ពិធី​ចុះ​អនុស្សរណៈ​យោគយល់​លើ​កិច្ចព្រមព្រាង​សហប្រតិបត្តិការ​ធុរកិច្ច រវាង​ក្រុមហ៊ុន Korean In World ក្រុមហ៊ុន CPL និង​ក្រុមហ៊ុន HBAA

ពិធី​ចុះ​អនុស្សរណៈ​យោគយល់​លើ​កិច្ចព្រមព្រាង​សហប្រតិបត្តិការ​ធុរកិច្ច រវាង​ក្រុមហ៊ុន Korean In World ក្រុមហ៊ុន CPL និង​ក្រុមហ៊ុន HBAA ដើម្បី​ផ្តល់​សេវាកម្ម​ប្រឹក្សា និង​ធ្វើ​គម្រោង​អភិវឌ្ឍន៍​អចលនវត្ថុ​នៅ​កម្ពុជា ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨ នៅ​អាគារ​ការិយាល័យ ក្រុមហ៊ុន CPL។

កម្មវិធី​នេះ មានការ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់ ឧកញ៉ា ចេង ខេង ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន CPL, លោក Jin Sun Park នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Korean In World Co., Ltd និង លោក ជា ប៊ុន​សៀង សហ​ស្ថា​និក និង នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន HBAA។

ថ្លែង​ក្នុង​ពិធី​នេះ ឧកញ៉ា ចេង ខេង ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន CPL ដែលជា​ក្រុមហ៊ុន​ចំណាស់​ជាងគេ​ក្នុង​វិស័យ​អចលវត្ថុ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ 1997 បាន​មានប្រសាសន៍ថា ការចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន​អចល​ទ្រព្យ​នៅ​ប្រទេស​កូរ៉េ  មាន​គោលបំណង់​ចង់​ពង្រីក​សេវាកម្ម​របស់ខ្លួន​ឲ្យ​ក្លាយជា  One Stop Service គឺ​ចាប់ផ្តើម​ពី​ការទិញ​ដី, ការសាងសង់, ការលក់, ក៏ដូចជា​ការគ្រប់គ្រង​គម្រោង​ជាដើម។

ឧកញ៉ា ចេង ខេង បាន​បន្ថែមថា កិច្ចសហប្រតិបត្តិការ​ធុរកិច្ច​ជាមួយ​ក្រុមហ៊ុន​កូរ៉េ ដែលមាន​ជំនាញ​យ៉ាងច្បាស់​លា​ល់​លើ​ផ្នែក​រចនា​ប្លង់​ស្ថាបត្យកម្ម​តាំងពី​ឆ្នាំ 2002 នេះ នឹង​អាចជួយ​ភិ​វឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា​អោយក្លាយ​ទៅជា Smart City ទៅ​ថ្ងៃ​ខាងមុខ។

ជាមួយគ្នានេះដែរ លោក Jin Sun Park នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Korean In World Co., Ltd ក៏បាន​លើកឡើងថា​លោក​មាន​ភាពសប្បាយ​រីករាយ​ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ក្រុមហ៊ុន​អចល​ទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ហើយ​លោក​សង្ឃឹមថា ទៅ​ថ្ងៃមុខ​នឹង​អាចធ្វើ​សកម្មភាព​រួមគ្នា​ជាច្រើន​ក្នុងការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ផងដែរ។

ក្នុងនោះ លោក ជា ប៊ុន​សៀង សហ​ស្ថា​និក និង នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន HBAA បាន​លើកឡើងថា កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ទាំង៣នេះ គឺជា​ការប្រមូល​ម្តុំ​អ្នកមាន​ចំនេះ និង​ជំនាញ​ច្បាស់លាស់​ក្នុង​វិស័យ​អចលនទ្រព្យ ដែល​លោក​សង្ឃឹមថានឹង​អាចជួយ​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​យ៉ាង​ឆាប់រហ័ស៕

Advertisement