Tag: រុស្ស៊ី

  • ការរីកចម្រើន​ផ្នែក​អវកាស​របស់​សហរដ្ឋ​អាម៉េរិក ធៀប​នឹង​ប្រទេស​ចិន

    ការរីកចម្រើន​ផ្នែក​អវកាស​របស់​សហរដ្ឋ​អាម៉េរិក ធៀប​នឹង​ប្រទេស​ចិន

    នៅក្នុង​ផ្នែកសំខាន់ៗ សហរដ្ឋ​អាម៉េរិក​មិន​ត្រឹមតែ​មានប្រៀប​លើសលុប​លើ​ប្រទេស​ចិន​នោះទេ ប៉ុន្តែ​ក៏មាន​ប្រៀប​ជាង​បណ្ដា​ប្រទេស​បូក​ចូលគ្នា​ផងដែរ​នៅក្នុង​វិស័យ​អវកាស។

    អំពី​ថវិកា៖ ឆ្នាំ 2021 ថវិកា​សម្រាប់​ផ្នែក​អវកាស​របស់​សហរដ្ឋ​អាម៉េរិក​គឺ​ប្រមាណ 59.8 ពាន់​លាន​ដុល្លារ ខណៈ​ប្រទេស​ចិន​ មាន​​ប្រហែល 16.18 ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើតាម Svetla Ben-Itzhak សាស្ត្រាចារ្យ​រង​ផ្នែក​អវកាស និង​ទំនាក់ទំនង​អន្តរជាតិ ប្រចាំ​សាកលវិទ្យាល័យ Air (AU) របស់​សហរដ្ឋ​អាម៉េរិក។

    ផ្កាយរណប៖ គិត​ត្រឹម​ខែមេសា ឆ្នាំ 2023 នៅលើ​គន្លង​តារាវិថី​ផែនដី មាន​ផ្កាយរណប​សរុប 5,465 គ្រឿង​កំពុងដំណើរការ។ ក្នុងនោះ សហរដ្ឋ​អាម៉េរិក​មាន 3,433 គ្រឿង ស្មើនឹង 63% ហើយ​ឈរ​លំដាប់​លេខ​មួយ​លើ​ពិភពលោក។ ចំណែក​ប្រទេស​ចិន​វិញ មានតែ 541 គ្រឿង​ប៉ុណ្ណោះ។

    អវកាស​យានដ្ឋាន៖ សហរដ្ឋ​អាម៉េរិក​មាន​អវកាស​យានដ្ឋាន​សម្រាប់​បាញ់​បង្ហោះ​យានអវកាស​ចំនួន 7 កំពុងដំណើរការ​ក្នុង និង​ក្រៅប្រទេស គ្រា​ដែល​យ៉ាង​តិច​​ 13 កន្លែង​ផ្សេងទៀត​កំពុង​ស្ថាបនា​​។ ប្រទេស​ចិន​មាន​អាកាសយានដ្ឋាន​កំពុងដំណើរការ​ចំនួន 4 កន្លែង និង 2 កន្លែង​ទៀត​កំពុង​អភិវឌ្ឍ​ទៅតាម​ផែនការ ហើយ​ទាំងអស់​សុទ្ធតែ​ស្ថិតក្នុង​ទឹកដី​ប្រទេស​នេះ។

    ដៃគូ​សហការ៖ រដ្ឋាភិបាល​អាម៉េរិក​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន 169 ជាមួយ​រដ្ឋ និង​អង្គការ​អន្តររដ្ឋាភិបាល​ចំនួន នឹង 33, 129 ជាមួយនឹង​ដៃគូ​ពាណិជ្ជកម្ម និង 7 ជាមួយនឹង​ស្ថាប័ន​ស្រាវជ្រាវ។ ប្រទេស​ចិន មាន​កិច្ចសហការ​ជាមួយ​ប្រទេស​រុស្ស៊ី អ៊ីរ៉ង់ ប៉ា​គិ​ស្ថាន ថៃ និង​តួ​ក​គី។

    បេសកកម្ម​ឡើងទៅ​ឋាន​ព្រះ​ចន្ទ៖ រុស្ស៊ី និង​ចិន សហការគ្នា​នៅក្នុង​គម្រោង​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2028។ ស្ថានីយ​ស្រាវជ្រាវ​ព្រះ​ចន្ទ​អន្តរជាតិ​របស់​ប្រទេស​ទាំងពីរ​នេះ បើកទ្វារ​ទទួល​យកដៃ​គូ​សហការ​អន្តរជាតិ ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់មាន​ដៃគូ​ថ្មី​ណាមួយ​ឡើយ។ ចំណែក​កម្មវិធី​ព្រះ​ចន្ទ Artemis ដែល​នឹង​នាំ​អ្នក​អវកាស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ឆ្នាំ 2025 របស់​សហរដ្ឋ​អាម៉េរិក​វិញ គិត​ចាប់ពី​ឆ្នាំ 2020 មាន​ប្រទេស​ចំនួន 24 បាន​ចូលរួម។

    ចំនួន​លើក​នៃ​ការបាញ់​បង្ហោះ​យានអវកាស៖ ឆ្នាំ 2021 ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​យានអវកាស​ចំនួន 55 លើក ច្រើនជាង​សហរដ្ឋ​អាម៉េរិក​ចំនួន 4 លើក។

