Tag: ឈ្មោះ

  • ស្បែក​ជើង Crocs រូបរាង​អាក្រក់​ ប៉ុន្តែ​រក​បាន​រាប់​ពាន់​លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ​

    ស្បែក​ជើង Crocs រូបរាង​អាក្រក់​ ប៉ុន្តែ​រក​បាន​រាប់​ពាន់​លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ​

    បើ​ទោះ​ជា​មាន​មនុស្ស​មិន​តិច​ដែល​រិះគន់​ថា​អាក្រក់ និង​ត្រូវ​បាន​ទំព័រ Time ដាក់​ចូល​ទៅក្នុង​ «របក​គំហើញ​ដែល​អន់» ព្រោះ​តែ​គ្មាន​ប្រយោជន៍​ ប៉ុន្តែ Crocs នៅ​តែ​អាច​រក​ប្រាក់បាន​រាប់​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​។

    ក្នុង​រយៈ​ពេល​ជាង​ 20 ឆ្នាំ ស្បែក​ជើង​ដែល​មាន​រូប​រាង​ដូច​ទៅ​នឹង​ឈីស​នេះ ​បាន​ធ្វើ​ឱ្យ​មាន​អ្នក​ចូល​ចិត្តខ្លាំង និង​អ្នក​ស្អប់​ខ្លាំង​មិន​តិច​ឡើយ​។ ប៉ុន្តែ Crocs នៅ​តែ​ជា​បាតុភូមិ​មួយ​របស់​វិស័យ​ម៉ូដែល​ទំនើប​ និង​រក​ប្រាក់​ចំណូល​បាន​ 3.6 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កាលពី​ឆ្នាំ​កន្លង​។

    ស្បែក​ជើង​នេះ​ធ្វើ​ពី croslite ដែល​ជា​ជ័រ​ប្រភេទ​ទន់ ស្រាល និង​មិន​រក្សា​ក្លិន​។ ដំបូង​ឡើយ​ វា​ត្រូវ​បាន​វាយ​តម្លៃ​ថា​អាក្រក់​ ប៉ុន្តែ​នៅ​តែ​ត្រូវ​បាន​លក់ ព្រោះ​តែ​ងាយស្រួល​ពាក់​ ទាំង​នៅ​លើដីគោក ទាំង​នៅ​ក្នុង​ទឹក​។

    កាល​ពី​ឆ្នាំ 2010 ទស្សនាវដ្ដី Time បាន​ដាក់​បញ្ចូល Crocs ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ស្ដី​អំពី​របក​គំហើញ​ដែល​អន់​បំផុត​ទាំង​ 50 របស់​ពិភពលោក​។ ក៏ប៉ុន្តែ បច្ចុប្បន្ន​ បុគ្គល​​ល្បី​ឈ្មោះ​​ជា​ច្រើនរូប​​​កំពុង​ប្រើប្រាស់​ស្បែក​ជើង​យីហោ​នេះ​។

    យោង​តាម Lucy Thornley ដែល​ជា​អនុប្រធាន​ផ្នែក​និន្នាការ អតិថិជន រចនា និង​ផលិត​ផល​របស់ Crocs ឱ្យ​ដឹង​ថា មាន​មូលហេតុពីរ​យ៉ាង​ដែល​នាំ​ឱ្យ​ Crocs ទទួល​បាន​ជោគ​ជ័យ​ រួម​មាន​ អ្នក​ប្រើ​ប្រាស់​វ័យ​ក្មេង​ចូល​ចិត្ត​ប្រើប្រាស់​ស្បែក​ជើង​នេះ​ និង​រចនា​រូប​រាងរបស់​វា​​ត្រូវ​បាន​បន្ទាន់​សម័យ​៕

  • រថភ្លើង​ដឹក​ជញ្ជូន Hyperloop ល្បឿន​ជាង 1,200 គីឡូម៉ែត្រ​/ម៉ោង

    រថភ្លើង​ដឹក​ជញ្ជូន Hyperloop ល្បឿន​ជាង 1,200 គីឡូម៉ែត្រ​/ម៉ោង

    (សហរដ្ឋ​អាម៉េរិក) – ប្រព័ន្ធ​ Hyperloop Express Freight អាច​ដឹក​ទំនិញ​ដោយ​ស្វ័យប្រវត្ត​​ក្នុង​ល្បឿន​ 1,223 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​លើកដាក់​ទំនិញ​ក្នុង​ពេលតែ​មួយ​។

