ជើងហោះហើរ​រវាង ចិន-កម្ពុជា នឹង​អាច​បើក​ដំណើរការ​ជាធម្មតា​ឡើងវិញ នៅ​ដើមឆ្នាំ ២០២២

អ្នកជំនាញ​ទេសចរណ៍​រំពឹងថា នៅ​ដើម​ឆ្នាំក្រោយ ជើងហោះហើរ​រវាង ចិន-កម្ពុជា នឹង​អាច​បើក​ដំណើរការ​ជាធម្មតា​ឡើងវិញ ដោយសារតែ​ទំនាក់ទំនង​ល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ។

ការបើក​ដំណើរការ​ជើងហោះហើរ​រវាង ចិន-កម្ពុជា នឹង​ជួយ​គាំទ្រ​ដល់​ដំណើរ​នៃ​ការស្ដារ​សេដ្ឋកិច្ច​របស់ កម្ពុជា ដោយ​នាំមក​នូវ​អ្នកវិនិយោគ និង​ភ្ញៀវ​ទេសចរណ៍​ពី ប្រទេស​ចិន នេះ​បើតាម​លោក ហូ វណ្ឌី ទីប្រឹក្សា​របស់​សមាគម​ទេសចរណ៍​កម្ពុជា។

លោក ហូ វណ្ឌី បាន​ថ្លែងថា ជើងហោះហើរ​ត្រង់​រវាង កម្ពុជា-ចិន មាន​លក្ខណៈ​ជាការ​ជួល​តែប៉ុណ្ណោះ ដោយ​មិនទាន់មាន​ការហោះហើរ​ធ​ម្ម​តា​នៅឡើយ ដែល​នេះ​ធ្វើឱ្យ​សំបុត្រ​យន្តហោះ​នៅមាន​តម្លៃ​ខ្ពស់ ពោលគឺ​ប្រមាណ​ពី ៨,០០០ ដុល្លារ ដល់ ១០,០០០ ដុល្លារ។

លោក ហូ វណ្ឌី ទីប្រឹក្សារបស់សមាគមទេសចរណ៍កម្ពុជា។

ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា យល់ថា ដោយមាន​ទំនាក់ទំនង​ល្អ និង​ការចរចា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន ក្រុមហ៊ុន​ទេសចរណ៍​នឹង​អាច​បើក​ដំណើរការ​ឡើងវិញ​ក្នុងពេលឆាបៗ ដើម្បី​អាច​ដឹក​អ្នក​ទេសចរណ៍ និង​អ្នកជំនួញ​មកពី​ប្រទេស​ចិន ដែល​ពួកគេ​ធ្លាប់​ឈរ​លេខ​រៀង​ទី១ ក្នុងចំណោម​ទីផ្សារ​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​មក​ទស្សនា កម្ពុជា៕

Advertisement