Tag: ប្រកាស

  • ចិន​ឈ្នះ​អាម៉េរិក «ក្លាយ​ជា​ទីផ្សារកាហ្វេ​​ប្រេនធំជាង​គេ​លើពិភពលោក»

    ចិន​ឈ្នះ​អាម៉េរិក «ក្លាយ​ជា​ទីផ្សារកាហ្វេ​​ប្រេនធំជាង​គេ​លើពិភពលោក»

    ថ្វី​បើ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ «ប្រទេស​ផឹកតែ» ប៉ុន្តែ បច្ចុប្បន្ន​ ចិន​ បាន​ឈ្នះ អាម៉េរិក ក្នុង​ទីផ្សារ​​កាហ្វេ​ដែល​មាន​យីហោ​ ឬ​ប្រេន ធំជាង​គេ​លើពិភពលោក​។

    ព័ត៌មាន​ខាងលើ​នេះ ទើបតែ​ត្រូវ​បាន​ប្រកាស​នៅ​លើ​បណ្ដាញ​ព័ត៌មាន​កាហ្វេ​ World Coffee Portal នា​ពេល​ថ្មី​ៗ​នេះ​។ ក្រុម​ហ៊ុន​ស្រាវជ្រាវ​នេះ​បាន​ឱ្យ​ដឹង​ថា ចំនួន​ហាង​កាហ្វេ​ប្រេន (branded coffee shop) នៅ​ក្នុង​ទីផ្សារ​ចិន​ បាន​កើន​ 58% ក្នុង 12 ខែ​កន្លង ពោល​គឺ 49,691​ ហាង។ ចំណែក​ហាង​កាហ្វេ​ប្រភេទ​នេះ​នៅ​ សហរដ្ឋ​អាម៉េរិក បច្ចុប្បន្ន​មាន​តែ​ 40,062 ហាង​។

    ហាង​កាហ្វេ​ប្រេនត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ហាង​កាហ្វេ​ដែល​មាន​ឈ្មោះ​ល្បី និង​ជា​កម្មសិទ្ធិ​របស់​បណ្ដា​ក្រុម​ហ៊ុន​ធំៗ។ ចំណុច​ពិសេស​របស់​ហាង​ប្រភេទ​នេះ ​គឺ​ការ​ធ្វើ​ជំនួញ​ទៅ​តាម​បណ្ដាញ មាន​ការ​រចនា​គ្រឿង​សង្ហារិម បញ្ជី​មុខ​ភេសជ្ជៈ​ដូច​គ្នា និង​តែង​តែ​ផ្គត់​ផ្គង់​ផលិត​ផល​ពិសេសប្រចាំ​ប្រេន​។

    ការ​កើន​ឡើង​នៃ​ហាង​កាហ្វេ​ប្រេន​នៅ​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​កន្លង ត្រូវ​បាន​ដឹក​មុខ​ដោយ​ការ​ពង្រីក​ទីផ្សារ​យ៉ាង​ឆាប់​រហ័ស​នៃ​រូបមន្ត​ហាង​ខ្នាត​តូច​ និង​ផ្ដោត​ទៅ​លើ​ការ​ប្រគល់​ទំនិញ​របស់ Luckin Coffee ដែល​ពង្រីក​បាន​ជាង 5,000 ហាង និង Cotti Coffee ពង្រីក​បាន​ជាង 6,000 ហាង​ ក្នុង​ឆ្នាំ 2022​។

    បច្ចុប្បន្ន ​ប្រេន​កាហ្វេ​ដែល​ធំជាង​គេ​បង្អស់​នៅ​ប្រទេស​ចិន គឺ​ Luckin Coffee ​ ដោយ​មាន 13,273 ហាង​។ ចំណាត់​ថ្នាក់​ទីពីរ​បាន​ទៅ​លើ Starbucks របស់ ​​អាម៉េរិក ដោយ​មាន 6,806 ហាង​។ ចំណាត់​ថ្នាក់​ទីបីគឺ Luckin Coffee ដែល​មាន 6,061 ហាង​៕

