Tag: ថ្ម

  • សាកសព​កប៉ាល់ Titanic នឹង​ទៅជា​យ៉ាង បើសិន​បូមទឹក​អស់​ពី​​ជុំវិញ?

    សាកសព​កប៉ាល់ Titanic នឹង​ទៅជា​យ៉ាង បើសិន​បូមទឹក​អស់​ពី​​ជុំវិញ?

    ថ្មីៗនេះ គម្រោង​មួយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ស្កេ​ន 3D ដ៏​ទំនើប ដើម្បី​បង្ហាញ​ឡើងវិញ​នូវ​រូបភាព​សាកសព​កប៉ាល់​ដែល​បាន​លិច​កាលពី​ប្រហែល 111 ឆ្នាំមុន​ យ៉ាង​លំអិត​បំផុត។

    បច្ចេកវិទ្យា​ខាងលើ មិន​ត្រឹមតែ​បង្ហាញ​រូបភាព​ដ៏​ស្រស់ស្អាត និង​ភាព​អស្ចារ្យ​របស់​កប៉ាល់​មួយ​កាលពី​អតីតកាល ប៉ុន្តែ​ក៏​ជួយ​ឱ្យ​អ្នកស្រាវជ្រាវ​ដឹង​អំពី​អាថ៌កំបាំង​ស្ដីពី​គ្រោះថ្នាក់​កាលពី​ឆ្នាំ 1912 ផងដែរ។

    គម្រោង​ខាងលើនេះ​ត្រូវបាន​អនុវត្ត​កាលពី​រដូវក្ដៅ​ឆ្នាំ 2022 ដោយ​ក្រុមហ៊ុន​បង្កើត​ផែនទី​បាតសមុទ្រ Magellan Ltd. និង​ផលិតកម្ម​ភាពយន្ត​ឯកសារ Atlantic Production។ ពួកគេ​ប្រើប្រាស់​កាមេរ៉ា​បញ្ជា​ពី​ចម្ងាយ​ដើម្បី​ស្វែងយល់​ពី​គំនរ​បាក់បែក​របស់​សាកសព​កប៉ាល់ Titanic ក្នុង​ជម្រៅ​ប្រហែល 4,000 ម៉ែត្រ នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដែលមាន​ចម្ងាយ​ប្រហែល 450 គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ Newfoundland និង Labrador របស់​ប្រទេស​កាណាដា។

    ក្រោយ​ការថត​នៅ​បាតសមុទ្រ​ជាង 200 ម៉ោង ពួកគេ​ក៏​ប្រមូលបាន​រូបភាព​ចំនួន 700,000 រូប និង​បាន​កាត់ត​​ចូលគ្នា​ដើម្បី​បង្កើតបានជា​រូបភាព 3D ដ៏​លំអិត​ដំបូង​ស្ដីពី​សាកសព​កប៉ាល់ Titanic។

    Titanic នៅតែ​ជា​និមិត្តរូប​របស់​មហា​គ្រោះថ្នាក់​នៅលើ​សមុទ្រ​របស់​មនុស្សជាតិ។ ដោយសារ​មាន​បច្ចេកវិទ្យា​ស្កេ​ន 3D យើង​អាច​មើលឃើញ​សាកសព​កប៉ាល់​នេះ​បាន​យ៉ាងច្បាស់ និងប្រកប​ដោយ​ភាព​​រស់​រវើក​ជាងពេលណាៗទាំងអស់៕

     

  • ក្រុមហ៊ុន​មួយ​ចំណាយ 138 លាន​ដុល្លារ​អាម៉េរិក ដើម្បី​លើកទឹកចិត្ត​បុគ្គលិក​ឱ្យ​បង្កើតកូន

    ក្រុមហ៊ុន​មួយ​ចំណាយ 138 លាន​ដុល្លារ​អាម៉េរិក ដើម្បី​លើកទឹកចិត្ត​បុគ្គលិក​ឱ្យ​បង្កើតកូន

    ក្រុមហ៊ុន​ទេសចរណ៍​ធំ​មួយ​នៅ​ប្រទេស​ចិន បញ្ចេញ​កញ្ចប់​ជំនួយ​សម្រាប់​ការថែទាំ​ក្មេង​តម្លៃ 138 លាន​ដុល្លារ​​អាម៉េរិក ដើម្បី​លើកទឹកចិត្ត​ដល់​បុគ្គលិក 32,000 នាក់ ក្នុងការ​បង្កើតកូន។

