Tag: បង្ហាញ

  • ចិន​បង្កើត​ម៉ាស៊ីន​រថភ្លើង​ដំណើរការ​ដោយ​អ៊ីដ្រូសែន «ខ្លាំង​បំផុត​លើ​ពិភពលោក»

    ចិន​បង្កើត​ម៉ាស៊ីន​រថភ្លើង​ដំណើរការ​ដោយ​អ៊ីដ្រូសែន «ខ្លាំង​បំផុត​លើ​ពិភពលោក»

    ក្បាលម៉ាស៊ីន​អ៊ីដ្រូសែន​ដំបូង​របស់​ប្រទេស​ចិន Ningdong ដែល​កែច្នៃ​ពី​ម៉ាស៊ីន​ចំហេះ​ក្នុង បាន​ចាក​ចេញពី​រោងចក្រ Datong ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ CRRC កាលពី​ថ្ងៃទី 15 មិថុនា 2023។

    សារព័ត៌មាន SCMP បាន​រាយការណ៍​ថា Ningdong ត្រូវបាន​បង្ហាញថា​ជា​ក្បាលម៉ាស៊ីន​ដែល​ដំណើរការ​ដោយ​អ៊ីដ្រូសែន​កម្លាំង​ខ្លាំង​បំផុត​លើ​ពិភពលោក ដែលមាន​សក្ដានុពល​ធំធេង​ក្នុង​ការជំនួស​ម៉ាស៊ីន​​រថភ្លើង​ទាំងអស់​ដែល​ដំណើរការ​ដោយ​ប្រេងសាំង​នៅ​ប្រទេស​ចិន​។ វា​អាច​ផ្ទុក​អ៊ីដ្រូសែន​ចំនួន 270 គីឡូក្រាម និង​បើកបរ​បន្តបន្ទាប់​រយៈ​ពេល 190 ម៉ោង។

    «អ៊ីដ្រូសែន​គឺជា​ថាមពល​ស្អាត អាច​កកើត​ឡើងវិញ។ ការចំណាយ​លើ​ការប្រើប្រាស់​ក្បាលម៉ាស៊ីន​រថភ្លើង​ដំណើរការ​ដោយ​អ៊ីដ្រូសែន គឺ​ប្រហាក់ប្រហែល​នឹង ½ នៃ​ការចំណាយ​លើ​ម៉ាស៊ីន​ចំហេះ​ក្នុង» Liang Zhenzhong អគ្គនាយករង​របស់ CRRC Datong បញ្ជាក់​ដូច្នេះ។

    ម៉ាស៊ីន​អ៊ីដ្រូសែន​ដំណើរការ​នៅពេល​ឧស្ម័ន​អ៊ីដ្រូសែន​ប្រតិកម្ម​ជាមួយនឹង​អុកស៊ីសែន​នៅក្នុង​ថ្ម​ផ្ទុក​ថាមពល បង្កើតបានជា​អគ្គិសនី និង​ចំហាយ​ទឹក។ អនុផល​របស់​ប្រតិកម្ម​នេះ​មិន​ប៉ះពាល់​ដល់​បរិស្ថាន ដោយសារ​​បំ​ភាយ​តែ​កម្ដៅ និង​ទឹក។

    រថភ្លើង​អ៊ីដ្រូសែន​ដឹក​អ្នកដំណើរ​ដំបូង​គេ​លើ​ពិភពលោក​បានធ្វើ​សកម្មភាព​ពាណិជ្ជកម្ម​តាំងពី​ឆ្នាំ 2018 និង​ធ្វើដំណើរ​បាន​ជាង 220,000 គីឡូម៉ែត្រ នៅ 8 ប្រទេស​ក្នុង​ដំ​តន់​អឺរ៉ុប គិត​ត្រឹម​ខែមករា 2023។ នេះ​បើ​យោងតាម​ក្រុម​ផលិត​រថភ្លើង​បារាំង Alstom។

  • មហា​សេដ្ឋី​ចិន Jack Ma «នៅ​មាន​ជីវិត​ និង​មានសេចក្ដី​សុខ​ធម្មតា»

    មហា​សេដ្ឋី​ចិន Jack Ma «នៅ​មាន​ជីវិត​ និង​មានសេចក្ដី​សុខ​ធម្មតា»

