ក្រុមហ៊ុន​ថៃ​ជំនាញ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍​ស្ដង់ដារ​អន្ដរជាតិ កំពុង​ស្វែងរក​ដៃគូ​សហការ​នៅ​កម្ពុជា

ក្រុមហ៊ុន​ទាំង 12មកពី​ប្រទេស​ថៃ ដែលមាន​ជំនាញ​រៀបចំ​កម្មវិធី និង​ព្រឹ​ត្ដិ​ការណ៍ធំៗស្ដង់ដារ​ជាតិ និង​អន្ដរជាតិ បានរៀបចំ​កម្មវិធី «ការចាប់​ដៃគូ​ពាណិជ្ជកម្ម​ផ្នែក​រៀបចំ​ព្រឹ​ត្ដិ​ការណ៍​រវាង​ពាណិជ្ជករ​កម្ពុជា និង​ថៃ» នៅ​ថ្ងៃ​ម្សិលមិញ​នេះ ដើម្បី​ពិភាក្សា​ស្វែងរក​ដៃគូ​នៅ​កម្ពុជា ក៏ដូចជា​អតិថិជន​ផងដែរ។

លោក ជី​រ៉ា​វុ​ឍ សុ​វណ្ណា​អាត អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ បាន​លើកឡើងថា អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្ដរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ​បាន​ដឹកនាំ​គណៈប្រតិភូ​ចំនួន12ក្រុមហ៊ុន​ដែលមាន​អាជីវកម្ម​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ (Event) ដើម្បី​ចូលរួម​ក្នុងការ​មក​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន​ដែលមាន​ជំនាញ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ធំៗមកពី​ប្រទេស​ថៃ​ទាំង12 ធ្លាប់មាន​បទពិសោធ​ក្នុង​ការងារ​ជំនាញ​នេះ​អស់​រយៈពេល​ជិត50ឆ្នាំ​មកហើយ ដោយ​ក្រុមហ៊ុន​ទាំងនេះ​ធ្លាប់មាន​កេ​រ្កិ៍​ឈ្មោះ និង​ទទួលបាន​ការកោតសរសើ​រ​ពី​សំណាក់​អតិថិជន​ដែលជា​ម្ចាស់​ក្រុមហ៊ុន​ជាតិ និង​អន្ដរជាតិ​ចំពោះ​ជំនាញ និង​ទេពកោសល្យ​ដ៏​ល្អ​របស់​ពួកគេ។

លោក​បន្ដថា បច្ចុប្បន្ន​អ្នករៀបចំ​ព្រឹ​ត្ដិ​ការណ៍​របស់​ប្រទេស​ថៃ​ទាំងនេះ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​បង្ហាញ​នូវ​សក្ដានុពល​ដ៏​ខ្លាំងក្លា​របស់ខ្លួន​ឱ្យបាន​ឃើញ​យ៉ាងច្បាស់​នៅមុខ​ក្រសែភ្នែក​ប្រជាជន​ទូទាំង​ពិភពលោក។ ពួកគេ​ជឿជាក់ ហើយ​សម្លឹង​ឃើញ​ទិសដៅ​ដូចគ្នា និង​ឈាន​ទៅមុខ​ជាមួយ​អតិថិជន។ ជាងនេះទៅទៀត ពួកគេ​មាន​ក្រុមការងារ​ដែលមាន​ជំនាញ​គ្រប់ផ្នែក​ដើម្បី​ឆ្លើយតប​ការរៀបចំ​កម្មវិធី​ព្រឹ​ត្ដិ​ការណ៍ផ្សេងៗនៅ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា និង​ទូទាំង​ពិភពលោក។

នៅ​ទីបញ្ចប់ លោក​ជី​រ៉ា​វុ​ឍ សុ​វណ្ណា​អាត បាន​ថ្លែងថា ដូច្នេះ​យើង​សង្ឃឹមថា វត្ដ​មាន​របស់​ក្រុមហ៊ុន​ទាំង12ដែលមាន​ជំនាញ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ ក៏ដូចជា​ម៉ៅការ​រៀបចំ​ព្រឹ​ត្ដិ​ការណ៍ នឹង​កាន់តែ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​លើ​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត៕

Advertisement