    បុគ្គលិក​ធ្វើការ​នៅ Trip.com ដែលជា​ក្រុមហ៊ុន​ទេសចរណ៍​ធំជាងគេ​មួយ​របស់​ពិភពលោក នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ 1,376 ដុល្លារ​អាម៉េរិក​ក្នុង​មួយឆ្នាំ រយៈពេល​ប្រាំ​ឆ្នាំ សម្រាប់​ទារក​ម្នាក់។ គោលការណ៍​​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃនេះ (01) កក្កដា 2023។

    «តាមរយៈ​កញ្ចប់​អត្ថប្រយោជន៍​ស្ដីពី​ការថែទាំ​ក្មេង​ថ្មី​នេះ យើង​មានបំណង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​លើកទឹកចិត្ត​ដល់​បុគ្គលិក​ឱ្យ​ចាប់ផ្ដើម ឬ​ពង្រីកទំហំ​​គ្រួសារ​ដោយ​មិន​បង្ក​ផលប៉ះពាល់​ដល់​គោលដៅ និង​សមិទ្ធផល​ការងារ» លោក James Liang ប្រធាន​ក្រុមហ៊ុន Trip.com កាលពី​ថ្ងៃទី 30 កក្កដា 2023 ឱ្យដឹង​ដូច្នេះ។

    គោលការណ៍​ខាងលើនេះ​អនុវត្ត​ចំពោះ​បុគ្គលិក​ពេញសិទ្ធិ​ដែល​ធ្វើការ​យ៉ាងតិច​បី​ឆ្នាំ មិន​កំណត់​ភេទ តំណែង ឬ​ទីតាំង​ធ្វើការ។ ក្រុមហ៊ុន Trip.com បច្ចុប្បន្ន​មាន​បុគ្គលិក​សរុប​ប្រហែល 32,000 នាក់។

    គោលការណ៍​របស់ Trip.com ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​ប៉េកាំង បាន​លុបចោល​គោលនយោបាយ​កូន​មួយ​ដែល​អូសបន្លាយ​ពេល​រាប់​ទសវត្សរ៍ កាលពី​ឆ្នាំ 2015 ដោយ​អនុញ្ញាតឱ្យ​ប្ដី​ប្រពន្ធ​មួយគូ​មានកូន​ពីរ​នាក់​។ ការអនុញ្ញាតរបស់​​រដ្ឋាភិបាល​ចិន​ ក៏​ធ្វើឡើង​ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​ទាក់ទង​នឹង​បញ្ហាធ្លាក់​ចុះ​នៃ​​ចំនួន​ប្រជាជន​​ ដែល​ប៉ះពាល់​ដល់​សេដ្ឋកិច្ចប្រទេស​នេះ​៕

  • ភព​ខ្នាត​យក្ស​មួយ​ទើបតែ​លេចមុខ​ឡើង​ ក្រោយ​ការ​រីក​មាឌ​របស់​ផ្កាយ​មេ

    ភព​ខ្នាត​យក្ស​មួយ​ទើបតែ​លេចមុខ​ឡើង​ ក្រោយ​ការ​រីក​មាឌ​របស់​ផ្កាយ​មេ

    ភព​ខ្នាត​ធំ​មួយ​ដែល​ត្រូវបាន​ដាក់ឈ្មោះថា Halla ទើបតែ​បានបង្ហាញ​ខ្លួន​ដោយ​គោចរ​ជុំវិញ Bakedu ដែល​ជា​វត្ថុ​អវកាស​​ទើបតែ​លេច​ឡើងជា​ផ្កាយ​យក្ស​ក្រហម ហើយ​គួរ​ណាស់​តែ​បាន​លេប​ត្របាក់​ភព​នេះ​រួចហើយ​។

    Halla ដែលជា​ភព​ខ្នាត​យក្ស​ដូច​ទៅនឹង​ភព​ព្រហស្បតិ៍ ត្រូវបាន​រកឃើញ​នៅពេល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ពិនិត្យមើល​ដំណាក់កាល Bakedu រីក​មាឌ និង​ក្លាយជា​ផ្កាយ​ខ្នាត​យក្ស​ពណ៌​ក្រហម។

