Tag: ថ្ម

  • យន្តហោះ​ដឹក​អ្នកដំណើរ​ល្បឿន​លឿន​ជាង​សំឡេង Overture អាច​ហោះ​បាន​ជាង 2,000 គីឡូម៉ែត្រ/ម៉ោង

    យន្តហោះ​ដឹក​អ្នកដំណើរ​ល្បឿន​លឿន​ជាង​សំឡេង Overture អាច​ហោះ​បាន​ជាង 2,000 គីឡូម៉ែត្រ/ម៉ោង

    យន្តហោះ Overture របស់​ក្រុមហ៊ុន​អាម៉េរិក Boom Supersonic បំពាក់​ម៉ាស៊ីន​ដែលមាន​កម្លាំង​រុញច្រាន 16 តោន គ្រោង​នឹង​អាច​ដឹក​អ្នកដំណើរ​បាន​ពី 65 ទៅ 80 នាក់។

    នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​អាកាសចរណ៍​ Paris Air Show ចាប់ពី​ថ្ងៃទី 19 ដល់ 25 មិថុនា នៅ​ទីក្រុង​ប៉ារីស ក្រុមហ៊ុន Boom Supersonic បានប្រកាស​កិច្ចព្រមព្រៀង​ជា​បន្តបន្ទាប់​ជាមួយនឹង​អ្នកផ្គត់ផ្គង់ថ្មីៗ និង​បង្ហើប​ឱ្យដឹងខ្លះៗអំពី​គម្រោង​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង Overture និង​ម៉ាស៊ីន Symphony។ នេះ​បើតាម​ទំព័រ New Atlas។

    បណ្ដា​ដៃគូថ្មីៗរបស់ Boom Supersonic រួមមាន​ដូចជា ក្រុមហ៊ុន​អ៊ីតាលី Leonardo, ក្រុមហ៊ុន​អេ​ស្ប៉ា​ញ Aernnova និង Aciturri ជាដើម។ ក្រៅពីនេះ Boom Supersonic ក៏​ប្រកាស​ព័ត៌មាន​ស្ដីពី​ប្រព័ន្ធ​ហោះហើរ បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ច ឧបករណ៍​ចុះចត ក៏ដូចជា​ម៉ាស៊ីន​សម្រាប់​យន្តហោះ​នេះ​ផងដែរ។

    ក្នុងនោះ ឥន្ធនៈ SAF (SAF-Sustainable aviation fuels) ក៏​នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​យន្តហោះ Overture។ SAF គឺជា​ឥន្ធនៈ​អាកាសចរណ៍​ដែល​ត្រូវបាន​កំណត់ថា អាច​កកើត​ឡើងវិញ​បាន។

    តាម​គម្រោង Overture នឹង​អាច​ដឹក​អ្នកដំណើរ​បាន​ចាប់ពី 65 ដល់ 80 នាក់ និង​អាច​ហោះ​ក្នុង​ល្បឿន​កម្រិត Mach 1.7 (លឿន​ជាង​សំឡេង 1.7 ដង) ឬ​ប្រហែល​នឹង 2,100 គីឡូម៉ែត្រ/ម៉ោង ពេល​ហោះ​លើ​សមុទ្រ។ Overture អាច​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ចាប់ពី​ឆ្នាំ 2029៕

  • អាម៉េរិក​ផ្ដល់អាវុធ​​បន្ថែម​​តម្លៃ​រាប់រយ​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    អាម៉េរិក​ផ្ដល់អាវុធ​​បន្ថែម​​តម្លៃ​រាប់រយ​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

    សហរដ្ឋ​អាម៉េរិក​ប្រកាស​អំពី​កញ្ចប់​ជំនួយ​សម្រាប់​អ៊ុយ​ក្រែ​ន តម្លៃ 500 លាន​ដុល្លារ ក្នុងនោះ​មាន​ទាំង​រថពាសដែក និង​គ្រាប់​សម្រាប់​ប្រព័ន្ធ​រ៉ុក្កែត HIMARS។