  • អង្ករ​ធ្លាក់​ថ្លៃ ឥណ្ឌូណេស៊ី ក៏​ប្រញាប់​​បញ្ជាទិញរាប់​​សែន​តោន​​បន្ថែម​ទៀត​

    អង្ករ​ធ្លាក់​ថ្លៃ ឥណ្ឌូណេស៊ី ក៏​ប្រញាប់​​បញ្ជាទិញរាប់​​សែន​តោន​​បន្ថែម​ទៀត​

    ក្នុងសប្ដាហ៍​កន្លង​ ស្រប​ពេល​ដែល​តម្លៃ​អង្ករ​ក្នុង​ទីផ្សារ​ពិភពលោក​បាន​ធ្លាក់​ចុះ​បន្តិច​ ឥណ្ឌូណេស៊ី​ក៏​បាន​ប្រកាស​អំពី​ការ​ដេញ​ថ្លៃ​សម្រាប់​ការ​ផ្គត់ផ្គង់​អង្ករ​ 543,000 តោន​។

    កាល​ពី​ដើម​ខែ​នេះ តម្លៃ​អង្ករ​នៃ​បណ្ដា​ប្រទេស​នាំចេញ បាន​ថយ​ចុះ​បន្តិច​ ក្នុង​នោះ សមាគមអ្នក​នាំ​ចេញ​​​អង្ករ​ថៃ ​ (TREA) បាន​ឱ្យ​ដឹង​ថា អង្ករ​ប្រភេទ​សម្រាប់​នាំ​ចេញរបស់ប្រទេស​នេះ​បាន​ធ្លាក់​ថ្លៃ 9 ដុល្លារ ចុះ​មក​នៅ​ត្រឹម​ 631 ដុល្លារ​អាម៉េរិក​ក្នុង​មួយ​តោន​។ ចំណែក​សមាគម​ស្បៀង​អាហារ​វៀតណាម (VFA) វិញ ក៏​បាន​ប្រកាស​ថា អង្ករ​សម្រូប​ 5% របស់​ប្រទេស​នេះ ធ្លាក់​ថ្លៃ​ 5 ដុល្លារ​/តោន​ ចុះ​មក​នៅ​ត្រឹម​ 658 ដុល្លារ​/តោន​។

    ក្នុង​ពេល​អង្ករ​កំពុង​ធ្លាក់​ថ្លៃ ទំព័រ SSRicenews ឱ្យ​ដឹង​ថា ទីភ្នាក់​ងារ​ភស្តុភារ​ជាតិ​ឥណ្ឌូណេស៊ី (Bulog) ក៏​បាន​ផ្ញើសេចក្ដី​ប្រកាស ​អញ្ជើញ​បណ្ដា​ក្រុម​ហ៊ុន​នាំ​ចេញ​​អង្ករ​ មក​ចូល​រួម​ដេញ​ថ្លៃសម្រាប់​ការ​​ផ្គត់ផ្គង់​អង្ករ​ឱ្យ​ប្រទេស​នេះ​រហូត​ដល់ 543,000 តោន​។ ផលិត​ផល​ដែល​ឥណ្ឌូណេស៊ី​ត្រូវ​ការ​គឺ​អង្ករគ្រាប់​វែង​ប្រភេទ​សម្រូប​ 5%​​។ ប្រភព​ផ្គត់​ផ្គង់​អង្ករ​សម្រាប់​ទីផ្សារ​ឥណ្ឌូណេស៊ី​លើក​នេះ រួម​មាន ថៃ វៀតណាម កម្ពុជា មីយ៉ាន់ម៉ា និង​ប៉ាគីស្ថាន​។ ការ​ផ្គត់​ផ្គង់​អង្ករ​ 543,000 តោន​នេះ នឹង​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី 30 ខែមករា ឆ្នាំ 2024​។

    យោង​តាម Bulog គិត​មក​ដល់​ថ្ងៃទី 26 វិច្ឆិកា ឥណ្ឌូណេស៊ី បាន​នាំ​ចូល​អង្ករ​សរុប​ 3.3 លាន​តោន នៅ​ក្នុង​ផែន​ការ​នាំចូល​អង្ករ 3.8 លាន​តោន​សម្រាប់​ឆ្នាំ 2023​៕