    ស្ថានីយ​អវកាស៖ ចាប់ពី​ឆ្នាំ 2022 ប្រទេស​ចិន​មាន​ស្ថានីយ​អវកាស​ពេញ​លេញ​​ផ្ទាល់ខ្លួន​ ឈ្មោះ ធាន​ហ្គ​ង់ (Tiangong) ដែល​គ្រប់គ្រង​តែឯង។ ចាប់ពី​ឆ្នាំ 1990 សហរដ្ឋ​អាម៉េរិក​បាន​សហការ​ជាមួយ​ប្រទេស​ចំនួន 14 ក្នុងនោះ​មាន​រុស្ស៊ី​ផងដែរ ដើម្បី​ដំណើរការ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។ ប្រទេស​ចិន​អាច​នឹងមាន​ប្រៀប​ជាង​សហរដ្ឋ​អាម៉េរិក យ៉ាង​ឆាប់​ត្រឹម​ឆ្នាំ 2045 បើសិន​វ៉ា​ស៊ី​ង​តោន​មិន​ធ្វើ​សកម្មភាព។ ប៉ុន្តែ យោងតាម Space  លទ្ធភាព​នេះ​ប្រហែលជា​នឹងមិន​អាច​កើតឡើង ព្រោះថា សហរដ្ឋ​អាម៉េរិក​កំពុងតែ​បង្កើន​ការវិនិយោគ​ទៅលើ​វិស័យ​អវកាស៕

  • អាម៉េរិក​ប្រកាស​កញ្ចប់​ជំនួយ​​ថ្មី​តម្លៃ​ជាងមួយ​ពាន់​លាន​ដុល្លារ​សម្រាប់​​អ៊ុយ​ក្រែ​ន

    អាម៉េរិក​ប្រកាស​កញ្ចប់​ជំនួយ​​ថ្មី​តម្លៃ​ជាងមួយ​ពាន់​លាន​ដុល្លារ​សម្រាប់​​អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក​គ្រោង​នឹង​ផ្ដល់ជំនួយ​ផ្នែក​យោធា​បន្ថែមចំនួន 1.2 ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ដែនអាកាស។

    មន្ត្រី​អាម៉េរិក កាលពី​ថ្ងៃទី 08 ឧសភា បានឱ្យដឹងថា ប្រទេស​នេះ​គ្រោង​នឹង​ប្រកាស​អំពី​កញ្ចប់​ជំនួយ​ថ្មី​នៅ​ថ្ងៃទី 09 ឧសភា។ កញ្ចប់​ជំនួយ​នេះ​គ្រោង​នឹងត្រូវ​បានផ្ដល់​ឱ្យ​ក្នុង​រយៈពេល​ច្រើន​ខែ និង​ច្រើន​ឆ្នាំ​ទៀត​ដើម្បី​ធានា​សន្តិសុខ​ក្នុង​អនាគត​របស់​អ៊ុយ​ក្រែ​ន ខុសពី​ជំនួយ​ជា​អាវុធ និង​សម្ភារ​យោធា​ដែល​ត្រូវបាន​យក​ពី​ឃ្លាំង​របស់​កងទ័ព​អាម៉េរិក​ដោយផ្ទាល់​ដែល​ធ្លាប់បាន​ធ្វើឡើង​នាពេល​កន្លង។

    កញ្ចប់​ជំនួយ​ថ្មី​ដែលមាន​តម្លៃ 1.2 ពាន់​លាន​ដុល្លារ​នេះ​នឹង​ធ្វើឱ្យ​កញ្ចប់​ជំនួយ​យោធា​សរុប​ដែល​អាម៉េរិក​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន កើន​ឡើងដល់​ជិត 37 ពាន់​លាន​ដុល្លារ រាប់​ចាប់តាំងពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​កាលពី​ខែកុម្ភៈ 2022 រហូតដល់​បច្ចុប្បន្ន។

    មីស៊ីល​ការ​ពារ​ដែន​អាកាស​ MIM-23 HAWK

    ព័ត៌មាន​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​គ្រា​ដែល​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់អ៊ុយ​ក្រែ​ន​ប្រឈម​នឹង​សម្ពាធ​ខ្លាំង​ពី​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​រុស្ស៊ី នៅមុន​ការ​វាយបក​ទ្រង់ទ្រាយ​ធំ​របស់​ទីក្រុង​កៀវ។

  • រុស្ស៊ី ប្រារព្ធ​ពិធី​ដង្ហែ​ព្យុហយាត្រា​អបអរ​ជ័យជម្នះ​នៅថ្ងៃនេះ

    រុស្ស៊ី ប្រារព្ធ​ពិធី​ដង្ហែ​ព្យុហយាត្រា​អបអរ​ជ័យជម្នះ​នៅថ្ងៃនេះ

    ព្រឹត្តិការណ៍​ដង្ហែ​ក្បួនព្យុហយាត្រា​អបអរ​ជ័យជម្នះ​របស់​រុស្ស៊ី គ្រោង​នឹងធ្វើ​ឡើង​នៅ​ល្ងាច​នេះ​នៅឯ​ទីលាន​ក្រហម ដោយមាន​ការចូលរួម​របស់​ទាហាន​រុស្ស៊ី​ជាង 10,000 នាក់ រួម​នឹង​អាវុធ​នានា​​របស់​ប្រទេស​នេះ។

    ពិធី​ដង្ហែ​ក្បួនព្យុហយាត្រា​អបអរ​ជ័យជម្នះ 78 ឆ្នាំ​នៃ​ថ្ងៃ​​កងទ័ព​ក្រហម​សូ​វៀត បាន​ផ្ដួល​រំលំ​របប​ហ្វា​ស៊ី​ស​អាល្លឺម៉ង់ បញ្ចប់សង្គ្រាម​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ (Great Patriotic War) នេះ​ នឹង​ធ្វើឡើង​នៅវេលា​ម៉ោង 10 ថ្ងៃទី 09 ឧសភា (ម៉ោង​ប្រហែល 14 នៅ​កម្ពុជា) នៅ​ទីលាន​ក្រហម (Red Square) ក្នុង​រដ្ឋធានី​មូ​ស្គូ។ ទាហាន​រុស្ស៊ី​ជាង 10,000 នាក់ រួម​នឹង​អង្គភាព​អាវុធ​ចំនួន 125 នឹងចូលរួម​ពិធី​ខាងលើនេះ។

    ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន រួម​នឹង​មេដឹកនាំ​ប្រទេស​មួយចំនួន ក្នុងនោះ​មាន បេឡា​រុស អា​មេ​នី កៀ​ហ្ស៊ី​ស៊ី​ស្ថាន តា​ហ្ស៊ី​គី​ស្ថាន អ៊ូ​ស​បេ​គី​ស្ថាន និង​កា​ហ្សា​ក់​ស្ថាន​ជាដើម នឹង​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ។

    ពិធី​ដង្ហែ​ព្យុហយាត្រា​អបអរ​ជ័យជម្នះនៅ​ក្នុង​​ឆ្នាំនេះ​របស់​រុស្ស៊ី ធ្វើឡើង​ក្នុង​ស្ថានការណ៍​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​ខ្លាំង​នៅ​ទូទាំងប្រទេស បន្ទាប់ពី​មានការ​វាយប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ករណី គ្រា​ដែល​កងទ័ព​ប្រទេស​នេះ​កំពុង​ឈ្លានពាន​ទឹកដី​អ៊ុយ​ក្រែ​ន។

    សង្គ្រាម​ស្នេហា​ជាតិ​ដ៏​អស្ចារ្យ (1941-1945) គឺជា​សង្គ្រាម​ធំ​បំផុត និង​បង្កឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ ក្នុងនោះ​មាន​ទាហាន និង​ប្រជាជន​សូ​វៀត ប្រហែល 27 លាន​នាក់​បាន​បាត់បង់​ជីវិត​ដើម្បី​ការពារ​ប្រទេស និង​មនុស្សជាតិ​ពី​ពួក​ហ្វា​ស៊ី​ស​និយម។

    សង្គ្រាម​នេះ​បានបញ្ចប់​នៅ​ថ្ងៃទី 09 ឧសភា 1945 នៅពេល​តំណាង​ហ្វា​ស៊ី​ស​អាល្លឺម៉ង់ ចុះហត្ថលេខា​ទទួលស្គាល់​ការចុះចាញ់​ដោយ​គ្មាន​លក្ខខណ្ឌ​នៅ​ចំពោះមុខ​តំណាង​សម្ព័ន្ធមិត្ត​នៅ​បែរ​ឡាំង។ កងទ័ព​ក្រហម​សូ​វៀតបាន​ប្រារព្ធ​ពិធី​ដង្ហែ​ក្បួនព្យុហយាត្រា​អបអរ​ជ័យជម្នះ​ជា​លើកដំបូង​កាលពី​ថ្ងៃទី 24 មិថុនា 1945។ ក្រោយមក ព្រឹត្តិការណ៍​នេះ​ក៏ត្រូវ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី 09 ឧសភា ក្នុង​ឆ្នាំ 1965, 1985 និង 1990។

    ក្រោយពី​សូ​វៀតបាន​ដួលរលំ រុស្ស៊ី​ក៏បាន​ប្រារព្ធ​ពិធី​នេះ​ឡើងវិញ​នៅ​មូ​ស្គូ​ចាប់ពី​ឆ្នាំ 1995។ ចាប់តាំងពី​ពេលនោះ​មក ព្រឹត្តិការណ៍​នេះ​ក៏ត្រូវ​បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី 09 ឧសភា។ ក៏ប៉ុន្តែ កាលពី​ឆ្នាំ 2020 ព្រឹ​ត​ត្តិ​ការណ៍​នេះ​ត្រូវបាន​លើក​ទៅធ្វើ​នៅ​ថ្ងៃទី 24 មិថុនា ដោយសារតែ​វិបត្តិ​កូ​វីដ-19៕

  • ចន្ទ្រគ្រាស​នៅ​យប់​ថ្ងៃទី 05 ឧសភា​នេះ នឹង​ងាយស្រួល​គយគន់​សម្រាប់​កម្ពុជា​ទាំងមូល

    ចន្ទ្រគ្រាស​នៅ​យប់​ថ្ងៃទី 05 ឧសភា​នេះ នឹង​ងាយស្រួល​គយគន់​សម្រាប់​កម្ពុជា​ទាំងមូល

    នៅ​យប់​នេះ ដែនដី​កម្ពុជា​ទាំងមូល​នឹង​ស្ថិតក្នុង​តំបន់​ដែល​អាច​មើលឃើញ​ទាំងស្រុង​នូវ​បាតុភូត​រាហូ​ចាប់​ចន្ទ ដែល​អូ​បន្លាយពេល​ជាង​ពីរ​ម៉ោង ធ្វើ​ឱ្យ​​​ព្រះ​ចន្ទ​​ប្រែជា​ងងឹត​ជាង​មុន ប៉ុន្តែ​មិនមាន​ពណ៌​ក្រហម​ខ្លាំង។

    ចន្ទ្រគ្រាស​ពាក់កណ្ដាល​វង់​នឹង​កើតឡើង​នៅវេលា​ម៉ោង 22 និង 15 នាទីយប់​នៃថ្ងៃទី 05 ឧសភា (ម៉ោង​នៅ​កម្ពុជា)។ ប្រជាជន​ស្ទើរតែ​ទាំងអស់​ដែល​រស់នៅក្នុង​តំបន់​នានា​របស់​ទ្វីបអាស៊ី អឺរ៉ុប អង់តាក់ទិក រុស្ស៊ី អូ​សេ​អា​នី អាហ្វ្រិក​ខាងកើត និង​អាហ្វ្រិក​កណ្ដាល សុទ្ធតែ​អាច​គយគន់​បាតុភូត​នេះ។

    អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា ខុសពី​ចន្ទ្រគ្រាស​ទាំងស្រុង ឬមួយ​ចំណិត ចន្ទ្រគ្រាស​ពាក់កណ្ដាល​វង់ ឬ​ពាក់​កណ្ដាល​ងងឹត​មិន​ប្រែ​ពណ៌​ជា​ក្រហម​ខ្លាំង និង​ងងឹត​នោះទេ តែ​វា​គ្រាន់​តែមាន​ពណ៌​ក្រហម​ស្រាល និង​ងងឹត​ជាងបន្តិច​បើ​​ធៀប​នឹង​ចន្ទ​ពេញវង់​ធម្មតា​។

