វ៉ាក់សាំងរបស់ក្រុមហ៊ុន ចិន ស៊ីណូវ៉ាក់ (Sinovac) ជួយទប់ស្កាត់ការឆ្លង Covid-19 ការត្រូវចូលពន្យាបាលនៅមន្ទីរពេទ្យ និងអត្រានៃការស្លាប់ ប៉ុន្តែ កម្រិតនៃប្រសិទ្ធភាពរបស់វា ថយចុះទៅតាមពេលវេលា និងខ្សោយ នៅចំពោះមុខ វ៉ារ្យ៉ង់ (វីរុសបំប្លែងខ្លួន) ឈ្មោះ Delta។
វ៉ាក់សាំងរបស់ក្រុមហ៊ុន ចិន Sinovac Biotech គឺជាវ៉ាក់សាំងប្រឆាំង Covid-19 ដែលត្រូវបានប្រើប្រាស់ច្រើនបំផុតក្នុងពិភពលោក ដោយមានជាង 943 លានដូស ត្រូវបានផ្គត់ផ្គង់។ នេះបើតាមសារព័ត៌មាន South China Morning Post។
ទិន្នន័យនៃការចាក់វ៉ាក់សាំងខាងលើ នៅប្រទេស ឈីលី ដែលត្រូវបានចុះផ្សាយលើគេហទំព័រវេជ្ជសាស្ត្រ New England Journal of Medicine កាលពីសប្ដាហ៍មុន បានបង្ហាញថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាព 65.9% ក្នុងការទប់ស្កាត់ការឆ្លងនៃវីរុស Covid-19, 87.5% ក្នុងការទប់ស្កាត់ការចូលពេទ្យ និង 86.3% ក្នុងការទប់ស្កាត់មិនឱ្យអ្នកជំងឺបាត់បង់ជីវិត។
បច្ចុប្បន្ន នៅមានកង្វះខាតច្រើន ទាក់ទិននឹងការសិក្សាស្រាវជ្រាវអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង នៅចំពោះមុខឥទ្ធិពលរបស់ វ៉ារ្យ៉ង់ Delta នៃវីរុស Covid-19។ Feng Zijian អនុប្រធាននៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ ចិន កាលពីខែមិថុនា បានននិយាយថា អង្គបដិប្រាណដែលបង្កើតឡើងដោយសារវ៉ាក់សាំង Covid-19 ចំនួន 2 ប្រភេទរបស់ ចិន មានប្រសិទ្ធភាពតិច នៅចំពោះមុខ វ៉ារ្យ៉ង់ Delta បើធៀបនឹង វ៉ារ្យ៉ង់ ដទៃ ប៉ុន្តែ វ៉ាក់សាំងនេះនៅតែជួយការពារបាន។ លោក Feng Zijian មិនបានបង្ហើបឱ្យដឹងអំពីឈ្មោះរបស់វ៉ាក់សាំងទាំង 2 ខាងលើនេះទេ។
ក្រុមមន្ត្រីសុខាភិបាល កំពុងស្នើឱ្យមានការសិក្សាបន្ថែមអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងខាងលើ នៅចំពោះមុខវីរុសបំប្លែងខ្លួន Delta និងថា តើចាំបាច់ត្រូវចាក់ម្ជុលទីបីដែរ ឬទេ ដើម្បីបង្កើនកម្លាំងការពាររាងកាយ។
ឥណ្ឌូនេស៊ី គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលប្រើប្រាស់វ៉ាក់សាំង Sinovac ច្រើនជាងគេ។ ទិន្នន័យរបស់ក្រុមស្រាវជ្រាវឯករាជ្យ LaporCovid-19 បង្ហាញថា បុគ្គលិកសុខាភិបាលរបស់ ឥណ្ឌូនេស៊ី ជាង 130 នាក់ បានស្លាប់ដោយសារ Covid-19 រាប់ចាប់ពីខែមិថុនា ក្នុងនោះមាន 58 នាក់ បានស្លាប់ក្នុងខែកក្កដា។ ក្រុមស្រាវជ្រាវ មិនបានឱ្យដឹងថា មានជនរងគ្រោះប៉ុន្មាននាក់បានទទួលការចាក់វ៉ាក់សាំងរួចរាល់នោះទេ ប៉ុន្តែ មានបុគ្គលិកសុខាភិបាល ឥណ្ឌូនេស៊ី ចំនួនប្រហែល 95% បានទទួលការចាក់វ៉ាក់សាំង។