  • រថយន្ត​អគ្គិសនី​របស់ Aion បង្ហាញ​វត្តមាន​នៅ​កម្ពុជា​

    រថយន្ត​អគ្គិសនី​របស់ Aion បង្ហាញ​វត្តមាន​នៅ​កម្ពុជា​

    Aion ដែល​ជា​ក្រុម​ហ៊ុន​បុត្រសម្ព័ន្ធ​ផ្នែក​រថយន្ត​អគ្គិសនី​របស់​សាជីវកម្មរដ្ឋ​ចិន​ GAC បាន​ចូល​មក​កាន់កម្ពុជា ដែលជា​ទីផ្សារ​អន្តរជាតិ​ទីពីរ​របស់​​ក្រុម​ហ៊ុន​នេះ​ បន្ទាប់​ពី​ប្រទេស​ថៃ​។

    GAC Aion បាន​ប្រកាស​ថា បាន​ពង្រីក​វត្តមាន​របស់​ខ្លួន​មក​កាន់​ទីផ្សារ​កម្ពុជា​ តាម​រយៈ​ព្រឹត្តិការណ៍​មួយ​នៅ​រាជធានី​ភ្នំ​ពេញ​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ ដោយ​ការ​បង្ហាញ​រថយន្ត​ម៉ូដែល crossover Aion Y Plus។ នេះ​បើ​តាម​ប្រកាស​មួយ​ដែល​ក្រុម​ហ៊ុន​នេះ​លើក​ឡើង​កាល​ពី​ថ្ងៃទី 05 ធ្នូ​។

    GAC Aion នឹង​ដាក់​លក់​រថយន្ត​អគ្គិសនី​ច្រើន​ម៉ូដែល​នៅ​កម្ពុជា​ ដើម្បី​រួមចំណែក​ជំរុញ​វិស័យ​រថយន្ត​ឱ្យ​​ងាក​ទៅ​រក​ថាមពល​​ស្អាត​។ ក៏ប៉ុន្តែ ក្រុម​ហ៊ុន​នេះ​មិន​ទាន់​ឱ្យ​ដឹង​សេចក្ដី​លម្អិត​ទាក់​ទង​នឹង​ផែនការ​របស់​ខ្លួន​សម្រាប់​ទី​ផ្សារ​​កម្ពុជា​នៅ​ឡើយ​។

    GAC Aion គឺជា​មួយ​ក្នុង​ចំណោម​យីហោ​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​បំផុត​នៅ​ប្រទេស​ចិន​។ ក្នុង​ខែ​វិច្ឆិកា 2023 ក្រុម​ហ៊ុន​នេះ​លក់​រថយន្តអគ្គិសនី​បាន​ 41,567 គ្រឿង​ កើនជាង 44% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​ និង​កើន​ 0.15% ធៀប​នឹង​ខែ​តុលា​។ ក្នុង​រយៈ​ពេល​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ GAC Aion លក់​រថយន្ត​បាន​ជាង 436,000 គ្រឿង​ កើន​ជិត 81% ធៀប​នឹង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2022​៕

  • ជប៉ុន​គ្រោង​នឹង​បញ្ជូន​យាន​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ដើម​ឆ្នាំ​ក្រោយ

    ជប៉ុន​គ្រោង​នឹង​បញ្ជូន​យាន​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ដើម​ឆ្នាំ​ក្រោយ

    កាល​ពី​ថ្ងៃទី 05 ធ្នូ ទីភ្នាក់​ងារ​ស្រាវជ្រាវ​អវកាស​ជប៉ុន ចាសា (JAXA) បាន​ប្រកាស​ថា នឹង​បញ្ជូន​យាន​អវកាស SLIM (Smart Lander for Investigating Moon) ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃទី 20 មករា ឆ្នាំ 2024​។

    នេះ​គឺជា​ការ​ប្រឹង​ប្រែង​ដើម្បី​ចុះ​ចត​ដោយ​ «ថ្នម​ៗ»​ លើ​ផ្ទៃ​ព្រះ​ចន្ទ​ជា​លើក​ដំបូង​​របស់​យាន​អវកាស​ជប៉ុន​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ 12 ថ្ងៃ​ត្រង់ នៃ​ថ្ងៃទី 20 ខែ​មករា ឆ្នាំ 2024​ (ម៉ោង​ក្នុង​ស្រុក)​។ ដំណើរ​ការ​ចុះ​ចត​នឹង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល 20 នាទី និង​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​។

