Inthanin ចាប់ផ្តើមដំណើរការផ្តល់សិទ្ធិអាជីវកម្មក្នុងប្រទេសកម្ពុជា

សិក្ខាសាលា​ស្តីពី​ឱកាស​ក្នុង​ការផ្តល់​សិទ្ធិ​អាជីវកម្ម​របស់​ហាង​កាហ្វេ Inthanin ដែលជា​ហាង​កាហ្វេ​ពេញនិយម និង​ធំជាងគេ​លំដាប់​ទី2 ក្នុងប្រទេស​ថៃ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី23 ខែ​មិនា ឆ្នាំ2018 នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់2 ដែល​សិក្ខាសាលា​នេះ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន RCG Retail Group (Cambodia) និង​ក្រុមហ៊ុន Bangchak Retail ដោយមាន​ការចូលរួម​ពី​សំណាក់​អ្នក​ធុរកិច្ច​កម្ពុជា​ជាច្រើនរូប។

នៅក្នុង​សិក្ខាសាលា​នេះ លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន RCG Retail Group (Cambodia) និង​ជា​អ្នកលក់​បន្ត​សិទ្ធិ​អាជីវកម្ម​ម៉ាក​សញ្ញា​ហាង​កាហ្វេ​Inthanin បានធ្វើ​បទ​បង្ហាញ​ស្តីពី​នីតិវិធី​ក្នុង​ការទិញ​សិទ្ធិ​អាជីវកម្ម​ហាង​កាហ្វេ Inthanin យុទ្ធសាស្ត្រ​ក្នុង​ការលក់​ក៏ដូចជា​ទីផ្សារ និង​គុណប្រយោជន៍​ក្នុងការ​ជ្រើស​រើសយក​កាហ្វេ Inthanin សម្រាប់​ការធ្វើ​ធុរកិច្ច។

ថ្លែង​ក្នុង​សិក្ខាសាលា​នេះ លោកស្រី​បានឱ្យដឹងថា កាហ្វេ​Inthanin គឺជា​កាហ្វេ​ដែលមាន​រសជាតិ​ឆ្ងាញ់ រីឯ​តម្លៃ​ក៏​សមរម្យ​សម្រាប់​ប្រជាជន​ខ្មែរ​អាច​ទទួលយកបាន ហើយ​លើសពីនេះទៅទៀត ហាង​កាហ្វេ Inthanin ក៏​នៅមាន​បម្រើ​អាហារសម្រន់ និង​នំឆ្ងាញ់ៗអម​ជាមួយ​ផងដែរ។ ដោយឡែក​ក្នុង​ការទិញ​សិទ្ធិ​អាជីវកម្ម​ហាង​កាហ្វេ​Inthanin លោកស្រី​បាន​បន្ថែមថា អ្នក​ដែលមាន​ចំណាប់អារម្មណ៍ គឺ​ត្រូវបំពេញ​ទម្រង់​បែបបទ​សិទ្ធិ​អាជីវកម្ម​ដែល​បាន​ផ្ដល់ជូន​ដោយ​ក្រុមហ៊ុន RCG Retail Group (Cambodia) ហើយ​ជាពិសេស​ត្រូវ​បញ្ជាក់​ពី​ទីតាំង​អាជីវកម្ម ព្រោះថា ការលក់ និង​ចែកចាយ​នឹងធ្វើ​ឡើងទៅ​តាម​ខណ្ឌ និង​តំបន់នីមួយៗដើម្បី​ចៀសវាង​ការប្រកួតប្រជែង​រវាង​Brand ដូចគ្នា។

គួរ​បញ្ចាក់​ផងដែរ​ថា ហាង​កាហ្វេ​Inthanin ជា​ហាង​កាហ្វេ​ក្នុង​ក្រុម​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​បាង​ចាក​ដ៏​ល្បីល្បាញ​ក្នុងប្រទេស​ថៃ​អស់​រយៈពេល 10ឆ្នាំ និង​មាន 500សាខា ដែល​បច្ចុប្បន្ន​ហាង​កាហ្វេ​នេះ​មាន​គម្រោង​ពង្រីក​សាខា​របស់ខ្លួន​បន្ថែមចំនួន 100ទីតាំងនៅ​ក្នុងប្រទេស​ក​ម្ពុ​ជា និង​ឡាវ។ រីឯ​ការទិញ​សិទ្ធិ​អាជីវកម្ម​ហាង​កាហ្វេ​Inthanin នេះ គឺមាន​តម្លៃ 1,2500 ដុល្លា​សហរដ្ឋអាមេរិក​សម្រាប់​អ្នក​ចុះឈ្មោះ​ក្នុង​ថ្ងៃ​សិក្ខាសាលា​នេះ ដែល​ក្នុងនោះ​មាន​រួមបញ្ចូល​ទាំង​សេវា​រៀបចំ និង​ការ​រចនា​តុបតែង​ហាង ព្រមទាំង​ការ​បង្វឹក​ហាត់​បុគ្គលិក​ទៀតផង៕

Advertisement