Tag: ពេទ្យ

  • អាយុ​របស់​មនុស្ស​នឹង​កើន​ឡើងដល់ 120 ដោយ​សារ​តែ​បច្ចេកវិទ្យា​ និង​ការ​យល់​ដឹង​

    អាយុ​របស់​មនុស្ស​នឹង​កើន​ឡើងដល់ 120 ដោយ​សារ​តែ​បច្ចេកវិទ្យា​ និង​ការ​យល់​ដឹង​

    (ស៊ុយអែត) – អាយុ​របស់​មនុស្ស​គ្រោង​នឹង​កើន​ឡើងដល់ 120 ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាងមុខ ដោយ​សារ​តែ​​បច្ចេក​វិទ្យា និង​ចំណេះដឹង​ដែល​បាន​ពី​វិបត្តិ​សុខភាព​កូ​វីដ-19។ល។

    បណ្ឌិត Ignat Kulkov នៅ​សាកលវិទ្យាល័យ Malardalen (MDU) ឱ្យដឹងថា អាយុ​របស់​មនុស្ស​អាច​ឡើងដល់​ពី​ 100 ទៅ 120 នៅក្នុង​អំឡុង​ឆ្នាំ 2070 យ៉ាងហោចណាស់​នៅក្នុង​បណ្ដា​ប្រទេស​អភិវឌ្ឍ។ នេះ​គឺជា​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់លោក Kulkov និង​សហការី​នៅ​ប្រទេស​ហ្វាំ​ង​ឡង់ បារាំង និង​អង់គ្លេស ហើយ​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ Futures កាលពី​ថ្ងៃទី 30 កក្កដា 2023។

    យោងតាម​បណ្ឌិត Kulkov ពីមួយថ្ងៃ​ទៅមួយថ្ងៃ មាន​មនុស្ស​កាន់តែច្រើន​ដែល​ពាក់​ឧបករណ៍​តាមដាន​សុខភាព។ ឧបករណ៍​ទាំងនេះ​តែង​ត្រូវបាន​ភ្ជាប់​ជាមួយនឹង​មន្ទីរពេទ្យ ជួយ​ឱ្យ​វេជ្ជបណ្ឌិត​អាចធ្វើ​រោគវិនិច្ឆ័យ និង​ណែនាំ​ប្រកប​ដោយ​ភាព​សុក្រឹត​សម្រាប់​អ្នកប្រើប្រាស់ និង​អ្នកជំងឺ ដែលនាំឱ្យ​ពួកគេ​កែលំអ​ការរស់នៅ ប្ដូរ​ទម្លាប់​មិនល្អ​សម្រាប់​សុខភាព​តាំងពីក្មេង ដូច្នេះ​ពួកគេ​នឹងមាន​អាយុ​វែង​ជាង​ធម្មតា។

    ក្រៅពីនេះ ការរីកចម្រើន​របស់​វិស័យ​ដទៃ​ក៏​អាចជួយ​ឱ្យ​មនុស្ស​រស់​បានយូរ​ជាង​មុន។ ឧទាហរណ៍​ដូចជា វិបត្តិ​សុខភាព​សកល​កូ​វីដ-19 បាន​ជួយ​ឱ្យ​មនុស្សជាតិ​យល់ដឹង​បន្ថែម​អំពី​ការតាមដាន​វីរុស​ប្រកបដោយ​ប្រសិទ្ធភាព។ បច្ចេក​វិទ្យា រួម​នឹង​វិធីសាស្ត្រ​ព្យាបាល​បែប​ទំនើប​នានា​ក៏​ត្រូវបាន​បង្កើតឡើង​ក្នុងសម័យ​កូ​វីដ​ផងដែរ។

    តាម​ជាក់ស្ដែង អាយុ​របស់​មនុ​ស្សបាន និង​កំពុង​កើនឡើង​នៅក្នុង​រយៈពេល 200 ឆ្នាំ​កន្លង។ កាលពី​ខែវិច្ឆិកា 2022 មូលនិធិ​ប្រជាជន​នៃ​អង្គការសហប្រជាជាតិ បាន​ព្យាករ​ថា អាយុ​ជា​មធ្យម​របស់​មនុស្ស​នៅ​ទូទាំង​សកលលោក​កើត​ដល់ 77.2 ឆ្នាំ​នៅ​ឆ្នាំ 2050 ដោយសារតែ​ការរីកចម្រើន​នៃ​វិស័យ​វេជ្ជសាស្ត្រ ដែល​ក្នុងនោះ​មាន​ទាំង​វ៉ាក់សាំង និង​ថ្នាំ​រម្ងាប់​មេរោគ ខណៈដែល​អនាម័យ ការរស់នៅ ក៏ដូចជា​អាហារ និង​ជីវជាតិ​ក៏ត្រូវ​បាន​កែលំអ៕

  • យន្តហោះ​ធ្លាក់​បាក់​ស្លាប​ជា​ពីរ​ បន្ទាប់​ពី​អ្នក​ដំណើរ​ជួយ​កាច់​ចង្កូត ព្រោះ​​ពីឡុត​ជួប​បញ្ហា​សុខភាព​ភ្លាម​ៗ

    យន្តហោះ​ធ្លាក់​បាក់​ស្លាប​ជា​ពីរ​ បន្ទាប់​ពី​អ្នក​ដំណើរ​ជួយ​កាច់​ចង្កូត ព្រោះ​​ពីឡុត​ជួប​បញ្ហា​សុខភាព​ភ្លាម​ៗ

    (សហរដ្ឋ​អាម៉េរិក) – ពី​ឡុ​ត​យន្តហោះ​ខ្នាតតូច​មួយរូប ជួប​បញ្ហា​សុខភាពភ្លាមៗនៅពេល​កំពុង​ហោះហើរ តែ​សំណាងល្អ​ដែល​បាន​ស្ត្រី​ជា​អ្នកដំណើរ​ជួយ​បញ្ជា​យន្តហោះ​ទៅ​ចុះចត​លើ​កោះ​នៅ Massachusetts។

    បុរស​ពី​ឡុ​ត​អាយុ 79 ឆ្នាំម្នាក់ កាលពី​ថ្ងៃទី 15 កក្កដា បើកបរ​យន្តហោះ​ធុន​ស្រាល Piper Meridian ស៊េរី​ឆ្នាំ 2006 ចេញដំណើរ​ពី Westchester រដ្ឋ New York។ ពី​ឡុ​ត​រូបនេះ​ជួប​បញ្ហា​សុខភាពភ្លាមៗនៅពេល​កំពុង​បើកបរ​យន្តហោះ​ចុះចត​ក្បែរ​ព្រលានយន្តហោះ Martha’s Vineyard នៅ​ទីរួមស្រុក West Tisbury លើ​កោះ Martha’s Vineyard រដ្ឋ Massachusetts។

