Tag: ទីក្រុង

  • ទីក្រុង​ដែល​ដំឡើង​ប្រព័ន្ធ​បាញ់​ចំហាយ​ទឹក​ក្រៅ​អគារ​ដើម្បី​បញ្ចុះ​កម្ដៅ

    ទីក្រុង​ដែល​ដំឡើង​ប្រព័ន្ធ​បាញ់​ចំហាយ​ទឹក​ក្រៅ​អគារ​ដើម្បី​បញ្ចុះ​កម្ដៅ

    (អា​រ៉ា​ប៊ី​សា​អូឌីត) – ទីក្រុង Mecca ដំឡើង​បង្គោល និង​កង្ហារ​បាញ់​សន្សើម​សិប្បនិម្មិត​នៅលើ​ទី​ខ្ពស់ ខាងក្រៅ​អគារ ដើម្បី​បង្កើន​សំណើម និង​កាត់​បន្ថយកម្ដៅ​ក្នុង​បរិយាកាស​សម្រាប់​ក្រុម​អ្នកធ្វើ​ធម្ម​យាត្រា។

    ដោយសារតែ​អាកាសធាតុ​ក្ដៅ​ខ្លាំង ឆ្នាំនេះ ទីក្រុង Mecca របស់​អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត បាន​ប្រើប្រាស់​មធ្យោបាយ​ថ្មី​ដើម្បី​ទប់ទល់។ អាជ្ញាធរ​ដំឡើង​បង្គោល និង​កង្ហារ​បាញ់​សន្សើម​សិប្បនិម្មិត​នៅលើទី​ខ្ពស់ ខាងក្រៅ​អគារ ដើម្បី​កាត់បន្ថយ​កម្ដៅ​សម្រាប់​ក្រុម​អ្នកធ្វើ​ធម្ម​យាត្រា។

    ប្រព័ន្ធ​បាញ់​ទឹក​សន្សើម​នេះ​ត្រូវបាន​ដំឡើង​នៅតាម​បណ្ដោយ​ផ្លូវ​នានា​ដែល​នៅក្នុង​តំបន់​នៃ​វិហារ​អ៊ីស្លាម​ធំ ដើម្បី​ជួយ​ទល់​ស្កាត់​ផលប៉ះពាល់​ដោយសារ​កម្ដៅ។ កាលពី​ថ្ងៃទី 27 មិថុនា 2023 សីតុណ្ហភាព​របស់​ទីក្រុង​ខាងលើនេះ​បាន​ឡើងដល់ 48 អង្សា​សេ។

    អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត គ្រោង​នឹង​ទទួល​អ្នកធ្វើដំណើរ​ធម្ម​យាត្រា​ប្រហែល 2.6 លាន​នាក់​នៅក្នុង​រដូវ​បុណ្យ​ឆ្នាំនេះ។ នេះ​គឺជា​រដូវ​ធម្ម​យាត្រា​ដំបូង​រាប់​ចាប់​តាំង​ពី​ឆ្នាំ 2019 ដែល​ពុំមាន​ការហាម​ប្រាម​ដោយសារ​កូ​វីដ។

  • សហរដ្ឋ​អាម៉េរិក​អនុម័ត​លក់ប្រព័ន្ធ​មីស៊ីល Patriot តម្លៃ 15 ពាន់​លាន​ដុល្លារ​​ឱ្យ​​ប៉ូឡូញ

    សហរដ្ឋ​អាម៉េរិក​អនុម័ត​លក់ប្រព័ន្ធ​មីស៊ីល Patriot តម្លៃ 15 ពាន់​លាន​ដុល្លារ​​ឱ្យ​​ប៉ូឡូញ

    សហរដ្ឋ​អាម៉េរិក បានប្រកាសថា ប្រទេស​ប៉ូឡូញ​នឹង​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល Patriot រួម​នឹង​ឧបករណ៍​ដែល​ទាក់ទង ទៅតាម​កិច្ចសន្យា​មួយ​ដែលមាន​តម្លៃ​ប្រហែល 15 ពាន់​លាន​ដុល្លារ​អាម៉េរិក។

