតិបត្តិ​របស់ Meta មិនបាន​បង្ហោះ​សារ​ណាមួយ​ស្ដីពី​ការប្រកួត​នៅលើ​​សង្វៀន។ ប៉ុន្តែ Iska Saric អ្នកនាំពាក្យ​របស់ Meta និយាយថា Zuckerberg ពិតជា​ម៉ឺងម៉ាត់​ខ្លាំងណាស់។

    កាលពី​ថ្ងៃទី 21 មិថុនា ចាប់ផ្ដើម​ពី​រឿងរ៉ាវ​សរសេរ​លេង​នៅលើ Twitter មហាសេដ្ឋី Elon Musk បាន​បបួល​មហាសេដ្ឋី Mark Zuckerberg ណាត់​ទីតាំង​វាយ​គ្នា​នៅលើ​សង្វៀន​ក្នុង​ទ្រុង​ដែក​នៅ Las Vegas ហើយ​ម្ចាស់ Facebook ក៏​យល់ព្រម។

    អ្នកគាំទ្រ​កំពុងតែ​ទន្ទឹងរង់ចាំ និង​នាំគ្នា​ភ្នាល់ ដោយ​មានការ​ចែកជា​ក្រុម «Team Musk» និង «Team Zuck»។ Dana White ប្រធាន UFC (Ultimate Fighting Championship) ព្យាករ​ថា គូប្រកួត Musk –  Zuckerberg អាច​ក្លាយជា​ការប្រកួត​ក្បាច់គុន​មួយ​ទល់នឹង​មួយ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ និង​បំបែក​រាល់​កំណត់ត្រា​ស្ដីពី​ការលក់​សំបុត្រ​ចូល​ទស្សនា។ លោក​និយាយថា គ្រប់គ្នា​នឹងត្រូវ​ចំណាយ​ប្រហែល 100 ដុល្លារ សម្រាប់​ការ​ទស្សនា​មួយ​លើក​នៅតាម​ទូរទស្សន៍៕

  • បណ្ដុំ​​អគារ​ស្នាក់​នៅកម្ពស់​ជាង 100 ម៉ែត្រ​ ​ត្រូវ​បាន​ដំឡើង​​ពី​​​ម៉ូឌុល​ជាង 6,000 ដុំ

    បណ្ដុំ​​អគារ​ស្នាក់​នៅកម្ពស់​ជាង 100 ម៉ែត្រ​ ​ត្រូវ​បាន​ដំឡើង​​ពី​​​ម៉ូឌុល​ជាង 6,000 ដុំ

    (ប្រទេស​ចិន) – បណ្ដុំ​អគារ​ស្នាក់នៅ​កម្ពស់​ជាង 100 ម៉ែត្រ នៅ​ទីក្រុង Shenzhen ត្រូវបាន​សាងសង់​រួចរាល់​ក្នុង​រយៈពេល​មួយឆ្នាំ ដោយ​ការដំឡើង​ជា​ម៉ូឌុល។

    អគារ​ម៉ូឌុល​គឺជា​ស្ថាបត្យកម្ម​សំណង់​ដំឡើង​ពី​បណ្ដុំ​រចនាសម្ព័ន្ធ​ដែល​ត្រូវបាន​គេ​ចាក់ពុម្ព​រួចរាល់​នៅ​រោងចក្រ ហើយ​ដឹក​យកមក​ផ្គុំ ជំនួស​ឱ្យ​ការសាងសង់​នៅនឹងកន្លែង​ដូច​សព្វថ្ងៃ។

    អគារ​ស្នាក់នៅ​ចំនួន​ប្រាំ​នៅ​ទីក្រុង Shenzhen ប្រទេស​ចិន ត្រូវបាន​ដំឡើង​ជា​រូបរាង​ពី​ម៉ូឌុល​ស្ដង់ដា​ជាង 6,000 ដុំ។ បណ្ដា​ម៉ូឌុល​ត្រូវបាន​យកមក​ដំឡើង​នៅពេល​បណ្ដាញ​អគ្គិសនី និង​ផ្នែក​នានា​នៅ​ខាងក្នុង​ត្រូវបានធ្វើ​រួចរាល់។

    វិធីសាស្ត្រ​សាងសង់​ខាងលើ​ត្រូវបាន​វាយតម្លៃថា សន្សំសំចៃ​ពេល ប្រាក់កាស និង​បំ​ភាយ​ឧស្ម័ន​ពុល​ក្នុង​កម្រិត​ទាប។

