បន្ទាប់ពីបានបើកដំណើរការសាកល្បងអស់រយៈពេលប្រមាណជាង3ខែ នៅត្រឹមព្រឹកថ្ងៃទី24 ខែមេសា ឆ្នាំ2017 ព្រឹកមិញនេះ សាលាអន្ដរជាតិ Southbridge International School Cambodia (SISC) ដែលជាសាលាផ្ដល់នូវការអប់រំជាលក្ខណៈអន្ដរជាតិលើកម្មវិធីសិក្សាពីរភាសា (Bi- lingual Programme) ព្រមទាំងផ្ដោតសំខាន់ទៅលើគុណភាពជាចម្បងនោះ ត្រូវបានបើសម្ពោធជាផ្លូវការហើយ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា , អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សា ភិបាល នៃសាលា Southbridge International School Cambodia ព្រមទាំងភ្ញៀវកិត្តិយសជាតិ -អន្តរជាតិ ជាច្រើននាក់ផងដែរ ។
មានប្រសាសន៍នៅក្នុងពិធីបើកសម្ពោធ រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងថា ការអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការអប់រំប្រកបដោយគុណភាពត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា ផ្ដល់អទិភាពយ៉ាងខ្ពស់ ហេតុដូច្នេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា គាំទ្រលើកទឹកចិត្តឱ្យសាលាអន្ដរជាតិនានាមកបើកដំណើរការនៅកម្ពុជា ដើម្បីផ្ដល់នូវសេវាអប់រំប្រកបដោយគុណភាព ស្របពេលដែលក្រសួងបាន និងកំពុងពង្រឹង និងពង្រីកគុណភាពអប់រំនៅតាមសាលារដ្ឋ។ ឯកឧត្តមបានបន្តទៀតថា ៖ «វត្តមានរបស់សាលាអន្ដរជាតិ Southbridge បានបង្ហាញឱ្យឃើញពីការអភិវឌ្ឍន៍លើវិស័យអប់រំនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ ។ ចំពោះការអនុញាតិឱ្យបង្កើតសាលា Southbridge នេះឡើង គឺដើម្បីផ្ដល់ឱកាសឱ្យផ្នែកឯកជន ចូលរួមផ្ដល់សេវាប្រកបដោយគុណភាព ហើយក្រសួងក៏មានគោលដៅក្នុងការពង្រឹងគុណភាពអប់រំនេះ ដែលវាជាឱកាសមួយសម្រាប់ឱ្យកុមារ និងមាតាបិតាកម្ពុជាបញ្ជូនកូនមករៀននៅទីនេះ ជាជាងបញ្ជូនកូនទៅរៀននៅបរទេស ហើយនេះគឺជាផ្នែកមួយក្នុងការកាត់បន្ថយចំណាយ ក៏ដូចជាផ្ដល់ឱកាសកាន់តែច្រើនឱ្យសិស្សានុសិស្សទទួលបានការអប់រំមួយប្រកបដោយគុណភាព»។
ជាមួយគ្នានេះផងដែរ លោក Raymond Yager អគ្គនាយកប្រតិបត្តិនៃសាលាអន្ដរជាតិ Southbridge ក៏បានថ្លែងផងដែរថា ៖ «យើងមានមោទនភាពយ៉ាងខ្លាំង ដែលសាលាអន្ដរជាតិ Southbridge ត្រូវបានសម្ពោធជាផ្លូវការក្នុងថ្ងៃនេះ។ សាលាអន្ដរជាតិ Southbridge ផ្ដោតលើកម្មវិធីសិក្សាដែលទទួលស្គាល់ជាលក្ខណៈអន្ដរជាតិ ដែលយើងបានទទួលអាជ្ញាប័ណ្ណពីចក្រភពអង់គ្លេស។ កម្មវិធីសិក្សានេះត្រូវបានរៀបចំឡើងដោយធានាឱ្យបាននូវការសិក្សាយ៉ាងម៉ត់ចត់ ក្នុងគោលបំណងចូលរួមអភិវឌ្ឍសិស្សានុសិស្ស ដើម្បីក្លាយទៅជាបុគ្គលដែលប្រកបដោយសម្បជញ្ញៈបុគ្គល ដែលចេះដោះស្រាយបញ្ហាបានព្រមជាមួយនឹងស្ដង់ដារនៃវិជ្ជាជីវៈ ហើយនឹងក្លាយជាអនាគតអ្នកដឹកនាំតាមជំនាញដែលពួកគេជ្រើសរើស»។
គួរបញ្ជាក់ផងថា សាលាអន្ដរជាតិ Southbridge គឺជាសាលាដែលផ្ដល់ការអប់រំលក្ខណៈអន្ដរជាតិផ្ដោតលើកម្មវិធីសិក្សាពីរភាសា (Bi- lingual Programme) ដែលអាចទទួលសិស្សរហូតដល់2500នាក់។ សាលាអន្ដរជាតិនេះ បានចាប់ផ្ដើមបើកទ្វារទទួលសិស្សតាំងពីខែមករា ឆ្នាំ2017 ចាប់ពីកម្រិតទារកដ្ឋានរហូតដល់ថ្នាក់ទី6 ដែលមានទីតាំងស្ថិតនៅអាគារលេខ567 ផ្លូវប៉ូឡារីស បុរីប៉េងហួត បឹងស្នោរ ខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវជាតិលេខ 1 រាជធានីភ្នំពេញ។ សម្រាប់ឆ្នាំសិក្សា 2017-2018 នឹងចាប់ផ្ដើមបវេសនការនៅខែមិថុនាខាងមុខនេះ ហើយនឹងបើកទទួលសិស្សរហូតដល់ថ្នាក់អនុវិទ្យាល័យ រីឯថ្នាក់វិទ្យាល័យនឹងបើកនៅឆ្នាំសិក្សាបន្ទាប់ ៕