    ផ្កាយ​នានា​នៅក្នុង​ចក្រវាល​ដែល​ដូច​ព្រះអាទិត្យ​របស់​មនុស្ស នៅពេល​អស់​ថាមពល​នឹង​ប៉ោង​ឡើង រីក​មាឌ​ជា​លើកចុងក្រោយ ក្លាយជា​ផ្កាយ​យក្ស​ក្រហម ដោយ​ធំ​ជាង​មុន 1.5 ដង។ ក្រោយមក វា​នឹងត្រូវ​ដួលរលំ ក្លាយជា​កូន​ផ្កាយ​ពណ៌​ស។

    ក្នុងអំឡុងពេល​រីក​មាឌ​ជា​លើកចុងក្រោយ ផ្កាយ​ទាំងនេះ​អាច​លេប​ត្របាក់​យក​បណ្ដា​ភព​ដែល​នៅក្បែរ​វា។ ព្រះអាទិត្យ​របស់​មនុស្ស​ក៏ត្រូវ​បាន​ព្យាករ​ថា នឹង​លេប​យក​ភព​ចំនួន​បី​ដែល​នៅក្បែរ រួមមាន ភព​ពុធ ភព​សុក្រ និង​ផែនដី នៅ​ពេល​វា​រីក​មាឌ​។

    ក៏ប៉ុន្តែ នៅ​ជុំវិញ​ផ្កាយ Bakedu ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​តារាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Hawaii (សហរដ្ឋ​អាម៉េរិក) បាន​ប្រទះឃើញ Halla បង្ហាញខ្លួន​បន្ទាប់ពី​ហេតុការណ៍​រីក​មាឌ​ដល់​កម្រិត​កំពូល​​របស់​ផ្កាយ​ក្រហម Bakedu។ ភព Halla «នៅមាន​ជីវិត»​ និង​ស្ថិត​នៅ​ក្នុង​លំហ​ដែល​មុន​នោះ​ផ្កាយ Bakedu បាន​គ្របដណ្ដប់​ទាំងស្រុង។

    ការសង្កេត​ថ្មី​បំផុត​បាន​បញ្ជាក់ថា ភព​ខាងលើ​នៅតែ​គោចរ​លើ​គន្លង​​ប្រកបដោយ​ស្ថិរភាព​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍ និង​នៅតែមាន «ជីវិត» ជាមួយនឹង​ផ្កាយ​មេ​ដែល​កំពុង​ព្យាយាម​លេប​យក​វា។

    អ្នកវិទ្យាសាស្ត្រ​មិនទាន់​យល់ច្បាស់​ថា ហេតុអ្វី​បានជា Halla នៅមាន​ជីវិត។ មានការ​សន្និដ្ឋានថា Halla ប្រហែលជា​ធ្លាប់​គោចរ​ក្នុង​គន្លង​តារាវិថី​ឆ្ងាយ នៅ​មុនពេល​ហេតុការណ៍​រីក​មាឌ​របស់ Bakedu។ ប៉ុន្តែ លទ្ធភាព​នេះ​ហាក់​មាន​តិចតួច។

    លទ្ធភាព​ទី​ពីរ​គឺថា Halla បានកកើតឡើង​ពី​ការ​ប៉ះគ្នា​រវាង​ផ្កាយ​ពីរ​ដួង។ ដូច្នេះ Halla អាចជា «ខ្មោចឆៅ» របស់​ផ្កាយ​មួយ​ដួង​ក្នុងចំណោម​ពីរ​ដែល​បាន​ងាប់ ពោលគឺ​មិនមែន Bakedu។

    លទ្ធភាព​ទី​បី គឺថា Halla ពិតជា​នៅមាន​ជីវិត​ក្រោយ​ហេតុការណ៍​ផ្កាយ Bakedu ​រីក​មាឌ។ ប្រការនេះ​អាច​នាំមក​នូវ​ក្ដីសង្ឃឹម​ខ្លះ​សម្រាប់​អនាគត​របស់​ផែនដី៕