    មន្ទីរ​បញ្ច​កោណ កាលពី​ថ្ងៃទី 27 មិថុនា 2023 បានប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ 500 លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន។ កញ្ចប់​ជំនួយ​នេះ​រួមមាន រថក្រោះ Bradley 30 គ្រឿង, រថពាសដែក​ដឹក​ទាហាន Stryker 25 គ្រឿង និង​គ្រាប់​រ៉ុក្កែត​សម្រាប់​ប្រព័ន្ធ HIMARS, ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot រួម​នឹង​អាវុធ​ធុន​ស្រាល និង​គ្រាប់បែក​ផងដែរ។

    យោងតាម​មន្ទីរ​បញ្ច​កោណ កញ្ចប់​ជំនួយ​ថ្មី​នេះ​នឹង​រួមចំណែក​ជួយ​ដល់ទី​ក្រុង​កៀវ​ក្នុង​យុទ្ធនាការ​វាយបក បង្កើន​កម្លាំង​ការពារ​ដែនអាកាស ការពារ​ប្រជាជន និង​រុញច្រាន​កងទ័ព​រុស្ស៊ី។

    រថក្រោះ Bradley

    នេះ​គឺជា​កញ្ចប់​ជំនួយ​ទី 41 ដែល​សហរដ្ឋ​អាម៉េរិក​បានផ្ដល់​ឱ្យ​អ៊ុយ​ក្រែ​ន ទៅតាម​សិទ្ធិ​សម្របសម្រួល​កម្លាំង​ប្រធានាធិបតី (PDA) ដែលជា​ច្បាប់​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ផ្ដល់​កម្លាំងយោធា​ដល់​ដៃគូ​សហការ​ក្នុង​ស្ថានការណ៍​អាសន្ន ដោយ​មិនចាំបាច់​មានការ​អនុញ្ញាត​ពីស​ភា។

    រាប់​ចាប់តាំងពី​ពេល​រុស្ស៊ី​បើក​យុទ្ធនាការ​យោធា​នៅ​អ៊ុយ​ក្រែ​ន​កាលពី​ខែកុម្ភៈ 2022 មក​ដល់​បច្ចុប្បន្ន​ សហរដ្ឋ​អាម៉េរិក​បានផ្ដល់​ជំនួយ​ផ្នែក​យោធា​ជាង 40 ពាន់​លាន​ដុល្លារ​អាម៉េរិក​ដល់ទី​ក្រុង​កៀវ៕

  • GAC បង្ហាញ​យានប្រភេទ​​គូ «រថយន្ត និង​ដ្រោ​ន» eVTOL Gove

    GAC បង្ហាញ​យានប្រភេទ​​គូ «រថយន្ត និង​ដ្រោ​ន» eVTOL Gove

    ក្រុមហ៊ុន​ផលិត​រថយន្ត​មួយចំនួន​កំពុងតែ​អភិវឌ្ឍ​ និង​ផលិត​​យាន​ប្រភេទថ្មីៗនៅក្នុង​វិស័យ​រថយន្ត និង​យន្តហោះ​អគ្គិសនី (eVTOL) ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន GAC Group ផងដែរ។

    នៅក្នុង​ព្រឹត្តិការណ៍​ទិវា​បច្ចេកវិទ្យា​នា​ថ្ងៃនេះ GAC បានបង្ហាញ​យាន​ដំណើរការ​ដោយ​អគ្គិសនី​ប្រភេទ eVTOL មួយ​ដែល​ត្រូវបាន​ដាក់ឈ្មោះថា Gove។ GAC ឱ្យដឹងថា ពួកគេ​បានទទួល​ជោគជ័យ​ក្នុង​ជើងហោះហើរ​ដំបូង​។

    Gove គឺជា​យាន​មួយគូ ក្នុងនោះ​ដ្រោន​ និង​គ្រោង​ខាង​ក្រោម​​អាច​ផ្ដាច់ចេញ​ពីគ្នា ហើយ​ពួកវា​អាច​ភ្ជាប់​នឹង​គ្នា​ពេល​បរ​លើដី និង​ផ្ដាច់ខ្លួន​ពេល​ហោះ​លើ​អាកាស។