    ប្រធាន​បច្ចុប្បន្ន​របស់​​ក្រុម​ហ៊ុន​ Alibaba បាន​បង្ហើប​ឱ្យ​ដឹង​ថា ស្ថាបនិក​ លោក Jack Ma មិន​មាន​បញ្ហា​អ្វី​ទេ និង​កំពុង​ចំណាយ​ពេល​វេលា​ច្រើនជាង​មុន​​នៅ​ប្រទេស​ចិន​។

    «ជា​ដំបូង លោក Jack នៅ​មាន​ជីវិត​។ គាត់​គ្មាន​បញ្ហា​អ្វី​ទេ​ និង​មាន​សេចក្ដី​សុខ​» ប្រធាន​ក្រុម​ហ៊ុន​ Alibaba លោក Michael Evans និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​ Viva Tech នៅ​ប៉ារីស កាល​ពី​ថ្ងៃទី 15 មីថុនា​ដូច្នេះ​។ លោក Evans ក៏​បាន​ឱ្យ​ដឹង​ថា លោក Jack Ma «កំពុង​បង្រៀន​នៅ​សាកល​វិទ្យាល័យ​មួយ​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន និង​ចំណាយ​ពេល​វេលា​នៅ​ប្រទេស​ចិន​ច្រើន​ជាង​មុន​»។

    ដំណឹង​ខាងលើ​ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​មាន​អ្នក​សួរ​អំពី​ស្ថានភាព​​​ស្ថាបនិក​របស់ Alibaba​។ យោង​តាម​ CNBC ប្រការ​នេះ​បង្ហាញ​ថា សុខ​ទុក្ខ​របស់​មហា​សេដ្ឋី​ចិន​ Jack Ma នៅ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ ក្រោយ​ពី​ក្រុម​ហ៊ុន​របស់​លោក​មាន​បញ្ហាខ្លះ​​ជាមួយ​ទីក្រុង​ប៉េកាំង​ ដោយ​សារ​ច្បាប់​រឹត​បន្តឹង​លើ​​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ នា​ពេល​កន្លង​។

    លោក Evans ថ្លែង​ថា លោក Jack Ma នៅ​តែ​ជា​ភាគហ៊ុនិក​ធំជាង​គេ​របស់​ក្រុម​ហ៊ុន Alibaba។ ការ​បង្ហាញ​វត្តមាន​របស់​លោក Jack Ma នេះ​ គឺចំ​ពេល​ដែល​ទីក្រុង​ប៉េកាំង​កំពុង​រក​វិធី​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ និង​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​ ក្រោយ​ពីបាន​​រឹត​បន្តឹង​វិស័យ​បច្ចេក​វិទ្យា​អស់ជា​ច្រើន​ឆ្នាំ​៕

  • លោក​ ពូទីន​៖ អាវុធ​ប្រល័យ​លោក​ត្រូវ​បាន​ពង្រាយ​នៅ​បេឡារូស

    លោក​ ពូទីន​៖ អាវុធ​ប្រល័យ​លោក​ត្រូវ​បាន​ពង្រាយ​នៅ​បេឡារូស

    ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន​ បាន​បញ្ជាក់​ថា អាវុធ​នុយក្លេអែរ​បាន​បង្ហាញ​ខ្លួន​នៅ​ប្រទេស​បេឡារូស​ និង​បាន​បង្ហើប​អំពី​ពេល​វេលា​សម្រេច​បាន​គម្រោង​ដាក់​ពង្រាយ​នេះ​។

    «ក្បាល​គ្រាប់​នុយក្លេអែរ​ដំបូងៗ​ត្រូវ​បាន​ដឹក​ចូល​ទៅ​ក្នុង​ទឹក​ដី​បេឡារូស​។ នេះ​ទើប​តែ​ជា​ដំណាក់​កាល​ដំបូង​របស់​ផែនការ​។ យើង​នឹង​សម្រេច​ជា​ស្ថាពរ​នៅ​មុន​រដូវ​ស្លឹក​ឈើ​ជ្រុះ​ ឬ​ចុង​ឆ្នាំ​នេះ​» ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ថ្លែង​ដូច្នេះ​នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​ St. Petersburg កាល​ពី​ថ្ងៃទី 16 មិថុនា​។

