Tag: កូវីដ ១៩

  • MGI ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ ជំងឺ​កូ​វីដ-១៩ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ តាមរយៈ​ការបង្កើត​មន្ទីរពិសោធន៍​ចល័ត​ប្រកបដោយ​ភាព​ច្នៃប្រឌិត ក្រោម​ការគាំទ្រ​របស់ LSEA

    MGI ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ ជំងឺ​កូ​វីដ-១៩ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ តាមរយៈ​ការបង្កើត​មន្ទីរពិសោធន៍​ចល័ត​ប្រកបដោយ​ភាព​ច្នៃប្រឌិត ក្រោម​ការគាំទ្រ​របស់ LSEA

    សេចក្តីប្រកាស​ព័ត៌មាន

    (រាជធានី​ភ្នំពេញ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២)

    ក្រុមហ៊ុន MGI Tech Co., Ltd. (MGI) ដែលជា​ក្រុមហ៊ុន​ឈានមុខ​ក្នុង​ពិភពលោក ខាង​ផ្នែក​វេជ្ជសាស្ត្រ និង​ច្នៃប្រឌិត បាន និង​កំពុង​ចូលរួមចំណែក​ក្នុងការ​គ្រប់គ្រង និង​បង្ការ ជំងឺ​កូ​វីដ-១៩ នៅក្នុង តំបន់​អាស៊ីអាគ្នេយ៍ ខណៈដែល​ជំងឺ​រាតត្បាត​សកល​នេះ នៅតែ​ជា​បញ្ហា​ប្រឈម នឹង​គំរាមកំហែង​ដល់​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​នៅក្នុង​តំបន់។ MGI បាន​ផ្តួចផ្តើម​បង្កើត​មន្ទីរពិសោធន៍​កុងតឺន័រ Champa LSEA ដែលជា​មជ្ឈមណ្ឌល​ដៃគូ​សហការ​ធ្វើតេស្ត​ដំបូង​គេ​ក្នុង ប្រទេស​ឡាវ ក្រោម​ការគាំទ្រ​ពី សម្ព័ន្ធ Road Life Science Economy Alliance (LSEA) និង Sithandone Joint Development Co., Ltd. (STD) ដើម្បី​ជួយ ប្រទេស​ឡាវ បង្កើន​សមត្ថភាព​ក្នុងការ​ធ្វើតេស្ត​រក វីរុស​កូ​វីដ-១៩ និង​រៀបចំ​សម្រាប់​ការបើក​ជាបណ្តើរៗ នូវ​ព្រំដែន​របស់ខ្លួន​ឡើងវិញ​នៅក្នុង​ឆ្នាំ ២០២។ មន្ទីរពិសោធន៍​ចល័ត​ធ្វើឡើង​ពី​កុងតឺន័រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នេះ ត្រូវបាន​បញ្ជូនទៅ ខេត្ត​ចំប៉ា​សក្ដិ កាលពី​ថ្ងៃទី ១៧ ខែមីនា និង​បាន​ដាក់ឱ្យ​ប្រតិបត្តិការ​នៅក្នុង​មន្ទីរពេទ្យ ខេត្ត​ចំប៉ា​សក្ដិ ដែលជា​ដៃគូ​សហការ​របស់ STD ក្នុង​គម្រោង ១១ លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក។

    ក្រោម​ផែនការ​ទេសចរណ៍​តំបន់​បៃតង រដ្ឋាភិបាល​ឡាវ បានអនុញ្ញាត​ឱ្យ​បើក​ឡើងវិញ​មួយផ្នែក​ខ្លះ​នៃ​ព្រំដែន ដើម្បី​ស្វាគមន៍​ភ្ញៀវ និង​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ ឲ្យ​មាន​ភាពរស់រវើក​ឡើង​វិញ​ចាប់តាំងពី​ថ្ងៃទី ១ ខែមករា មកម្ល៉េះ ប៉ុន្តែ​ដោយសារ​ប្រទេស​នេះ​កំពុងតែ​ប្រឈម​នឹង​ការរីក​រាលដាល​នៃ ជំងឺ​កូ​វីដ-១៩ នៅក្នុង​សហគមន៍ តម្រូវការ​កែលម្អ​លើ​ប្រព័ន្ធ​បង្ការ និង​គ្រប់គ្រង​ការឆ្លង នៅតែ​ជា​កត្តាចាំបាច់​ជាងពេលណាៗទាំងអស់។

    សាងសង់​ក្នុង​ទូ​កុងតឺន័រ​ប្រវែង ១២ ម៉ែត្រ ហើយ​អាច​ចល័ត​បាន មន្ទីរពិសោធន៍ Champa LSEA ត្រូវបាន​រចនា​ឡើង​ដើម្បី​បំពេញតម្រូវការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ នឹង​បាន​បំពាក់​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់ MGI ដែល​អនុញ្ញាតឱ្យ​មន្ត្រី​បច្ចេកទេស​ខាង​ពិសោធន៍ អាចធ្វើ​តេស្ត​បាន​រហូត​ដល់ ៣,០០០ សំណាក​ក្នុង​មួយថ្ងៃ និង​រហូតដល់ ៣០,០០០ សំណាក ក្នុង​មួយថ្ងៃ ប្រសិនបើ ១0 សំណាក ត្រូវបាន​លាយ​បញ្ចូល​គ្នា​ក្នុង​បំពង់​តែមួយ​សម្រាប់​ការធ្វើ​តេស្ត​ជា​បាច់ ជា​លទ្ធផល គឺ​វា​បាន​ជួយ​បង្កើន​ប្រសិទ្ធិភាព និង​សមត្ថភាព​នៃ​ការធ្វើ​តេស្ត អាស៊ីត​នុយ​ក្លេ​អ៊ី​ក របស់ ប្រទេស​ឡាវ។

    មន្ទីរពិសោធន៍​ដ៏​ទំនើប​នេះ អនុញ្ញាតឱ្យ​ការពិសោធ​មាន​លក្ខណៈសាមញ្ញ​ជាង​មុន សម្រាប់​នីតិវិធី​ដែល​ពឹងផ្អែក​ខ្លាំង​លើ​កម្លាំង​ពលកម្ម និង​ចំណាយពេល​ច្រើន ដែលជា​ធម្មតា​វា​ផ្តល់​លទ្ធផល​នៃ​ការធ្វើ​តេស្ត​រោគវិនិច្ឆ័យ​តែម្តង ដោយសារតែ​វា​ត្រូវបាន​ភ្ជាប់​មកជា​មួយ​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​កម្រិត​ខ្ពស់​ពីរ​គឺ MGISP-960 និង MGISTP-7000 សម្រាប់​ការរៀបចំ​គំរូ និង​ការផ្ទេរ​គំរូរៀងៗខ្លួន កាត់បន្ថយ​តម្រូវការ​កម្លាំង​ពលកម្ម​មនុស្ស និង​កាត់បន្ថយ​ពេលវេលា​រង់ចាំ​លទ្ធផល និង​ជួយ​សម្រួល​ខ្សែចង្វាក់​ការងារ​ទាំងមូល។

    ជាមួយនឹង​សារធាតុ​ចម្រាញ់ សម្ភារៈប្រើប្រាស់ និង​សម្ភារៈ​ការពារ មន្ទីរពិសោធន៍ Biosafety Level 2 ត្រូវបាន​ពង្រឹង​បន្ថែម​ជាមួយនឹង​ប្រព័ន្ធ​ខ្យល់​ចេញចូល​ដ៏​ទំនើប សម្រាប់​ការផ្លាស់ប្តូរ​ខ្យល់ ការគ្រប់គ្រង​សម្ពាធ និង​ការសម្លាប់​មេរោគ ព្រមទាំង​មាន​បន្ទប់​ដែលមាន​មុខងារសំខាន់ៗចំនួន​បី​បន្ថែមទៀត​គឺ៖ បន្ទប់​រៀបចំ​សារធាតុ​ប្រតិកម្ម បន្ទប់​រៀបចំ​សំណាក និង​បន្ទប់​មីក្រូ​ទស្សន៍ (Amplification Room) ។