    ការ​ទិញដូរ​អាវុធ​នេះ​នឹង​ជួយ​ឱ្យ​ប៉ូឡូញ​បង្កើន​សមត្ថភាព​ការពារ​មី​ស៊ី​ល រួមចំណែក​ជំរុញ​ឱ្យ​ប្រទេស​នេះ​សម្រេចបាន​គោលដៅ​លើកកម្ពស់​សមត្ថភាព​ក​ង​ទ័ព។ នេះ​បើតាម​ស្ថាប័ន​សហប្រតិបត្តិការ​ណ៍ស​ន្តិ​សុខ​ជាតិ (DSCA) នៃ​ក្រសួងការពារជាតិ​អាម៉េរិក ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី 28 មិថុនា 2023។

    ការលក់​អាវុធ​តម្លៃ 15 ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​ក្រសួងការបរទេស​អាម៉េរិក​យល់ព្រម​រួចហើយ​នេះ ​នឹង​រួមមាន ប្រព័ន្ធ​មី​ស៊ី​ល Patriot PAC-3 ចំនួន 48 គ្រឿង, មី​ស៊ី​ល​វាយ​ស្កាត់ Patriot PAC-3 MSE ចំនួន 644 គ្រឿង អម​នឹង​រ៉ា​ដា និង​ឧបករណ៍​គ្រប់គ្រង​ក្នុង​ប្រព័ន្ធ។ ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ​ក្នុង​ការលក់​អាវុធ​នេះ​គឺ Raytheon និង Lockheed Martin។

    ប្រកាស​ខាងលើ​របស់​ក្រុមមន្ត្រី​អាម៉េរិក មិនបាន​លើកឡើងថា ពួកគេ​បាន​ចុះ​កិច្ចព្រមព្រៀង​រួចហើយ ឬ​ការចរចា​បានបញ្ចប់​ហើយ ឬ​នៅ។

    ក្រុម​ប្រទេស​ជា​សមាជិក​ណា​តូ នៅ​អឺរ៉ុប​ខាងកើត កំពុងតែ​ប្រញាប់​បង្កើន​សមត្ថភាព​ការពារជាតិ បន្ទាប់ពី​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​តាំងពី​ខែកុម្ភៈ 2022។

    កាលពី​ខែមករា ឆ្នាំ 2023 ប៉ូឡូញ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​រថក្រោះ M1A1 Abrams ចំនួន​ជាង 110 គ្រឿង​ពី​សហរដ្ឋ​អាម៉េរិក រួម​នឹង​ឧបករណ៍​យោធា​ជាច្រើន​ទៀត​ដែលមាន​តម្លៃ​សរុប 1.4 ពាន់​លាន​ដុល្លារ។ កាលពី​ឆ្នាំ 2022 ទីក្រុង​វ៉ា​សូវី​បាន​បញ្ជា​ទិញ​រថក្រោះ M1A2 Abrams ចំនួន 250 គ្រឿង ដែល​គ្រោង​នឹង​ទទួលបាន​ចាប់ពី​ឆ្នាំ 2025 ដល់ 2026៕

  • ប៉ូលិស​ជាង 10 នាក់​ត្រូវបាន​ចាប់ជំរិត​​ដោយ​ក្រុម​ជន​ពាល​​នៅ​ម៉ិ​ក​ស៊ី​ក

    ប៉ូលិស​ជាង 10 នាក់​ត្រូវបាន​ចាប់ជំរិត​​ដោយ​ក្រុម​ជន​ពាល​​នៅ​ម៉ិ​ក​ស៊ី​ក

    មន្ត្រី​ប៉ូលីស​ចំនួន 14 នាក់​របស់​រដ្ឋ Chiapas នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ត្រូវបាន​ក្រុម​ប្រដាប់​អាវុធ​ខុស​ច្បាប់​​បញ្ឈប់រថយន្ត និង​ចាប់ខ្លួន​នៅលើ​ផ្លូវ​ល្បឿន​លឿន។

    ស្ថាប័ន​សន្តិសុខ​របស់​រដ្ឋ Chiapas ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក កាលពី​ថ្ងៃទី 27 មិថុនា 2023 បានឱ្យដឹងថា ប៉ូលិស​មួយ​ក្រុម​​ត្រូវបាន​ក្រុម​ប្រដាប់អាវុធ​ចាប់ជំរិត​ពេល​កំពុងធ្វើដំណើរ​ដោយ​រថយន្ត​លើផ្លូវ​ល្បឿន​លឿន​ក្នុង​ទីរួមស្រុក Ocozocautla និង​ទីក្រុង​រដ្ឋបាល Tuxtla Gutierrez របស់​រដ្ឋ Chiapas។

