Tag: ត្រី

  • រោងចក្រដំឡើងរថយន្តតូយ៉ូតា​នៅ​កម្ពុជា​ សម្ពោធបើក​ដំណើរ​ការ​ជា​ផ្លូវការ​

    រោងចក្រដំឡើងរថយន្តតូយ៉ូតា​នៅ​កម្ពុជា​ សម្ពោធបើក​ដំណើរ​ការ​ជា​ផ្លូវការ​

    នាថ្ងៃទី2 ឧសភា​ 2024 នេះ រោង​ចក្រ​ដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នឹងត្រូវបាន​សម្ពោធ​បើក​ដំណើរ​ការ​ជាផ្លូវការ ក្រោម​​អធិបតី​ភាព​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

    រោងចក្រដំឡើងរថយន្តតូយ៉ូតានៅ​កម្ពុជា គឺជាក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​របស់​ Toyota Tsusho Corporation របស់​ជន​ជាតិ​ជប៉ុន និង​ក្រុម​ហ៊ុន​ខ្មែរ គង់ នួន​ គ្រុប ដែល​ក្នុង​នោះ ក្រុម​ហ៊ុន​ជប៉ុន​មាន​ភាគហ៊ុន 90% និង​ក្រុមហ៊ុន​ខ្មែរកាន់​កាប់​ 10​%។

    ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេក​ឈឺរីង បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់​ការ​​បង្កើតរោងចក្រផ្តុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ។

    រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួនពីរ​ប្រភេទ រួម​មាន ទីមួយ​ជាប្រភេទ SUV ម៉ាក FORTUNER និងទីពី​ជាប្រភេទ Pick-UP ម៉ាក HILUX។

    រោង​ចក្រ​ដែល​មានទុនវិនិយោគ​ជាង​ 36​លាន​ដុល្លារអាមេរិក និងមានបុគ្គលិកសរុបចំនួន 150​នាក់​នេះ ​មានសមត្ថភាពដំឡើងរថយន្តចំនួន 1,320​គ្រឿងសម្រាប់ឆ្នាំ​ 2024។​ រថយន្ត​ដែល​រោង​ចក្រ​នេះ​ត្រូវ​​ផ្គុំ​ដំឡើង​គឺ រថយន្ត FORTUNER ចំនួន 290​គ្រឿង និងរថយន្ត HILUX ចំនួន 1,030​គ្រឿង។

    បច្ចុប្បន្ន កម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្ត សរុបចំនួន 6 បូក​រួម​ទាំង​រោង​ចក្រ​តូយ៉ូតា។ ក្នុង​នោះ​ រួម​មាន​ជាអាទិ៍​ រោង​ចក្រ​ផលិតរថយន្ត Ford, Hyundai, KIA, និង​ GTV ជា​ដើម​។

  • ប្រទេស​ថៃយក​ពន្ធអាករ​ VAT 7% ចំពោះ​ទំនិញ​នាំ​ចូល​

    ប្រទេស​ថៃយក​ពន្ធអាករ​ VAT 7% ចំពោះ​ទំនិញ​នាំ​ចូល​

    មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ នា​ថ្ងៃ​ទី 29 មេសា​នេះ ឱ្យ​ដឹង​ថា​ ប្រទេស​នេះ​នឹង​យក​ពន្ធអាករ​លើ​តម្លៃ​បន្ថែម​ 7% ចំពោះ​រាល់​ទំនិញ​នាំ​ចូល​ ដោយមិន​បែង​ចែក​តម្លៃ​ ចាប់​ពី​ខែ​ឧសភា​តទៅ​។

    លោក Lavaron Sangsnit លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ពាណិជ្ជកម្មថៃ ថ្លែង​ថា បច្ចុប្បន្ន​ ប្រទេស​ថៃ​អនុវត្ត​គោលនយោបាយ​លើក​លែង​ពន្ធ​នាំ​ចូល​ និង​​អាករ​លើ​តម្លៃ​បន្ថែម​ (VAT) ចំពោះ​ទំនិញ​នាំ​ចូល​នីមួយ​ៗ​ដែល​មាន​តម្លៃ​ក្រោម​ 1,500 បាត ដែល​ប្រហែល​នឹង 40.5 ដុល្លារ​អាម៉េរិក​។