    នៅ​ចំពោះមុខ​ស្ថានការណ៍​គ្រោះថ្នាក់ អ្នកដំណើរ​តែ​ម្នាក់​នៅលើ​យន្តហោះ​នេះ​ក៏បាន​ចូល​ជួយ។ មិនដឹងថា ស្ត្រី​អ្នកដំណើរ​នេះ​មានបទពិសោធន៍​បើកបរ​យន្តហោះ ឬ​អត់ ប៉ុន្តែ​ប៉ូលិស​និយាយថា យន្តហោះ​បាន​ចុះចត​លើ​វាលស្មៅ​ខាងក្រៅ​ផ្លូវរ​ត់របស់​យន្តហោះ ធ្វើឱ្យ​ស្លាប់​របស់​វា​ត្រូវ​បាក់​ជា​ពីរ ព្រោះតែ​បុក​ទង្គិច​នឹង​ដី។

    យោងតាម​សមត្ថកិច្ច អ្នកបើកបរ​យន្តហោះ និង​អ្នកដំណើរ​គឺជា​ពលរដ្ឋ​ក្នុង​រដ្ឋ Connecticut។ សមត្ថកិច្ច​មិនបាន​បង្ហើប​ឱ្យដឹង​អំពី​អត្តសញ្ញាណ​របស់​អ្នក​ទាំងពីរ ប៉ុន្តែ​ថា ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅក្បែរនោះ ហើយ​ករណី​នេះ​កំពុង​ត្រូវ​បាន​ប៉ូលិស​​ធ្វើ​ការ​​​ស៊ើបអង្កេត​៕

  • Concept កំពូល​នាវា​ទេសចរណ៍​​ប្រើ​ប្រាស់​អ៊ីដ្រូសែន​ និង​មាន​ទីលាន​ចុះ​ចត​​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ

    Concept កំពូល​នាវា​ទេសចរណ៍​​ប្រើ​ប្រាស់​អ៊ីដ្រូសែន​ និង​មាន​ទីលាន​ចុះ​ចត​​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ

    អ្នក​រចនា​នាវា​ទេសចរណ៍​ជនជាតិ​អ៊ីតាលី​ Marco Ferrari បាន​បង្ហើប​ឱ្យ​ដឹង​អំពី concept កំពូល​នាវា​ទេសចរណ៍​ដែល​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន​ ឈ្មោះ Project Neptune ដែល​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​បំភាយ​ឧស្ម័ន​ពុល​។

    ដោយ​មាន​បណ្ដោយ​ប្រវែង​ 137.3 ម៉ែត្រ និង​ទម្ងន់​ប្រហែល 5,000 តោន​ Project Neptune គឺជា​នាវាទេសចរណ៍​ខ្នាត​ធំ។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 26 មិថុនា​ 2023​។

    ផ្នែក​ខាង​ក្រៅ​របស់​នាវា​នេះ​ធ្វើ​ពី​អាលុយមីញ៉ូម​។ នាវា​នេះ​ក៏​មាន​អាង​ហែល​ទឹល​មួយ​នៅ​ផ្នែក​កន្ទុយ និង​នៅ​ជាន់​លើ​ផងដែរ​។ ជាង​នេះ​ វា​ក៏​មាន​​កន្លែង​ចុះចត​​ចំនួន​ពីរ​សម្រាប់​ឧទ្ធម្ភាគ​ចក្រ​ទៀត​ផង​។

    Project Neptune មាន​បន្ទប់​ចំនួន​បួន​ដែល​មាន​យ៉​រៀង​ៗ​ខ្លួន​នៅ​ជាន់​ទាប​ៗ និង​បន្ទប់​ប្រភេទ​ប្រណិត​ចំនួន​ 6 ដែល​អាច​ដាក់​មនុស្ស​សរុប​ 22 នាក់​។ ក្រុម​នាវិក​លើ​នាវា​នេះ​នឹង​មាន​​ 50 នាក់ ក្នុង​នោះ​មាន​ទាំង​វេជ្ជបណ្ឌិត​ និង​ជំនួយ​ការពេទ្យ​​ម្នាក់​ផងដែរ​។ ក្រៅ​ពី​នេះ នាវា Project Neptune ក៏​មាន​មធ្យោបាយធ្វើ​ដំណើរ​អម​ មាន​ដូច​ជា ម៉ូតូ​ទឹក ទូក​កាយ៉ាក និង​ឧបករណ៍​មុជ​ទឹក​។ល។

    អ្វីដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាងនេះ​គឺ​ថា នាវា​ទេសចរណ៍ Project Neptune នឹង​ដំណើរ​ការ​ដោយ​ថាមពល​អ៊ីដ្រូសែន មិន​បំភាយ​ឧស្ម័ន​ពុល​៕

  • ចង្រិត​ក្រហមកំពុង​បំភ័យ​ប្រជាជន​នៅ​​ទីក្រុង​របស់​សហរដ្ឋ​អាម៉េរិក​

    ចង្រិត​ក្រហមកំពុង​បំភ័យ​ប្រជាជន​នៅ​​ទីក្រុង​របស់​សហរដ្ឋ​អាម៉េរិក​

    ចង្រិត Mormon ដែល​ស៊ីសាច់​គ្នាឯង​ កំពុង «សម្រុក» ចូល​ទីក្រុង Elko របស់​រដ្ឋ Nevada ក្នុង​ទ្រង់ទ្រាយ​ធំ បាន និង​កំពុង​ពង្រាយ​ខ្លួន​ពេញ​ដងផ្លូវ​ល្បឿន​លឿន វាលស្មៅ និង «ឡោមព័ទ្ធ» ទីលំនៅ​របស់​ប្រជាជន។

    ទីក្រុង Elko របស់​រដ្ឋ Nevada ប្រឈមមុខ​នឹង​ទិដ្ឋភាព​ដូច​ទៅនឹង​ភាពយន្ត​រន្ធត់ នៅពេល​ហ្វូង​ចង្រិត​ក្រហម​ដូច​ឈាម​កំពុង​ចូលមក​កាន់កាប់​ស្ទើរ​គ្រប់​ច្រកល្ហក។ ចង្រិត Mormon មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ដោយផ្ទាល់ ប៉ុន្តែ​វត្តមាន​របស់​ពួកវា​ធ្វើឱ្យ​ប្រជាជនមាន​ការព្រួយបារម្ភ។ នេះ​បើតាម Interesting Engineering ចុះផ្សាយ​នៅ​ថ្ងៃទី 26 មិថុនា​នេះ។