    ជាមួយនឹង​វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ល្អ​បំផុត​របស់ MGI មន្ទីរពិសោធន៍​ចល័ត ត្រូវបាន​រចនា​ឡើង​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​អាចដាក់​ពង្រាយ​បាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ពហុកីឡាដ្ឋាន និង​ទីលានកីឡា មន្ទីរពេទ្យ​សហគមន៍ និង ស្រុក មន្ទីរ​សុខាភិបាល ឬ​កន្លែង​ណាក៏ដោយ​ដែល​សមស្រប​ក្នុងស្ថានភាព​អាសន្ន ដែល​តម្រូវឱ្យ​មានការ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ ដោយ​កាត់បន្ថយ​ពេលវេលា​សម្រាប់​ការដឹកជញ្ជូន​សំណាក និង​ពេលវេលា​ធ្វើដំណើរ​របស់​អ្នកជំងឺ​ក្នុង​តំបន់ ដែល​ត្រូវការ​ការធ្វើ​តេស្ត PCR យ៉ាង​ឆាប់រហ័ស។ ជាងនេះទៅទៀត មន្ទីរពិសោធន៍​ក៏​អាច​បម្រើ​ជា​ស្ថានីយ​ត្រួតពិនិត្យ​សម្រាប់​ការ​បំប្លែង​ខ្លួន​នៃ​វីរុស ធ្វើឱ្យ​វា​ក្លាយជា​ឧបករណ៍​ដែល​អាច​ប្រើប្រាស់​បាន​ក្នុង​គ្រា​ដែល​មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់​ការគ្រប់គ្រង​ជំងឺ​រាតត្បាត។

    “ក្នុងនាម​ជា​សាជីវកម្ម​សាកល មន្ទីរពិសោធន៍​ចល័ត MGI មិន​ត្រឹម​តែមាន​នៅក្នុង ប្រទេស​ឡាវ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​វត្តមាន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ជុំវិញ​ពិភពលោក​ផងដែរ។ ចាប់តាំងពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​សកល​មក MGI បាន និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង ជំងឺ​កូ​វីដ-១៩ ដោយ​អនុញ្ញាតឱ្យ​សហគមន៍ និង​រដ្ឋាភិបាល​បង្កើន​សមត្ថភាព និង​ប្រសិទ្ធភាព​ធ្វើតេស្ត​របស់​ពួកគេ ដើម្បី​អាច​ធានាបាន​នូវ​បរិយាកាស​ការងារ​ដែល​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​មន្ត្រី​សុខាភិបាល​ជួរមុខ” នេះ​បើតាម​ការលើកឡើង​រប​ស់លោក​វេជ្ជបណ្ឌិត Roy Tan នាយក​គ្រប់គ្រង​ទូទៅ​នៃ MGI Asia Pacific។ ចាប់តាំងពី​ថ្ងៃ​ដំបូង​រហូតមកទល់​ប​ច្ចុ​ប្បន្ន ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​ដែល​កំពុងតែ​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ ដែល​ពិភពលោក​កំពុង​ប្រឈម MGI បាន​ខិតខំ​ស្វះស្វែង​ផ្តល់នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដល់​ប្រទេស​ជាង ៧០ រួមមាន​ទាំង ប្រទេស​សិង្ហ​បុរី ថៃ ម៉ាឡេស៊ី អា​រ៉ា​ប៊ី​សា​អូឌីត និង អេ​មី​រ៉ា​ត​អារ៉ាប់​រួម។

    លោក​វេជ្ជបណ្ឌិត Khamsing Keothongku នាយក​មន្ទីរពេទ្យ​ខេត្ត​ចំប៉ា​សក្ដិ មានប្រសាសន៍ថា៖ “មន្ទីរពិសោធន៍ Champa LSEA ដែល​មន្ទីរពេទ្យ​ខេត្ត​ចំប៉ា​សក្ដិ និង STD ទើប​ទទួលបាន នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់ ខេត្ត​ចំប៉ា​សក្ដិ និង​ក្នុង​តំបន់​ជុំវិញ ក្នុងការ​បង្ការ និង​គ្រប់គ្រង​ជំងឺ​រាតត្បាត កូ​វីដ-១។ មន្ទីរពិសោធន៍​ដែល​បំពាក់​ដោយ​ឧបករណ៍​ទំនើប​របស់ MGI ក៏​នឹង​ជួយ​កាត់បន្ថយ​កម្លាំង​ពលកម្ម​ដែល​ត្រូវការ​ផងដែរ នេះ​គឺជា​គោលបំណង​ចម្បង​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រសិទ្ធភាព និង​សមត្ថភាព​នៃ​ការធ្វើ​តេស្ត កូ​វីដ-១៩ ។

    ក្រៅពី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ មន្ទីរពិសោធន៍ Champa LSEA ក៏មាន​សមត្ថភាព​ក្នុងការ​ក្លាយជា​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​សាធារណៈ​រយៈពេល​វែង​សម្រាប់ ប្រទេស​ឡាវ ហើយនឹង​បន្ត​ផ្តល់​ប្រយោជន៍​សម្រាប់​សហគមន៍​មូលដ្ឋាន​ផងដែរ។ ដោយមាន​បច្ចេកវិទ្យា «ញែក​ហ្សែ​ន» លំដាប់​ខ្ពស់​របស់ MGI មន្ទីរពិសោធន៍​ចល័ត​អាច​ដើរតួនាទី​ក្នុងការ​បង្ការ និង​គ្រប់គ្រង​ជំងឺឆ្លង​ក្នុង​តំបន់ផ្សេងៗទៀត ដូចជា​ជំងឺគ្រុនចាញ់ គ្រុនឈាម របេង​ជាដើម ឬ ក្នុងការ​រកឃើញ​សញ្ញា​នៃ​ការវិវត្ត​ដំបូង​នៃ​ពិការភាព​ពី​កំណើត ដុំ​សាច់ និង​បញ្ហា​សុខភាពផ្សេងៗទៀត ដែល​កើតមានឡើង​ចំពោះ​មនុស្ស​គ្រប់រូប។

    ###

    អំពី MGI

    ក្រុមហ៊ុន MGI Tech Co., Ltd. (MGI) ជា​បុត្រ​សម្ព័ន្ធ​របស់ BGI Group ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ពិភពលោក លើ​វិស័យ​វិទ្យាសាស្ត្រ​ហ្សែ​ន បាន​ប្តេជ្ញាចិត្ត​ក្នុង​ការផលិត​ឧបករណ៍​ស្នូល និង​បច្ចេកវិទ្យា​ដើម្បី​ដឹកនាំ​ជីវិត​តាមរយៈ​ការច្នៃប្រឌិត​ដ៏​ឆ្លាត​វៃ។ ដោយ​ផ្អែកលើ​បច្ចេកវិទ្យា​ដ៏​ទំនើប​របស់ខ្លួន MGI បាន​ផ្តោតលើ​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ ការផលិត និង​ការលក់​ឧបករណ៍​ញែក​ហ្សែ​ន សារធាតុ​ប្រតិកម្ម​សម្រាប់​ធ្វើតេស្ត និង​ផលិតផល​ដែល​ពាក់ព័ន្ធ ដើម្បី​គាំទ្រ​ដល់​ការស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ កសិកម្ម គុណភាព​ឱសថ និង​ការថែទាំ​សុខភាព។ បេសកកម្ម​របស់ MGI គឺ​ដើម្បី​បង្កើត និង​អភិវឌ្ឍ​ឧបករណ៍​វិទ្យាសាស្ត្រ សម្រាប់​ការថែទាំ​សុខភាព​នាពេល​អនាគត។ គិត​ត្រឹម​ខែធ្នូ ឆ្នាំ ២០២០ MGI មាន​វត្តមាន​នៅក្នុង​ទីផ្សារ​ច្រើនជាង ៧0 ប្រទេស និង​តំបន់ បំពេញតម្រូវការ​ដល់​អ្នកប្រើប្រាស់​អន្តរជាតិ​ជាង ១,០០០ នាក់ និង​ផ្តល់​ការងារ​ដល់​អ្នកជំនាញ​ជាង ១,៧០០ នៅ​ទូទាំង​ពិភពលោក ដែល​ក្នុងនោះ មាន ៣៣% គឺជា​បុគ្គលិក R&D។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ MGI ឬ​បណ្តាញ Twitter, LinkedIn ឬ YouTube ។

     *លុះត្រាតែ​មានចែង​ផ្សេង​ក្រៅពីនេះ សារធាតុ​សម្រាប់​ធ្វើតេស្ត និង​សារធាតុ​ផ្សំផ្សេងៗទៀត មិនមាន​នៅក្នុង ប្រទេស​អាល្លឺម៉ង់ សហរដ្ឋអាមេរិក អេ​ស្ប៉ា​ញ ចក្រភព​អង់គ្លេស ហុងកុង ស៊ុយអែត បែលហ្ស៊ិក និង​អ៊ីតាលី នោះទេ។