  • យន្តហោះ Virgin Galactic ដឹក​ភ្ញៀវ​ឡើងទៅ​អវកាស​បាន​ជោគជ័យ

    យន្តហោះ Virgin Galactic ដឹក​ភ្ញៀវ​ឡើងទៅ​អវកាស​បាន​ជោគជ័យ

    (សហរដ្ឋ​អាម៉េរិក) – ក្រុមហ៊ុន Virgin Galactic បានទទួល​ជោគជ័យ​នូវ​ភារកិច្ច​ពាណិជ្ជកម្ម​ដំបូង​កាលពី​ថ្ងៃទី 29 មិថុនា 2023 ដែល​នាំ​មនុស្ស​ឡើងទៅ​កាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី និង​ត្រលប់​មកកាន់​ផែនដី។

    ជើងហោះហើរ​ថ្មី​នេះ​បាន​ចាក​ចេញពី​មជ្ឈមណ្ឌល​អវកាស Spaceport America ក្នុង​រដ្ឋ​ New Mexico នៅវេលា​ម៉ោង 21 និង 30 នាទី ថ្ងៃទី 29 មិថុនា (ពេលវេលា​នៅ​កម្ពុជា) និង​ហោះ​ឡើង​ដល់ទី​អវកាស​ក្បែរ​គន្លង​តារាវិថី ក្រោយ​ការ​ធ្វើដំណើរ​បាន 58 នាទី។ ក្រោយ​ការ​អណ្ដែត​នៅលើ​កម្ពស់ 85.1 គីឡូម៉ែត្រ ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្មាន​ទំនាញ​ផែនដី​ យន្តហោះ​អវកាស VSS Unity ​ក៏បាន​ត្រលប់មក​ចុះចត​នៅ SpacePort America នា​​ម៉ោង 22 និង 42 នាទី ​ក្នុង​ថ្ងៃ​ដដែល។

    ក្រុមហ៊ុន Virgin Galactic ត្រូវបាន​បង្កើតឡើង​ដោយ​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស Richard Branson កាលពី​ឆ្នាំ 2014។

    Angelo Landolfi, Walter Villadei និង Pantaleone Carlucci កាន់ទង់ជាតិអ៊ីតាលី ខណៈ Colin Bennett សម្លឹងមើល អំឡុងពេលហោះហើររបស់ពួកគេនៅក្នុងយន្តហោះរ៉ុក្កែត VSS Unity របស់ Virgin Galactic

    Virgin Galactic កំពុង​អភិវឌ្ឍ​ក្រុម​យន្តហោះ​អវកាស និង​យន្តហោះ​ដឹកជញ្ជូន។ យានអវកាស​ថ្នាក់ Delta ថ្មី​របស់​ពួក​គេ​ ​អាច​ហោះ​មួយ​ជើង​ក្នុង​មួយ​សប្ដាហ៍។ ក្រោយពី Delta ចាប់ផ្ដើម​ដំណើរការ​នៅ​ឆ្នាំ 2026 Virgin Galactic អាច​នាំ​ភ្ញៀវ​ឡើងទៅ​កាន់​ទី​អវកាស​ជា​រៀងរាល់ថ្ងៃ ពី​ទីតាំង​ជាច្រើន​នៅលើ​ពិភពលោក៕

  • ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

    ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

    ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​វៀតណាម Thai Binh Hung Thinh (Thai Hung) នឹង​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំក្រោយ។

    កាលពី​ថ្ងៃទី 28 មិថុនា 2023 ក្រុមហ៊ុន Thai Hung របស់​វៀតណាម និង​ក្រុមហ៊ុន Roding Mobility របស់​អាល្លឺម៉ង់ បាន​ចុះ​កិច្ចព្រមព្រៀង​ស្រាវជ្រាវ អភិវឌ្ឍ និង​ផលិត​ម៉ូតូ​អគ្គិសនី រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​ប្រទេស​វៀតណាម។

    យោងតាម​កិច្ចព្រមព្រៀង​ខាងលើ Roding នឹង​ទទួលខុសត្រូវ​ក្នុង​ផ្នែក​ព្រឹក្សា​យោបល់​លើ​បញ្ហា​បច្ចេកទេស គ្រប់គ្រង​ដំណាក់កាល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ផលិតផល រហូតដល់​ផលិត​បានជា​ស្ថាពរ។ ក្រោយមក បច្ចេកវិទ្យា​ទាំងមូល​របស់​ពួកគេ​នឹងត្រូវ​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន​វៀតណាម Thai Hung។

