ប្រហោង​ខ្មៅមហា​យក្ស​នៅ​កណ្ដាល​កាឡាក់ស៊ី​របស់​មនុស្ស «ហែក​ស៊ី» ​ផ្កាយ​ទើប​កើត

Sagittarius A* ដែល​អ្នកវិទ្យាសាស្ត្រ​នឹកស្មានថា​បាន «ដេក​លង់លក់» នៅ​កណ្ដាល​កាឡាក់ស៊ី​ដែលមាន​ផ្ទុក​ផែនដី ពេលនេះ​បែរជា​បញ្ចេញ​សញ្ញា​ដ៏​គួរឱ្យ​ភ័យខ្លាច។

យានអវកាស IXPE របស់​ណា​សា​ថត​បាន «សញ្ញា​ពី​ឋាននរក» ដែល​បញ្ជាក់ថា ប្រហោង​ខ្មៅ​របស់​កាឡាក់ស៊ី​មី​ល​គី​វ៉េ (Milky Way) មិនបាន​ដេក​លង់លក់​ទាំងស្រុង​ដូច​អ្នកវិទ្យាសាស្ត្រ​បានគិត​ឡើយ។

Sagittarius A* គឺជា​ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី​មី​ល​គេ​វ៉េ​ដែល​បាន​ឆ្លង​ផុត​ដំណាក់កាល​លេប​ត្របាក់​ដ៏​កាច​សាហាវ។ វា​មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ប្រហែល​នឹង 4.1 លាន​ដង និង​ស្ថិតក្នុង​ក្រុម​ប្រហោង​ខ្មៅ​ដែល​ធំជាងគេ​ក្នុង​ចក្រវាល។

Sagittarius A* ស្ថិតនៅកណ្ដាលកាឡាក់ស៊ីមីលគីវ៉េ

ក៏ប៉ុន្តែ ថ្មីៗនេះ​មាន​ភស្ដុតាង​កាន់តែច្រើន​បង្ហាញថា ប្រហោង​ខ្មៅ​នេះ​នៅតែ «ចាប់​ស៊ី» វត្ថុ​អវកាស​ទាំងឡាយណា​ដែល​គោចរ​មក​ក្បែរ​មាត់​របស់​វា។

យានអវកាស IXPE កត់ត្រា​បាន​ពន្លឺ​ចែងចាំង​ឡើង​ខុសធម្មតា​របស់​ពពក​ប​ង្ក​បង្កើត​ផ្កាយ (Molecular cloud) ស្ថិតនៅ​ក្បែរ​ចំណុចកណ្ដាល​របស់​ប្រហោង​ខ្មៅ Sagittarius A* និង​បានដឹងថា វា​កំពុង​បញ្ចេញ​ពន្លឺ​ខ្លាំង​ជាង​ការគ្រោងទុក។

ការវិភាគ​បានបង្ហាញ​ថា ពន្លឺ​នេះ​ពុំមែន​ពពក​បង្កបង្កើត​ផ្កាយ​ជា​អ្នក​បញ្ចេញ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ចំណាំង​ប្លាត​ពន្លឺ​ពី​ហេតុការណ៍​ផ្ទុះ​របស់ Sagittarius A*។

រូប​រាង​ពិត​របស់ Sagittarius A*

ការ​គណនា​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​បារាំង​បាន​បង្ហាញថា ហេតុការណ៍​ផ្ទុះ​នេះ​ទើបតែ​កើតឡើង​អំឡុង​សតវត្សរ៍​ទី XIX និង​អូស​បន្លាយពេល​ប្រហែល​មួយឆ្នាំ​កន្លះ។

អ្នកវិទ្យាសាស្ត្រ​មិនទាន់​ដឹង​ច្បាស់​ថា វត្ថុ​អវកាស​ដែល​ត្រូវបាន​ប្រហោង​ខ្មៅ​ខាងលើ​ហែក​ស៊ី​គឺជា​អ្វី​នៅឡើយ ប៉ុន្តែ​បើតាម​ទ្រឹ​ស្ត្រី វា​អាចជា​ផ្កាយ​ដែល​ទើប​ចាប់កំណើត​ពី​ពពក​ម៉ូលេគុល​នៅក្បែរ​ប្រហោង​ខ្មៅ​នោះ។

Advertisement