    ទំព័រ Reforma ផ្សាយ​ថា ក្រុម​ប្រដាប់អាវុធ​នេះ​បាន​បញ្ឈប់រថយន្ត​ដឹក​ក្រុមប៉ូលិស រួច​ប្រមូលយក​ទូរស័ព្ទ និង​បញ្ជា​ឱ្យ​ដេក​ផ្កាប់​មុខ​លើដី។ ក្រុម​នេះ​ដោះលែង​ប៉ូលិស​ជា​ស្ត្រីភេទ និង​ចាប់ជំរិត​ប៉ូលិស​ជា​បុរស​ចំនួន 14 នាក់។ កងកម្លាំង​ប៉ូលិស​របស់​រដ្ឋ​នេះ​កំពុងបើក​ការស្រាវជ្រាវ ស្វែងរក​ក្រុមប៉ូលិស​ដែល​ត្រូវ​ចាប់ជំរិត ក៏ដូចជា​ក្រុម​ជនល្មើស។

    ករណី​ប្រឈមមុខ​ដាក់គ្នា​រវាង​កង​កម្លាំង​អនុវត្ត​ច្បាប់ និង​ក្រុម​ជនល្មើស​នៅ Ocozocautla បាន​កើត​ឡើង​ញឹក​ញាប់​ខ្លាំង​​ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ។ Ocozocautla គឺជា​តំបន់​ដែល​កើតមាន​អំពើ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​​​សកម្ម​ជាងគេ​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក។

  • បណ្ដា​រថភ្លើង​ដែលមាន​ល្បឿន​លឿន​ជាងគេ​លើ​ពិភពលោក

    បណ្ដា​រថភ្លើង​ដែលមាន​ល្បឿន​លឿន​ជាងគេ​លើ​ពិភពលោក

    រថភ្លើង​បណ្ដែត​ខ្លួន​សៀង​ហៃ​របស់​ប្រទេស​ចិន ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​បណ្ដា​រថភ្លើង​ល្បឿន​លឿន​ជាងគេ​បំផុត​នៅលើ​ពិភពលោក​នាបច្ចុប្បន្ន។

    រថភ្លើង​សាធារណៈ​ដែលមាន​ល្បឿន​លឿន​ជាងគេ​បង្អស់​លើ​ពិភពលោក គឺ​រថភ្លើង​បណ្ដែត​ខ្លួន (Maglev Train) សៀង​ហៃ (Shanghai maglev train) របស់​ប្រទេស​ចិន ដែល​ផលិតឡើង​ដោយយោង​តាម​បច្ចេកវិទ្យា​របស់​អាល្លឺម៉ង់។ វា​ធ្វើដំណើរ​ទៅមុខ​ដោយ​កម្លាំង​មេដែក​អគ្គិសនី​ដែល​អនុញ្ញាតឱ្យ​វា​បណ្ដែត​ខ្លួន​ផុតពី​ផ្លូវដែក។ រថភ្លើង​នេះ​ធ្វើដំណើរ​នៅក្នុង​ទីក្រុង​សៀង​ហៃ និង​ចំណាយពេល 7.5 នាទី​ក្នុងការ​ធ្វើដំណើរ 30 គីឡូម៉ែត្រ ដោយមាន​ល្បឿន 460 គីឡូម៉ែត្រ/ម៉ោង។

    លំដាប់​ទី​ពីរ​គឺ​រថភ្លើង CR400 Fuxing របស់​ប្រទេស​ចិន ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន 350 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ចំណែក​លំដាប់​ទី​បី​វិញ គឺ​រថភ្លើង ICE3 នៅ​ប្រទេស​អាល្លឺម៉ង់ ដោយ​វា​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 330 គីឡូម៉ែត្រ/ម៉ោង។ រីឯ​ទី​បួន​វិញ បាន​ទៅលើ​រថភ្លើង TGV នៅ​ប្រទេស​បារាំង ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន 320 គីឡូម៉ែត្រ/ម៉ោង ស្មើនឹង​រថភ្លើង E5 របស់​ប្រទេស​ជប៉ុន និង Al Boraq របស់​ម៉ារ៉ុក។ និង​បន្ទាប់​មក​គឺ​ AVE របស់​អេស្ប៉ាញ ដែល​មាន​ល្បឿន​ 310 គីឡូម៉ែត្រ​/ម៉ោង​។