    ក្រុម​ហ៊ុន Hyperloop Transportation Technologies (HyperloopTT) កំពុងឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ទូរថភ្លើង​ល្បឿន​លឿន​ដែល​ស្ទើរ​តែ​មិន​មាន​កម្លាំង​កកិត​ អាច​ជា​បដិវត្តន៍​ក្នុង​វិស័យ​ដឹក​ជញ្ជូន​។ ប្រព័ន្ធ​ថ្មី​បំផុត​ដែល​មាន​ឈ្មោះ​ថា Express Freight ប្រើ​ប្រាស់បំពង់​ផ្លូវទទេ ទូ​រថភ្លើង​អណ្ដែត និង​ទ្វារ​អគ្គិសនី​ជា​ដើម​ដោយ​ស្វ័យ​ប្រវត្ត​ទាំង​ស្រុង​ ដើម្បី​លើក​ដាក់​ទំនិញ​ដំណាល​គ្នា​នៅ​ពេល​ចេញ​ដំណើរ​។ HyperloopTT ឱ្យ​ដឹង​ថា ប្រព័ន្ធ​នេះ​នឹង​អាច​ដឹក​ជញ្ជូន​បាន​លឿន​ សន្សំ​សំចៃ​ប្រាក់ និង​មាន​ស្ថិរភាព​ជាង​បើ​ធៀប​នឹង​ការ​ដឹក​ទំនិញ​តាម​យន្តហោះ ឬ​រថយន្ត​ដឹក​ទំនិញ​។

    ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​ HyperloopTT សហការ​អភិវឌ្ឍ​ជាមួយ​នឹង​ក្រុម​ហ៊ុន Tangerine របស់ប្រទេស​អង់គ្លេស​។

    ​ផែនការ​របស់ HyperloopTT គឺ​ការ​បំពាក់​ប្រព័ន្ធ​ Express Freight ខាង​ក្នុង​ហេដ្ឋារចនា​សម្ព័ន្ធ​ដឹក​អ្នក​ដំណើរ​។​ ប្រព័ន្ធ​ដឹក​អ្នក​ដំណើរ​គឺជា​​ទូ​ដែល​មាន​រូប​រាង​ដូច​ដង​ខ្លួន​យន្តហោះ ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ 1,223 គីឡូម៉ែត្រ​/ម៉ោង​ តាម​រយៈ​ប្រព័ន្ធ​ម៉ាញេទិច​ដំណើរ​ការ​នៅ​ក្នុង​ប្រព័ន្ធ​បំពង់​សម្ពាធ​ទាប​។

  • ពិភពលោក​រក​ចំណូល​បន្ថែម​បាន​ 250 ពាន់​លាន​ដុល្លារ​ បើ​សិនក្រុម​មហា​សេដ្ឋី​ត្រូវ​បាន​​យក​ពន្ធ​​អប្បបរមា

    ពិភពលោក​រក​ចំណូល​បន្ថែម​បាន​ 250 ពាន់​លាន​ដុល្លារ​ បើ​សិនក្រុម​មហា​សេដ្ឋី​ត្រូវ​បាន​​យក​ពន្ធ​​អប្បបរមា

    គម្រោង​ស្រាវជ្រាវ​ EU Tax Observatory បាន​រក​ឃើញ​ថា ប្រទេស​នានា​នឹង​មាន​ប្រាក់​ចំណូល​បន្ថែម​រាប់​​រយ​ពាន់​លាន​​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ បើ​សិន​យក​ពន្ធ​អប្បបរមា​ 2% នៅ​ទូទាំង​សកល​លោក​ចំពោះ​ក្រុម​មហា​សេដ្ឋី​។

    នៅក្នុង​លទ្ធផល​នៃ​ការ​សិក្សាស្រាវជ្រាវ​ដែល​បាន​ចុះ​ផ្សាយ​នា​ថ្ងៃ​ទី 23 តុលា 2023 EU Tax Observatory យល់​ថា ដោយ​គ្រាន់​តែ​យក​ពន្ធ​ 2% ចំពោះ​ទ្រព្យ​សម្បត្តិ​ជិត 13 ទ្រីលាន​ (13,000,000,000,000) ដុល្លារ​អាម៉េរិក​ របស់​មហាសេដ្ឋី​ 2,700 នាក់​នៅ​ទូទាំងផែនដី ពិភពលោក​នឹង​មាន​ប្រាក់​ចំណូល​បន្ថែម​ 250 ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​។ បច្ចុប្បន្ន ជាក់​ស្ដែង​ អត្រាពន្ធ​លើ​ប្រាក់ចំណូល​បុគ្គល​​របស់ក្រុម​​មហា​សេដ្ឋី​ គឺទាប​ជាង​ឆ្ងាយ​​ បើ​ធៀប​នឹង​ក្រុម​ដទៃ​ ដោយ​សារ​តែ​ពួក​គេ​អាច​ទុក​ដាក់​ទ្រព្យ​ទៅ​ក្នុង​បណ្ដា​ក្រុម​ហ៊ុន​ដែល​មាន​តែ​ឈ្មោះ​ ដើម្បី​គេច​ពន្ធ​។

    ស្ថាប័ន​ខាង​លើ​បាន​រកឃើញ​ថា ប្រាក់​ចំណូល​ពី​ការ​បង់​ពន្ធ​ធៀប​នឹង​ប្រាក់​ចំណូល​របស់​មហា​សេដ្ឋី​អាម៉េរិក​ គឺប្រហែល​តែ​ 0.5% ប៉ុណ្ណោះ​។ នៅ​បណ្ដា​ប្រទេស​ដូច​បារាំង​ជា​ដើម អត្រា​នេះ​គឺប្រហែល 0%​។