    បាតុភូត​រាហូ​ចាប់​ចន្ទ​លើក​នេះ​នឹងមាន​ភាពងាយស្រួល​សម្រាប់​ការ​ទស្សនារបស់​ប្រជាជន​កម្ពុជា ព្រោះថា វា​នឹង​កើតឡើង​នៅ​ជិត​ពាក់​កណ្ដាលយប់ ពេលដែល​ព្រះ​ចន្ទ​រះ​ឡើង​ខ្ពស់។

    បាតុភូតចន្ទ្រគ្រាសលើកនេះនឹងគ្រាន់តែមានពណ៌ក្រហមស្រាល និងងងឹតជាងបន្តិចបើធៀបនឹងចន្ទពេញវង់ធម្មតា

    ដូច​ទៅនឹង​ប្រភេទ​នៃ​បាតុភូត​រាហូ​ចាប់​ចន្ទ​ដទៃ ចន្ទ​គ្រាស​មួយ​ចំហៀង​កើតឡើង​ដោយសារ​ផែនដី​គោចរ​ឆ្លងកាត់​តំបន់​ចន្លោះ​រវាង​ព្រះ​ចន្ទ និង​ព្រះអាទិត្យ។ ប្រការនេះ​ធ្វើឱ្យ​ពន្លឺ​ដែល​ព្រះអាទិត្យ​ជះ​ទៅលើ​ព្រះ​ចន្ទ​ត្រូវ​បាំងបិទ​ដោយ​ផែនដី គ្រា​ដែល​ស្រមោល​របស់​ផែនដី​ជះ​ទៅលើ​ព្រះ​ចន្ទ ហើយ​ជា​លទ្ធផល ព្រះ​ចន្ទ​ត្រូវ​ងងឹត​មួយផ្នែក មួយ​ចំហៀង ឬ​ងងឹត​ទាំងស្រុង​ទៅតាម​ទីតាំង​របស់​ផែនដី ព្រះ​ចន្ទ និង​ព្រះអាទិត្យ៕

  • បាតុភូត​ «រាហូចាប់​ចន្ទ​» ដំបូង​គេ​ក្នុង​ឆ្នាំ​នេះ ជិត​កើត​ឡើង​ហើយ

    បាតុភូត​ «រាហូចាប់​ចន្ទ​» ដំបូង​គេ​ក្នុង​ឆ្នាំ​នេះ ជិត​កើត​ឡើង​ហើយ

    ព្រះចន្ទ​នឹង​គោចរ​ចូលក្នុង​តំបន់​ងងឹត​ខាង​ក្រោយ​របស់​ផែនដី​នៅ​ថ្ងៃទី 05 ឧសភា ធ្វើ​ឱ្យ​ព្រះចន្ទ​អ័ព្ទ​រស្មី​ជាង​មុន  បង្កើត​បាន​ជា​បាតុភូត​រាហូ​​ចាប់​ចន្ទ្រ​ (ចន្ទ​គ្រាស) មួយ​ចំហៀង​។

    បាតុភូត​ចន្ទ​គ្រាស​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង 22 និង 15 នាទី នៃ​ថ្ងៃទី 05 ឧសភា (នៅកម្ពុជា) ហើយ​អាច​មើល​ឃើញ​ពី​គ្រប់​ទិស​ដែលមាន​​ព្រះ​ចន្ទ​ស្ថិត​នៅ​ឯ​នាយ​ជើង​មេឃ​ រួម​មាន​ទ្វីប​អង់តាក់ទិក ទ្វីប​អាស៊ី រុស្ស៊ី ទ្វីប​អូសេអានី តំបន់​អាហ្វ្រិក​ខាង​ត្បូង និងអាហ្វ្រិក​​កណ្ដាល​។

    ព្រឹត្តិការណ៍​នេះ​នឹង​ឈាន​ដល់​ចំណុច​កំពូល​នៅ​ម៉ោង​ 00 និង 24 នាទី ថ្ងៃ​ទី 06 ឧសភា ហើយ​បញ្ចប់​នៅ​ម៉ោង 02 និង 32 នាទី​ក្នុង​ថ្ងៃ​ដដែល​ នៅ​ពេល​ព្រះចន្ទ​គោចរ​ចេញ​ផុត​ពី​ស្រមោល​ផែនដី​។

    ដូច​ទៅ​នឹងប្រភេទ​នៃ​​បាតុភូត​រាហូ​​ចាប់​ចន្ទ​ដទៃ ចន្ទ​គ្រាស​មួយ​ចំហៀង​កើត​ឡើង​ដោយ​សារ​ផែនដី​គោចរ​ឆ្លង​កាត់​តំបន់​ចន្លោះ​រវាង​ព្រះចន្ទ និង​ព្រះអាទិត្យ​។ ប្រការ​នេះ​ធ្វើ​ឱ្យ​ពន្លឺ​ដែលព្រះអាទិត្យ​ជះទៅ​លើ​ព្រះចន្ទ​ត្រូវ​បាំង​បិទ​ដោយ​ផែនដី​ គ្រា​ដែល​​ស្រមោល​របស់​ផែនដី​ជះទៅ​លើ​ព្រះចន្ទ​ ហើយ​ជា​លទ្ធផល​ ព្រះ​ចន្ទ​ត្រូវ​ងងឹត​មួយ​ផ្នែក​ មួយ​ចំហៀង ឬងងឹត​​ទាំង​ស្រុង​ទៅ​តាម​ទីតាំង​របស់​ផែនដី ព្រះចន្ទ និង​ព្រះ​អាទិត្យ​។