    ក៏ប៉ុន្តែ ការ​លើក​លែង​ពន្ធ​នាំចូលខាង​លើ​នា​ពេល​កន្លង បាន​ធ្វើ​ឱ្យ​កើត​មាន​បញ្ហា​មិន​ស្មើ​ភាព​គ្នា​ ពិសេស​គឺ​នៅ​ពេល​ទំនិញ​តម្លៃ​ទាប​របស់​ចិន​ ត្រូវ​បាន​នាំ​ចូល​លក់​ពាស​ពេញ​ទីផ្សារ​ប្រទេស​ថៃ​។ បញ្ហា​នេះ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ថៃ ចាត់​វិធានការ​ជា​បន្ទាន់​ ហើយ​ការយក​ពន្ធ​លើក​តម្លៃ​បន្ថែម 7% ​ចំពោះ​ទំនិញ​នាំ​ចូល​គ្រប់មុខ​នឹង​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី1 ខែ​ឧសភា​តទៅ​។

  • ឡានហោះ​ដំបូង​លើ​ពិភពលោក​ ដឹក​ភ្ញៀវ​ដោយ​ជោគ​ជ័យ​

    ឡានហោះ​ដំបូង​លើ​ពិភពលោក​ ដឹក​ភ្ញៀវ​ដោយ​ជោគ​ជ័យ​

    ក្រុម​ហ៊ុន Klein Vision នៅ​ប្រទេស​ស្លូវ៉ាគី បាន​បញ្ចប់​ជើង​ហោះ​ហើរ​ដំបូង​លើ​ពិភពលោក​ដោយ​ឡាន​ដែល​អាច​ផ្លាស់​ទី​ទាំង​នៅ​លើ​ដី និង​នៅលើ​អាកាស​។

    Klein Vision សម្រេច​បាន​ជំហាន​សំខាន់​នេះ​ជាមួយ​នឹង​ឡាន​ហោះ​គំរូ AirCar។ ឡាន​ហោះ​នេះ​ដឹក​ភ្ញៀវ​ម្នាក់​ដែល​ជា​តន្ត្រីករជន​ជាតិ​បារាំង Jean-Michel Jarre។ ការ​ធ្វើតេស្ត​សាកល្បង​​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​ព្រលាន​យន្តហោះ​នៅស្លូវ៉ាគី​។ នៅក្នុង​វីដេអូ​ដែល​បាន​ចែក​រំលែក​ដោយ​ក្រុម​ហ៊ុន​ ឡាន​កីឡា​ដែល​មាន​ស្លាប​នេះ​បាន​បរ​ដោយ​កង់​បួន​ ហើយ​ហោះ​ឡើង​បន្តិច​ម្ដងៗ​។ តែប៉ុន្មាន​នាទី​ប៉ុណ្ណោះ AirCar ក៏​បាន​ហោះ​ឡើង​ដោយ​សុវត្ថិភាព​។

    ឆ្នាំ 2021 AirCar បាន​បញ្ចប់​ជើង​ហោះ​ហើរ​ពីទីក្រុង​មួយ​ទៅទី​ក្រុង​មួយ​ជា​លើក​ដំបូង​ ក្នុង​នោះវា​បាន​ហោះ​ហើររយៈ​ពេល​ 15​នាទី​រវាង​ព្រលាន​យន្តហោះ​អន្តរជាតិ Nitra និង Bratislava នៅ​ប្រទេស្លូវ៉ាគី​។ ឡាន​ហោះ​នេះ​ត្រូវ​បានរចនា​ឡើង​ដើម្បី​អាច​បរនៅ​លើដង​ផ្លូវ និង​ហោះ​នៅ​លើ​អាកាស​។

    AirCar ត្រូវ​បាន​ធានាសុវត្ថិភាព​ដោយ​ឆត្រ​យោង​ ហើយ​ក្នុង​អនាគត​ ក្រុម​ហ៊ុន​នឹង​អភិវឌ្ឍ​កាប៊ីន​ ដែល​មាន​កៅអី​បី និង​បួន​។

