ជនសង្ស័យ​បាញ់សម្លាប់​មនុស្ស 7 នាក់​នៅ California និយាយថា ត្រូវគេ​សម្លុត​គំរាម

ជនសង្ស័យ Chunli Zhao ពេល​ត្រូវ​បាន​ចាប់​ខ្លួន

(សហរដ្ឋ​អាម៉េរិក) – ជនសង្ស័យ Chunli Zhao ដែល​បាន​បាញ់សម្លាប់​មនុស្ស 7 នាក់​នៅក្នុង​កសិដ្ឋាន​ចំនួន 2 នៅ California បាន​សារភាពថា ខ្លួន​ធ្លាប់​ត្រូវគេ​សម្លុត​គំរាម​នៅ​កន្លែងធ្វើការ ទើប​នាំឱ្យមាន​អំពើ​ឃាត​កម្មនេះ​កើតឡើង។

Chunli Zhao អាយុ 66 ឆ្នាំ កាលពី​ថ្ងៃទី 26 មករា បាន​ប្រាប់ NBC Bay Area ថា ខ្លួន​គាត់​ធ្លាប់​ត្រូវបាន​គេ​សម្លុត​គំរាម ត្រូវ​បង្ខំ​ឱ្យធ្វើ​ការ​ច្រើន​ម៉ោង​ជា​បន្តបន្ទាប់​នៅក្នុង​កសិដ្ឋាន​ និង​ត្រូវគេ​មិន​អើពើ​នៅពេល​មានការ​តវ៉ា។ Zhao បន្ថែមថា គាត់​មក​រស់នៅ​លើទឹក​ដី​អាម៉េរិក​បាន 11 ឆ្នាំ​ហើយ និង​មាន​លិខិត​ស្នាក់នៅ និង​រស់នៅ​ជាមួយ​ភរិយា​នៅក្នុង​ទីក្រុង Half Moon Bay។

អ្នកតំណាង​របស់​កសិដ្ឋាន Terra Garden ជា​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា Zhao រស់នៅក្នុង​កសិដ្ឋាន​ជាមួយ​ភរិយា ប៉ុន្តែ​ថា ពួកគេ​មិនបាន​ដឹង​ពី​​ការតវ៉ា​ណាមួយ​ស្ដីពី​ករណី​សម្លុត​គំរាម​ទៅលើ Zhao នោះ​ទេ។

ជនសង្ស័យ Zhao បាន​រៀបរាប់​អំពី​ករណី​បាញ់ប្រហារ​ពីរ​លើ​កកាលពី​ថ្ងៃទី 23 មករា ថា ដំបូង​គាត់​បាន​សម្រុក​ចូលក្នុង​កសិដ្ឋាន Terra Garden និង​បាន​បាញ់សម្លាប់​មនុស្ស 4 នាក់ និង​របួសធ្ងន់​ម្នាក់។ ក្រោយមក Zhao ក៏បាន​បើកឡាន​ទៅកាន់​កសិដ្ឋាន Concord ដែល​នៅក្បែរនោះ ជាទី​ដែល​គាត់​ធ្លាប់​បានធ្វើការ និង​បាន​បាញ់សម្លាប់​មនុស្ស 3 នាក់​ថែមទៀត។ Zhao និយាយ​ថា កាំភ្លើង​ដែល​​​ប្រើប្រាស់​ក្នុងករណី​ខាងលើ គឺគាត់​​​ទិញ​បាន​យ៉ាង​ងាយ​កាលពី​ឆ្នាំ 2021។

ជនសង្ស័យ Chunli Zhao

តុលាការ​ស្រុក San Mateo បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ 7 ករណី និង​បទ​​ប៉ុនប៉ង​សម្លាប់​មនុស្ស​ចំនួន 1 ករណី ប្រឆាំងនឹង Zhao ដែល​ទាំងនេះ​អាច​នាំឱ្យ​ជនសង្ស័យ​ត្រូវ​ប្រឈម​នឹង​ទោស​ប្រហារជីវិត ឬ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ដោយ​មិនមាន​ការបន្ធូរបន្ថយ។

ករណី​សម្លាប់​មនុស្ស 7 នាក់​របស់​ជនសង្ស័យ​ឈ្មោះ Zhao នេះ កើត​ឡើង​ក្រោយពី​​​​ករណី​បាញ់សម្លាប់​មនុស្ស 11 នាក់​​នៅ Monterey Park រដ្ឋ California កាល​ពី​​​ប្រហែល 48 ម៉ោង​​មុន​។ ជនសង្ស័យ​ត្រូវបាន​គេ​ដឹងថា ឈ្មោះ Huu Can Tran អាយុ 72 ឆ្នាំ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៃ​អំពើ​ឃាតកម្ម​នេះ​នៅឡើយ៕

Advertisement