    តំបន់​ងងឹត​គឺជា​ទី​ដែល​មាន​បាតុភូត​ចន្ទ​គ្រាស
    មូលហេតុ​នៃ​ការ​កើត​មាន​បាតុភូត​រាហូ​ចាប់​ចន្ទ​
  • អេ​ស្ប៉ា​ញ រឹបអូស​នាវា​ទេសចរណ៍​តម្លៃ ៩៩ លាន​ដុល្លារ​អាម៉េរិក របស់ មហាសេដ្ឋី​រុស្ស៊ី

    អេ​ស្ប៉ា​ញ រឹបអូស​នាវា​ទេសចរណ៍​តម្លៃ ៩៩ លាន​ដុល្លារ​អាម៉េរិក របស់ មហាសេដ្ឋី​រុស្ស៊ី

    សមត្ថកិច្ច​របស់ ប្រទេស​អេ​ស្ប៉ា​ញ ប្រកាស​អំពី​ការ​រឹបអូស​នាវា​ទេសចរណ៍ Tango របស់​មហាសេដ្ឋី Viktor Vekselberg ដែល​ត្រូវបាន អាម៉េរិក បញ្ចូល​ទៅក្នុង​បញ្ជីខ្មៅ។

    ក្រុមប៉ូលិស​អេ​ស្ប៉ា​ញ កាលពី​ម្សិលមិញ​ប្រកាសថា បាន​សហការ​ជាមួយ​កម្លាំង​ពិសេស​របស់ សហរដ្ឋ​អាម៉េរិក រឹបអូស​នាវា​មួយគ្រឿង​ដែលមាន​បណ្ដោយ ៧៨ ម៉ែត្រ នៅ Palma de Mallorca ជាទី​ក្រុង​កំពង់ផែ​នៅ​ភាគ​ខាងលិច​នៃ សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ។

    នាវា​ទេសចរណ៍​ដែលមាន​តម្លៃ ៩៩ លាន​ដុល្លារ គឺជា​កម្មសិទ្ធិ​របស់ មហាសេដ្ឋី​រុស្ស៊ី Viktor Vekselberg ប្រធាន​ក្រុមហ៊ុន Renova។ ក្រុមហ៊ុន​នេះ រួម​នឹង​ក្រុមហ៊ុន​ជាច្រើន​ទៀត​របស់ រុស្ស៊ី ត្រូវ សហរដ្ឋ​អាម៉េរិក ដាក់ចូល​ទៅក្នុង​បញ្ជីខ្មៅ​ឆ្នាំ ២០១៨ ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ដាក់ទណ្ឌកម្ម​លើ ទីក្រុង​មូ​ស្គូ ក្រោម​បទ​ចោទថា ទាក់ទង​ទៅនឹង​សកម្មភាព​វាយប្រហារ​លើ «គ្រឹះ​ប្រជាធិបតេយ្យ​របស់លោក​ខាងលិច»។

    មហាសេដ្ឋីរុស្ស៊ី Viktor Vekselberg (ស្ដាំ) និងមេដឹកនាំនៃ​ ប្រទេសរុស្ស៊ី

    Vekselberg មិន​ស្ថិតក្នុង​បញ្ជី​ដែល​ត្រូវ សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម ប៉ុន្តែ លោក​កំពុង​ត្រូវបាន​ស៊ើបអង្កេត​នៅ សហរដ្ឋ​អាម៉េរិក ក្រោម​បទ​ចោទថា លាក់បាំង​អំពី​សិទ្ធិ​ជា​ម្ចាស់​នាវា​ទេសចរណ៍​ដើម្បី​គេច​ពី​ទណ្ឌកម្ម។

    កម្លាំង​ពិសេស​របស់ អេ​ស្ប៉ា​ញ និង សហរដ្ឋ​អាម៉េរិក បាន​រឹបអូស​ឯកសារ កុំព្យូទ័រ​នៅលើ​នាវា​ដែលមាន​សញ្ជាតិ ឃុ​ក (Cook Islands) ដែលជា​ប្រទេស​ដី​កោះ​មួយ​នៅ មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង ដើម្បី «ស្វែងរក​អត្តសញ្ញាណ​ម្ចាស់​កម្មសិទ្ធិ​ពិតប្រាកដ»។ នេះ​គឺជា​នាវា​ទេសចរណ៍​ទី​ពីរ​ទាក់ទង​នឹង មហាសេដ្ឋី​រុស្ស៊ី ដែល​ត្រូវបាន​រឹបអូស​នៅ អេ​ស្ប៉ា​ញ ចាប់តាំងពី រុស្ស៊ី បាន​បើក​ការឈ្លានពាន​លើ ទឹកដី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២។

    អាជ្ញាធរ​របស់ បារាំង និង អ៊ីតាលី ក៏បាន​រឹបអូស​នាវា​ទេសចរណ៍​ជាច្រើន​គ្រឿង​ដែល​ទាក់ទិន​នឹង​ក្រុមអ្នកមានអំណាច​នៅ រុស្ស៊ី ក្នុង​កិច្ចខិតខំ​ដើម្បី​បង្ខំ​ឱ្យ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ដក​កងទ័ព​ចេញពី អ៊ុយ​ក្រែ​ន៕

  • តំបន់​ផ្ដាច់ខ្លួន​នៅ​ ប្រទេស​​ហ្ស​ក​ហ្ស៊ី​ នឹង​ធ្វើ​​ប្រជា​មតិ​​ស្ដី​ពី​​ការ​​បម្រួប​បម្រួម​​ចូល​ក្នុង​​សហ​ព័ន្ធ​រុស្ស៊ី

    តំបន់​ផ្ដាច់ខ្លួន​នៅ​ ប្រទេស​​ហ្ស​ក​ហ្ស៊ី​ នឹង​ធ្វើ​​ប្រជា​មតិ​​ស្ដី​ពី​​ការ​​បម្រួប​បម្រួម​​ចូល​ក្នុង​​សហ​ព័ន្ធ​រុស្ស៊ី