    នេះ​គឺជាលើក​ដំបូង​ហើយ​ដែល​លោក​ ពូទីន បញ្ជាក់​អំពី​រឿង​ខាងលើ​ដោយ​ផ្ទាល់​។ យោង​តាម​លោក ពូទីន ការ​ពង្រាយ​អាវុធ​ប្រល័យ​លោក​ទាំង​នេះនៅ​បេឡារូស​ គឺ​ដើម្បី​ធានា​សន្តិសុខ​ជាតិ និង​វត្តមាន​របស់​រដ្ឋ​រុស្ស៊ី។ ប៉ុន្តែ​លោក​ថា «ពិត​ណាស់ យើង​មិន​ចាំបាច់​ត្រូវ​ប្រើ​ប្រាស់យុទ្ធ​សាស្ត្រ​នេះ​ឡើយ»​។

    ផែនការ​ដាក់​ពង្រាយ​អាវុធ​ប្រល័យ​លោក​នៅបេឡារូស ត្រូវ​បាន​លោក ពូទីន ប្រកាស​តាំង​ពីខែ​មីនា 2023​ បន្ទាប់ពី​មាន​ការ​យល់​ព្រម​ពី​មេដឹក​នាំ​បេឡារូស​។ រុស្ស៊ី​អះអាង​ថា កិច្ច​ព្រមព្រៀង​រវាង​​រុស្ស៊ី និង​បេឡារូស គឺ​ជា​សកម្មភាព​សម​​ស្រប ព្រោះ​ថា សហរដ្ឋ​អាម៉េរិក បាន​ពង្រាយ​អាវុធ​ប្រល័យ​លោក​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​៕

  • កីឡាករ CR7 អះអាង​ពី​រឿង​ត្រលប់​ទៅកាន់​វាលស្មៅ​អឺរ៉ុប

    កីឡាករ CR7 អះអាង​ពី​រឿង​ត្រលប់​ទៅកាន់​វាលស្មៅ​អឺរ៉ុប

    បណ្ដាញ​ផ្សព្វផ្សាយ​អន្តរជាតិ​ផ្នែក​កីឡាបាល់ទាត់ ឱ្យដឹងថា Cristiano Ronaldo បានបញ្ជាក់​អំពី​អនាគត​ទាក់ទិន​នឹង​រឿង​ចាក​ចេញពី​ក្លឹប​នៅ​តំបន់​អារ៉ាប់ ទៅកាន់​តំបន់​អឺរ៉ុប។

    ក្នុង​សប្ដាហ៍​នេះ ទំព័រ El Nacional បាន​ផ្សាយ​ថា កីឡាករ​ខ្សែប្រយុទ្ធ​ជនជាតិ​ព័រទុយហ្កាល់ Cristiano Ronaldo នៅ​តែ​គោរព​ទាំងស្រុង​ចំពោះ​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​រវាង​ខ្លួន និង​ក្លឹប Al Nassr នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ក្រោយពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា CR7 អាច​នឹង​វិល​ទៅ​​ទាត់​ឱ្យ​ក្លឹប​​នៅ​អឺរ៉ុបឆាប់ៗនេះ។​​​

    ទំព័រសារព័ត៌មាន​ខា​ង​លើ​បន្ថែមថា Cristiano Ronaldo បាន​បញ្ជាក់ដែរថា នឹងមិន​បង្ហាញ​វត្តមាន​នៅលើ​វាលស្មៅ​អឺរ៉ុប​ឡើយ សម្រាប់​រដូវ​កាល​ទិញដូរ​កីឡាករ​នា​រដូវក្ដៅ​ឆ្នាំនេះ។

    បច្ចុប្បន្ន Cristiano Ronaldo ទទួលបាន​ប្រាក់ 3.3 លាន​ផោន​ក្នុង​មួយ​សប្ដាហ៍​ពី​ក្លឹប Al Nassr នៅ​​អា​រ៉ា​ប៊ី​សា​អូឌីត នៅក្នុង​កិច្ចព្រមព្រៀង​តម្លៃ 428 លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ពីរ​រដូវ​កាល។