    EU Tax Observatory ឱ្យ​ដឹង​ថា ការ​ប្រឹង​ប្រែង​ដើម្បី​យក​ពន្ធ​លើ​ទ្រព្យ​របស់ក្រុម​អ្នក​មាន​ជាង​គេ​​នៅទូទាំង​សកល​លោក​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ទៀត​។ ក៏ប៉ុន្តែ ពួក​គេ​នៅ​តែ​មាន​ក្ដី​សង្ឃឹម​ បើ​ទោះ​មាន​ការ​លំបាក​ក្នុង​ការ​កំណត់​តម្លៃ​មូលធន​របស់​ក្រុម​​ហ៊ុន​ឯក​ជន​៕

  • ចាប់​បាន​រលក​វិទ្យុ​​ជះ​​ពី​ 8 ពាន់​លាន​ឆ្នាំមុន និង​មាន​​ចង្វាក់​​ដូច​សំឡេង​បេះដូង

    ចាប់​បាន​រលក​វិទ្យុ​​ជះ​​ពី​ 8 ពាន់​លាន​ឆ្នាំមុន និង​មាន​​ចង្វាក់​​ដូច​សំឡេង​បេះដូង

    រលក​វិទ្យុ​ «ផ្ទុះ» ភ្លឹប​ភ្លែត​ដែល​ទើប​តែត្រូវ​បាន​រកឃើញ ​មាន​ប្រភព​ពី​ទី​ដ៏គួរ​ឱ្យ​ព្រឺ​ព្រួច​​ ជា​ពេល​ដែល​ចក្រវាល​ទើប​តែ​កកើត​ដំបូង​ៗ​។

    រលកសញ្ញា​ដ៏​​អាថ៌កំបាំង​ មាន​ឈ្មោះ​ថា FRB 20220610A ដែល​កើត​ឡើង​តាំង​ពី​ 8 ពាន់​លាន​ឆ្នាំ​មុន គឺជា​ «រលកវិទ្យុមួយចង្វាក់»។ រលកវិទ្យុ​មួយ​ចង្វាក់​គឺជា​រលក​សញ្ញា​វិទ្យុល្បឿន​លឿន​​មួយ​ប្រភេទ​ដែល​ខ្លាំងក្លា អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​លំហ​អន្តរ​កាឡាក់ស៊ី។ អ្នក​ខ្លះ​ថា វា​កើត​ឡើង​ដោយ​សារ​ការ​ប៉ះ​គ្នា​រវាង​ប្រហោង​ខ្មៅ (Black Hole) ផ្កាយ​នឺរ​ត្រុង ឬ​ពី​មនុស្ស​​ភព​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​។

    យោង​តាម Live Science រលកវិទ្យុ​នេះ​មាន​វ័យ​ចំណាស់ និង​ឆ្ងាយ​ជាង 1.5 ដង បើ​ធៀប​នឹង​រលក​វិទ្យុ​ដែល​កាន់​កាប់​កំណត់​ត្រា​មុន​នោះ​។

    នៅ​ក្នុង​ជ្រុង​មួយ​នៃ​តេឡេស្កុប​វិទ្យុ ពន្លឺ​ជះ​ចេញ​ពី​ព្រឹត្តិការណ៍​ផ្ទុះ​ មាន​ល្បឿនលឿន ភ្លឹប​ភ្លែត​ទៅតាម​វដ្ដ​មួយ​ដូច​ចង្វាក់​បេះដូង​។

    លើក​នេះ​ ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿ​ថា ពួក​គេ​បានដឹង​អំពី​ប្រភព​របស់​វា​ នោះ​គឺ​ ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​កាឡាក់ស៊ី​បុរាណ​ចំនួន​បី​។

  • Neta បង្ហាញ​រថយន្ត​អគ្គិសនី X តម្លៃ​ចាប់​ពី​ 17,340 ដុល្លារអាម៉េរិក

    Neta បង្ហាញ​រថយន្ត​អគ្គិសនី X តម្លៃ​ចាប់​ពី​ 17,340 ដុល្លារអាម៉េរិក

    យីហោរថយន្ត​អគ្គិសនី Neta Auto របស់​ក្រុម​ហ៊ុន​ចិន Hozon Auto បាន​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី ឈ្មោះ Neta X ដែល​មានតម្លៃ​ទាប​ និង​ប្រើប្រាស់​ឈីប​សម្រាប់​កាប៊ីន​បើកបរ​លំដាប់​ខ្ពស់​។

