Tag: ថ្ម

  • យន្តហោះ​អគ្គិសនីកូនកាត់ បំបែក​កំណត់​ត្រា​ហោះ​ហើរ​​ជាង 10 ម៉ោង

    យន្តហោះ​អគ្គិសនីកូនកាត់ បំបែក​កំណត់​ត្រា​ហោះ​ហើរ​​ជាង 10 ម៉ោង

    (សហរដ្ឋ​អាម៉េរិក) – យន្តហោះ Electric EEL ហោះ​ហើរ​ជាង 2,200 គីឡូម៉ែត្រ ក្នុង​ដែន​អាកាស​កាលីហ្វ័រញ៉ា ប៉ុន្តែ​នៅ​សល់​ឥន្ធនៈ​ និង​ថាមពល​អគ្គិសនី​ជាង​ 2 ម៉ោង​ទៀត​។

    ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​របស់​អាម៉េរិក Ampaire សម្រេច​បាន​ជោគ​ជ័យ​ នៅពេល​យន្ត​ហោះ​ Electric EEL បញ្ចប់​ការ​ហោះ​ហើរ​ 12 ម៉ោង នៅ កាម៉ារីឡូ ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា កាល​ពី​ថ្ងៃទី 10 ធ្នូ​កន្លង​ទៅ​។ Ampaire ឱ្យ​ដឹង​ថា ជើង​ហោះ​ហើរ​នេះ​បាន​បំបែក​កំណត់ត្រា​មុន​នោះ ដែល​ទាក់​ទង​នឹង​ពេល​វេលា​នៃ​ការ​ហោះ​ហើរ​របស់​យន្តហោះប្រភេទ​កូន​កាត់​អគ្គិសនី​ – ឥន្ធនៈ​។

    ទន្ទឹម​នឹង​នេះ Electric EEL ក៏​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ នៅពេល​វា​នៅ​សាល់​ឥន្ធនៈ និង​ថាមពល​អគ្គិសនី​ដែលអាច​ហោះ​ហើរ​បាន​ 2 ម៉ោង​ទៀត​ បន្ទាប់​ពី​បាន​ចុះ​ចត។ ក្នុង​ជើង​ហោះ​ហើរ​នេះ Electric EEL បាន​ហោះ​ហើរ​ប្រហែល 2,213 គីឡូម៉ែត្រ។

    Ampaire ឱ្យ​ដឹង​ថា ប្រព័ន្ធ​ម៉ាស៊ីនហាយព្រីតឆ្លាត​វៃ​ជំនាន់​​ដំបូង​ដែលបំពាក់​លើ​ Electric EEL ជួយ​កាត់​បន្ថយ​ការ​ចំណាយលើ​​ឥន្ធនៈ​ពី 50% ទៅ 70%​ និង​បន្ថយ​ការ​ចំណាយ​លើ​ការ​ថែទាំ​ពី 25% ទៅ 50%​ បើ​ធៀប​នឹង​យន្តហោះ​ប្រើ​ឥន្ធនៈ​សុទ្ធ​៕

  • ក្រុម​ហ៊ុន​វៀតណាមមួយ​ គ្រោង​នឹង​វិនិយោគ​ទ្រង់ទ្រាយ​ធំ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

    ក្រុម​ហ៊ុន​វៀតណាមមួយ​ គ្រោង​នឹង​វិនិយោគ​ទ្រង់ទ្រាយ​ធំ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

    កាល​ពី​ថ្ងៃទី 12 ធ្នូ 2023 ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុម​ហ៊ុ​ន​ THACO លោក ត្រឹង បាយឿង បាន​ចូល​រួម​វេទិកា ជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា – វៀតណាម ឆ្នាំ 2023​ ដែល​ធ្វើ​ឡើង​នៅ​ ហាណូយ​ ប្រទេស​វៀតណាម និង​បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​សម្ដេចធិបតី ហ៊ុន ម៉ាណែត​ ដែល​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​។

