Tag: តេឡេស្កុប

  • ភព​មួយ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ទើប​តែ​បាត់​បង់​អស់​ពពក​៖ មូលហេតុ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​!

    ភព​មួយ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ទើប​តែ​បាត់​បង់​អស់​ពពក​៖ មូលហេតុ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​!

    យោង​តាម​បណ្ដា​រូប​ថត​ថ្មី​បំផុត​ពី​​ណាសា ភព​មួយ​ដែល​មានពណ៌​ខៀវ​ដ៏ស្រស់ស្អាត​ និង​ស្ថិត​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​ ទើប​តែ​ បាន​បាត់​បង់​ពពក​។

    ក្រុម​អ្នក​ជំនាញ​ប្រចាំ​សាកល​វិទ្យាល័យ California នៅ​សហរដ្ឋ​អាម៉េរិក​ បាន​ពិនិត្យ​ទិន្នន័យ​ដែល​តេឡេស្កុប​របស់​ណាសា​ថត​​ភព​ណិបទូន​ពី​ឆ្នាំ 1994 ដល់​ឆ្នាំ 2022 និង​បាន​រកឃើញ​ប្រការ​ដ៏​ចម្លែក​៖ ពី​ឆ្នាំ 2019 នៅ​ជុំវិញ​តំបន់រយៈទទឹង​មធ្យម​ ភាព​បិទ​បាំង​របស់​ពពក​ក្រាស់​ចាប់​ផ្ដើម​ព្រិល​បន្តិច​ម្ដងៗ​។ មក​ដល់​បច្ចុប្បន្ន​ ភព​ពណ៌​ខៀវ​នេះ​បាន​ប្រែ​ប្រួល​ឱ្យ​យើង​ឃើញ​យ៉ាង​ច្បាស់​ ដោយ​សារ​តែ​ពពករបស់​វា​​បាន​បាត់​បង់​ទាំង​ស្រុង​។

    បន្ទាប់​ពី​សម្រេច​ចិត្ត​ស្វែង​យល់​ស៊ី​ជម្រៅ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ក៏បាន​រក​ឃើញ​មូលហេតុ​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ នោះ​គឺ​ ព្រះ​អាទិត្យ​ និង​វដ្ដ​ 11 ឆ្នាំ​របស់​វា​។

    យោង​តាម​ទំព័រ​ Space លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ខាងលើ​បង្ហាញ​ថា មិន​ត្រឹម​តែ​បណ្ដា​ភព​ក្បែរ​នោះ​ទេ​ ព្រះ​អាទិត្យ​ក៏​មាន​ថាមពល​គ្រប់គ្រាន់​ដើម្បី​ជះឥទ្ធិពល​ដល់​ភព​ដែល​នៅ​ឆ្ងាយ​ៗ​ដូច​ណិបទូន​ផងដែរ​។

    វដ្ដ 11 ឆ្នាំ​របស់ព្រះ​អាទិត្យ​រួម​មាន​ដំណាក់​កាល​ធ្វើសកម្មភាព​កម្រិត​ទាប និង​ដំណាក់​កាល​ធ្វើ​សកម្មភាព​ខ្លាំង​ក្លា​ដូច​បច្ចុប្បន្ន​។ ដំណាក់​កាល​ធ្វើ​សកម្មភាព​ខ្លាំង​ក្លា​នេះ​កំពុង​តែធ្វើ​ឱ្យ​​តំបន់​អវកាសដែល​​រង​ឥទ្ធិពល​ពី​ផែនដី (​​ម៉ាញេតូស្វៀរ (magnetosphere)) ត្រូវ​រង​គ្រាប់​ផ្ទុក​ថាមពល​កម្រិត​ខ្ពស់​ បង្ក​ឱ្យ​មាន​ព្យុះ​ដែន​ទំនាញ​។

    សម្រាប់​ភព​ណិបទូន អ្វី​ដែល​បង្ក​ផល​ប៉ះពាល់​ធំបំផុត​ គឺ​អំឡុង​ពេល​ផ្លាស់​ប្ដូរ​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​នៅ​ក្នុង​វដ្ដ 11 ឆ្នាំ​របស់​ព្រះ​អាទិត្យ​ ដោយ​បង្កើត​វិទ្យុសកម្ម​ភាព​អ៊ុលត្រា​វីយូឡេ​ខ្ពស់​ជាង​ធម្មតា​។ វិទ្យុសកម្ម​នេះ​សាយភាយ​ពាស​ពេញ​ប្រព័ន្ធ​ព្រះ​អាទិត្យ ប៉ះ​ពាល់​ដល់​បណ្ដា​ភព​ដែល​មាន​បរិយាកាស​ពិសេស​ ដែល​ភព​ណិបទូន​ក៏​ស្ថិត​ក្នុង​ចំណោម​នោះ​។

