ធនាគារ CIMB ឧបត្ថម្ភ​គ្រឿង​បរិក្ខារ​ពេទ្យ​មួយចំនួន ដល់​មន្ទីរពេទ្យបង្អែក​បាទី

រាជធានី​ភ្នំពេញ៖ កាលពី​ថ្ងៃទី២២ ខែធ្នូ​កន្លងទៅនេះ គណៈ​គ្រប់គ្រង និង​បុគ្គលិក​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) បានធ្វើ​ដំណើរ​ទៅកាន់​មន្ទីរពេទ្យបង្អែក​បាទី ក្នុង​ខេត្តតាកែវ ដោយបាន​ប្រគល់ជូន​គ្រឿង​បរិក្ខារ​ពេទ្យ​ជាច្រើន សម្រាប់​សម្រួល​ដល់​ការ​សម្រាល​ទារក រួមមាន​អេកូ​ស្ទង់​ចង្វាក់បេះដូង​ទារក​ក្នុង​ផ្ទៃ​ម្តាយ ឧបករណ៍​វាស់​ចង្វាក់បេះដូង​ទារក និង​អ្នកជំងឺ គ្រែ​សម្រាប់​សម្រាលកូន គ្រែ​សម្រាក​សម្រាប់​អ្នកជំងឺ គ្រែ​សម្រាប់​អ្នកជំងឺ​សង្គ្រោះបន្ទាន់ កៅអី​រុញ និង​តុ​សម្រាប់​ដាក់​សម្ភារៈ​ពេទ្យ​ជាដើម។ សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​របស់​ធនាគារ CIMB លើក​នេះ គឺ​ផ្តោត​សំខាន់​លើ​ផ្នែក​សម្ភព​នៅតាម​ជនបទ ក្រោម​ពាក្យស្លោក «ធនាគារ CIMB យកចិត្តទុកដាក់​លើ​សុខភាព​មាតា និង​កុមារ»។

លោក​ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ CIMB បាន​ថ្លែង​ក្នុង​កម្មវិធី​សប្បុរសធម៌​នេះ​ថា៖ «ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី បាន​ប្រកាន់​លើ​គោលការណ៍​ឲ្យ​ត្រលប់​ជូនទៅ​សហគមន៍​មួយចំណែក ពី​ប្រាក់ចំណេញ​របស់​ធនាគា​រ ពី​ការធ្វើ​អាជីវកម្ម​ក្នុង​តំបន់​នោះ។ ស្របតាម​ការប្តេជ្ញាចិត្ត​របស់​ធនាគារ ដែល​តែងតែបាន​រួមចំណែក​ជួយ​ត្រឡប់ ដល់​សហគមន៍​នានា ក្នុងប្រទេស​កម្ពុជា ជា​រៀងរាល់ឆ្នាំ។ សម្រាប់​ឆ្នាំនេះ ធនាគារ​បាន​ជ្រើស​យក​គម្រោង​លើកកម្ពស់​សុខភាព​មាតា និង​កុមារ គឺ​ដើម្បី​ចូលរួម​ចែករំលែក និង​លើកស្ទួយ​ដល់​សុខមាលភាព​របស់​ប្រជាជន និង​និរន្ត​ភាព​របស់​ប្រទេស​កម្ពុជា តាមរយៈ​ការ​ផ្តល់នូវ​ជំនួយ​ជា​ធនធាន សម្រាប់​ការថែទាំ​សុខភាព ជាពិសេស​ការថែទាំ​ស្ត្រី​ឆ្លងទន្លេ ទារក និង​បងប្អូន​ប្រជាពលរដ្ឋ កំពុង​រស់នៅក្នុង​ភាពក្រីក្រ ដែល​ពុំមាន​លទ្ធភាព​ទទួលបាន​សេវា​សុខភាព​ពេញលេញ»។

មិនតែប៉ុណ្ណោះ លោក​ប៊ុន យីន បានបញ្ជាក់​ផងដែរ​ថា ការ​សម្រាល​ទារក​របស់​ម្តាយ ប្រកបដោយ​ភាពជោគជ័យ និង​មាន​សុវត្ថិភាព គឺជា​សុភមង្គល​ពិតប្រាកដ​របស់​គ្រួសារនីមួយ។ ហើយ​បើ​អ្នក​ម្តាយ​គ្រប់រូប​ពុំ​ទទួលបាន​សេវា​សុខ​ភាពល្អ​គ្រប់គ្រាន់​ទេនោះ ទារក និង​កុមារ​ទាំងឡាយ​ក៏​នឹងមាន​សុខភាព​ទន់ខ្សោយ ទៅតាម​នោះដែរ។ ហេតុ​ដូច្នេះហើយ ធនាគារ CIMB ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ ក្នុងការ​រួមចំណែក​យកចិត្តទុកដាក់ ដល់​សុវត្ថិភាព និង​សុខភាព​មាតា និង​ទារក នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅ​មន្ទីរពេទ្យបង្អែក​បាទី ខេត្តតាកែវ​នេះ​តែម្តង។ ហើយ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់ ធនាគារ CIMB នឹងមាន​ផែនការ​លើកកម្ពស់​សកម្ម​ភាព​ទំនួល​ខុសត្រូវ​សង្គម នៅតាម​សហគមន៍​នានា ឲ្យ​ទទួលបាន​នូវ​អត្ថប្រយោជន៍​យូរអង្វែង ជា​បន្តបន្ទាប់។