    Gove បំពាក់​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្ត ADiGO-Pilot របស់ GAC និង​មាន​ប្រព័ន្ធ​ហោះហើរ​ដែលមាន​ស្លាបចក្រ​សម្រាប់​ហោះ និង​ស្លាបចក្រ​សម្រាប់​បង្ការ ការ​ពារ​សុវត្ថិភាព។ GAC ឱ្យដឹង​ដូច្នេះ។

    Gove មាន​រូបរាង​ដូច​ទៅនឹង​យាន​ប្រភេទ eVTOL ដែល​ត្រូវបាន​ជន​ជាតិចិន​មួយក្រុម​បង្ហាញ​កាលពី​ចុងឆ្នាំ​កន្លង​។

    GAC (Guangzhou Automobile Group Co., Ltd.) គឺជា​ក្រុមហ៊ុន​រដ្ឋ​ចិន ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ទីក្រុង Guangzhou ប្រទេស​ចិន។

  • កំពូលភ្នំ​ទឹកកក​អាយុកាល​រាប់ពាន់​ឆ្នាំនៅ​អឺរ៉ុប​​បាក់​រលំ

    កំពូលភ្នំ​ទឹកកក​អាយុកាល​រាប់ពាន់​ឆ្នាំនៅ​អឺរ៉ុប​​បាក់​រលំ

    (ស្វ៊ី​ស) – មួយផ្នែក​នៃ​កំពូលភ្នំ Fluchthorn ដែល​ស្ថិតក្នុង​ជួរ​ភ្នំ Silvretta Alps បាន​បាក់​រលំ​កាលពី​ថ្ងៃទី 11 មិថុនា បណ្ដាលឱ្យ​ថ្ម​ជាង 100,000 ម៉ែត្រគូប ​ធ្លាក់​ទៅលើ​ជ្រលង​ភ្នំ​នៅ​ខាងក្រោម។

    ហេតុការណ៍​បាក់រលំ​​នេះ​កើតឡើង​បន្ទាប់ពី​ប្រទេស​ស្វ៊ី​សបាន​រង​អាកាសធាតុ​ក្ដៅ​ខ្លាំង​ក្នុង​មួយរយៈ​ពេល​យូរ។ នេះ​អាច​បណ្ដាលមកពី​ស្រទាប់ដី​ដែលមាន​ទឹកកក​ស្ថិតនៅ​រាប់ពាន់​ឆ្នាំ​កន្លង ត្រូវ​រលាយ។ សហគមន៍​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា ករណី​ដូចគ្នានេះ​នឹង​អាច​កើត​ឡើងជា​បន្តទៀត​នៅពេល​អាកាសធាតុ​ត្រជាក់​ប្រែជា​ក្ដៅ ធ្វើឱ្យ​ស្រទាប់ដី​មាន​ទឹកកកក្រាស់ៗតាំងពី​បុរាណ ត្រូវ​រលាយ។ នេះ​បើតាម Live Science ចុះផ្សាយ​កាលពី​ថ្ងៃទី 26 មី​ថុ​នា 2023។

    សមត្ថកិច្ច​ឱ្យដឹង ពុំមាន​អ្នករងរបួស ឬ​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ ប៉ុន្តែ កំពូលភ្នំ​​ខ្ពស់​ជាងគេ​របស់ Fluchthorn បាន​បាត់បង់​កំពស់​ប្រហែល 100 ម៉ែត្រ។ ករណី​បាក់រលំ​​នេះ​កើតឡើង​នៅ​ផ្នែក​ខាងលិច នៅក្នុង​ជ្រលង​ភ្នំ Futschol។ កំពូល​នៅ​កណ្ដាល​ដែលមាន​កម្ពស់ 3,397 ម៉ែត្រ បច្ចុប្បន្ន​គឺ​ខ្ពស់​ជាងគេ​បំផុត​របស់ Fluchthorn ដែល​នេះ​មានន័យថា កំពូលភ្នំ​នេះ​ទាប​ជាង​មុន​ប្រហែល 19 ម៉ែត្រ។