  • រថយន្ត Concept Nyobolt EV បញ្ចូល​អគ្គិសនី​មួយ​ពេញ​ក្នុង​រយៈពេល 6 នាទី

    រថយន្ត Concept Nyobolt EV បញ្ចូល​អគ្គិសនី​មួយ​ពេញ​ក្នុង​រយៈពេល 6 នាទី

    ការចំណាយ​ពេល​យូរ​ក្នុងការ​បញ្ចូល​ថាមពល​ថ្ម​គឺជា​រឿង​ដែល​ត្រូវបាន​រិះគន់​បំផុត​របស់​រថយន្ត​អគ្គិសនី មិន​ថា​ជា​ប្រភេទ​ទំនើប ឬ​តម្លៃ​ថ្លៃ ហើយ​វា​មិនអាច​យកឈ្នះ​លើ​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង នាបច្ចុប្បន្ន។ ប៉ុន្តែ ពេលនេះ​មាន​ក្រុមហ៊ុន​មួយ​បានប្រកាស​ព័ត៌មាន​ដ៏​ប្រសើរ​សម្រាប់​រថយន្ត​អគ្គិសនី។

    ក្រុមហ៊ុន Nyobolt ដែលជា​អ្នក​អភិវឌ្ឍ​ថ្ម​ផ្ទុក​អគ្គិសនី មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ចក្រភព​អង់គ្លេស បានប្រកាសថា ពួកគេ​មាន​បច្ចេកវិទ្យា​ថ្មី អនុញ្ញាតឱ្យ​បញ្ចូល​ថាមពល​អគ្គិសនី​បាន​រហ័ស​បំផុត។ ក្រុមហ៊ុន​នេះ​កំពុង​ដាក់តាំង​បង្ហាញ​រថយន្ត​ប្រភេទ​កីឡា​គំរូ​មួយគ្រឿង​ដែល​ដំណើរការ​ដោយ​អគ្គិសនី បំពាក់​ថ្ម​ផ្ទុក​ថាមពល​ដែល​អាច​បញ្ចូល​អគ្គិសនី​មួយ​ពេញ​ក្នុង​រយៈពេល​មិន​ដល់ 6 នាទី។

    រថយន្ត​គំរូ​នេះ​មាន​ថ្ម 35 គីឡូ​វ៉ាត​ម៉ោង ដែល​អាចឱ្យ​រត់​បាន​ចម្ងាយ​ប្រហែល 250 គីឡូម៉ែត្រ ក្រោយពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ នៅពេល​ត្រូវបាន​ដំឡើង​ក្នុង​រថយន្ត coupe កីឡា ដែលមាន​ទម្ងន់​ប្រហែល​ជាង 1,500 គីឡូក្រាម។

    Nyobolt ប្រកាសថា ថ្ម​ផ្ទុក​ថាមពល​ថ្មី​របស់​ពួកគេ​ត្រូវបាន​ធ្វើតេស្ត​ដោយ​ការបញ្ចូល​ថាមពល​អគ្គិសនី​ជាង 2,000 លើក និង​ទទួលបាន​លទ្ធផល​ល្អ។

  • Messi រក​គ្រាប់​បាល់​បាន​លឿន​បំផុត​ក្នុង​អាជីព​ ពេល​ប៉ះ​អូស្ត្រាលី​នៅ​ប្រទេស​ចិន

    Messi រក​គ្រាប់​បាល់​បាន​លឿន​បំផុត​ក្នុង​អាជីព​ ពេល​ប៉ះ​អូស្ត្រាលី​នៅ​ប្រទេស​ចិន

    (ប្រទេស​ចិន) – កំពូល​តារាបាល់ទាត់ Lionel Mess បានបង្ហាញ​កំពូល​ថ្វី​ជើង​របស់ខ្លួន​នៅ​វិនាទី​ទី 79 ដែល​បាន​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ឈ្នះ​អូស្ត្រាលី 2-0 នៅក្នុង​ការប្រកួត​មិត្តភាព​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាលពី​ព្រលប់​ម្សិលមិញ។

    គ្រាប់​បាល់​ឈ្នះ​របស់ Messi កើតឡើង​បន្ទាប់ពី​ខ្សែបម្រើ Enzo Fernadez ដណ្ដើមបាន​បាល់​ពី​កីឡាករ​អូស្ត្រាលី រួច​បញ្ជូនទៅឱ្យ​ប្រធាន​ក្រុម។ Messi ទទួលបាន​បាល់​នៅត្រង់​ខ្សែ​កណ្ដាល អូស​បាល់​បញ្ច្រាសទិសរ​ត់រប​ស់​គូប្រជែង នាំឱ្យ​កីឡាករ​អូស្ត្រាលី​ម្នាក់​ដួល រួច​ទាត់​ប្លោង​សំដៅ​ជ្រុង​ម្ខាង ផុតពី​ដៃ​អ្នកចាំទី Matthew Ryan។ គ្រាប់​បាល់​នេះ​ពេញ​ដោយ​ស្ទីល​របស់ Messi ព្រោះ​កីឡាករ​នេះ​ធ្លាប់​រកបាន​គ្រាប់​បាល់​រាប់សិប​​គ្រាប់​តាមរយៈ​វិធី​ទាត់​បែបនេះ​នៅក្នុង​អាជីព។

