ថៃ «លុប​​ចោល» ​​ការ​តម្រូវឱ្យ​ភ្ញៀវ​បរទេស​បង្ហាញ​លិខិត​បញ្ជាក់​ការ​​ចាក់​វ៉ាក់សាំង​កូ​វីដ-19 មុន​ពេល​ឱ្យ​ចូល​ទឹក​ដី​

កាលពី​ថ្ងៃទី 09 មករា 2023 រាជរដ្ឋាភិបាល​ថៃ បាន​វិល​ទៅរក​សភាពការណ៍​ដើម នៅពេល​លុប​ចោលការ​តម្រូវឱ្យ​ភ្ញៀវ​បរទេស​បង្ហាញ​លិខិតបញ្ជាក់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-19 ដែល​ត្រូវបាន​ប្រកាស​កាលពី​ចុង​សប្ដាហ៍​កន្លង។

យោងតាម SCMP អាជ្ញាធរ​គ្រប់គ្រង​អាកាសចរណ៍​ស៊ីវិល​ថៃ (CAAT) កាលពី​ថ្ងៃទី 07 មករា 2023 បានប្រកាស​វិធានការ​ថ្មី​ដើម្បី​ទប់ស្កាត់​កូ​វីដ-19 ដែល​ត្រូវអនុវត្ត​ចំពោះ​ភ្ញៀវ​បរទេស បន្ទាប់ពី ប្រទេស​ចិន បាន​បើកទ្វារ​ព្រំដែន​ជា​ផ្លូវការ ក្រោយ​ការបិទ​អស់​រយៈពេល​ប្រហែល 3 ឆ្នាំ។

វិធាន​ការដែល​បានប្រកាស​កាលពី​ចុង​សប្ដាហ៍​កន្លង រួមមាន​ជាអាទិ៍ ការតម្រូវ​ឱ្យ​ភ្ញៀវ​បរទេស​បង្ហាញ​លិខិត​​ចាក់​វ៉ាក់សាំង​ពេញលេញ ​ភស្ដុតាង​បញ្ជាក់​ពី​ការចាក់​វ៉ាក់សាំង ឬ​លិខិតបញ្ជាក់​មូលហេតុ​នៃ​ការមិន​ទាន់​ចាក់​វ៉ាក់សាំង លិខិតបញ្ជាក់​អំពី​ការ​ជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ-19 ក្នុង​រង្វង់ 6 ខែ នៅមុន​ពេល​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលមក​ទឹកដី​ថៃ។

CAAT បានឱ្យដឹងថា វិធានការ​ខាងលើ​នឹងមាន​សុពលភាព​ចាប់ពី​ថ្ងៃទី 09 មករា និង​អូស​បន្លាយពេល​យ៉ាងតិច​ត្រឹម​ដំណាច់ខែ​នេះ ដើម្បី​ត្រៀម​សម្រាប់​ទទួលភ្ញៀវ​ពី ប្រទេស​ចិន។

ក៏ប៉ុន្តែ មកដល់​ថ្ងៃទី 09 មករា ប្រកាស​ថ្មី​ពី ក្រសួងសុខាភិបាល​ថៃ បានឱ្យដឹងថា ប្រទេស​នេះ​បាន​លុបចោល​វិធានការ​ទប់ស្កាត់​កូ​វីដ-19 ខាងលើ​នេះហើយ។ ក្រុម​អ្នកជំនាញ​របស់ ប្រទេស​ថៃ បាន​បញ្ជាក់ថា ការតម្រូវ​ឱ្យ​ភ្ញៀវ​បរទេស​បង្ហាញ​ភស្ដុតាង​ស្ដីពី​ការចាក់​វ៉ាក់សាំង​គឺជា​រឿង​មិនចាំបាច់ ដោយសារ​ថា ការចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ពិភពលោក​មាន​អត្រា​ខ្ពស់ នេះ​បើតាម SCMP។

ក្រសួងសុខាភិបាល​ថៃ បញ្ជាក់ថា ទេសចរ​បរទេស​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ ក៏ត្រូវ​បានអនុញ្ញាត​ឱ្យ​ចូល​ទឹកដី​ថៃ ដោយ​មិនត្រូវ​រង​ការកំណត់​អ្វី​ឡើយ។ ប៉ុន្តែ ភ្ញៀវ​ត្រូវតែ​បង្ហាញ​លិខិតធានា​រ៉ាប់រង​ផ្នែក​សុខភាព​សម្រាប់​ការព្យាបាល​ជំងឺ​កូ​វីដ-19 ដែល​ប្រការនេះ​នឹង​អនុវត្ត​ចំពោះ​ភ្ញៀវ​​ដែល​ឆ្លង​កាត់​ប្រទេស​ដ​ដែល​តម្រូវឱ្យ​បង្ហាញ​លិខិតបញ្ជាក់​ការធ្វើ​តេស្ត​អវិជ្ជមាន​កូ​វីដ-19 ​មុនពេល​អនុញ្ញាត​ឱ្យចូល​ប្រទេស៕

Advertisement