    ចង្រិត Mormon មានឈ្មោះ​ក្នុង​វិទ្យាសាស្ត្រ​ថា Anabrus simplex។ វា​គឺជា​សត្វល្អិត​គ្មាន​ស្លាប​ដែលមាន​ប្រភព​នៅ​ពាក់កណ្ដាល​ភាគ​ខាងជើង​របស់​អាម៉េរិក​ខាងជើង។

    ជាធម្មតា ក្នុង​មួយឆ្នាំ ចង្រិត​ញី​នឹង​បង្កើតកូន​បាន​មួយ​លើក។ ក្រោយមក ពួកវា​ប្រមូល​ផ្ដុំគ្នា ផ្លាស់​ទី និង​ស៊ី​ដំណាំ​នៅតាម​ផ្លូវ​ពេលធ្វើ​ដំណើរ។ ក៏ប៉ុន្តែ ឆ្នាំនេះ ពួកវា​នាំគ្នា​ចូលមកក្នុង​ទីប្រជុំជន និង​ទីក្រុង រួមមាន Elko ជាដើម បង្កឱ្យមាន​ការព្រួយបារម្ភ​ពី​ប្រជាជន។ ក្រុម​អ្នកជំនាញ​វាយតម្លៃថា ចង្រិត​រាប់លាន​ក្បាល​ចូលមក​កាន់​ទីក្រុង Elko នៅ​រដូវក្ដៅ​នេះ។

    បើទោះជា​មិន​គំរាមកំហែង​ដល់​មនុស្ស ប៉ុន្តែ​ចង្រិត Mormon មាន​ក្លិន​អាក្រក់ និង​ជា​សត្វល្អិត​ដែល​អាច​ស៊ីសាច់​គ្នាឯង។ នៅពេល​ចង្រិត​ណាមួយ​ត្រូវ​ឡាន​កិន ពួក​ដែល​នៅក្បែរនោះ​តែង​លោត​ចូលមក​ដណ្ដើម​គ្នា​ស៊ី បង្កើតបានជា​ទិដ្ឋភាព​មួយ​ដ៏​គួរឱ្យខ្លាច។

    វត្តមាន​ក្នុង​ទ្រង់ទ្រាយ​ធំ​របស់​ចង្រិត​នេះ នាំឱ្យ​ម​ន្ទីរ​ពេទ្យ និង​កន្លែង​អាជីវកម្ម​នានា​ត្រូវបញ្ជូន​មនុស្ស​ទៅ​ចាត់ការ បើ​ទោះ​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ៕

  • លោក​យាយ​ម្នាក់​ «​ស្លាប់​ហើយ​តែ​បែរ​ជា​រស់​ឡើង​វិញ​» ពេល​កូន​ចៅ​កំពុង​ធ្វើ​បុណ្យ​សព

    លោក​យាយ​ម្នាក់​ «​ស្លាប់​ហើយ​តែ​បែរ​ជា​រស់​ឡើង​វិញ​» ពេល​កូន​ចៅ​កំពុង​ធ្វើ​បុណ្យ​សព

    (អេក្វាទ័រ) – លោក​យាយ​អាយុ 76 ឆ្នាំ​ម្នាក់​​ត្រូវ​បាន​វេជ្ជបណ្ឌិត​ពិនិត្យ​ និង​បញ្ជាក់​​ថាបាន​ស្លាប់ ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង Babahoyo ប៉ុន្តែបាន​ភ្ញាក់​ដឹង​ខ្លួន​នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​ខ្លួន និង​គោះ​លើ​​មឈូស​ ធ្វើ​ឱ្យ​មនុស្ស​ម្នា​មាន​ការ​ភ័យ​ខ្លាច​​។

    ស្ត្រី​វ័យ​ចំណាស់​ដែលជា​អតីត​គ្រូ​ពេទ្យ​ម្នាក់​ឈ្មោះ Bella Montoya ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង Babahoyo ភាគ​កណ្ដាល​ប្រទេស​អេក្វាទ័រ កាល​ពី​ថ្ងៃ​ទី 09 មិថុនា 2023 បន្ទាប់​ពី​គាំង​បេះដូង។ បន្ទាប់​ពី​ជួយ​សង្គ្រោះ​មិន​បាន​សម្រេច​ វេជ្ជបណ្ឌិត​ក៏​ប្រកាស​ថា លោក​យាយ Montoya បាន​បាត់​បង់​ជីវិត​។ នេះ​បើ​តាម​ការ​អះអាង​របស់​កូន​ប្រុស​​ស្ត្រី​រូប​ខាងលើ​។

    គ្រូសារ​បាន​យក​សព​លោក​យាយ​ Montoya ទៅ​រៀប​ចំ​ពិធី​បុណ្យ​សព​។ ពេល​ពិធី​បុណ្យ​កំពុង​ប្រព្រឹត្ត​ទៅ មនុស្ស​ម្នា​​ប្រហែល 20 នាក់​នៅ​ទី​នោះ ក៏​ឮ​សំឡេង​ចម្លែក​។ «ប្រហែល​ 5​ ម៉ោង​ រាប់​ពី​ពេល​ពិធី​បុណ្យ​បាន​ចាប់​ផ្ដើម មឈូស​ក៏​ចាប់​ផ្ដើម​មាន​សំឡេង​។ ម្ដាយ​របស់​ខ្ញុំ​ត្រូវ​គេ​រុំ​ក្នុង​ក្រណាត់ ហើយ​គាត់​ក៏​វាយ​ទៅ​លើ​មឈូស​។ ពេល​ទៅក្បែរ ពួក​ខ្ញុំ​ដឹង​ថា គាត់​កំពុង​ដក​ដង្ហើម​យ៉ាង​លំបាក​» Gilberto Barbera ដែល​ជា​កូន​ប្រុស​របស់​ស្ត្រី​ខាងលើ​ ឱ្យ​ដឹង​ដូច្នេះ​។

    សាច់​ញាតិ​ក៏​ប្រញាប់​បញ្ជូន​លោក​យាយ​ Montoya ទៅ​កាន់​មន្ទីរ​ពេទ្យ​។ បច្ចុប្បន្ន លោក​យាយ​កំពុង​ទទួល​ការ​ព្យាបាល​ពិសេស​ពី​ក្រុម​វេជ្ជបណ្ឌិត​។

    Barbera និយាយ​ថា «ការ​ដែល​ម្ដាយ​ខ្ញុំ​ភ្ញាក់​ខ្លួន​នៅ​ក្នុង​ពិធី​បុណ្យសព ធ្វើ​ឱ្យ​ពួក​ខ្ញុំ​ភ័យ​ខ្លាច​ខ្លាំង​» និង​បន្ត​ថា គ្រូពេទ្យ​ថា ជំងឺ​របស់​ម្ដាយ​ខ្ញុំ​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​។