    នេះ​គឺជា​គ្រាប់​បាល់​ដែល​រកបាន​ឆាប់​បំផុត​ក្នុង​អាជីព​របស់ Messi ដោយសារ​កើតឡើង​នៅក្នុង​នាទី​ទី​ពីរ។ ក្នុង 90 នាទី​នៃ​ការប្រកួត​មិត្តភាព​រវាង​អា​ហ្ស​ង់​ទីន និង​អូស្ត្រាលី នៅ​ប្រទេស​ចិន Messi គ្រាន់តែ​មិន​អាច​រកបាន​គ្រាប់​បាល់​នៅ​នាទី​ដំបូង​ប៉ុណ្ណោះ។ នៅក្នុង 807 គ្រាប់​ដែល Messi រកបាន​ក្នុង​អាជីព មាន 45 គ្រាប់​រកបាន​ក្នុងពេល​ថែម​ម៉ោង​តង់​ទី​ពីរ និង 22 គ្រាប់​ក្នុងពេល​ថែម​ម៉ោង​តង់​ទីមួយ។ ក្រៅពីនេះ ពេលវេលា​ដែល M10 រកបាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង 90 នាទី គឺ​នៅ​នាទី​ទី 43 និង 55។

    នៅពេល Messi ស៊ុត​ចូល​ទី ទស្សនិកជន​នៅឯ​កីឡដ្ឋាន​ពលករ​ក្នុង​ទីក្រុង​ប៉េកាំង នាំគ្នា​ស្រែ​កហ៊ោ​ដូច​ទៅនឹង​ក្រុម​ជម្រើស​ជាតិចិន​ទើបតែ​បាន​ទាត់​ចូល​ទី។ ថ្វីបើ​ទាត់​នៅ​ប្រទេស​ចិន ប៉ុន្តែ​ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន និង​អូស្ត្រាលី ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​ជិត 70,000 នាក់​នៅឯ​កីឡដ្ឋាន។ ទស្សនិកជន​ភាគច្រើន​ពាក់អាវ M10 របស់ Messi ដើម្បី​លើកទឹកចិត្ត​ក្រុម​អា​ហ្ស​ង់​ទីន។

    ដោយសារតែ​កម្លាំង និង​បច្ចេកទេស​ខ្លាំងក្លា អា​ហ្ស​ង់​ទីន​ក៏​រកបាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី 68 ហើយ​នេះ​ក៏​ជា​គ្រាប់​បាល់​ដែល​កំណត់​​ឱ្យ​អា​ហ្ស​ង់​ទីន​ឈ្នះ​អូស្ត្រាលី 2-0។ គ្រាប់​បាល់​នេះ​ក៏មាន​ការរួមចំណែក​ពី Messi នៅពេល​គាត់​បញ្ជូន​បាល់​ឱ្យ Rodrigo de Paul ដើម្បីឱ្យ​ខ្សែបម្រើ​នេះ​ប្លោង​បាល់​បន្ត ជួយ​ឱ្យ German Pezzella តែ​ត​បញ្ចូល​ទី​បានសម្រេច។

    បន្ទាប់ពី​ការប្រកួត​នេះ អា​ហ្ស​ង់​ទីន​នឹង​ហោះ​ទៅកាន់​ហ្សា​ការ​តា ដើម្បី​ប្រកួត​មិត្ត​ភាពជា​មួយក្រុម​ឥណ្ឌូណេស៊ី ប៉ុន្តែ Messi ទំនងជា​នឹង​អវត្តមាន។ ព្រោះថា គាត់​បាន​យល់ព្រម​លេង​បាល់​ក្នុងការ​ប្រកួត​ផ្ដល់​កិត្តិយស និង​សម្ដែង​ការដឹក​គុណ​ដល់​អតីត​ខ្សែបម្រើ Juan Roman Riquelme នៅ​ថ្ងៃទី 26 មិថុនា នៅ​អា​ហ្ស​ង់​ទីន៕