    មេដឹកនាំ អូ​សេ​ទី​ខាងត្បូង (South Ossetia)  ដែលជា​តំបន់​ផ្ដាច់ខ្លួន​នៅ ហ្ស​ក​ហ្ស៊ី (Georgia) ប្រកាសថា​ នឹងធ្វើ​ប្រជាមតិ​ស្ដីពី​ការច្របាច់បញ្ចូល​ទៅក្នុង សហព័ន្ធរុស្ស៊ី។

    «យើង​មាន​មូលហេតុ​គ្រប់គ្រាន់​ដើម្បី​ចូលរួម​ក្នុង​សហព័ន្ធរុស្ស៊ី និង​មិន​ជួប​ឧបសគ្គ​ផ្លូវច្បាប់​ណាមួយ​ឡើយ» Alan Tadtaev អ្នកតាក់តែង​ច្បាប់កំពូល​មួយរូប​របស់ អូ​សេ​ទី​ខាងត្បូង កាលពី​ថ្ងៃទី ៣០ មីនា បានឱ្យដឹង​ដូច្នេះ។

    «ខ្ញុំ​យល់​ឃើញ​ថា ការ​បម្រួបបម្រួម​ជាមួយ រុស្ស៊ី គឺជា​គោលដៅ​យុទ្ធសាស្ត្រ និង​ជា​ជម្រើស​របស់​យើង ជា​បំណងប្រាថ្នា​របស់​ប្រជាជន» Anatoly Bibilov មេដឹកនាំ​របស់ សាធារណរដ្ឋ​ស្វ័យ​ប្រកាស អូ​សេ​ទី​ខាងត្បូង ថ្លែង​ដូច្នេះ។ «យើង​នឹង​អនុវត្ត​ទៅតាម​ជំហាន​នៃ​ផ្លូវច្បាប់​នាពេល​ដ៏​ខ្លី​ខាងមុខ។ អូ​សេ​ទី​ខាងត្បូង នឹង​ក្លាយជា​ផ្នែក​មួយ​របស់ រុស្ស៊ី ជា​ទឹកដី​កំណើត​ប្រវត្តិ​សាស្ត្រ»។

    បែបបទ​ផ្លូវច្បាប់​​ដែល​ចាំបាច់​ដើម្បីឱ្យ អូ​សេ​ទី​ខាងត្បូង អាច​បម្រួបបម្រួម​ជាមួយ រុស្ស៊ី នឹង​រួចរាល់​នៅ​ថ្ងៃទី ១០ មេសា ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​របស់​តំបន់​នេះ។

    ហ្ស​ក​ហ្ស៊ី គឺជា​ប្រទេស​ដែល​ធ្លាប់​ចំណុះឱ្យ សហភាពសូវៀត នៅ​តំបន់ កៅ​កាស (Kavkaz) ជាប់​ជាមួយ​រុស្ស៊ី នៅ​ភាគ​ខាងជើង។ ទំនាក់ទំនង​រវាង រុស្ស៊ី និង ហ្ស​ក​ហ្ស៊ី តែងតែមាន​ភាព​តានតឹង​រាប់​ចាប់តាំងពី​ជម្លោះ​ប្រដាប់អាវុធ​បាន​កើតឡើង​កាលពី​ខែសីហា ២០០៨ នៅពេល ហ្ស​ក​ហ្ស៊ី វាយប្រហារ​ទៅលើ​តំបន់​ផ្ដាច់ខ្លួន​ចំនួន ២ គឺ អាប​ខា​ហ្ស៊ី (Abkhazia) និង អូ​សេ​ទី​ខាងត្បូង។

    រុស្ស៊ី បាន​បើក​យុទ្ធនាការ​អន្តរ​គម​ន៍​យោធា​នៅ ហ្ស​ក​ហ្ស៊ី ចាប់ពី​ថ្ងៃទី ៨ សីហា ២០០៨ និង​បញ្ចប់​ក្រោយ​ការប្រយុទ្ធ​គ្នា ៥ ថ្ងៃ។ ហ្ស​ក​ហ្ស៊ី រង​ការខូចខាត​ធ្ងន់ធ្ងរ​ក្នុង​សង្គ្រាម​ភ្លើងចំបើង​នោះ។ រុស្ស៊ី បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់ អាប​ខា​ហ្ស៊ី និង អូ​សេ​ទី​ខាងត្បូង ប៉ុន្តែ អន្តរជាតិ​មិនបាន​ទទួលស្គាល់​ឡើយ។

    រុស្ស៊ី រក្សា​វត្ត​មានកងទ័ព​​​របស់ខ្លួន​នៅ អាប​ខា​ហ្ស៊ី និង អូ​សេ​ទី​ខាងត្បូង ដោយ​អះអាងថា នេះ​គឺជា​សកម្ម​ភាពសមស្រប​ទៅតាម​បំណងប្រាថ្នា​របស់​ប្រជាជន​ក្នុង​តំបន់។ ក៏ប៉ុន្តែ អាជ្ញាធរ​ហ្ស​ក​ហ្ស៊ី និង​បស្ចិម​លោក បាន​បដិសេធ ដោយ​ចោទថា នេះ​គឺជា​ការ «រំលោភ​កាន់កាប់​ដោយ​ខុសច្បាប់»។ រុស្ស៊ី និង ហ្ស​ក​ហ្ស៊ី បាន​កាត់ផ្ដាច់​ទំនាក់ទំនង​ការទូត​នឹង​គ្នា​រហូតដល់​បច្ចុប្បន្ន៕

  • ទ្រព្យសម្បត្តិ​របស់​ម្ចាស់​ក្លឹប Chelsea និង​មហា​សេដ្ឋី​រុស្ស៊ី ច្រើន​នាក់​ទៀត​ ត្រូវបាន​បង្ក​កនៅ អឺរ៉ុប

