អគារ​បណ្ណាល័យ​របស់​ប្រា​សាក់​បង្ហាញខ្លួន​នៅ​សាលា​ត្បូង​ដំរី

ខេត្តកណ្ដាល៖ អគារ​បណ្ណាល័យ​ដ៏​ថ្មី​សន្លាង​មួយ​ខ្នង​ផ្ដល់​មូលនិធិ​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដែល​ឈរ​យ៉ាងខ្ពស់​សង្ហា​ក្នុង​បរិវេណ​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ ត្បូង​ដំរី ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្ដាល ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2018 ។

ពិធី​សម្ពោធ​សមិទ្ធផល​ដ៏​មាន​សារៈសំខាន់​សម្រាប់​វិស័យ​អប់រំ​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម ឈឹម សារ៉េត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លទ្ធកម្ម​សាធារណៈ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពស់​ខ្ពស់​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ, ឯកឧត្ដម នូវ​ប៉េង ច័ន្ទ​តារា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល, លោក ឃឹម សារិន តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា, លោក ប៊ុន ផេង អភិបាល​នៃ​គណៈ​អភិបាលស្រុក​ខ្សាច់កណ្ដាល, លោកស្រី គង់ ចាន់​បុ​ស្សិ​បា អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្ដាល និង​លោក អ៊ុំ សមអឿន អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់។ ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​សិស្សានុសិស្ស យុវជន​កាយ​រឹទ្ធ លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ​មកពី​ស្ថាប័ន​មន្ទីរ​នានា​ជុំវិញ​ខេត្ត អាជ្ញា​ដែនដី និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ។

នៅក្នុង​ឱកាស​នោះ លោក ប៊ុន ផេង អភិបាល​នៃ​គណៈ​អភិបាលស្រុក​ខ្សាច់កណ្ដាល បាន​រាយការណ៍​ពី​ការរីកចម្រើន​នៃ​វិស័យ​អប់រំ​នៅក្នុង​ស្រុក​ខ្សាច់កណ្ដាល ជាពិសេស​លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រា​សាក់ ដែល​បានផ្ដល់​មូលនិធិ​សាងសង់​អគារ​បណ្ណាល័យ​ចំនួន 2 នៅក្នុង​ទឹកដី​ស្រុក​ខ្សាច់កណ្ដាល ដែលជា​នេះ​កាយវិការ​ដ៏​ល្អ​ប្រពៃ​ក្នុងការ​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅក្នុង​ស្រុក​ក៏ដូចជា​ខេត្តកណ្ដាល​ទាំងមូល។

លោក ឃឹម សារិន អនុប្រធាននាយកដ្ឋាន​អភិវឌ្ឍ​កម្មសិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា តាងនាម​ឱ្យ​ក្រសួង​អប់រំ លោក​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ដែល​កន្លងមក បានធ្វើ​ការសហកា​រយ៉ា​ង​ល្អ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​សាងសង់​អគារ​បណ្ណាល័យ បំពាក់​ធនធាន​សម្ភារ​បរិក្ខារ គ្រឿងសង្ហារិម ឯកសារ និង​ការបណ្តុះ​បណ្តុះ​បណ្ណារក្ស ដល់​សាលារៀន​ជាច្រើន។ លើសពីនេះ​ទៀត ប្រា​សាក់​បាន​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ថវិកា​សម្រាប់​សកម្មភាព​ជំរុញ​ការអាន តាមរយៈ «ទិវា​ជាតិ​អំ​ណាន» ជាច្រើន​ឆ្នាំ​មកហើយ។ លោក​ក៏បាន​បន្ថែមទៀតថា ប្រា​សាក់ គឺ​គ្រឹះស្ថាន​ឯកជន​គំរូ​មួយ​ដែល​បានរួម​ចំណែក​ក្នុង​វិស័យ​អប់រំ  ជំរុញ​សកម្មភាព​អំ​ណាន និង​លើកកម្ពស់​ធនធានមនុស្ស​នៅ​កម្ពុជា។