    Neta បាន​បង្ហាញ Neta X ដែល​ជា​កំណែ​ថ្មី​របស់ Neta U-II ដែល​បាន​បង្ហាញ​ខ្លួន​មុន​នោះ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នា​ថ្ងៃ​នេះ​។ នេះ​គឺ​ដូច​ទៅ​នឹង​ការ​បង្ហាញ​ខ្លួន​របស់ Neta Aya ដែល​ជា​កំណែ​បន្ទាប់​របស់ Neta V កាល​ពី​ខែ​សីហា​។

    រថយន្ត​អគ្គិសនី Neta X មាន​បួន​កំណែ​ ដែល​មាន​តម្លៃ​ចាប់​ពី 17,340 ដុល្លារ​អាម៉េរិក​។ អតិថិជន​ដែល​កក់​ 273 ដុល្លារ​ដើម្បី​ទិញ Neta X មុន​ថ្ងៃ​ទី 30 វិច្ឆិកា 2023 នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ 2,460 ដុល្លារ​អាម៉េរិក​។

    Neta X មាន​បណ្ដោយ 4,619 មិល្លីម៉ែត្រ, ទទឹង​ 1,860 មិល្លីម៉ែត្រ និង​កម្ពស់ 1,628 មិល្លីម៉ែត្រ​ ខណៈ​បណ្ដោយ​មូលដ្ឋាន​មាន​ប្រវែង 2,770 មិល្លីម៉ែត្រ​។

    រថយន្ត​នេះ​បំពាក់​ម៉ូទ័រសមកាលកម្មមេដែកអចិន្រ្តៃយ៍ (Permanent Magnet Synchronous Motor – PMSM) ដែល​មាន​កម្លាំង​ 120 សេះ និង​ល្បឿន​ 150 គីឡូម៉ែត្រ​/ម៉ោង​។ រយៈចម្ងាយ​ផ្លូវ​ដែល​ Neta X អាច​ធ្វើ​ដំណើរ​ដល់​គឺ​ 401 និង 501 គីឡូម៉ែត្រ​។

    Neta X ប្រើ​ប្រាស់​ឈីប​សម្រាប់​កាប៊ីន​បើកបរ Qualcomm Snapdragon 8155 ក៏ដូចជា​ឈីប​សម្រាប់​ការ​បើកបរ​ឆ្លាត​វៃ Journey 3 របស់​ក្រុម​ហ៊ុន​ចិន Horizon Robotics។

    ក្រុម​ហ៊ុន Neta បាន​ប្រគល់​រថយន្ត​ដល់​ដៃ​អតិថិជន​ចំនួន 13,211 គ្រឿង​ក្នុង​ខែ​កញ្ញា 2023 កើន​ 9.15% ធៀប​នឹង​ខែ​សីហា ប៉ុន្តែ​ថយ​ចុះ 26.63% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​៕

  • យាន​ជំនិះ​កង់​ពីរ​ទន្ទឹមគ្នា​​ឆ្លាត​វៃ​ ប្រើ​ប្រាស់​អគ្គិសនី និងរក្សា​លំនឹង​ដោយ​ស្វ័យប្រវត្ត

    យាន​ជំនិះ​កង់​ពីរ​ទន្ទឹមគ្នា​​ឆ្លាត​វៃ​ ប្រើ​ប្រាស់​អគ្គិសនី និងរក្សា​លំនឹង​ដោយ​ស្វ័យប្រវត្ត

    SHANE អាច​ដឹក​មនុស្ស​បាន​ប្រាំ​នាក់ និង​អាច​រក្សា​លំនឹង​ដោយ​ស្វ័យ​ប្រវត្ត​នៅ​ពេល​រត់​លើ​ផ្លូវ​ក្នុង​ក្រុង​ ឬ​លើ​ផ្លូវ​ល្បឿន​លឿន​។

    រចនា​រូបរាង​របស់​យាន​ជំនិះ​កង់ពីរ​ទន្ទឹម​គ្នា​ដំបូង​គេ​លើ​ពិភពលោក​មួយ​នេះ ​ត្រូវ​បាន​បង្ហាញ​ដោយ​ Shane Chen ដែល​ជា​អ្នក​បង្កើត​ស្គី hoverboard រក្សា​លំនឹង​ដោយ​ស្វ័យ​ប្រវត្ត​ដ៏​ល្បី​ឈ្មោះ​។ Chen បាន​ដាក់​ឈ្មោះ​ឱ្យ​យាន​ជំនិះ​ថ្មី​នេះ​ថា SHANE និង​អះអាង​ថា នេះ​គឺជា​ «រូប​រាង​ទោចក្រ​យានយន្ត​ពិតៗ និង​មានប្រសិទ្ធភាព​ដើម្បីប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ទីក្រុង និង​តាម​ផ្លូវ​ល្បឿន​លឿន»។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 តុលា 2023​។

    យាន​ជំនិះ​នេះ​មាន​រូប​រាង​មិន​ដូច​យាន​ជំនិះ​ដទៃ​ និង​អាច​ដាក់​មនុស្ស​បាន​ប្រាំ​នាក់​បាន​យ៉ាង​ស្រួល​ ព្រមទាំង​មាន​ទ្វារ​ចេញ​ចូល​ដ៏ធំ​ទូលាយ​នៅ​ខាង​មុខ​ និង​ខាង​ក្រោយ​។