    ក្នុង​ដំណាក់​កាល​ដំបូង AirCar ប្រើប្រាស់​ម៉ាស៊ីន BMW 160 កម្លាំង​សេះ​។ កំណែ​ពីរ​កៅអី​មាន​ទម្ងន់​ប្រហែល 1,100 គីឡូក្រាម​ អាច​ដឹក​ទម្ងន់​បាន 200 គីឡូក្រាម​។ ក្នុង​ការ​ហោះ​ហើរ​សាកល្បង AirCar បាន​ហោះ​ដល់កម្ពស់ 2,500 ម៉ែត្រ និង​ល្បឿន​ 190 គីឡូម៉ែត្រ​/ម៉ោង​។

    ក្នុង​អនាគត Klein Vision នឹង​សាកល្បង​ម៉ាស៊ីន​​សម្រាប់​អាកាសចរណ៍ ADEPT ទំនើប​ ដែល​មាំ ស្រាល និង​សន្សំ​សំចៃ​ថាមពល​។ ទន្ទឹម​នឹង​នេះ​ ក្រុម​ហ៊ុន Klein Vision ក៏​បាន​បញ្ចប់​ការរចនា​ជាមូលដ្ឋាន​ និង​ការ​វាយ​តម្លៃ​ ចំពោះ​កំណែ​មួយ​កៅអី​ដែល​អាច​ហោះ​បាន​ជាង 300 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​អាច​ហោះ​បាន 1,000 គីឡូម៉ែត្រ​។

  • ក្រុម​ហ៊ុន​មេ​របស់ Google មាន​តម្លៃ​ពីរ​លាន​លាន​ដុល្លារ​ ព្រោះ​ប្រាក់​ចំណូល​កើន​ឡើង​ខ្ពស់

    ក្រុម​ហ៊ុន​មេ​របស់ Google មាន​តម្លៃ​ពីរ​លាន​លាន​ដុល្លារ​ ព្រោះ​ប្រាក់​ចំណូល​កើន​ឡើង​ខ្ពស់

    កាល​ពី​ថ្ងៃទី 25 មេសា Alphabet ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ Google បាន​ប្រកាស​ឯកសារ​ បង្ហាញ​ថា​ ប្រាក់​ចំណូល​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2024 កើន 15%​។ Alphabet ក៏​បាន​ប្រកាស​អំពី​ការ​ចែក​ភាគ​លាភ​ដំបូង​ផងដែរ​។

    ជាក់​ស្ដែង ប្រាក់​ចំណូល​របស់​ Alphabet បាន​កើន​ដល់ 80.5ពាន់​លាន​ដុល្លារ​ ពី​ 69.8​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​។

    មូលបត្រ Alphabet កើន​រហូត​ដល់ 13% នៅ​ក្នុង​ការ​ជួញដូរ​ក្រៅ​ម៉ោង​ធ្វើ​ការ​ ជួយ​ឱ្យ​ក្រុម​ហ៊ុន​រក​ចំណូល​បន្ថែមបាន​​ជាង 250ពាន់​លាន​ដុល្លារ​ នាំ​ឱ្យ​តម្លៃ​មូលធន​ទីផ្សារ​កើន​ដល់​ជាង​ពីរ​លាន​លាន​ (2,000,000,000,000) ដុល្លារ​។ លទ្ធផល​នេះ​ក៏​ជួយ​ឱ្យ​ Alphabet មាន​ឈ្មោះ​ក្នុង​បញ្ជីកំពូល​​ក្រុម​ហ៊ុន​ដែល​រួម​មាន​ Microsoft, Apple និង Nvidia ផងដែរ​។

  • ក្រុមហ៊ុន Beijing Municipal Construction ស្វែងរកឱកាសវិនិយោគ​នៅ​កម្ពុជា

    ក្រុមហ៊ុន Beijing Municipal Construction ស្វែងរកឱកាសវិនិយោគ​នៅ​កម្ពុជា

    នារសៀលថ្ងៃពុធ ទី24 ខែមេសា ឆ្នាំ2024 ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Beijing Municipal Construction Group Co.,Ltd (BMCG) ដែលដឹកនាំដោយលោក Zhai Yongshan នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន BMCG ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

    ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យកិច្ចសហការ សិក្សាឱកាសវិនិយោគ និងសក្កានុពលលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ផ្លូវដែក និងកំពង់ផែ នៅកម្ពុជា។

    គណៈប្រតិភូក្រុមហ៊ុន BMCG ​បានស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុង​គម្រោង​វិនិយោគ​លើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