    នៅ​ក្នុង​ជំនួប​ខាងលើ លោក ត្រឹង បាយឿង បាន​រាយការណ៍​អំពី​គម្រោង និង​សកម្មភាព​វិនិយោគ​ ផលិត ក្នុង​វិស័យ​កសិកម្ម​ទ្រង់​ទ្រាយ​ធំ​របស់​ក្រុម​ហ៊ុន THACO នៅ​ កម្ពុជា​។

    បន្ទាប់​ពី​ចូល​គ្រប់​គ្រង​ក្រុម​ហ៊ុន​ចំនួន​ 6 របស់ HAGL Agrico កាល​ពី​ឆ្នាំ 2020 THACO AGRI (ឈ្មោះ​ថ្មី) មាន​កម្មករ​ក្នុង​ដៃ​ជាង 17,000 នាក់​នៅ​ កម្ពុជា​។ ចាប់​ពី​ឆ្នាំ 2022 ដល់​បច្ចុប្បន្ន THACO AGRI បាន​ចាប់​ផ្ដើម​វិនិយោគ​សាក​ល្បង​លើ​ការ​ដាំ​ចេក ឈើ​ហូប​ផ្លែ​ – ចិញ្ចឹម​គោ និង​ពពែ​។

    បច្ចុប្បន្ន សកម្មភាព​វិនិយោគ​សាកល្បង​របស់​ក្រុម​ហ៊ុន​ខាងលើនៅ​ កម្ពុជា បាន​ទទួល​ជោគ​ជ័យ និង​អាច​វិនិយោគ​ទ្រង់​ទ្រាយ​ធំ​​។ ប្រការ​នេះត្រូវ​បាន​បញ្ជាក់​ដោយ​​​ប្រធាន​ក្រុម​ហ៊ុន THACO AGRI តាម​រយៈ​ការ​ស្នើសូម​ការ​អនុញ្ញាត​ពីសម្ដេចធិបតី ហ៊ុន​ ម៉ាណែត ដើម្បី​​បង្កើត​ក្រុម​ហ៊ុន​វិនិយោគ​កសិកម្ម​ទ្រង់​ទ្រាយ​ធំ​ចំនួន​ពីរ​នៅ​ក្នុង​ស្រុកស្នួល ខេត្តក្រចេះ និង​ស្រុក​លំផាត់ ខេត្ត​រតនគីរី។ គម្រោង​នេះ​អាច​នឹង​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ 2024​។

    ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុម​ហ៊ុ​ន​ THACO លោក ត្រឹង បាយឿង ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​សម្ដេចធិបតី ហ៊ុន ម៉ាណែត​ កាល​ពិ​ថ្ងៃទី 12 ធ្នូ 2023 នៅ​ ហាណូយ ប្រទេស​វៀតណាម

    THACO AGRI ក៏​គ្រោង​នឹង​​វិនិយោគ​​នៅ​តំបន់​សេដ្ឋកិច្ច​ក្បែរ​ព្រំ​ដែន​ គម្រោង​ផលិត​ម៉ាស៊ីន​ ​ឧស្សាហកម្ម​ជំនួយ​ ក៏ដូច​ជា​ពាណិជ្ជកម្ម និង​សេវា​កម្ម​ជា​ដើម​។ល។

    ក្នុង​ជំនួប​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​ THACO AGRI សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត បាន​អបអរសាទរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​វិនិយោគ​របស់ THACO AGRI ក្នុង​វិស័យ​កសិកម្ម​នៅ​ កម្ពុជា ព្រម​ទាំង​គាំទ្រ​ចំពោះ​​ការ​អនុវត្ត​គម្រោង​វិនិយោគ​នា​ពេល​ខាង​មុខ​ របស់​ក្រុម​ហ៊ុន​វៀតណាម​មួយ​នេះ​ផងដែរ​៕

  • យាន​អវកាស​ Voyager 1 ជួបបញ្ហា​ ពេល​ស្ថិត​នៅ​ចម្ងាយ​ 24 ពាន់​លាន​គីឡូម៉ែត្រ​ពី​ផែនដី

