បើទោះជាក្រុមបាល់ទាត់ជម្រើសជាតិមិនបានចូលរួមទាត់នៅ World Cup 2022 ប៉ុន្តែ ឥណ្ឌូណេស៊ី នៅតែធ្វើឱ្យគេចាប់អារម្មណ៍នៅពេលផលិតបាល់ Al Rihla (ដែលជាបាល់ផ្លូវការសម្រាប់ការប្រកួតនៅ World Cup 2022) ចំនួន 1 លានគ្រាប់សម្រាប់ជាអនុស្សាវរីយ៍។
កំណែចម្លងជាអនុស្សាវរីយ៍របស់បាល់ Al Rihla កំពុងតែត្រូវបានផលិតដោយក្រុមហ៊ុន PT Global Way នៅ Madiun ខេត្តជ្វាខាងកើត នៃ ប្រទេសឥណ្ឌូណេស៊ី។
ខេត្តខាងលើគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលរួមចំណែកជាង 15% ទៅក្នុង GDP របស់ ឥណ្ឌូណេស៊ី ដោយមានភាពល្បីល្បាញក្នុងវិស័យឧស្សាហកម្មធុនធ្ងន់ដូចជា ការសាងសង់កប៉ាល់ ផលិតស៊ីម៉ង់ និងក្រដាស់ជាដើម។ល។
កាលពីឆ្នាំ 2019 PT Global Way បានចាប់ផ្ដើមបើករោងចក្រផលិតបាល់ Al Rihla នៅ ខេត្តជ្វាខាងកើត និងរើសកម្មករ 2,000 នាក់។ គម្រោងនេះបានរួមចំណែកជួយឱ្យកំណើនសេដ្ឋកិច្ចក្នុងតំបន់កើនឡើង 3.34% ក្នុងដំណាក់កាល 2020-2021 នេះបើតាម Ahmad Dawami ដែលជាមន្ត្រីមួយរូបនៅ Madiun។
Dawami ឱ្យដឹងថា បាល់អនុស្សាវរីយ៍ប្រហែល 1 លានគ្រាប់ត្រូវបានរោងចក្ររបស់ PT Global Way ផលិត និងនាំចេញទៅកាន់ ប្រេស៊ីល, សហរដ្ឋអាម៉េរិក, អាល្លឺម៉ង់, អារ៉ាប់រួម ក្នុងព្រឹត្តិការណ៍ World Cup 2022 នៅ ប្រទេសកាតា។
រោងចក្រនេះបានផ្ដល់ការងាររាប់ពាន់កន្លែងសម្រាប់កម្មករវ័យក្មេង នៅពេលសេដ្ឋកិច្ចរបស់ ឥណ្ឌូណេស៊ី ក៏ដូចជាពិភពលោក កំពុងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតសកល និងសង្គ្រាមនៅ អ៊ុយក្រែន។
គ្រាប់បាល់ Al Rihla ដែលមានន័យថា «ការធ្វើដំណើរ» នៅក្នុងភាសាអារ៉ាប់ គឺជាសមិទ្ធផលបច្ចេកវិទ្យារបស់ Adidas។ ក្រុមហ៊ុនអាល្លឺម៉ង់នេះ បានផ្គត់ផ្គង់បាល់សម្រាប់ World Cup ចាប់តាំងពីឆ្នាំ 1970។ Al Rihla គឺជាបាល់ផ្លូវការទី 14 របស់ World Cup៕