    រថភ្លើង CR400 Fuxing របស់​ចិន
    រថភ្លើង ICE3 របស់​អាល្លឺម៉ង់
    TGV របស់​បារាំង
    JR East E5 របស់​ជប៉ុន
    Al Boraq: 320 km/h (ម៉ារ៉ុក)
    AVE របស់​អេស្ប៉ាញ ដែល​មាន​ល្បឿន​ 310 គីឡូម៉ែត្រ​/ម៉ោង
  • យន្តហោះ​ដឹក​អ្នកដំណើរ​ល្បឿន​លឿន​ជាង​សំឡេង Overture អាច​ហោះ​បាន​ជាង 2,000 គីឡូម៉ែត្រ/ម៉ោង

    យន្តហោះ​ដឹក​អ្នកដំណើរ​ល្បឿន​លឿន​ជាង​សំឡេង Overture អាច​ហោះ​បាន​ជាង 2,000 គីឡូម៉ែត្រ/ម៉ោង

    យន្តហោះ Overture របស់​ក្រុមហ៊ុន​អាម៉េរិក Boom Supersonic បំពាក់​ម៉ាស៊ីន​ដែលមាន​កម្លាំង​រុញច្រាន 16 តោន គ្រោង​នឹង​អាច​ដឹក​អ្នកដំណើរ​បាន​ពី 65 ទៅ 80 នាក់។

    នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​អាកាសចរណ៍​ Paris Air Show ចាប់ពី​ថ្ងៃទី 19 ដល់ 25 មិថុនា នៅ​ទីក្រុង​ប៉ារីស ក្រុមហ៊ុន Boom Supersonic បានប្រកាស​កិច្ចព្រមព្រៀង​ជា​បន្តបន្ទាប់​ជាមួយនឹង​អ្នកផ្គត់ផ្គង់ថ្មីៗ និង​បង្ហើប​ឱ្យដឹងខ្លះៗអំពី​គម្រោង​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង Overture និង​ម៉ាស៊ីន Symphony។ នេះ​បើតាម​ទំព័រ New Atlas។

    បណ្ដា​ដៃគូថ្មីៗរបស់ Boom Supersonic រួមមាន​ដូចជា ក្រុមហ៊ុន​អ៊ីតាលី Leonardo, ក្រុមហ៊ុន​អេ​ស្ប៉ា​ញ Aernnova និង Aciturri ជាដើម។ ក្រៅពីនេះ Boom Supersonic ក៏​ប្រកាស​ព័ត៌មាន​ស្ដីពី​ប្រព័ន្ធ​ហោះហើរ បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ច ឧបករណ៍​ចុះចត ក៏ដូចជា​ម៉ាស៊ីន​សម្រាប់​យន្តហោះ​នេះ​ផងដែរ។

    ក្នុងនោះ ឥន្ធនៈ SAF (SAF-Sustainable aviation fuels) ក៏​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​យន្តហោះ Overture។ SAF គឺជា​ឥន្ធនៈ​អាកាសចរណ៍​ដែល​ត្រូវបាន​កំណត់ថា អាច​កកើត​ឡើងវិញ​បាន។

    តាម​គម្រោង Overture នឹង​អាច​ដឹក​អ្នកដំណើរ​បាន​ចាប់ពី 65 ដល់ 80 នាក់ និង​អាច​ហោះ​ក្នុង​ល្បឿន​កម្រិត Mach 1.7 (លឿន​ជាង​សំឡេង 1.7 ដង) ឬ​ប្រហែល​នឹង 2,100 គីឡូម៉ែត្រ/ម៉ោង ពេល​ហោះ​លើ​សមុទ្រ។ Overture អាច​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ចាប់ពី​ឆ្នាំ 2029៕

  • GAC បង្ហាញ​យានប្រភេទ​​គូ «រថយន្ត និង​ដ្រោ​ន» eVTOL Gove

    GAC បង្ហាញ​យានប្រភេទ​​គូ «រថយន្ត និង​ដ្រោ​ន» eVTOL Gove

    ក្រុមហ៊ុន​ផលិត​រថយន្ត​មួយចំនួន​កំពុងតែ​អភិវឌ្ឍ​ និង​ផលិត​​យាន​ប្រភេទថ្មីៗនៅក្នុង​វិស័យ​រថយន្ត និង​យន្តហោះ​អគ្គិសនី (eVTOL) ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន GAC Group ផងដែរ។