  • យាន​លើឋាន​ព្រះ​ចន្ទ​របស់​ជប៉ុន «នៅ​មាន​ជីវិត» ក្រោយ​ដេក​កក​រយៈ​ពេល​បី​យប់​

    យាន​លើឋាន​ព្រះ​ចន្ទ​របស់​ជប៉ុន «នៅ​មាន​ជីវិត» ក្រោយ​ដេក​កក​រយៈ​ពេល​បី​យប់​

    យាន​ស្រាវ​ជ្រាវ​ SLIM របស់​ប្រទេស​ជប៉ុន បង្កើត​បាន​កំណត់​ត្រា​ដ៏​អស្ចារ្យ​ នៅ​ពេល​រស់​ឡើង​វិញ​បី​ដង ក្រោយ​ពី​បាន​ឆ្លង​កាត់​រាត្រី​ដ៏​សែន​ត្រជាក់​នៅលើឋាន​ព្រះ​ចន្ទ​ដែល​មាន​សីតុណ្ហភាព​ -183 អង្សាសេ, -130 អង្សាសេ និង -170 អង្សាសេ​។

    អង្គការ​ស្រាវជ្រាវ​អភិវឌ្ឍ​វិស័យ​អវកាស​ចរណ៍​ជប៉ុន (JAXA) នា​ថ្ងៃ​ទី 24 មេសា​នេះ បាន​ឱ្យ​ដឹង​ថា យាន​ចុះ​ចត​ឆ្លាតវៃ​លើ​ឋាន​ព្រះ​ចន្ទ (SLIM) របស់​ប្រទេស​នេះ បន្ត​បង្កើត​បាន​កំណត់​ត្រា​ថ្មី នោះ​គឺ «នៅ​មាន​ជីវិត​ក្រោយ​រាត្រី​ព្រះ​ចន្ទ​ទីបី​ដែល​មាន​បរិស្ថាន​មហា​សែន​ត្រជាក់​។

    យាន SLIM បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​កាល​ពីខែមករាកន្លង​ទៅ ដែល​នេះ​បាន​ជួយ​ឱ្យ​ជប៉ុន​មាន​ឈ្មោះ​ជា​ប្រទេស​ទី 5 លើ​​ពិភពលោក​ ដែល​មាន​យាន​ចុះ​ចត​ដោយជោគជ័យ​លើ​ឋានព្រះ​ចន្ទ​ បន្ទាប់​ពី​អតីត​សូវៀត សហរដ្ឋ​អាម៉េរិក ចិន និង​ឥណ្ឌា​។

  • ចិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ផ្លែដូង​ស្រស់​ពី​កម្ពុជា គ្រា​ដែល​ទំនិញនាំ​ចូល​​ពី​កម្ពុជា ​នៅ​មាន​ទំហំ​តូច​ខ្លាំង

    ចិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ផ្លែដូង​ស្រស់​ពី​កម្ពុជា គ្រា​ដែល​ទំនិញនាំ​ចូល​​ពី​កម្ពុជា ​នៅ​មាន​ទំហំ​តូច​ខ្លាំង

    ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ទទួល​បាន​ការ​អនុម័តទទួលស្គាល់ជាផ្លូវការពី​អគ្គរដ្ឋបាល​គយ​ចិន។ នេះបើតាមលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី 22 ខែមេសា ឆ្នាំ 2024។

    ការ​ទទួល​បាន​ការ​អនុម័ត​ទទួល​ស្គាល់​ខាង​លើ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​ កាល​ពី​ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2023។

    កន្លង​មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ភាគី​ពាក់​ព័ន្ធ​នឹង​ដូង ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឱ្យដាក់ពាក្យស្នើសុំចុះបញ្ជី។

    បន្ទាប់ពីទទួលបានពាក្យស្នើសុំ ក្រសួង​កសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិន ដើម្បីពិនិត្យ និងវាយតម្លៃបន្ត។

    គិតត្រឹមពេលនេះ អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 របស់​កម្ពុជា ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសចិន។

