កម្ពុជា នឹង​បើកទទួល​ទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​នៅ​ទូទាំងប្រទេស ក្រោយពី​ការសាកល្បង​នៅ​ក្រុង ព្រះសីហនុ ខេត្តកោះកុង និង​ខេត្តសៀមរាប

ទិដ្ឋភាព​មួយ​នៅ​ក្នុង​តំបន់​ទេសចរណ៍​នៃ​ខេត្ត កោះ​កុង​

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ការបើក​ដំណើរការ​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង​ពេញលេញ​នៅ​ទូទាំងប្រទេស នឹង​អនុវត្ត​ក្រោយ​គម្រោង​សាកល្បង​នៅក្នុង​ខេត្ត ព្រះសីហនុ និង​តំបន់​តារា​សាគរ​នៃ​ខេត្ត កោះកុង នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ 2021 ខណៈដែល​ខេត្ត សៀមរាប ត្រៀម​អនុវត្ត​នៅក្នុង​ខែមករា ឆ្នាំ 2022។

ការចាប់ផ្តើម​ទទួលភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ នៅក្នុង​ខេត្ត​ទាំង 3 ខាងលើ គឺជា​ជំហាន​ទីមួយ មុននឹង​ឈានដល់​ជំហាន​ទី​ពីរ ដែល​អនុញ្ញាត​ឱ្យទទួល​ទេសចរ​អន្តរជាតិ មក​ទស្សនា​កំសាន្ត​នៅ​តំបន់​ទេសចរណ៍​សុវត្ថិភាព​ដទៃទៀត និង​ការបើកទទួល​ទេសចរណ៍​វ៉ាក់សាំង​ពេញលេញ​នៅ​ទូទាំងប្រទេស ក្នុង​ជំហាន​ទី​បី។ នេះ​បើតាម​ប្រសាសន៍​របស់ ឯកឧត្តម ថោង ខុន ដែលជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​និង​ឯកជន ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍ ក្នុង និង​ក្រោយ​វិបត្តិ COVID-19 ដែល​បានបញ្ជាក់​នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត «ផែនការ​យុទ្ធសាស្ត្រ ស្តីពី ការបើកទទួល​ទេសចរណ៍​វ៉ាក់សាំង» នា​ថ្ងៃទី 28 ខែតុលា​នេះ។

ទិដ្ឋភាព​មួយ​នៅក្នុង​ខេត្ត ​ព្រះ សីហនុ

ការបើកទទួល​ភ្ញៀវទេសច​រ​អន្តរជាតិ​នេះ គឺ​ស្ថិតក្នុង​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង ដែល​ទេសចរ​អន្តរជាតិ​នឹង​ត្រូវបាន​អនុញ្ញាតឱ្យ​ស្នាក់នៅ និង​ទស្សនា​កំសាន្ត​ក្នុង​តំបន់​ទេសចរណ៍​សុវត្ថិភាព រយៈពេល 5 ថ្ងៃ ដោយ​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ ប៉ុន្តែ តម្រូវឱ្យមាន​ប័ណ្ណ​បញ្ជាក់​ពី​ការចាក់​វ៉ាក់សាំង​រួចរាល់ និង​ធ្វើតេស្ត​រហ័ស នៅពេល​មកដល់​អាកាសយានដ្ឋាន​របស់ កម្ពុជា។

យោងតាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ក្រសួង​ក៏មាន​ផែនការ​ទ្រទ្រង់ និង​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​ក្នុងស្រុក​សុវត្ថិភាព​ផងដែរ៕

Advertisement