    យោង​តាម​ ចាសា យាន​ចុះ​ចត SLIM ដែល​មាន​បណ្ដោយ 2.7 ម៉ែត្រ នឹង​ហោះ​ចូល​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​នៅ​ថ្ងៃទី 25 ធ្នូ ឆ្នាំ​ 2023 ហើយប្រហែល​​មួយ​ខែ​ក្រោយ​មក វា​នឹង​ធ្វើ​ការ​ចុះ​ចត​។ បើ​សិន​ជោគ​ជ័យ ជប៉ុន​នឹង​ក្លាយ​ជា​ប្រទេស​ទីប្រាំ​ដែល​មាន​យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ បន្ទាប់​ពី​ សូវៀត អាម៉េរិក ចិន និង​ឥណ្ឌា​។

    ចាសា​ឱ្យ​ដឹង​ថា យាន​ចុះ​ចត SLIM នឹង​នាំ​យក​រ៉ូបូត​ស្រាវជ្រាវ​ពីរ​គ្រឿង​ទៅ​តាម​ខ្លួន​។ រ៉ូបូត​ទាំង​នេះ​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​លើ​ផ្ទៃ​ព្រះចន្ទ​ បន្ទាប់​ពី​បាន​ចុះ​ចត​។

    បេសកកម្ម SLIM មិន​មែនជា​ការ​សាក​ល្បង​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ជាលើក​ដំបូង​របស់​ ប្រទេស​ជប៉ុន​នោះ​ទេ​។ មុន​នោះ កាល​ពី​ដើម​ឆ្នាំ​នេះ យាន​ចុះ​ចត​របស់​ជប៉ុន Hakuto-R ក៏​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ហោះ​ចូល​ដល់​គន្លង​តារាវិថី​ព្រះចន្ទ បើ​ទោះ​ជា​ក្រោយ​មក​វា​បាន​បរាជ័យ​ក្នុង​ការ​ចុះ​ចត​​លើ​ឋាន​រណប​មួយ​នេះ​៕

  • រោង​ចក្រ​ថ្មី​ចំនួន​ប្រាំ មាន​ទុន​សរុប​ជាង 35 លាន​ដុល្លារ គ្រោង​នឹង​​បង្កើត​ឡើង​នា​ពេល​ខាងមុខ

    រោង​ចក្រ​ថ្មី​ចំនួន​ប្រាំ មាន​ទុន​សរុប​ជាង 35 លាន​ដុល្លារ គ្រោង​នឹង​​បង្កើត​ឡើង​នា​ពេល​ខាងមុខ

    យោង​តាម គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបាន​ប្រកាស​កាល​ពីថ្ងៃទី 30 វិច្ឆិកា 2023​ ក្រុមហ៊ុនចំនួនប្រាំទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​សាងសង់រោងចក្រថ្មីចំនួនប្រាំ ជាមួយ​នឹង​ទុន​វិនិយោគ 35.3 លានដុល្លារ នៅ​ខេត្តតាកែវ កំពង់ស្ពឺ កណ្តាល និងភ្នំពេញ។

    ក្រុម​ហ៊ុន​ទាំង​នេះ​រួម​មាន​៖

    ក្រុម​ហ៊ុន XIN ANG SHOES (CAMBODIA) MANUFACTURING CO., LTD ៖ គម្រោងបង្កើត រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ 13.3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 4,370 កន្លែង។

    ក្រុម​ហ៊ុន NEW HUICHEN (CAMBODIA) TEXTILE CO., LTD ៖ គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ 499 ផ្លូវលេខ126 ភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 5.8 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,896 កន្លែង។

    ក្រុម​ហ៊ុន SIN-TIANCHENG WADDING (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិត គ្រឿងបន្សំសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទទឹង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5.6 លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន 238 កន្លែង។

    ក្រុម​ហ៊ុន XING KUN DA LEATHER INDUSTRIAL CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិត កាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ 5.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន 1,790 កន្លែង។

    ក្រុម​ហ៊ុន GOLDEN VESSEL (CAMBODIA) ELECTRONIC AND LIGHTING CO., LTD ៖ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ គីឡូម៉ែត្រលេខ69 ផ្លូវជាតិលេខ2 ភូមិព្រៃព្រហ្ម សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ 5.4 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 467 កន្លែង។

    ជា​សរុប បណ្ដា​គម្រោង​ដែល​មាន​​សរុប​ 35.3 លានដុល្លារ​​អាម៉េរិក​នេះ អាច​បង្កើត​ការ​ងារ​បានជាង​ 8,700 កន្លែង​៕