    ក្រសួង​សុខាភិបាល​អេក្វាទ័រ បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​លើ​ក្រុម​វេជ្ជបណ្ឌិត​ដែល​ទាក់​ទង​នឹង​ករណី​លោក​យាយ Montoya​។ គណៈកម្មការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ពិនិត្យ​លើ​ដំណើរ​ការ​នៃ​ការ​ចេញ​លិខិត​បញ្ជាក់​មរណភាព​របស់​មន្ទីរ​ពេទ្យ​ខាង​លើ​៕

  • ទីក្រុង​អណ្ដែត​លើ​សមុទ្រ​​ដែល​អាចដាក់​មនុស្ស​បាន​បួន​ម៉ឺន​នាក់

    ទីក្រុង​អណ្ដែត​លើ​សមុទ្រ​​ដែល​អាចដាក់​មនុស្ស​បាន​បួន​ម៉ឺន​នាក់

    (ជប៉ុន) – ទីក្រុង​អណ្ដែត Dogen មាន​បរិវេណ​ប្រវែង 4 គីឡូម៉ែត្រ អាច​ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​មនុស្ស 10,000 នាក់ និង​ទទួល​ទេសចរ​បាន 30,000 នាក់​ក្នុង​មួយថ្ងៃ។

    ក្រុមហ៊ុន N-Ark របស់​ជប៉ុន ថ្មីៗនេះ​បានប្រកាស​គម្រោង​អភិវឌ្ឍ​ទីក្រុង​អណ្ដែត​ដែល​ផ្ដោត​សំខាន់​លើ​វេ​ជ្ជ​សាស្ត្រ ឈ្មោះ Dogen។ គំនិត​នេះ​នឹង​រួមផ្សំ​រវាង​សកម្មភាព​ផលិត​ស្បៀង ស្ថាបត្យកម្ម ទិន្នន័យ ថាមពល ជាមួយនឹង​សមុទ្រ ​នៅក្នុង​ប្រព័ន្ធ​ចម្រុះ​ដែល​ប្រើប្រាស់​ទឹកសមុទ្រ​ដូច​ទៅនឹង​តំបន់​សេដ្ឋកិច្ច​ថ្មី​ហៅថា «New Ocean»។ នេះ​បើតាម Design Boom ចុះផ្សាយ​កាលពី​សប្ដាហ៍​កន្លង។

    ដោយមាន​អង្កត់ផ្ចិត​ប្រហែល 1.58 គីឡូម៉ែត្រ និង​បរិវេណ​ប្រវែង 4 គីឡូម៉ែត្រ ទីក្រុង​អណ្ដែត Dogen អាចឱ្យ​មនុស្ស​រស់នៅ​ជា​អចិ​ន្ត្រៃ​យ៍​ប្រហែល 10,000 នាក់ និង​ទទួលភ្ញៀវ​ទេសចរណ៍​បាន 30,000 នាក់/ថ្ងៃ។ ពួកគេ​អាច​ទទួល​បទពិសោធន៍​ជាច្រើន​តាំងពី​បន្ទប់ពិសោធន៍​អភិវឌ្ឍ សាលារៀន ឃ្លាំង មជ្ឈមណ្ឌល​សន្តិសុខ ការិយាល័យ សេវា​ម្ហូបអាហារ មន្ទីរពេទ្យ សួន ទីលានកីឡា រហូតដល់​ស្ថានីយ​ទូរគមនាគមន៍ និង​សណ្ឋាគារ។ល។

    ទីក្រុង​នេះ​មាន​បី​តំបន់ ក្នុងនោះ​មាន​ទាំង តំបន់​ខ្សែក្រវាត់​សម្រាប់​សហគមន៍ និង​តំបន់​មជ្ឈមណ្ឌល​ទិន្នន័យ​ក្រោម​សមុទ្រ។ អ្វីដែល​អស្ចារ្យ​នោះ​គឺថា ទីក្រុង​ខាងលើ​អាច​ផ្លាស់​ទី​បាន​នៅក្នុង​ឈូង​សមុទ្រ។ Dogen នឹងមាន​ប្រព័ន្ធ​សុខាភិបាល​ទំនើប​បំផុត​ផងដែរ៕

  • កុមារ​បួន​នាក់​ដែល​បាត់​ខ្លួន​​ជាង​ប្រាំ​សប្ដាហ៍​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន «នៅ​មានជីវិត»

    កុមារ​បួន​នាក់​ដែល​បាត់​ខ្លួន​​ជាង​ប្រាំ​សប្ដាហ៍​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន «នៅ​មានជីវិត»

    កុមារ​បួន​នាក់​មាន​អាយុ​ចាប់ពី​ជិត​មួយឆ្នាំ​ដល់ 13 ឆ្នាំ ដែល​​វង្វេងផ្លូវ​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​កាលពី​ថ្ងៃទី 01 ឧសភា ត្រូវបាន​សមត្ថកិច្ច​កូ​ឡុំ​ប៊ី​រកឃើញ និង​សង្គ្រោះ​ទាន់ពេល។

    «ប្រទេស​ទាំងមូល​សប្បាយ​រីករាយ! កុមារ​បួន​នាក់​ដែល​បាត់​ខ្លួន​ក្នុងព្រៃ​ជ្រៅ​នៅ​កូ​ឡុំ​ប៊ី នៅមាន​ជីវិត» ប្រធានាធិបតី​កូ​ឡុំ​ប៊ី លោក Gustavo Petro នៅ​ថ្ងៃទី 10 មិថុនា បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ដូច្នេះ។

    ក្រុម​កុមារ​នេះ​ត្រូវបាន​ទាហាន​កូ​ឡុំ​ប៊ី​រកឃើញ​នៅក្បែរ​ព្រំប្រទល់​រវាង​ខេត្ត Caqueta និង Guaviare របស់​ប្រទេស​កូ​ឡុំ​ប៊ី ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ធៀប​នឹង​កន្លែង​យន្តហោះ​ដឹក​គ្រួសារ​របស់​ពួកគេ​បាន​​ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃទី 01 ឧសភា។

    ក្រុម​សង្គ្រោះ​របស់​កូ​ឡុំ​ប៊ី ធ្វើការ​យ៉ាង «ដុតដៃដុតជើង» នៅក្នុង​ការ​តាម​ស្វែងរក​ក្រុម​កុមារ​បាត់​ខ្លួន​នេះ។ បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា Wilson ដែលជា​សុនក​ជំនាញ បាន​បាត់​ខ្លួន​ក្នុងពេល​តាម​ស្វែងរក​ ក៏ត្រូវ​បាន​រកឃើញ​នៅ​ជាមួយ​កុមារ​ទាំងនេះ​ផងដែរ។