    អំពី LSEA

    Life Sciences Economy Alliance (LSEA) គឺជា​សម្ព័ន្ធភាព​ពហុ​វិស័យ​តែមួយគត់​ដែល​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​អភិវឌ្ឍ​ផ្នែក​វេជ្ជសាស្ត្រ និង​ច្នៃប្រឌិត​បច្ចេកវិទ្យា ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​ជីវិត។ បេសកកម្ម​របស់​សម្ព័ន្ធ​គឺ​ដើម្បី​ជំរុញ​សហគមន៍​នៃ​អ្នកពាក់ព័ន្ធ​ផ្នែក​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ និង​បង្កើត​ពិភពលោក​ឱ្យ​កាន់តែ​ប្រសើរឡើង​តាមរយៈ​វេទិកា និង​កម្មវិធីផ្សេង។ មន្ទីរពិសោធន៍ Champa LSEA នៅ ប្រទេស​ឡាវ ដែល​ស្ថាបនា​ដោយ​សមាជិក LSEA នឹង​ក្លាយជា​ឧទាហរណ៍​មួយ ហើយនឹង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​សមត្ថភាព Precision Medicine (ព្យាបាល​ត្រូវ​តាម​លក្ខណ​របស់​បុគ្គល) របស់ ប្រទេស​ឡាវ។ ទន្ទឹមនឹងនេះ LSEA ក៏​ផ្តល់នូវ​ប្រព័ន្ធ​មន្ទីរពិសោធន៍​ស្តង់ដារ ហើយក៏​ជា​ប្រតិបត្តិ​ករ​ដែល​ត្រូវបាន​បណ្តុះបណ្តាល​យ៉ាង​ល្អ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព និង​គុណភាព​នៃ​ការធ្វើ​តេស្ត​អាស៊ីត​នុយ​ក្លេ​អ៊ី​ក។ LSEA នឹង​បន្ត​កសាង​សហគមន៍​ជោគវាសនា​រួមគ្នា​ជាមួយ​សមាជិក​របស់​យើង​នៅតាម​តំបន់ ” Belt and Road” តាមរយៈ​នៃ​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ។

    អំពី STD

    កោះ​បួន​ពាន់ ដែលជា​តំបន់​ថ្មី​នៅក្នុង ខេត្ត​ចំប៉ា​សក្ដិ ជា​គម្រោង​វិនិយោគ​បរទេស​ដ៏​ធំ​បំផុត​មួយ​នៅក្នុង ប្រទេស​ឡាវ គោលដៅ​គឺ​បង្កើតជា​ទីក្រុង​បៃតង និង​ទំនើប ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន។ ក្រុមហ៊ុន​អភិវឌ្ឍន៍ Sithandone Joint Development Co., Ltd. (STD) មានបំណង​កសាង​ឲ្យ​ទៅជា​ទីប្រជុំជន រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត ដើម្បី​ទាក់ទាញ​ទេសចរ​មកពី​ជុំវិញ​ពិភពលោក។ ការអភិវឌ្ឍ​នេះ រួមមាន​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ពាណិជ្ជកម្ម​អាស៊ី មជ្ឈមណ្ឌល​ស្រាវជ្រាវ​កសិកម្ម ក៏ដូចជា​រោងចក្រ​កែច្នៃ អគារផ្សេងៗ នឹង​សេវាកម្ម​ទេសចរណ៍​ជាដើម។ STD គ្រោង​នឹង​វិនិយោគ​ជាង ៩ ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចំនួន ២,៣ លាន​នាក់ ក្នុង​មួយឆ្នាំ​នៅ​ឆ្នាំ ២០៣០ និង ១៥ លាន​នាក់ ក្នុង​មួយឆ្នាំ នៅ​ឆ្នាំ ២០៥០។ ទីតាំង​គម្រោង​នេះ ស្ថិតនៅក្នុង ស្រុក​ខុង និង​កោះ​នានា ក្នុង​ទន្លេមេគង្គ​ភាគខាងត្បូង​នៃ ប្រទេស​ឡាវ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ជាង ៩,៨៤៦ ហិកតា៕

  • ជំងឺ​ផ្ដាសាយ​ដ៏​អាថ៌កំបាំង​នៅ រុស្ស៊ី កាលពី ១៣០ ឆ្នាំមុន អាច​បណ្ដាលមកពី វីរុស​កូ​រ៉ូ​ណា

    ជំងឺ​ផ្ដាសាយ​ដ៏​អាថ៌កំបាំង​នៅ រុស្ស៊ី កាលពី ១៣០ ឆ្នាំមុន អាច​បណ្ដាលមកពី វីរុស​កូ​រ៉ូ​ណា

    ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ស្វែងរក​ប្រភព​នៃ​ជំងឺ​ផ្ដាសាយ​ដែល​ធ្លាប់​រាតត្បាត​នៅ​ចុង​សតវត្សរ៍​ទី ១៩ ហើយ​លទ្ធផល​ដែល​ទទួលបាន អាចជួយ​ឱ្យគេ​ព្យាករ​បាន​នូវ​ទីបញ្ចប់​របស់ កូ​វីដ-១៩។

    ឆ្នាំ ១៨៨៩ ជំងឺ​ផ្លូវដង្ហើម​ដ៏​អាថ៌កំបាំង​មួយ​បានបង្ហាញ​វត្ត​មាននៅ ប្រទេស​រុស្ស៊ី និង​ឆ្លង​រាលដាល​ពាសពេញ​ពិភពលោក ដោយមាន​រលក​នៃ​ការឆ្លងធំៗចំនួន ៣ ក្នុង​រយៈពេល​ច្រើន​ឆ្នាំ។ បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ​មួយចំនួន​សង្ស័យថា ជំងឺ​រាតត្បាត​ដែលមាន​រហ័ស​នាម​ថា «ផ្ដាសាយ​រុស្ស៊ី» នោះ អាច​បង្កឡើង​ដោយ វីរុស​កូ​រ៉ូ​ណា មួយ​ប្រភេទ ដែល​ដូច​ទៅនឹង វីរុស nCoV (កូ​វីដ-១៩)។

    មាន​ចំណុច​ដូចគ្នា​មួយ​រវាង​ជំងឺ​រាតត្បាត​សកល​ទាំងពីរ​នេះ។ នៅក្នុង​ជំងឺ​រាតត្បាត «ផ្ដាសាយ​រុស្ស៊ី» បណ្ដា​សាលារៀន និង​កន្លែងធ្វើការ ត្រូវបាន​បិទទ្វារ ដោយសារ​តែមាន​ករណី​ឆ្លង​ច្រើនពេក។ អ្នកមាន​ជំងឺ «ផ្ដាសាយ​រុស្ស៊ី» តែងតែ​បាត់បង់​ជី​វ្ហា​វិ​ញ្ញា​ញ (រសជាតិ) និង ឃាន​វិ​ញ្ញា​ញ (ក្លិន) និង​មនុស្ស​មួយចំនួន​ត្រូវ​ឆ្លងកាត់​ផលប៉ះពាល់​ដែល​បន្សល់ទុក​ច្រើន​ខែ។ «ផ្ដាសាយ​រុស្ស៊ី» បានសម្លាប់​មនុស្ស​វ័យ​ចំណាស់​ច្រើនជាង​កុមារ ខុសពី វីរុស​ផ្ដាសាយ​ធម្មតា ដែល​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​គ្រប់​វ័យ។ នេះ​បើតាម​ការកត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ ដែល​រួមមាន​ទាំង​ទិន្នន័យ​របស់​រដ្ឋាភិបាល ទស្សនាវដ្ដី​វិទ្យាសាស្ត្រ និង​សារព័ត៌មាន។

    បើទោះជា​ចំណុច​ពិសេស​នៃ «ផ្ដាសាយ​រុស្ស៊ី» ដូច​ខ្លាំង​ទៅនឹង កូ​វីដ-១៩ ប៉ុន្តែ សម្មតិកម្ម​ដែលថា «ផ្ដាសាយ​រុស្ស៊ី» កើតឡើង​ដោយសារ វីរុស​កូ​រ៉ូ​ណា មួយ​ប្រភេទ ក៏​នៅតែមាន​លក្ខណៈ​ជាការ​សន្និដ្ឋាន។ នេះ​បើតាម Peter Palese សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ នៅ​សាកល​វិទ្យា Mount Sinai នាទី​ក្រុង New York សហរដ្ឋ​អាម៉េរិក។