    ប្រតិកម្មរស្មី​សំយោគ​ក្នុង​ដំណាក់​កាល​វិទ្យុសកម្ម​អ៊ុលត្រាវីយូឡេ​កម្រិត​ខ្ពស់ បាន​បង្កើត​ស្រទាប់​ពពក​យ៉ាង​ក្រាស់ ដែល​ណាសា​ធ្លាប់​បាន​ឃើញ​នៅ​លើ​ភព​ណិបទូន​។ ក្រោយ​មក ស្រទាប់​ពពក​ក្រាស់​នេះ​ក៏​ស្ដើង​បន្តិច​ម្ដង​ៗ​ទៅ​តាម​ពេល​វេលា​ និង​រង់​ចាំ​ដំណាក់​កាល​មួយ​ទៀត​ក្នុង​​វដ្ដ​ 11​ ឆ្នាំ​របស់​ព្រះ​អាទិត្យ​ ដើម្បី​ឡើង​ក្រាស់​ជា​ថ្មី​។

    បច្ចុប្បន្ន ព្រះ​អាទិត្យ​កំពុង​ឆ្ពោះ​ទៅ​ជិត​ដល់​ដំណាក់​កាល​ធ្វើ​សកម្មភាព​ខ្លាំង​ក្លា​ក្នុង​​វដ្ដ 11 ឆ្នាំ​។​ ពេល​វា​ឡើង​ដល់​ចំណុច​កំពូល ប្រហែល​ឆ្នាំ 2025 ឬ​ឆាប់​ជាង​នេះ ព្រះ​អាទិត្យ​នឹងផ្លាស់ប្ដូរ​ប៉ូល​ម៉ាញេទិច​ និង​ងាក​មក​ដំណាក់​កាល​ «ស្លូត»។ ពេល​នោះ ព្យុះ​ដែន​ទំនាញ​ ឬ​ព្យុះ​ម៉ាញេទិច​នឹង​កាត់​បន្ថយ​ផលប៉ះពាល់​មក​លើ​ផែនដី គ្រាដែល​ភព​ណិបទូន​​ក៏​នឹង​មាន​ពពក​ក្រាស់​សា​ជាថ្មី​៕

  • ​តេ​ឡេ​ស្កុប​វិទ្យុ​ធំជាងគេ​លើ​ពិភពលោក មាន​រ៉ូ​បូត​ឆ្លាត​វៃជួយ​​ថែទាំការ​ពារ

    ​តេ​ឡេ​ស្កុប​វិទ្យុ​ធំជាងគេ​លើ​ពិភពលោក មាន​រ៉ូ​បូត​ឆ្លាត​វៃជួយ​​ថែទាំការ​ពារ

    ប្រព័ន្ធ​រ៉ូ​បូត​ឆ្លាត​វៃ​ដែល​ផលិតឡើង​ដោយ​ក្រុម​វិស្វករ​ចិន បាន​ឆ្លង​ផុត​ដំណាក់កាល​ធ្វើតេស្ត​សម្រាប់​បេសកកម្ម​ថែទាំ​តេ​ឡេ​ស្កុប​វិទ្យុ​ខ្នាត​យក្ស​ ដែលមាន​ដ្យា​ក្រាម 500 ម៉ែត្រ (FAST)។

    តេ​ឡេ​ស្កុប​វិទ្យុ​ធំជាងគេ​លើ​ពិភពលោក FAST គឺជា​គម្រោង​ដែល​ដឹកនាំ​ដោយ​ស្ថានីយ​សង្កេត​តារាដោយ​រលក​​វិទ្យុ Guizhou និង​មាន​ការចូលរួម​ពី​ស្ថាប័ន​ដទៃ​ចំនួន 10។ FAST ស្ថិតនៅលើ​ជ្រលង​ភ្នំ​ជ្រៅ និង​មូល ក្នុង​ខេត្ត Guizhou ភាគ​និរតី​ប្រទេស​ចិន។ តេឡេស្កុប​នេះ​មាន​តំបន់​ចាប់​រលកសញ្ញា​ធំ​ដែល​ស្មើនឹង​ទីលាន​បាល់ទាត់ស្ដង់ដា​​ចំនួន 30 បូក​ចូលគ្នា។

    ការថែទាំ​គឺជា​ភារកិច្ច​សំខាន់​ដើម្បី​ធានា​នូវ​សមត្ថភាព​ ស្ថិរភាព​សម្រាប់​ការ​សង្កេត​របស់ FAST។ បណ្ដា​រ៉ូ​បូត​អាចបំពេញ​ការងារ​ទាំង​ឡាយ​ដែលមាន​ហានិភ័យ​គ្រោះថ្នាក់ខ្ពស់ ហើយ​មនុស្ស​មិនអាច​ធ្វើបាន មាន​ជាអាទិ៍ ការងារ​ប្ដូរ​ឧបករណ៍​បច្ចេកវិទ្យា និង​ការងារ​សម្អាត​ជាដើម ដោយសារតែ​វា​ធ្វើការ​មិន​រើស​ទីកន្លែង​ និង​ពេលវេលា។

    យោងតាមលោក Jiang Peng ដែលជា​ប្រធាន​ក្រុម​​វិស្វករ​របស់​គម្រោង FAST រ៉ូ​បូត​ឆ្លាត​វៃ​ខាង​លើ​នឹង​ជួយ​បង្កើន​ពេលវេលា​នៃ​ការសង្កេត​ប្រចាំឆ្នាំ​របស់ FAST បាន 30 ថ្ងៃ​បន្ថែមទៀត៕

  • អ្នក​វិទ្យា​សាស្ត្រ​កំពុង​ «គយគន់» ទិដ្ឋភាព​ប្រហោង​ខ្មៅ​ហែក​ស៊ី​ផ្កាយ​​ កាល​ពី​ 10 ពាន់​លាន​ឆ្នាំ​មុន​

    អ្នក​វិទ្យា​សាស្ត្រ​កំពុង​ «គយគន់» ទិដ្ឋភាព​ប្រហោង​ខ្មៅ​ហែក​ស៊ី​ផ្កាយ​​ កាល​ពី​ 10 ពាន់​លាន​ឆ្នាំ​មុន​

    វត្ថុ​អវកាស​ដែល​មាន​ឈ្មោះ​ថា J221951 គឺជា​មួយ​ក្នុង​ចំណោម​វត្ថុ​អវកាស​ដែល​ភ្លឺ​ចែង​ចាំង​ជាង​គេ​ដែល​អ្នក​វិទ្យា​សាស្ត្រ​ធ្លាប់បាន​រក​ឃើញ​។ វា​មាន​ចម្ងាយ​ពី​ផែនដី​រហូត​ដល់ 10 ពាន់​លាន​ឆ្នាំ​ពន្លឺ​។ នេះ​បើ​យោង​តាម Live Science។

    នៅក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​ ក្រុម​អ្នកវិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ​ Queen’s Belfast (អង់គ្លេស) បាន​ព្យាយាម​រក​ប្រភព​របស់​ពន្លឺ​​​ចែង​ចាំង​ខ្លាំង​ ដែលតេឡេស្កុប Hubble និង Neil Gehrels Swift របស់​ណាសា​បាន​រកឃើញ​។

    ដំបូង​ឡើយ អ្នកវិទ្យា​សាស្ត្រ​យល់​ច្រឡំ​ថា J221951 គឺជា​បាតុភូត​ផ្ទុះ​ដែល​បង្ក​ឡើងដោយ​ការ​បុក​គ្នា​របស់​ផ្កាយ​ពីរ​ដួង​។ ក្រោយ​មក ទិន្នន័យ​បន្ថែម​ពី​ Hubble និង Neil Gehrels Swift បាន​បង្ហាញ​ថា J221951 ស្ថិត​នៅ​ត្រង់​ជួរ​ជាមួយ​នឹង​កាឡាក់ស៊ី​មួយ​ដែល​មាន​ចម្ងាយ​ពី​ផែនដី​រហូត​ដល់ 10 ពាន់​លាន​ឆ្នាំ​ពន្លឺ​។

    និយាយ​ឱ្យ​ស្រួល​ស្ដាប់ គឺ​ថា មនុស្ស​កំពុង​តែ​មើល​ទៅ​កាន់​អតីត​កាល​របស់​កាឡាក់ស៊ី​មួយ​ដែល​មាន​វត្តមាន​នៅ​ពេល​ចក្រ​វាល​ទើប​មាន​អាយុ​ត្រឹម​តែ​ជាង ¼ នៃ​អាយុ​កាល​បច្ចុប្បន្ន និង​​គយគន់​ព្រឹត្តិការណ៍​ជះ​ពន្លឺ​ដ៏​មហិមា​មួយកើត​ឡើង​​កាល​ពី​ 10 ពាន់​លាន​ឆ្នាំ​មុន​។

    វត្ថុ​អវកាស​ខាងលើ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​ជា​ប្រហោង​ខ្មៅ​ខ្នាត​យក្ស ដែល​ទើប​បញ្ចេញ​សកម្ម​ភាព​នៅ​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​ ទើប​វា​បញ្ចេញ​ពន្លឺ​​ជា​ទម្រង់​ quasar (quasar គឺជាស្នូលកាឡាក់ស៊ីសកម្មដែលមានពន្លឺខ្លាំង)។ ប្រហោង​ខ្មៅ​តែង​តែ​បញ្ចេញ​ពន្លឺ​បែប​នេះ​នៅ​ពេល​វា​កំពុង​ហែក​ស៊ី​ផ្កាយ​​ណា​មួយ​ដែល​ចូល​មក​ក្បែរ​។

    បើ​ទោះ​ជាវត្ថុ​អវកាស​ខាងលើ​កើត​ឡើង​ដោយ​​មូលហេតុ​អ្វី​ក៏ដោយ ទិដ្ឋភាព​ពាន់​ឆ្នាំ​មាន​ម្ដងមួយ​នេះ​​នៅ​តែ​ជា​ឱកាស​ដ៏​សែន​ល្អ​ ជួយ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​មើល​ឃើញ​ប្រហោង​ខ្មៅ​ ព្រោះ​នៅ​ពេល​អសកម្ម​ ប្រហោង​ខ្មៅ​នឹង​ងងឹត​សូន្យ​សុង​ ហើយ​​​មនុស្ស​មិន​អាច​មើល​ឃើញ​៕​

  • អាចម៍​ផ្កាយ​ខ្នាត​ធំ​មួយ​ដុំ​នឹង​​ហោះ​មក​ក្បែរ​ផែនដី​បំផុត​នៅ​ថ្ងៃ​ស្អែក

    អាចម៍​ផ្កាយ​ខ្នាត​ធំ​មួយ​ដុំ​នឹង​​ហោះ​មក​ក្បែរ​ផែនដី​បំផុត​នៅ​ថ្ងៃ​ស្អែក

    អាចម៍​ផ្កាយ​ 2019 LH5 ដែល​មាន​អង្កត់​ផ្ចិត​ប្រហែលជាង 400 ម៉ែត្រ នឹង​ហោះ​មក​ក្បែរ​ផែន​ដីក្នុង​គម្លាត​ 5.6 លាន​គីឡូម៉ែត្រ នៅ​វេលា​ម៉ោង 11 ថ្ងៃទី 07 កក្កដាខាងមុខ​។

    មិត្ត​អ្នក​អាន​ទាំង​ឡាយ​ដែល​ចាប់​អារម្មណ៍ អាច​តាម​ដាន​ដំណើរ​ហោះ​មក​ក្បែរ​ផែនដី​របស់​អាចម៍​ផ្កាយ​ខាងលើ​ តាម​រយៈ​គម្រោង​តេឡេស្កុប​និម្មិត (VTP) ដែល​នឹង​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​នេះ​។

    តារាវិទូ Gianluca Masi នៅ VTP ថត​បាន​អាចម៍​ផ្កាយ​ 2019 LH5 ដោយ​តេឡេស្កុប​នៅ Manciano ប្រទេស​អ៊ីតាលី​ កាល​ពី​ថ្ងៃទី 04 កក្កដា ពេល​វត្ថុ​អវកាស​នេះ​ស្ថិត​នៅ​ក្នុង​រយៈ​ចម្ងាយ​ពី​ផែនដី​ប្រហែល 7.2 លាន​គីឡូម៉ែត្រ​។

    2019 LH5 ត្រូវ​បាន​រកឃើញ​កាល​ពី​ឆ្នាំ 2019​។ អង្គការ​ណាសា​ឱ្យ​ដឹង​ថា 2019 LH5 មាន​ទំហំ​ធំជាង​​​កីឡដ្ឋាន​មួយ​ដោយ​​មាន​អង្កត់​ផ្ចិត​ប្រហែលពី 210 ទៅ 470 ម៉ែត្រ​។

    អាចម៍ផ្កាយ 2019 LH5 ដែលថតបានកាលពីថ្ងៃទី 04 កក្កដា 2023

    នៅ​ពេល​ហោះមក​ក្បែរ​ផែនដី​ 2019 LH5 នឹង​ផ្លាស់​ទី​ក្នុងល្បឿន​ប្រហែល 77,900 គីឡូម៉ែត្រ​/ម៉ោង​ ធៀប​នឹង​ផែនដី​។ យោង​តាម CNEOS ល្បឿន​នេះ​គឺ​លឿន​ជាង​ប្រហែល 20 ដង ធៀប​នឹង​គ្រាប់​កាំភ្លើង​​ប្រភេទ​ដូច​ AK។

    អាចម៍​ផ្កាយ 2019 LH5 ត្រូវ​ការ​ពេល​ប្រហែល​ពីរ​ឆ្នាំ​ ទើប​គោចរ​បាន​មួយ​ជុំ​ព្រះ​អាទិត្យ​។ អ្នក​វិទ្យា​សាស្ត្រ​បាន​គណនា​ឃើញ​ថា អាចម៍​ផ្កាយ​នេះ​នឹង​មិន​អាចហោះ​មក​បុក​ជាមួយ​ផែនដី​ យ៉ាង​តិច​នៅ​ក្នុង​ការ​ហោះ​មក​ក្បែរ​ចំនួន 11 លើក​នា​ពេល​ខាងមុខ​ រហូត​ដល់​ឆ្នាំ 2192​។

  • អាចម៍​ផ្កាយ​ដែល​គោចរ​​អម​នឹង​​ផែនដី​តាំង​ពី​ឆ្នាំ​ 100 មុន​គ្រិស្តសករាជ

    អាចម៍​ផ្កាយ​ដែល​គោចរ​​អម​នឹង​​ផែនដី​តាំង​ពី​ឆ្នាំ​ 100 មុន​គ្រិស្តសករាជ

    ក្រុម​អ្នកវិទ្យាសាស្ត្រ​​ប្រទះ​ឃើញអាចម៍​ផ្កាយ 2023 FW13 ដែល​មាន​អង្កត់​ផ្ចិត​ប្រហែល 15 ម៉ែត្រ បាន​ក្លាយ​ជា​ «អ្នក​ជិតខាង» របស់​ផែនដី​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន​រហូត​ដល់​ដល់​បច្ចុប្បន្ន​។

    អាចម៍​ផ្កាយ 2023 FW13 ស្ថិត​ក្នុង​ប្រភេទ «​quasi-moon» ឬ «quasi-satellite» (ស្ដង់ដា​ព្រះចន្ទ ឬ​ ស្ដង់ដា​ផ្កាយ​រណប​) ដែល​មាន​ន័យ​ថា វា​គោចរ​ជុំវិញ​ព្រះអាទិត្យ​ទៅ​តាម​ពេល​វេលា​ដូច​ទៅ​នឹង​ផែនដី​ ប៉ុន្តែ​ទទួល​រង​ឥទ្ធិពល​តិច​តួច​បំផុត​ពី​កម្លាំង​ទំនាញ​របស់​ផែនដី​។ នេះ​បើ​តាម Live Science ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 31 ឧសភា 2023​។

    យោង​តាម​ណាសា អង្កត់ផ្ចិត​របស់ 2023 FW13 ត្រូវ​បាន​អ្នក​វិទ្យា​សាស្ត្រ​គណនា​ឃើញ​ថា​ ប្រហែល 15 ម៉ែត្រ​។ នៅ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ព្រះអាទិត្យ អាចម៍​ផ្កាយ 2023 FW13 ក៏​វិល​ជុំវិញ​ផែនដី​ ក្នុង​គម្លាត​ប្រហែល 14 លាន​គីឡូម៉ែត្រ​។ ចំណែក​ព្រះចន្ទ​របស់​មនុស្ស​ដែល​មាន​អង្កត់ផ្ចិត​ 3,474 គីឡូម៉ែត្រ មាន​គន្លាត​ពីផែនដី​ជិត​បំផុត​ត្រឹម​ 364,000 គីឡូម៉ែត្រ​។

    ស្ថានីយ​សង្កេត​តារា Pan-STARRS ដែល​មាន​ទីតាំង​នៅ​លើ​កំពូល​ភ្នំ​ភ្លើង Haleakala ក្នុង​​រដ្ឋ Hawaii បាន​ប្រទះ​ឃើញ​ 2023 FW13 កាល​ពី​ខែ​មីនា ឆ្នាំ​ 2023​។ វត្តមាន​របស់​អាចម៍​ផ្កាយ​នេះ ក្រោយ​មក​ក៏​ត្រូវ​បាន​បញ្ជាក់​ដោយ​តេឡេស្កុប​កាណាដា-បារាំង-​ហាវាយ និង​តេឡេស្កុប​ចំនួនពីរ​ទៀត​នៅ Arizona។ ថ្ងៃ​ទី 01 មេសា 2023 មជ្ឈមណ្ឌល​​អាចម៍​ផ្កាយ​​នៃ​សហព័ន្ធ​តារា​សាស្ត្រ​អន្តរជាតិ (IAU) បាន​បញ្ចូល​ 2023 FW13 ​ទៅ​ក្នុង​បញ្ជី​ជា​ផ្លូ​វការ​។

    ការ​គណនា​មួយ​ចំនួន​បង្ហាញ​ថា 2023 FW13 បាន​ធ្វើ​ជា​ «អ្នក​ជិតខាង» របស់​ផែនដី​យ៉ាង​ហោច​ក៏​ចាប់​ពី​ឆ្នាំ 100 មុន​គ្រិស្តសករាជ​។ Adrien Coffinet ​តារាវិទូ​ដំបូង​គេ​ដែល​បាន​ចាត់​ 2023​ FW13 ទៅ​ក្នុង​ប្រភេទ​ស្ដង់ដា​ព្រះចន្ទ អះអាង​ថា អាចម៍​ផ្កាយ​នេះ​​នឹង​បន្ត​ផ្លាស់​ទី​ទៅ​តាម​គន្លង​គោចរ​បច្ចុប្បន្ន​រហូត​ដល់​ប្រហែល​ឆ្នាំ 3700​។

    «ដំណឹង​ល្អ​គឺ​ថា គន្លង​គោចរ​បែប​នេះ​នឹង​មិន​នាំ​ឱ្យ​មាន​ហេតុ​ការណ៍​ប៉ះ​ទង្គិច​ជាមួយ​ផែនដី​នោះទេ​» Alan Harris តារាវិទូ​នៅ​វិទ្យាស្ថាន​អវកាស​វិទ្យា​ឱ្យ​ដឹង​ដូច្នេះ​។

    2023 FW13 មិន​មែន​ជា​អាចម៍​ផ្កាយ​ប្រភេទ​ស្តង់ដា​ព្រះចន្ទ​តែ​មួយ​គត់​របស់​ផែនដី​នោះ​ឡើយ​។ អាចម៍​ផ្កាយ Kamo’oalewa ដែល​ត្រូវ​បាន​រកឃើញ​កាលពី​ឆ្នាំ 2016 ក៏​ត្រូវ​បានចាត់​ចូល​ក្នុង​ប្រភេទ​នេះ​។ Kamo’oalewa គោចរ​ក្បែរ​ផែនដី​នៅក្នុង​គន្លង​ជុំវិញ​ព្រះ​អាទិត្យ​។ ការ​សិក្សា​ស្រាវជ្រាវ​កាល​ពី​ឆ្នាំ 2021 បង្ហាញ​ថា Kamo’oalewa អាច​ជា​បំណែក​មួយ​របស់​ព្រះចន្ទ​កាល​ពីអតីត​កាល​។

    យោង​តាម​ទិន្នន័យ​ខាងលើ យើង​អាច​ចាត់ទុកបាន​​ថា បច្ចុប្បន្ន​ ផែនដី​របស់​មនុស្ស​មាន​ព្រះចន្ទ​រហូត​ដល់​បី​ដួង​ទៅ​ហើយ​៕

  • ស្នាម​ខ្មៅធំជាង​ផែនដី​បួន​ដងនៅ​លើ​ផ្ទៃ​ព្រះ​អាទិត្យ​​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា

    ស្នាម​ខ្មៅធំជាង​ផែនដី​បួន​ដងនៅ​លើ​ផ្ទៃ​ព្រះ​អាទិត្យ​​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា

    ស្នាម​ខ្មៅ AR3310 ​ជា​ដុំ​ងងឹត​នៅ​លើ​ផ្ទៃ​ព្រះ​អាទិត្យ​ដែល​បែរ​មក​រក​ផែនដី ធំ​ដល់​ថ្នាក់​អាច​មើល​ឃើញ​ពី​ផែនដី​ដោយ​មិន​បាច់​ប្រើ​តេឡេស្កុប​។

    តារាវិទូ​កូរ៉េខាងត្បូង Bum-Suk Yeom ចែក​រំលែក​រូប​ភាព​ដែល​ប្រៀប​ធៀបរវាង​​ស្នាម​ខ្មៅ​ AR3310 និង​ផែនដី​។ «ស្នាម​ខ្មៅ​ព្រះអាទិត្យ​មើល​ដោយ​ភ្នែក​ធម្មតា និង​វ៉ែនតាសម្រាប់​មើល​​ព្រះអាទិត្យ​។ វា​ស្ថិត​នៅ​ខាង​ឆ្វេង​ធៀប​នឹង​ចំណុច​កណ្ដាល​របស់​រង្វង់​​ព្រះ​អាទិត្យ​» Yeom សរសេរ​ក្នុង​អត្ថបទ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី 23 ឧសភា​ដូច្នេះ​។

    ស្នាម​ខ្មៅ​មើល​ទៅដូច​ងងឹត ព្រោះ​វា​ត្រជាក់​ជាង​តំបន់​ដទៃ​របស់​ផ្ទៃ​ព្រះ​អាទិត្យ​ នេះ​បើតាម​ណាសា​។ ស្នាម​ខ្មៅ​ត្រជាក់ជាង​ក៏​ព្រោះ​តែ​ពួក​វា​កើត​ឡើង​នៅ​កន្លែង​ដែល​ដែន​ម៉ាញេទិក​មាន​កម្លាំង​ខ្លាំ​ង​រារាំង​កម្ដៅ​ពី​ខាង​ក្នុង​ព្រះ​អាទិត្យ​ជះ​​មក​ក្រៅ​។ ពេល​ខ្លះ​ស្នាម​ខ្មៅ​លើ​ព្រះ​អាទិត្យ​ធំ​រហូត​ដល់​ថ្នាក់​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា​ មិន​ចាំបាច់​ប្រើ​តេឡេស្កុប ប៉ុន្តែ​ត្រូវ​ការ​វ៉ែនតា​ការ​ពារ​ភ្នែក​ពី​ពន្លឺ​ព្រះ​អាទិត្យ​។

    ទិដ្ឋភាព​ផ្ទុះ​អណ្ដាត​ភ្លើង​ព្រះ​អាទិត្យ​ (Solar Flare)

    ទំហំ​ផ្ទៃ​ផែន​ដី​ស្មើ​នឹង​ 169 ភាគ​លាន​ធៀប​នឹង​​ផ្ទៃ​ព្រះ​អាទិត្យ​។ Bum-Suk គណនា​ឃើញ​ថា AR3310 មាន​ទំហំ​ធំ​ជាង​ផែនដី​ប្រហែល​បួន​ដង​។

    ស្នាម​ខ្មៅ​លើ​ផ្ទៃ​ព្រះ​អាទិត្យ​អាច​បង្កើត​​ហេតុ​ការណ៍​ផ្ទុះ​អណ្តាតភ្លើងព្រះអាទិត្យ (Solar flare)​ ដែល​អាច​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ទូរគមនាគមន៍​ ​ផ្កាយ​រណប និង​​បណ្ដាញ​អគ្គិសនី​​ផងដែរ​៕

  • ចិន​បើកទ្វារ​តេ​ឡេ​ស្កុប​វិទ្យុ​ធំជាងគេ​លើ​ផែនដី ដើម្បី​ទទួល​​សហគមន៍​អ្នក​តារាសាស្ត្រ​អន្តរជាតិ

    ចិន​បើកទ្វារ​តេ​ឡេ​ស្កុប​វិទ្យុ​ធំជាងគេ​លើ​ផែនដី ដើម្បី​ទទួល​​សហគមន៍​អ្នក​តារាសាស្ត្រ​អន្តរជាតិ

    តេ​ឡេ​ស្កុប​រលក​វិទ្យុ FAST ចូលមក​ជំនួស​ស្ថានីយ​សង្កេត​តារា Arecibo ដើម្បី​ជួយ​ដល់​សហគមន៍​អ្នកស្រាវជ្រាវ បន្ត​ស្វែងរក​ដាន​នៃ​ជីវិត​នៅក្នុង​ចក្រវាល។

    តេ​ឡេ​ស្កុប​ដែលមាន​រូបរាង​ពាក់កណ្ដាល​រង្វង់​មូល និង​មាន​ជម្រៅ 500ម ស្ថិតនៅ​ក្នុងស្រុក Pingtang ខេត្ត Quizhou ប្រទេស​ចិន និង​មាន​ឈ្មោះថា FAST បាន​យកឈ្នះ​លើ​ស្ថានីយ​សង្កេត​អវកាស Arecibo នៅ​តំបន់ Puerto Rico ហើយ​ក្លាយជា​តេ​ឡេ​ស្កុប​វិទ្យុ​ធំជាងគេ​ក្នុង​ពិភពលោក បន្ទាប់ពី​ត្រូវបាន​សាងសង់​រួចរាល់​កាលពី​ឆ្នាំ 2016។ មុននេះ ស្ថានីយ Arecibo កាន់កាប់​ឯតទគ្គ​កម្មនេះ​ក្នុង​រយៈពេល 53 ឆ្នាំ។ ក្រោយ​ការ​ដាច់​ខ្សែកាប​ពីរលើក​កាលពីដើមឆ្នាំ 2020 ស្ថានីយ Arecibo ក៏បាន​ដួលរលំ​កាលពី​ខែវិច្ឆិកា 2020 បណ្ដាលឱ្យ​វា​ត្រូវ​បញ្ចប់​សកម្មភាព​ទាំងស្រុង។ ជំនួស​ឱ្យ Arecibo ស្ថានីយ​តេ​ឡេ​ស្កុប FAST របស់​ចិន កំពុងបើក​ទ្វារ​ទទួល​ក្រុម​តារាវិទូ​មកពី​ជុំវិញ​ពិភពលោក។

    «ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​របស់​យើង មាន​ទិសដៅ​បើកទ្វារ​ទទួល​សហគម​ន៍​អន្តរជាតិ» Wang Qiming អ្នកគ្រប់គ្រង​នៃ​មជ្ឈមណ្ឌល​ដំណើរការ និង​អភិវឌ្ឍ FAST បានឱ្យដឹង​ដូច្នេះ។

    ប្រទេស​ចិន​នឹង​ទទួលយក​សំណើ​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​ចាប់ពី​ឆ្នាំ 2021 តទៅ។ ជា​មួយ​នឹង​​ថាស​​ស្រូប​រលក​វិទ្យុ​ដែលមាន​អង្កត់ផ្ចិត 500 ម៉ែត្រ តេ​ឡេ​ស្កុប FAST មិន​ត្រឹមតែ​ធំ​ជាង​តេ​ឡេ​ស្កុប Arecibo ដែល​បាន​ខូច​ទាំងស្រុង​ហើយ​នោះទេ តែ​វា​ក៏មាន​ថាមពល​ខ្លាំង​ជាង​ដល់​ទៅ 3 ដង​ឯណោះ។ ត្រូវបាន​ចាប់ពី​ដំណើរការ​តាំងតែ​ពី​ខែមករា ឆ្នាំ 2020 តេ​ឡេ​ស្កុប FAST ថែមទាំង​ព័ទ្ធជុំវិញ​ដោយ​តំបន់​ដែល​ត្រូវ​កាត់បន្ថយ​រលកសញ្ញា​រំខាន​ដែលមាន​អង្កត់ផ្ចិត 5 គម ដែល​ក្នុង​តំបន់​នេះ មិន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត និង​កុំព្យូទ័រ​នោះទេ។

    តេ​ឡេ​ស្កុប​រលក​វិទ្យុ​ដូចជា FAST នេះ ប្រើប្រាស់​អង់​តែ​ន និង​បង្គោល​ស្រូប​រលកសញ្ញា​ដើម្បី​រុករក​រលក​វិទ្យុ​ដែល​ផ្សាយ​ចេញពី​ទី​អវកាស ដូចជា​ផ្កាយ កាឡាក់ស៊ី និង​ប្រហោង​ខ្មៅ​ជាដើម។ ឧបករណ៍​បែបនេះ​អាច​ប្រើ​ដើម្បី​បញ្ចេញ​រលក​វិទ្យុ ឬ​ចំណាំងផ្លាត​ពន្លឺ​ពី​វត្ថុ​អវកាស​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ទៀតផង។ អ្នកវិទ្យាសាស្ត្រ​អាច​ប្រើប្រាស់ FAST (Five-hundred-meter Aperture Spherical Radio Telescope) ដើម្បី​ស្វែងយល់​អំពី​អវកាស ក៏ដូចជា​ភព​ដែល​នៅក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ហើយ​អាច​កំណត់​បាន​ថា ពួកវា​កំពុងស្ថិត​នៅក្នុង​តំបន់​អំណោយផល​សម្រាប់​កកើត​ជីវិត​បានដែរ ឬ​យ៉ាងណា​ផងដែរ៕

    ប្រភព៖ Live Science