    យាន​អវកាស​ Voyager 1 ជួបបញ្ហា​ ពេល​ស្ថិត​នៅ​ចម្ងាយ​ 24 ពាន់​លាន​គីឡូម៉ែត្រ​ពី​ផែនដី

    បច្ចុប្បន្ន ទិន្នន័យ​តែ​មួយ​គត់​ដែល​យាន​អវកាស Voyager 1 បញ្ជូន​មក​កាន់​ផែនដី គឺលេខ​ 1 និង​លេខ​ 0 ហើយ​ក្រុម​ការ​ងារ​របស់​ណាសា​ អាច​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​សប្ដាហ៍​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។

    យោង​តាម​ទំព័រ Space ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 12 ធ្នូ យាន​ Voyager 1 របស់​ណាសា​ បច្ចុប្បន្ន​មិន​អាច​បញ្ជូន​ទិន្នន័យ​វិទ្យាសាស្ត្រ​ ឬ​ទិន្នន័យ​ទាក់​ទង​នឹង​ប្រព័ន្ធ​របស់​យាន​នេះ​ មក​កាន់​ផែនដី​។ យាន​ដែល​មាន​អាយុ​ 46 ឆ្នាំមួយ​គ្រឿង​​នេះ អាច​ទទួល​បញ្ជា​ ប៉ុន្តែ​ បញ្ហា​ខាងលើ​ទំនង​ជា​កើត​ចេញ​ពី​​កុំព្យូទ័រ​របស់​យាន​។

    ណាសា​ឱ្យ​ដឹង​ថា ប្រព័ន្ធ​ទិន្នន័យ​ហោះ​ហើរ (FDS) របស់​ Voyager 1 ដែល​មាន​តួនាទី​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​បច្ចេកទេស​ពី​ឧបករណ៍​វិទ្យាសាស្ត្រ​នៅ​លើ​យាន មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​ដូច​មុន​ ជាមួយនឹង​​ប្រព័ន្ធ​បញ្ជា​ពី​ចម្ងាយ​​នៅ​លើ​ផែនដី។

    ពេលដំណើរ​ការ​​ធម្មតា FDS រៀប​ចំដាក់​​ព័ត៌មាន​របស់​យាន​ទៅ​ក្នុង​កញ្ចប់​ទិន្នន័យ រួច​បញ្ជូន​មក​កាន់​ផែនដី​តាម​រយៈ TMU (telecommunications unit) ។ ថ្មី​ៗ​នេះ កញ្ចប់​ទិន្នន័យ​នេះ​បាន​ជាប់​គាំង និង​បញ្ជូន​តែ​លេខ​ 1 និង​លេខ​ 0 ម្ដង​ហើយ​ម្ដង​ទៀត​។ ក្រុម​បច្ចេក​ទេស​របស់ Voyager គិត​ថា បញ្ហា​កើត​ចេញ​ពី FDS ប៉ុន្តែ​ ពួក​គេ​ប្រហែល​ជា​ត្រូវ​ចំណាយ​ពេល​ច្រើន​សប្ដាហ៍​ ទើប​រក​ឃើញ​ដំណោះ​ស្រាយ​។

    នេះ​មិន​មែន​ជា​បញ្ហា​ដំបូង​ដែល​យាន Voyager 1 បាន​ជួប​ប្រទះ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ យាន​អវកាស​នេះ​ធ្លាប់​ជួប​បញ្ហា​ប្រព័ន្ធ​បញ្ជា​ និង​កំណត់​ទិស (AACS) កាល​ពី​ខែ​ឧសភា ឆ្នាំ 2022​ និង​បញ្ជូន​ទិន្នន័យដែល​គ្មាន​ន័យ​ក្នុង​រយៈ​ពេល​ច្រើន​ខែ​ មុន​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​៕

