ស្ដេច​បាល់ទាត់ Pele ទទួលមរណភាព​ហើយ!

ស្ដេចបាល់ទាត់ លោក Pele

(ប្រេ​ស៊ី​ល)- និមិត្តរូប​បាល់ទាត់​របស់ ប្រេ​ស៊ី​ល Pele ដែល​ជួយ​ឱ្យ​ប្រទេស​នេះ​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក World Cup ចំនួន 3 លើក និង​ត្រូវបាន​ចាត់ទុកថា​ជា​កីឡាករ​អស្ចារ្យ​បំផុត​គ្រប់​សម័យកាល បានទទួល​មរណភាព​កាលពី​ថ្ងៃទី 29 ធ្នូ ក្នុង​វ័យ 82 ឆ្នាំ។

Kely Nascimento កូនស្រី​របស់លោក Pele បានបញ្ជាក់​នៅលើ Instagram ថា លោក Pele បានទទួល​មរណភាព​ក្រោយពី​ការ​សម្រាក​ព្យាបាល​មួយរយៈ​ពេល​នៅ​មន្ទីរពេទ្យ Albert Einstein ក្នុង​ទីក្រុង Sao Paulo ប្រទេស​ប្រេ​ស៊ី​ល ដោយសារ​ជំងឺមហារីក​ពោះវៀន ខ្សោយតម្រងនោម និង​បេះដូង។

មន្ទីរពេទ្យ Albert Einstein ក៏បាន​ឱ្យដឹងថា លោក Pele បានទទួល​មរណភាព​ដោយសារ «ខ្សោយ​គ្រឿងក្នុង» ក្រោយ​ការព្យាបាល​ជំងឺមហារីក​មួយរយៈ​ពេល​យូរ។

កំពូល​តារាបាល់ទាត់​នាបច្ចុប្បន្ន ក្នុងនោះ​មានដូចជា Messi, Neymar, Kylian Mbappe ឬ​អតីត​កីឡាករ Franz Beckenbauer និង​ប្រធានាធិបតី​ជាប់ឆ្នោត​របស់ ប្រេ​ស៊ី​ល Luiz Inacio Lula da Silva ជាដើម សុទ្ធតែ​បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ នៅលើ​បណ្ដាញ​សង្គម។

លោក Pele កើត​ឆ្នាំ 1940 នៅក្នុង​ទីក្រុង Tres Coracoes ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ប្រេ​ស៊ី​ល និង​ត្រូវបាន​ដាក់ឈ្មោះ​ឱ្យ​ថា Edson Arantes do Nascimento។ លោក​ធ្លាប់​ជា​អ្នកលក់​សណ្ដែកដី​តាម​ដងផ្លូវ​ដើម្បី​ជួយ​សម្រាលទុក្ខ​របស់​គ្រួសារ។ លោក​ត្រូវបាន​គេ​ដាក់​រហ័ស​នាម​ថា Pele ដោយសារ​បញ្ចេញ​សំឡេង​ខុសពី​ពាក្យ Bile ដែលជា​ឈ្មោះ​របស់​អ្នកចាំទី​នៅ Vasco de Sao Lourenco ជាទី​ដែល​ឪពុក​របស់លោក​ធ្លាក់​ប្រកួត។

លោក Pele មាន​ភាព​លេចធ្លោ​តាំងពី​អាយុ 15 ឆ្នាំ នៅពេល​គាត់​បាន​ទៅ​ប្រកួត​លក្ខណៈ​ផ្លូវការ​ជាមួយ​ក្លឹប Santos។ លោក និង​ក្លឹប​នេះ​ដណ្ដើមបាន​ពានរង្វាន់​ជាច្រើន រួមទាំង​ពានរង្វាន់​អន្តរទ្វីប​កាលពី​ឆ្នាំ 196-1963។

លោក Pele បង្កើតបាន​ឯតទគ្គ​កម្ម​គ្រប់​សម័យ​កាល ដោយ​រកបាន 1,281 គ្រាប់​ក្នុង 1,363 ប្រកួត ឱ្យ​ក្លឹប Santos (1956-1974), ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល និង New York Cosmos (1975-1977)។

លោក Pele បាន​ឡើងដល់​ចំណុចកំពូល​នៃ​ភាព​អស្ចារ្យ​នៅ World Cup 1970 នៅ ម៉ិ​ក​ស៊ិ​ក ជាទី​ដែល​លោក​​រួមចំណែក​នៅក្នុង​ក្រុម​ដែល​មនុស្ស​ជាច្រើន​ចាត់ទុកថា​ជា​ក្រុម​អស្ចារ្យ​បំផុត​គ្រប់​សម័យកាល ដោយមាន​កំពូល​ថ្វី​ជើង​ជាច្រើន​រូប​ មានដូចជា Rivellino, Tostao និង Jaizinho ជាដើម

លោក Pele ធ្លាប់​កាន់តំណែង​រដ្ឋមន្ត្រីក្រសួង​កីឡា របស់ ប្រទេស​ប្រេ​ស៊ី​ល ពី​ឆ្នាំ 1995 ដល់ 1998។ Pele ក៏ត្រូវ​បាន​គេ​មើលឃើញថា មាន​ភាពស្និទ្ធស្នាល​ជាមួយនឹង រដ្ឋាភិបាល​ប្រេ​ស៊ី​ល ផងដែរ។

កាលពី​ខែកញ្ញា 2021 លោក Pele ត្រូវ​វះកាត់​ដុំ​សាច់​ក្នុង​ពោះវៀន ហើយ​មកដល់​ខែវិច្ឆិកា 2022 លោក​បាន​ចូល​ពេទ្យ​ដើម្បី​វាយតម្លៃ​ឡើងវិញ​អំពី​វិធី​ព្យាបាល ប៉ុន្តែ​ស្ថានភាព​កាន់តែ​អាក្រក់ទៅៗ។

បើ​ទោះ​ស្ថិតនៅលើ​គ្រែពេទ្យ ប៉ុន្តែ​លោក Pele តែង​រក្សា​ស្មារតី​ជឿជាក់។ លោក​បង្ហោះ​សារ​ជា​ញឹកញាប់​នៅលើ​បណ្ដាញ​សង្គម​ ក្នុងពេល World Cup 2022 កំពុង​ប្រព្រឹត្តទៅ​នៅ កាតា។ លោក Pele ក៏​ធ្លាប់​បង្ហោះ​សារ​ជូនពរ ប្រធាន​ក្រុម Messi ផងដែរ នៅពេល អា​ហ្ស​ង់​ទីន ដណ្ដើមបាន​ពានរង្វាន់​ជើងឯក៕

Advertisement