    ពេល​បាន​រកឃើញ កុមារ​ទាំងនេះ​មាន​អា​ការៈបាត់បង់​ជាតិ​ទឹក នៅលើ​ខ្លួន​មាន​ស្នាម​សត្វល្អិត​ខាំ និង​បាក់​​កម្លាំង​។ កងទ័ព​កូ​ឡុំ​ប៊ី បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​ទៅកាន់​កន្លែងកើតហេតុ​ដើម្បី​នាំ​កុមារ​ទាំងនេះ​ទៅកាន់​មន្ទីរពេទ្យ។

    កាលពី​ថ្ងៃទី 01 ឧសភា 2023 យន្តហោះ​ខ្នាតតូច Cessna 206 ដឹក​មនុស្ស 7 នាក់​ពី Araracuara ទៅកាន់ San Jose del Guaviare ដែលជា​ទីក្រុង​ស្ថិត​ក្នុងព្រៃ​ជ្រៅ​អា​ម៉ា​ហ្សូ​ន​របស់​ប្រទេស​កូ​ឡុំ​ប៊ី។ អ្នកដំណើរ​លើ​យន្តហោះ​រួមមាន មេដឹកនាំ​ជនជាតិដើម Huitoto និង​ស្ត្រី​ជនជាតិដើម​ម្នាក់​ឈ្មោះ Magdalena Mucutui Valencia រួម​នឹង​កូន​បួន​នាក់។

    ក្រោយពី​យន្តហោះ​​ហោះ​ឡើង​បាន​ប៉ុន្មាន​នាទី ពី​ឡុ​ត​ក៏​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ទាក់ទង​នឹង​ម៉ាស៊ីន។ ក្រោយមកទៀត យន្តហោះ​នេះ​ក៏បាន​បាត់​ខ្លួន​ពី​រ៉ា​ដា។

    ក្នុង​ថ្ងៃទី 15 និង 16 ឧសភា ក្រុម​ទាហាន​កូ​ឡុំ​ប៊ី បាន​រកឃើញ​សាកសព​របស់​អ្នកបើកបរ​យន្តហោះ និង​មនុស្ស​ចាស់​ពីរ​នាក់​នៅ​តំបន់ Caqueta។ កុមារ​បួន​នាក់​នៅលើ​យន្តហោះ​ជួប​គ្រោះថ្នាក់​នេះ​ក៏បាន​បាត់​ខ្លួន។ បន្ទាប់​មក សុនក​ជំនាញ និង​កងកម្លាំង​សង្គ្រោះ​ក៏បាន​រកឃើញ​ដប​ទឹកដោះគោ​សម្រាប់​ទារក ស្បែកជើង ខោអាវ និង​ផ្លែឈើ​ដែល​ក្មេង​ទាំងនេះ​បាន​ខាំ នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​​កន្លែង​ធ្លាក់​យន្តហោះ។

    មកដល់​ថ្ងៃទី 17 ឧសភា កម្លាំង​សង្គ្រោះបាន​រកឃើញ​ជម្រក​មួយ​ដែល​ធ្វើ​​ពី​មែកឈើ។ សុនក​ជំនាញ​ក៏បាន​រកឃើញ​កន្ត្រៃ និង​ខ្សែ​ចង​សក់។ Fidencia Valencia ដែលជា​ជីតា​របស់​កុមារ​ទាំង​បួន​នាក់​នេះ​ធ្លាប់​បាន​​ប្រាប់ថា ក្មេង​ទាំងនេះ​រស់នៅ​ស៊ាំ​នឹង​ព្រៃ​ជ្រៅ ហើយ​ប្រហែលជា​កំពុង​គេចខ្លួន​ដោយសារ​ការភ័យខ្លាច។ ក្មេងស្រី​ច្បង​ក្នុង​ចំណោម​​កុមារ​បួន​នាក់​នេះ ​ចេះដឹង​ច្រើន​ទាក់ទង​នឹង​ការរក្សា​ជីវិត​នៅក្នុង​ព្រៃ​ជ្រៅ៕

  • រថភ្លើង​បី​ខ្សែ​បុក​គ្នា​នៅ​ឥណ្ឌា ធ្វើឱ្យ​មនុស្ស​រាប់​រយ​​នាក់​បាត់​បង់ជីវិត

    រថភ្លើង​បី​ខ្សែ​បុក​គ្នា​នៅ​ឥណ្ឌា ធ្វើឱ្យ​មនុស្ស​រាប់​រយ​​នាក់​បាត់​បង់ជីវិត

    រថភ្លើង​ដឹក​អ្នកដំណើរ​ពីរ​គ្រឿង និង​រថភ្លើង​ដឹកទំនិញ​មួយគ្រឿង បាន​បុក​គ្នា​នៅ​ប្រទេស​ឥណ្ឌា បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 233 នាក់​បាត់​បង់ជីវិត និង​ជាង 850 នាក់​រងរបួស។

    រថភ្លើង​ល្បឿន​លឿន​ដឹក​អ្នកដំណើរ Bengaluru – Howrah កាលពី​ព្រលប់​ថ្ងៃទី 02 មិថុនា 2023 បាន​ធ្លាក់​ពី​ផ្លូវដែក​នៅ Balasore ក្នុង​រដ្ឋ Odisha នៅ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា។ ទូ​មួយចំនួន​របស់​រថភ្លើង​នេះ​ត្រូវ​ក្រឡាប់​ទៅលើ​ផ្លូវដែក​នៅក្បែរនោះ។

    រថភ្លើង​ល្បឿន​លឿន​ដឹក​អ្នកដំណើរ Shalimar – Chennai ពេលនោះ​កំពុងធ្វើដំណើរ​ជិត​ដល់​កន្លែងកើតហេតុ​។ ដោយសារ​ចាប់​ហ្វ្រាំង​មិនទាន់ រថភ្លើង​នេះ​ក៏​បុក​ពេញទំហឹង​ទៅលើ​ទូ​មួយចំនួន​របស់​រថភ្លើង Bengaluru – Howrah ដែល​បាន​ក្រឡាប់​មកលើ​ផ្លូវ បណ្ដាលឱ្យ​ទូ​មួយចំនួន​របស់​រថភ្លើង Shalimar – Chennai ត្រូវ​ក្រឡាប់ និង​ទះ​ទង្គិច​នឹង​រថភ្លើង​ដឹកទំនិញ​ដែល​កំពុង​ចត​នៅក្បែរ។