    ទ្រព្យសម្បត្តិ​របស់​ម្ចាស់​ក្លឹប Chelsea និង​មហា​សេដ្ឋី​រុស្ស៊ី ច្រើន​នាក់​ទៀត​ ត្រូវបាន​បង្ក​កនៅ អឺរ៉ុប

    មហាសេដ្ឋី​រុស្ស៊ី Roman Abramovich ត្រូវបាន​រដ្ឋាភិបាល​នៃ ប្រទេស​អង់គ្លេស ដាក់ទណ្ឌកម្ម ដោយ​ការ​បង្កក​ទ្រព្យ។

    រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Liz Truss នា​ថ្ងៃទី ១០ មីនា​នេះ បានប្រកាស​បទបញ្ជា​ដាក់ទណ្ឌកម្ម បង្កក​ទ្រព្យសម្បត្តិ និង​ហាម​ធ្វើដំណើរ​ចំពោះ​អ្នកមានកំពូលៗចំនួន ៧ រូប​របស់ រុស្ស៊ី។ ក្នុងចំណោម​នោះ​មាន​ប្រធាន​ក្លឹប​បាល់ទាត់​អង់គ្លេស Chelsea លោក Roman Abramovich ផងដែរ។

    បទបញ្ជា​ដាក់ទណ្ឌកម្ម​នេះ​បានលើកឡើង​ច្បាស់​ថា ទ្រព្យសម្បត្តិ​ទាំងអស់​របស់​បុគ្គល​ទាំង ៧ រូបនេះ នៅ អង់គ្លេស នឹងត្រូវ​បាន​បង្កក។ ពួកគេ​ក៏ត្រូវ​ហាម​ធ្វើដំណើរ ចូលមក​ទឹកដី​អង់គ្លេស ព្រមទាំង​មិន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ណាមួយ​របស់ អង់គ្លេស ធ្វើ​ជំនួញ​ជាមួយ​បុគ្គល​ទាំងនេះ។

    កាលពី​សប្ដាហ៍​មុន មហាសេដ្ឋី Abramovich ប្រកាស​លក់​ក្លឹប​បាល់ទាត់ Chelsea ហើយ​ប្រាក់​ដែល​លក់បាន​នឹងត្រូវ​យកទៅជួយ​ដល់​ក្រុម​អ្នករងគ្រោះ​ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    ការសម្រេច​របស់​អាជ្ញា​ធរ​អង់គ្លេស នឹងមាន​សុពលភាព​មុនពេល​ដំណើរ​ការលក់​ក្លឹប Chelsea ដែលមាន​តម្លៃ​ប្រហែល ៣ ពាន់​លាន​ផោន ស្មើនឹង​ជាង ៣.៩ ពាន់​លាន​ដុល្លារ​អាម៉េរិក ត្រូវបាន​ធ្វើឡើង​ចប់សព្វគ្រប់។

    មកដល់ពេលនេះ អង់គ្លេស បានដាក់​ទណ្ឌកម្ម​ចំពោះ​បុគ្គល និង​ក្រុមហ៊ុន​រុស្ស៊ី ចំនួន​ជាង ២០០ បុគ្គល និង​ស្ថាប័ន។ ក្រៅពី​លោក Abramovich បុគ្គល​ដែល​ស្ថិតក្នុង​បញ្ជី​ទណ្ឌកម្ម​ថ្មី​របស់ អង់គ្លេស ក៏មាន មហាសេដ្ឋី Oleg Deripaska ដែលមាន​ភាគហ៊ុន​ច្រើន​នៅ En+ Group, Igor Sechin នាយក​ប្រតិបត្តិ​របស់ Rosneft, Andrey Kostin ប្រធាន​ធនាគារ VTB, Alexei Miller នាយក​ប្រតិបត្តិ​របស់ Gazprom, Nikolai Tokarev ប្រធាន​ក្រុមហ៊ុន Transneft និង Dmitri Lebedev ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ Rossiya ផងដែរ៕

  • ផ្អាក​អាជីវកម្ម​នៅ រុស្ស៊ី McDonald’s បាត់បង់​ចំណូល ៥០លាន​ដុល្លារ ក្នុង ១ខែ

    ផ្អាក​អាជីវកម្ម​នៅ រុស្ស៊ី McDonald’s បាត់បង់​ចំណូល ៥០លាន​ដុល្លារ ក្នុង ១ខែ

    បើទោះជា​បាន​ផ្អាក​សកម្មភាព​ពាណិជ្ជកម្ម​នៅ ប្រទេស​រុស្ស៊ី ប៉ុន្តែ ក្រុមហ៊ុន McDonald’s នៅតែ​បើក​ប្រាក់ខែ​ជូន​បុគ្គលិក ៦២,០០០ នាក់ រួមទាំង​ថ្លៃ​ជួល​ទីតាំង។ល។

    ទំព័រ CNBC បាន​រាយការណ៍​ថា McDonald’s គណនា​ឃើញថា ការបិទទ្វារ​ហាង​នៅ រុស្ស៊ី នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​អាហារ​រហ័ស​មួយ​នេះ បាត់បង់​ប្រាក់​ប្រហែល ៥០ លាន​ដុល្លារ ជា​រៀងរាល់ខែ រហូត​ដល់ពេល​បើកទ្វា​រ​ទទួលភ្ញៀវ​ឡើងវិញ។

    ក្រុមហ៊ុន​ដែលមាន​ទីស្នាក់ការ​កណ្ដា​ល​នៅ Chicago សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ៨ មីនា បានប្រកាសថា ពួកគេ​នឹង​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន​ចំពោះ​ហាង McDonald’s នៅ រុស្ស៊ី។ ក្រុមហ៊ុន​នេះ មាន​ហាង​ប្រហែល ៨៥០ កន្លែង​នៅ រុស្ស៊ី ដែល​ភាគច្រើន​គឺជា​កម្មសិទ្ធិ​របស់ McDonald’s មិនមែនជា​ហាង​លក់​សិទ្ធិ​អាជីវកម្ម​បន្ត (franchise)។