    នៅក្នុង​ព្រឹត្តិការណ៍​ទិវា​បច្ចេកវិទ្យា​នា​ថ្ងៃនេះ GAC បានបង្ហាញ​យាន​ដំណើរការ​ដោយ​អគ្គិសនី​ប្រភេទ eVTOL មួយ​ដែល​ត្រូវបាន​ដាក់ឈ្មោះថា Gove។ GAC ឱ្យដឹងថា ពួកគេ​បានទទួល​ជោគជ័យ​ក្នុង​ជើងហោះហើរ​ដំបូង​។

    Gove គឺជា​យាន​មួយគូ ក្នុងនោះ​ដ្រោន​ និង​គ្រោង​ខាង​ក្រោម​​អាច​ផ្ដាច់ចេញ​ពីគ្នា ហើយ​ពួកវា​អាច​ភ្ជាប់​នឹង​គ្នា​ពេល​បរ​លើដី និង​ផ្ដាច់ខ្លួន​ពេល​ហោះ​លើ​អាកាស។

    Gove បំពាក់​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្ត ADiGO-Pilot របស់ GAC និង​មាន​ប្រព័ន្ធ​ហោះហើរ​ដែលមាន​ស្លាបចក្រ​សម្រាប់​ហោះ និង​ស្លាបចក្រ​សម្រាប់​បង្ការ ការ​ពារ​សុវត្ថិភាព។ GAC ឱ្យដឹង​ដូច្នេះ។

    Gove មាន​រូបរាង​ដូច​ទៅនឹង​យាន​ប្រភេទ eVTOL ដែល​ត្រូវបាន​ជន​ជាតិចិន​មួយក្រុម​បង្ហាញ​កាលពី​ចុងឆ្នាំ​កន្លង​។

    GAC (Guangzhou Automobile Group Co., Ltd.) គឺជា​ក្រុមហ៊ុន​រដ្ឋ​ចិន ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ទីក្រុង Guangzhou ប្រទេស​ចិន។

  • ចង្រិត​ក្រហមកំពុង​បំភ័យ​ប្រជាជន​នៅ​​ទីក្រុង​របស់​សហរដ្ឋ​អាម៉េរិក​

    ចង្រិត​ក្រហមកំពុង​បំភ័យ​ប្រជាជន​នៅ​​ទីក្រុង​របស់​សហរដ្ឋ​អាម៉េរិក​

    ចង្រិត Mormon ដែល​ស៊ីសាច់​គ្នាឯង​ កំពុង «សម្រុក» ចូល​ទីក្រុង Elko របស់​រដ្ឋ Nevada ក្នុង​ទ្រង់ទ្រាយ​ធំ បាន និង​កំពុង​ពង្រាយ​ខ្លួន​ពេញ​ដងផ្លូវ​ល្បឿន​លឿន វាលស្មៅ និង «ឡោមព័ទ្ធ» ទីលំនៅ​របស់​ប្រជាជន។

    ទីក្រុង Elko របស់​រដ្ឋ Nevada ប្រឈមមុខ​នឹង​ទិដ្ឋភាព​ដូច​ទៅនឹង​ភាពយន្ត​រន្ធត់ នៅពេល​ហ្វូង​ចង្រិត​ក្រហម​ដូច​ឈាម​កំពុង​ចូលមក​កាន់កាប់​ស្ទើរ​គ្រប់​ច្រកល្ហក។ ចង្រិត Mormon មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ដោយផ្ទាល់ ប៉ុន្តែ​វត្តមាន​របស់​ពួកវា​ធ្វើឱ្យ​ប្រជាជនមាន​ការព្រួយបារម្ភ។ នេះ​បើតាម Interesting Engineering ចុះផ្សាយ​នៅ​ថ្ងៃទី 26 មិថុនា​នេះ។

    ចង្រិត Mormon មានឈ្មោះ​ក្នុង​វិទ្យាសាស្ត្រ​ថា Anabrus simplex។ វា​គឺជា​សត្វល្អិត​គ្មាន​ស្លាប​ដែលមាន​ប្រភព​នៅ​ពាក់កណ្ដាល​ភាគ​ខាងជើង​របស់​អាម៉េរិក​ខាងជើង។

