​កីឡដ្ឋាន​ទាំង 8 សម្រាប់ World Cup 2022 នៅ ប្រទេស​កាតា

ដើម្បី​បម្រើ​ដល់​ការប្រកួត 64 ប្រកួត ក្នុង​ក្របខណ្ឌ World Cup 2022 ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី 20 វិច្ឆិកា​ដល់ 18 ធ្នូ 2022 ប្រទេស​កាតា ប្រើប្រាស់​កីឡដ្ឋាន​ចំនួន 8 ដែល​ក្នុងនោះ​កីឡដ្ឋាននីមួយៗមាន​រចនាបថ​ពិសេស​ដាច់ដោយឡែក។

ទី 1 ៖ ក្នុងចំណោម​កីឡដ្ឋាន​ទាំង 8 ខាងលើ កីឡដ្ឋាន Lusail ក្នុង​ទីក្រុង Lusail ប្រទេស​កាតា អាចដាក់​មនុស្ស​បានរហូត​ដល់ 80,000 នាក់។ នេះ​គឺជា​កីឡដ្ឋាន​ធំជាងគេ​បង្អស់​ក្នុង​រដូវ​កាល World Cup 2022 ជាទី​ដែល​នឹង​មាន​​​ការប្រកួត​ផ្ដាច់ព្រ័ត្រ។

កីឡដ្ឋាន Lusail

កីឡដ្ឋាន Lusail ដែល​ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន Foster + Partners និង​ក្រុមហ៊ុន Populous នេះ គឺ​យក​លំនាំ​តាម​ពន្លឺ និង​ស្រមោល​របស់​គោម។ ផ្នែក​ខាងមុខ​របស់​កីឡដ្ឋាន​រួមមាន​បន្ទះ​ក្ដោប​រាង​ត្រីកោណ និង​គ្រោង​ដែកថែប រួម​នឹង​រូបភាព​លំអ​ដែល​ត្រាប់​តាមរចនា​បថ​នៃ​​រូបភាព​នៅលើ​ចាន​ក្នុង​តំបន់។

កៅអី​របស់​កីឡដ្ឋាន Lusail ត្រូវបាន​បែងចែក​ជា 3 ថ្នាក់។ ដំបូល​ដែល​ធ្វើ​អំពី PTFE អនុញ្ញាតឱ្យ​ពន្លឺ​ចាំង​ចំ​ស្មៅ​ដើម្បីឱ្យ​វា​លូតលាស់​បានល្អ ទន្ទឹមនឹងនេះ ក៏​អា​ច​រារាំង​ខ្យល់​ក្ដៅ និង​ធូលី​ពី​ខាងក្រៅ និង​ផ្ដល់​ម្លប់ ជួយ​កាត់បន្ថយ​សម្ពាធ​ដែល​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ត្រូវ​រាប់​រង។

ក្រោយ​រដូវ​កាល World Cup 2022 កីឡាដ្ឋាន Lusail នឹងត្រូវ​បាន​ប្ដូរ​ទៅជា​មជ្ឈមណ្ឌល​មួយ​ដែលមាន​អគារ​ស្នាក់នៅ​តម្លៃ​ទាប ហាង​ទំនិញ ភោជនីយដ្ឋាន បន្ទប់​ពិគ្រោះ​ជំងឺ និង​សាលារៀន។

ទី 2 ៖ World Cup 2022 ត្រូវបាន​សម្ពោធ​បើក​ការប្រកួត​កាលពី​ថ្ងៃទី 20 វិច្ឆិកា​នៅ​កីឡដ្ឋាន Al Bayt។ កីឡដ្ឋាន​ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​កាលពី​ឆ្នាំ 2021 នេះ គឺជា​ស្ថាបត្យកម្ម​ដែល​រចនា​ដោយ​ក្រុមហ៊ុន Dar Al-Handasah។ នេះ​គឺជា​កន្លែង​មួយ​ក្នុងចំណោម​កីឡដ្ឋាន​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ក្រោយ​ការប្រកួត World Cup កីឡដ្ឋាន​ដែល​ដាក់​មនុ​ស្សបាន 60,000 នាក់​នេះ នឹងត្រូវ​បាន​បន្ថយ​ម​ក​នៅត្រឹម 40,000 កៅអី។