  • គម្រោង​ផលិត​អគ្គិសនី​ពីកម្លាំងខ្យល់​នៅ​លើ​ដីគោក​ធំបំផុត​របស់​ប្រទេស​ចិន​

    គម្រោង​ផលិត​អគ្គិសនី​ពីកម្លាំងខ្យល់​នៅ​លើ​ដីគោក​ធំបំផុត​របស់​ប្រទេស​ចិន​

    គម្រោង​ផលិត​អគ្គិសនី​ពីកម្លាំងខ្យល់​នៅ​លើ​ដីគោក​ធំបំផុត​របស់​ប្រទេស​ចិន បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ពេញ​លេញ ​នៅ​តំបន់​សមុទ្រ​ខ្សាច់​ ស្ថិត​ក្នុង​តំបន់​ស្វយ័ត​ម៉ុងហ្គោលី​ខាង​ក្នុង (អ៊ីនណឺរម៉ុងហ្គោលី – Inner Mongolia)។

    យោង​តាម​ក្រុម​ហ៊ុន​អគ្គិសនី​នុយក្លេអែរ​ចិន (CGN) គម្រោង​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់ Hinggan League អានុភាព​ប្រចាំ​ឆ្នាំ​លើស​ពី 10 ពាន់​លាន​គីឡូវ៉ាត់​ម៉ោង (kWh) របស់​ក្រុម​ហ៊ុន​នេះ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​បណ្ដាញ​អគ្គិសនី​កាល​ពី​ថ្ងៃទី 10 ខែ​ធ្នូ​ ឆ្នាំ 2023​។ នេះ​គឺជា​មួយ​ក្នុង​ចំណោម​ស្ថានីយផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ និង​កម្ដៅ​ព្រះ​អាទិត្យ​ទ្រង់​ទ្រាយ​ធំ​ដំបូង​របស់​ប្រទេស​ចិន​ នៅ​ក្នុង​តំបន់​សមុទ្រ​ខ្សាច់​។

    ដោយ​ប្រើប្រាស់​ម៉ូទ័រ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​ និង​មាន​អានុភាព​រួម​ 3 លាន​គីឡូវ៉ាត់​ អគ្គិសនី​ដែល​ផលិត​ដោយ​ស្ថានីយ​ខាង​លើ​នេះ​ អាច​ជួយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ធ្យូង​ថ្ម​បាន​ប្រហែល 2.96 លាន​តោន​ និង​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​ឌីអុកស៊ីតប្រហែល​ 8.02 លាន​តោន​ ជា​រៀង​រាល់​ឆ្នាំ​៕

  • គម្រោង​វិនិយោគ​នានា​ដែល​មាន​ទុន​សរុប​ជិត 619 លាន​ដុល្លារ​អាម៉េរិក ត្រូវ​អនុម័ត​ក្នុង​ខែ​វិច្ឆិកា 2023

    គម្រោង​វិនិយោគ​នានា​ដែល​មាន​ទុន​សរុប​ជិត 619 លាន​ដុល្លារ​អាម៉េរិក ត្រូវ​អនុម័ត​ក្នុង​ខែ​វិច្ឆិកា 2023

    គម្រោងវិនិយោគចំនួន 21 គម្រោង និង​មានទុនវិនិយោគសរុបប្រមាណជិត 619 លានដុល្លារអាម៉េរិក ​ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ក្នុងខែវិច្ឆិកា ឆ្នាំ 2023​។ នេះ​បើ​តាម​ ក្រុម​ប្រឹក្សាអភិវឌ្ឍ​កម្ពុជា (CDC) ចុះ​ផ្សាយកាល​ពី​ថ្ងៃទី 08 ធ្នូ​កន្លង​ទៅ​។