    កំពូលភ្នំ​ស្ទើរតែ​ទាំងអស់​ដែលមាន​កម្ពស់​លើសពី 2,500 ម៉ែត្រ​នៅ​ជួរ​ភ្នំ Alps សុទ្ធតែ​គ្របដណ្ដប់ និង​ចាក់​ចូល​ជ្រៅ​ក្នុង​កន្លែង​ចន្លោះ​រវាង​ផ្ទាំង​ថ្មធំៗ ដោយ​ស្រទាប់ដី​កក​អាយុកាល​រាប់ពាន់​ឆ្នាំ ជួយ​ផ្សារភ្ជាប់​ផ្ទាំង​ថ្ម​ទាំងនេះ។ បើ​មិនមាន​ស្រទាប់ដី​កក​ទាំងនេះ​ទេ ជញ្ជាំង​ភ្នំ​អាច​បាត់បង់​លំនឹង នាំឱ្យ​បាក់រលំ​ដូច​ករណី​ខាងលើ។

  • ប្រហោង​ខ្មៅមហា​យក្ស​នៅ​កណ្ដាល​កាឡាក់ស៊ី​របស់​មនុស្ស «ហែក​ស៊ី» ​ផ្កាយ​ទើប​កើត

    ប្រហោង​ខ្មៅមហា​យក្ស​នៅ​កណ្ដាល​កាឡាក់ស៊ី​របស់​មនុស្ស «ហែក​ស៊ី» ​ផ្កាយ​ទើប​កើត

    Sagittarius A* ដែល​អ្នកវិទ្យាសាស្ត្រ​នឹកស្មានថា​បាន «ដេក​លង់លក់» នៅ​កណ្ដាល​កាឡាក់ស៊ី​ដែលមាន​ផ្ទុក​ផែនដី ពេលនេះ​បែរជា​បញ្ចេញ​សញ្ញា​ដ៏​គួរឱ្យ​ភ័យខ្លាច។

    យានអវកាស IXPE របស់​ណា​សា​ថត​បាន «សញ្ញា​ពី​ឋាននរក» ដែល​បញ្ជាក់ថា ប្រហោង​ខ្មៅ​របស់​កាឡាក់ស៊ី​មី​ល​គី​វ៉េ (Milky Way) មិនបាន​ដេក​លង់លក់​ទាំងស្រុង​ដូច​អ្នកវិទ្យាសាស្ត្រ​បានគិត​ឡើយ។

    Sagittarius A* គឺជា​ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី​មី​ល​គេ​វ៉េ​ដែល​បាន​ឆ្លង​ផុត​ដំណាក់កាល​លេប​ត្របាក់​ដ៏​កាច​សាហាវ។ វា​មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ប្រហែល​នឹង 4.1 លាន​ដង និង​ស្ថិតក្នុង​ក្រុម​ប្រហោង​ខ្មៅ​ដែល​ធំជាងគេ​ក្នុង​ចក្រវាល។

    Sagittarius A* ស្ថិតនៅកណ្ដាលកាឡាក់ស៊ីមីលគីវ៉េ

    ក៏ប៉ុន្តែ ថ្មីៗនេះ​មាន​ភស្ដុតាង​កាន់តែច្រើន​បង្ហាញថា ប្រហោង​ខ្មៅ​នេះ​នៅតែ «ចាប់​ស៊ី» វត្ថុ​អវកាស​ទាំងឡាយណា​ដែល​គោចរ​មក​ក្បែរ​មាត់​របស់​វា។

    យានអវកាស IXPE កត់ត្រា​បាន​ពន្លឺ​ចែងចាំង​ឡើង​ខុសធម្មតា​របស់​ពពក​ប​ង្ក​បង្កើត​ផ្កាយ (Molecular cloud) ស្ថិតនៅ​ក្បែរ​ចំណុចកណ្ដាល​របស់​ប្រហោង​ខ្មៅ Sagittarius A* និង​បានដឹងថា វា​កំពុង​បញ្ចេញ​ពន្លឺ​ខ្លាំង​ជាង​ការគ្រោងទុក។

    ការវិភាគ​បានបង្ហាញ​ថា ពន្លឺ​នេះ​ពុំមែន​ពពក​បង្កបង្កើត​ផ្កាយ​ជា​អ្នក​បញ្ចេញ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ចំណាំង​ប្លាត​ពន្លឺ​ពី​ហេតុការណ៍​ផ្ទុះ​របស់ Sagittarius A*។

