ទេសចរជនជាតិចិនជាង 100 នាក់ មកពីទីក្រុង Kunming តាមយន្តហោះជើងទីមួយ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ 27 មករានេះ ក្រោយពីជើងហោះហើរត្រង់មកខេត្តព្រះសីហនុ បានខកខានក្នុងរយៈពេលជាយូរ ដោយសារវិបត្តិសុខភាពសកល។
ក្រសួងទេសចរណ៍ តំណាងដោយ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានធ្វើពិធីទទួលស្វាគមន៍ទេសចរទាំងអស់ដែលមកពីទីក្រុង Kunming នៃខេត្ត Yunnan ភាគនិរតីប្រទេសចិន នៅពេលយន្តហោះបានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយមានការសហការពីអាជ្ញាធរអាកាសចរណ៍កម្ពុជា និងអាជ្ញាធរខេត្តព្រះសីហនុ។
យោងតាមក្រសួងទេសចរណ៍ ការមកដល់របស់ភ្ញៀវខាងលើនេះ គឺជាការចុះចតជើងទីមួយសម្រាប់ទេសចរចិននៅខេត្តព្រះសីហនុ។ ក្រសួងសង្ឃឹមថា នឹងមានជើងហោះហើរត្រង់ពីប្រទេសចិនមកកាន់ ខេត្តព្រះសីហនុ ជាបន្តបន្ទាប់ទៀតនាពេលខាងមុខ៕