    «តាម​ការ​គណនា​ជាបឋម​របស់​យើង ការសាងសង់​ដោយ​ម៉ូឌុល​អាចជួយ​កាត់បន្ថយ​សំណល់​សំណង់​បាន 75%» លោក Cen Yan មន្ត្រី​នៅ​ស្ថាប័ន​សំណង់ និង​ផ្ទះ​ស្នាក់នៅ​របស់​ទីក្រុង Shenzhen ឱ្យដឹង​ដូច្នេះ៕

  • ក្រុម​បាល់​ទាត់​ U-22 ថៃ រក​គ្រាប់​បាល់​បាន​លឿន​បំផុត​នៅ​ស៊ី​ហ្គេម 2023 គិត​ត្រឹម​បច្ចុប្បន្ន

    ក្រុម​បាល់​ទាត់​ U-22 ថៃ រក​គ្រាប់​បាល់​បាន​លឿន​បំផុត​នៅ​ស៊ី​ហ្គេម 2023 គិត​ត្រឹម​បច្ចុប្បន្ន

    ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​ប្រទេស​ថៃ ចំណាយពេល​តែ​បី​នាទី​ប៉ុណ្ណោះ​ក្នុងការ​ស៊ុត​​ពីរ​គ្រាប់​​ចូល​ទី​របស់ U-22 ឡាវ កាលពី​ល្ងាច​ថ្ងៃទី 08 ឧសភា។ នេះ​ក៏​ជា​ល្បឿន​នៃ​ការ​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ក្នុង​រយៈពេល​ខ្លី​បំផុត​សម្រាប់​​​វិញ្ញាសា​កីឡាបាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    នៅក្នុង​ជ័យជម្នះ​លើក​លើ U-22 ឡាវ ក្នុង​លទ្ធផល 4-1 U-22 ថៃ បានបង្ហាញ​វិធីសាស្ត្រ​វាយ​សម្រុក​ដ៏​លឿន ក្នុងនោះ U-22 ថៃ ចំណាយពេល​តែ​ប្រាំ​នាទី​ដំបូង​នៃ​ការប្រកួត ក៏​រកបាន​ពីរ​គ្រាប់។ អ្វីដែល​អស្ចារ្យ​គឺថា ការ​ស៊ុត​បញ្ចូល​ទី​បាន​ពីរ​គ្រាប់​នេះ កើតឡើង​នៅក្នុង​រយៈពេល​តែ​បី​នាទី​ប៉ុណ្ណោះ។

    គិត​មកដល់​បច្ចុប្បន្ន U-22 ថៃ បានឈ្នះ 9 គ្រាប់ និង​ចាញ់ 2 គ្រាប់។ អ្នកជំនាញ​និយាយថា U-22 ថៃ បច្ចុប្បន្ន​មាន​ខ្សែប្រយុទ្ធ​ខ្លាំងជាងគេ​នៅ​ពូ​ល B។ U-22 ថៃ នឹង​ក្លាយជា​គូប្រជែង​ចុងក្រោយ​របស់ U-22 វៀតណាម នៅ​ពូ​ល B ហើយ​អាច​ដណ្ដើមបាន​តំណែង​ជើងឯក​ពី U-22 វៀតណាម ​នៅ​ស៊ី​ហ្គេម​លើក​នេះ។

    ​ក្នុងការ​ប៉ះគ្នា​នៅ​ថ្ងៃទី 11 ឧសភា​ខាងមុខ ខ្សែប្រយុទ្ធ U-22 ថៃ នឹងត្រូវ​ផ្ដាច់​​ខ្សែការពារ​ដ៏​រឹងមាំ​របស់ U-22 វៀតណាម​ឱ្យបាន បើសិន​ចង់បាន​មេដាយមាស​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ U-22 វៀតណាម មកដល់ពេលនេះ​ក៏ត្រូវប៉ើង​សំណាញ់​ទី​ពីរ​គ្រាប់​ដូច​ទៅនឹង U-22 ថៃ។

  • សម្រាប់​អ្នក​អសមត្ថភាព​បន្ត​ពូជ៖ «តើ​ការបង្ក​កំណើត​ដោយ​​ប្រើ​ឧបករណ៍​វិទ្យាសាស្ត្រ បែប IVF គឺជា​អ្វី?»

    សម្រាប់​អ្នក​អសមត្ថភាព​បន្ត​ពូជ៖ «តើ​ការបង្ក​កំណើត​ដោយ​​ប្រើ​ឧបករណ៍​វិទ្យាសាស្ត្រ បែប IVF គឺជា​អ្វី?»