    ក្រុមហ៊ុន​វៀតណាម​នឹង​ទទួល​បច្ចេកវិទ្យា​ពី Roding ដើម្បី​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​វៀតណាម ដើម្បី​លក់​ក្នុងស្រុក។

    រោងចក្រ​របស់​ពួកគេ​នឹង​អាច​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​សរុប​បាន 15,000 គ្រឿង/ឆ្នាំ ក្នុងនោះ​រថយន្ត​អគ្គិសនី​នឹងមាន​ប្រហែល 5,000 គ្រឿង/ឆ្នាំ។ តាម​គម្រោង រោងចក្រ​ខាងលើ​នឹង​ដំណើរការ​ចាប់ពី​ត្រីមាស​ទី​បួន ឆ្នាំ 2023។ ផលិតផល​ដំបូង​របស់​ក្រុមហ៊ុន​ខាងលើ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2024។

    ដូច្នេះ Thai Hung នឹង​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ទី​បី​ដែលមាន​រោងចក្រ​ដំឡើង​នៅ​វៀតណាម បន្ទាប់ពី VinFast របស់​មហាសេដ្ឋី​វៀតណាម និង Wuling របស់​ចិន៕

  • ដំណេក​ពេល​ថ្ងៃត្រង់​ជួយ​ឱ្យ​ខួរ​ក្បាលមាន​សុខភាព​ល្អ និង​ក្មេង​ជាង​វ័យ​

    ដំណេក​ពេល​ថ្ងៃត្រង់​ជួយ​ឱ្យ​ខួរ​ក្បាលមាន​សុខភាព​ល្អ និង​ក្មេង​ជាង​វ័យ​

    យោងតាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ ការ​ដេក​នៅពេល​ថ្ងៃត្រង់​នឹង​ជួយ​ឱ្យ​ខួរក្បាល​រីកចម្រើន សុខភាព​ល្អ ហើយ​មនុស្ស​មាន​កម្លាំង​ដូច​នៅ​ក្មេង​ជាង​វ័យ​ពី 3 ទៅ 7 ឆ្នាំ។

    ក្រុម​អ្នកស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ College London (ចក្រភព​អង់គ្លេស) និង សាកលវិទ្យាល័យ​សាធារណរដ្ឋ នៃ​ប្រទេស​អ៊ុយ​រូ​ហ្គា​យ ថ្មីៗនេះ​បានបញ្ចប់​ការវិភាគ​ទិន្នន័យ​ដែល​បាន​​ពី​មនុស្ស 35,080 នាក់​ដែល​បាន​ចូលរួម​នៅឯ​ធនាគារ​ជីវសាស្ត្រ​របស់​អង់គ្លេស។

    លទ្ធផល​នៃ​ការ​វិភាគ​ទិន្នន័យ​ខាង​លើ​ បាន​នាំ​ទៅ​រក​ការ​​​សន្និដ្ឋានថា ដំណេក​នៅពេល​ថ្ងៃត្រង់​គឺជា​គន្លឹះ​ដើម្បី​រក្សា​ទម្ងន់​របស់​ខួរក្បាល នៅពេល​ចាស់។ វា​នឹង​ជួយ​ឱ្យ​ខួរក្បាល​រីកចម្រើន សុខភាព​ល្អ ហើយ​មនុស្ស​មាន​កម្លាំង​ដូច​នៅ​ក្មេង​ជាង​វ័យ​ពី 3 ទៅ 7 ឆ្នាំ។

    ទោះជា​យ៉ាងណាក៏ដោយ សាស្ត្រាចារ្យ Simon Smith អ្នកជំនាញ​ខាង​ដំណេក និង​សុខភាព​របស់​សាកលវិទ្យាល័យ Queensland (អូស្ត្រាលី) បានឱ្យដឹងថា លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​មិនមែន​មានន័យថា ដំណេក​រយៈពេល​ខ្លី​នៅ​ថ្ងៃត្រង់ ​សុទ្ធ​តែមាន​ប្រយោជន៍​​ពេញ​លេញ​ដូច​បាន​រៀបរាប់​ខាងលើ​នោះឡើយ។