    វេជ្ជបណ្ឌិត Jeffery Taubenbeerger ប្រធាន​ផ្នែក​វីរុស​សាស្ត្រ ប្រចាំ​វិទ្យាស្ថាន​ជាតិ​ប្រតិកម្ម និង​ជំងឺឆ្លង​របស់ អាម៉េរិក រួម​នឹង John Oxford ដែលជា​សាស្ត្រាចារ្យ​ផ្នែក វីរុស​សាស្ត្រ នៅ​សាកលវិទ្យាល័យ Queen Mary នៃ ប្រទេស​អង់គ្លេស កំពុង​ស្វែងរក​ភ័ស្ដុតាង​ស្ដីពី​ទំនាក់ទំនង​រវាង​ជំងឺ​រាតត្បាត​ទាំងពីរ គឺ កូ​វីដ-១៩ និង ផ្ដាសាយ​រុស្ស៊ី ដោយ​ប្រើប្រាស់​ទិន្នន័យ​ដែល​បាន​បន្សល់ទុក​តាំងពី​ឆ្នាំ ១៩១៨។

    បណ្ឌិត Scott Podolsky សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Harvard និង Dominic W. Hall ដែលជា​អ្នកគ្រប់គ្រង​សារមន្ទីរ​ផ្នែក​វះកាត់ Warren នៅ​សាកលវិទ្យាល័យ Harvard ក៏​ស្វែងរក​សំណាក​ម៉ូ​លិ​គុល​សួត ដែល​ត្រូវបាន​រក្សាទុក​នៅក្នុង​អំឡុង​ពេល​ដូចគ្នានេះ។

    បើសិនជា ហ្សែ​ន របស់ វីរុស ដែល​បង្ក​ជំងឺ​ផ្ដាសាយ​រុស្ស៊ី បង្ហាញខ្លួន​នៅក្នុង ម៉ូ​លិ​គុល របស់​សួត នោះ​វា​នឹង​អាច​បង្ហើប​ឱ្យដឹង​អំពី​ទីបញ្ចប់​ដែល​កើតឡើង​ដោយ​របៀប​ណា។ បើសិន​ជំងឺ​ផ្ដាសាយ​កាលពី​ចុង​សតវត្សរ៍​ទី ១៩ កើតឡើង​ដោយសារ វីរុស​កូ​រ៉ូ​ណា មួយ​ប្រភេទ ក្រុម​អ្នកវិទ្យាសាស្ត្រ​យល់ថា វា​អាច​នៅតែមាន​វត្តមាន​ក្រោម​ទម្រង់​ជា វីរុស មួយ ក្នុងចំណោម វីរុស​កូ​រ៉ូ​ណា ចំនួន ៤ ប្រភេទ ដែល​បង្ក​ជំងឺ​ផ្ដាសាយ​ធម្មតា ជាជាង​ជំងឺឆ្លង​ធ្ងន់ធ្ងរ៕

     

  • ភាពយន្ត​ស្ដីពី​ការប្រយុទ្ធ​នឹង COVID-19 នៅ Wuhan រកបាន​ចំណូល​បាន 154 លាន​ដុល្លារ​អាមេរិក

    ភាពយន្ត​ស្ដីពី​ការប្រយុទ្ធ​នឹង COVID-19 នៅ Wuhan រកបាន​ចំណូល​បាន 154 លាន​ដុល្លារ​អាមេរិក

    (ប្រទេស​ចិន)៖ «Chinese Doctors» ដែលជា​ខ្សែភាពយន្ត​ចិន និយាយ​អំពី​ការប្រយុទ្ធ​ប្រឆាំងនឹង​រោគរាតត្បាត COVID-19 នៅ​ទីក្រុង Wuhan រកបាន​ប្រាក់ចំណូល 1 ពាន់​លាន​យុន (ជាង 154 លាន​ដុល្លារ​អាមេរិក)។

    យោងតាម​សារព័ត៌មាន Sina ខ្សែភាពយន្ត​ដែល​បានធ្វើឱ្យ​កក្រើក​បន្ទប់​លក់​សំបុត្រ​ក្នុង​រដូវក្ដៅ​ឆ្នាំនេះ កំពុងតែ​នាំមុខគេ​លើ​ប្រាក់ចំណូល បើ​ធៀប​នឹង​ខ្សែភាពយន្ត​ដែល​ចេញ​ដំណាលគ្នា មានដូចជា រឿង 1921 ឬ Realm of Terracotta ជាដើម។ ក្រុម​អ្នកជំនាញ បាន​ព្យាករ​ថា Chinese Doctors នឹង​រកបាន​ចំណូល​ប្រហែល 1.6 ពាន់​លាន​យុន ដែល​ស្មើនឹង 247 លាន​ដុល្លារ​អាមេរិក។

    Chinese Doctors ដែល​បាន​ថត​កាលពី​ចុងឆ្នាំ 2020 គឺជា​ភាពយន្ត​មួយ យោងទៅតាម​ទិដ្ឋភាព​នៅឯ​មន្ទីរពេទ្យ​នានា​ក្នុង​ទីក្រុង Wuhan ចាប់តាំងពី COVID-19 បានបង្ហាញ​ខ្លួន រហូតដល់​ត្រូវបាន​គ្រប់គ្រង។ ស្នាដៃ​និពន្ធ​នេះ បង្ហាញ​ឡើងវិញ​នូវ​ទិដ្ឋភាព​នៃ​ប្រការ​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 រួម​នឹង​ការតស៊ូ​ដើម្បី​រស់​របស់​ក្រុម​វេជ្ជបណ្ឌិត និង​បុគ្គលិក​សុខាភិបាល។ Chinese Doctors មានការ​ចូលរួម​សំដែង​ពី​តារាល្បីៗមួយចំនួន ដូចជា Zhang Hanyu (ដើរតួ​ជា Zhang Jingyu), Yuan Quan (Wen Ting), Zhu Yawen (Tao Jun), Li Chen (Wu Chenguang), Jackson Yee (Yang Xiaoyang), Oho Ou (Jin Zai) និង Zhou Ye (Xiao Wen)។ល។

    ទោះជា​ជោគជ័យ​ក៏ដោយ ប៉ុន្តែ Chinese Doctors ក៏​ទទួលបាន​ការរិះគន់​មួយចំនួន ដូចជា​ថា ភាពយន្ត​នេះ មាន​កន្លែង​ខ្លះ​ខ្វះ​ភាពត្រឹមត្រូវ មិន​ដូច​ជាក់ស្ដែង។ អ្នកខ្លះ​ថា «រោគរាតត្បាត​មិនទាន់បាន​បញ្ចប់​ផង ប៉ុន្តែ សាច់​រឿងនេះ មើលទៅ​ដូច​បាន​កើតឡើង​តាំងពី​សតវត្សរ៍​មុន»។

     

    Chinese Doctors គឺជា​ខ្សែភាពយន្ត​ដ៏​កម្រ ដែល​រកបាន​ចំណូល​ច្រើន​គួរសម​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ។ យោងតាម Mtime គិត​មកដល់​ថ្ងៃទី 21 កក្កដា ចំណូល​សរុប​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ មាន​ចំនូ​ន​ជាង 4.2 ពាន់​លាន​យុន ស្មើនឹង 648.6 លាន​ដុល្លារ​អាមេរិក ថយចុះ​ពាក់កណ្ដាល បើ​ធៀប​នឹង​អំឡុងពេល​ដូចគ្នា ក្នុង​ឆ្នាំ 2018 និង 2019៕

    ប្រភព៖ Xinhuanet
    ប្រែ​សម្រួល៖ បុត្រា

  • WHO ព្រមាន​អំពី COVID-19 វ៉ា​រ្យ៉​ង់ ថ្មី ដ៏​គ្រោះថ្នាក់ អាច​ឆ្លង​រាលដាល​ទូទាំង​សកលលោក

    WHO ព្រមាន​អំពី COVID-19 វ៉ា​រ្យ៉​ង់ ថ្មី ដ៏​គ្រោះថ្នាក់ អាច​ឆ្លង​រាលដាល​ទូទាំង​សកលលោក