  • វីដេអូ​បង្ហាញ​ពី​ទិដ្ឋភាព Messi និយាយ​ភាសា​ចិន មុន​ការ​ប្រកួត​ជាមួយ​អូស្ត្រាលី

    វីដេអូ​បង្ហាញ​ពី​ទិដ្ឋភាព Messi និយាយ​ភាសា​ចិន មុន​ការ​ប្រកួត​ជាមួយ​អូស្ត្រាលី

    Lionel Messi បាន​ចូលរួម​កិច្ច​សម្ភាស​មួយ​នៅ​ទីក្រុង​ប៉េកាំង ហើយ​ពិធីករ​ក៏បាន​បង្រៀន​គាត់​​ឱ្យ​ចេះ​ហៅ​ឈ្មោះ​ខ្លួនឯង​ជា​ភាសា​ចិន។

    ថ្ងៃទី 14 មិថុនា នៅមុន​ការប្រកួត​មិត្តភាព​ជាមួយនឹង​អូស្ត្រាលី​នៅឯ​កីឡដ្ឋាន​បាល់ទាត់​ពលករ​ប៉េកាំង Messi បាន​ចូលរួម​កិច្ច​សម្ភាស​មួយ​​​របស់​​ទីភ្នាក់ងារសារព័ត៌មាន​ធំជាងគេ​របស់​ប្រទេស​ចិន ហើយ​ពិធីករ​ក៏បាន​បង្រៀន​គាត់​ក្នុង​ការ​​ហៅ​ឈ្មោះ​ខ្លួនឯង​ជា​ភាសា​ចិន។

    នៅក្នុង​ភាពច្របូកច្របល់ និង​រំភើប ចុងក្រោយ Messi ក៏​អាច​សើច និង​និយាយ​ឈ្មោះ​ខ្លួនឯង​ជា​ភាសា​ចិន​ឡើងវិញ​យ៉ាងរ​ដិ​បរ​ដុប ធ្វើឱ្យ​អ្នក​ដែលមាន​វត្តមាន​នៅក្នុង​បន្ទប់​ថត​នោះ​ ផ្ទុះសំណើច​គ្រប់​គ្នា។ វីដេអូ​នេះ​ក៏ត្រូវ​បាន​គេ​ចែករំលែក​ត​គ្នា​ពេញ​បណ្ដាញ​សង្គម​ បន្ទាប់ពី​ត្រូវបាន​បង្ហោះ​។

    https://www.youtube.com/watch?v=lYHf5Miyv8Q

    អំពី​ការប្រកួត​បាល់ទាត់​វិញ អា​ហ្ស​ង់​ទីន និង​អូស្ត្រាលី នឹង​ប៉ះគ្នា​នៅវេលា​ម៉ោង 19 ថ្ងៃទី 15 មិថុនា (ម៉ោង​នៅ​កម្ពុជា)។ នៅក្នុង​ការប្រកួត​នេះ Messi ទំនងជា​នឹង​ចូល​ទាត់​តាំងពី​ដំបូង និង​ត្រូវបាន​រំពឹងថា នឹង​បង្ហាញ​ថ្វី​ជើង​ប្រកបដោយ​ភាព​អស្ចារ្យ​កម្រិត​កំពូល​ជូន​ទស្សនិកជន។

  • តម្លៃ​រថយន្ត​អគ្គិសនី​ថយចុះ​ជាង 10% ធៀប​នឹង​ឆ្នាំ​កន្លង

    តម្លៃ​រថយន្ត​អគ្គិសនី​ថយចុះ​ជាង 10% ធៀប​នឹង​ឆ្នាំ​កន្លង

    យោងតាម​ទិន្នន័យ​ស្ដីពី​តម្លៃ និង​ចំនួន​រថយន្ត​ដែល​បាន​លក់​ចេញ​ថ្មី​បំផុត ដែល​ស្រាវជ្រាវ​ដោយ Kelley Blue Book ជា​មធ្យម រថយន្ត​អគ្គិសនី​បាន​ធ្លាក់​ថ្លៃ 14% នៅក្នុង​ខែឧសភា​ឆ្នាំ 2023 បើ​ធៀប​នឹង​ដំណាក់​ដូចគ្នា​ក្នុង​ឆ្នាំ 2022។

