ជប៉ុន​បាញ់​បង្ហោះ​ស្ថានីយ​ចុះចត​លើ​ឋាន​ព្រះចន្ទ

យាន​អវកាស SLIM នឹង​ហោះ​ដល់​គន្លង​តារា​វិថី​ព្រះ​ចន្ទ​នៅ​ក្នុង​រយៈ​ពេល​ពី 3 ទៅ 4 ខែ​ទៀត​ រួច​ក៏​នឹង​​ចុះ​ចត​ខាង​​ក្នុងមាត់​​រណ្ដៅ​​​មួយ​ដែល​មាន​ទំហំ 300 ម៉ែត្រ​។

រ៉ុក្កែត​ H-2A របស់​ជប៉ុន​ ដឹក​ស្ថានីយ​ចុះ​ចត​ SLIM និង​តេឡេស្កុប​អវកាស XRISM ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​អវកាស​ Tanegashima កាល​ពី​ម៉ោង​ 6 និង 42 នាទី ថ្ងៃទី 6 កញ្ញា​ (ពេលវេលា​នៅ​កម្ពុជា)​ យឺត​ជាង​ 10 ថ្ងៃ បើ​ធៀប​នឹង​ផែនការ​ដំបូង​ ដោយ​សារ​តែ​បញ្ហា​អាកាសធាតុ​។

យាន​អវកាស​ទាំង​ពីរ​គ្រឿង​បាន​ហោះ​ហោះ​ដូច​ការ​គ្រោង​ទុក​ បន្ទាប់​ពី​ត្រូវ​បាន​បាញ់​បង្ហោះជិត​​មួយ​ម៉ោង​។ បើ​សិន​ជា​គ្រប់​យ៉ាង​ដំណើរ​ការ​រលូត​ តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ SLIM (ស្ថានីយ​ស្រាវ​ជ្រាវ​ព្រះ​ចន្ទ​ឆ្លាត​វៃ) នឹង​រក​វិធី​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ជា​លើក​ដំបូង​ ដើម្បី​បើក​ផ្លូវ​សម្រាប់​បេសក​កម្ម​ប្រកប​ដោយមហិច្ឆតា​ជា​ច្រើន​ផ្សេង​ទៀត​។

យោង​តាម​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ជប៉ុន (JAXA) ស្ថានីយ​ SLIM ឆ្ពោះ​ទៅ​រក​ការធ្វើ​តេស្ត​​​ប្រព័ន្ធ​ស្រាវ​ជ្រាវ​ស្រាល​ក្នុង​ទ្រង់​ទ្រាយ​តូច​ និង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ចុះ​ចត​ប្រកប​ដោយ​ភាព​សុក្រឹត​​ចាំ​បាច់​សម្រាប់​យាន​អវកាសចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ក្នុង​ពេល​អនាគត​។

SLIM គឺជា​យាន​អវកាស​ខ្នាត​តូច​ មាន​កម្ពស់​ 2.4 ម៉ែត្រ, បណ្ដោយ​ 2.7 ម៉ែត្រ និង​ទទឹង​ 1.7 ម៉ែត្រ​។ នៅ​ពេល​ហោះ​ឡើង​ យាន​នេះ​មាន​ទម្ងន់​ 700 គីឡូក្រាម ក្នុង​នោះ​ ឥន្ធនៈ​មាន​រហូត​ដល់ 70%​ នៃ​ទម្ងន់​​សរុប​។ SLIM នឹង​ហោះ​ទៅ​តាម​គន្លង​វែង​ឆ្ងាយ​ដែល​សន្សំ​សំចៃ​ឥន្ធនៈ​ ហើយ​គ្រោង​នឹង​ទៅ​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​នៅ​ 3 ឬ 4 ខែ​ទៀត​។​ យាន​អវកាស​នេះ​នឹង​សង្កេត​មើល​ផ្ទៃ​ព្រះ​ចន្ទ​ក្នុង​មួយ​ខែ​ មុន​នឹង​បន្តចុះ​ចត​ខាង​ក្នុង​មាត់រណ្ដៅ​អាចម៍​ផ្កាយ​​ Shioli Crater ទំហំ​ 300 ម៉ែត្រ ដើម្បី​ធ្វើ​តេស្ត​បច្ចេក​វិទ្យា​ចុះ​ចត​។

SLIM ក៏​នាំ​យក​យាន​ស្រាវ​ជ្រាវ​ខ្នាត​តូច​ពីរ​គ្រឿង​ ដែល​គ្រោង​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​លើ​ផ្ទៃ​ព្រះ​ចន្ទ​ បន្ទាប់​ពី​បាន​ចុះ​ចត​។ យាន​ខ្នាត​តូច​មួយ​គូ​នេះ​នឹង​ជួយ​ក្រុម​អ្នក​បច្ចេកទេស​លើ​ផែនដី​អាច​តាម​ដាន​ស្ថានភាព​របស់​យាន​ចុះ​ចត SLIM និង​ថត​រូប​តំបន់​ចុះ​ចត​ ក៏ដូច​ជា​ផ្ដល់​ប្រព័ន្ធ​ទំនាក់​ទំនង​ផ្ទាល់​ជាមួយ​នឹង​ផែនដី​។

មុន​នោះ ស្ថានីយ​ចុះ​ចត​ Hakuto-R របស់​ក្រុម​ហ៊ុន​ឯកជន​ Hakuto-R នៅ​តូក្យូ ក៏​បាន​ហោះ​ដល់​គន្លង​តារា​វិថី​ព្រះ​ចន្ទ​ ប៉ុន្តែ​បាន​ធ្លាក់​បុក​ដី​កាល​ពី​ខែ​មេសា​ឆ្នាំ​កន្លង​។ ដូច្នេះ ជោគ​ជ័យ​របស់ SLIM នឹង​ជា​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ​។ គិត​មក​ដល់​បច្ចុប្បន្ន លើ​ពិភពលោក​មាន​តែ​បួន​ប្រទេស​ប៉ុណ្ណោះ​ដែល​ធ្លាប់​បាន​បញ្ជូន​យាន​អវកាស​ទៅ​ស្រាវ​ជ្រាវ​ឋាន​ព្រះ​ចន្ទ នោះ​គឺ​ សូវៀត អាម៉េរិក ចិន និង​ឥណ្ឌា​។

ក្រៅ​ពី SLIM រ៉ុក្កែត​រុញ​ច្រាន H-2A ​ក៏​ដឹកឡេស្កុបអវកាស​​ XRISM (បេសកកម្ម​ថត​រូបដែល​​បំពាក់​បច្ចេក​វិទ្យាកាំ​រស្មី​អ៊ិច (X)) ដែល​ជា​គម្រោង​សហការ​រវាង​​ទី​ភ្នាក់​ងារ​អវកាស​ជប៉ុន អាម៉េរិក និង​អឺរ៉ុប​ នឹង​ធ្វើ​សកម្មភាព​នៅ​ក្នុង​គន្លង​តារាវិថី​កម្រិត​ទាប​របស់​ផែនដី​។ តេឡេស្កុប​នេះ​នឹង​ស្រាវ​ជ្រាវ​ចក្រវាល​តាមរយៈ​កាំរស្មី​អ៊ិច​ថាមពល​ខ្ពស់​​ក្នុង​ទីអវកាស៕

Advertisement