  • កម្ពុជា​ ប្រកាស​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើ​​ធ្យូង​ថ្ម

    កម្ពុជា​ ប្រកាស​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើ​​ធ្យូង​ថ្ម

    រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​បញ្ឈប់​ការ​សាងសង់​រោង​ចក្រ​ផលិត​អគ្គិសនី​ដែល​ប្រើ​ប្រាស់​​ថាមពលពី​​ធ្យូង​ថ្ម និង​ពិនិត្យ​លទ្ធភាព​បិទ​ទ្វារ​បណ្ដា​រោង​ចក្រ​ប្រភេទ​នេះ​នៅ​មុន​កាល​កំណត់​។

    ប្រកាស​ខាងលើ​ត្រូវ​បាន​សម្ដេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ លើក​ឡើង​នៅ​ក្នុង​ពិធីបិទ​ទ្វារ​ទំនប់​សាង​សង់​វារី​អគ្គិសនី​ស្ទឹងតាតៃលើ ក្នុង​ខេត្ត​កោះកុង​ កាល​ពី​ថ្ងៃទី 30 វិច្ឆិកា 2023​។

    យោង​តាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ការ​សម្រេច​ចិត្ត​នេះ ធ្វើ​ឡើង​ដើម្បី​ធានា​ចំពោះគោល​ដៅ​បន្សាប​កាបូន​ និង​គោល​ដៅ​ផ្គត់​ផ្គង់​ថាមពល​​ស្ថិរភាព​ ប្រសិទ្ធភាព និង​តម្លៃ​សម​រម្យ​។

    មុន​នោះ កាល​ពី​ថ្ងៃទី 02 វិច្ឆិកា 2023 រាជរដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​ចិត្ត​ផ្អាក​គម្រោង​អភិវឌ្ឍ​រោង​ចក្រ​ផលិត​អគ្គិសនី​ប្រើប្រាស់​ធ្យូង​ថ្ម​កម្លាំង 700 មេហ្គាវ៉ាត់ (MW) នៅ​ក្នុង​ខេត្ត​កោះកុង​ និង​ប្ដូរ​ទៅ​ជា​កម្រោងអភិវឌ្ឍ​​ថាមពល​​ឧស្ម័ន​ធម្មជាតិ​រាវ (LNG)។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត

    បច្ចុប្បន្ន ក្រសួង​រ៉ែនិង​ថាមពល ក៏​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​មេ ស្ដីពី​ការ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ និង​ជំរុញការ​ប្រើប្រាស់​យាន​យន្ត​អគ្គិសនី​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ឥន្ធនៈ និង​ដើម្បី​ការ​ពារ​បរិស្ថាន​៕

  • រូបភាព​ដំបូង​បង្ហាញ​ពី​រចនាសម្ព័ន្ធ​ពេញ​លេញ​របស់​ស្ថានីយអវកាស​ចិន

    រូបភាព​ដំបូង​បង្ហាញ​ពី​រចនាសម្ព័ន្ធ​ពេញ​លេញ​របស់​ស្ថានីយអវកាស​ចិន

    អាជ្ញាធរ​ចិន​ បាន​បង្ហាញ​រូប​ភាព​ដំបូង​ស្ដី​ពី​រចនា​សម្ព័ន្ធ​ពេញ​លេញ​របស់​ស្ថានីយ​អវកាស​​ចិន ធានកុង (Tiangong) ដែល​មាន​ម៉ូឌុល​ចំនួន​បី ​ប្រព័ន្ធ​សូឡា ដៃយន្ត និង​អ្វី​ៗ​ជា​ច្រើន​ទៀត​។

    រូប​ភាព​ដំបូង​ស្ដីពី​រចនា​សម្ព័ន្ធ​របស់ ធានកុង នេះ ត្រូវ​បាន​ថតដោយ​អ្នក​អវកាស​នៅ​លើ​យាន​ Shenzhou 16 ដែល​ស្ថិត​នៅ​ពី​ខាងលើ​ មុន​ពេល​ត្រលប់មក​កាន់​ផែន​ដី​កាល​ពី​ខែ​កន្លង​។ ក្នុង​រូប​ថត​នេះ​គឺជា​ស្ថានីយ​អវកាស​ធានកុង​ ​មាន​រាង​ជា​អក្សរ​ T ទម្ងន់​ 90 តោន​ ដែល​មាន​ប្រព័ន្ធ​ថ្ម​សូឡា ដៃ​យន្ត​ រួម​នឹង​អ្វី​ៗ​ជា​ច្រើន​ទៀត​ និង​មាន​ផែនដី​ជា​ទិដ្ឋភាព​ខាង​ក្រោយ​។ នេះ​បើ​តាម​សារព័ត៌មាន Space។