    យោង​តាម​របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅត្រីមាសទីមួយ​នៃ​ឆ្នាំ 2024 ស្ថានភាពនៃការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មាន​ភាព​ប្រសើរ​ឡើង​។ ប្រទេស​ចិន​ក្លាយ​​ជា​ដៃគូ​ដោះដូរ​ពាណិជ្ជកម្ម​ធំជាង​គេ​របស់​កម្ពុជា​ ដោយ​សម្រេច​បាន​ជាង 3ពាន់​2រយ​លាន​ដុល្លារ​អាម៉េរិក។​​ ក្នុង​នោះ​ កម្ពុជា​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ក្នុង​ទំហំ​ទឹក​ប្រាក់​តែ​ជាង 3រយ​លាន​ដុល្លារ​ប៉ុណ្ណោះ​ ខណៈដែលការ​​នាំ​ចេញ​របស់​ចិន​មក​កម្ពុជា​ សម្រេចបាន​រហូតជាង 2ពាន់8រយលានដុល្លារ។

    ដោយ​ឡែក​ ​សហរដ្ឋ​អាម៉េរិក​ដែល​​ជា​ទីផ្សារ​នាំ​ចេញ​ធំជាង​គេ​របស់​កម្ពុជា​ ​បាន​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត 2​ពាន់​លាន​ដុល្លារ​ គ្រា​ដែល​កម្ពុជា​បាន​នាំ​ចូលទំនិញ​ពី​សហរដ្ឋ​អាម៉េរិក​ក្នុង​ទំហំ​ទឹក​ប្រាក់​តែ​ជាង​ 57 លាន​ដុល្លារ​ប៉ុណ្ណោះ នៅ​ត្រីមាស​ទីមួយ​​នៃ​ឆ្នាំ​ 2024​។

  • ថៃ​គ្រោង​នឹង​នាំចេញ​ទុរេនមួយ​លាន​តោន​ក្នុង​ឆ្នាំនេះ

    ថៃ​គ្រោង​នឹង​នាំចេញ​ទុរេនមួយ​លាន​តោន​ក្នុង​ឆ្នាំនេះ

    អាជ្ញាធរ​ថៃ គ្រោង​នឹង​នាំចេញ​ផ្លែទុរេន​ប្រហែល​មួយ​លាន​តោន​ ដែល​មាន​តម្លៃប្រមាណ 130 ពាន់​លាន​បាត (3.53 ពាន់​លាន​ដុល្លារ​អាម៉េរិក) ទៅ​កាន់​ទីផ្សារ​បរទេស​នៅ​ក្នុង​ឆ្នាំ 2024 នេះ ក្នុងនោះ ប្រទេស​ចិន​គឺជា​ទីផ្សារ​ធំជាង​គេ​។

    រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថៃ កាល​ពី​ថ្ងៃទី 20 មេសា​​ 2024 បាន​ឱ្យ​ដឹង​ថា លោក​បាន​ណែនាំ​ឱ្យគណៈកម្មការ​ផ្លែ​ឈើ ជួប​ជាមួយ​កសិករ​ដាំដើម​ទុរេន ក្រុម​អ្នក​បែងចែក​ប្រភេទ​ និង​កាត់​ផ្លែ​ទុរេន ឈ្មួញ ​ក្រុម​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ដែល​ទាក់​ទង​នឹង​ទុរេន អ្នក​នាំចេញ រួម​នឹង​ស្ថាប័ន​ដែល​ទាក់​ទង ដើម្បី​ពិភាក្សា​គ្នា រក​ដំណោះ​ស្រាយ​សម្រាប់​ការ​ធានាគុណភាព​ផ្លែទុរេន និង​ឆ្លើយតប​ទៅ​នឹង​ស្ដង់ដា​គុណភាព​ ក៏ដូច​ជា​ការតម្រូវ​ GAP របស់​ប្រទេស​ចិន​។

    រដ្ឋមន្ត្រី​កសិកម្ម​ថៃ ក៏​បាន​ស្នើ​ឱ្យ​រក​វិធី​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាកសិករ​ ទៅ​លើ​ជី និង​ថ្នាំ​សម្រាប់​ទុរេន​។ ចំណែក​នាយកដ្ឋាន​ធារាសាស្ត្រ​ថៃ ក៏​ត្រូវ​បាន​ណែនាំ​ឱ្យ​គ្រប់​គ្រង​ប្រព័ន្ធ​ស្រោច​ស្រព ដើម្បី​ធានា​ឱ្យ​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ចម្ការ​ទុរេន​នៅ​ក្នុង​ខេត្តនានា​របស់​ប្រទេស​នេះ​។