    បុគ្គលិក​របស់​ McDonald’s

    បណ្ដា​យីហោ​អាហារ និង​ភេសជ្ជៈ​ដទៃទៀត​របស់ អាម៉េរិក ដូចជា Starbucks, Yum Brands, Coca Cola និង Papa John’s ក៏​តាម​ពីក្រោយ​សកម្មភាព​របស់ McDonald’s។

    ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់ McDonald’s លោក Devin Ozan ឱ្យដឹងថា បច្ចុប្បន្ន McDonald’s បាន​គណនា​ឃើញថា ពួកគេ​នឹងត្រូវ​បាត់បង់ ៥០ លាន​ដុល្លារ ជា​រៀងរាល់ខែ។

    ក្រុមហ៊ុន​នេះ​ក៏បាន​សន្យា​បើក​ប្រាក់ខែ​ជូន​បុគ្គលិក​ជា ជនជាតិ​រុស្ស៊ី ប្រហែល ៦២,០០០ នាក់ របស់ខ្លួន នៅក្នុង​អំឡុងពេល​ផ្អាក​ដំណើរការ។ លោក Ozan បានឱ្យដឹងថា McDonald’s ក៏​នឹង​បង់ថ្លៃ​ជួល​ទីតាំង ក៏ដូចជា​ការចំណាយ​លើ​បណ្ដាញ​ផ្គត់ផ្គង់ និង​ខ្ទង់ចំណាយ​ដទៃទៀត​ផងដែរ៕

  • ប្រាក់​រូ​ប្ល (ruble) របស់ រុស្ស៊ី ធ្លាក់​ថ្លៃ​មិន​ធ្លាប់មាន រដ្ឋាភិបាល​ដំឡើង​ការប្រាក់​ឡើងដល់ ២០%

    ប្រាក់​រូ​ប្ល (ruble) របស់ រុស្ស៊ី ធ្លាក់​ថ្លៃ​មិន​ធ្លាប់មាន រដ្ឋាភិបាល​ដំឡើង​ការប្រាក់​ឡើងដល់ ២០%

    រូបិយវត្ថុ​ក្នុងស្រុក​របស់ រុស្ស៊ី មានពេលខ្លះ​ធ្លាក់​ថ្លៃ ៤០% ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក កាលពី​ព្រឹក​នេះ ក្រោយពី អាម៉េរិក និង អឺរ៉ុប កាត​ផ្ដាច់​ធនាគារធំៗរបស់ រុស្ស៊ី ចេញពី​បណ្ដាញ SWIFT។

    ក្នុងការ​ជួញដូរ​ព្រឹក​មិញ ប្រាក់​រូ​ប្ល​រុស្ស៊ី មានពេលខ្លះ​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ ១១៧.៧៥ រូ​ប្ល សម្រាប់​ប្ដូរ​យក ១ ដុល្លារ​អាម៉េរិក ថយចុះ ៤០% ពី ៨៣.៧៥ រូ​ប្ល​រុស្ស៊ី កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន នេះ​បើតាម​ទិន្នន័យ​របស់ Bloomberg។

    មូលហេតុ​នៃ​ការធ្លាក់​ថ្លៃ​នេះ​គឺ​ដោយសារ សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត​អឺរ៉ុប រួម​នឹង កាណាដា កាលពី​សប្ដាហ៍​កន្លង បាន​យល់​ស្របគ្នា​ក្នុងការ​កាត់​ធនាគារធំៗមួយចំនួន​របស់ រុស្ស៊ី ចេញពី SWIFT (Society of Worldwide Interbank Financial Telecommunication) ដែលជា​បណ្ដាញ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ នៃ​ធនាគារ​ទូទាំង​ពិភពលោក។ ប្រព័ន្ធ SWIFT នេះ​មាន​ស្ដង់ដារ​តែមួយ ដែលមាន​សុវត្ថិភាព​ខ្ពស់បំផុត​នៅក្នុង​ការផ្ទេរ និង​ទទួល​ប្រាក់​ពី​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ជាង ១១,០០០ ក្រុមហ៊ុន នៅក្នុង​ប្រទេស និង​ដែនដី​ជាង ២០០ របស់​ពិភពលោក។

    ដើម្បី​ប៉ះប៉ូវ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការធ្លាក់​ថ្លៃ​របស់ ប្រាក់​រូ​ប្ល​រុស្ស៊ី ធៀប​នឹង​ប្រាក់​ដុល្លារ​អាម៉េរិក រួម​នឹង​បញ្ហា​អតិផរណា ធនាគារជាតិ​រុស្ស៊ី បាន​ដំឡើង​ការប្រាក់​មូលដ្ឋាន​ពី ៩.៥% ឡើងដល់ ២០% ក្នុង​គ្រា​តម្លៃ​ប្រា​ក់រូ​ប្ល​រុស្ស៊ី ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់មាន​ពីមុនមក។

    ចំណែក​តម្លៃ​ប្រេង​បាន​កើនឡើង​កាលពី​ព្រឹក​នេះ ក្នុង​គ្រា​ដែល​អ្នកវិនិយោគ​មានការ​បារម្ភ​អំពី​ប្រភព​ផ្គត់ផ្គង់ ព្រោះតែ​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន។ តម្លៃ​ប្រេង Brent ឡើងដល់ ១០៥ ដុល្លារ​អាម៉េរិក/ធុង​បារ៉ែល នៅពេល​ចាប់ផ្ដើម​ការជួញដូរ ដែល​តួលេខ​នេះ​ខ្ពស់ជាង​ប្រហែល ៧ ដុល្លារ បើ​ធៀប​នឹង​សប្ដាហ៍​កន្លង៕