    រូប​ថត​ថ្មី​បំផុត​ស្ដីពី​ស្ថានីយ​អវកាស​ធានកុង ដែល​ជា​គម្រោង​ត្រូវ​បាន​ចាប់​ផ្ដើម​អនុវត្ត​កាល​ពី​ឆ្នាំ 1992 និង​សម្រេច​ជោគ​ជ័យ​កាល​ពី​ឆ្នាំ 2022 ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃទី 28 វិច្ឆិកា 2023 នៅ​ទីក្រុង​ហុងកុង​ ដោយ​តំណាង​ម្នាក់​មក​ពី​ទីភ្នាក់​ងារ​អវកាស​មាន​មនុស្ស​បើកបរ​ចិន (CMSA)។

    CMSA ឱ្យ​ដឹង​ថា អ្នក​អវកាស​ចិន​កម្រ​នឹង​មាន​ឱកាស​បាន​ថត​យក​រូប​ភាព​ពេញ​លេញ​របស់​ ធានកុង តាម​បង្អួច​ រាប់​ចាប់​តាំង​ពី​ពេល​ដំឡើង​ស្ថានីយ​នេះ​កាល​ពីឆ្នាំ 2021​។ ក៏ប៉ុន្តែ កាល​ពី​ថ្ងៃទី 30 តុលា 2023 ក្រោយ​ពី​បាន​ផ្ដាច់​ខ្លួន​ពី​ស្ថានីយធានកុង យាន​អវកាស​ Shenzhou 16 បានធ្វើ​ការ​​ហោះហើរ​ជា​ពិសេស​ អនុញ្ញាត​ឱ្យ​អ្នក​អវកាស​ផ្ដិត​យក​ទិដ្ឋភាព​ធានកុង​ ពី​រយៈចម្ងាយ​ត្រឹម​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​។ រូប​ភាព​នេះ​ត្រូវ​បាន​បញ្ចេញ​ដោយ​លោក Gui Haichao អ្នក​ស្រាវ​ជ្រាវ និង​ជា​អ្នក​អវកាស​ស៊ីវិល​ចិន​ដំបូង​ដែល​បាន​ហោះ​ទៅ​កាន់​ទីអវកាស​។

    ស្ថានីយ​អវកាស​ចិន​ធានកុង ​មាន​ទម្ងន់​ស្មើ​នឹង​ 20% នៃ​ទម្ងន់​របស់​ ISS ដែល​ជា​ស្ថានីយ​អវកាស​អន្តរ​ជាតិ ធ្វើសកម្មភាព​នៅ​លើ​គន្លង​តារាវិថី​ខ្ពស់​ជាង​បន្តិច បើ​​ធៀប​នឹង​ ធានកុង​។ អាជ្ញាធរ​ចិន​កំពុង​រៀប​ចំផែនការ​ពង្រីក​ស្ថានីយធានកុង ដែល​បច្ចុប្បន្ន​មាន​​បី​ម៉ូឌុល ឱ្យ​ទៅ​ជា​ 6 ម៉ូឌុល​​នៅពេល​ដ៏ខ្លី​ខាង​មុខ៕

  • Toyota ផ្ដល់​អាទិភាពដល់​ការ​ផលិតរថយន្ត​អគ្គិសនី​ពី​អ៊ីដ្រូសែន​ ជាង​ថ្ម​ប្រភេទ​រឹង​

    Toyota ផ្ដល់​អាទិភាពដល់​ការ​ផលិតរថយន្ត​អគ្គិសនី​ពី​អ៊ីដ្រូសែន​ ជាង​ថ្ម​ប្រភេទ​រឹង​