    យោង​តាម​ក្រុម​មន្ត្រី​កសិកម្ម​ថៃ ចម្ការ​ទុរេន​ជាង 64 ពាន់​ហិកតា​នៅ​ក្នុង​បណ្ដា​ខេត្ត​ភាគ​ខាង​កើត​ប្រទេស​ថៃ បាន​ចុះ​ឈ្មោះ​ជាមួយ​នឹង​ស្ថាប័ន​គយ​របស់​ប្រទេស​ចិន​ និងបាន​ទទួល​​វិញ្ញាបនបត្រ​ GAP ពី​ស្ថាប័ន​នេះ​។ ប្រការ​នេះ​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​នាំ​ចេញ​ផ្លែទុរេន​របស់​ពួក​គេ​ទៅ​កាន់​ទីផ្សារ​ចិន​។

  • គម្រោង​ទីក្រុង​ប្រវែង 170 គីឡូម៉ែត្រ ត្រូវ​កាត់​បន្ថយ​មក​ខ្លី​បំផុត

    គម្រោង​ទីក្រុង​ប្រវែង 170 គីឡូម៉ែត្រ ត្រូវ​កាត់​បន្ថយ​មក​ខ្លី​បំផុត

    អារ៉ាប៊ីសាអូឌីត នឹងកាត់​បន្ថយ​ប្រវែង​របស់គម្រោង​​ទីក្រុង 170 គីឡូម៉ែត្រ មក​នៅ​ត្រឹម​ 2.4 គីឡូម៉ែត្រ ដែល​អាច​ឱ្យ​មនុស្ស​រស់​នៅ​បាន​ 300,000 នាក់​។

    ក្រុម​មន្ត្រី​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត កំពុង​តែ​កែ​សម្រួល​មហា​​គម្រោង​​ NEOM។ គម្រោង​អភិវឌ្ឍ​សមុទ្រ​ខ្សាច់​នេះ​ ដើរ​តួនាទី​សំខាន់​ក្នុង​ផែនការ​ដែល​ជួយ​ឱ្យ​ប្រទេស​នេះ​ កាត់បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​អណ្ដូង​ប្រេង​។ ក៏ប៉ុន្ត យោង​តាម​ Interesting Engineering ចុះផ្សាយ​កាល​ពី​ថ្ងៃទី 11 មេសា ថវិកា​ឆ្នាំ 2024 របស់​គម្រោង​នេះ មិន​ទាន់​ត្រូវ​បាន​អនុម័តនៅ​ឡើយ។

    មហា​គម្រោង NEOM នឹង​រួម​មាន​ 10 តំបន់ ក្នុង​នោះក៏​មាន​ទាំង​ទីក្រុង​អណ្ដែត Oxagon និងតំបន់លំហែ​ Trojena។ ប៉ុន្តែ អ្វី​ដែល​ត្រូវ​បាន​រំលឹក​ច្រើន​ជាង​គេ​បំផុត នោះគឺ​ The Line ដែល​ជា​គម្រោង​ទីក្រុង​​ប្រវែង 170 គីឡូម៉ែត្រ​។

    The Line រួម​មាន អគារ​កប់ពពក​ចំនួន​ពីរ​ដែល​ស្ថិត​នៅ​ទន្ទឹម​គ្នា​ និង​មាន​កម្ពស់​ខ្ពស់​ជាង​អគារ Empire State Building ទៅ​ទៀត​។ ទីក្រុង​ទាំង​មូល​ដែល​មាន​ប្រវែង​ជិត​ 200 គីឡូម៉ែត្រ​នេះ នឹង​ស្ថិត​នៅ​កណ្ដាល​អគារ​ទាំង​ពីរ​នេះ​។

    តាម​គម្រោង ទីក្រុង​ The Line នឹង​អាច​ដាក់មនុស្ស​បាន​ 1.5 លាន​នាក់​។ ក៏ប៉ុន្តែ ប្រភព​ព័ត៌មាន​របស់ Bloomberg ឱ្យ​ដឹង​ថា គម្រោង​ទីក្រុង​នេះ​កំពុង​ត្រូវ​បាន​កាត់បន្ថយ​​ពី 170 គីឡូម៉ែត្រ ចុះ​មក​នៅ​ត្រឹម​ 2.4 គីឡូម៉ែត្រ​ នៅ​ពេល​ស្ថាបនា​ក្នុង​ឆ្នាំ 2030​។ ដូច្នេះ សមត្ថភាព​ផ្ទុក​របស់​ទីក្រុង​នេះ​ក៏​ថយ​មក​នៅ​ត្រឹម​ 300,000 នាក់​។