    រូប​រាង​ពិត​របស់ Sagittarius A*

    ការ​គណនា​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​បារាំង​បាន​បង្ហាញថា ហេតុការណ៍​ផ្ទុះ​នេះ​ទើបតែ​កើតឡើង​អំឡុង​សតវត្សរ៍​ទី XIX និង​អូស​បន្លាយពេល​ប្រហែល​មួយឆ្នាំ​កន្លះ។

    អ្នកវិទ្យាសាស្ត្រ​មិនទាន់​ដឹង​ច្បាស់​ថា វត្ថុ​អវកាស​ដែល​ត្រូវបាន​ប្រហោង​ខ្មៅ​ខាងលើ​ហែក​ស៊ី​គឺជា​អ្វី​នៅឡើយ ប៉ុន្តែ​បើតាម​ទ្រឹ​ស្ត្រី វា​អាចជា​ផ្កាយ​ដែល​ទើប​ចាប់កំណើត​ពី​ពពក​ម៉ូលេគុល​នៅក្បែរ​ប្រហោង​ខ្មៅ​នោះ។

  • អឺរ៉ុប​បន្ថែម​ប្រាក់ 3.5 ពាន់​លាន​អឺរ៉ូ សម្រាប់​​​​ជួយ​​ដល់​អ៊ុយ​ក្រែ​ន

    អឺរ៉ុប​បន្ថែម​ប្រាក់ 3.5 ពាន់​លាន​អឺរ៉ូ សម្រាប់​​​​ជួយ​​ដល់​អ៊ុយ​ក្រែ​ន

    បណ្ដា​ប្រទេស​សមាជិក​របស់​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី 26 មិថុនា បាន​ឯកភាពគ្នា​បង្កើន​ទំហំ​នៃ​កញ្ចប់​ថវិកា​សម្រាប់​ជួយ​ដល់​ផ្នែក​យោធា​របស់​អ៊ុយ​ក្រែ​ន។

    ខ្ទង់​ប្រាក់​បន្ថែម​ដែល​ត្រូវបាន​សហភាព​អឺរ៉ុប (EU) សម្រេច​ថា​នឹង​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន​គឺ 3.5 ពាន់​លាន​អឺរ៉ូ (ប្រហែល​នឹង 3.8 ពាន់​លាន​ដុល្លារ​អាម៉េរិក)។ ខ្ទង់​ប្រាក់​នេះ​នាំឱ្យ​កញ្ចប់​ជំនួយ​ផ្នែក​យោធា​របស់​អឺរ៉ុប​សម្រាប់​អ៊ុយ​ក្រែ​ន កើនឡើង​ដល់​ជាង 12 ពាន់​លាន​អឺរ៉ូ រាប់​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង។

    ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​ផ្នែក​សន្តិសុខ និង​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប លោក Joseph Borrell យល់ថា ការសម្រេចចិត្ត​ថ្មី​របស់​បណ្ដា​ប្រទេស​ជា​សមាជិក EU បញ្ជាក់ថា សហភាព​នេះ​នៅតែមាន​កញ្ចប់​ថវិកា​គ្រប់គ្រាន់​សម្រាប់​ជួយ​ដល់​ផ្នែក​យោធា​របស់​ដៃគូ​សហការ​៕

  • បណ្ដុំ​រោងចក្រ​សូ​ឡា-វា​រី​អគ្គិសនី​ធំជាងគេ​លើ​លោក ចាប់ផ្ដើម​ដំណើរការ​ក្នុងដំណាក់កាល​ថ្មី

    បណ្ដុំ​រោងចក្រ​សូ​ឡា-វា​រី​អគ្គិសនី​ធំជាងគេ​លើ​លោក ចាប់ផ្ដើម​ដំណើរការ​ក្នុងដំណាក់កាល​ថ្មី

    រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ថាមពលព្រះអាទិត្យ Kela នៅក្នុង​ខេត្ត Sichuan ប្រទេស​ចិន​បានចាប់ផ្ដើម​ដំណើរការ​កាលពី​ថ្ងៃទី 25 មិថុនា 2023 ជួយ​ឱ្យបំពេញ​បណ្ដុំ​រោងចក្រ​សូ​ឡា-វា​រី​អគ្គិសនី​ធំជាងគេ​លើ​លោក។

    រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ផ្ទាំង​សូ​ឡា Kela ខាងលើនេះ ត្រូវបាន​សាងសង់​នៅលើ​កម្ពស់ 4,600 ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ នៅ​តំបន់​ស្វយ័ត​ទី​បេ Garzê ក្នុង​ខេត្ត Sichuan ប្រទេស​ចិន។ ដំណាក់កាល​ដំបូង​របស់​រោងចក្រ​នេះ មាន​កម្លាំង 1 លាន​គីឡូវ៉ាត់។

    ដោយមាន​ផ្ទៃក្រឡា​ប្រហែល 16 គីឡូម៉ែត្រ​កា​រ៉ា រោងចក្រ​រោងចក្រ Kela នឹង​ផលិត​អគ្គិសនី​បាន​ប្រហែល 2 ពាន់​លាន​គីឡូវ៉ាត់​ជា​រៀងរាល់ឆ្នាំ អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន​ប្រហែល 700 គ្រួសារ។

    រោងចក្រវារីអគ្គិសនី Lianghekou នៅលើទន្លេ Yalong Jiang

    ដោយសារតែ​អគ្គិសនី​ផលិត​ដោយ​រោងចក្រ Kela នឹងត្រូវ​ត​ភ្ជាប់​ជាមួយនឹង​រោងចក្រ​វា​រី​អគ្គិសនី Lianghekou នៅលើ​ទន្លេ Yalong Jiang ដែល​ដាក់ឱ្យ​ដំណើរការ​កាលពី​ខែមីនា 2023 បរិមាណ​អគ្គិសនី​សរុប​របស់​បណ្ដុំ​រោងចក្រ​សូ​ឡា-វា​រី​អគ្គិសនី​នេះ​នឹង​ឡើងដល់ 3 លាន​គីឡូវ៉ាត់។

    ក្រោយពី​ដំណើរការ​ពេញលេញ បណ្ដុំ​រោងចក្រ​ខាងលើ​អាច​ផលិត​អគ្គិសនី​ប្រចាំឆ្នាំ​បាន​ប្រហែល 300 ពាន់​លាន​គីឡូវ៉ាត់ម៉ោង នឹង​អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន 100 គ្រួសារ៕

  • ​ទួ​រ​ប៊ី​ន​ខ្យល់​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក ​ចាប់ផ្ដើម​ដំឡើងនៅ​ Fujian

    ​ទួ​រ​ប៊ី​ន​ខ្យល់​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក ​ចាប់ផ្ដើម​ដំឡើងនៅ​ Fujian

    ទួ​រ​ប៊ី​ន​ខ្យល់​សមុទ្រ​កម្លាំង 16 ម៉េ​ហ្កា​វ៉ា​ត់ ដែល​ត្រូវ​បាន​ក្រុម​វិ​ស្វាករ​ចិនចាប់ផ្ដើម​ដំឡើង​នៅ​លំហ​សមុទ្រ​ខេត្ត Fujian អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​គ្រួសារចំនួន 36,000 គ្រួ​ ជា​រៀងរាល់ឆ្នាំ។

    សកម្មភាព​ដំឡើង​ទួ​រ​ប៊ី​ន​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​សមុទ្រ បានចាប់ផ្ដើម​ឡើង​នៅក្នុង​ខេត្ត Fujian ភាគ​អាគ្នេយ៍​ប្រទេស​ចិន។ នេះ​បើតាម CGTN ចុះផ្សាយ​កាលពី​ថ្ងៃទី 25 មិថុនា។