    សមត្ថកិច្ច​បានឱ្យដឹង​ថា រថយន្ត​សង្គ្រោះ​ជាង 100 គ្រឿង រួម​នឹង​ក្រុម​សង្គ្រោះ 8 អង្គភាព ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ។ មនុស្ស​យ៉ាងតិច 233 នាក់​បាន​ស្លាប់ ហើយ​ចំនួន​នេះ​អាច​នឹង​កើនឡើង​បន្តទៀត ខណៈដែល​មនុស្ស​ប្រហែល 850 នាក់​ត្រូវ​រងរបួស និង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។

    នៅ​ប្រទេស​ឥណ្ឌា គុណភាព​បណ្ដាញ​ផ្លូវដែក​​កំពុង​​ទ្រុឌទ្រោមខ្លាំង​ ​ព្រោះ​តែ​ត្រូវបាន​ស្ថាបនា ប្រើប្រាស់​តាំងពី​យូរ ខណៈ​ការថែទាំ និង​ជួសជុល​ធ្វើឡើង​មិន​ពេញលេញ ដែល​នេះ​អាចជា​មូលហេតុ​មួយ​ដែលនាំឱ្យ​ឥណ្ឌា​ជួប​គ្រោះថ្នាក់​ច្រើន​ ទាក់ទង​នឹង​ផ្លូវដែក។

    កាលពី​ឆ្នាំ 2021 ប្រទេស​ឥណ្ឌា​មាន​មនុស្ស​ជាង 16,000 នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ផ្លូវដែក​ជិត 18,000 ករណី៕

  • ចម្លែក​ណាស់​! បុរស​​នេះ​​​ពិសា​​តែ​ភេសជ្ជៈ​កំប៉ុង​ជំនួស​អាហារ ​​​អស់​​​រយៈពេល 17 ឆ្នាំ​មក​ហើយ

    ចម្លែក​ណាស់​! បុរស​​នេះ​​​ពិសា​​តែ​ភេសជ្ជៈ​កំប៉ុង​ជំនួស​អាហារ ​​​អស់​​​រយៈពេល 17 ឆ្នាំ​មក​ហើយ

    (ប្រទេស​អ៊ីរ៉ង់) – Gholamreza Ardeshiri អាយុ 58 ឆ្នាំ គឺ​ជា​បុរស​ម្នាក់​ដែល​រស់​ដោយសារ Pepsi និង Coca-Cola ក្នុង​រយៈពេល 17 ឆ្នាំ​កន្លងមកហើយ ព្រោះ ឱ្យតែ​ឃើញ​អាហារ​គឺ​គាត់​រកកល​ក្អួត។

    រឿងរ៉ាវ​បានចាប់ផ្ដើម​កាលពី​យប់​មួយ​ក្នុង​ឆ្នាំ 2006 នៅពេល Ardeshiri ក្រោក​ពី​សម្រាន្ត​ស្រាប់​តែមាន​អ្វី​ចម្លែក​នៅក្នុង​មាត់​ដែល​មិនអាច​បំបាត់ចោល​បាន។

    «ខ្ញុំ​មាន​អារម្មណ៍​ដូចជា​មាន​សក់​នៅក្នុង​អណ្ដាត។ ខ្ញុំ​បានធ្វើ​គ្រប់យ៉ាង ប៉ុន្តែ​មិនអាច​បំបាត់​វា​ចោល។ ខ្ញុំ​ពិបាក​ដកដង្ហើម មិនអាច​ធ្វើ​អ្វី​បាន។ អារម្មណ៍​នេះ​ពិតជា​ផ្ដេសផ្ដាស និង​ពិបាក​ពន្យល់» លោក Ardeshiri រម្លឹក​អំពី​ដើមហេតុ​ដែលនាំឱ្យ​គាត់​ឈប់​ទទួលទាន​អាហារ។

    គាត់​បាន​ទៅ​ពេទ្យ​ស្ទើរ​គ្រប់​ជំនាញ ប៉ុន្តែ បញ្ហា​នៅតែ​មិនអាច​ដោះស្រាយបាន។ ចុងក្រោយ គាត់​បានសម្រេច​ចិត្ត​បោះបង់​ការទទួល​ទាន​អាហារ ហើយ​រស់នៅ​ដោយសារ​ភេសជ្ជៈ​កំប៉ុង។ លោក Ardeshiri ឱ្យដឹងថា លើកដំបូង​ដែល​គាត់​ពិសា​​ភេសជ្ជៈ​កំ​ប៉ុន គាត់​មាន​អារម្មណ៍​ថា មាន​កម្លាំងភ្លាមៗ ហើយក៏​សម្រេចចិត្ត​ពិសា​​វា​ជំនួស​​អាហារ។

    គ្រួសារ​របស់លោក Ardeshiri បាន​ប្រាប់ថា ពួកគេ​មិន​បរិភោគ​អាហារ​នៅ​ចំពោះ​លោក Ardeshiri ឡើយ ព្រោះថា រាល់​ពេលដែល​គាត់​បានឃើញ​អាហារ គាត់​តែងតែ​រកកល​​ក្អួត។ ជា​រៀងរាល់ថ្ងៃ លោក Ardeshiri ពិសា​​ភេសជ្ជៈ​​នេះ​បី​ដបធំៗ និង​បាន​អះអាងថា មិន​ដែលមាន​អារម្មណ៍​ថា​ឃ្លាន​នោះទេ។ ចាប់តាំងពី​មាន​ទម្លាប់​នេះ​មក គាត់​ស្រក​​ទម្ងន់ 32 គីឡូក្រាម ហើយក៏​មិន​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​អ្វី​ឡើយ ក្នុង​រយៈពេល 17 ឆ្នាំ​កន្លងទៅ៕

  • ជំនឿ 5យ៉ាង​ក្នុង​រឿង​អាហារ​ការហូបចុក របស់​ស្ត្រី​មានគភ៌

    ជំនឿ 5យ៉ាង​ក្នុង​រឿង​អាហារ​ការហូបចុក របស់​ស្ត្រី​មានគភ៌

    មាន​ជំនឿ​ជាច្រើន ពាក់ព័ន្ធ​នឹង​រឿង​អាហារ​ការហូបចុក ក្នុងអំឡុងពេល​មានគភ៌​ថា ញ៉ាំ​អានេះ​ទៅ វា​នឹង​ល្អ ឬ​ញ៉ាំ​អានោះ​ទៅ នឹងធ្វើ​ឱ្យ​កូន​ខ្ពស់ កូន​ឆ្លាត កូន​ងាយ​កើត ឬ​ស្រួល​កើត ជាដើម-ល- តែ​ជំនឿ​ខ្លះ មិនមែន​ចេះតែ​ត្រូវ​ទាំងអស់​នោះទេ ដូច្នេះ​ថ្ងៃនេះ យើង​នាំគ្នា​មក​ពិនិត្យ​មើលថា  តើ​រឿង​ដែល​យើង​ជឿ​ទាំងអស់នោះ វា​ជា​ការពិត ឬ​យ៉ាងណា?