    ការ​ចំណាយ​ទៅលើ​មហា​គម្រោង NEOM គឺ​ប្រមាណ 1.5 លានលាន​ (1.5 ទ្រីលាន​) ដុល្លារ​អាម៉េរិក។ ថវិកា​សម្រាប់​ NEOM ភាគ​ច្រើន​បាន​មក​ពី​មូលនិធិវិនិយោគ​សាធារណៈ (PIF) ដែល​គ្រប់​គ្រង​ដោយ​រាជទាយាទ​របស់​អារ៉ាប៊ីសាអូឌីត​។

    ការ​កាត់​បន្ថយ​ទំហំ​របស់​ The Line គឺ​បណ្ដាល​មក​ពី​ទុន​បម្រុង​ជា​សាច់​ប្រាក់​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​ 15 ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ខែកញ្ញា​ ឆ្នាំ 2023​។

    ទោះជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​គ្រប់​គ្រង​ឱ្យ​ដឹង​ថា ផ្នែក​ផ្សេង​ៗ​របស់​គម្រោង NEOM នៅ​តែ​បន្ត​ទៅ​តាម​ផែនការ​។

  • ព្រែកជីក​ហ្វូណនតេជោ «ល្អមើល​ផង ល្អហូបផង»

    ព្រែកជីក​ហ្វូណនតេជោ «ល្អមើល​ផង ល្អហូបផង»

    (ភ្នំ​ពេញ) – សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត បាន​មាន​ប្រសាសន៍​ថា ប្រទេសយើងជាមហាអំណាច ពេលដែលមាន​សេដ្ឋកិច្ចខ្លាំង ដូច្នេះ​ព្រែកជីក (ហ្វូណនតេជោ) នេះ គឺបម្រើដល់ការបង្កើនសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

    ប្រសាសន៍​របស់​សម្ដេច​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើងនា​​ព្រឹក​ថ្ងៃទី 11 ខែ​មេសា ឆ្នាំ 2024 ​នៅ​ក្នុង​ពិធី​សម្ពោធកសិដ្ឋាន​ចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅ​ភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

    សម្ដេច​ធិបតី បាន​បញ្ជាក់​ថា ព្រែក​ជីកហ្វូណនតេជោ​ «ល្អមើល​ផង និង​ល្អ​ហូប​ផង» បន្ទាប់​ពី​មាន​មតិ​រិះគន់ខ្លះ​ចំពោះ​គម្រោង​ព្រែក​ជីក​នេះ​។ គម្រោង​នេះ​​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន ក៏​ដូច​ជា​​មិន​បង្ក​ការ​គំរាម​កំហែង​ដល់​ប្រទេស​ជិត​ខាង​។

    សូម​រំលឹក​ថា គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ​មាន​ប្រវែង​ 180 ​គីឡូម៉ែត្រ ចាប់​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លៃ​បាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេ​បាសាក់ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លង​កាត់​ខេត្ត​ចំនួន​ 4 រួមមាន​ ខេត្ត​កណ្តាល​ ខេត្តតាកែវ​ ខេត្តកំពត​ និង​ខេត្តកែប​ ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​ 1.6 ​លាន​នាក់​ រស់​នៅអម​សង​ខាង​ផ្លូវទឹក។

    យោង​តាម​ក្រសួង​សាធារណៈការនិង​ដឹក​ជញ្ជូន​ ​ការដ្ឋាន​សាង​សង់​ព្រែក​ជីក​ដែល​នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ត្រីមាស​ទី​ 4 នៃ​ឆ្នាំ​ 2024 ខាង​មុខ​នេះ មានតម្លៃ​ប្រមាណ ​1,700 ​លាន​ដុល្លារ​អាម៉េរិក ហើយ​នឹង​ត្រូវ​ចំណាយ​ពេល​ 4 ឆ្នាំ​ ក្នុង​ការ​ស្ថាបនា។ គម្រោង​នេះ​​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (Belt and Road Initiative ឬBRI) របស់​រដ្ឋាភិបាល​ចិន​៕