    ជាធម្មតា ក្នុង​មួយឆ្នាំ ចង្រិត​ញី​នឹង​បង្កើតកូន​បាន​មួយ​លើក។ ក្រោយមក ពួកវា​ប្រមូល​ផ្ដុំគ្នា ផ្លាស់​ទី និង​ស៊ី​ដំណាំ​នៅតាម​ផ្លូវ​ពេលធ្វើ​ដំណើរ។ ក៏ប៉ុន្តែ ឆ្នាំនេះ ពួកវា​នាំគ្នា​ចូលមកក្នុង​ទីប្រជុំជន និង​ទីក្រុង រួមមាន Elko ជាដើម បង្កឱ្យមាន​ការព្រួយបារម្ភ​ពី​ប្រជាជន។ ក្រុម​អ្នកជំនាញ​វាយតម្លៃថា ចង្រិត​រាប់លាន​ក្បាល​ចូលមក​កាន់​ទីក្រុង Elko នៅ​រដូវក្ដៅ​នេះ។

    បើទោះជា​មិន​គំរាមកំហែង​ដល់​មនុស្ស ប៉ុន្តែ​ចង្រិត Mormon មាន​ក្លិន​អាក្រក់ និង​ជា​សត្វល្អិត​ដែល​អាច​ស៊ីសាច់​គ្នាឯង។ នៅពេល​ចង្រិត​ណាមួយ​ត្រូវ​ឡាន​កិន ពួក​ដែល​នៅក្បែរនោះ​តែង​លោត​ចូលមក​ដណ្ដើម​គ្នា​ស៊ី បង្កើតបានជា​ទិដ្ឋភាព​មួយ​ដ៏​គួរឱ្យខ្លាច។

    វត្តមាន​ក្នុង​ទ្រង់ទ្រាយ​ធំ​របស់​ចង្រិត​នេះ នាំឱ្យ​ម​ន្ទីរ​ពេទ្យ និង​កន្លែង​អាជីវកម្ម​នានា​ត្រូវបញ្ជូន​មនុស្ស​ទៅ​ចាត់ការ បើ​ទោះ​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ៕

  • កូ​ឡុំ​ប៊ី​ផលិត​ភាពយន្ត​ស្ដីពី​កុមារ​បួន​នាក់​នៅរស់ ​ក្រោយធ្លាក់​យន្តហោះ​ និង​ស្ថិត​ក្នុង​ព្រៃ​អាម៉ាហ្សូន 40 ថ្ងៃ​

    កូ​ឡុំ​ប៊ី​ផលិត​ភាពយន្ត​ស្ដីពី​កុមារ​បួន​នាក់​នៅរស់ ​ក្រោយធ្លាក់​យន្តហោះ​ និង​ស្ថិត​ក្នុង​ព្រៃ​អាម៉ាហ្សូន 40 ថ្ងៃ​

    អាជ្ញាធរ​កូ​ឡុំ​ប៊ី សហការ​ជាមួយ​ផលិតករ​ជនជាតិ​អង់គ្លេស ផលិត​ខ្សែភាពយន្ត​ឯកសារ​ស្ដីពី​កុមារ 4 នាក់​ដែល​នៅមាន​ជីវិត ពេល​វង្វេង 40 ថ្ងៃ ក្រោយពី​ធ្លាក់​យន្តហោះ​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន។

    ប្រធានាធិបតី​កូ​ឡុំ​ប៊ី Gustavo Petro ដែល​កំពុង​ចូលរួម​សន្និសីទ​កំពូល​ស្ដីពី​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី 23 មិថុនា បានឱ្យដឹងថា បាន​ជួបពិភាក្សា​ជាមួយ Simon Chinn ផលិតករ​ភាពយន្ត​ឯកសារ​ជនជាតិ​អង់គ្លេស​ ដែល​ធ្លាប់​ទទួលបាន​ពានរង្វាន់​អូ​ស្ការ​ពីរលើក។