    ជំនឿ​ថា ញ៉ាំ​ហឹរ​ពេក នឹងធ្វើ​ឱ្យ​កូន មិនសូវមាន​សក់…

    ការពិត៖ សក់​របស់​កូន​តិច ឬ​ច្រើន​នោះ វា​ស្ថិតនៅលើ​ពូជ ឬ​ហ្ស៊ែ​ន របស់​មនុស្សម្នាក់ៗ ចំណែកឯ​ជំនឿ រឿង​ហាម​ញ៉ាំ​ហឹរ​នេះ ប្រហែលជា​មកពី​ខ្លាច​ស្ត្រី​មានគភ៌​ឈឺពោះ ពិបាក​បន្ទោបង់ ឬ​មិន​ទេ ក៏​ខ្លាច​រាករូស ដែលនាំឱ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​មានគភ៌​ទៅវិញ​ទេ ព្រោះ​នៅក្នុង​អំឡុងពេល​មានគភ៌ ប្រព័ន្ធ​រំលាយ​អាហារ នឹង​ខុសពី​ពេលមុន​មានគភ៌ ដោយសារតែ​អ័រម៉ូន​ប្រែប្រួល ដែល​អាច​នឹងធ្វើ​ឱ្យមាន​បញ្ហា​ក្នុងការ​បន្ទោបង់ ឬ​អាចធ្វើឱ្យ​កើត​អាការ​ឆ្អល់ពោះ និង​រាករូស​បាន​ហ្នឹងឯង។

    ជំនឿ​ថា ញ៉ាំ​ទឹកដូង​ច្រើន នឹង​ជួយ​ឱ្យ​កូន​មាន​សាច់​ស្អាត និង​លាងជម្រះ​ជាតិ​ខ្លាញ់​តាម​ដងខ្លួន…

    ការពិត៖ ការពិតទៅ ការ​ដែលមាន​ខ្លាញ់​ជាប់​នៅតាម​ដងខ្លួន​ទារក​នោះ នឹង​ធ្វើឱ្យ​ងាយស្រួល​ប្រសូត ព្រោះ​វា​ប្រៀបដូចជា ជាតិ​ខ្លាញ់​រំអិល​ស្រោប​ពីលើ​ខ្លួន​ទារក ខណៈពេល​ប្រសូត​ចេញមក​ដូច្នោះ​ដែរ។ ជាតិ​ខ្លាញ់​មួយ​នេះ ផលិតឡើង​ដោយ​កោសិកា​ស្បែក​របស់​ទារក និង​ក្រពេញ​ជាតិ​ខ្លាញ់​នៅ​ខាងក្រោម​ស្បែក ពេល​អាយុ​គភ៌ រឹតតែ​ច្រើនឡើង ជាតិ​ខ្លាញ់​នោះ​ក៏​នឹង​កើតឡើង​ច្រើន​តាម​នោះដែរ។ ក្រៅពីនេះ ក្រោយពេល​ប្រសូត​ហើយថ្មីៗ ជាតិ​ខ្លាញ់​ដែល​ស្រោប​ខ្លួនប្រាណ​ទារក​នោះ នឹង​ជួយ​គ្រប់គ្រង​សីតុណ្ហភាព​របស់​កូនតូច មិនឱ្យ​ធ្លាក់ចុះ​ទាប​ជ្រុល​ពេក​បាន​ទៀតផង។ ដូច្នេះហើយ​ទើប​គ្រូពេទ្យ​បណ្តោយឱ្យ​ជាតិ​ខ្លាញ់​ទាំងនោះ នៅជាប់​នឹង​ខ្លួន​ទារក​មួយរយៈ​សិន មុននឹង​លាង​ចេញ នៅពេល​ប្រាកដ​ក្នុង​ចិត្ត​ហើយ​ថា ទារក​ចាប់ផ្តើម​គ្រប់គ្រង​សីតុណ្ហភាព​ដោយ​ខ្លួនឯងបាន​ហើយ។ ការប្រញាប់​លាង​ជាតិ​ខ្លាញ់​នោះ​ចេញ​ពេក អាច​នឹង​ធ្វើឱ្យ​ខ្លួនប្រាណ​កូនតូច ត្រជាក់​ខុសធម្មតា និង​អាច​បង្កឱ្យមាន​បញ្ហា​បាន។

    ចំណែកឯ​ទឹកដូង​វិញ មាន​ជាតិ​ស្ករ និង​សារធាតុ​អាស៊ីត​ខ្លាញ់​កក​ច្រើន ពេល​ស្ត្រី​មានគភ៌​ញ៉ាំ​ច្រើន អាចធ្វើឱ្យ​កូន​មាន​មាឌធំ តែ​មិនសូវ​រឹងមាំ  ហើយ​អ្នក​ម្តាយ​ខ្លួនឯង ក៏​កាន់​តែមាន​ភាព​ប្រឈម​នឹង​ការកើតមាន​ខ្លាញ់​ញ៉ុ​ក​ណែន​ក្នុង​សរសៃឈាម​ខ្លាំង​ដែរ ដូច្នេះ​បើ​ទម្ងន់​ខ្លួន កើនឡើង​ច្រើន​ហើយ គួរតែ​ផ្អាក​ញ៉ាំ​ទឹកដូង​មួយរយៈ។

    ជំនឿ​ថា ហាម​ញ៉ាំ​បន្លែ​ពពួក​វល្លិ៍ៗ ឬ​បន្លែ​ឡើងទ្រើង ព្រោះ​នឹងធ្វើ​ឱ្យ​ពិបាក​ប្រសូត…

    ការពិត​វិញ៖ វា​ជា​ជំនឿ​កាលពី​បុរាណ ដែលថា បន្លែ​ទាំងនោះ​មាន​លក្ខណៈ​ជា​ខ្សែ​សរសៃ រឹត​ចង​តោង ធ្វើឱ្យ​ទារក​ពិបាក​កើត​ចេញមក។  តែ​ការពិតទៅ ស្ត្រី​មានគភ៌ អាច​ទទួលទាន​បាន​ទាំងអស់ មិន​កំណត់​ប្រភេទ​បន្លែ​ឡើយ ជាពិសេស​ពពួក​បន្លែ​ស្លឹក​បៃតងផ្សេងៗ ដូចជា​ត្រកួន ស្លឹក​បាស  សណ្តែកកួរ ល្ពៅ ប៉េងប៉ោះ ខាត់ណា ជាដើម។ បើ​បាន​ទទួលទាន​បន្លែ​ទាំងអស់នោះ​ហើយ នឹងមាន​ប្រយោជន៍​ខ្លាំងណាស់ ព្រោះ​នឹងធ្វើ​ឱ្យ​ស្ត្រី​មានគភ៌​ខ្លួនឯង ទទួលបាន​វិ​តា​មីន​ដែល​ចាំបាច់ និង​សំខាន់​ដល់​ការរីក​ធំធាត់​របស់​ភ្នាសស្តើងៗ នៃ​កែវភ្នែក និង​ក្រពេញ​ការធ្វើការងារ​រ​បស់​គ្រាប់ភ្នែក។