    SHANE ប្រើ​ប្រាស់​កង់​ធំៗ​ចំនួន​ពីរ​ និង​អាច​រក្សា​លំនឹង​របស់​ផ្នែក​ខាង​មុខ​ និង​ខាង​ក្រោយ​ ​តាម​រយៈ​ប្រព័ន្ធ​អង្គញាណ​ (សែនស៊ើរ) ឆ្លាតវៃ និង​ម៉ូទ័រ​នៅ​ត្រង់​គ្រោង​យាន​។ វា​ពុំ​មាន​ចង្កូត ប៉ុន្តែអាច​ប្ដូរ​ទិស​ដៅ​ដោយ​ការ​បង្កើន​ ឬ​បន្ថយ​កម្លាំង​ និង​ល្បឿន​ទៅ​កាន់​កង់​មួយគ្រាប់​​ ឬ​កង់​ទាំង​ពីរគ្រាប់​។

    ទោចក្រយាន​យន្ត​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​អាច​រត់​ទាំង​នៅ​ក្នុង​ក្រុង ទាំង​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ និង​អាច​ធ្វើ​ដំណើរ​ក្នុង​រង្វង់ 160 គីឡូម៉ែត្រ និង​ល្បឿន​ 112 គីឡូម៉ែត្រ​/ម៉ោង​។

    បច្ចុប្បន្ន លោក Shane Chen កំពុង​ធ្វើ​ការ​ជាមួយ​ដៃគូ​នានា​ដើម្បី​ប្រែក្លាយ​រចនា​រូប​រាង​របស់​យាន​នេះ​ឱ្យ​ទៅ​ជា​ការ​ពិត​៕

  • អាម៉េរិក រុស្ស៊ី ចិន ខ្វែង​គំនិត​គ្នា​រឿង​សង្គ្រាម​អ៊ីស្រាអែល – ហាម៉ាស

    អាម៉េរិក រុស្ស៊ី ចិន ខ្វែង​គំនិត​គ្នា​រឿង​សង្គ្រាម​អ៊ីស្រាអែល – ហាម៉ាស

    សហរដ្ឋ​អាម៉េរិក រុស្ស៊ី និង​ចិន​ យល់ឃើញ​ផ្ទុយ​គ្នា​នៅ​ពេល​ក្រុម​ប្រឹក្សា​សន្តិសុខ​កោះ​ប្រជុំ​បន្ទាន់​ ពិភាក្សា​អំពី​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​កងទ័ព​ហាម៉ាស​របស់​ប៉ាលេស្ទីន។

    សមាជិក​ចំនួន​ 15 របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ កាល​ពី​ថ្ងៃទី 08 តុលា បាន​បើក​កិច្ច​ប្រជុំ​បន្ទាន់​រយៈ​ពេល​ប្រហែល 90 នាទី នៅ​ទីស្នាក់​ការ​កណ្ដាល​នៃ​អង្គការ​សហប្រជាជាតិ​នៅ​បុរី​នីវយ៉ាក ដើម្បី​ស្ដាប់​បេសកជន​សន្តិភាព​មជ្ឈិមបូព៌ា រាយការណ៍​អំពី​ស្ថានការណ៍​សង្គ្រាម​ហាម៉ាស​ – អ៊ីស្រាអែល​។

    ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ អាម៉េរិក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ថ្កោល​ទោស​ខ្លាំង​ក្លា​ទៅ​លើ​យុទ្ធនាការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស​​សំដៅ​លើ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃទី 07 តុលា​។ «ប្រទេស​មួយ​ចំនួន​បាន​ថ្កោលទោស​ហាម៉ាស ប៉ុន្តែ​មិន​មែន​ទាំង​អស់​» ឯកអគ្គ​រដ្ឋទូត​រង​អាម៉េរិក​នៅ​អង្គការ​សហប្រជាជាតិ​ លោក Robert Wood បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ​ដូច្នេះ។

    «គ្រប់​គ្នា​អាច​ស្មាន​បាន​ថា​ អ្នក​ណា​ខ្លះ​ដែល​មិន​ថ្កោល​ទោស​ហាម៉ាស ដោយ​មិន​ចាំបាច់​បញ្ចេញ​ឈ្មោះ​»​ លោក Wood បន្ថែម​ដូច្នេះ ដែល​ហាក់​ចង់​សំដៅ​ទៅ​លើ​រុស្ស៊ី​។