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​អំពី​លទ្ធភាព​ដែល​ក្រុម​វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី ប្រកបដោយ​គ្រោះថ្នាក់​ជាង និង​ងាយ​ឆ្លង​ជាង នឹង​អាច​បង្ហាញខ្លួន នៅ​ពាសពេញ​ពិភពលោក បណ្ដាលឱ្យ​ការទប់ស្កាត់ កាន់តែ​ជួប​ការលំបាក។

    «មហា​រោគរាតត្បាត មិនទាន់​អាច​បញ្ចប់» គណៈកម្មការ​គ្រាអាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃទី 15 កក្កដា បាន​ព្រមាន​ដូច្នេះ បន្ទាប់ពី​កិច្ចប្រជុំ​មួយ​នៅមុន​នោះ​មួយថ្ងៃ។

    Didier Houssin ប្រធាន​គណៈកម្មការ​ខាងលើ​បាន​ទទួលស្គាល់ថា «របត់​ថ្មី ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ ពិតជា​គួរឱ្យ​ព្រួយបារម្ភ»។ លោក Didier Houssin និយាយថា មួយឆ្នាំ​កន្លះ បន្ទាប់ពី WHO បានប្រកាស​គ្រាអាសន្ន​ដំបូង​អំពី​សុខភាព​សាធារណៈ និង​កម្រិត​នៃ​ភាពអាសន្ន «យើង​នៅតែ​រត់តាម​វីរុស​នេះ ហើយ​វីរុស​នេះ​ក៏​កំពុងតែ​រត់តាម​យើង»។

    បច្ចុប្បន្ន វ៉ា​រ្យ៉​ង់ (វីរុស​បំប្លែង​ខ្លួន​ថ្មី) ចំនួន 4 របស់ COVID-19 កំពុងតែ​គ្រប់គ្រង​វិបត្តិ​សុខភាព​នៅ​ទូទាំង​សកលលោក រួមមាន Alpha, Beta, Gamma និង​ពិសេស​គឺ​វ៉ា​រ្យ៉​ង់ Delta ដែល​កំពុង​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស។ ក៏ប៉ុន្តែ គណៈកម្មការ​ខាងលើ បាន​ព្រមាន​ថា បញ្ហា​អាក្រក់​ជាង​បច្ចុប្បន្ន អាច​នៅខាងមុខ​នៅឡើយ ដោយ​លើកឡើង​អំពី «លទ្ធភាព​ខ្ពស់​ដែល វីរុស​បំប្លែង​ខ្លួន​ថ្មី អាច​បង្ហាញខ្លួន និង​ឆ្លង​រាលដាល​ពេញ​ពិភពលោក» ហើយ​បង្កើតបានជា​ឧបសគ្គ​ធំធេង​សម្រាប់​ការប្រយុទ្ធប្រឆាំង​របស់​មនុស្ស។

    បច្ចុប្បន្ន វ៉ា​រ្យ៉​ង់ (វីរុស​បំប្លែង​ខ្លួន​ថ្មី) ចំនួន 4 របស់ COVID-19 កំពុងតែ​គ្រប់គ្រង​វិបត្តិ​សុខភាព​នៅ​ទូទាំង​សកលលោក

    WHO ប្រកាសថា បណ្ដា​វីរុស​បំប្លែង​ខ្លួន ដែល «គួរឱ្យ​បារម្ភ» គឺ​នៅពេល​ពួកវា​ត្រូវបាន​គេ​ចាត់ទុកថា ងាយ​ឆ្លង​ជាង​វីរុស​ធម្មតា និង​បង្ក​ការស្លាប់​ច្រើនជាង​មុន ឬ​មានលទ្ធភាព​ទប់ទល់​នឹង​វ៉ាក់សាំង។

    WHO និយាយថា «ការពាក់​ម៉ាស់ ការរក្សា​គម្លាត រក្សា​អនាម័យ និង​កែលម្អ​ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​ក្នុងផ្ទះ នៅតែ​ជា​គន្លឹះ​សំខាន់​ក្នុងការ​កាត់បន្ថយ​ការឆ្លង​រាលដាល»។ អង្គការ​នេះ​ក៏បាន​សង្កត់ធ្ងន់ថា ត្រូវ​ការចាក់​វ៉ាក់សាំង​ឱ្យបាន​យ៉ាងតិច 10% នៃ​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេសនីមួយៗ នៅត្រឹម​ខែកញ្ញា​ខាងមុខ រួម​នឹង​ការចែករំលែក​វ៉ាក់សាំង រវាង​ប្រទេស​អ្នកមាន និង​ប្រទេស​អ្នកក្រ។

    គិត​មកដល់​ព្រឹក​ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2021 ពិភពលោក​ទាំងមូល បាន​រកឃើញ​អ្នក​ឆ្លង​វីរុស COVID-19 សរុប​ចំនួន 189,702,247 នាក់ ក្នុងនោះ​មាន 4,082,637 នាក់​បាន​ស្លាប់, 173,130,284 នាក់ បានជា​សះស្បើយ និង 12,489,326 នាក់ កំពុង​ព្យាបាល ហើយ​ក្នុងចំណោម​នេះដែរ ក៏មាន​អ្នកជំងឺ​ជាង 79,220 នាក់ កំពុង​ប្រឈម​នឹង​ការបាត់​បង់ជីវិត ដោយសារតែ​អាការ​ធ្ងន់ធ្ងរ៕

    ប្រភព៖ CNN, AFP, Worldometers,
    ប្រែ​សម្រួល៖ បុត្រា

  • COVID-19 នៅ វៀតណាម ៖ វិជ្ជមាន​ជាង 1,400 នាក់ ក្នុង​មួយថ្ងៃ

    COVID-19 នៅ វៀតណាម ៖ វិជ្ជមាន​ជាង 1,400 នាក់ ក្នុង​មួយថ្ងៃ

    នា​ព្រឹក​ថ្ងៃទី 16 កក្កដា​នេះ ក្រសួងសុខាភិបាល វៀតណាម បានឱ្យដឹងថា ទើប​រកឃើញ​អ្នក​វិជ្ជមាន​នឹង COVID-19 ថ្មី ចំនួន 1,438 នាក់ បន្ថែមទៀត ក្នុង​រយៈពេល 24 ម៉ោង​នៃ​ថ្ងៃទី 15 ខែកក្កដា។

    ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំង 1,438 នាក់​ខាងលើ គឺមាន 1,071 នាក់ នៅ​ទី ក្រុង​ហូជីមិញ ខណៈ​នៅ​រដ្ឋធានី ហាណូយ មាន​ត្រឹមតែ 3 ករណី​ប៉ុណ្ណោះ។ ទីក្រុង ហូជីមិញ មាន​អ្នក​ឆ្លង COVID-19 សរុប​ចំនួន 22,564 នាក់ ចំណែក រដ្ឋធានី ហាណូយ មាន​ចំនួន 567 នាក់។

    មកដល់​បច្ចុប្បន្ន វៀតណាម បាន​រកឃើញ​អ្នក​វិជ្ជមាន​សរុប ទូទាំងប្រទេស ចំនួន 38,675 នាក់ ក្នុងនោះ​មាន​ជាង 20,000 នាក់​កំពុង​ព្យាបាល, ជាង 200 នាក់ បាន​ស្លាប់ និង​ជាង 8,000 នាក់ បានជា​សះស្បើយ។

    គិត​មកដល់​ព្រឹក​នេះ វៀតណាម ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ចំនួន 4,185,623 ដូ​ស ក្នុងនោះ ពលរដ្ឋ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង 1 ដូ​ស មាន​ចំនួន 3,890,947 នាក់ និង​អ្នក​ដែល​បាន​ចាក់​រួចរាល់ មាន​ចំនួន 294,6767 នាក់៕

    ប្រភព៖ VNexpress
    ប្រែ​សម្រួល៖ បុត្រា

  • ពលរដ្ឋ 19,000 នាក់ ធ្វើបាតុកម្ម​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​របស់ បារាំង

    ពលរដ្ឋ 19,000 នាក់ ធ្វើបាតុកម្ម​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​របស់ បារាំង

    បារាំង៖ មនុស្ស​ប្រហែល 19,000 នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម​នៅក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​របស់ បារាំង នៅ​ពាសពេញ​ផ្ទៃ​ប្រទេស ដើម្បី​ប្រឆាំងនឹង​ការ​រឹតបន្តឹង​ថ្មី​ក្នុង​បំណង​គ្រប់គ្រង​ស្ថានការណ៍ COVID-19 របស់​រដ្ឋាភិបាល។