    ជំនឿ​ដែលថា ហាម​ញ៉ាំ​ទឹកតែ កាហ្វេ ព្រោះ​អាចធ្វើឱ្យ​រលូត​បុត្រ…

    តែ​ការពិត​វិញ…មានការ​សិក្សា​វិភាគ​ពី​ការ​ញ៉ាំ​កាហ្វេ ឬ​ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​របស់​ស្ត្រី​មានគភ៌ ចំនួន 1,063នាក់ បាន​រកឃើញថា ស្ត្រី​មាន​ផ្ទៃពោះ ដែល​ទទួលទាន​បរិមាណ​កាហ្វេ​អ៊ី​ន លើសពី 200មី​ល្លី​ក្រាម​ក្នុង 1ថ្ងៃ (ប្រមាណ 2ពែង ក្នុង 1ថ្ងៃ) អាច​នឹង​បណ្ដាលឱ្យ​កើតការ​រលូត​បុត្រ​បាន​ដល់​ទៅ 25ភាគរយ តែ​ក៏​មិនមែន​មានន័យថា ហាម​មិនឱ្យ​ញ៉ាំ​នោះដែរ គ្រាន់តែ​ត្រូវ​កំណត់ មិនឱ្យ​លើសពី 1កែវ ក្នុង​រយៈពេល 2-3ថ្ងៃ​ឡើយ អាច​គ្រាន់តែ​ក្រេបចឹបៗ ឱ្យ​បាត់ចង់​ទៅបាន​ហើយ។ ការ​ញ៉ាំ​ទឹកតែ ឬ​កាហ្វេ ច្រើន​ជ្រុល​ពេក នឹងធ្វើ​ឱ្យ​គេង​មិន​លក់ សម្រាក​មិនបាន​គ្រប់គ្រាន់ ឬ​អ្នកខ្លះ​អាចធ្វើឱ្យ​ឆ្អល់ពោះ ដែល​នឹងមាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​មានគភ៌​ខ្លួនឯង និង​ប៉ះពាល់​ដល់​ការរីកចម្រើន​ធំធាត់ និង​ការវិវឌ្ឍ​របស់​ទារក​នៅក្នុង​ផ្ទៃ​បាន​ទៀតផង។

    ជំនឿ​ថា ញ៉ាំ​ថ្នាំ​ខ្លាញ់ត្រី ប្រភេទ​គ្រាប់ នឹងធ្វើ​ឱ្យ​ឈាម​បង្កក​ខ្លួន​យឺត…

    ការពិត​វិញ៖ ខ្លាញ់ត្រី ឬ Fish Oil នេះ  មិន​ដូច​ខ្លាញ់​ថ្លើម​ត្រី​ទេ តែ​ជា​ខ្លាញ់​របស់​ត្រី ដែលមាន​អាស៊ីត​ជាតិ​ខ្លាញ់​មិន​កក​ដែល​ចាំបាច់​ចំពោះ​រាងកាយ គឺ​អាស៊ីត​ខ្លាញ់​នៅក្នុង​ក្រុម​អូ​មេ​ហ្កា3 ដែលជា​ចំណែក​សំខាន់​មួយ​របស់​កោសិកា ឬ​សាច់​ភ្នាស​របស់​រាងកាយ រួមទាំង​ខួរក្បាល គ្រាប់​ឈាម​ប្រភេទផ្សេងៗ និង​ការបង្កើត​ភាពស៊ាំ ប្រឆាំងនឹង​ជំងឺ​របស់​រាងកាយ និង​ថែមទាំង​ជួយ​កាត់បន្ថយ​អាការ​រលាក​របស់​សន្លាក់​ឆ្អឹង ដែល​ស្ត្រី​មានគភ៌​ច្រើនតែ​ជួបប្រទះ​ទៀតផង តែ​ស្ត្រី​មាន​ផ្ទៃពោះ ក៏​មិនគួរ​ទទួលទាន​ថ្នាំ​ខ្លាញ់ត្រី​ប្រភេទ​គ្រាប់​នេះ​ច្រើនពេក​ដែរ តែ​គួរ​ទទួលទាន​ខ្លាញ់ត្រី ដែលមាន​នៅក្នុង​សាច់​ត្រីផ្សេងៗ ដូចជា សាច់​ត្រី​សាល់​ម៉ុ​ន ត្រី​ធូ​ណា ត្រី​ឆ្ពុង​ក្រហម ជាដើម​ជំនួស​វិញ ទើប​ជាការ​ល្អ។

    ក្រៅពីនេះ ស្ត្រី​មានគភ៌​គួរ​ឈប់​ទទួលទាន​អាហារ​បំប៉ន ប្រភេទ​ថ្នាំ​ខ្លាញ់ត្រី​បែប​គ្រាប់ ពេល​មាន​ផ្ទៃពោះ​បាន 6-7ខែ ព្រោះ​ទោះជា​វា​ជួយ​មិនឱ្យ​កើតមាន​ភាព​ញ៉ុ​ក​ណែន​ក្នុង​សរសៃឈាម​មែន តែ​វា​អាចធ្វើឱ្យ​ឈាម ក្រ​បង្កក​ខ្លួន​នៅពេល​កើតមាន​របួសស្នាម ឬ​ពេល​វះកាត់​ជាដើម។

    បន្ទាប់ពី​បានដឹង​ការពិត​របស់​ជំនឿ​ក្នុង​រឿង​អាហារ​ការហូបចុក ដែល​យើង​បាន​នាំយកមក​ជម្រាបជូន​ហើយ​នោះ ស្ត្រី​មានគភ៌​ទាំងឡាយ​ប្រហែលជា​បាន​យល់ និង​អាច​ជ្រើសរើស​ទទួលទាន​អាហារ បាន​យ៉ាង​សប្បាយចិត្ត ដើម្បី​សុវត្ថិភាព​ទាំង​ខ្លួន​អ្នក និង​កូន​នៅក្នុង​ផ្ទៃ​ជាមិនខាន៕

    រៀបរៀង​ដោយ​អ្នកគ្រូ ឆវី