    ការ​គណនា​របស់ Kelley Blue Book បង្ហាញថា តម្លៃ​ជា​មធ្យម​របស់​រថយន្ត​អគ្គិសនី​ថ្មី​មួយគ្រឿង​នៅក្នុង​ខែឧសភា 2023 គឺ 55,488 ដុល្លារ ខ្ពស់ជាង​ប្រហែល 158 ធៀប​នឹង​ខែមេសា 2023 ប៉ុន្តែ​ទាប​ជាង 9,370 ដុល្លារ បើ​ធៀប​នឹង​ខែឧសភា 2022។ តម្លៃ​រថយន្ត​អគ្គិសនី​ថ្មី​បាន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​នៅក្នុង​ខែមិថុនា 2022 ប៉ុន្តែ បច្ចុប្បន្ន តម្លៃ​នោះបាន​បាត់​បង់​​ប្រហែល 5,800 ដុល្លារ។

    Michelle Krebs អ្នកវិភាគ​ទីផ្សារ​របស់​ក្រុមហ៊ុន Cox Automotive ឱ្យដឹងថា ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​ក្នុង​ខែឧសភា 2023 កើន​ប្រហែល 4.7% ធៀប​នឹង​ខែមេសា 2023 និង​កើន 44% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ 2022។

    ការធ្លាក់​ថ្លៃ​របស់​រថយន្ត​អគ្គិសនី​អាច​បណ្ដាលមកពី​កត្តា​ជាច្រើន ក្នុងនោះ​មាន​ជាអាទិ៍ អត្រាពន្ធអាករ​ថយចុះ អ្នកទិញ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ក្នុងការ​ទទួលបាន​ប្រាក់ឧបត្ថម្ភ និង​ប្រាក់កម្ចី​អត្រា​ការ​ប្រាក់​ទាប​ រាប់ពាន់​ដុល្លារ​ពី​រដ្ឋ​ជាដើម។ ក្រៅពីនេះ ការបញ្ចុះ​តម្លៃ​រថយន្ត​របស់ Tesla ក៏បាន​​ធ្វើឱ្យ​ក្រុមហ៊ុន​ដទៃ​ត្រូវ​កាត់បន្ថយ​ប្រាក់ចំណេញ​ដើម្បី​អាច​លក់​រថយន្ត​អគ្គិសនី​ក្នុងតម្លៃ​ដែល​អាច​ប្រកួតប្រជែង​បាន៕

  • Gmail ​របស់​ Google បំពាក់​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​​ជួយ​សរសេរ​សំបុត្រ​ដោយ​ស្វ័យប្រវត្ត

    Gmail ​របស់​ Google បំពាក់​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​​ជួយ​សរសេរ​សំបុត្រ​ដោយ​ស្វ័យប្រវត្ត

    អ្នកប្រើប្រាស់​គ្រាន់តែ​អាន​ខ្លឹមសារ​ចម្បង​ដែល​ត្រូវ​ផ្ញើ មុខងារ AI (បញ្ញា​សិប្បនិម្មិត) នៅលើ Gmail នឹង​ជួយ​សរសេរ​ជា​សំបុត្រ​ពេញលេញ។

    ឧបករណ៍ Help me write ដែលមាន​ជំនួយ​ពី AI របស់ Google ត្រូវ​បាន​ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង​​ចាប់ពី​សប្ដាហ៍​នេះ នៅក្នុង​កម្មវិធី​ Gmail ទាំង​នៅលើ Android ទាំង​នៅលើ iOS។ មុខងារ​ថ្មី​នេះ​អាចជួយ​អ្នកប្រើប្រាស់​តាម​ពីរ​វិធី​សំខាន់​ រួមមាន កែសម្រួល​អ៊ី​មេ​ល​ដែល​កំពុង​សរសេរ ឬ​សរសេរ​ថ្មី​ទាំងស្រុង ដោយ​យោងទៅតាម​សំណើ​របស់​ម្ចាស់។

    ដើម្បី​ប្រើប្រាស់​មុខងារ Help me write អ្នកប្រើប្រាស់​ត្រូវតែ​ចុះឈ្មោះ​កម្មវិធី​សាកល្បង​នៅលើ Workspace Labs របស់ Google។

    កម្មវិធី​សរសេរ​អ៊ី​មេ​ល​ដោយ​ស្វ័យប្រវត្ត​គឺជា​ផ្នែក​មួយ​នៅក្នុង​ចំណោម​ផលិតផល AI លើ Google Workspace ដែល​ត្រូវ​បានបង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ I/O 2023 កាលពី​ខែឧសភា 2023។ ក្រៅពី​ការសរសេរ​សារ​អេ​ឡិច​ត្រូ​និ​ច Help me write ក៏​អាចបង្កើត​ខ្លឹមសារ​ក្នុង Google Docs ឬ​បង្កើត​តារាង​គណនា​រហ័ស​លើ Google Sheets។ល។