    បាតុកម្ម​ដាច់ដោយឡែក​ជាច្រើន​ក្រុម ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី 14 ខែកក្កដា នៅ​ពាសពេញ​ផ្ទៃ​ប្រទេស ក្នុងនោះ​ក៏មាន ទីក្រុង Paris, Toulouse, Bordeaux, Montpelier, Nantes រួម​នឹង​តំបន់ផ្សេងៗមួយចំនួនទៀត។ ក្រុមមន្ត្រី​រដ្ឋាភិបាល បារាំង ឱ្យដឹងថា មនុស្ស​ប្រមាណ 19,000 នាក់ បាន​ចូលរួម​ធ្វើបាតុកម្ម។ ក្រសួងមហាផ្ទៃ បារាំង បានប្រកាសថា បាតុកម្ម​តូច-ធំ ចំនួន 53 ត្រូវបាន​ធ្វើឡើង​នៅ​តំបន់សំខាន់ៗនៃ​ប្រទេស​នេះ។

    បាតុកម្ម​មួយចំនួន​នៅ Paris បានចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃទី 14 ខែកក្កដា ក្នុង​គ្រា​ដែល​ក្បួនព្យុហយាត្រា​ប្រចាំឆ្នាំ អបអរ​ថ្ងៃបុណ្យ​ឯករាជ្យ​បារាំង ត្រូវបាន​ធ្វើឡើង​តាម​បណ្ដោយ​មហាវិថី Champs-Elysees ក្រោម​អធិបតីភាព​របស់​ប្រធានាធិបតី Emmanuel Macron។

    មូលហេតុ​នៃ​បាតុកម្ម​នេះ កើតឡើង​ដោយសារ​ក្រុមបាតុករ​មិន​ពេញ​ចិត្តនឹង​សេចក្ដីសម្រេច​មួយ​ដែល​បានប្រកាស​កាលពី​ថ្ងៃទី 12 កក្កដា ស្ដីពី​ការបង្ខំ​ឱ្យ​បុគ្គលិក​សុខាភិបាល ទទួល​ការចាក់​វ៉ាក់សាំង ក៏ដូចជា​ការតម្រូវ​ឱ្យ​ពលរដ្ឋ​ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង ទើប​អាច​ចេញ-ចូល​ទីសាធារណៈ ឬ​តម្រូវឱ្យ​ពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង ត្រូវ​បង្ហាញ​លទ្ធផល​អវិជ្ជមាន ទើប​អាច​ចូល​ភោជនីយដ្ឋាន​បាន។

    យោងតាម​ការស្រាវជ្រាវ​មួយ​របស់ Elabe ដែល​បានប្រកាស​កាលពី​ថ្ងៃទី 13 កក្កដា វិធានការ​ថ្មី​ខាងលើនេះ ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ពលរដ្ឋ​បារាំង។ ពលរដ្ឋ​ប្រមាណ 35.5 លាន​នាក់ (ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​សរុប​របស់​បារាំង) បាន​ចាក់​វ៉ាក់សាំង COVID-19 យ៉ាងតិច 1 ដូ​ស​រួចហើយ។

    គិត​មកដល់​បច្ចុប្បន្ន បារាំង បាន​រកឃើញ​អ្នក​ឆ្លង COVID-19 សរុប​ចំនួន 5,829,724 នាក់ ក្នុងនោះ​​ក៏​មាន​ករណី​ស្លាប់ 111,413 នាក់, ជាសះស្បើយ 5,162,757 នាក់ និង​កំពុង​ព្យាបាល​ចំនួន 555,554 នាក់៕

    ប្រភព៖ AFP
    ប្រែ​សម្រួល៖ បុត្រា

  • ឆេះមន្ទីរពេទ្យព្យាបាលជំងឺ COVID-19 បណ្ដាលឱ្យមានអ្នកស្លាប់យ៉ាងតិច 42 នាក់

    ឆេះមន្ទីរពេទ្យព្យាបាលជំងឺ COVID-19 បណ្ដាលឱ្យមានអ្នកស្លាប់យ៉ាងតិច 42 នាក់

    អ៊ីរ៉ាក់៖ មន្ទីរពេទ្យ​មួយ​ដែលមាន​ជំនាញ​ក្នុងការ​ព្យាបាល​ជំងឺ COVID-19 នៅ​ទីក្រុង Nassiriya បាន​ជួប​គ្រោះ​អគ្គិភ័យ បណ្ដាលឱ្យ​មនុស្ស​យ៉ាងហោចណាស់ 100 នាក់ ត្រូវ​រងរបួស និង​បាត់​បង់ជីវិត។

    អគ្គិភ័យ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី 12 ខែកក្កដា នៅ​មន្ទីរពេទ្យ al-Hussain នាទី​ក្រុង Nassiriya ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ាក់​នេះ បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 42 នាក់ បាន​ស្លាប់ និង​ជាង 60 នាក់ រងរបួស។ មូលហេតុ​នៃ​អគ្គិភ័យ​នេះ ត្រូវបាន​គេ​ជឿថា កើតឡើង​ដោយសារ​ការផ្ទុះ​បំពង់​អុកស៊ីហ្សែន។ ចំនួន​អ្នកស្លាប់ អាច​កើនឡើង​បន្តទៀត ដោយសារ​មាន​មនុស្ស​ជាច្រើន​កំពុង​បាត់​ខ្លួន​នៅឡើយ។

    ក្រុមមន្ត្រី​មូលដ្ឋាន បានឱ្យដឹងថា សកម្មភាព​ជួយសង្គ្រោះ ត្រូវបាន​ធ្វើឡើង​មិន​ឈប់ឈរ ក្រោយពី​អគ្គិភ័យ​ត្រូវបាន​គ្រប់គ្រង ប៉ុន្តែ ដោយសារ​ផ្សែង​ក្រាស់​ខ្លាំង ដំណើរការ​ជួយសង្គ្រោះ ក៏ត្រូវ​ជួប​ការលំបាក។

    របាយការណ៍​បឋមរ​បស់​ប៉ូលិស បានឱ្យដឹងថា បំពង់​អុកស៊ីហ្សែន​សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 បាន​ផ្ទុះ និង​បណ្ដាលឱ្យ​កើតមាន​អគ្គិភ័យ​នេះ។

    នេះ​គឺជា​ករណី​ឆេះ​មន្ទីរពេទ្យ​ទី​ពីរ​នៅ​ប្រទេស​នេះ ក្នុង​រយៈពេល 3 ខែ​កន្លង។ កាលពី​ខែមេសា មន្ទីរពេទ្យ Ibn Khatib នៅ​រដ្ឋធានី បា​កដាដ ក៏​ជួប​គ្រោះ​អគ្គិភ័យ ដោយសារតែ​ផ្ទុះ​បំពង់​អុកស៊ីហ្សែន បណ្ដាលឱ្យ​មនុស្ស​ចំនួន 82 នាក់ បាន​ស្លាប់ និង 110 នាក់​រងរបួស៕

    ប្រភព៖ Reuters
    ប្រែ​សម្រួល៖ បុត្រា

  • Covid-19 នៅ វៀតណាម ៖ អ្នក​វិជ្ជមាន​​ជាង 1,700 នាក់ ត្រូវបាន​រកឃើញ ចាប់ពី​ព្រឹក ដល់​ថ្ងៃត្រង់ នៃ​ថ្ងៃទី 12 ខែកក្កដា

    Covid-19 នៅ វៀតណាម ៖ អ្នក​វិជ្ជមាន​​ជាង 1,700 នាក់ ត្រូវបាន​រកឃើញ ចាប់ពី​ព្រឹក ដល់​ថ្ងៃត្រង់ នៃ​ថ្ងៃទី 12 ខែកក្កដា

    វៀតណាម នា​ល្ងាច​ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2021 នេះ បានឱ្យដឹងថា បាន​រកឃើញ​ករណី​ឆ្លង Covid-19 ចំនួន 1,112 នាក់​បន្ថែមទៀត ក្នុងនោះ​មាន 1,105 នាក់ ជា​ករណី​ឆ្លង​ក្នុងស្រុក និង 7 នាក់ ជា​ករណី​នាំចូល​ពី​បរទេស។

    ក្នុងចំណោម​អ្នកជំងឺ​ថ្មី​ខាងលើ មាន 879 នាក់ ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​ហូជីមិញ ខណៈ​រដ្ឋធានី​ហាណូយ មានតែ 82 នាក់​ប៉ុណ្ណោះ។ រាប់​ចាប់ពី​ព្រឹក រហូតដល់​ម៉ោង 2 ល្ងាច​ថ្ងៃនេះ វៀតណាម បាន​រកឃើញ​អ្នក​វិជ្ជមាន​សរុប​ចំនួន 1,764 នាក់ នៅ​ទូទាំងប្រទេស។

    គិត​មកដល់​បច្ចុប្បន្ន វៀតណាម បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប​ចំនួន 27.259 នាក់ ក្នុងនោះ​មាន 19.125 នាក់ កំពុង​ព្យាបាល, 8.025 នាក់​បានជា និង 105 នាក់ បាន​បាត់​បង់ជីវិត៕

    ប្រភព៖ ក្រសួងសុខាភិបាល​វៀត​ណាម
    ប្រែ​សម្រួល៖ បុត្រា

  • វ៉ាក់សាំង Sinovac របស់ ចិន មាន​ប្រសិទ្ធភាព​​ពិត​ ដល់​កម្រិតណា?