    សាស្ត្រាចារ្យ Simon Smith បញ្ជាក់​ថា បញ្ហា «ស្វិ​ត​ខួរក្បាល​នៅតែ​អាច​កើតឡើង​ទៅតាម​ស្ថានភាព​សុខភាព​ជាក់ស្ដែង មានដូចជា មនុស្ស​ញៀន​នឹង​ស្រា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ភ្លេចភ្លាំង​ (Alzheimer) ក៏ដូចជា​ការ​ចាស់​ទៅតាម​អាយុ​ជាដើម៕

  • ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនីចិន Aion ចាប់​ផ្ដើម​វាយ​លុក​ទីផ្សារ​អាស៊ី​អាគ្នេយ៍

    ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនីចិន Aion ចាប់​ផ្ដើម​វាយ​លុក​ទីផ្សារ​អាស៊ី​អាគ្នេយ៍

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន Aion ដែលជា​យីហោ​មួយ​របស់ GAC (Guangzhou Automobile Corporation) បាន​ចូលមក​កាន់​ទីផ្សារ​ប្រទេស​ថៃ និង​ក្លាយជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ថ្មី​បំផុត​របស់​ចិន​ដែល​ធ្វើ​ដូច្នេះ។

    កាលពី​ថ្ងៃទី 28 មិថុនា GAC Aion បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ស្ដីពី​កិច្ចសហការ​ជាមួយ​តំណាង​ចែកចាយ​នៅ​ប្រទេស​ថៃ ដើម្បីនាំ​រថយន្ត​អគ្គិសនី​​ចូលមក​ទីផ្សារ​នេះ​ជា​ផ្លូវការ បើកផ្លូវ​ឱ្យ Aion ចាប់​ផ្ដើម​ធ្វើ​អន្តរ​ជាតូបនីយកម្ម​យីហោ​របស់​ខ្លួន​។ ក្រុមហ៊ុន​នេះ​នឹង​បើក​ទីស្នាក់ការ​កណ្ដាល​នៅ​អាស៊ីអាគ្នេយ៍​លើ​ទឹកដី​ថៃ​ក្នុងឆ្នាំនេះ។

    GAC Aion ឱ្យដឹងថា ការផលិត​បណ្ដា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដែល​ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​ថៃ កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​មមា​ញឹក។ ក្នុង​អនាគត ក្រុមហ៊ុន​នេះ​ក៏​នឹង​ពង្រីក​វត្តមាន​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​ផងដែរ។

    អំពី​ការលក់​រថយន្ត​អគ្គិសនី នៅ​ប្រទេស​ចិន GAC Aion ឈរ​លំដាប់​ទី​ពីរ​បន្ទាប់ពី BYD។ នេះ​បើតាម​បញ្ជី​ចំណាត់ថ្នាក់​របស់​សមាគម​រថយន្ត​ដឹក​អ្នកដំណើរ​ចិន (CPCA)។

  • ទីក្រុង​ដែល​ដំឡើង​ប្រព័ន្ធ​បាញ់​ចំហាយ​ទឹក​ក្រៅ​អគារ​ដើម្បី​បញ្ចុះ​កម្ដៅ

    ទីក្រុង​ដែល​ដំឡើង​ប្រព័ន្ធ​បាញ់​ចំហាយ​ទឹក​ក្រៅ​អគារ​ដើម្បី​បញ្ចុះ​កម្ដៅ

    (អា​រ៉ា​ប៊ី​សា​អូឌីត) – ទីក្រុង Mecca ដំឡើង​បង្គោល និង​កង្ហារ​បាញ់​សន្សើម​សិប្បនិម្មិត​នៅលើ​ទី​ខ្ពស់ ខាងក្រៅ​អគារ ដើម្បី​បង្កើន​សំណើម និង​កាត់​បន្ថយកម្ដៅ​ក្នុង​បរិយាកាស​សម្រាប់​ក្រុម​អ្នកធ្វើ​ធម្ម​យាត្រា។