  • ភាព​យន្ត​រឿង «Transformers 7» ពោរពេញ​ដោយ​បច្ចេក​ទេស​កុំព្យូទ័រ

    ភាព​យន្ត​រឿង «Transformers 7» ពោរពេញ​ដោយ​បច្ចេក​ទេស​កុំព្យូទ័រ

    ដោយ​ប្រើ​ប្រាស់ខ្ទង់វិនិយោគ​ 200 លាន​ដុល្លារ​អាម៉េរិក ភាព​យន្ត​​ Transformers វគ្គ​ 7 មិន​ទាន់​ជា​គម្រោង​ដែល​ត្រូវ​ចំណាយ​ច្រើន​បំផុត​របស់​យីហោ​ Transformers នៅ​ឡើយ​ ប៉ុន្តែ វា​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ដោយ​សារ​តែ​ផ្នែក​រូប​ភាព​ត្រូវ​បាន​វិនិយោគ​ច្រើន​។

    ធៀប​នឹង​វគ្គ​មុនៗ Transformers 7 (Transformers: Rise of the Beasts) មាន​ប្រព័ន្ធ​តួអង្ក​សម្បូរ​បែប​។ Transformers 7 បង្ហាញ​តួអង្គ​ថ្មី​ជា​ច្រើន​ ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ទស្សនិក​ជន​ដែល​ស្មោះ​ស្ម័គ្រ។ ក្នុង​នោះ លេចធ្លោ​ជាង​គេ​គឺ​​ក្រុម Maximals ​ជា​សម្ព័ន្ធ​មិត្ត​ថ្មី​របស់​ក្រុម Autobots ដែល​មាន​ក្រុម​រ៉ូបូត​អាច​ប្រែ​កាយ​ជា​សត្វ​សាហាវ​។

    ផលិតករ​បញ្ចេញ​តួអង្គ​ថ្មី​ជា​បន្ត​បន្ទាប់​ ចាប់​ពី​ស្វា Optimus Primal, សត្វ​ឥន្ទ្រី Airazor, ខ្លា Cheetor និង​រមាស​ Rhinox។ តួអង្គនីមួយ​ៗ​សុទ្ធ​តែ​បង្ហាញ​ខ្លួន​ក្នុង​រូប​រាង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​តាំង​ពីដំបូង​។

    បច្ចេកទេសកុំព្យូទ័រ​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​បង្កើត​តួអង្គរ៉ូបូត​​ខ្នាត​យក្ស​។ គ្រប់​តួអង្គ​រ៉ូបូត​សុទ្ធ​តែ​មាន​ភាព​រស់​រវើក​ដូច​ពិត​ៗ អម​នឹង​ទិដ្ឋភាព​ប្រែកាយ​ដ៏​អស្ចារ្យ​។

    អ្នក​ដឹក​នាំ​រឿង Steven Caple Jr. ក៏​ដឹក​នាំ​បាន​ល្អ​នៅ​ក្នុង​ទិដ្ឋភាព​សកម្ម​នានា​ នាំ​មក​នូវ​សកម្មភាព​ដេញ​តាម និង​ប្រយុទ្ធ​គ្នា​​ដ៏​គួរ​ឱ្យ​ជក់​ចិត្ត។ កាន់តែ​ជិត​ដល់​ទី​បញ្ចប់ ទិដ្ឋភាព​ផ្ទុះ​ឆេះ​ វាយ​ប្រហារ​ក៏​កាន់​តែ​មាន​ទ្រង់​ទ្រាយ​ធំឡើងៗ​។

     

    យោង​តាម​ទិន្នន័យ​ពី Comscore ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃទី 11 មិថុនា “Transformers: Rise of the Beasts” រក​ប្រាក់ចំណូល​​បាន​ 170.5 លាន​ដុល្លារ​ក្នុងបី​ថ្ងៃ​នៅ​ចុង​សប្ដាហ៍​ដំបូង​ ហើយ​គ្រោង​នឹង​រក​បាន​ច្រើន​ជាង​នេះ​នា​ពេល​ខាងមុខ​៕