    វ៉ាក់សាំង Sinovac របស់ ចិន មាន​ប្រសិទ្ធភាព​​ពិត​ ដល់​កម្រិតណា?

    វ៉ាក់សាំង​របស់​ក្រុមហ៊ុន ចិន ស៊ី​ណូ​វ៉ា​ក់ (Sinovac) ជួយ​ទប់ស្កាត់​ការឆ្លង Covid-19 ការ​ត្រូវ​ចូល​ពន្យា​បាល​នៅ​មន្ទីរពេទ្យ និង​អត្រា​នៃ​ការស្លាប់ ប៉ុន្តែ កម្រិត​នៃ​ប្រសិទ្ធភាព​របស់​វា ថយចុះ​ទៅតាម​ពេលវេលា និង​ខ្សោយ នៅ​ចំពោះមុខ វ៉ា​រ្យ៉​ង់ (វីរុស​បំប្លែង​ខ្លួន) ឈ្មោះ Delta។

    វ៉ាក់សាំង​របស់​ក្រុមហ៊ុន ចិន Sinovac Biotech គឺជា​វ៉ាក់សាំង​ប្រឆាំង Covid-19 ដែល​ត្រូវបាន​ប្រើប្រាស់​ច្រើន​បំផុត​ក្នុង​ពិភពលោក ដោយមាន​ជាង 943 លាន​ដូ​ស ត្រូវបាន​ផ្គត់ផ្គង់។ នេះ​បើតាម​សារព័ត៌មាន South China Morning Post។

    ទិន្នន័យ​នៃ​ការចាក់​វ៉ាក់សាំង​ខាងលើ នៅ​ប្រទេស ឈី​លី ដែល​ត្រូវបាន​ចុះផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ New England Journal of Medicine កាលពី​សប្ដាហ៍​មុន បាន​បង្ហាញថា វ៉ាក់សាំង Sinovac មាន​ប្រសិទ្ធភាព 65.9% ក្នុងការ​ទប់ស្កាត់​ការឆ្លង​នៃ​វីរុស Covid-19, 87.5% ក្នុងការ​ទប់ស្កាត់​ការចូល​ពេទ្យ និង 86.3% ក្នុងការ​ទប់ស្កាត់​មិនឱ្យ​អ្នកជំងឺ​បាត់បង់​ជីវិត។

    បច្ចុប្បន្ន នៅមាន​កង្វះខាត​ច្រើន ទាក់ទិន​នឹង​ការសិក្សា​ស្រាវជ្រាវ​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង នៅ​ចំពោះមុខ​ឥទ្ធិពល​របស់ វ៉ា​រ្យ៉​ង់ Delta នៃ​វីរុស Covid-19។ Feng Zijian អនុប្រធាន​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​របស់ ចិន កាលពី​ខែមិថុនា បានន​និយាយថា អង្គ​ប​ដិ​ប្រាណ​ដែល​បង្កើតឡើង​ដោយសារ​វ៉ាក់សាំង Covid-19 ចំនួន 2 ប្រភេទ​របស់ ចិន មាន​ប្រសិទ្ធភាព​តិច នៅ​ចំពោះមុខ វ៉ា​រ្យ៉​ង់ Delta បើ​ធៀប​នឹង វ៉ា​រ្យ៉​ង់ ដទៃ ប៉ុន្តែ វ៉ាក់សាំង​នេះ​នៅតែ​ជួយ​ការពារ​បាន។ លោក Feng Zijian មិនបាន​បង្ហើប​ឱ្យដឹង​អំពី​ឈ្មោះ​របស់​វ៉ាក់សាំង​ទាំង 2 ខាងលើនេះ​ទេ។

    ក្រុមមន្ត្រី​សុខាភិបាល កំពុង​ស្នើឱ្យ​មានការ​សិក្សា​បន្ថែម​អំពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ខាងលើ នៅ​ចំពោះមុខ​វីរុស​បំប្លែង​ខ្លួន Delta និង​ថា តើ​ចាំបាច់​ត្រូវ​ចាក់​ម្ជុល​ទី​បី​ដែរ ឬទេ ដើម្បី​បង្កើន​កម្លាំង​ការពារ​រាងកាយ។

    ឥណ្ឌូនេស៊ី គឺជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ដែល​ប្រើប្រាស់​វ៉ាក់សាំង Sinovac ច្រើនជាងគេ។ ទិន្នន័យ​របស់​ក្រុម​ស្រាវជ្រាវ​ឯករាជ្យ LaporCovid-19 បង្ហាញថា បុគ្គលិក​សុខាភិបាល​របស់ ឥណ្ឌូនេស៊ី ជាង 130 នាក់ បាន​ស្លាប់​ដោយសារ Covid-19 រាប់​ចាប់ពី​ខែមិថុនា ក្នុងនោះ​មាន 58 នាក់ បាន​ស្លាប់​ក្នុង​ខែកក្កដា។ ក្រុម​ស្រាវជ្រាវ មិនបាន​ឱ្យដឹងថា មាន​ជនរងគ្រោះ​ប៉ុន្មាន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់​នោះទេ ប៉ុន្តែ មាន​បុគ្គលិក​សុខាភិបាល ឥណ្ឌូនេស៊ី ចំនួន​ប្រហែល 95% បានទទួល​ការចាក់​វ៉ាក់សាំង។

    អ្នកជំនាញ​ផ្នែក​រោគ​ឆ្លង ជនជាតិ ឥណ្ឌូនេស៊ី Dicky Budiman មកពី​សាកលវិទ្យាល័យ​អូស្ត្រាលី Griffith និយាយថា បុគ្គលិក​សុខាភិបាល​ជាច្រើន​នាក់ បើ​ទោះ​បាន​ឆ្លង​វី​រូស ប៉ុន្តែ នៅតែ​គេច​ផុតពី​ការស្លាប់ និង​មាន​រោគសញ្ញាស្រាល។ «ប្រការនេះ​នាំឱ្យ​យើង​ជឿថា វ៉ាក់សាំង Sinovac មាន​ប្រសិទ្ធភាព​ក្នុង​កម្រិត​ណាមួយ ក្នុងការ​ប្រឆាំងនឹង​វ៉ា​រ្យ៉​ង់​ថ្មី។ នេះ​ជា​មូលហេតុ​ដែល​យើង​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ ទទួលយក​ការចាក់​វ៉ាក់សាំង​នេះ» លោក Budiman បញ្ជាក់បន្ថែម។

    ករណី​ដែល​បុគ្គលិក​សុខាភិបាល​បាត់បង់​ជីវិត​ដោយសារ Covid-19 ត្រូវបាន​លោក Budiman អះអាងថា អាច​បណ្ដាលមកពី​ការចុះ​ថយ​នៃ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង ទៅតាម​ពេលវេលា និង​ថមថយ​ឥទ្ធិពល នៅ​ចំពោះមុខ​វ៉ា​រ្យ៉​ង់ Delta។

    នៅឯ​ប្រទេស ទួរគី វិញ ការស្រាវជ្រាវ​លើ​បុគ្គលិក​សុខាភិបាល​ចំនួន 1,053 នាក់ បាន​បង្ហាញថា ក្រោយ​ការចាក់​វ៉ាក់សាំង Sinovac រួចរាល់​បាន 3 ខែ 23% ក្នុងចំណោម​នេះ មាន​អង្គ​ប​ដិ​ប្រាណ​តិចជាង​មុន និង​ក្រោម​កម្រិត​នៃ​ប្រសិទ្ធភាព។ ក៏ប៉ុន្តែ ក្នុងចំណោម​បុគ្គលិក​សុខាភិបាល​ដែល​បាន​ចាក់​វ៉ាក់សាំង គឺមាន ត្រឹមតែ 2.8% ប៉ុណ្ណោះ ដែល​បាន​ឆ្លង​វីរុស និង​ពុំមាន​អ្នកណាម្នាក់​ត្រូវ​ចូល​ពេទ្យ​នោះឡើយ ក្រោយ​ការចាក់​វ៉ាក់សាំង ចន្លោះ​ពី 1 ដល់ 3 ខែ។