    ទួ​រ​ប៊ី​ន​ដែលមាន​កម្លាំង 16 ម៉េ​ហ្គា​វ៉ា​ត់​នេះ មាន​កម្ពស់ 146 ម៉ែត្រ គិតពី​ផ្ទៃ​ទឹកសមុទ្រ​ដល់​ចំណុចកណ្ដាល​របស់​រ៉ូ​ទ័​រ (rotor)។ កម្ពស់​នេះ​ប្រហាក់ប្រហែល​នឹង​អគារ 50 ជាន់។ ទួ​រ​ប៊ី​ន​ដែល​សហការ​ផលិត​ដោយ​ក្រុមហ៊ុន CTGC និង​ក្រុមហ៊ុន Goldwind ក៏មាន​ស្លាប​កង្ហារ​ដែលមាន​អង្កត់​ផ្ច​ត​ប្រវែង 252 ម៉ែត្រ វែង​ជាងគេ​លើ​ពិភពលោក។

    នៅពេល​មាន​ខ្យល់​ខ្លាំង ទួ​រ​ប៊ី​ន​នេះ​អាច​ផលិត​អគ្គិសនី​បាន 34.2 គីឡូវ៉ាត់ម៉ោង បន្ទាប់ពី​កង្ហារ​វិល​បាន​មួយ​ជុំ និង​​អាច​ផ្គត់ផ្គង់​តម្រូវការ​របស់​គ្រួសារ​ចំនួន 36,000 គ្រួ ហើយ​ជួយ​សំចៃ​ធ្យូងថ្ម​បាន 22,000 តោន ក៏ដូចជា​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​បាន 54,000 តោន/ឆ្នាំ៕

  • កប៉ាល់​ទេសចរណ៍​ធំជាងគេ​បង្អស់​លើ​ពិភពលោក ជិត​ដំណើរ​ការ​ជា​ផ្លូវ​ការ

    កប៉ាល់​ទេសចរណ៍​ធំជាងគេ​បង្អស់​លើ​ពិភពលោក ជិត​ដំណើរ​ការ​ជា​ផ្លូវ​ការ

    (ហ្វាំ​ង​ឡង់) – កប៉ាល់ The Icon of the Seas ដែលមាន​បណ្ដោយ 365 ម៉ែត្រ និង​អាចដាក់​ទេសចរ​បាន​ជាង​ 7,000 នាក់ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​បង្ហើយ​កិច្ច​ការ​ចុង​ក្រោយ​បង្អស់​ មុន​ពេល​​​ចេញ​ដំណើរ​​ជើង​ដំបូង​នៅ​ខែមករា 2024។

    ដោយមាន​បណ្ដោយ​ពី​ក្បាល​ដល់​កន្ទុយ​ស្មើនឹង​ប្រវែង​របស់​ទីលាន​បាល់ទាត់​ចំនួន 3.5 ទីលានបូក​ចូល​គ្នា​ The Icon of the Seas ​​នឹង​ក្លាយជា​កប៉ាល់​ទេសចរណ៍​ធំជាងគេ​បំផុត​លើ​ពិភពលោក។

    កប៉ាល់​ទេសចរណ៍​ខាងលើ​ដែល​ត្រូវបាន​បញ្ជា​ទិញ​ដោយ​ក្រុមហ៊ុន Royal Caribbean ត្រូវបាន​ដាក់ឈ្មោះថា The Icon of the Seas។ កប៉ាល់​នេះ​នឹង​ប្រើប្រាស់​ម៉ាស៊ីន​ដំណើរការ​ដោយ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) និង​បំពាក់​បច្ចេកវិទ្យាថ្មីៗ ដែល​ជួយ​ឱ្យ​វា​ក្លាយជា​កប៉ាល់​ទំនើប​បំផុត​មួយ​នៅ​លើ​ពិភពលោក។ នេះ​បើតាម Tim Meyer នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​សាងសង់​កប៉ាល់ Meyer Turku។

    The Icon of the Seas អាចដាក់​អ្នកដំណើរ​បាន 7,600 នាក់ ច្រើនជាង​ឆ្ងាយ​បើ​ធៀប​នឹង​ជាង 1,500 នាក់​របស់​កប៉ាល់​ទេសចរណ៍ខ្នាត​យក្ស​ Titanic ដែល​បាន​លិច​កាលពី​ឆ្នាំ 1912 (111 ឆ្នាំមុន)។

    ការធ្វើដំណើរ​ជើង​ដំបូង​របស់កប៉ាល់ The Icon of the Seas នឹងមាន​រយៈពេល 7 យប់ ដោយ​ចាប់​ផ្ដើមចេញពី Miami របស់​សហរដ្ឋ​អាម៉េរិក​ នៅក្នុង​ខែមករា 2024៕

