បាញ់ចរន្តអគ្គិសនីមួយលានវ៉ុលឱ្យរត់ឆ្លងកាត់មនុស្សដើម្បីឃោសនាឡានអគ្គិសនី
អ្នកបង្ហាញម៉ូដត្រូវបានគេឱ្យស្លៀកពាក់ឈុតពិសេស រួចបាញ់ចរន្តអគ្គិសនីមួយលានវ៉ុលឱ្យរត់ឆ្លងកាត់រាងកាយ ដើម្បីផ្សព្វផ្សាយរថយន្តអគ្គិសនីថ្មីរបស់ក្រុមហ៊ុន Kia។ តារាម៉ូដែល Jodie Kidd ដែលជាអ្នកចូលចិត្តរថយន្តទំនើប ហើយក៏ជាពិធីការិនីទូរទស្សន៍ដែរនោះ បានយល់ព្រមឱ្យគេឆក់ខ្សែភ្លើង ប៉ុន្តែនាងនៅតែមានសុវត្ថិភាព បើទោះចរន្តអគ្គិសនីកម្លាំងមួយលានវ៉ុលរត់ឆ្លងកាត់រាងកាយ។ តាមការពិត នេះគឺជាការផ្សាយពាណិជ្ជកម្មឱ្យរថយន្ត SUV អគ្គិសនី Kia EV9 ថ្មី។ ដើម្បីអះអាងថា EV9 គឺជារថយន្ត SUV ដ៏ល្អសម្រាប់គ្រួសារ Kidd បានប្រើប្រាស់ឈុតសម្លៀកបំពាក់ពិសេសដែលមានមុខងារដូចទៅនឹងអង់តែនការពាររន្ទះ ដែលការពារនាងពីចរន្តអគ្គិសនីដ៏គ្រោះថ្នាក់ នៅពេលអនុញ្ញាតឱ្យអគ្គិសនីបាញ់ចេញពីម្រាមដៃ។ ឈុតសម្លៀកបំពាក់នោះគឺជាប្រភេទក្រណាត់ពិសេសម្យ៉ាងដែលមានពណ៌ប្រផេះ ហើយ Kidd ត្រូវពាក់គ្របជិតរាងកាយ ដូចនៅក្នុងរូបភាពខាងលើ។ បន្ទាប់ពីបានថតរូបខាងលើរួច Kidd ក៏ត្រូវបានតម្រូវឱ្យស្លៀករ៉ូបទៅតាមស្ដង់ដាអ្នកបង្ហាញម៉ូដ។ រូបភាពថ្មីនេះនឹងត្រូវបានកាត់តដើម្បីបង្កើតបានជារូបចុងក្រោយសម្រាប់ការផ្សាយពាណិជ្ជកម្ម។ និយាយឱ្យងាយយល់ តារាម៉ូដែលនេះត្រូវចរន្តអគ្គិសនីមួយលានវ៉ុលរត់ឆ្លងកាត់រាងកាយគឺជារឿងពិត ប៉ុន្តែមិនមែននៅក្នុងរ៉ូបធម្មតានៅក្នុងរូបថតផ្សាយពាណិជ្ជកម្មនោះទេ។ «ឈុតឆាកផ្សងព្រេងនេះគឺដើម្បីលើកកម្ពស់តម្លៃរបស់ថាមពលអគ្គិសនី និងអនាគតរបស់រថយន្តអគ្គិសនី នៅក្នុងឱកាសបង្ហាញរថយន្តអគ្គិសនីម៉ូដែលថ្មី Kia EV9» Kidd បកស្រាយដូច្នេះ។ ចំណែកក្រុមហ៊ុន Kia វិញ និយាយថា គោលដៅនៃការឃោសនានេះ គឺដើម្បីបញ្ជាក់ថា EV9 គឺជាម៉ូដែលរថយន្តអគ្គិសនីដ៏សមស្របសម្រាប់គ្រួសារដែលមានសមាជិកច្រើន។ … Read more