    ក្រុម​អ្នក​ការ​ទូត​ឱ្យ​ដឹង​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​ ទំនងជា​នឹង​មិន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​​នៅ​ក្រោយ​កិច្ច​ប្រជុំ​បន្ទាន់​នេះ​។ សេចក្ដី​ថ្លែង​ការណ៍រួម​ត្រូវ​ការ​មតិ​យល់​ស្រប​ពី​សមាជិក​ទាំង​ 15 របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ខណៈ​ដែល​ឯក​អគ្គរដ្ឋ​ទូតរង​​អាម៉េរិក លោក Wood ឱ្យ​ដឹង​ថា នេះ​មិន​មែន​ជា​អាទិភាព​របស់​អាម៉េរិក​នា​ពេល​បច្ចុប្បន្ន​។

    សហរដ្ឋ​អាម៉េរិកប្រកាស​គាំទ្រ​អ៊ីស្រាអែល ​ថ្កោល​ទោស​ហាម៉ាស និង​អំពាវនាវ​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ថ្កោល​ទោស​ផងដែរ​ គ្រា​ដែល​ចិន និង​រុស្ស៊ី មិន​យល់​ស្រប​នឹង​ការ​យល់​ឃើញ​របស់​អាម៉េរិក​។

    កងកម្លាំងប្រដាប់​អាវុធ​ហាម៉ាស​របស់​ប៉ាលេស្ទីន​ដែល​គ្រប់​គ្រង​តំបន់​ហ្គាហ្សា​ (Gaza) កាលពី​ថ្ងៃទី 07 តុលា បាន​បាញ់​ស្រោច​រ៉ុក្កែត​រាប់​ពាន់​គ្រាប់​ និង​វាយ​សម្រុក​ព្រម​គ្នា​តាម​ផ្លូវ​គោក ផ្លូវ​អាកាស​ ផ្លូវ​ទឹក​ទៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​។

    រដ្ឋាភិបាល​អ៊ីស្រាអែល ក្នុង​ថ្ងៃ​ដដែល​នោះ​ក៏​បាន​ប្រកាស​សង្គ្រាម​ ចេញ​បញ្ជា​ឱ្យ​ទ័ព​អាកាស​បើក​ការ​វាយ​ប្រហារ​ដោយ​យន្តហោះ​ចម្បាំង​​រាប់សិប​គ្រឿង​ទៅ​លើ​គោលដៅ​នានា​នៅ​តំបន់​ហ្គាហ្សា​។

    ភាគី​អ៊ីស្រាអែល​ កាល​ពី​ថ្ងៃទី 09 តុលាបាន​ឱ្យ​ដឹង​ថា ប្រជាជន​ប្រទេស​នេះ​ជាង​ 700 នាក់​បាន​ស្លាប់​ រាប់​ចាប់​តាំង​ពី​ហាម៉ាស​បើក​ការ​វាយ​ប្រហារ​។ ចំណែក​ភាគី​គ្រប់គ្រង​តំបន់​ហ្គាហ្សា​វិញ រាយការណ៍​ថា មនុស្ស​យ៉ាង​តិច 413 នាក់​បាន​ស្លាប់​នៅ​ក្នុង​តំបន់​នេះ​៕

  • អូស្ត្រាលី​សាងសង់​អគារ​ឈើ​ខ្ពស់​បំផុត​លើ​ពិភពលោក​

    អូស្ត្រាលី​សាងសង់​អគារ​ឈើ​ខ្ពស់​បំផុត​លើ​ពិភពលោក​

    អាជ្ញាធរ​ទីក្រុង​ Perth បាន​អនុម័ត​គម្រោង​សាងសង់​អគារ​កម្ពស់ 191.2 ម៉ែត្រ​ ដែល​ប្រើ​ប្រាស់​ឈើ​បន្ទះ​កុងផ្លាកេ​ផ្សំ​ជាមួយ​នឹង​បេតុង​ស្នូល​ដែក​ថែប​។

    កាល​ពី​ថ្ងៃទី 05 តុលា​ អាជ្ញាធរទីក្រុង​ Perth បាន​អនុម័ត​សំណើ​សាងសង់​អគារ​កប់ពពក​ដែល​មាន​ឈ្មោះ​ថា C6 របស់​ Grange Development។​ យោង​តាម CNN អគារ​នេះ​នឹង​ខ្ពស់​ជាង​ជិត​ពីរ​ដង​បើធៀប​នឹង​អគារ​ឈើ-​បេតុង​ខ្ពស់​បំផុត​ក្នុង​លោក​នាបច្ចុប្បន្ន​។ ម្ចាស់​សំណង់​នេះ​ឱ្យ​ដឹង​ថា 42% នៃ​អគារ​នេះ​នឹង​សាងសង់​ពី​ឈើ​ ខណៈ​​សសរធ្វើ​ពី​បេតុង​ និង​ដែក​។