    ការបង្ក​កំណើត​ក្នុង​មន្ទីរពិសោធន៍ ឬ​ឧបករណ៍​វិទ្យាសាស្ត្រ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ IVF ដែល​គេ​អាច​ហៅ​បាន​ថា «ការបង្ក​កំណើត​ដោយ​វិធី​ពាក់កណ្ដាល​វិទ្យាសាស្ត្រ» ច្រើន​ធ្វើឡើង​នៅពេល​ស្ត្រី​មាន​ជំងឺ​ប្រចាំកាយ ឬ​ក្រោយ​ការព្យាបាល​ជំងឺ​ហើយ​នាំឱ្យ​ស្ត្រី​បាត់បង់​សមត្ថភាព​បន្ត​ពូជ ឬមួយ​ស្ត្រី​អស់​រដូវ​នៅពេល​ឈានដល់​វ័យ​ចំណាស់។

    ស្ត្រី​មួយចំនួន​ដែល​ជួប​បញ្ហា​ខាងលើ ប៉ុន្តែ​នៅតែ​ចង់​មាន​ផ្ទៃពោះ​គឺ​ត្រូវ​ជ្រើសរើស​វិធីសាស្ត្រ IVF (In Vitro Fertilization) ដោយ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​បង្ក​កពង​មេជី​វិត​ញី ដើម្បី​ទុក​សម្រាប់​បង្ក​កំណើត​ជាមួយ​មេជី​វិត​ឈ្មោល នៅពេលណា​ដែល​សមស្រប។

    វដ្ត​នៃ​ការបង្ក​កំណើត​ដោយ​វិធីសាស្ត្រ IVF

    វដ្ត​នៃ​ការបង្ក​កំណើត​ដោយ​វិធីសាស្ត្រ IVF ដែល​ចាប់ផ្តើម​ពី​ការបង្ក​កពង​មេជី​វិត​ញី មាន​ដូចខាងក្រោម៖

    1– ពង​មេជី​វិត​ញី​ដែល​ត្រូវបាន​យកមក​បង្កក​ទុក នឹងត្រូវ​យកទៅ​រំលាយ​ឱ្យ​ត្រលប់​ទៅរក​សភាព​ដើម

    2– ពង​ដែល​អ្នកជំនាញ​យល់ថា​អាច​ប្រើ​បាន និង​ត្រូវ​យកទៅ​បង្ក​កំណើត​ជាមួយ​មេជី​វិត​ឈ្មោល

    3– ពង​មេជី​វិត​ញី ក្រោយពី​ត្រូវបាន​រំលាយ​ឱ្យ​ត្រលប់​ទៅរក​សភាព​ដើម ហើយ​បាន​បង្ក​កំណើត​ដោយ​ជោគជ័យ​នឹង​ចាប់ផ្តើម​វិ​វ​ឌ្ឍ​ទៅជា​អំប្រ៊ីយ៉ុង (embryo)

    ​វដ្ដ​របស់​ អំប្រ៊ីយ៉ុង (embryo)

    4– ក្នុងចំណោម​អំប្រ៊ីយ៉ុង​ទាំងអស់​អាចមាន​មួយ​ទៅ​ពីរ ឬ​អាច​បី (សម្រាប់​មនុស្ស​ស្រី​ដែលមាន​អាយុ​ច្រើនជាង 40 ឆ្នាំ) នឹង​ត្រូវបាន​បញ្ចូល​ទៅក្នុង​ស្បូន ដើម្បី​ចាប់ផ្ដើម​ដំណាក់កាល​រីកចម្រើន​ទៅតាម​លក្ខណៈ​ធម្មជាតិ។

  • វិធីសាស្ត្រងាយៗក្នុង​ការពិនិត្យ​ពេជ្រ​សុ​ទ្ឋ ឬ ក្លែងក្លាយ

    វិធីសាស្ត្រងាយៗក្នុង​ការពិនិត្យ​ពេជ្រ​សុ​ទ្ឋ ឬ ក្លែងក្លាយ

    មិន​ពិបាក​ប៉ុន្មាន​ទេ ប្រសិនបើ​អ្នក​ចង់ដឹងថា ពេជ្រ​ណាមួយ​សុ​ទ្ឋ ឬ​ក្លែងក្លាយ ដោយ​អ្នក​ត្រូវ​លាប ទឹក​មឹក​ពណ៌​ខ្មៅ​ទៅលើ​ពេជ្រ ប្រសិនបើ មាន​ភាព​រអិល​ចេញ​អស់​គ្មាន​ពណ៌ ជាប់​នៅលើ​ពេជ្រ នោះ​ប​ញ្ផា​ក់ថា ជា​ពេជ្រ​សុ​ទ្ឋ​ពិតប្រាកដ ។ ផ្ទុយទៅវិញ ប្រសិនបើ​មាន​ចំនុច​ខ្មៅ ប្រឡាក់​ត្រង់​កន្លែង​លាប​ពណ៌​នោះ គ្រាប់ពេជ្រ​នោះ ជា​គ្រាប់ពេជ្រ​ក្លែងក្លាយ​ហើយ ៕