    ក្រុម​ហ៊ុន​ Toyota បញ្ជាក់​ថា ពួក​គេ​កំពុង​បោះមួយ​ជំហាន​ធំ​នៅ​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្ម​ប្រភេទ​រឹងសម្រាប់​រថយន្ត​អគ្គិសនី​ ខណៈ​គោលដៅ​ពិសេស​​គឺ​អ៊ីដ្រូសែន។

    «ក្នុង​ដំណាក់​កាល​ផលិត​ជា​ទ្រង់​ទ្រាយ​ធំ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ចាប់​ពី​ឆ្នាំ 2030 បណ្ដា​ក្រុម​ហ៊ុន​កំពុង​រក​វិធី​បង្កើន​ផលិតភាព​ឱ្យ​ឡើង​ដល់​រាប់​ម៉ឺន​គ្រឿង​ ដើម្បី​សម​ស្រប​នឹង​ផែនការ​ផលិត​​របស់​ Toyota» ក្រុម​ហ៊ុន​ផលិត​រថយន្ត​ជប៉ុន ឱ្យ​ដឹង​ដូច្នេះ​។

    កាល​ពី​ដើម​ឆ្នាំ​នេះ Toyota បាន​ប្រកាស​ថា ពួក​គេ​កំពុង​រក​វិធី​លក់​រថយន្ត​ដែល​ប្រើ​ប្រាស់​អ៊ីដ្រូសែន​ឱ្យ​បាន​លើស​ពី 100,000 គ្រឿង​ជា​រៀង​រាល់​ឆ្នាំ​ ចាប់​ពី​ឆ្នាំ 2030​។ ប្រការ​នេះ​បញ្ជាក់​ថា នៅ​ចុង​ទសវត្សរ៍​នេះ Toyota នឹង​ផលិត​រថយន្ត​អ៊ីដ្រូសែន​ច្រើន​ជាង​រថយន្ត​អគ្គិសនី​ដែល​ប្រើ​ថ្ម​រឹង​។

  • កម្ពុជា នឹង​ទទួល​បាន​ប្រាក់​កម្ចី 50 លានដុល្លារពី​ ADB ដើម្បី​កែទម្រង់ហិរញ្ញវត្ថុសាធារណៈ

    កម្ពុជា នឹង​ទទួល​បាន​ប្រាក់​កម្ចី 50 លានដុល្លារពី​ ADB ដើម្បី​កែទម្រង់ហិរញ្ញវត្ថុសាធារណៈ

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្ដល់​ប្រាក់កម្ចីចំនួន 50 លានដុល្លារអាម៉េរិក ដើម្បី​រួម​ចំណែក​ជួយ​កម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM)។ នេះ​បើ​តាម​ប្រកាស​កាល​ពី​ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2023 របស់ ADB។

    «កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍ ដែលកំណត់ដោយរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា» នាយិកា ADB ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Jyotsana Varma ថ្លែងដូច្នេះ។ លោក​ស្រី​បន្ត​ថា វានឹងបង្កើនសមត្ថភាពអនុវត្តន៍ការងាររបស់ក្រសួង និងពង្រឹងមុខងារសវនកម្មខាងក្រៅ។

    ADB ដែល​ជាដៃគូគាំទ្រកំណែទម្រង់ PFM (Public Financial Management) របស់កម្ពុជា តាំងពីឆ្នាំ 2008 បានជួយគាំទ្រ​ដល់​គម្រោង​វិនិយោគ​សាធារណៈរបស់កម្ពុជា ដើម្បីបង្កើនភាពធន់ទៅនឹងគ្រោះថ្នាក់ធម្មជាតិ ក៏ដូច​ជាធានានូវការបែងចែកថវិកាដែលទាក់​ទង​នឹង​ការកសាងភាពធន់នឹងផលប៉ះពាល់ដែល​កើត​ឡើង​ពី​បញ្ហា​ប្រែប្រួលអាកាសធាតុ​ផងដែរ​៕

  • អាជ្ញាធរ​ថៃ​ ចាប់​ខ្លួន​អ្នក​សុំ​ទាន​​ច្រើន​នាក់​នៅ​សណ្ឋាគារ​ ដែល​រក​ចំណូលបាន​​រាប់​​លាន​រៀល/ថ្ងៃ

    អាជ្ញាធរ​ថៃ​ ចាប់​ខ្លួន​អ្នក​សុំ​ទាន​​ច្រើន​នាក់​នៅ​សណ្ឋាគារ​ ដែល​រក​ចំណូលបាន​​រាប់​​លាន​រៀល/ថ្ងៃ

