ទៅលេង Shizuoka តំបន់តែបៃតងធម្មជាតិក្នុងប្រទេសជប៉ុន

បើនិយាយអំពីតំបន់តែបៃតងវិញនោះ អ្នកទេសចរភាគច្រើនៗតែនឹកទៅដល់តំបន់អ៊ុជិ ខេត្តកៀវតូ ឬមិនទេក៏ សាយ៉ាម៉ាក់ ខេត្តសៃតាម៉ាក់ មិនខាន តែការពិតវិញ ខេត្តឈិហ្សូ៊អូកាក់(Shizuoka)គឺជាមជ្ឈមណ្ឌលផលិតតែធំជាងគេលំដាប់លេខ1 របស់ប្រទេសជប៉ុន។ ខេត្ត Shizuoka ស្ថិតនៅមិនឆ្ងាយពីទីក្រុងតូក្យូប៉ុន្មានទេ ដូច្នេះសម្រាប់អ្នកដែលបានទៅលេងទីក្រុងតូក្យូ ក៏អាចធ្វើដំណើរទៅទស្សនាចម្ការតែបៃតងបានយ៉ាងសប្បាយៗ។

MaKinohora

ម៉ាគីណូហូរ៉ាក់ គឺជាចម្ការតែបៃតងដែលស្ថិតនៅក្នុងខេត្ត Shizuoka និងថែមទាំងជាចម្ការតែដែលមានប្រវត្តិចំណាស់បំផុតក្នុងការដាំដើមតែទៀតផង។ នៅទីនេះ អ្នកស្រុកនាំគ្នាដាំដើមតែតាំងពីសម័យ មេជិ(គ្រិស្តសករាជ1868-1912) ដោយដើមតែនឹងដុះធំធាត់ឡើងទៅតាមបណ្ដោយដងទន្លេ អូអ៊ិ។ បើបានទៅលេង Grinpia Makinohora យើងអាចចូលទៅចូលរួមបេះស្លឹកតែ និងទស្សនាដំណាក់កាលនៃការផលិតតែដែលស្រដៀងៗនឹងរោងចក្រផលិតតែដែរ។

Nihondaira

នីហុនដៃរ៉ាក់ ក៏ស្ថិតនៅក្នុងខេត្ត Shizuoka ដូចគ្នាដែរ។ ពីចម្ការតែ គេអាចមើលឃើញទស្សនីយភាពរបស់ភ្នំភ្លើង ហ្វូ៊ជិ ជាឆាកខាងក្រោយដ៏ស្រស់ស្អាតស៊ីគ្នានឹងចម្ការតែពណ៌បៃតងខ្ចី។ ទីនេះក៏ដាំដើមតែតាំងពីសម័យ មេជិ និងអាចប្រមូលផលតែបានក្នុងអំឡុងខែមេសា ដល់ខែតុលាដូចគ្នា។ នៅ នីហុនដៃរ៉ាក់ នេះមានកំពង់ផែ ដែលអ្នកណាចង់មកកម្សាន្តនៅចម្ការតែមួយនេះ អាចរៀបចំដំណើរកម្សាន្តសម្រាប់ 1ថ្ងៃបានយ៉ាងងាយ ដោយចាប់ផ្ដើមពី វត្តប្រវត្តិសាស្រ្ត ដូចជាវត្ត ឃុណូសាំង ថូសូគុ បន្ទាប់មកសឹមធ្វើដំណើរមកចម្ការតែមួយនេះ ធានាថា នឹងបានឃើញទស្សនីយភាពតាំងពី ភ្នំ ទីប្រជុំជនកំពង់ផែ រហូតដល់ចម្ការតែបៃតងដ៏ខៀវខ្ចី។

Kanaya

ចម្ការតែ ខាណាយ៉ា ស្ថិតនៅតាមបណ្ដោយដងទន្លេ អូអ៊ិ ដែលល្បីល្បាញក្នុងរឿងពិធីបុណ្យតែដែលតែងរៀបចំឡើងរៀងរាល់ 2ឆ្នាំម្ដងក្នុងអំឡុងអាទិត្យទី2 នៃខែមេសា។ ក្នុងអំឡុងពេលនោះនឹងមានទាំងការទូងស្គរ ការជិះទូក និងក្រមុំៗអ្នកបេះស្លឹកតែដែលដើរជាក្បួនរាំរបាំបេះតែ។ នៅទីនេះមានសារមន្ទីរ Ocha no Sato World Tea ឱ្យយើងបានរៀនយល់ដឹងពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តតែនៅក្នុងប្រទេសជប៉ុន និងរបស់ពិភពលោក ក្រៅពីនេះនៅមានភោជនីយដ្ឋាន និងហាងកាហ្វេដែលលក់ម្ហូបអាហារ និងភេសជ្ជៈដែលប្រើវត្ថុធាតុដើម និងគ្រឿងផ្សំក្នុងតំបន់ទៀតផង និងជាពិសេសកុំភ្លេចភ្លក្ស ការ៉េមម៉ាត់ឆា…។

Kawane

ទីកន្លែងមួយនេះអាចជាផែនការមួយនៅក្នុងការដើរទស្សនាចម្ការតែក្នុងក្ដីស្រមៃរបស់អ្នក ព្រោះបើសិនមកដល់ទីនេះតាំងពីពេលព្រឹកព្រលឹម យើងអាចបានប៉ះពាល់នឹងស្រទាប់អ័ព្ទនាពេលព្រឹក និងក្រៅពីទស្សនីយភាពជួរភ្នំដែលស័ក្តិសមជាមួយការដាំដើមតែហើយនោះ ទឹកពីដងទន្លេ អូអ៊ិ នៅតែជាប្រភពទឹកដ៏ល្អបំផុតសម្រាប់ចិញ្ចឹមចម្ការតែដែលមានគុណភាពល្អបំផុត។ ជាតំបន់ទេសចរណ៍មួយទៀតដែលមានភ្ញៀវទេសចរធ្វើដំណើរមកកម្សាន្តមិនតិចឡើយ។

Kakegawa

ក្រៅពីល្បីល្បាញរឿងប្រាសាទបុរាណហើយ ចម្ការតែនៅទីនេះថែមទាំងល្បីល្បាញរឿងរសជាតិដ៏ឆ្ងាញ់របស់តែទៀតផង។ កសិករនៅទីនេះដាំដុះតែដោយពូជតែធម្មតា តាមវិធីធម្មតា តែធ្វើឱ្យចម្ការតែពោរពេញដោយបរិយាកាសសាមញ្ញ និងមិត្តភាពជាមួយធម្មជាតិ។ ចាប់ផ្ដើមពីការរៀនយល់ដឹងពីការឆុងទឹកតែរបស់ជប៉ុន ញ៉ាំតែ សេនឆាក់ ឬម៉ាត់ឆារបស់ទីនេះ ញ៉ាំគូគ្នាជាមួយបង្អែមស្ទីលជប៉ុន នឹងធ្វើឱ្យលោកអ្នកទទួលបានទាំងចំណេះដឹង និងភាពជក់ចិត្តដិតអារម្មណ៍ក្នុងរសជាតិដ៏សែនមិនអាចបំភ្លេចបាន៕

Advertisement