    ដោយសារតែ​អាកាសធាតុ​ក្ដៅ​ខ្លាំង ឆ្នាំនេះ ទីក្រុង Mecca របស់​អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត បាន​ប្រើប្រាស់​មធ្យោបាយ​ថ្មី​ដើម្បី​ទប់ទល់។ អាជ្ញាធរ​ដំឡើង​បង្គោល និង​កង្ហារ​បាញ់​សន្សើម​សិប្បនិម្មិត​នៅលើទី​ខ្ពស់ ខាងក្រៅ​អគារ ដើម្បី​កាត់បន្ថយ​កម្ដៅ​សម្រាប់​ក្រុម​អ្នកធ្វើ​ធម្ម​យាត្រា។

    ប្រព័ន្ធ​បាញ់​ទឹក​សន្សើម​នេះ​ត្រូវបាន​ដំឡើង​នៅតាម​បណ្ដោយ​ផ្លូវ​នានា​ដែល​នៅក្នុង​តំបន់​នៃ​វិហារ​អ៊ីស្លាម​ធំ ដើម្បី​ជួយ​ទល់​ស្កាត់​ផលប៉ះពាល់​ដោយសារ​កម្ដៅ។ កាលពី​ថ្ងៃទី 27 មិថុនា 2023 សីតុណ្ហភាព​របស់​ទីក្រុង​ខាងលើនេះ​បាន​ឡើងដល់ 48 អង្សា​សេ។

    អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត គ្រោង​នឹង​ទទួល​អ្នកធ្វើដំណើរ​ធម្ម​យាត្រា​ប្រហែល 2.6 លាន​នាក់​នៅក្នុង​រដូវ​បុណ្យ​ឆ្នាំនេះ។ នេះ​គឺជា​រដូវ​ធម្ម​យាត្រា​ដំបូង​រាប់​ចាប់​តាំង​ពី​ឆ្នាំ 2019 ដែល​ពុំមាន​ការហាម​ប្រាម​ដោយសារ​កូ​វីដ។

  • ជនជាតិ​ជប៉ុន​មួយរូប អភិវឌ្ឍ​រ៉ូ​បូ​តដៃ​ច្រើន​អាច​ពាក់​លើ​រាងកាយ

    ជនជាតិ​ជប៉ុន​មួយរូប អភិវឌ្ឍ​រ៉ូ​បូ​តដៃ​ច្រើន​អាច​ពាក់​លើ​រាងកាយ

    ក្រុម​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​តូ​ក្យូ បង្កើត​រ៉ូ​បូត​មាន​ដៃ​ច្រើន​អាច​ពាក់​លើ​ខ្នង និង​ជួយ​ធ្វើ​កិច្ច​ការ​របស់​មនុស្ស​។

    ថ្មីៗនេះ ក្រុម​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ Masahiko Inami ប្រចាំ​សាកលវិទ្យាល័យ​តូ​ក្យូ ប្រទេស​ជប៉ុន បាន​អភិវឌ្ឍ​រ៉ូ​បូត​មួយ​ប្រភេទ​ដែលមាន​ដៃ​ច្រើន អាច​បំពាក់​លើ​ខ្នងមនុស្ស។ ដៃ Jizai របស់​រ៉ូ​បូត​នេះ​ត្រូវបាន​បំពាក់​បច្ចេកវិទ្យា​ដែល​អាចឱ្យ​វា​ធ្វើតាម​បំណង​មនុស្ស។

    សាស្ត្រាចារ្យ Inami ឱ្យដឹងថា សក្ដានុពលរ​បស់ដៃ​យន្ត​នេះ​ត្រូវបាន​ទន្ទឹងរង់ចាំ​ខ្លាំង ព្រោះ​វា​អាច​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ការស្វែងរក និង​ជួយសង្គ្រោះ​នាពេល​អនាគត។

  • បំណែក​សាក​សព​​នាវាមុជទឹក Titan ត្រូវបាន​ស្រង់​ឡើងគោក

    បំណែក​សាក​សព​​នាវាមុជទឹក Titan ត្រូវបាន​ស្រង់​ឡើងគោក

    បំណែក​របស់​នាវាមុជទឹក Titan ដែល​បាន​ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃទី 18 មិថុនា 2023 ត្រូវបាន​ស្រង់​ឡើងគោក និង​នាំទៅ​កាន់​កំពង់ផែ​នៅ​ប្រទេស​កាណាដា ក្នុងនោះ​ក៏​អាចមាន​ផ្ទុក​បំណែក​សាកសព​រប​ស់ជន​រងគ្រោះ។