    ប៉ូលិស​ថៃ​ បាន​ប្រកាស​ឱ្យ​ត្រួត​ពិនិត្យ​ម៉ត់ចត់​ចំពោះ​ទេសចរ​ចិន​ទាំង​ឡាយ​ណា​ដែល​មាន​មុខ​មាត់​ខុស​ប្រក្រតី​ និង​រាង​កាយមាន​សភាព​​ប្រែ​ប្រួល​ ដោយ​សង្ស័យ​ថា ពួក​គេ​មក​ដើម្បី​ប្រកប​របរ​សុំ​ទាន​។

    យោង​តាម​ទំព័រ Bangkok Post កាលពី​ថ្ងៃទី 22 វិច្ឆិកា 2023 អាជ្ញាធរ​​ថៃ​ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃទី 10 ដល់ 20 វិច្ឆិកា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​អ្នក​សុំ​ទាន​ចំនួន 6 នាក់​ ដែល​ជា​ពលរដ្ឋ​ចិន​។ អ្នក​សុំ​ទាន​ទាំង​នេះសុទ្ធ​តែ​មាន​មុខ​មាត់​ខុស​ធម្មតា​។

    ក្រោយ​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ បី​នាក់​ក្នុង​ចំណោម​នេះ​ត្រូវ​បាន​ពិន័យ​ពី 100 ដល់ 500 បាត​។ ក្រៅ​ពី​នេះ អាជ្ញាធរ​ថៃ​ ក៏​បាន​ដាក់​ពលរដ្ឋ​ចិន​ 6 នាក់​នេះ​ចូល​ក្នុង​បញ្ជី​ខ្មៅ​ ដោយ​ហាម​មិន​ឱ្យ​ចូល​ទឹក​ដី​ថៃ​ក្នុង​រយៈ​ពេល 10 ឆ្នាំ​។

    ប៉ូលិស​និយាយ​ថា អ្នកសុំ​ទាន​ខ្លះ​ជួល​អ្នក​បក​ប្រែថៃ​រួម​គ្នា​។ ពីរ​នាក់​ក្នុង​ចំណោម​អ្នកសុំ​ទាន​ចិន​ 6 នាក់​ ស្នាក់​នៅជា​មួយ​គ្នា​​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ក្នុង​ខណ្ឌ​ Wang Thonglang នៅ​ទីក្រុង​​បាងកក​ ខណៈ​ 4 នាក់​ផ្សេង​ទៀត​ ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្សេង​ៗ​ក្នុង​រាជធានី​។

    ប៉ូលិស​ថៃ​ សង្ស័យ​ថា អ្នក​សុំទាន​ជនជាតិ​ចិន​ទាំង​ 6 នាក់​នេះ​ គឺជា​សមាជិក​របស់​ក្រុម​មួយ​ដែល​គ្រប់​គ្រង​ដោយ​ជន​ជាតិ​ថៃ​។ ពួក​គេ​សុំ​ទាន​នៅ​ទីប្រជុំ​ជន​ និង​តំបន់​ទេសចរណ៍​។ ពួកគេ​ម្នាក់​ៗ​រកបាន​ប្រាក់​ប្រហែល 10,000 បាត​ (ប្រមាណ​ជាង 1,000,000 រៀល​)​ ក្នុង​មួយ​ថ្ងៃ​។

    យោង​តាម​ក្រសួង​អភិវឌ្ឍ​សង្គម​ និង​សន្តិសុខ​មនុស្ស​ជាតិ​ថៃ បច្ចុប្បន្ន​ប្រទេស​នេះ​មាន​អ្នក​សុំ​ទាន​ជាង 7,000 នាក់​ ក្នុង​នោះ​មាន​ជិត​ 4,700 នាក់​ជា​ជនជាតិ​ថៃ និង​ជិត 2,500 នាក់​ជា​ជន​បរទេស​ ក្នុង​នោះ​ភាគ​ច្រើន​ជា​ពលរដ្ឋ​កម្ពុជា និង​មីយ៉ាន់ម៉ា​។ ពួក​គេ​គឺជា​សមាជិក​របស់​បណ្ដា​ក្រុម​ដែល​មាន​អង្គការ​ចាត់​តាំង​៕