    សាស្ត្រាចារ្យ​មួយរូប មកពី​មហាវិទ្យាល័យ​ជីវ​វេជ្ជសាស្ត្រ នៃ​សាកលវិទ្យាល័យ​ហុងកុង យល់ថា ប្រសិទ្ធភាព​របស់ Sinovac ប្រាកដជា​នឹង​ថយចុះ​នៅ​ចំពោះមុខ​វីរុស​បំប្លែង​ខ្លួន Delta ប៉ុន្តែ ថយចុះ​ប៉ុន្មាន​ភាគរយ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ។ លោក​យល់ថា ត្រូវការ​កែស​ម្អ​ប្រសិទ្ធភាព និង​សាកល្បង​ចាក់​ម្ជុល​ទី​បី សម្រាប់​ក្រុមមនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់ ឬ​ចាក់​លាយ​ជាមួយ​វ៉ាក់សាំង​ដទៃ។

    ចំណែក​ Yin Weidong ​ដែល​ជា​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Sinovac បាន​និយាយថា លទ្ធផល​នៃ​ការពិសោធ​លើ​មនុស្ស បង្ហាញថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​បី បន្ទាប់ពី​បាន​ចាក់​ដូ​ស​ទី​ពីរបាន​ពី 3 ដល់ 6 ខែ មាន​អង្គ​ប​ដិ​ប្រាណ​កើនឡើង​ច្រើនជាង​មុន 10 ដង ដោយ​ប្រើពេល​ត្រឹមតែ 10 ថ្ងៃ ក្រោយពី​បាន​ចាក់៕

    ប្រភព៖ SCMP
    ប្រែ​សម្រួល៖ បុត្រា

  • ឥណ្ឌា៖ អ្នកជំងឺ​Covid-19 ជាច្រើន​នាក់ ធ្វើ​ច​ត្តា​ឡី​ស័ក​លើ​ដើមឈើ ដូច​ក្នុង​រឿង Tarzan

    ឥណ្ឌា៖ អ្នកជំងឺ​Covid-19 ជាច្រើន​នាក់ ធ្វើ​ច​ត្តា​ឡី​ស័ក​លើ​ដើមឈើ ដូច​ក្នុង​រឿង Tarzan

    ដោយសារតែ​ផ្ទះ​ចង្អៀត​ពេក ទើប​ពលរដ្ឋ​ជាច្រើន​នៅ​ប្រទេស ឥណ្ឌា ត្រូវ​នឹក​រក​វិធីសាស្ត្រ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចម្លែក​ជាងគេ ដើម្បី​បង្ការ​ការឆ្លង​រាលដាល​នៃ Covid-19។

    ថ្មីៗនេះ សារព័ត៌មាន ឥណ្ឌា បាន​រាយការណ៍​ថា កំលោះ​វ័យ 18ឆ្នាំ​ម្នាក់ មាន​ឈ្មោះថា Shiva រស់នៅ​ក្នុងភូមិ Telangana បាន​ឆ្លងកាត់​ការរស់នៅ​រយៈពេល 11ថ្ងៃ នៅលើ​ដើមឈើ ដើម្បី​ចៀសវាង​ការចម្លង​វីរុស​Covid-19 ដល់​គ្រួសារ បន្ទាប់ពី​ខ្លួន​វិជ្ជមាន​នឹង​វីរុស​នេះ។

    នៅពេល​ប្រទេស​ឥណ្ឌា ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស​កាល​ពី​ឆ្នាំទៅ ពលករ​ចំណាកស្រុក​ជាច្រើន បាន​ត្រលប់​ទៅ​ស្រុកកំណើត ព្រោះតែ​កន្លែងធ្វើការ​ត្រូវគេ​បិទទ្វារ។ ពេលនោះ មាន​មនុស្ស​ជាច្រើន​ត្រូវ​បង្ខំចិត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិធីផ្សេងៗ ដែល​អាចធ្វើ​ទៅបាន។

    Shiva គឹជា​និស្សិត​ម្នាក់ កំពុង​សិក្សា​នៅ​ទីក្រុង Hyderabad នៃ​រដ្ឋ Telangana។ នៅពេល Covid-19 ឆ្លង​រាលដាល​ខ្លាំង​នៅ​ទីក្រុង កំលោះ Shiva ក៏​ត្រលប់មក​ស្រុក​វិញ។ Shiva ត្រូវបាន​គេ​ធ្វើតេស្ត​ឃើញថា វិជ្ជមាន​នឹង Covid-19 កាលពី​ថ្ងៃទី04 ខែឧសភា ឆ្នាំ2021 ហើយក៏​ត្រូវ​ក្រុមគ្រូពេទ្យ​ស្នើ​ឱ្យនៅ​ដាច់ដោយឡែក​ពី​គ្រួសារ។

    ក៏ប៉ុន្តែ ដោយសារ​ផ្ទះ​ចង្អៀត​ពេក Shiva ក៏​នឹកឃើញ​វិធី​ចម្លែក​មួយ៖ Shiva យក​ដើម​ឫស្សី ចងភ្ជាប់​នឹង​មែកឈើ ដើម្បី​បង្កើតជា​កន្លែង​ស្នាក់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន។ កំលោះ​នេះ​ក៏​បង្កើត​ប្រព័ន្ធ​ខ្សែរូត និង​ឧបករណ៍​ចាំបាច់​សម្រាប់​ប្រើប្រាស់ ក៏ដូចជា​សម្រាប់​ទទួល​អាហារ​ពី​គ្រួសារ។

    Shiva និយាយថា៖ «ពុំមាន​អ្នកណាម្នាក់​នៅក្នុង​ភូមិ ហ៊ាន​មកជួប​ខ្ញុំ​ទេ ព្រោះ​ខ្លាច Covid-19។ ប៉ុន្តែ ខ្ញុំ​គិតថា មិនចាំបាច់​ភ័យខ្លាច​ពេក​ទេ អ្នក​អាច​យកឈ្នះ​លើ​វា ដោយ​ការគិត​ប្រកបដោយ​វិជ្ជមាន»។ Shiva ឱ្យដឹងថា ក្នុងពេល​សម្រាក​លើ​ដើមឈើ គាត់​អាន​សៀវភៅ ស្ដាប់​ចម្រៀង និង​និយាយ​គ្នា​លេង​ជាមួយ​មិត្ត​ភ័ក្ដិ។

    រហូត​ដល់ពេល​អ្នកយក​ព័ត៌មាន​បានដឹង​អំពី​ហេតុការណ៍​នេះ Shiva ពេលនោះ​ក៏​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន 11ថ្ងៃ​រួចហើយ។ ភូមិ​ដែល Shiva រស់នៅ មានគ្រួសារ​ប្រមាណ 350គ្រួ ប៉ុន្តែ មណ្ឌល​សុខភាព​នៅ​ឆ្ងាយ​ពី​នោះ 5គម ខណៈ​មន្ទីរពេទ្យ​ដែល​នៅក្បែរ​បំផុត ក៏មាន​ចម្ងាយ​រហូតដល់ 30គម។

    បើទោះជា​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​ថ្មី ត្រូវបាន​បង្កើតឡើង​នៅក្នុង​ទីរួមស្រុក កាលពី​ថ្ងៃទី13 ខែឧសភា ប៉ុន្តែ មនុស្ស​តិចតួច​ណាស់ដែ​ល​បានដឹង ដូច្នេះ ពួកគេ​ត្រូវ​រក​វិធី​ធ្វើ​ច​ត្តា​ឡី​ស័ក​ផ្ទាល់ខ្លួន។ ក្រៅពី Shiva ពលរដ្ឋ​ជាច្រើន​ក្នុងភូមិ ក៏ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយឡែក​នៅក្នុង​បន្ទប់ទឹក ខ្ទម ឬ​តង់។ល។

    ប្រភព៖ Indiatoday
    ប្រែសម្រួល​៖ បុត្រា