  • គ្រូបង្វឹក Mourinho ត្រូវបាន​ពិន័យ​ធ្ងន់ធ្ងរ ព្រោះតែ​ជេរ​​អាជ្ញាកណ្ដាល បន្ទាប់ពី​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

    គ្រូបង្វឹក Mourinho ត្រូវបាន​ពិន័យ​ធ្ងន់ធ្ងរ ព្រោះតែ​ជេរ​​អាជ្ញាកណ្ដាល បន្ទាប់ពី​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League

    គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់ Roma (អ៊ីតាលី) លោក Jose Mourinho បានទទួល​ពិន័យ​ជា​ផ្លូវការ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ដោយសារតែ​បង្ហាញ​ទង្វើ​ជេរប្រមាថ​អាជ្ញាកណ្ដាល បន្ទាប់ពី​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ពានរង្វាន់ Europa League 2022-2023។

    ក្លឹប​បាល់ទាត់ AS Roma បាន​ចាញ់ Sevilla (អេស្ប៉ាញ) នៅក្នុង​ការប្រកួត​ទាត់​ប៉េ​ណាំង​ទី ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League 2022-2023 ធ្វើឱ្យ​គ្រូបង្វឹក Jose Mourinho ផ្ទុះ​ការខឹង​នៅក្រោយ​ការប្រកួត។ គ្រូបង្វឹក​ជនជាតិ​ព័រទុយហ្កាល់​រូបនេះ បាន​រង់ចាំ​អាជ្ញាកណ្ដាល​​នៅ​ចំណត់​ឡាន ហើយ​បាន​ជេរប្រមាថលោក Anthony Taylor​។ លោក Mourinho ក៏​និយាយ​បញ្ឆិតបញ្ឆៀង​ក្នុងន័យ​ថា អាជ្ញាកណ្ដាល Anthony Taylor ​​កាន់ជើង​ខាង​អេ​ស្ប៉ា​ញ។

    ពេលនោះ អ្នកគាំទ្រ​របស់​ក្រុម Roma ក៏បាន​ស្រែក​ចំអក​ឱ្យ​អាជ្ញាកណ្ដាល Taylor ហើយ​ថែមទាំង​គប់​កៅអី​សំដៅ​អាជ្ញាកណ្ដាល នៅពេល​គាត់ និង​គ្រួសារ​ព្យាយាម​ចាកចេញ​ពី​ហុង​គ្រី​ត្រលប់​ទៅផ្ទះ។

    គ្រូបង្វឹក Mourinho ជេរប្រមាថ​គ្រូបង្វឹក Taylor នៅ​ចំណត់​ឡាន

    ថ្មីៗនេះ សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប បានសម្រេច​ចិត្ត​ពិន័យ​លើ​គ្រូបង្វឹក Mourinho ដោយ​មិនឱ្យ​ដឹកនាំ​​បួន​ប្រកួត​នៅ​អឺរ៉ុប ខណៈដែល Roma ឈរ​លំដាប់​ទី 6 នៅ Serie A កាលពី​រដូវ​កាល​មុន ហើយ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​ចូល​ប្រកួត​នៅ Europa League។

    ក្រៅពីនេះ ក្លឹប Roma ក៏ត្រូវ UEFA ពិន័យ​។ ពួកគេ​ត្រូវបាន​ហាម​លក់​សំបុត្រ​នៅឯ​ទីលាន​ដទៃ​ក្នុងការ​ប្រកួត​បន្ទាប់​នៅ​អឺរ៉ុប និង​ពិន័យ​ជា​ប្រាក់ 5,000 អឺរ៉ូ​ផងដែរ ហើយ​ពួកគេ​ក៏​ត្រូវបាន​តម្រូវឱ្យ​ទាក់ទង​ទៅកាន់​សហព័ន្ធ​បាល់ទាត់​ហុង​គ្រី​ដើម្បី​ដោះស្រាយ​ការខូចខាត​ដែល​អ្នកគាំទ្រ​របស់ Roma បានធ្វើ​ឡើង៕