អាជ្ញាធរ​ថៃ​ ចាប់​ខ្លួន​អ្នក​សុំ​ទាន​​ច្រើន​នាក់​នៅ​សណ្ឋាគារ​ ដែល​រក​ចំណូលបាន​​រាប់​​លាន​រៀល/ថ្ងៃ

អាជ្ញាធរថៃ ចាប់ខ្លួនអ្នកសុំទានចិន

ប៉ូលិស​ថៃ​ បាន​ប្រកាស​ឱ្យ​ត្រួត​ពិនិត្យ​ម៉ត់ចត់​ចំពោះ​ទេសចរ​ចិន​ទាំង​ឡាយ​ណា​ដែល​មាន​មុខ​មាត់​ខុស​ប្រក្រតី​ និង​រាង​កាយមាន​សភាព​​ប្រែ​ប្រួល​ ដោយ​សង្ស័យ​ថា ពួក​គេ​មក​ដើម្បី​ប្រកប​របរ​សុំ​ទាន​។

យោង​តាម​ទំព័រ Bangkok Post កាលពី​ថ្ងៃទី 22 វិច្ឆិកា 2023 អាជ្ញាធរ​​ថៃ​ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃទី 10 ដល់ 20 វិច្ឆិកា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​អ្នក​សុំ​ទាន​ចំនួន 6 នាក់​ ដែល​ជា​ពលរដ្ឋ​ចិន​។ អ្នក​សុំ​ទាន​ទាំង​នេះសុទ្ធ​តែ​មាន​មុខ​មាត់​ខុស​ធម្មតា​។

ក្រោយ​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ បី​នាក់​ក្នុង​ចំណោម​នេះ​ត្រូវ​បាន​ពិន័យ​ពី 100 ដល់ 500 បាត​។ ក្រៅ​ពី​នេះ អាជ្ញាធរ​ថៃ​ ក៏​បាន​ដាក់​ពលរដ្ឋ​ចិន​ 6 នាក់​នេះ​ចូល​ក្នុង​បញ្ជី​ខ្មៅ​ ដោយ​ហាម​មិន​ឱ្យ​ចូល​ទឹក​ដី​ថៃ​ក្នុង​រយៈ​ពេល 10 ឆ្នាំ​។

ប៉ូលិស​និយាយ​ថា អ្នកសុំ​ទាន​ខ្លះ​ជួល​អ្នក​បក​ប្រែថៃ​រួម​គ្នា​។ ពីរ​នាក់​ក្នុង​ចំណោម​អ្នកសុំ​ទាន​ចិន​ 6 នាក់​ ស្នាក់​នៅជា​មួយ​គ្នា​​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ក្នុង​ខណ្ឌ​ Wang Thonglang នៅ​ទីក្រុង​​បាងកក​ ខណៈ​ 4 នាក់​ផ្សេង​ទៀត​ ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្សេង​ៗ​ក្នុង​រាជធានី​។

ប៉ូលិស​ថៃ​ សង្ស័យ​ថា អ្នក​សុំទាន​ជនជាតិ​ចិន​ទាំង​ 6 នាក់​នេះ​ គឺជា​សមាជិក​របស់​ក្រុម​មួយ​ដែល​គ្រប់​គ្រង​ដោយ​ជន​ជាតិ​ថៃ​។ ពួក​គេ​សុំ​ទាន​នៅ​ទីប្រជុំ​ជន​ និង​តំបន់​ទេសចរណ៍​។ ពួកគេ​ម្នាក់​ៗ​រកបាន​ប្រាក់​ប្រហែល 10,000 បាត​ (ប្រមាណ​ជាង 1,000,000 រៀល​)​ ក្នុង​មួយ​ថ្ងៃ​។

យោង​តាម​ក្រសួង​អភិវឌ្ឍ​សង្គម​ និង​សន្តិសុខ​មនុស្ស​ជាតិ​ថៃ បច្ចុប្បន្ន​ប្រទេស​នេះ​មាន​អ្នក​សុំ​ទាន​ជាង 7,000 នាក់​ ក្នុង​នោះ​មាន​ជិត​ 4,700 នាក់​ជា​ជនជាតិ​ថៃ និង​ជិត 2,500 នាក់​ជា​ជន​បរទេស​ ក្នុង​នោះ​ភាគ​ច្រើន​ជា​ពលរដ្ឋ​កម្ពុជា និង​មីយ៉ាន់ម៉ា​។ ពួក​គេ​គឺជា​សមាជិក​របស់​បណ្ដា​ក្រុម​ដែល​មាន​អង្គការ​ចាត់​តាំង​៕

Advertisement