    ​CDC ឱ្យ​ដឹង​ថា ក្នុង​ចំណោម​គម្រោង​ទាំង 21​ ​​ដែល​អាច​បង្កើត​ការ​ងារ​បាន​ជិត 22 ពាន់​កន្លែង​​នេះ មាន​គម្រោង​​មួយ​ចំនួន​ដែល​លេច​ធ្លោ​ជាង​គេ​ រួម​មាន​ គម្រោង​សាងសង់​វារីអគ្គិសនីស្ទឹង​ឫស្សី​ជ្រុំកណ្ដាល អានុភាព 70 មេហ្កាវ៉ាត់ នៅ​ស្រុក​មណ្ឌល​សីមា ខេត្ត​កោះកុង, គម្រោង​សាងសង់វារីអគ្គិសនី​វាល​ថ្ម​កំបុត អានុភាព 100 មេហ្កាវ៉ាត់ នៅ​ស្រុក​ថ្ម​បាំង ខេត្ត​កោះកុង, គម្រោង​អភិវឌ្ឍ​ស្ថានីយ​ផលិត​អគ្គិសនី​ដោយ​ថាមពល​ព្រះ​អាទិត្យ​ អានុភាព 60 មេហ្កាវ៉ាត់​ នៅ​ស្រុក​រំដួល​ ខេត្ត​ស្វាយរៀង និង​គម្រោង​បង្កើត​រោង​ចក្រ​ផលិត​ស្បែក​ជើង​ និង​គ្រឿង​បន្សំ​ស្បែក​ជើង នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំ​ពេញ​។

    យោង​តាម​ CDC នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ក្នុង​ស្រុក​ចំនួន​ 82.90% ក្នុង​ចំណោម​ទុន​វិនិយោគ​សរុប​ ស្រប​ពេល​ដែល​​ទុន​វិនិយោគ​ពីប្រទេស​ចិន​ មាន​ប្រមាណ 17.10%​៕

  • SpaceX បាញ់​បង្ហោះ​ផ្កាយរណបថ្មីជាង 20 គ្រឿង ដើម្បី​ពង្រីក​បណ្ដាញ​អ៊ីនធើរណិត​ Starlink

    SpaceX បាញ់​បង្ហោះ​ផ្កាយរណបថ្មីជាង 20 គ្រឿង ដើម្បី​ពង្រីក​បណ្ដាញ​អ៊ីនធើរណិត​ Starlink

    ក្រុម​ហ៊ុន​អាម៉េរិក SpaceX បាន​បោះ​ជំហាន​ដ៏​សំខាន់​មួយ​ទៀត​ នៅ​ពេល​បាញ់​បង្ហោះ​ផ្កាយ​រណប Starlink ចំនួន 23 គ្រឿង​ ឡើង​ទៅ​កាន់​គន្លង​តារាវិថី តាម​រយៈ​រ៉ុក្កែត Falcon 9​។

    រ៉ុក្កែត Falcon 9 មួយ​គ្រឿង​ បាន​នាំ​យក​ផ្កាយរណប​ Starlink ចំនួន 23 គ្រឿង ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​ Cape Canaveral Space Force Station នៅ​ Florida ទៅ​កាន់​គន្លង​តារាវិថី កាល​ពី​វេលាម៉ោង​ 12:07 នាទី​យប់ ថ្ងៃទី 07 ធ្នូ​ នៅ​ក្នុង​បេសកកម្ម​គន្លង​តារាវិថី​ទី 90 របស់ SpaceX ក្នុង​ឆ្នាំ 2023​។

    នេះ​គឺជា​ការ​បាញ់​បង្ហោះ​ជោគ​ជ័យ​លើក​ 6 នៅ​ក្នុង​រង្វង់​មួយ​សប្ដាហ៍​។ ផ្កាយរណប​ទាំង​នេះ​ នឹង​រួម​ចំណែក​នៅ​ក្នុង​បណ្ដាញ​ផ្កាយ​រណប​ Starlink ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​សេវា​អ៊ីនធើណិត គ្រប​ដណ្ដប់​ទូទាំង​សកល​លោក​។

    នៅ​ក្នុង​ការ​បាញ់​បង្ហោះ​មួយ​លើក​ៗ SpaceX បោះ​ជំហាន​កាន់​តែ​ខិត​ទៅ​ជិត​​​គោល​ដៅ​នៃ​មហិច្ឆតា​អ៊ីនធើណិត​របស់​ខ្លួន​។ ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​របស់​ SpaceX បាន​បង្ហាញ​អំពី​វឌ្ឍនភាព​នៅ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​អវកាស​​របស់​ក្រុម​ហ៊ុន​នេះ​ផងដែរ​។

    ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​លើក​នេះ​ មិន​ត្រឹម​តែ​ដើម្បី​ពង្រីក​បណ្ដាញ​ Starlink នោះ​ទេ តែ​ថែម​ទាំង​បញ្ជាក់​ជា​ថ្មី​អំពី​ការ​សន្យា​របស់ SpaceX នៅ​ក្នុង​បដិវត្តន៍​បណ្ដាញ​តភ្ជាប់​សកល​ តាម​រយៈ​គម្រោង​អវកាស​ច្នៃ​ប្រឌិត​៕

  • រកឃើញ​ «អំណោយពិសេស» ដែល​ព្រះ​អាទិត្យ​ប្រទាន​ដល់​មនុស្ស​លោក​លើ​ឋាន​ព្រះ​ចន្ទ

    រកឃើញ​ «អំណោយពិសេស» ដែល​ព្រះ​អាទិត្យ​ប្រទាន​ដល់​មនុស្ស​លោក​លើ​ឋាន​ព្រះ​ចន្ទ

    «អំណោយពិសេស» ពី​ព្រះ​អាទិត្យ​លើ​ឋាន​ព្រះចន្ទ​ ​បើក​កកាយ​នូវ​អាថ៌​កំបាំង​ស្ដី​ពី​ប្រភព​នៃ​វត្ថុ​ធាតុ​ទ្រទ្រង់​ជីវិត​ និង​បើក​ផ្លូវ​ឱ្យ​មាន​ក្ដី​សង្ឃឹម​ថ្មី​នៅ​ក្នុង​ការ​ស្រាវជ្រាវទីអវកាស​។

    ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​មក​ពី​មន្ទីរ​ពិសោធន៍​របស់​ទ័ព​ជើង​ទឹក​អាម៉េរិក (NRL) បាន​បង្ហើប​ឱ្យដឹង​អំពី​ការ​រក​ឃើញ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ទាក់​ទង​នឹងសំណាក​​ដី 79221 ដែល​យក​ពី​ឋាន​​ព្រះ​ចន្ទ​។

    ដោយ​ការ​ប្រើ​ប្រាស់​បច្ចេក​ទេស​របស់​កែវ​ពង្រីក​អតិសុខុម​ទស្សន៍​អេឡិច​ត្រុង (មីក្រូទស្សន៍​អេឡិចត្រុង) ក្រុម​អ្នក​វិទ្យាសាស្ត្រ​ខាង​លើ​បាន​រកឃើញ​អ៊ីដ្រូសែន​នៅ​ក្នុង​បណ្ដា​គ្រាប់​រ៉ែ apatite និង merrillite ដែលបាន​​ប្រែ​ប្រួល​ដោយ​សារ​អាកាសធាតុពី​អវកាស​ ក្រោម​ឥទ្ធិពល​របស់​ខ្យល់​ព្រះ​អាទិត្យ​។ នេះ​អាច​បញ្ជាក់​បាន​ថា ដី​លើ​ឋាន​ព្រះ​ចន្ទ​​ ​កំពុង​​​​លាក់​អ៊ីដ្រូសែន​។

    អ៊ីដ្រូសែន​ដែល​ជា​វត្ថុ​ធាតុ​ដ៏មាន​តម្លៃ​ បើ​សិន​ជា​ត្រូវ​បាន​ទាញ​យក​ពី​ព្រះ​ចន្ទ វា​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ទីអវកាស​ និង​បក​ស្រាយ​បាន​អំពី​ប្រភព​ដើម​របស់​ទឹក​លើ​ឋានមួយ​​នេះ​៕

  • រកឃើញ​សាច់​បង្កក​គ្មាន​ច្បាប់​ជិត 400 តោន​ ក្រោយ​ពី​ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ថ្លែង​ទាក់​ទិន​នឹង​បញ្ហា​នេះ

    រកឃើញ​សាច់​បង្កក​គ្មាន​ច្បាប់​ជិត 400 តោន​ ក្រោយ​ពី​ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ថ្លែង​ទាក់​ទិន​នឹង​បញ្ហា​នេះ

