បារាំង ពង្រាយ​ប៉ូលិស​រាប់ម៉ឺន​នាក់​ដើម្បី​ធានា​សន្តិសុខសម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup

អ្នកគាំទ្របាល់ទាត់ ជួបជុំគ្នានៅតំបន់អ្នកគាំទ្រ បន្ទាប់ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង បារាំង និង ក្រូអាត នៅ World Cup រុស្ស៊ី 2018

អាជ្ញាធរ​បារាំង បានប្រកាសថា ប៉ូលិស​ប្រហែល 14,000 នាក់ នឹងធ្វើ​សកម្មភាព​នៅ​ទូទាំងប្រទេស​ដើម្បី​ធានា​សន្តិសុខ​នៅក្នុង​ថ្ងៃ​ប្រកួត​បាល់ទាត់​ពិភពលោក ​វគ្គ​ផ្ដាច់ព្រ័ត្រ។

យោងតាម​ផែនការ​ដែល​ត្រូវបាន​លើកឡើង​នៅ​ចំពោះមុខ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បារាំង Gerald Darmanin កាលពី​ថ្ងៃទី 16 ធ្នូ កងកម្លាំង​នេះ​នឹងចូលរួម​រក្សា​សន្តិសុខ​នៅ រដ្ឋធានី​បារី​ស ជាទី​ដែល​ត្រូវបាន​ព្យាករ​ថា នឹងមាន​ការជួបជុំ​មនុស្សម្នា​ទ្រង់ទ្រាយ​ធំ ក្នុងករណី បារាំង ដណ្ដើមបាន​ជ័យជម្នះ។

មហាវិថី Champs-Elysees គឺជា​កន្លែង​ដែល​ធ្លាប់មាន​ព្រឹត្តិការណ៍​អបអរធំៗនៅក្នុង​ពេលដែល បារាំង ដណ្ដើមបាន​ជើងឯក World Cup នៅក្នុង​ឆ្នាំ 1998 និង 2018។ មនុស្ស​ប្រហែល 600,000 នាក់ បាន​ប្រមូល​ផ្ដុំគ្នា​នៅទីនេះ ដើម្បី​ចូលរួម​អបអរសាទរ​កាលពី 4 ឆ្នាំមុន។ មហាវិថី​នេះ​នឹង​ហាម​យានជំនិះ​នៅ​ថ្ងៃទី 18 ធ្នូ ហើយ​កម្លាំង​សមត្ថកិច្ច 2,750 នាក់ នឹង​យាមល្បាតនៅក្បែរៗនោះ។

កម្លាំង​ប៉ូលិស​បារាំង កំពុង​បំពេញ​ភារកិច្ច​

កាលពី​ថ្ងៃទី 14 ធ្នូ មនុស្ស​ប្រហែល 40 នាក់​ត្រូវបាន​ប៉ូលិស​បារាំង​ចាប់ខ្លួន នៅពេល​ព្យាយាម​ចូលរួម​​ជាមួយនឹង​ក្រុម​មនុស្ស​ដែល​កំពុង​ជប់លៀង​ជ័យជម្នះ ក្រោយពី ក្រុម​ជម្រើសជាតិ​បារាំង បាន​យកឈ្នះ​លើ ម៉ា​រ៉ុ​ក ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ «ពួកគេ​ទៅ​ចូលរួម​ដើម្បី​បង្កហេតុ» នេះ​បើតាម​រដ្ឋមន្ត្រី Darmanin និយាយ​អំពី​ក្រុមមនុស្ស​ខាងលើ។

មុន​នោះ ក៏មាន​ការប៉ះទង្គិច​គ្នា​នៅ បារាំង បន្ទាប់ពី ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រទេស​នេះ បាន​ផ្ដួល ក្រុម​ម៉ា​រ៉ុ​ក នៅក្នុង​វគ្គ 1/8។ សមត្ថកិច្ច​បារាំង បាន​បាញ់​ផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​រំសាយ​ក្រុមមនុស្ស៕

Advertisement