អ្នកជំនាញផ្នែករោគឆ្លង ជនជាតិ ឥណ្ឌូនេស៊ី Dicky Budiman មកពីសាកលវិទ្យាល័យអូស្ត្រាលី Griffith និយាយថា បុគ្គលិកសុខាភិបាលជាច្រើននាក់ បើទោះបានឆ្លងវីរូស ប៉ុន្តែ នៅតែគេចផុតពីការស្លាប់ និងមានរោគសញ្ញាស្រាល។ «ប្រការនេះនាំឱ្យយើងជឿថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពក្នុងកម្រិតណាមួយ ក្នុងការប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មី។ នេះជាមូលហេតុដែលយើងលើកទឹកចិត្តឱ្យពលរដ្ឋ ទទួលយកការចាក់វ៉ាក់សាំងនេះ» លោក Budiman បញ្ជាក់បន្ថែម។
ករណីដែលបុគ្គលិកសុខាភិបាលបាត់បង់ជីវិតដោយសារ Covid-19 ត្រូវបានលោក Budiman អះអាងថា អាចបណ្ដាលមកពីការចុះថយនៃប្រសិទ្ធភាពរបស់វ៉ាក់សាំង ទៅតាមពេលវេលា និងថមថយឥទ្ធិពល នៅចំពោះមុខវ៉ារ្យ៉ង់ Delta។
នៅឯប្រទេស ទួរគី វិញ ការស្រាវជ្រាវលើបុគ្គលិកសុខាភិបាលចំនួន 1,053 នាក់ បានបង្ហាញថា ក្រោយការចាក់វ៉ាក់សាំង Sinovac រួចរាល់បាន 3 ខែ 23% ក្នុងចំណោមនេះ មានអង្គបដិប្រាណតិចជាងមុន និងក្រោមកម្រិតនៃប្រសិទ្ធភាព។ ក៏ប៉ុន្តែ ក្នុងចំណោមបុគ្គលិកសុខាភិបាលដែលបានចាក់វ៉ាក់សាំង គឺមាន ត្រឹមតែ 2.8% ប៉ុណ្ណោះ ដែលបានឆ្លងវីរុស និងពុំមានអ្នកណាម្នាក់ត្រូវចូលពេទ្យនោះឡើយ ក្រោយការចាក់វ៉ាក់សាំង ចន្លោះពី 1 ដល់ 3 ខែ។
សាស្ត្រាចារ្យមួយរូប មកពីមហាវិទ្យាល័យជីវវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យហុងកុង យល់ថា ប្រសិទ្ធភាពរបស់ Sinovac ប្រាកដជានឹងថយចុះនៅចំពោះមុខវីរុសបំប្លែងខ្លួន Delta ប៉ុន្តែ ថយចុះប៉ុន្មានភាគរយ គេមិនទាន់ដឹងច្បាស់នៅឡើយ។ លោកយល់ថា ត្រូវការកែសម្អប្រសិទ្ធភាព និងសាកល្បងចាក់ម្ជុលទីបី សម្រាប់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ ឬចាក់លាយជាមួយវ៉ាក់សាំងដទៃ។
ចំណែក Yin Weidong ដែលជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Sinovac បាននិយាយថា លទ្ធផលនៃការពិសោធលើមនុស្ស បង្ហាញថា អ្នកដែលបានចាក់វ៉ាក់សាំងដូសទីបី បន្ទាប់ពីបានចាក់ដូសទីពីរបានពី 3 ដល់ 6 ខែ មានអង្គបដិប្រាណកើនឡើងច្រើនជាងមុន 10 ដង ដោយប្រើពេលត្រឹមតែ 10 ថ្ងៃ ក្រោយពីបានចាក់៕
ប្រភព៖ SCMP
ប្រែសម្រួល៖ បុត្រា