កីឡដ្ឋាន Al Bayt

ទី 3 ៖ កីឡដ្ឋាន Ahmad Bin Ali នៅ Umm Al Afaei ផ្ទុក​មនុស្ស​បាន 40,000 នាក់។ ក្រោយ World Cup កៅអី​ចំនួន 20,000 របស់​កីឡដ្ឋាន​នេះ​នឹង​ត្រូវបាន​រើចេញ និង​ប្រើប្រាស់​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ដទៃទៀត។ កីឡដ្ឋាន Ahmad Bin Ali នឹង​ក្លាយជា​កន្លែង​ស្នាក់នៅ​របស់​កីឡាករ​ក្នុងប្រទេស។ កីឡដ្ឋាន​នេះ​ត្រូវបាន​រចនា​ដោយ​ក្រុមហ៊ុន Ramboll and Pattern Design។

កីឡដ្ឋាន Ahmad Bin Ali

ទី 4 ៖ កីឡដ្ឋាន Al Janoub នៅ Al Wakrah អាចដាក់​មនុស្ស​បាន 40,000 នាក់។ កីឡដ្ឋាន​នេះ​នឹង​ត្រូវ​ក្រុមបាល់ទាត់​ក្នុងស្រុក​ប្រើប្រាស់ និង​កាត់បន្ថយ​កន្លែង​អង្គុយ​មក​នៅត្រឹម 20,000 កន្លែង ក្រោយពី World Cup 2022 បានបញ្ចប់។ AECOM និង Zaha Hadid Architects គឺជា​ក្រុម​ដែល​បាន​រចនា​កីឡដ្ឋាន​នេះ។

កីឡដ្ឋាន Al Janoub

ទី 5 ៖ កីឡដ្ឋាន Al Thumama នៅ Al Thumama អាចដាក់​មនុស្ស​បាន 40,000 នាក់។ កីឡដ្ឋាន​ដែល​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ 2021 នេះ ត្រូវបាន​រចនា​ឡើង​ដោយ​ស្ថាបត្យករ Ibrahim M. Jaidah។ ក្រោយ World Cup 2022 កៅអី 20,000 នឹងត្រូវ​យកចេញ ខណៈដែល​សណ្ឋាគារ​លំដាប់​ខ្ពស់​មួយ​នឹង​ត្រូវបាន​បង្កើតឡើង​នៅ​ជាន់​ខាងលើ។

កីឡដ្ឋាន Al Thumama

ទី 6 ៖ កីឡដ្ឋាន Education City នៅ​តំបន់ Al Rayyan អាចដាក់​មនុស្ស​បាន 40,000 នាក់។ កីឡដ្ឋាន​ដែល​ត្រូវបាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុន Fenwick-Iribarren Architects និង Pattern Desing នេះ ត្រូវបាន​បើក​ដំណើរការ​កាលពី​ឆ្នាំ 2020។ ក្រោយ World Cup កៅអី 20,000 នឹងត្រូវ​បាន​រើចេញ ហើយ Education City នឹង​ក្លាយជា​កីឡដ្ឋាន​សម្រាប់​សាធារណៈ ខណៈ​ជាន់​លើ​គេ​នឹង​ក្លាយជា​សាលា​សម្រាប់​សាកលវិទ្យាល័យ​នៅក្បែរនោះ។

កីឡដ្ឋាន Education City

ទី 7 ៖ កីឡដ្ឋាន​អន្តរជាតិ Khalifa នៅ Aspire អាចដាក់​មនុស្ស​បាន 40,000 នាក់។ នេះ​គឺជា​កីឡដ្ឋាន​តែមួយគត់​ដែល​ត្រូវបាន​កែលំអ មិនមែនជា​ការសាងសង់​ថ្មី។ កីឡដ្ឋាននេះ​​សាងសង់​កាលពី​ឆ្នាំ 1976 និង​ជួសជុល កែលំអ​ឡើងវិញ​កាលពី​ឆ្នាំ 2017 ដោយ​ក្រុមហ៊ុន Dar Al-Handasah។

កីឡដ្ឋាន​អន្តរជាតិ Khalifa

ទី 8 ៖ កីឡដ្ឋាន 974 នៅ Ras Abu Aboud អាចដាក់​មនុស្ស​បាន 40,000 នាក់ និង​ត្រូវបាន​សាងសង់​ទាំងស្រុង​ពី​កុងតឺន័រ​ចំនួន 974 រួម​នឹង​ដែកថែប​ប្រភេទ​ម៉័​រ​ឌុល។ នេះ​គឺជា​កីឡដ្ឋាន World Cup ដំបូង​គេ​លើ​ពិភពលោក​ដែល​អាច​ដំឡើង​ និង​ដោះចេញ​បាន​ក្រោយពី​ការប្រកួត។ កីឡដ្ឋាន​ដែល​រចនា​ឡើង​ដោយ​ក្រុមហ៊ុន Fenwick-Iribarren Architects នេះ ត្រូវបាន​សម្ពោធ​កាលពី​ឆ្នាំ 2021។

កីឡដ្ឋាន 974
Advertisement