    លោក Gustavo Petro ឱ្យ​ដង​ថា ទូរទស្សន៍​ជាតិ​កូ​ឡុំ​ប៊ី (RTVC) នឹង​សហការ​ជាមួយ Lightbox ដែលជា​ក្រុមហ៊ុន​ផលិត​ភាព​យន្ត​របស់ Chinn ដើម្បី​រៀបរាប់​ដំណើររឿង​ស្ដីពី «យុទ្ធនាការ​នៃ​ក្ដីសង្ឃឹម» ក្នុងការ​ស្វែងរក និង​សង្គ្រោះ​កុមារ 4 នាក់​ដែល​នៅមាន​ជីវិត​ក្រោយពី​យន្តហោះ​ដែល​ពួក​គេ​ជិះ​ បាន​​ធ្លាក់ ហើយ​ពួក​គេ​ត្រូវ​​វង្វេង 40 ថ្ងៃ​ក្នុងព្រៃ​ជ្រៅ​អា​ម៉ា​ហ្សូ​ន​។

    ក្មេង 4 នាក់​ដែល​រួមមាន Lesly អាយុ 13 ឆ្នាំ, Soleiny អាយុ 9 ឆ្នាំ, Tien Norel អាយុ 5 ឆ្នាំ និង Cristin អាយុ 1 ឆ្នាំ បាន​រួច​ពី​ហានិភ័យ​បាត់បង់​ជីវិត បន្ទាប់ពី​ម្ដាយ និង​មនុស្សពេញវ័យ​ពីរ​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​កាលពី​ថ្ងៃទី 01 ឧសភា 2023។

    ពេល​​បានទទួល​ដំណឹង​អំពី​ករណី​ខាងលើ កងទ័ព​កូ​ឡុំ​ប៊ី ក៏បាន​ចាប់ផ្ដើម​យុទ្ធនាការ​ស្វែងរក និង​សង្គ្រោះ​។ ចុង​ក្រោយ ពួកគេ​ក៏​​បាន​រកឃើញ​កុមារ 4 នាក់​នេះ​កាលពី​ថ្ងៃទី 09 មិថុនា 2023៕

  • ស្លាប់​អស់​ហើយ​! នាវាមុជទឹក Titan ត្រូវ​ខ្ទេច​ខ្ទី​​ដោយសារ​សម្ពាធ បណ្ដាលឱ្យ​មនុស្ស​ប្រាំ​នាក់​បាត់បង់​ជីវិត

    ស្លាប់​អស់​ហើយ​! នាវាមុជទឹក Titan ត្រូវ​ខ្ទេច​ខ្ទី​​ដោយសារ​សម្ពាធ បណ្ដាលឱ្យ​មនុស្ស​ប្រាំ​នាក់​បាត់បង់​ជីវិត

    កងកម្លាំង​ល្បាត​សមុទ្រ​អាម៉េរិក បានឱ្យដឹងថា បណ្ដា​បំណែក​ដែល​ពួកគេ​ប្រមូលបាន​បង្ហាញថា នាវាមុជទឹក Titan ត្រូវ​រង​សម្ពាធ​ខ្លាំង​រហូតដល់​បែក​ខ្ទេច ធ្វើឱ្យ​មនុស្ស​ប្រាំ​នាក់​ក្នុង​នាវា​នេះ​បាត់​បង់ជីវិត។

    ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង Boston រដ្ឋ Massachusetts កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 23 មិថុនា (ម៉ោង​នៅ​កម្ពុជា) ឧត្ដមនាវី John Mauger របស់​កងកម្លាំង​ល្បាត​ឆ្នេរ​អាម៉េរិក និយាយថា ឧបករណ៍​ផ្លាស់​ទី​ស្វ័យប្រវត្ត​ក្រោម​សមុទ្រ​របស់​កាណាដា បាន​រកឃើញ​បំណែក​ពី​នាវាមុជទឹក Titan ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល 488 ម៉ែត្រ ពី​សាកសព​កប៉ាល់ Titanic ក្នុង​ជម្រៅ 4,000 ម៉ែត្រ នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាងជើង។

    យោងតាម​ក្រុម​ជំនាញ បំណែក​សំខាន់​ចំនួន​ប្រាំ​របស់​នាវាមុជទឹក​ប្រវែង 6.7 ម៉ែត្រ ត្រូវបាន​រកឃើញ​នៅក្នុង​ចំណោម​បំណែក​មួយក្រុម​ដែល​នៅសល់​បន្ទាប់ពី​នាវា​បាន​​បែក​បាក់។ «បំណែក​ទាំងនេះ​បង្ហាញថា មាន​ហេតុ​ការណ៍​រង​សម្ពាធ​ដ៏​ខ្លាំងក្លា​កើតឡើង​នៅក្នុង​កាប៊ីន​​ប្រឆាំង​សម្ពាធ» លោក Mauger ឱ្យដឹង​ដូច្នេះ។