    ក្រោយ​ពីបាន​​សាងសង់​រួច​រាល់​ អគរ C6 នឹង​បំបែក​កំណត់​ត្រា​អគារ​ឈើ​-បេតុង​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ Ascent នៅ​ទីក្រុង Milwaukee រដ្ឋ Wisconsin សហរដ្ឋ​អាម៉េរិក​ ដែល​មាន 25 ជាន់ ​កម្ពស់ 86 ម៉ែត្រ​។ C6 នឹង​ស្ថិត​នៅ​ក្នុង​ក្រុង Charles ភាគ​ខាង​ត្បូង​ទីក្រុង Perth និង​ខ្ពស់​ជាង​អគារ​កូន​កាត់​ឈើ​-បេតុង​ Atlassian Headquarters ​នៅ​ទីក្រុង Sydney នា​ពេល​ខាង​មុខ​។ Atlassian Headquarters ក៏ត្រូវ​បាន​សាងសង់​ដើម្បី​​បំបែក​កំណត់​ត្រា​របស់ Ascent ប៉ុន្តែ​មិន​ទាន់​រួច​រាល់​។

    ដូច​ទៅ​នឹង Atlassian អគារ C6 នឹង​មាន​ធ្នឹម​ធ្វើ​ពី​ឈើ​កុងផ្លាកេ​ច្រើន​ស្រទាប់​​ដែល​មាន​ស៊ុម​ដែក​​ការ​ពារ​។ យោងតាម Grange Development អគារ​កម្ពស់​ 50 ជាន់​ និង​​​មាន​ខុនដូ​​​ជាង​ 200 នេះ ​គឺជា​អគារ​ស្នាក់​នៅ​ដែល​មិន​បំភាយ​ឧស្ម័ន​កាបូន​ដំបូង​គេ​នៅ Western Australia។ C6 នឹង​ប្រើ​ប្រាស់​ឈើ​ 7,400 ម៉ែត្រ​គុប​ដែល​បាន​ពី​ដើម​ឈើ​ 600 ដើម​។

    ក្រៅ​ពី​ឈើ គម្រោង​របស់​ក្រុម​ហ៊ុន​ខាងលើ​ក៏​រួម​មាន​ទាំង​តំបន់​បៃតង​ជា​ច្រើន​ មាន​ដូច​ជា សួន​រុក្ខជាតិ​លើដំបូល​អគារ កសិដ្ឋាន​បែប​ទីក្រុង​ និងមាន​ការ​​ផ្ដល់​រថយន្ត​អគ្គិសនី​ Tesla Model 3s ចំនួន​ 80 គ្រឿង​ដល់​អតិថិជន​ផងដែរ​៕

  • ក្រុម​ហ៊ុន​មេ​របស់ Facebook ប្រកាស​​អំពី​ការ​​ចាប់ផ្ដើម​ដំណើរ​ការ​ឧបករណ៍​ AI

    ក្រុម​ហ៊ុន​មេ​របស់ Facebook ប្រកាស​​អំពី​ការ​​ចាប់ផ្ដើម​ដំណើរ​ការ​ឧបករណ៍​ AI

    ក្រុម​ហ៊ុន Meta បំពាក់​បច្ចេកវិទ្យា​បញ្ហា​សិប្បនិម្មិត (AI) ទៅ​ក្នុង​បណ្ដាផលិតផល​របស់​ខ្លួន​ដើម្បី​ប្រើ​ប្រាស់​ឃ្លាំង​ទិន្នន័យ​ដែល​ប្រមូលបាន​នា​ពេល​កន្លង​ ក្នុង​បំណង​បង្កើត​ខ្លឹមសារ​ច្នៃ​ប្រឌិត​ថ្មី​ មាន​ដូចជា​អត្ថបទ​ សិល្បៈ និង​កូដ​កម្មវិធី​​កុំព្យូទ័រ​ជា​ដើម​។

    កាល​ពី​ថ្ងៃទី 04 តុលា 2023 ក្រុម​ហ៊ុន​មេ​របស់ Facebook ប្រកាស​ថា បាន​ចាប់​ផ្ដើម​ដាក់​ដំណើរ​ការ​បណ្ដា​ឧបករណ៍​បញ្ញាសិប្បនិម្មិត​ច្នៃ​ប្រឌិត​ដែល​អាច​បង្កើត​ខ្លឹម​សារ​ មាន​ជាអាទិ៍ រូប​ភាព និង​បណ្ដា​ទម្រង់​អត្ថបទ​ សម្រាប់​ក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​។

    Meta បាន​ចាប់ផ្ដើម​ដំណើរ​ការ​សាកល្បង​ឧបករណ៍​ទាំង​នេះ​តាំង​ពីខែ​ឧសភា 2023 និង​ផ្ដល់​សិទ្ធិ​ចូល​ប្រើ​ប្រាស់​ដល់​ក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ចំនួន​​នៅក្នុងដំណាក់​កាល​សាកល្បង​នេះ​។

    ឧបករណ៍​ AI ទាំង​នេះ​នឹង​មាន​វត្តមាន​លើ​ទំព័រ​គ្រប់​គ្រង​ការផ្សាយ​ពាណិជ្ជកម្ម​របស់ Meta ហើយ​ការ​បំពាក់​ឧបករណ៍​នេះ​នឹង​ធ្វើឡើង​រួច​រាល់​នៅ​ឆ្នាំ 2024​។