ថ្លែង​ក្នុង​ពិធី​ប្រគល់​គ្រឿង​បរិក្ខារ​ពេទ្យ​របស់​ធនាគារ CIMB លោក​វេជ្ជបណ្ឌិត សៅ ចាន់ថា ប្រធាន​មន្ទីរពេទ្យបង្អែក​បាទី បាន​មានប្រសាសន៍ថា៖ «ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​ធនាគារ CIMB ដែល​បាន​អញ្ជើញ​មក និង​ឧបត្ថម្ភ​សម្ភារៈ​ពេទ្យ​ជាច្រើន ដល់​មន្ទីរពេទ្យ​យើងខ្ញុំ។ គ្រឿង​បរិក្ខារ​ពេទ្យ​ទាំងអស់នេះ គឺ​ពិតជា​ចាំបាច់​ណាស់ សម្រាប់​បង្កើន​ការផ្តល់សេវា​សុខាភិបាល និង​ជាពិសេស​ការ​សម្រាលកូន ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​យើងខ្ញុំ។ ជាក់ស្តែង​អេកូ​ស្ទង់​ចង្វាក់បេះដូង​ទារក​ក្នុង​ផ្ទៃ​ម្តាយ ដែលមាន​ភាពទំនើប​នេះ គឺ​ពិតជា​មានគុណ​ប្រយោជន៍​ខ្លាំងណាស់ សម្រាប់​គ្រូពេទ្យ​របស់​យើងខ្ញុំ​ពិនិត្យ​អ្នកជំងឺ ហើយ​មន្ទីរពេទ្យ​យើងខ្ញុំ​ទើបតែ​មានប្រើ​ជា​លើក​ទី១ផងដែរ។ ជា​ចុង​ក្រោយនេះ ខ្ញុំ​សូម​កោតសរសើរ​ដល់​ធនាគា​រ CIMB សម្រាប់​ការឧបត្ថម្ភ​ដល់​មន្ទីរពេទ្យបង្អែក​បាទី និង​សហគមន៍​ដទៃទៀត ក្នុងប្រទេស​កម្ពុជា ហើយ​ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​មាន​ក្រុមហ៊ុន និង​ស្ថាប័នឯកជន​កាន់តែ​ច្រើនឡើង ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​សហគមន៍ និង​សង្គមជាតិ»។

ធនាគារ CIMB បានចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម ក្នុងប្រទេស​កម្ពុជា នៅ​ឆ្នាំ២០១០ ហើយ​បច្ចុប្បន្ន​មាន​សាខា​ចំនួន១៣ ក្នុង​រាជធានី និង​ខេត្តសំខាន់។ ជា​ផ្នែក​មួយ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែលជា​ធនាគារ​សាកល​ឈានមុខ​គេ​មួយ ក្នុង​តំបន់​អាស៊ាន ធនាគារ CIMB  តែងតែ​រៀបចំ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ជា​រៀងរាល់ឆ្នាំ ទៅតាម​គម្រោងផ្សេងៗគ្នា និង​បានរួម​ចំណែក​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​ជាង៣លាន​នាក់ ទូទាំង​តំបន់​អាស៊ាន​ផងដែរ ក្នុង​រយៈពេល៧ឆ្នាំ​ចុង​ក្រោយនេះ។ ស្របតាម​កំណើន​លទ្ធផល​ប្រតិបត្តិការ​ប្រចាំឆ្នាំ ធនាគារ CIMB តែងតែ​ពង្រីក​សកម្មភាព​សប្បុរ​ស​ធម៌​របស់ខ្លួន ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ហើយ​សម្រាប់​ឆ្នាំ​បន្ទាប់​ទៀត ធនាគារ CIMB នឹង​ខិតខំ​បន្តសកម្មភាព​សប្បុរស​ធម៌​របស់ខ្លួន ដែលមាន​សារៈសំខាន់ និង​ចាំបាច់​បំផុត សម្រាប់​សហគមន៍​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕

Advertisement