    ចំណែក OceanGate ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​នាវាមុជទឹក Titan ក៏​ប្រកាសថា ពុំមាន​អ្នកណាម្នាក់​នៅមាន​ជីវិត​ឡើយ ក្នុងនោះ​ក៏មាន​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់ OeanGate លោក Stockton Rush ផងដែរ។

    នាវាមុជទឹក Titan បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី 18 មិថុនា ពេល​កំពុង​ដឹក​មនុស្ស 5 នាក់ ធ្វើដំណើរ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ក្រោម​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ ជម្រៅ​ជិត 4,000 ម៉ែត្រ និង​មាន​ចម្ងាយ​ពី Newfoundland របស់​កាណាដា ប្រហែល 600 គីឡូម៉ែត្រ។

  • បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ជូន​មាស 29 គីឡូក្រាម​ដល់​រាជរដ្ឋាភិបាល

    បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ជូន​មាស 29 គីឡូក្រាម​ដល់​រាជរដ្ឋាភិបាល

    លោកតា Natsuo Nakajima អាយុ 87 ឆ្នាំ បាន​ជូន​មាស​ដុំ​ទម្ងន់ 29 គីឡូក្រាម និង​ប្លា​ទីន​ទម្ងន់ 1 គីឡូក្រាម ដល់​អាជ្ញាធរ​ក្រុង Minoh ដើម្បី​ទិញ​រថយន្ត​សង្គ្រោះបន្ទាន់ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។

    រដ្ឋបាល​ក្រុង Minoh ខេត្ត Osaka ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី 20 មិថុនា បានរៀបចំ​ពិធី​ទទួល​ដុំ​មាស និង​ប្លា​ទីន តម្លៃ​សរុប 280 លាន​យេន (ជិត 2 លាន​ដុល្លារ​អាម៉េរិក) ពី​លោកតា Nakajima បន្ទាប់ពី​គាត់​ជូន​កាលពី​ខែឧសភា។

    «ខ្ញុំ​ចង់​ប្រគល់​ទៅវិញ​នូវ​អ្វីដែល​ខ្ញុំ​សន្សំ​បាន​នៅ Minoh ក្នុង​រយៈពេល​ជាង 50 ឆ្នាំ​កន្លងមកនេះ» លោកតា Nakajima មាន​ប្រសាសន៍​​ដូច្នេះ និង​ចង់ឃើញ​រដ្ឋអំណាច​ប្រើប្រាស់​អំណោយ​នេះ​ដើម្បី​ទិញ​រថយន្ត​​សង្គ្រោះ​បន្ទាន់ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។

    អភិបាលក្រុង Minoh លោក Ueshima ប្រគល់វិញ្ញាបនបត្រថ្លែងអំណរគុណ និងសរសើរ ដល់លោកតា Nakajima

    លោកតា Nakajima គឺជា​ម្ចាស់​ហាង​លក់​សាច់​គោមួយ​ដែល​បើកទ្វារ​តាំងពី​ឆ្នាំ 1960 នៅ​ទីក្រុង Minoh។ បច្ចុប្បន្ន គាត់​បាន​ចូលនិវត្តន៍ និង​បានប្រគល់​មុខរបរ​នេះ​ឱ្យ​កូនចៅ​គ្រប់​គ្រង​បន្ត​។

    អភិបាលក្រុង លោក Ueshima បាន «សម្ដែង​ការគោរព​ដឹងគុណ​ចំពោះ​លោកតា Nakajima ដែល​បាន​បរិច្ចាគ​ទ្រព្យ​ដែលជា​ញើស​ជា​ឈាម​របស់ខ្លួន»។ អាជ្ញាធរ​​ក្រុង​នឹង​ប្ដូរ​មាស និង​ប្លា​ទីន​ទាំងនេះ​ទៅជា​សាច់ប្រាក់​ដើម្បី​ដាក់ចូល​ថវិកាជាតិ​សម្រាប់​ការ​ចាត់​ចែង​នា​ពេល​ខាងមុខ​៕