នាវា​ទេសចរណ៍​ដឹក​ភ្ញៀវ​​900​នាក់ នឹង​ចូល​ចត​នៅ​ឯកំពង់​ផែ​ខេត្ត​​ព្រះសីហនុ ក្នុង​សប្ដាហ៍​ក្រោយ បន្ទាប់​ពី​ចាក​​​​ចេញ​ពី​​វៀតណាម

នាវា​ទេសចរណ៍ Crystal Symphony កាល​ពីព្រឹក​មិញ (19កុម្ភៈ) បាន​ចូល​ចត​នៅ​ឯ​កំពង់​ផែ​ ចឹន ម៉ៃ (Chan​ May) ខេត្ត​ ធឿ ធាន-ហ្វេ (Thua Thien-Hue) ប្រទេស​វៀតណាម ដើម្បី​ឡើង​គោក​ ធ្វើ​ទស្សនា​ចរណ៍ក្នុង​ប្រទេស​នេះ​។

អគ្គនាយក​នៃ​ក្រុម​ហ៊ុន​ទេសចរណ៍​ យូ ង្វាន វៀត (Du Ngoan Viet) ដែលជា​អ្នក​ទទួល​ដំណើរ​របស់​កប៉ាល់ Crystal Symphony បាន​ឱ្យ​ដឹង​ថា ក្រោយ​ពី​ចូល​ចត​នៅ​ឯកំពង់ផែ ចឹន ម៉ៃ ក្រុម​អ្នក​ទេសចរ​ចំនួន​900​នាក់ រួម​នឹង​បុគ្គលិក​នាវា​នេះ​នឹង​ឡើង​គោក​ ហើយ​ចាប់​ផ្ដើម​ធ្វើ​ទស្សនាចរណ៍​​នៅ​ទី​ក្រុង ហ្វេ (Hue) និង​ទីក្រុង​ ហូយ​ អាន (Hoi An) ដែល​ស្ថិត​នៅ​ក្នុង​ភាគ​កណ្ដាល​ប្រទេស​វៀត​ណាម។

ក្រោយ​ពី​ចាកចេញ​ពី​កំពង់ផែ ចឹន ម៉ៃ នាវា​ Crystal Symphony នឹង​ធ្វើ​ដំណើរទៅ​កាន់​ក្រុង​ហូជីមិញ (ព្រៃនគរ)។ ថ្ងៃទី24 ខែ​កុម្ភៈ នាវា​នេះ​នឹង​ចាក​ចេញពី​វៀត​ណាម។

បន្ទាប់​ពី​ចាកចេញ​ពី​វៀត​ណាម នាវា​ Crystal Symphony នេះ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់កោះ កូ សាមុយ​ (Ko Samui) ដែល​ជា​កោះ​ធំបំផុត​លំដាប់​ទី2​របស់​ប្រទេស​ថៃ នា​ថ្ងៃទី 26 ខែ​កុម្ភៈ​ ឆ្នាំ2020។

បើ​មិន​មាន​អ្វី​ប្រែ​ប្រួល នាវា​ Crystal Symphony នេះ នឹង​ចូល​ចត​នៅ​ឯកំពង់​ផែ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ព្រលឹម​ ថ្ងៃ​ទី​27 ខែ​កុម្ភៈ ឆ្នាំ​2020។ អ្នក​ទេស​ចរនឹង​ចំណាយ​ពេល​មួយ​ថ្ងៃ​​ដើម្បី​ធ្វើ​ទស្សនា​ចរណ៍​នៅទី​ក្រុង​ព្រះ​សីហនុ​ មុន​នឹង​​​ចាក​ចេញ​ពី​កំពង់​ផែ​ខេត្ត​ព្រះសីហនុ នៅ​វេលា​ម៉ោង​9យប់នៃ​ថ្ងៃ​ដដែល​ ដើម្បី​ទៅ​កាន់​សិង្ហបុរី។ នេះ​បើ​តាម​គេហទំព័រ Cruiseweb។

កាល​ពី​ថ្ងៃទី1 ខែឧសភា ឆ្នាំ2019 នាវា​ Crystal Symphony នេះ ក៏​ធ្លាប់​បាន​ចូលចតនៅឯកំំពង់​ផែ​ខេត្ត​ព្រះសីហនុ និង​ធ្វើ​ទស្សនា​ចរណ៍​រយៈ​ពេល​មួយ​ថ្ងៃ​ផងដែរ​។

Crystal Symphony គឺជា​នាវា​ទេសចរណ៍​របស់​ក្រុម​ហ៊ុនអាមេរិក Crystal Cruises។ នេះ​គឺជា​នាវា​ប្រណិត​បំផុត​មួយ​​ក្នុង​ចំណោម​នាវា​ទេសចរណ៍​ប្រណិត​បំផុត​ទាំង​10​របស់​ពិភពលោក​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement