អ្នក​វិទ្យា​សាស្ត្រ​កំពុង​ «គយគន់» ទិដ្ឋភាព​ប្រហោង​ខ្មៅ​ហែក​ស៊ី​ផ្កាយ​​ កាល​ពី​ 10 ពាន់​លាន​ឆ្នាំ​មុន​

រូប​ភាព​បង្ហាញ​ថា ប្រហោង​ខ្មៅ​ខ្នាត​យក្ស​មួយ​កំពុងហែក​ស៊ី​ផ្កាយ​មួយ​ដួង​ដ៏​អភ័ព្

វត្ថុ​អវកាស​ដែល​មាន​ឈ្មោះ​ថា J221951 គឺជា​មួយ​ក្នុង​ចំណោម​វត្ថុ​អវកាស​ដែល​ភ្លឺ​ចែង​ចាំង​ជាង​គេ​ដែល​អ្នក​វិទ្យា​សាស្ត្រ​ធ្លាប់បាន​រក​ឃើញ​។ វា​មាន​ចម្ងាយ​ពី​ផែនដី​រហូត​ដល់ 10 ពាន់​លាន​ឆ្នាំ​ពន្លឺ​។ នេះ​បើ​យោង​តាម Live Science។

នៅក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​ ក្រុម​អ្នកវិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ​ Queen’s Belfast (អង់គ្លេស) បាន​ព្យាយាម​រក​ប្រភព​របស់​ពន្លឺ​​​ចែង​ចាំង​ខ្លាំង​ ដែលតេឡេស្កុប Hubble និង Neil Gehrels Swift របស់​ណាសា​បាន​រកឃើញ​។

ដំបូង​ឡើយ អ្នកវិទ្យា​សាស្ត្រ​យល់​ច្រឡំ​ថា J221951 គឺជា​បាតុភូត​ផ្ទុះ​ដែល​បង្ក​ឡើងដោយ​ការ​បុក​គ្នា​របស់​ផ្កាយ​ពីរ​ដួង​។ ក្រោយ​មក ទិន្នន័យ​បន្ថែម​ពី​ Hubble និង Neil Gehrels Swift បាន​បង្ហាញ​ថា J221951 ស្ថិត​នៅ​ត្រង់​ជួរ​ជាមួយ​នឹង​កាឡាក់ស៊ី​មួយ​ដែល​មាន​ចម្ងាយ​ពី​ផែនដី​រហូត​ដល់ 10 ពាន់​លាន​ឆ្នាំ​ពន្លឺ​។

និយាយ​ឱ្យ​ស្រួល​ស្ដាប់ គឺ​ថា មនុស្ស​កំពុង​តែ​មើល​ទៅ​កាន់​អតីត​កាល​របស់​កាឡាក់ស៊ី​មួយ​ដែល​មាន​វត្តមាន​នៅ​ពេល​ចក្រ​វាល​ទើប​មាន​អាយុ​ត្រឹម​តែ​ជាង ¼ នៃ​អាយុ​កាល​បច្ចុប្បន្ន និង​​គយគន់​ព្រឹត្តិការណ៍​ជះ​ពន្លឺ​ដ៏​មហិមា​មួយកើត​ឡើង​​កាល​ពី​ 10 ពាន់​លាន​ឆ្នាំ​មុន​។

វត្ថុ​អវកាស​ខាងលើ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​ជា​ប្រហោង​ខ្មៅ​ខ្នាត​យក្ស ដែល​ទើប​បញ្ចេញ​សកម្ម​ភាព​នៅ​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​ ទើប​វា​បញ្ចេញ​ពន្លឺ​​ជា​ទម្រង់​ quasar (quasar គឺជាស្នូលកាឡាក់ស៊ីសកម្មដែលមានពន្លឺខ្លាំង)។ ប្រហោង​ខ្មៅ​តែង​តែ​បញ្ចេញ​ពន្លឺ​បែប​នេះ​នៅ​ពេល​វា​កំពុង​ហែក​ស៊ី​ផ្កាយ​​ណា​មួយ​ដែល​ចូល​មក​ក្បែរ​។

បើ​ទោះ​ជាវត្ថុ​អវកាស​ខាងលើ​កើត​ឡើង​ដោយ​​មូលហេតុ​អ្វី​ក៏ដោយ ទិដ្ឋភាព​ពាន់​ឆ្នាំ​មាន​ម្ដងមួយ​នេះ​​នៅ​តែ​ជា​ឱកាស​ដ៏​សែន​ល្អ​ ជួយ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​មើល​ឃើញ​ប្រហោង​ខ្មៅ​ ព្រោះ​នៅ​ពេល​អសកម្ម​ ប្រហោង​ខ្មៅ​នឹង​ងងឹត​សូន្យ​សុង​ ហើយ​​​មនុស្ស​មិន​អាច​មើល​ឃើញ​៕​

Advertisement