កប៉ាល់​ទេសចរណ៍​ធំជាងគេ​បង្អស់​លើ​ពិភពលោក ជិត​ដំណើរ​ការ​ជា​ផ្លូវ​ការ

(ហ្វាំ​ង​ឡង់) – កប៉ាល់ The Icon of the Seas ដែលមាន​បណ្ដោយ 365 ម៉ែត្រ និង​អាចដាក់​ទេសចរ​បាន​ជាង​ 7,000 នាក់ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​បង្ហើយ​កិច្ច​ការ​ចុង​ក្រោយ​បង្អស់​ មុន​ពេល​​​ចេញ​ដំណើរ​​ជើង​ដំបូង​នៅ​ខែមករា 2024។

ដោយមាន​បណ្ដោយ​ពី​ក្បាល​ដល់​កន្ទុយ​ស្មើនឹង​ប្រវែង​របស់​ទីលាន​បាល់ទាត់​ចំនួន 3.5 ទីលានបូក​ចូល​គ្នា​ The Icon of the Seas ​​នឹង​ក្លាយជា​កប៉ាល់​ទេសចរណ៍​ធំជាងគេ​បំផុត​លើ​ពិភពលោក។

កប៉ាល់​ទេសចរណ៍​ខាងលើ​ដែល​ត្រូវបាន​បញ្ជា​ទិញ​ដោយ​ក្រុមហ៊ុន Royal Caribbean ត្រូវបាន​ដាក់ឈ្មោះថា The Icon of the Seas។ កប៉ាល់​នេះ​នឹង​ប្រើប្រាស់​ម៉ាស៊ីន​ដំណើរការ​ដោយ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) និង​បំពាក់​បច្ចេកវិទ្យាថ្មីៗ ដែល​ជួយ​ឱ្យ​វា​ក្លាយជា​កប៉ាល់​ទំនើប​បំផុត​មួយ​នៅ​លើ​ពិភពលោក។ នេះ​បើតាម Tim Meyer នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​សាងសង់​កប៉ាល់ Meyer Turku។

The Icon of the Seas អាចដាក់​អ្នកដំណើរ​បាន 7,600 នាក់ ច្រើនជាង​ឆ្ងាយ​បើ​ធៀប​នឹង​ជាង 1,500 នាក់​របស់​កប៉ាល់​ទេសចរណ៍ខ្នាត​យក្ស​ Titanic ដែល​បាន​លិច​កាលពី​ឆ្នាំ 1912 (111 ឆ្នាំមុន)។

ការធ្វើដំណើរ​ជើង​ដំបូង​របស់កប៉ាល់ The Icon of the Seas នឹងមាន​រយៈពេល 7 យប់ ដោយ​ចាប់​ផ្ដើមចេញពី Miami របស់​សហរដ្ឋ​អាម៉េរិក​ នៅក្នុង​ខែមករា 2024៕

Advertisement