    (ភ្នំពេញ) – ក្រុម​ការ​ងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​រកឃើញ​សាច់​បង្កក​គ្មាន​ច្បាប់​ជិត 400 តោន​ នៅ​ក្នុង​ឃ្លាំង​មួយ​កន្លែង​ នៅ​ រាជធានី​ភ្នំ​ពេញ​។

    កាលពី​ពេល​ថ្មីៗ​នេះ សាច់​បង្កក​ខុស​ច្បាប់ជាង​ 377,000 គីឡូក្រាម​ ត្រូវ​បាន​រកឃើញ​​​ក្នុង​ឃ្លាំង​មួយ​​នៅ​​ភូមិ​សំរោង​​ទាវ សង្កាត់​ក្រាំធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំ​ពេញ នៅពេល​​ក្រុម​ការ​ងារ​ដែល​​មាន​ការ​សម្រប​សម្រួល​ពី​លោក ម៉ុត ដារ៉ា ព្រះ​រាជអាជ្ញា​រង នៃ​អយ្យការអម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ និង​ដឹក​នាំការ​ត្រួត​ពិនិត្យ​​ផ្ទាល់​ដោយ​លោក ហ៊ុន សារ៉ាត់ អនុប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​បសុព្យាបាល​ បាន​ចុះ​ត្រួត​ពិនិត្យ​​ទីតាំង​ដែល​គួរ​ឱ្យ​សង្ស័យ​ខាងលើ​។

    ករណី​រក​ឃើញ​នេះ បាន​កើត​ឡើង​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ឯក​ឧត្ដម​បណ្ឌិត ម៉ុង​ ឫទ្ធី ប្រធាន​គណៈ​កម្មការ​ទី​បី​នៃ​ព្រឹទ្ធសភា និង​ជា​សហប្រធាន​ក្រុម​ការ​ងារ​ (ក) ផ្នែក​កសិកម្ម ឧស្សាហកម្ម បាន​ថ្លែង​ក្នុង​កម្មវិធី​បើក​សិក្ខាសាលា​ស្ដី​ពី​សុវត្ថិភាព​សាច់​បង្កក សម្រាប់​សុខភាព​ប្រជាពលរដ្ឋ​ ដែល​បាន​រៀប​ចំ​ឡើង​​កាល​ពី​ថ្ងៃទី 30 ខែ​វិច្ឆិកា ឆ្នាំ 2023​។

    ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កំពុងពិនិត្យសាច់បង្កកនាំចូលពីបរទេស

    ក្នុង​សិក្ខាសាលា​ខាងលើ​នេះ ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី​ មាន​ប្រសាសន៍​ថា វិស័យ​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា បាន​បាត់​បង់​ចំណែក​យ៉ាង​ធំនៅ​ក្នុង​ទីផ្សារ​ភោជនីយដ្ឋាន និង​កែច្នៃ​សាច់​ ដោយ​សារ​តែ​ការ​គ្រប់​គ្រង​ការ​នាំ​ចូល​សាច់​បង្កក​ សាច់​ខូច​គុណ​ភាព​មិន​បាន​ល្អ៕

  • ​ថៃ ចង់​អូស​បន្លាយ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណីឱ្យ​ដល់​​មួយ​ខែ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច

    ​ថៃ ចង់​អូស​បន្លាយ​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណីឱ្យ​ដល់​​មួយ​ខែ​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច

    ប្រទេស​ថៃ គ្រោង​នឹង​បន្ថែម​ពេល​វេលា​សម្រាប់​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​សង្ក្រាន្ត ឱ្យ​ឡើង​ដល់​មួយ​ខែ ជួយ​លើក​កម្ពស់​​ព្រឹត្តិការណ៍​នេះ​ឱ្យ​ឡើង​ដល់​ថ្នាក់​អន្តរជាតិ​ និង​ជួយ​ឱ្យ​ប្រទេស​ជាតិ​​មាន​ឈ្មោះ​នៅ​ក្នុង​ Top 10 នៃ​ទីតាំង​ប្រារព្ធពិធី​បុណ្យ​លំដាប់​កំពូល​លើ​ពិភពលោក​។