លោក អ៊ុំ សមអឿន អនុប្រធាន​នាយក​ប្រតិបត្តិ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​មានប្រសាសន៍ថា អគារ​បណ្ណាល័យ​នៅក្នុង​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ ត្បូង​ដំរី នេះ ជា​អគារ​បណ្ណាល័យ​ទី 26 ហើយ ដែល​បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ក្នុងចំណោម​អគារ​បណ្ណាល័យ​ទាំងអស់ 30 ដែល​បាន​សាង់សង​រួច​ជា​ស្ថាពរ។ លោក​បន្តថា អគារ​បណ្ណាល័យ​ពណ៌​បៃតង​ដ៏​ស្រស់ស្អាត​នេះ មាន​ទំហំ 9 ម៉ែត្រ គុណ​នឹង 12 ម៉ែត្រ សង់​ផុតពី​ផ្ទៃដី ដោយ​ចាប់ផ្តើម​ដំណើរការ​សាងសង់​កាល​ពីថ្ងៃ​ទី 11 ខែមេសា ឆ្នាំ 2018 និង​បានបញ្ចប់​ការងារ​សាងសង់​ទាំងស្រុង​កាលពី​ថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2018 កន្លងទៅនេះ។ ថវិកា​ចំនួន 154,159,080 រៀល ឬ​សមមូល​នឹង 38,540 ដុល្លារ​អាមេរិក ត្រូវយក​មកប្រើប្រាស់​ជាដំណាក់កាលៗ សម្រាប់​ចំណាយ​លើ​ការអនុវត្ត​ការងារសំខាន់ៗក្នុង​គ​ម្រា​ង​អភិវឌ្ឍន៍​បណ្ណាល័យ​នេះ រួមមាន៖ ការសាងសង់ ការបំពាក់​សម្ភារ​និង​ឯកសារ ការបណ្តុះបណ្តាល​បណ្ណារក្ស និង​ការគាំទ្រ​គម្រោង​រយៈពេល ៣ ឆ្នាំ។

លោក អ៊ុំ សមអឿន បានបញ្ជាក់​ទៀតថា ក្រុមប្រឹក្សាភិបាល​របស់​ប្រា​សាក់ បានសម្រេច​ផ្ដល់​ថវិកា​សម្រាប់​ការកសាង​អគារ​បណ្ណាល័យ​នេះ ក្នុង​កាយវិការ​តបស្នង​និង​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ដែល​បាន​ប្រើប្រាស់​សេវាកម្ម​របស់​ប្រា​សាក់។ លោក​ក៏បាន​សំណូមពរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​សូម​បន្ត​ការគាំទ្រ​ប្រា​សាក់​ជា​បន្តទៀត ដើម្បី​ប្រា​សាក់​មានលទ្ធភាព​ពង្រីក​សកម្មភាព​សង្គម​ឱ្យបាន​ច្រើន​ថែមទៀត។

មានមតិ​ចំណាប់អារម្មណ៍​នៅក្នុង​កម្មវិធី​សម្ពោធ​នេះ ឯកឧត្ដម ឈឹម សារ៉េត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​លទ្ធកម្ម​សាធារណៈ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​សម្ដែង​នូវ​ក្ដី​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រា​សាក់ ដែល​បានផ្ដល់​មូលនិធិ​កសាង​បណ្ណាល័យ​នេះ និង​បាន​អរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​សហការ​គាំទ្រ​ឱ្យ​គម្រោង​នេះ​លេច​ជា​រូបរាង​ឡើង។ ការផ្ដល់​ជា​អគារ​បណ្ណាល័យ​នេះ គឺ​ឆ្លើយតប​ចំ​ទិសដៅ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែល​កំណត់ថា ការអភិវឌ្ឍ​ធនធានមនុស្ស ត្រូវបាន​ចាត់ទុកជា​អាទិ​ភាព។ ឯកឧត្ដម​បន្តថា ការសិក្សា​ស្រាវជ្រាវ និង​អំ​ណាន​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដូច្នេះ ការផ្ដល់​បណ្ណាល័យ​នេះ​គឺ​ដូចជា​ការផ្ដល់​ឱកាស​មា​ស​ឱកាស​ប្រាក់​ឱកាស​ពេជ្រ ដល់​សិស្សានុសិស្ស​ទាំងអស់ ព្រោះ​ការអាន​ច្រើន នាំមក​នូវ​ចំណេះ​ច្រើន។ ហេតុនេះ សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ ដើម្បី​ពង្រឹងសមត្ថភាព​ខ្លួន​ឱ្យបាន​ខ្ពស់​ដើម្បី​ជា​ទំពាំង​ស្នង​ឫស្សី និង​សសរទ្រូង​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ។

ជា​ចុងក្រោយ ឯកឧត្ដម​ក៏បាន​សំណូមពរ​ឱ្យ​មាតាបិតា​សិស្ស លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ចូលរួម​ថែរក្សា​បណ្ណាល័យ​នេះ​ឱ្យបាន​គង់វង្ស​ដើម្បី​អាច​ប្រើប្រាស់​បាន​ច្រើន​ជំនាន់​ទៅមុខ៕

Advertisement