    ក្រុមហ៊ុន​អាម៉េរិក Pelagic Research ដែលមាន​រ៉ូ​បូត​បញ្ជា​ពី​ចម្ងាយ Odysseus ដែល​​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ស្វែងរក​នាវា Titan បានឱ្យដឹងថា បំណែក​នានា​ពី​សាកសព​នាវាមុជទឹក Titan ក្នុងនោះ​អាចមាន​ផ្នែក​ខាងមុខ និង​ឧបករណ៍​បញ្ជា ត្រូវបាន​នាំទៅ​កាន់​កំពង់ផែ St. John នៅ​ប្រទេស​កាណាដា កាលពី​ថ្ងៃទី 28 មិថុនា។

    «ក្រុម​អ្នកស្វែងរក​បានធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ចំនួន 10 ថ្ងៃ នៅក្នុង​ការស្វែងរក​សា​ក​សព​​នាវា​ Titan» អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ខាងលើ​ឱ្យដឹង​ដូច្នេះ និង​បន្តថា បេសកកម្ម​ស្រង់​ឡើងគោក​របស់​ពួកគេ​ត្រូវបាន​បិទ​បញ្ចប់​។

    បំណែក​ពី​នាវា Titan នឹងត្រូវ​បាន​ដឹក​ទៅកាន់​សហរដ្ឋ​អាម៉េរិក ដើម្បី​វិភាគ​បន្ថែម។ កម្លាំង​ឆ្មាំ​សមុទ្រ​អាម៉េរិក ថ្មីៗនេះ​ក៏បាន​បញ្ជាក់ថា ប្រហែលជា​បាន​រកឃើញ​បំណែក​សាកសព​របស់​ជ​ន​រងគ្រោះ​នៅក្បែរ​បំណែក​នាវា ក្នុងពេល​ស្រង់​ឡើងគោក។

    Jason Meubauer ប្រធាន​ក្រុម​ស្រាវជ្រាវ​អំពី​ហេតុ​កាណ៍​គ្រោះថ្នាក់​នាវា Titan របស់​សហរដ្ឋ​អាម៉េរិក និយាយថា «នៅមាន​កិច្ចការ​ត្រូវធ្វើ​ជាច្រើន​ទៀត​ដើម្បី​ស្វែងរក​មូលហេតុ​ដែលនាំឱ្យ​កើតមាន​ហេតុ​កាណ៍​ដ៏​សោកសៅ​របស់ Titan»។

    នាវាមុជទឹក Titan បាន​ដាច់​ទំនាក់ទំនង​តាំងពី​ថ្ងៃទី 18 មិថុនា 2023 ប្រហែល​ជិត​ពីរ​ម៉ោង​បន្ទាប់ពី​បាន​ចាក​ចេញពី​កប៉ាល់​មេ Polar Prince ដើម្បី​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic។ កាលពី​ថ្ងៃទី 22 មិថុនា ក្រុម​ល្បាត​សមុទ្រ​អាម៉េរិក​អះអាងថា នាវា Titan បាន​បែកបាក់​ខ្ទេច​​ខ្ទី​នៅ​បាតសមុទ្រ បណ្ដាលឱ្យ​មនុស្ស 5 នាក់​បាត់​បង់ជីវិត។ បំណែក​របស់ Titan ត្រូវបាន​រកឃើញ​នៅ​តំបន់​ដែលមាន​ចម្ងាយ​ពី​ក្បាល​សាកសព​កប៉ាល់ Titanic ប្រហែល 488 ម៉ែត្រ។

    មន្ត្រី​អាម៉េរិក​យល់ថា Titan ត្រូវបាន​កម្ទេច​​ដោយ​សម្ពាធ​ទឹក​ក្នុង​ជម្រៅ​ជិត 4,000 ម៉ែត្រ ធ្វើឱ្យ​ជនរងគ្រោះ​ហាក់​​ត្រូវស្លាប់ភ្លាមៗ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារ​បញ្ហា​បច្ចេកទេស​ក្នុង​នាវា ឬ​ដោយសារ​មនុស្ស​ធ្វើឱ្យមាន​កំហុស៕