    លោក​ស្រី Paetontarn Shinawatra ប្រធាន​គណៈកម្មការ​យុទ្ធ​សាស្ត្រ​អំណាច​ទន់​ថ្នាក់​ជាតិ (NSPSC) កាល​ពី​ថ្ងៃទី 01 ធ្នូ បាន​ឱ្យ​ដឹង​ថា គណៈកម្មការ​នេះ​បាន​ឯកភាព​ជំរុញ​សង្ក្រាន្ត​ឱ្យ​ក្លាយ​ជា​មួយ​ក្នុង​ចំណោម​ពិធីបុណ្យ​ដែលពិសេស​បំផុត​របស់​ពិភពលោក​។ NSPSC គ្រោង​នឹង​ប្រារព្ធ​ពិធីបុណ្យ​មហា​សង្ក្រាន​ទទួល​ឆ្នាំ​ថ្មី​ក្នុង​រយៈ​ពេល​មួយ​ខែ​ ជំនួស​ឱ្យ​បី​ថ្ងៃ​ដូច​កន្លង​មក​​​។

    NSPSC គ្រោង​នឹង​ដាក់​សំណើ​ខាងលើ​នេះ​ឡើង​ទៅ​កាន់​គណៈរដ្ឋមន្ត្រី​ដើម្បី​ធ្វើ​ការ​អនុម័ត​នៅ​​ខែ​ក្រោយ​។ គណៈកម្មការ​នេះ​ក៏​រំពឹង​ថា រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ដែល​គ្រោង​នឹង​អូស​បន្លាយ​រហូត​ដល់​មួយ​ខែ​នេះ​ នឹង​បង្កើត​បាន​ប្រាក់​ចំណូល​ 35 ពាន់​លាន​បាត (ជាង 1 ពាន់​លាន​ដុល្លារ​អាម៉េរិក) សម្រាប់​សេដ្ឋកិច្ច​ប្រទេសថៃ​៕

  • យាន​អវកាស​របស់​រុស្ស៊ី នាំ​យក​ក្រូច​ឃ្វិច និង​ស៊ុត​ក្រួច​ឡើង​ទៅ​កាន់​អវកាស​

    យាន​អវកាស​របស់​រុស្ស៊ី នាំ​យក​ក្រូច​ឃ្វិច និង​ស៊ុត​ក្រួច​ឡើង​ទៅ​កាន់​អវកាស​

    យាន​អវកាស​ Progress MS-25 របស់​រុស្ស៊ី ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃទី 01 ខែ​ធ្នូ និង​នាំ​យក​ទំនិញ​ពិសេស​ៗ​មួយចំនួន​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS) បាន​ហោះ​ដល់​គោល​ដៅ​​កាល​ពី​ថ្ងៃទី 03 ធ្នូ​ 2023​។

    ទំនិញ​ដែល​យាន​អវកាស​នេះ​នាំ​យក​ទៅ​កាន់​ ISS រួម​មាន​ដូច​ជា ក្រូច​ពោធិ៍​សាត់ ក្រូច​ឃ្វិច និងអាហារ​សម្រាប់​ឆ្នាំ​ថ្មី និង​ស្បៀង​អាហារ​ដទៃ​ទៀត​ រួម​នឹង​ ស៊ុត​សត្វ​ក្រួច​ជប៉ុន 48 គ្រាប់សម្រាប់​ការ​ពិសោធ​នៅ​ទីអវកាស​ផងដែរ​។

    យាន​អវកាស​នេះ​ក៏​ដឹក​ជញ្ជូន​ទំនិញ​រាប់​តោន​ផ្សេង​ទៀត​ រួម​មាន ​ឥន្ធនៈ ទឹក ឧបករណ៍​វេជ្ជសាស្ត្រ និង​សម្លៀក​បំពាក់ជា​ដើម​​។ យាន​ Progress MS-25 របស់​រុស្ស៊ី នឹង​ស្ថិត​នៅ​ ISS ចំនួន 179 ថ្ងៃ​។