    ផលិតផល​ AI របស់ Meta រួម​មាន​ រូបមន្ត​ភាសា «Llama 2» និង​ chatbot AI ដែល​មាន​ឈ្មោះ​ថា Meta AI ដែល​អាច​បង្កើតសំណេរ​ជា​​ឃ្លា​ ល្បះសម្រាប់​ឆ្លើយតប និង​រូប​ភាព​​ប្រកប​ដោយ​ភាព​រស់​រវើក​៕

  • រកឃើញ​ «ភ្នែក​អវកាស​» ដ៏មហិមា​ កំពុង​សម្លឹង​មក​ផែនដី

    រកឃើញ​ «ភ្នែក​អវកាស​» ដ៏មហិមា​ កំពុង​សម្លឹង​មក​ផែនដី

    តេឡេស្កុប​វិទ្យុ ASKAP នៅ​អូស្ត្រាលី​ភាគ​​ខាង​លិច​ ថត​បាន​រូប​ភាព​ដ៏​ស្រស់​ស្អាត​ស្ដីពី​រចនា​សម្ព័ន្ធ​អវកាស​មួយ​ដែល​មាន​រូប​រាង​ដូច​ភ្នែក​ដ៏​ធំ លាត​សន្ធឹង​រហូត​ដល់ 60,000 ឆ្នាំពន្លឺ​។ យោង​តាម​ទំព័រ SpacePlace របស់​ណាសា មួយ​ឆ្នាំ​ពន្លឺ​មាន​ចម្ងាយ​​ប្រមាណ​ 9 ទ្រីលាន​ (9,000,000,000,000) គីឡូម៉ែត្រ​។

    យោង​តាម​ការ​ប្រកាស​នៅ​លើ​ទំព័រ Monthly Notices of the Royal Astronomical Society រចនា​សម្ព័ន្ធ​អវកាស​ចម្លែក​នេះ​គឺជា​ កាឡាក់ស៊ី​ប្រភេទ Polar-ring (បកប្រែក្រៅ​ផ្លូវ​ការ​ថា «កាឡាក់ស៊ី​រង្វង់ចិញ្ចៀន») និង​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា NCG 4632។

    ខុស​ពី​កាឡាក់ស៊ី​ដែល​មាន​ផែនដី Milky Way កាឡាក់ស៊ី NCG 4632 មាន​ថាស​ពន្លឺ​មួយ និង​ពពក​ដ៏​មហិមា​ព័ទ្ធ​ជុំវិញ​ស្នូល​របស់​វា​។ រង្វង់​ពពក​នេះ​ភាគ​ច្រើន​គឺជា​ឧស្ម័ន​អ៊ីដ្រូសែន​ និង​ផ្អៀង​ប្រហែល​ 90 ឌឺក្រេ បើ​ធៀប​នឹង​ផ្ទៃ​របស់​កាឡាក់ស៊ី​។

    រចនាសម្ព័ន្ធ​ដែល​មាន​រូប​រាង​ដូច​ភ្នែក​នេះ​អាច​មាន​ផ្ទុក​ធូលី និង​ផ្កាយ​។ រង្វង់​របស់ NCG 4632 លាត​សន្ធឹង​រហូតដល់ 60,000 ឆ្នាំ​ពន្លឺ​។ រង្វង់​ឧស្ម័ន​នៅ​ខាង​ក្រៅ បូក​រួម​នឹង​ថាស​ខាង​ក្នុង​ដែល​នៅ​ជុំវិញ​ស្នូល NCG 4632 ហាក់​ដូច​ជា​កែវ​ភ្នែក​ដ៏​ធំ​មួយ​គ្រាប់​កំពុង​សម្លឹង​មកកាន់​ផែនដី​។

    ការ​ស្វែង​យល់​អំពី​កាឡាក់ស៊ី​រង្វង់​មូល​ដូច NCG 4632 នឹង​រួម​ចំណែក​ជួយ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​យល់​ដឹង​អំពី​អាថ៌កំបាំង​ដែល​មនុស្ស​មិន​ទាន់​ដឹង​ ទាក់​ទង​នឹង​របៀប​កកើត​របស់​បណ្ដា​កាឡាក់ស៊ី​ និង​ការ​វិវត្ត​របស់​ពួកវា​នៅ​ក្នុង​ចក្រវាល​។ យោង​តាម Science News មក​ដល់​បច្ចុប្បន្ន អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​មិន​ទាន់​អាច​ឆ្លើយ​នឹង​សំណួរ​ដែល​ថា «ហេតុ​អ្វី​កាឡាក់ស៊ី​មួយ​ចំនួន​មាន​រង្វង់​មូល​ ខណៈ​កាឡាក់ស៊ី​ស្ទើរ​តែ​ទាំង​អស់​បែរ​ជា​មិន​រង្វង់​បែប​នេះ​ទៅ​វិញ?»។